ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែប្រវែងជាង១០គីឡូម៉ែត្រ តភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កំពុងស្ថាបនា តភ្ជាប់ពីគម្រោងព្រលានយន្តហោះ មកកាន់រាជធានីភ្នំពេញ។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលលោក នូវ ប៉េងច័ន្ទតារា បានឲ្យដឹងតាមទូរស័ព្ទថា ផ្លូវថ្មីមួយខ្សែនេះមានទទឹងរហូតដល់៦០ ម៉ែត្រ និងប្រវែងជាង ១០គីឡូម៉ែត្រ សាងសង់ចេញពីព្រលានយន្តអន្តរជាតិភ្នំពេញ នៅខេត្តកណ្ដាល តភ្ជាប់មកផ្លូវក្រវាត់ក្រុង មកតំបន់ប្រជុំជនក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា “ផ្លូវមួយខ្សែនេះសំខាន់ណាស់ ហើយក៏ជាខ្សែផ្លូវមេក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន របស់គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣”។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីតម្លៃកញ្ចប់ស្ថាបនា ផ្លូវថ្មីមួយខ្សែនេះ ពីព្រោះជាគម្រោងរបស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុន OCIC។
ដំបូងឡើយអ្នកឧកញ៉ាពុង ឃាវសែបានប្រកាសពីការសាងសង់ស្ពានអាកាសប្រវែងជាង១០គីឡូម៉ែត្រពីព្រលានយន្តហោះថ្មី មកកាន់រាជធានីភ្នំពេញ ប៉ុន្តែតើគម្រោងនេះផ្លាស់ប្តូរមកសាងសង់ផ្លូវនេះវិញឬយ៉ាងណា យើងមិនអាចស្វែងរកការពន្យល់ពីថ្នាក់ដឹកនាំក្រុមហ៊ុននេះបាននៅឡើយទេ។
តាមផែនការរបស់រដ្ឋាភិបាល និងក្រុមហ៊ុន OCIC ប្តេជ្ញាឲ្យគម្រោងព្រលានយន្តហោះថ្មីដាក់ឲ្យដំណើរការឆ្នាំ២០២៣។ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធសំខាន់ណាស់។ ក្រៅពីផ្លូវអាទិភាពមួយខ្សែដែលកំពុងសាងសង់ ក៏នឹងមានការស្ថាបនាផ្លូវជាច្រើនខ្សែទៀតប្រ ទាក់ក្រឡាគ្នា ដែលនឹងចាយថវិការាប់លានដុល្លារទៀត ក្នុងការសាងសង់នាពេលខាងមុខនេះ៕