រដ្ឋាភិបាលចេញវិធានការណ៍ចំនួន៦ដើម្បីពង្រឹងសេវាកម្មអ៊ីនធើណេតនៅតាមបុរីនានា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ចេញវិធានការថ្មីៗ៦ចំណុច ទិសដៅពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិតនៅតាមបូរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាតមិនឱ្យមានការផ្ដល់សេវាផ្ដាច់មុខឡើយ។

ការចេញបញ្ជានេះ ធ្វើឡើងក្រោយ បូរីជាច្រើនមានបញ្ហារឿងគ្មានសេវាទូរសព្ទ និងត្រូវបង្ខំឱ្យប្រើសេវាអ៊ីនធើណេត របស់ក្រុមហ៊ុនតែមួយ ដែលមានតម្លៃខ្ពស់ និងសេវាមិនល្អ។ នេះជាការដាក់បញ្ជាជាលើកទី២ហើយ ដោយចេញពីទីស្ដីការគណៈរដ្ឋមន្ត្រីផ្ទាល់តែម្ដង ក្រោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីប្រកាសម្ដងរួចមកហើយកាលពីខែមេសា។

យោងតាមលិខិតលេខ៦១៨ សជណ ចុះថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ វិធានការទាំង៦ ចំណុចនេះ រួមមានដូចជា ទី១.ម្ចាស់បុរី និងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការគ្នាជាមួយក្រសួង ដើម្បីពិនិត្យលើការងារបច្ចេកទេសក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក និងបង្គោលអង់តែនបង្គោលអង់តែនរួមឬបង្គោ​លភ្លើង ដែលអាចបំពាក់ឧបករណ៍ផ្តល់សេវាទូរសព្ទចល័ត។

ទី២.ត្រូវបញ្ចប់រាល់កិច្ចសន្យាផ្ដល់សិទ្ធិផ្តាច់មុខ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅតាមបុរី ដែលផ្ទុយនឹងមាត្រា៦២ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ទី៣.បញ្ចប់ការហាមឃាត់ការសាងសង់បង្គោលអង់តែន ឬបង្គោលភ្លើងដែលបំពាក់ឧបករណ៍ផ្តល់សេវា ទូរសព្ទចល័តនៅតាមបុរី ដែលផ្ទុយនឹងមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។

ទី៤.អនុញ្ញាតឱ្យមានប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតយ៉ាងតិច ៣ ផ្តល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែង ដោយស្មើភាព និងមានតម្លៃសមរម្យ ទី៥.ម្ចាស់អគារសហកម្មសិទ្ធិ និងប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការជាមួយក្រសួង ដើម្បីពិនិត្យលទ្ធភាពកែលំអ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិតនៅក្នុងអគារ។

ទី៦.ព្រមាននិងចាត់វិធានការចំពោះបុគ្គលដែលនាំចូល ផ្គត់ផ្គង់ ចែកចាយ លក់ និងដំឡើងឧបករណ៍ស្រូប និងបញ្ជូនសេវាទូរគមនាគមន៍ខុសច្បាប់ ខុសស្ដង់ដា និងក្លែងក្លាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here