ក្រុមហ៊ុនអភិវឌ្ឍន៍បុរីធំមួយចាប់ផ្ដើមកំណត់ចំនួនអ្នកទិញផ្ទះ ក្រោយមានអតិថិជនភាគច្រើនទិញសម្រាប់លក់យកចំណេញ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ជាការកត់សម្គាល់កាលពីពេលកន្លងទៅនេះ ឃើញថាអ្នកទិញផ្ទះពីបុរីពិភពថ្មីភាគច្រើន មិនមែនជាអ្នកទិញ ដើម្បីស្នាក់នៅឬប្រកបអាជីវកម្មអ្វីនោះទេ តែជាអ្នកទិញដើម្បីទុកលក់យកចំណេញ នៅពេលសំណង់សង់បានកាន់តែច្រើនឬសាងសង់រួច ។

ដោយមើលឃើញថាសកម្មភាពនេះ មានកាន់តែច្រើនក្រុមហ៊ុនបុរីពិភពថ្មីបានកំណត់ចំនួនអ្នកទិញផ្ទះរបស់ខ្លួន បានត្រឹមតែ១ប៉ុណ្ណោះ ក្នុងមួយគម្រោង។

យោងទៅតាមសេចក្តីជូនដំណឹងផ្សព្វផ្សាយ របស់ក្រុមហ៊ុនបុរីពិភពថ្មីរបស់អ្នកឧកញ៉ាហុង ពីវកាលពីរសៀលថ្ងៃទី២វិច្ឆិកា ២០២១នេះបានបង្ហាញ ពីលក្ខខណ្ឌចំពោះអ្នកទិញ ដោយក្នុងមួយម្នាក់អាចទិញបានតែមួយប៉ុណ្ណោះ សម្រាប់គម្រោងតាខ្មៅ២ ហើយអ្នកដែលទិញផ្ទះនោះ ហើយក៏មិនអាចលក់ដូរបានដែរក្នុងរយៈពេល២ឆ្នាំ។

អ្នកជំនាញអចលនទ្រព្យកម្ពុជាជាច្រើន បានលើកឡើងផងដែរថា តម្រូវការលំនៅឋានជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាគឺមិនសូវជាមានប៉ុន្មានទេ ហើយអ្នកដែលទិញលំនៅឋានមួយចំនួន ក៏មិនមែនសម្រាប់ស្នាក់នៅផ្ទាល់ខ្លួនដែរ គឺទិញសម្រាប់ទុកលក់បន្តដើម្បីយកប្រាក់ចំណេញប៉ុណ្ណោះ ។

លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើងថា បើយើងក្រលេកទៅមើលតម្រូវការជាក់ស្ដែង នៃលំនៅឋាននៅក្នុងរាជធានីភ្នំពេញមិនសូវជាមានប៉ុន្មានទេ ពីព្រោះអ្នកទិញផ្ទះនៅក្នុងបុរីនានា ពីអ្នកអភិវឌ្ឍន៍ឃើញថាមួយចំនួនជាអ្នកទិញដើម្បីទុកចំណេញ។ ដូច្នេះហើយទើបយើងមើលឃើញថា ផ្ទះដែលសាងសង់រួច មិនសូវមានអ្នកចូលទៅនៅភ្លាមៗនោះទេ។

លោកបន្តថា “បើសិនជាអ្នកទិញផ្ទះនោះគេទិញ ដើម្បីទុកស្នាក់នៅផ្ទាល់ខ្លួនមែននោះ គឹនឹងចូលទៅស្នាក់នៅ ពេលផ្ទះសង់រួច តែផ្ទះនៅតាមបុរីមួយចំនួនត្រូវបានចាក់សោចោលអត់ចូលស្នាក់នៅទេ”។

ជាការកត់សម្គាល់ផ្ទះក្នុងបុរីពិភពថ្មីកំបូល ឈូកវ៉ា១ ឈូកវ៉ា២ ជាច្រើន ត្រូវបានម្ចាស់ចាក់សោចោល អត់មានស្នាក់នៅទេ ដោយអ្នកខ្លះបានជួលឱ្យអ្នកដទៃ។ ដោយឡែកម្ចាស់លំនៅឋានខ្លះ ទិញច្រើនល្វែងពេលអត់លទ្ធភាពបង់ឱ្យម្ចាស់បុរី ក៏បានលក់ផ្ទះនោះវិញក្នុងតម្លៃពាក់កណ្ដាល នៃតម្លៃដែលខ្លួនបានទិញនិងរំលស់ទៅកាន់បុរី ។

បុរីពិភពថ្មីជាក្រុមហ៊ុនមួយ ដែលផ្ដល់ការបង់រំលស់១០០ភាគរយ ជូនអតិថិជន ដោយមិនទាមទារការកក់ប្រាក់មុនឡើង ពោលគអតិថិជនមានប្រាក់កក់តែមួយខែនៃតម្លៃបង់រំលស់ប្រចាំខែ ក៏អាចទិញផ្ទះតម្លៃរាប់ម៉ឺនដុល្លារអាមេរិកបានដែរ ហើយអ្នកមានលុយមួយចំនួនទិញបី ទៅបួនល្វែង ដើម្បីទុកលក់បន្តទៅអ្នកទី៣ ទើបធ្វើឱ្យក្រុមហ៊ុនចេញគម្រោងម្ដងៗនៅតែទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here