លោកច្រឹកសុខនីម ៖ ចង់ចំណេញគួរវិនិយោគដីនៅតំបន់ជាយក្រុង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ មានបុគ្គលជាច្រើនបានចាប់ផ្ដើមវិនិយោគទៅលើវិស័យអចលនទ្រព្យ ដោយសារតែការមើលឃើញថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសន្ទុះនិងរកចំណូលបានច្រើន ប៉ុន្តែ រហូតមកដល់ពេលនេះបុគ្គលមានលុយមានប្រាក់មួយចំនួនមិនប្រាកដថាសុទ្ធតែជោគជ័យពីការវិនិយោគអចលនទ្រព្យហេតុនេះហើយទើបមានអ្នកជំនាញមួយចំនួនបានផ្ដល់យោបល់ថាចង់ចំណេញឆាប់គួរវិនិយោគដីនៅតំបន់ជាយក្រុង ។
លោកច្រឹក សុខនីម ប្រធានសមាគំអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងទៅនេះថា សម្រាប់អ្នកដែលមិនសូវមានទុនច្រើនអាចជ្រើសរើសយកចំជម្រើសវិនិយោគដីនៅជាយក្រុងដូចជាទៅតំបន់ផ្លូវ ៥១ នៃខេត្តកំពង់ស្ពឺ និងទៅតំបន់ជាយៗដែលមានតម្លៃទាប ។

លោកថា “ការវិនិយោគដីនៅតំបន់ជាយក្រុងវាមានឱកាសក្នុងការឡើងថ្លៃខ្ពស់ជាងការវិនិយោគនៅតំបន់ជិតៗក្រុងភ្នំពេញ ដូច្នេះហើយទិញដីនៅតំបន់ជាយក្រុងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ពួកគេអាចទទួលបានប្រាក់ចំនេញមកវិញលឿន”។

លោកបន្តថា សម្រាប់អ្នកដែលមានទុនតិចតួចក៏អាចវិនិយោគលើដីធ្លីបានផងដែរ ប៉ុន្តែក្រលេកទៅមើលបណ្ដាខេត្តដែលមានសក្ដានុពល និងខេត្តដែលជាមុខព្រួញវិនិយោគរបស់វិនិយោគិនជាងនិងអន្តរជាតិ ដូចជាមណ្ឌលគីរី កំពង់ចាមជាដើម ព្រោះខេត្តទាំងនោះសុទ្ធតែខេត្តដែលមានតម្លៃដីធ្លីនៅទាបនៅឡើយ ដូច្នេះវានឹងមានឱកាសហក់ឡើងនៅពេលខាងមុខនេះ ។

លោក សន សៀប នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេត បានឱ្យដឹងថា ដីនៅកណ្ដាលក្រុងកម្រមានអ្នកទិញទុកចំណេញណាស់ បើកគេទិញដីនៅតំបន់កណ្ដាលក្រុងគឺសម្រាប់អភិវឌ្ឍន៍មិនមែនសម្រាប់ទិញទុកចំណេញទេ តែបើចង់បានដីដែលមានតម្លៃទាបនិងអាចមានឱកាសហក់ឡើងបន្តគួររកទីតាំងណាដែលនៅឆ្ងាយពីក្រុងបន្តិច ពីព្រោះនៅពេលទីក្រុងកាន់តែរីកដីកាន់តែឡើងថ្លៃជាបន្តបន្ទាប់ផងដែរ ។

លោកមើលឃើញថា តំបន់ដែលអាចទទួលបានចំនេញនៅពេលអនាគតមានដូចជាតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសខេត្តកំពង់ស្ពឺ ដោយសារតែតំបន់នោះ កំពុងទាក់ទាញការវិនិយោគកាន់តែខ្លាំងពីសំណាក់វិនិយោគិនជាពិសេសលើវិស័យឧស្សាហកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here