បុរី ប៉េង ហួតសហការ​ជាមួយ​ធនាគារ CIMB ផ្តល់​ឥណទាន ១០០% នៃតម្លៃគេហដ្ឋាន

0

ដោយ៖​សុធារី​

ភ្នំពេញ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) និងក្រុមហ៊ុន បុរី ប៉េង ហួត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រារព្ធពិធីចុះហត្ថលេខា លើកិច្ចសហការ ស្តីពី ការផ្តល់ជូនឥណទាន ១០០% រហូតដល់ ២៥ឆ្នាំ លើគេហដ្ឋានកំពុងសាងសង់។ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តមួយកម្រិតទៀតនេះ រាល់អតិថិជនរបស់បុរី ប៉េង ហួត ដែលស្នើសុំឥណទានគេហដ្ឋានរបស់ធនាគារ CIMB នឹងទទួលបានការផ្តល់ជូនទំហំឥណទានពិសេសមិនធ្លាប់មាន ទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ បន្ថែមពីលើលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀតផង។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក ហុង ជៀប នាយិកសេវាកម្មហិរញ្ញវត្ថុបុគ្គលស្តីទីរបស់ធនាគារ CIMB បញ្ជាក់ថា “ជានិច្ចកាល ធនាគារ CIMB តែងតែនាំយកផលិតផលថ្មីៗ និងអភិវឌ្ឍផលិតផលធនាគារ ដែលមានស្រាប់ ឲ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្តល់គុណតម្លៃកាន់តែល្អប្រសើរ ទៅដល់អតិថិជន។”

លោក​បន្ត​ថា “ដូច្នេះការចាប់ដៃគូសហការ រវាងធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅស្ថានឈានមុខគេ នៅកម្ពុជា គឺជាការប្តេជ្ញាចិត្តមួយកម្រិតទៀតរបស់ស្ថាប័នទាំងពីរ ក្នុងការជួយឲ្យអតិថិជនទទួលបានផ្ទះដូចបំណងប្រាថ្នា ជាមួយនឹងអត្ថប្រយោជន៍ និងលក្ខខណ្ឌពិសេស ពីឥណទានគេហដ្ឋានរបស់ធនាគារ CIMB នៅគ្រប់គម្រោងលំនៅស្ថានរបស់បុរី ប៉េង ហួត”។

អ្នកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុនបុរី ប៉េង ហួត បានថ្លែងថា​ “បុរី ប៉េង ហួត និងធនាគារ CIMB បានធ្វើការជាមួយគ្នាតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ហើយពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ CIMB ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយទំហំកម្ចីដល់ទៅ 100% មិនធ្លាប់មានពីធនាគារ CIMB និងរយៈពេលកម្ចីរហូតដល់ ២៥ឆ្នាំ សម្រាប់គេហដ្ឋានកំពុងសាងសង់ ព្រមជាមួយអត្រាការប្រាក់ចាប់ពី 7.5% ឡើងទៅ”។

ចាប់ពីពេលនេះ រាល់អតិថិជន ដែលស្នើសុំឥណទានគេហដ្ឋាន ពីធនាគារ CIMB នៅក្នុងគម្រោងកំពុងសាង់សង់ និងសាងសង់រួចរបស់បុរី ប៉េង ហួត នឹងទទួលបានលក្ខខណ្ឌសិក្សា និងអត្ថប្រយោជន៍ពិសេសមិនធ្លាប់មាន ជាមួយនឹងការផ្តល់ជូនទំហំឥណទានគ្រប់ ១០០% នៃតម្លៃផ្ទះ រយៈពេលឥណទានរហូតដល់ ២៥ឆ្នាំ និងអត្រាការប្រាក់ចាប់ពី ៧.៥% ទៀតផង។

គួរបញ្ជាក់ផងដែរថា ឥណទានគេហដ្ឋាន គឺជាផលិតផលស្នូលមួយរបស់ធនាគារ CIMB។ ក្នុងនាមជាធនាគារអន្តរជាតិមួយ ដែលឈានមុខគេ ផ្នែកឥណទានគេហដ្ឋាន នៅលើទីផ្សារប្រទេសកម្ពុជា ធនាគារ CIMB តែងតែមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការនាំយកនូវលក្ខខណ្ឌឥណទានគេហដ្ឋានថ្មីៗ ដែលស័ក្ដិសមនឹងតម្រូវការចាំបាច់របស់អតិថិជន។ ហើយការចាប់ដៃគូកាន់តែស៊ីជម្រៅ ជាមួយនឹងបុរី ប៉េង ហួត គឺជាយុទ្ធសាស្រ្តមួយជំហ៊ានទៀតរបស់ធនាគារ CIMB ដែលជាផ្នែកមួយ នៃកិច្ចសហការនឹងបុរី និងក្រុមហ៊ុនសាងសង់លំនៅឋានធំៗ ក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដល់អតិថិជន កាន់តែទូលំទូលាយ ជាមួយនឹងទំនុកចិត្ត និងអត្ថប្រយោជន៍ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here