អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅតែបន្តសកម្មភាពរបស់ខ្លួននៅតំបន់ខាងត្បូងភ្នំពេញទោះធ្លាប់ទទួលរងទឹកជំនន់ក្ដី

0

ដោយ៖វឌ្ឍនៈ

ភ្នំពេញ ៖ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែបន្តទាក់ទាញការអភិវឌ្ឍលំនៅដ្ឋានពីសំណាក់វិនិយោគិន ជាពិសេសវិនិយោគិនក្នុងស្រុក បើទោះបីជាតំបន់នេះធ្លាប់មានបញ្ហាដោយសារតែទឹកជំនន់វាយលុកក្ដី។ ជាក់ស្ដែង បុរីនៅតំបន់ខាងត្បូងភ្នំពេញមានសំណង់បុរីផ្ទះល្វែងវីឡាជាច្រើន ចាប់ផ្ដើមរីកដុះដាលជាបន្តបន្ទាប់ និងបន្តសកម្មភាពរបស់ខ្លួនក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសបើកសេដ្ឋកិច្ច សង្គមឡើងវិញ។

លោក សាង តូនិច ម្ចាស់គម្រោងបុរីសក្ដិលែន ដែលមានទីតាំងនៅខាងត្បូងរាជធានីភ្នំពេញ បានឱ្យដឹងថាតំបន់ប៉ែកខាងត្បូងកំពុងបង្ហាញសក្ដានុពលអភិវឌ្ឍន៍យ៉ាងខ្លាំង ដែលធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍ក្នុងការវិនិយោគ ក្នុងនោះគេមើលឃើញថាតំបន់ប៉ែកខាងត្បូងភ្នំពេញ។ ជាពិសេសតំបន់ដែលលោកកំពុងអភិវឌ្ឍន៍គឺស្ថិតនៅតំបន់ដែលមានផ្លូវខ្វាត់ខ្វែង មានផ្លូវធំៗសំខាន់ៗនៅព័ទ្ធជុំវិញ មានផ្សារទំនើបផងដែរ ។

លោកមានប្រសាសន៍ថា “ប៉ែកខាងត្បូងរាជធានីភ្នំពេញ យើងឃើញមានគម្រោងធំៗច្រើន ហើយដូចបានឃើញស្រាប់នៅតំបន់ចំការដូងខណ្ឌដង្កោ មានសក្ដានុពលខ្លាំងមែនទែន ជាក់ស្ដែងដូចជាគម្រោងផ្សារទំនើបអ៊ីអន៣ និងផ្សារទំនើបផ្សេងៗទៀត ។ មិនតែប៉ុណ្ណោះ វាជាតំបន់ដែលមានផ្លូវក្រវ៉ាត់ក្រុងធំៗរត់កាត់និងមានគម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋផងដែរ”។

លោកបន្តថា ចំពោះស្ថានភាពនៃទឹកជំនន់កាលពីប៉ុន្មានថ្ងៃមុខនៅប៉ែកខាងត្បូងភ្នំពេញ លោកមិនមានការបារម្ភអ្វីនោះទេពីព្រោះតំបន់ខាងត្បូងទាំងអស់វាមិនមែនលិចទាំងអស់នោះទេ។ លោកក៏ជឿជាក់ថា រាជរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះ មិនឱ្យកើតឡើងនៅពេលបន្ទាប់ ជាក់ស្ដែងតំបន់ខាងត្បូងក៏មានប្រព័ន្ធធានារាស្ត្រប្រឡាយអូរជាច្រើនសម្រាប់រំដោះទឹកផងដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យក៏បានលើកឡើងផងដែរថា តំបន់ប៉ែកខាងត្បូងបាននិងកំពុងទាក់ទាញយ៉ាងខ្លាំងសម្រាប់វិនិយោគិនជាពិសេសវិនិយោគអភិវឌ្ឍន៍លំនៅដ្ឋាន ដោយក្នុងនោះយើងមើលឃើញថា នៅប៉ែកខាងត្បូងមានគម្រោងបុរីធំៗ មានគម្រោងអភិវឌ្ឍន៍ផ្សារទំនើប ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គម្រោងសាងសង់និងជួសជុលផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុង ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here