ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ស្របពេលវិស័យជាច្រើនកំពុងមានភាពលូតលាស់ វិស័យចំនូន៤បាននិងកំពុងមានការលូតលាស់យឺត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ច្រើនបបន្ថែមទៀត ដើម្បីសុខមាលភាពប្រជាពលរដ្ឋកម្ពុជា។
អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១២ វិច្ឆិកាកន្លងមកថា វិស័យសុខភាពសាធារណៈ អប់រំ កសិកម្ម និងបច្ចេកវិទ្យាទាមទារឲ្យមានការអភិវឌ្ឍន៍បន្ថែម ដើម្បីជម្រុញការរីកចម្រើនរបស់កម្ពុជានាពេលអនាគត។ អ្នកស្រីបន្តថា វិស័យអចលនទ្រព្យ សំណង់ ឧស្សាហកម្មរីកចម្រើនច្រើនហើយ ប៉ុន្តែវិស័យទាំងបួនខាងលើនៅមានកម្រិតនៅឡើយ។
អ្នកស្រីបន្តថា “វិស័យអប់រំមានភាពខ្លាំងមួយផ្នែកតូច ដោយសារការចូលរួមពីវិស័យឯកជន ហេតុនេះរដ្ឋាភិបាលគួរពង្រឹងវិស័យនេះ នៅសាលារដ្ឋឡើងវិញ និងពង្រឹងកាន់តែខ្លាំង ព្រោះចង់បានធនធានមនុស្សពូកែ ទាមទាររយៈពេលវែងណាស់”។
អ្នកស្រីបន្តថា “ចំណែកវិស័យសុខភាពសាធារណៈ ប្រជាជនភាគច្រើនចេញទៅពិនិត្យ ព្យាបាលសុខភាពនៅក្រៅប្រទេស សំណួរនៅទីនេះហេតិអ្វីយើងមិនពង្រឹងផ្នែកនេះ ឲ្យបានល្អ ដើម្បីឲ្យប្រជាជនមានជំនឿចិត្តឡើងវិញ”។
អ្នកស្រីអាន សុធីតាបានបន្តថា ចំណែកវិស័យកសិកម្ម កម្ពុជាបានបាត់បង់ការទាញយកតម្លៃបន្ថែម និងបង្កើតតម្លៃបន្ថែមឲ្យបានច្រើន ព្រោះការផលិតនៅនឹងកន្លែង ដើម្បីនាំចេញមានសារៈសំខាន់ណាស់ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើនរយៈពេលវែង ខណៈប្រទេសថៃ ម៉ាឡេស៊ីជាដើមផលិតផលកសិកម្មរបស់ពួកគេ ត្រូវបានកែច្នៃ និងនាំចេញ ដែលជួយសេដ្ឋកិច្ចប្រទេសរបស់ពួកគេកាន់តែរ៉ឹងមាំ។
អ្នកស្រីបន្តថា ងាកមកមើលវិស័យបច្ចកវិទ្យា កម្ពុជានៅមានកម្រិត ដែលទាមទារឲ្យរដ្ឋាភិបាល និងវិស័យឯកជន វិនិយោគលើធនធានមនុស្ស និងបច្ចេកវិទ្យាឲ្យបានច្រើន ដើម្បីកសាងនូវមូលដ្ឋានបច្ចេកវិទ្យា ព្រោះបច្ចេកវិទ្យាកាន់តែដើរតួនាទីសំខាន់ ក្នុងការបង្កើនតម្លៃផ្នែកសេដ្ឋកិច្ច សង្គម៕