ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា កំពុងតែមានសកម្មភាពកាន់តែខ្លាំង ដោយមតិមួយចំនួនគិតថាវាលើសពីតម្រូវការជាក់ស្ដែងទៅហើយ ប៉ុន្តែបើក្រលេកទៅមើលចំនួនប្រជាជន និងចំនួនផ្ទះដែលមាននៅកម្ពុជា នៅមិនទាន់មានស៊ីសងគ្នានៅឡើយ ដោយមានន័យថាតម្រូវការលំនៅឋាន នៅតែបន្តមាននិងទាមទារឱ្យមានការអភិវឌ្ឍបន្ថែម។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានលើកឡើងក្នុងសន្និសីទ មួយកាលពីថ្ងៃទី៣វិច្ឆិកា ២០២១នេះឱ្យដឹងថា ការផ្គត់ផ្គង់តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា វាគង់តែដល់ថ្ងៃណាមួយគ្រប់តម្រូវការឬលើសពីតម្រូវការទេ ប៉ុន្តែបើយើងក្រលេកទៅមើលស្ថានភាពបច្ចុប្បន្ននេះ ចំនួនប្រជាជនកម្ពុជាមានរហូតដល់១៦លាននាក់ តែចំនួនផ្ទះវិញយើងឃើញថា នៅភ្នំពេញមានជាង១លានផ្ទះ នៅខេត្តព្រះសីហនុ មិនដល់១លាននាក់ទេ នៅសៀមរាបក៏ដូចគ្នាហើយខេត្តផ្សេងៗទៀតត្រឹមតែប៉ុន្មានម៉ឺនផ្ទះប៉ុណ្ណោះ ។
លោកបន្តថា “តាមរយៈស្ថិតនេះបើធៀបចំនួនប្រជាជន និងចំនួនខ្នងផ្ទះដែលយើងមាន ឃើញថានៅខ្វះខាតចំនួនខ្នងផ្ទះច្រើនណាស់”។លោកបន្តថា“ដូច្នេះទើបយើងឃើញថានៅពេលមានការអភិវឌ្ឍបុរី អភិវឌ្ឍន៍ខុនដូនៅតែលក់ដាច់ ប៉ុន្តែបរិបទនៃការលក់ខុនដូនៅក្នុងប្រទេសកម្ពុជា គឺជាបរិបទថ្មី ដែលទាមទារផ្ដល់នូវការអប់រំនិងផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃការរស់នៅក្នុងខុនដូ”។
លោកសុខនីមបានពន្យល់ថា ពីព្រោះប្រជាជនកម្ពុជាមានផ្នត់គំនិតមួយ គឺចង់រស់នៅផ្ទះជាប់នឹងដី ដូចជា ផ្ទះល្វែង ផ្ទះវីឡា ដែលមានរបងធំៗដែលជាវប្បធម៌ តាំងពីដូនតាយើងមក”។
លោកបន្ថែមថា ដោយសារតែកម្ពុជាជាប្រទេស បើកចំហរលើការវិនិយោគ ដូច្នេះហើយទើបយើងមើលឃើញថា កម្ពុជាទទួលបានគម្រោងវិនិយោគខុនដូ ពីក្រៅប្រទេសកាន់តែច្រើន។ ការអភិវឌ្ឍខុនដូនេះដែរ ក៏ជាការផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ដ៏សំខាន់ផងដែរ ពីព្រោះភ្ញៀវទេសចរមកពីបណ្ដាប្រទេសជឿនលឿន ពួកគេចូលចិត្តស្នាក់នៅក្នុងខុនដូ ដូច្នេះខុនដូនៅកម្ពុជា នឹងក្លាយជាសណ្ឋាគារសម្រាប់ភ្ញៀវទេសចរ ។
ទោះបីជាបច្ចុប្បន្ននេះ ចំនួនផ្ទះមិនទាន់ឆ្លើយតបនឹងចំនួនប្រជាជនក្ដី តែការអភិវ ឌ្ឍលំនៅឋានមួយចំនួន មិនទាន់ត្រូវនឹងអ្វីដែលប្រជាជនកម្ពុជាចង់បាន ឬអាចនិយាយបានថា ការតម្លៃលំនៅឋានក្នុងប្រទេសកម្ពុជា នៅតែខ្ពស់ជាងលទ្ធភាព ដែលប្រជាជនកម្ពុជាមាន។
លោកច្រឹក សុខនីមបានលើកជាឧទាហរណ៍ថា ប្រជាជននៅភ្នំពេញនៅខ្វះខាតផ្ទះច្រើន ដោយប្រជាជនមួយចំនួនជួលផ្ទះគេស្នាក់នៅ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើនអភិវឌ្ឍន៍រួចមិនមានអ្នកចូលស្នាក់នៅ ដោយមិនមានអ្នកទិញឬក៏ទិញហើយអស់លទ្ធភាពត្រឹមពាក់កណ្ដាលទីក៏ប្រកាសលក់វិញជាដើម ៕