ដោយ៖ សូរិយា
ភ្នំពេញ៖ អាស៊ីជាទ្វីបមួយដែលមានការប្រកួតប្រជែងខ្លាំងទៅលើវិស័យសំណង់អគារខ្ពស់ៗ។ បើធៀបទៅនឹងទ្វីបអឺរ៉ុបឬអាមេរិក គ្រាន់តែប្រទេសចិនមួយក៏មានអគារខ្ពស់ច្រើនលើសតំបន់ទាំងនោះទៅហើយ។ មូលហេតុនេះបណ្តាលមកពី កត្តាកំណើនប្រជាជន ភាពពេញនិយម និងការឲ្យតម្លៃទៅលើអគារខ្ពស់របស់មនុស្សនៅអាស៊ី។ ស្របពេលជាមួយគ្នានេះដែរ កម្ពុជាជាប្រទេសតូចមួយដែលកំពុងរត់ប្រណាំងជាមួយប្រទេសជិតខាងលើគ្រប់វិស័យ ដូចជា វិស័យវិស្វកម្ម និងស្ថាបត្យកម្ម ជាដើម។ ប្រការនេះហើយទើបរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុន ថៃប៊ុនរ៉ុងគ្រុបសាងសង់អគារដ៏ខ្ពស់ស្កឹមស្កៃមានឈ្មោះថា “អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង”។
គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្មលំដាប់ពិភព ដែលនឹងក្លាយជាអគារខ្ពស់បំផុតនៅក្នុងតំន់អាស៊ីអាគ្នេយ៍មានឈ្មោះថា “Thai Boon Roong Twin Tower World Trade Center ឬ អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង” មានកម្ពស់ ៥៦៥ ម៉ែត្រ (១៣៣ ជាន់) និងមានទុនវិនិយោគ ជាង ៣ ០០០ លានដុល្លារ របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងគ្រុប។ ផែនការនេះត្រូវបានបញ្ជូនទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់រួចហើយនិងចាប់ផ្តើមដំណើរការ សាងសង់នៅពេលស្ថានភាពនៃជំងឺកូវីដ១៩បញ្ចប់។ នេះបើតាមការបញ្ជាក់របស់ លោក ទូស សាភឿន ប្រធានក្រុមស្ថាបត្យករនិងសំណង់ប្រចាំក្រុមហ៊ុនថៃប៊ុនរ៉ុងគ្រុប។
ប្រសិនបើការសាងសង់រួចរាល់អគារនេះនឹងក្លាយជាអគារខ្ពស់បំផុតប្រចាំតំបន់អាស៊ានដោយវាខ្ពស់ជាងអគារភ្លោះ ផេត្រូណាសរបស់ម៉ាឡេស៊ី (៤៥២ ម៉ែត្រដែលមាន ៨៨ ជាន់) អគារកាងណាំហាណូយរបស់វៀតណាម (៣៤៥ ម៉ែត្រនិង ៧៧ ជាន់) អគារម៉ាណារ៉ាតេលេខមរបស់ម៉ាឡេស៊ី (៣១០ ម៉ែត្រនិង ៥៥ ជាន់) និង អគារបាយ៉ុកថៅវើរទី២ (៣០៤ ម៉ែត្រនៅប្រទេសថៃមាន ៨៤ ជាន់)។
“អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង” ក៏នឹងក្លាយជាអគារខ្ពស់ជាងគេទី ៥ នៅអាស៊ីក៏ដូចជានៅលើពិភពលោកបន្ទាប់ពីអគារប៊ូជខាលីហ្វារបស់អេមីរ៉ាតអារ៉ាប់រួម (៨២៨ ម៉ែត្រ) អគារស៊ាងហៃរបស់ចិន (៦៣២ ម៉ែត្រ) សណ្ឋាគារម៉ាកការ៉ូយ៉ាល់ខ្លក់របស់អារ៉ាប៊ីសាអូឌីត (៦០១ ម៉ែត្រ) និងអគារតៃប៉ិតៃវ៉ាន់១០១ (៥០៩ ម៉ែត្រ)។
អគារភ្លោះថៃប៊ុនរ៉ុង គឺជាគម្រោងសាងសង់អគារដ៏ធំនិងខ្ពស់ ជាងគេនៅកម្ពុជាដែលគ្រោងសាងសង់លើផ្ទៃដីទំហំជាង ៥ ហិកតាទល់មុខសណ្ឋាគារនិងកាស៊ីណូណាហ្គាវើលដ៍។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹង មានក្រឡាផ្ទៃសរុប ១,៤៧៤,៣៨៩ ម៉ែត្រការ៉េដែលរួមបញ្ចូលនូវសណ្ឋាគារ កម្រិតផ្កាយ៥ អាផាតមិន ខុនដូ ការិយាល័យលំដាប់អន្តរជាតិ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងគយគន់ទេសភាព និងសេវាកម្មកម្សាន្ត លំដាប់ពិភពលោកជាច្រើនទៀត។
គម្រោងនេះគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនថៃប៊ុនរ៉ុងគ្រុបនិងក្រុមហ៊ុនស៊ុនឃៀនអាយភីគ្រុបដែលជាអ្នកម៉ៅការជនជាតិចិនហើយគេរំពឹងថាវានឹងចំណាយពេល ៣ ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ កាលពីពេលកន្លងទៅលោក ទូស សាភឿនបានលើកឡើងថា ការសិក្សាអំពីប្លង់បច្ចេកទេសដូចជាការសាងសង់ ជញ្ជាំងទប់ការពារកុំឱ្យបាក់ដី ការពារជម្រាបទឹកនៃគម្រោងអគារពាណិជ្ជកម្មលំដាប់ពិភពលោក អគារភ្លោះថៃប៊ុនរ៉ុង បានបញ្ចប់រួចរាល់ហើយដោយក្រុមហ៊ុនរង់ចាំពេលវិបត្តិជំងឺរាតត្បាតកូវីដ១៩បិទបញ្ចប់តែប៉ុណ្ណោះដើម្បីចាប់ផ្តើមសាងសង់។
លោក ថ្លែងថា “យើងមិនទាន់ប្រាកដថាការសាងសង់នឹងចាប់ផ្តើមនៅពេលណាទេដោយយើងរង់ចាំមើលថាជំងឺរាតត្បាតនេះនឹងចប់នៅពេលណា? ខណៈ អ្វីៗបានត្រៀមរួចរាល់ហើយ។” នៅលើបណ្តាញសង្គមផ្លូវការកាលពីពេលកន្លងទៅលោក ទូស សាភឿនបានសរសេរថា “មហាគម្រោង នេះនឹងមិនមានអ្វីប្រែប្រួលទេ គម្រោងប្លង់ បច្ចេកទេសបានគូរបញ្ចប់ ១០០ ភាគរយចំណែកជញ្ជាំងទប់ដី ការពារបាក់ដី ការពារជម្រាបទឹកទន្លេជម្រៅ ២៦ ម៉ែត្រ ក៏បានចាក់បេតុងបញ្ចប់រួចរាល់ ១០០ ភាគរយហើយ “។
លោកបន្ថែមទៀតថា “នៅពេលនេះក្រុមការងារសាងសង់ និងក្រុមការងារផ្នែកបច្ចេកទេសផ្សេងៗក៏បានត្រៀមខ្លួន រៀបចំរួចរាល់ផងដែរ ដោយនៅរង់ចាំតែឱកាសល្អ និងការបញ្ចប់ស្ថានការណ៍អួអាប់ដោយសារជំងឺកូវីដ គម្រោងនេះនឹងចាប់ផ្តើមហើយក្រោមការដាក់ចេញផែនការ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីអ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុនថៃ ប៊ុនរ៉ុង។”
លោក ទូស សាភឿនធ្លាប់បានប្រាប់ថាអគារភ្លោះថៃប៊ុនរ៉ុង នឹងក្លាយជា មោទនភាព និងជាកិត្យានុភាពសម្រាប់កម្ពុជាលើឆាកអន្តរជាតិ និង មុខមាត់ប្រទេសជាតិ ដែលជាប្រទេសធ្លាប់មានអរិយធម៌ ខ្ពង់ខ្ពស់។ អគារនេះមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវា នឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ឱ្យចូលមកប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។
លោកទូស សាភឿនបានថ្លែងថា “មិនមែនប្រទេសទាំងអស់សុទ្ធតែមានសមត្ថភាព កសាងអគារធំបែបនេះបានទេ ជួនកាលគេមានលុយតែមិនប្រាកដថា អាចសាងសង់បាននោះឡើយ។”