ឧកញ៉ាមួយរូបបោះទុនរាប់លានដុល្លារវិនិយោគលើមជ្ឈមណ្ឌលពាណិជ្ជកម្មនិងលំនៅដ្ឋាននៅក្រុងបាត់ដំបង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ឧកញ៉ាមានឥទ្ឋិពលមួយរូបនៅភូមិភាគពាយ័ព្យប្រទេស បានបោះទុនវិនិយោគរាប់លានដុល្លារ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាននៅក្នុងក្រុងបាត់ដំបង។

ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងជាប្រធានសម្ព័ន្ឋសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជា​ ដែលមានមុខជំនួញជាច្រើននៅក្នុងដៃ ឧកញ៉ាភួ ពុយបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ទីក្រុងបាត់ដំបងកាន់តែមានការរីកចម្រើន និន្នាការរស់នៅរបស់ប្រជាពលរដ្ឋ បានផ្លាស់ប្តូរចាប់តាំងពីមានជំងឺកូវីដ១៩មក ដែលធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្តើមស្រលាញ់ទេសភាព សួនច្បារ និងផ្ទះលំហែរ។

លោកបន្តថា “ដោយមើលឃើញឱកាសនេះ ខ្ញុំបានចាប់ផ្តើមពង្រីកការវិនិយោគផ្ទះលំហែរ ដែលមានតម្លៃចន្លោះពីជាង៣ម៉ឺនទៅ៥ម៉ឺនដុល្លារអាមេរិក”។ លោកបន្តថា “គំរោងនេះស្ថិតនៅតំបន់ផ្សារភួ ពុយក្នុងខេត្តបាត់ដំបង ដែលផ្ទៃដីវិនិយោគលើគំរោងទាំង​មូលនាពេលកន្លងមក រហូតមកទល់ពេលនេះ បានកើនដល់ប្រមាណ៨០ហិកតាហើយ”។

លោកឧកញ៉ាភួ ពុយបានបន្តថា អ្នកទិញលំនៅដ្ឋានលំហែរក្នុងក្រុងបាត់ដំបង ភាគច្រើនជាអ្នកមានជីវភាពធូរធារនៅក្នុងខេត្ត មកពីបណ្តាស្រុកនានាក្នុងមូលដ្ឋាន ខេត្តបាត់ដំបង និងប្រជាពលរដ្ឋមកពីបណ្តាខេត្តជុំវិញផងដែរ។

លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនអចលនទ្រព្យCentury21 Cambodiaបានមានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមានសក្តានុពលជាងគេ នៅក្នុងចំណោមបណ្តាខេត្ត ស្ថិតនៅភាគខាងលិចប្រទេស ដែលអចលនទ្រព្យនៅខេត្តនេះមានការរីកចម្រើនលឿនជាងបណ្តាខេត្ត នៃភូមិភាគពាយ័ព្យប្រទេស។ ហេតុនេះទើបក្រុមហ៊ុនបានពង្រីកបណ្តាញទៅដល់មូលដ្ឋានឃុំ សង្កាត់់និមួយៗ ដើម្បីជម្រុញនិងលើកកំពស់សក្តានុពលអចលនទ្រព្យនៅតាមមូលដ្ឋានរបស់ពួកគេ។

លោកស្រីបន្តថា “ខេត្តបាត់ដំបងមានសក្តានុពលខ្ពស់ ដោយសារប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ស៊ីវិល័យ និងជាខេត្តមានប្រជាពលរដ្ឋរស់នៅច្រើន”៕

ទីក្រុងរណបជ្រោយចង្វារតម្លៃ៥០០០លានដុល្លារកំពុងស្ងៀមស្ងាត់

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផែនការកសាងទីក្រុងបែបឆ្លាតវៃមួយ កំពុងស្ថិតនៅក្នុងដំណើរឆ្ពោះទៅមុខយឺតៗ ស្របពេលវិបត្តិកូវីដ១៩ ដែលបានអូសបន្លាយ និងធ្វើឲ្យអ្នកវិនិយោគអន្តរជាតិមិនអាចឈានជើងចូលទីផ្សារកម្ពុជាបាន។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង ដែលកំពុងវិនិយោគទីក្រុងរណបនេះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៩ សីហាកន្លងមកថា ផែន​ការអភិវឌ្ឍន៍ទីក្រុងរណបនេះ មិនមានការផ្លាស់ប្តូរទេ ប៉ុន្តែនៅអំឡុងឆ្នាំនេះមិនមានគំរោងរបស់អ្នកវិនិយោគអន្តរជាតិ ចូលមកកាន់ទីក្រុងថ្មីនេះនៅឡើយទេ។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលកន្លងមកថា ទស្សនទាននៃការអភិ​ វឌ្ឍទីក្រុងជ្រោយចង្វារ ទីក្រុងនៃអនាគតមានភាពស្រដៀងគ្នា នឹងតំបន់ពាណិជ្ជកម្មស្ថិតនៅលើ់មហាវិថីព្រះមុនីវង្ស ពិសេសទីក្រុងនេះនឹងរៀបចំឡើង ជាទីក្រុងឆ្លាតវៃនាពេលអនាគត។

លោកទូច សំណាងបានបន្តថា កន្លងមកមានគំរោង សាងសង់អាគារខ្ពស់ៗជាច្រើននៅក្នុងទីក្រុង ដែលមានទំហំជាង១០០ហិកតានេះ ប៉ុន្តែអ្វីៗត្រូវបានផ្អាកដោយសារ​វិបត្តិជំងឺកូវីដ១៩។

ក្រុមហ៊ុន OCIC ក៏បាននិងកំពុងគ្រោងរើសាលពិព៌ ណនិងសន្និបាតកោះពេជ្រ ទៅកាន់ទីក្រុងថ្មីផងដែរនាពេលអនាគត៕

ដំណឹងល្អៈអគាររដ្ឋបាលក្រុងបូកគោស្ថិតនៅលើផ្ទៃដី៥ហិកតានឹងលេចរូបរាងនាពេលឆាប់ៗនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីរដ្ឋបាលក្រុងបូកគោបានបង្ហើបឲ្យដឹងថា អាគាររដ្ឋបាលក្រុង ដែលស្ថិនៅលើផ្ទៃដីរហូតដល់៥ហិកតា គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះហើយ ខណៈសកម្មភាពសាងសង់់កំពុងពន្លឿន។

លោកឡេង វិបុលប្រធានរដ្ឋបាលក្រុងបូកគោបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៩ សីហាកន្លងមកថា អគាររដ្ឋបាលថ្មីនេះ ស្ថិតនៅជិតចំណុច​ប៉ុស្តិ៍ត្រួត​ពិនិត្យផ្លូវចូលរមណីយដ្ឋានភ្នំបូកគោ ក្នុងទំហំដីជិត៥ហិកតា ភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

លោកបន្តទៀតថា “គណៈកម្មការអន្តរក្រសួង កំពុងតែពន្លឿនគិតគូបញ្ហានេះ ខណៈដំណើរការសាងសង់ មិនទាន់ចាប់ផ្ដើមនៅឡើយនោះទេ”។

ទោះជាយ៉ាងណា លោកមិនទាន់មានព័ត៌មានលម្អិតជុំវិញ គម្រោងថវិកានៅឡើយ គ្រាន់តែដឹងថា ទីតាំងអគារស្ថិតក្នុងភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូគោ។

លោកឡេង វិបុលបានបញ្ជាក់ថា ដំណើរការបន្ទាន់ នៃការសាងសង់​អាស្រ័យទៅ​ដោយការគាំទ្រ នឹងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងថ្មី៕

តើប្រទេសណាមានឥទ្ធិពលជាងគេនៅតំបន់អាក់ទិក និងកំពុងស្ថិតក្នុងភូមិសាស្រ្តនៃគំរោងផ្លូវសូត្ររបស់ចិន?

ដោយៈគង់ សូរិយា

អន្តរជាតិៈ ការពង្រីកឥទ្ឋិពលរបស់មហាយក្សចិន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បាននិងកំពុងត្រូវគេមើលឃើញថា ចិនកំពុងពង្រីកការក្តោបក្តាប់ឥទ្ឋិពល​សេដ្ឋកិច្ចលើពិភពលោក។

ជាក់ស្តែងផ្លូវសូត្រ ឬគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន ហេតុអ្វីចិនចូលក្នុងគំរោងផ្លូវសូត្រតំបន់ប៉ូល?។
ហេតុការណ៍ដែលនាវាអេវើហ្គីវិន ជាប់គាំងនៅព្រែកជីកស៊ុយអេ ដែលជាផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោក កាលពីខែមិនាកន្លងមក បានធ្វើឲ្យភាគីជាច្រើនស្វែងរកផ្លូវនាវាចរណ៍ថ្មីៗ ដែលអាចនឹងការពារការខាតបង់ជាច្រើន ក្នុងតម្លៃដ៏មហាសាល ដែលអាចនឹងកើតឡើង ដូចករណីជាប់គាំងនាវាខាងលើបាន។

ក្នុងប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីហេតុការណ៍នេះ បណ្តាប្រទេសមហាអំណាចលោកខាងកើត តួយ៉ាងដូចជាប្រទេសចិនបានលើកយកប្រធានបទ “ផ្លូវនាវាចរណ៍ថ្មី” មកនិយាយ ហើយផ្លូវនាវាចរណ៍ថ្មីមកនិយាយ ហើយផ្លូវនាវាចរណ៍នេះ ស្ថិតនៅតំបន់ប៉ូលខាងជើង ដែលធ្វើឲ្យព្រែកជីកស៊ុយអេ លែងជាផ្លូវនាវាចរសំខាន់នាពេលអនាគត បន្ទាប់ពីការរកឃើញនាវាចរណ៍ថ្មី ដែលនឹងតភ្ជាប់ពីទ្វីបអាស៊ី ដល់ទ្វីបអឺរ៉ុបកាត់តំបន់ប៉ូលខាងជើងទាំងមូល។

ក្នុងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ចិន ក៏មានចែងពីចំណុចយុទ្ឋសាស្រ្តផ្លូវសូត្រតំបន់ប៉ូលផងដែរ ប៉ុន្តែសំណួរសួរថា​តើចិននឹងលុកលុយចូល តំបន់ប៉ូលខាងជើង ដើម្បីអ្វី?។

មហាសមុទ្រអាក់ទិក ជាតំបន់ដែលស្ថិតនៅចំតំបន់ប៉ូលខាងជើង បើសិនជាយើងមើលពីភូមិសាស្រ្តខាងជើង និងមើលលើផែនទីពិភពលោក ។ តំបន់អាក់ទិក មានផ្ទៃដី ស្រដៀងនឹងរង្វង់ចំណុចកណ្តាល ដែលមានរង្វង់ដូចប៉ូលខាងជើង ហើយគ្របដណ្តប់លើផ្ទៃដីប្រហែល១៤,១លានគីឡូម៉ែត្រក្រឡា ដែលដែនដីអាក់ទិក មានផ្ទៃដីមួយចំនួនជាប់ប្រទេសដូចជា រុស្ស៊ី ហ្វាំងឡង់ អាមេរិក ស៊ុយអ៊ែត ន័រវេស អ៊ីស្លង់ ដេណឺម៉ាក និងកាណាដា ប៉ុន្តែប្រទេសដែលមានផ្ទៃដីជាប់តំបន់នេះវែងជាងគេ គឺប្រទេសរុស្ស៊ី ដែលមានប្រវែង២៤១៤០គីឡូម៉ែត្រការ៉េ ស្មើនឹង៤៤ភាគរយនៃតំបន់អាក់ទិកទាំងមូល។

តំបន់អាក់ទិកនេះ នៅតែចាត់ទុកថាជាតំបន់ដែលកាន់កាប់ដោយរុស្ស៊ី ដែលប្រេងឆៅជាង៤០ភាគរយ និងឧស្ម័នធម្មជាតិជាង៩០ភាគរយជារបស់រុស្ស៊ី បានទាញចេញពីតំបន់នេះ។

ចំណែកសហរដ្ឋអាមេរិក ដែលជាលោកខាងលិច មានប្រវែហជាប់តំបន់អាក់ទិកត្រឹមតែជាង៤០០០គីឡូម៉ែត្រក្រឡា ដែលជាផ្ទៃដីទាំងមូលរបស់រដ្ឋអាឡាស្កា ដែលមានប្រជាជនរស់នៅជាង៧០,០០០នាក់ តិចជាងប្រជាជនរុស្ស៊ី រហូតដល់ជាង២លាននាក់ ដែលអាចនិយាយបានថា រុស្ស៊ីមានឥទ្ឋិពលខ្លាំងណាស់នៅតំបន់អាក់ទិក ហើយកំពុងក្លាយជាចំណុចរសើបក្នុងតំបន់នេះ គឺផ្លួវនាវាចរណ៍៍៕

ក្រុមហ៊ុន OCIC ពន្លឿនការចាក់បំពេញដីលើទីក្រុងកោះនរាសម្រេចបាន ៨៥ភាគរយហើយ ខណៈសំណង់មួយចំនួនត្រៀមចាប់ផ្តើមសាងសង់

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងថា ការចាក់បំពេញដីនៅទីក្រុងកោះនរា សម្រេចបានប្រមាណ ៨៥ភាគរយហើយ ខណៈក្រុមហ៊ុន​មួយចំនូន បានត្រៀមចាប់ផ្តើមគំរោងរបស់ពួកគេបណ្តើរផងដែរ។

លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនកំពុងកសាងទីក្រុងរណបកោះនរា បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៩ សីហាកន្លងមកថា រហូតមកទល់ពេលនេះ ការចាក់ដីបំពេញលើទីក្រុង​ ដែលមានទំហំ១២៥ហិកតានេះ សម្រេចបានតាមផែនការហើយ ខណៈមានក្រុមហ៊ុនមួយចំនួន ដែលបានទិញដីលើគំរោងនេះបានត្រៀមសាងសង់គំរោងរបស់ពួកគេ។

លោកបន្តថា “នាពេលខាងមុខនេះ មានក្រុមហ៊ុនមួយចំនួននឹងសាងសង់អាគាររបស់ខ្លួនកំពស់ចន្លោះពី ៨ទៅ៩ជាន់ ប៉ុន្តែមិនទាន់មានគំរោងខុនដូ ណាមួយត្រៀមសាងសង់នៅឡើយទេ”។

លោកទូច សំណាង បានបន្តថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងនេះ មានសភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ ខណៈដែលស្ពានតភ្ជាប់រវាងទីក្រុងទាំងពីរ កំពុងសាងសង់យ៉ាងសកម្មផងដែរ។

ក្រុមហ៊ុន OCIC គ្រោងចំណាយទុន ប្រមាណ២៥០០លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋនានា នៅលើទីក្រុងកោះនរាថ្មីនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។

អ្នកឧកញ៉ាពុង ឃាវសែ ប្រធានអគ្ញនាយកក្រុមហ៊ុន OCIC បានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធការដ្ឋាន សាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងកោះនរាក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកន្លងមកថា នៅពេលទីក្រុងនេះ មានការអភិវឌ្ឍពេញលេញ នឹងអាចផ្តល់ផលចំណូលពន្ឋប្រមា​ណ២៥០លានដុល្លារប្រចាំឆ្នាំដល់រដ្ឋាភិបាល៕

ប្រទេសសិង្ហបុរីគ្រោងបើកផ្លូវហោះហើរដំបូងបង្អស់សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងរួច

ដោយៈសុខុម

សឹង្ហបុរី: ក្រុមការងារអន្តរក្រសួងដោះស្រាយបញ្ហាកូវីដ-១៩ នៃប្រទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ សីហា ថា ប្រទេសនេះ គ្រោងបើកផ្លូវហោះហើរដំបូងបង្អស់របស់ខ្លួន សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងរួច ជាមួយប្រទេសអាល្លឺម៉ង់ និងប្រទេសព្រុយណេ នៅថ្ងៃទី៨ ខែកញ្ញា ខាងមុខនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ក្រោមគម្រោងផ្លូវហោះហើរពិសេសនេះ អ្នកដំណើរចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូសដែលចាកចេញពីប្រទេសអាល្លឺម៉ង់ ឬប្រទេសព្រុយណេ អាចចូលមកប្រទេសសិង្ហបុរី បានដោយមិនចាំ​បាច់មានលិខិតបញ្ជាក់ថា អ្នកដំណើរនោះសម្រាកនៅតែផ្ទះ ដោយមិនបានចេញទៅណារហេតរហូតប៉ុន្មានថ្ងៃមុនពេលចេញដំណើរ។

ទោះជាយ៉ាងណា ពួកគេត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាល ដើម្បីរកវីរុសកូវីដ-១៩ ដែលរួមមានដូចជា ការធ្វើតេស្តមុនពេលចេញដំណើរ ក្នុងរយៈពេល៤៨ម៉ោងនៃការហោះហើរ ការធ្វើតេស្តពេលមកដល់នៅអាកាសយានដ្ឋាន Changi Airport និងការធ្វើតេស្តក្រោយពេលមកដល់៣ថ្ងៃ និង៧ថ្ងៃនៅគ្លីនិក ដែលត្រូវបានកំណត់ក្នុងប្រទេសសិង្ហបុរី។

ការខកខានមិនបានធ្វើតេស្តតាមលក្ខខណ្ឌតម្រូវ គឺជាបទល្មើសដែលអាចធ្វើចោទប្រកាន់បានក្រោមច្បាប់ស្តីពីជំងឺឆ្លង។ ក្រុមការងារអន្តរក្រសួងដោះស្រាយបញ្ហាកូវីដ-១៩ បានគូសបញ្ជាក់ថា អ្នកដំណើរដែលមិនគោរពតាមការណែនាំ នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កណាមួយ ដែលត្រូវបានកំណត់យក។

មនុស្សម្នាក់ត្រូវបានចាត់ទុកថា ចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូស គឺនៅរយៈពេល២សប្ដាហ៍ក្រោយ ពីពួកគេចាក់វ៉ាក់សាំងទាំង២ដូស មិនថាវ៉ាក់សាំង Pfizer វ៉ាក់សាំង Moderna ឬវ៉ាក់សាំងដទៃទៀត ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ដូចជាវ៉ាក់សាំង Sinovac និងវ៉ាក់សាំង AstraZeneca ជាដើម។
នេះមានន័យថា កុមារអាយុក្រោម១២ឆ្នាំ ដែលមិនអាចចាក់វ៉ាក់សាំង បាននៅឡើយ នឹងមិនអាចធ្វើដំណើរបានឡើយក្រោមគម្រោងនេះ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បាននិយាយថា ផ្លូវហោះហើរសម្រា​ប់អ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងរួចនេះ នឹងបើកស្វាគមន៍ការធ្វើដំណើរ សម្រាប់គ្រប់គោលបំណង មិនថាដំណើរកម្សាន្ត ដំណើរបំពេញកិច្ចការជំនួញ ឬដំណើរមកលេងក្រុមគ្រួសារឡើយ។

អ្នកដំណើរមិនចាំបាច់គោរពតាមកម្មវិធីធ្វើដំណើរ ដែលមានការគ្រប់គ្រងតឹងរ៉ឹង ឬត្រូវមានអ្នកធានាឡើយ ប៉ុន្តែពួកគេត្រូវស្នាក់នៅក្នុងប្រទេសសិង្ហបុរី ឬប្រទេសដែលពួកគេចាកចេញ ពោលគឺអាល្លឺម៉ង់ឬព្រុយណេ រយៈពេល២១ថ្ងៃចុងក្រោយជាប់ៗគ្នា មុនពេលពួកគេចេញដំណើរមកកាន់ប្រទេសសិង្ហបុរី។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានចេញសេចក្តីប្រកាសព័ត៌មានមួយថា ទន្ទឹមនេះ ពួកគេក៏ត្រូវធ្វើដំណើរឆ្ពោះត្រង់ មកកាន់ប្រទេសសិង្ហបុរី តាមផ្លូវហោះហើរដែលបានកំណត់ ដោយគ្មានការឈប់សំចតនៅតាមផ្លូវផដែរ៕

ប្រទេសចិនចាប់ផ្តើមសាកល្បងរថយន្តល្បឿនលឿនបំផុតក្នុងពិភពលោក

ដោយៈសហការី

ភ្នំពេញៈ មហាយក្សចិននឹងចាប់ផ្ដើមសាងសង់ខ្សែរសាកល្បង នៃរថភ្លើងល្បឿនលឿន ៨០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅខេត្ត Shanxi ភាគខាងជើងនៃប្រទេសឆាប់ៗនេះ។

ក្រោយសង់រួចរថភ្លើងនេះ នឹងក្លាយរថភ្លើង ល្បឿនលឿនជាងគេបំផុតនៅលើដីក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Global Times ចុះផ្សាយកាលពីថ្ងៃទី១៥ ខែសីហា។

ខ្សែសាកល្បងគឺជាផ្នែកមួយ នៃការងារមន្ទីរពិសោធន៍ សម្រាប់គម្រោងរថភ្លើងល្បឿ​​នលឿនដោយការប្រើកម្លាំងម៉ាញ៉េទិច ដែលអាចឱ្យរថភ្លើងរត់បានលឿនជាងយន្តហោះក្នុងល្បឿនផ្ទាល់ដី ប្រមាណ៨០០ ទៅ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមគំរោងដំណាក់កាលដំបូង នៃគម្រោងនេះនឹងធ្វើការសាកល្បង នៅលើផ្លូវដែកប្រវែង២ពាន់គីឡូម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនាឆ្នាំ២០២២។ ការតំឡើងឧបករណ៍សាកល្បង នឹងចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០២២។

ផ្លូវដែកសាកល្បងប្រវែង ១៥ គីឡូម៉ែត្រមួយទៀត នឹងត្រូវសាងសង់ក្នុងរយៈពេល ២ ឆ្នាំក្រោយ។

រថភ្លើងMagnetic Levitation ឬ Maglev គឺជាប្រព័ន្ធរថភ្លើង ដែលប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែររថភ្លើងអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ដែលធ្វើឱ្យរថភ្លើងនេះមានល្បឿនដល់ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

បើនិយាយឱ្យងាយយល់ រថភ្លើងនេះមានល្បឿនហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើងមិនមែនរត់លើផ្លូវនោះទេ។

គិតត្រឹមឆ្នាំ២០២០កន្លងមក ប្រទេសចិនមានបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់៣៨,០០០ គីឡូម៉ែត្រ តភ្ជាប់៩៥ភាគរយ នៃទីក្រុងសរុបក្នុងប្រទេសចិន។

បច្ចេកវិទ្យានៃរថភ្លើងឈ្មោះMaglev បានបញ្ជាក់ពីភាពឈានមុខគេ នៃប្រទេសចិនក្នុងពិភពលោកទាក់ទិននឹងការផលិតផ្លូវដែកល្បឿនលឿន៕

 

ក្រុមហ៊ុនលំដាប់យក្សជប៉ុនToyota កាត់បន្ថយផលិតកម្មទូទាំងពិភពលោក

ដោយសារបញ្ហា

ដោយៈសុខុម

តូក្យូ: ការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីDelta កំពុងតែបង្កចលាចល និងការភ័យខ្លាច នៅប្រទេសជាច្រើនក្នុងពិភពលោក ព្រោះវីរុសនេះមានភាពកាចសាហាវខ្លាំង និងងាយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បំផុត ហើយបានបង្កគ្រោះផ្ទួនៗទៅលើអាជីវកម្មនានា។

តួយ៉ាង ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp នឹងត្រូវកាត់បន្ថយផលិតកម្មរបស់ខ្លួនទូទាំងពិភពលោក សម្រាប់ខែកញ្ញា ខាងមុខនេះ រហូតដល់ទៅ៤០%ពីផែនការចាស់។ នេះបើយោងតាមសារព័ត៌មានជប៉ុនNikkei បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ សីហា នេះ។

យោងតាមសេចក្ដីរាយការណ៍ខាងលើបង្ហាញថា ការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta ដែលបានផ្ទុះឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក៏បានជះផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ការធ្វើលទ្ធកម្មរបស់ក្រុមហ៊ុននេះ លើគ្រឿងបន្លាស់រថយន្តផងដែរ។

នេះជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល និងជាសញ្ញាអវិជ្ជមានដែលបង្ហាញថា ការងើបឡើងនៃសេដ្ឋពិភពលោក ក៏ដូចជាថ្នាក់តំបន់កំពុងប្រឈម នឹងស្ថានភាពស្រពិចស្រពិល ហើយរដ្ឋាភិបាលនានា គប្បីចាត់វិធានការដោយប្រុងប្រយ័្នបំផុត និងរៀបចំផែនការអភិវឌ្ឍន៍ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ៕

ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨កំពុងឆ្ពោះទៅមុខ

ដោយៈសុជាតា

ភ្នំពេញៈ ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ និងប្លង់គោល និង ផែនការប្រើប្រាស់ដីក្រុង ស្រុក ខណ្ឌ និង ទីប្រជុំចំនួន១៧ និងផែនការប្រើប្រាស់ដីក្នុង ឃុំសង្កាត់ ចំនួន៨៧ ឃុំ សង្កាត់អង្គប្រជុំបានពិនិត្យ ផ្តល់ធាតុចូល និងអនុម័តប្លង់គោល ប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ កំពុងពិនិត្យដោយគណៈកម្មាធិការរៀបចំប្លង់គោលថ្នាក់ជាតិ។

ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ  មានចក្ខុវិស័យរៀបចំអភិវឌ្ឍន៍ ក្រុងព្រះសី​ហ​នុជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច  អភិវឌ្ឍន៍ ធុរកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍ប្រកបដោយរស់រវើក ឆ្លាត និង បរិយាប័ន្ន តាមរយៈការអភិវឌ្ឍ៦ចំណុចសំខាន់ៗ រួមមានទី១ ទីក្រុងទំនើបបៃតង ប្រកបដោយភាពច្នៃប្រឌិត រស់រវើក និង បរិស្ថានរស់នៅល្អប្រសើរ បំផុត។

ទី២. តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឍមណ្ឌល ហីរញ្ញវត្ថុ  និង មជ្ឍមណ្ឌលកំណើនជាតិ។ ទី៣. រមណីយដ្ឋានឆ្នេរ សមុទ្រ និង កោះដែលស្អាតបំផុតលើសកលលោក សម្រាប់ស្នាក់នៅ ទី៤. មជ្ឍមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ។ទី ៥. ច្រកចេញចូលអន្តរជាតិ និង ភស្តុភារកម្មជាតិ ដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងទី៦ ទីក្រុងគំរូក្នុងគ្រប់គ្រង និង អភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋរចនាសម្ពន្ធ បរិក្ខាទីក្រុង និង ផ្តល់ការងារសម្បូរបែប។

សេចក្តីប្រកាសព័ត៌មាននេះ បានបង្ហាញអោយដឹងថា ចក្ខុវិស័យឆ្នាំ ២០៣៨ នឹងរួមចំណែកលើកសម្ពស់សូចនាករ នៃការអភិវឌ្ឍតាមវិស័យ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕

ព្យាករណ៍: តម្លៃលំនៅដ្ឋានក្នុងប្រទេសអូស្ត្រាលី នឹងហក់ឡើងកាន់តែខ្ពស់នៅឆ្នាំ២០២១ និងឆ្នាំ២០២២

សុខុម

ស៊ីដនី: ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា តម្លៃផ្ទះនៅប្រទេសអូស្រ្តាលី នឹងហក់ឡើងកាន់តែខ្ពស់សនៅឆ្នាំនេះ និងឆ្នាំក្រោយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ សីហា នេះឱ្យដឹងថា អត្រាការប្រាក់ទាបមិនធ្លាប់មានសម្រាប់កម្ចីទិញផ្ទះ និងកង្វះនៃផ្គត់ផ្គង់ផ្ទះក្នុងទីផ្សារបានធ្វើឱ្យពលរដ្ឋមានលទ្ធភាពកាន់តែតិចនៅក្នុងការទិញផ្ទះ។

ចាប់តាំងពីវិបត្តិកូវីដ-១៩ ចាប់ផ្ដើមផ្ទុះមក ធនាគារកណ្ដាលអូស្រ្តាលី Reserve Bank of Australia បានទម្លាក់អត្រាការប្រាក់របស់ខ្លួនមកនៅកម្រិតទាបបំផុតមិនធ្លាប់មាន ហើយបានបញ្ចេញសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ជាហេតុជំរុញឱ្យទីផ្សារលំនៅដ្ឋាននៅអូស្ត្រាលី ដែលស្ថិតក្នុងចំណោមទីផ្សារលំនៅដ្ឋានថ្លៃបំផុតរបស់ពិភពលោកកាន់តែឡើងថ្លៃ។

តម្លៃផ្ទះបានហក់ឡើងជិតទ្វេដងនៅទូទាំងប្រទេសអូស្ត្រាលី និងបានហក់ឡើងលើសទ្វេដងនៅក្នុងទីក្រុងធំបំផុត២របស់ប្រទេសនេះ គឺទីក្រុងស៊ីដនី និងមែលប៊ន (Melbourne) ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៧-២០០៩ ប៉ុន្តែអត្រាប្រាក់ឈ្នួលអប្បបរមានៅមានកម្រិតទាបជាងឆ្ងាយណាស់។

លោកស្រី Sarah Hunter ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅ BIS Oxford Economics ដែលជាស្ថាប័នស្រាវជ្រាវ វិភាគ និងព្យាករណ៍ឧស្សាហកម្មឈានមុខគេរបស់ប្រទេសអូស្ត្រាលី បានលើកឡើងថា
“អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មាន និងទម្រង់ផ្សេងៗទៀតនៃការគាំទ្រគោលនយោបាយរូបិយវត្ថុបានជំរុញឱ្យអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះធ្លាក់ចុះទាបចាប់តាំងពីវិបត្តិកូវីដ-១៩ ចាប់ផ្ដើមផ្ទុះដំបូង។ កត្តានោះបានធ្វើឱ្យអ្នកទិញផ្ទះមួយចំនួនមានលទ្ធភាពច្រើនជាងមុន”។

ដោយធនាគារកណ្ដាលអូស្រ្តាលី និយាយថា អត្រាការប្រាក់ទំនងជាមិនកើនឡើងពីកម្រិតទាបស្ទើរតែ០%រហូតដល់ឆ្នាំ២០២៤ តម្លៃផ្ទះត្រូវបានព្យាករថានឹងហក់ឡើង១៧,០%នៅឆ្នាំនេះ និង៦,២%នៅឆ្នាំ២០២២។ នេះបើយោងតាមការស្ទង់មតិពីថ្ងៃទី១១-១៨ ខែសីហា ដែលទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើឡើងទៅលើអ្នកវិភាគទីផ្សារអចលនទ្រព្យចំនួន១២រូប៕