អគារកម្ពស់រាប់សិបជាន់រាងដូចប្រាសាទបុរាណពីរ៉ាមីត ដ៏ល្បីល្បាញរបស់អេហ្ស៊ីបនឹងត្រូវសាងសង់នៅក្រុងប៉ារីស

0

ដោយៈសុខុម

ប៉ារីស: អគារខ្ពស់ថ្មីមួយកម្ពស់៤២ជាន់ ដែលមានរូបរាងដូចប្រាសាទបុរាណពីរ៉ាមី (Pyramid) ដ៏ល្បីល្បាញរបស់អេហ្ស៊ីប នឹងត្រូវសាងសង់នៅក្រុងប៉ារីសនាពេលឆាប់ៗនេះ បន្ទាប់ពីធ្វើផែនការអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ដែលចុះផ្សាយនៅថ្ងៃទី៣ វិច្ឆិកា នេះ។

អគារដែលមានឈ្មោះថា Triangle Tower ឬជាភាសាបារាំង Tour Triangle ខាងលើនេះ នឹងត្រូវសាងសង់នៅឆ្នាំ២០២២ ក្នុងសង្កាត់លេខ១៥ ស្ថិតនៅជាយក្រុងប៉ារីស ជាមួយគម្រោងបញ្ចប់ការសាងសង់ នៅត្រឹមឆ្នាំ២០២៦ បន្ទាប់ពីទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនធានារ៉ាប់រងទំហំយក្ស Axa ក្រោយពន្យារពេលជាច្រើនឆ្នាំ។

វានឹងក្លាយជាអគារខ្ពស់ដ៏កម្រមួយ នៅក្នុងទីក្រុងប៉ារីស ដែលមានការរឹតត្បិតយ៉ាងតឹងរ៉ឹងមិនឱ្យសាងសង់អគារខ្ពស់ៗ ដើម្បីរក្សាសោភ័ណភាព និងសភាពដើមជាប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ។

រចនាឡើងដោយស្ថាបត្យករជនជាតិស្វីស២រូបឈ្មោះ Herzog និងឈ្មោះ Meuron អគារនេះនឹងត្រូវមហាជនធ្វើការប្រៀបធៀប ដោយជៀសមិនផុតទៅនឹងអគារពីរ៉ាមីត នាសម័យទំនើបដ៏ល្បីល្បាញ ដែលស្ថិតក្នុងបរិវេណទីធ្លាសារៈមន្ទីរ Louvre Museum ចំកណ្ដាលក្រុងប៉ារីស ថ្វីបើវាធំជាង និងខ្ពស់ជាងឆ្ងាយយ៉ាងណាក្ដី។

ទោះជាយ៉ាងណា ក្រុមមន្ត្រីបរិស្ថាននៃក្រុមប្រឹក្សាក្រុងប៉ារីស បានរិះគន់ផែនការនេះថា ជះផលប៉ះពាល់ដល់បរិស្ថាន ហើយគួរតែបោះបង់ចោល។

ពួកគេបានចេញសេចក្តីថ្លែងការណ៍ថា គម្រោង”អគារការិយាល័យកម្ពស់១៨០ម៉ែត្រ ដែលមានផ្ទៃក្រឡាសរុប៩២.០០០ម៉ែត្រការ៉េនេះ គឺបង្កផលប៉ះពាល់ដល់បរិស្ថាន ហើយវាផ្ទុយនឹងការប្តេជ្ញាចិត្ត លើអនុវត្តតាមផែនការអាកាសធាតុនៃទីក្រុងប៉ារីស”៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here