អ្នកជំនាញអចលនទ្រព្យនៅណែនាំវិនិយោគឆ្ពោះទៅទិសខាងលិចបើចង់ចំណេញលឿន

0

ដោយ ៖វឌ្ឍនៈ
ភ្នំពេញ ៖តំបន់ទិសខាងលិចរាជធានីភ្នំពេញ ដែលរួមមានផ្នែកខ្លះនៃខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើការអភិវឌ្ឍអចលនទ្រព្យ ហើយអ្នកជំនាញនៃវិស័យអចលនទ្រព្យក៏បានណែនាំដល់វិនិយោគិនអចលនទ្រព្យឆ្ពោះទៅតំបន់ផ្នែកខាងលិចរាជធានីភ្នំពេញផងដែរ ខណៈតំបន់នេះក៏ចាប់ផ្ដើមមានការអភិវឌ្ឍជាបន្តបន្ទាប់ ។
បើនិយាយពីតំបន់ផ្នែកខាងលិចរាជធានីភ្នំពេញកាលពីមុនគឺជាតំបន់វាលស្រែ មិនសូវមានផ្ទះមានការអភិវឌ្ឍនោះទេ ប៉ុន្តែក្រោយៗមកទៀត តំបន់នេះក៏បានចាប់ផ្ដើមប្រែក្លាយទៅជាតំបន់មានការអភិវឌ្ឍខ្ពស់ជាពិសេសទៅលើឧស្សាហកម្ម និងលំនៅឋាន និងឈានដល់ការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មមានផ្សារទំនើបខ្នាតតូចនិងផ្សារទំនើបខ្នាត់ធំតម្លៃ៣០០លានដុល្លារកំពុងសាងសង់ផងដែឬ ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យលោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ប៉ែកខាងលិចចាប់ផ្ដើមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាហូរហែ ដែលជាការទាក់ទាញវិនិយោគទៅបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ។សម្រាប់អ្នកចង់វិនិយោគលើដីធ្លីនៅកម្ពុជា អាចទៅរកនៅទិសខាងលិចភ្នំពេញដូចជាទៅតំបន់ផ្លូវ៥១នៃខេត្តកំពង់ស្ពឺ និងផ្លូវក្រវ៉ាត់ក្រុងជាដើម ។
លោកបន្តថាតំបន់ទាំងនេះ តម្លៃដីនៅមានកម្រិតបើធៀបនឹងតំបន់ជិតៗក្រុងហើយការទិញដីទុក គឺមានឱកាសនៃការទទួលបនាប្រាក់ចំណេញខ្ពស់នៅពេលខាងមុខ បើសិនជាយើងទិញដីនៅតំបន់ជិតក្រុងវាមិនមានឱកាសច្រើនទេក្នុងការយកប្រាក់ចំណេញ បើគេទិញគឺទុកអភិវឌ្ឍន៍ហើយ ។
លោកហ៊ឹម ស៊ុយ ហៅចេ សុន អ្នកអភិវឌ្ឍន៍ដីធ្លីមួយរូបនៅតំបន់ប៉ែកខាងលិចភ្នំពេញក៏បានលើកឡើងថា កាលពីមុនតំបន់ផ្លូវ៥១គេទិញដីទុកពុះឡូត៏ ហើយក្រោយមកដីឡូត៏ដែលគេពុះលក់នោះក៏ចាប់ផ្ដើមមានការអភិវឌ្ឍន៍ទៅលំនៅឋានបណ្ដើរៗហើយ ក្រោយពេលផ្លូវក៏បានសង់ស្អាត ជាពិសេសក្រុមហ៊ុនធំៗជាច្រើនក៏បានចាប់ផ្ដើមសកម្មភាពអភិវឌ្ឍន៍គម្រោងរបស់ខ្លួននៅតំបន់ខាងលិចភ្នំពេញដូចជាផ្លូវ៥១ជាដើម ។
លោកបន្តថា បច្ចុប្បន្ននេះគេឃើញមានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ឧស្សាហកម្មក៏ចាប់ផ្ដើមសកម្មភាព ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានក៏បញ្ចេញសកម្មភាព ដូច្នេះមិនយូរទេតំបន់ផ្លូវ៥១ នឹងពោរពេញទៅដោយមនុស្សម្នាជាច្រើនហើយវានឹងរីករាលដាលទៅតំបន់ខាងលិចៗបន្តបន្ទាប់ទៀតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here