ដោយៈគង់ សូរិយា
មណ្ឌលគិរីៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីមបានថ្លែងថា ការវិនិយោគដីធ្លីនៅខេត្តមណ្ឌលលគិរី នៅមានឱកាស ខ្ស់ក្នុងការទាញយកផលចំណេញ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃចុងសប្តាហ៍មុនថា ដោយសារតម្លៃដីធ្លីនៅខេត្តមណ្ឌលគិរី មានតម្លៃសមរម្យនៅឡើយ ការវិនិយោគដីធ្លីនៅក្នុងខេត្តនេះ នៅមានឱកាសទាញផលចំណេញនាពេលអនាគត ដោយសារតម្លៃដីធ្លីនៅក្នុងខេត្តនេះ មានតម្លៃចន្លោះពី២ ទៅ៣ម៉ឺនដុល្លារក្នុងមួយហិកតា សម្រាប់ដីដែលចេញពីខេត្តបន្តិច។
លោកបន្តថា “គេអាចរកដីក្នុងខេត្តនេះ ដែលមានប្លង់និងប័ណ្ណកម្មសិទ្ឋច្បាស់លាស់ក្នុងតម្លៃខាងលើ សម្រាប់ទីតាំងដែលមានចម្ងាយចន្លោះពី៥ ទៅ១០គីឡូម៉ែត្រពីទីរួមខេត្ត”។លោកបន្តថា “ស្របពេលផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល មានភាពច្បាស់លាស់ និងការសាងសង់ព្រលានយន្តហោះក្នុងខេត្តនេះ នាពេលអនាគត ខេត្តមណ្ឌលគិរីនឹងមានការរីកចម្រើនច្រើននាពេលអនាគ”។
រដ្ឋាភិបាលបាន និងកំពុងសហការជាមួយក្រុមហ៊ុន China Power ដើម្បីសាងសង់ ព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលមានទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដំណើរការរៀបចំសាងសង់ និងការចចារទាក់ទងនឹងនិតិវិធីរវាងក្រុមហ៊ុន និងរដ្ឋាភិបាល ដើម្បីសាងសង់ព្រលានយន្តហោះថ្មី ត្រូវបានពន្យាពេលមួយរយៈដោយសារវិបត្តិជំងឺកូវីដ១៩៕