ក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់ឱ្យប្រើប្រាស់ “មណ្ឌលចត្តាឡីស័ក” សម្រាប់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា

ដោយ៖ សុខ ហេង
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹងជញ្ជូនបានអោយដងថា៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានរៀបចំ មណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយសម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការនិងបុគ្គលិកជាបើកិច្ច សន្យាក្រោមឱវាទក្រសួង ដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យ សម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានដែលខ្លួនកំពុងរស់នៅ
មណ្ឌលចត្តាឡីស័កនេះ ត្រូវបានរៀបចំឡើងត្រឹមត្រូវតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលដែលមានបំពាក់គ្រែស្នាក់នៅចំនួន៥០ មានបណ្ដា ទឹកស្អាត-អគ្គិសនី មានបន្ទប់អនាម័យសមរម្យ និងការផ្ដល់ជូនអាហារ០៣ពេល (ព្រឹក-ថ្ងៃ-ល្ងាច) ព្រមទាំងផ្ដល់ជូនការធ្វើតេស្តរហ័ស (Rapid Test) ដល់អ្នកធ្វើចត្តាឡីស័កតាមពេលវេលាដែលកំណត់ទៀងទាត់ផងដែរ។


សូមបញ្ជាក់ថា៖គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបាន រកឃើញអ្នកឆ្លងថ្មី 533 នាក់ទៀត ជាសះស្បើយ 632 នាក់ និងស្លាប់ 17 នាក់ ដោយ អ្នកឆ្លងសរុប= 87,723 នាក់
– អ្នកជាសះស្បើយសរុប= 83,298 នាក់
– អ្នកស្លាប់សរុប= 1,747 នាក់

តើវៀតណាម និងកម្ពុជាកំពុងឆ្ពោះទៅមុខដូចម្តេចដើម្បីផលិតថាមពលកកើតឡើងវិញ

ដោយៈសុខុម

ភ្នំពេញ: ប្រទេសជាច្រើននៅអាស៊ី កំពុងប្រជែងគ្នានៅក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដើម្បីសង្គ្រោះភពផែនដី តាមរយៈការងាកទៅផលិតថាមពលបៃតង ឬថាមពលកកើតឡើងវិញ ក្នុងគោលបំណងកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាស ដែលធ្វើឱ្យផែនដីកើនឡើងកម្ដៅ។

អាជ្ញាធរអគ្គិសនីកម្ពុជា (EdC) បានបង្ហាញពីផែនការ និងទិន្នន័យនៃថាមពល​របស់ខ្លួនថា ក្នុងឆ្នាំ២០២០ កន្លងទៅនេះ ប្រទេសកម្ពុជា ត្រូវការថាមពលអគ្គិសនី៤ពាន់មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពល ក្នុងស្រុកបានចំនួន២៩៦៥ម៉េហ្គាវ៉ាត់ និងនាំចូលពីប្រទេសជិតខាងប្រមាណ១ពាន់មេហ្គាវ៉ាត់បន្ថែម។  នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ jochjoch.com។

ដើម្បីបំពេញតម្រូវការថាមពលអគ្គិសនី ដែលកើនឡើងឥតឈប់ឈរ និងដើម្បីចូលរួមចំណែកជាមួយពិភពលោក នៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចូលទៅក្រុងបរិយាកាស រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការជំរុញ និងផ្ដល់គ្រឿងលើកទឹកចិត្ត សម្រាប់ការផលិតថាមពលអគ្គិសនី កកើតឡើងវិញតាមរយៈការអនុម័តគម្រោងទំនប់វារីអគ្គិសនី គម្រោងកសិដ្ឋានផលិតអគ្គិសនីដើរដោយបន្ទះសូឡា (Solar Farm) និងកសិដ្ឋានផលិតអគ្គិសនីដើរដោយកង្ហារខ្យល់ (Wind Farm) ជាដើម។

ខណៈនេះវៀតណាម ដែលប្រទេសក្បែរខាងជាប់របងជាមួយកម្ពុជា និងជាសមា​ជិកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងពិភពលោក ជាប្រទេសផលិតថាមពលកកើតឡើងវិញបានច្រើនបំផុត។ នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយកាលពីថ្ងៃពុធ ទី១៨ សីហា។

វៀតណាម កំពុងតែប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការផលិតថាមពលកកើតឡើងវិញដើម្បីបំពេញតម្រូវថាមពលអគ្គិសនី ដែលកំពុងតែកើនឡើងឥតឈប់ឈរ ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ឱ្យកាន់តែរឹងមាំប្រកបដោយនិរន្តរភាព។

ដោយមានឆ្នេរសមុទ្រយ៉ាងវែងអន្លាយ រួមជាមួយនឹងខ្យល់ធម្មជាតិ ដែលមានកម្រិតវិទ្យុសកម្មខ្ពស់ សម្រាប់ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ វាបានផ្ដល់អំណោយផលយ៉ាងខ្លាំង ដល់ប្រទេសវៀតណាម នៅក្នុងការងាកទៅផលិតថាមពលកកើតឡើងវិញដែលចំណាយដើមទុនតិច។

ប្រទេសវៀតណាម បានដាក់ចេញគោលនយោបាយផ្ដល់គ្រឿង លើកទឹកចិត្តនានាសម្រាប់ការផលិតថាមពលកកើតឡើងវិញ នៅក្នុងឆ្នាំ២០១៧ ក្រោយពីសង្កេតឃើញទីផ្សារមានសន្ទុះកើនឡើងខ្លាំង។ ជាលទ្ធផល ការផលិតថាមពលសូឡា (ពន្លឺព្រះអាទិត្យ) បានកើនឡើងយ៉ាងឆាប់រហ័សពី០% រហូតដល់១៦ជីហ្គាវ៉ាត់ (GWh) ក្នុងរយៈត្រឹមតែ៣ឆ្នាំ៕

តើរដ្ឋាភិបាលកម្ពុជាដាក់ទិសដៅអាទិភាពអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ដោយ សុជាតា

ភ្នំពេញៈ ស្របពេលដែលសង្គម សេដ្ឋកិច្ចសកលបន្តស្ថិត ក្នុងភាពមិនប្រាកដប្រជាខ្ពស់ ដោយការអូសបន្លាយនៃជំងឺកូវីដ ១៩ កម្ពុជាក៏អាចនឹងទទួលបាននូវកាលានុវត្តភាពមួយចំនួនវិញដែរ។

ការណ៍នេះអាស្រ័យលើសមត្ថភាព និងលទ្ធភាពកម្ពុជា ក្នុងការចេះបត់បែន និងតាមទាន់សភាពការណ៍ប្រែប្រួលក្នុងតំបន់ និងពិភពលោក ក៏ដូចជាការចេះប្រើប្រាស់លក្ខខណ្ឌអំណោយផលទាំងឡាយ សម្រាប់លើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច និង កែលម្អបរិស្ថានវិនិយោគ ដើម្បីទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច ដែលអាចនឹងហូរចេញពីតំបន់មានជម្លោះពាណិជ្ជកម្ម និងមានអស្ថេរភាពនយោបាយ ព្រមទាំងការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ចូលមកម្ពុជា។

ក្នុងន័យនេះការបោះជំហានលើគន្លងប្រក្រតីភាពថ្មី ផ្សារភ្ជាប់នឹងការផ្លាស់ប្តូរនិម្មា​បនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ព្រមទាំងការបន្តគ្រប់គ្រងផលប៉ះពាល់ នៃការរីករាលដាលជំងឺកូវដ១៩ គឺទិសដៅគោលនយោបាយចម្បង និងជាយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងឆ្នាំ ២០២២ និង ឆ្នាំបន្តបន្ទាប់។

អគ្គបណ្ឌីតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ការឈ្វេងយល់អំពីការកសាងក្របខណ្ឌក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រា​ប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ និង គ្រោងនឹងដាក់ចេញនូវ ផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ ១៩ សម្រាប់ ២០២១ ២០២៣ ក្នុងគោលបំណង អូសទាញកំណើនសេដ្ឋកិច្ចអោយត្រឡប់ទៅខិតជិត កំណើនសក្តានុពលប្រកចីរភាប និង បរិយាបន្ន តាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសលើមូលដ្ឋានឧស្សាហកម្ម រឹងមាំដែលមានសមត្ថភាពនាំចេញខ្ពស់  និងផ្សារភ្ជាប់កាន់ខ្លាំងក្លាជាមួយខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។

ផែនការអាទិភាពដែលបានដាក់ចេញរួមមានដូចជា ទី ១.ការស្តារឡើងវិញ ដោយកសាងមូលដ្ឋានរឹងមាំ សម្រាប់ស្តារសេដ្ឋកិច្ចអោយវិលទៅស្ថិតលើមាគ៌ា នៃកំណើនឡើងវិញ ទី២.ការកែទម្រង់ ដោយបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗ ជារចនាសម្ពន្ធដែលមានការធ្វើប្រសើរឡើងវិញនូវបរិយាកាស និង កិច្ចសម្រួលពាណិជ្ជកម្ម និងទី៣ ការកសាងភាពធន់ ដោយពង្រឹងការតៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ រឺស្ថានភាពស្រដៀងគ្នាដែលផ្ទុះឡើងនាពេលអនាគត ដោយផ្គោតលើការអភិវឌ្ឍប្រព័ន្ធ សុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មានប្រសិទ្ធិភាព។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមកញ្ចប់ថវិកាជិត១០០០លានដុល្លារអាមេរិក សម្រាប់ប្រយុទ្ឋជំងឺកូវីដ១៩ផងដែរ នៅឆ្នាំ២០២២ខាងមុខ ខណៈ​សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន៤,៨ភាគរយ៕

អ្នកឧកញ៉ាឡេង ណាវ៉ាតត្រាប្រកាសទិញផ្លែមៀនពីកសិករចំនួន១០០០តោនដើម្បី លក់ក្នុងផ្សាររបស់ខ្លួន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិបត្តិទីផ្សារមៀនឆ្នាំ២០២១នេះ ត្រូវដោះស្រាយជាបន្តបន្ទាប់ តាមរយៈគោលនយោបាយរបស់ពេលខ្លី របស់ប្រមុខរាជរដ្ឋាភិបាល ដោយសម្ដេចតេជោហ៊ុនសែន បានប្រកាសទិញពីកសិករ ដើម្បីចែកជូនដល់កងកំលាំងប្រដាប់អាវុធ ពេទ្យ និងមន្ត្រីរាជការ។

ថ្មីៗនេះក៏មានសប្បុរសជាច្រើន ក៏បានប្រកាសទិញមៀនពីកសិករ ដើម្បីសម្រួលបន្ទុកវិបត្តិទីផ្សារនេះដែរ ជាក់ស្ដែងអ្នកឧកញ៉ាឡេង ណាវ៉ាតា្របានប្រកាសទិញមៀនពីកសិករហូតដល់១០០០តោន ដើម្បីលក់ក្នុងផ្សារក្នុងតម្លៃខាតដើម។

បើតាមការប្រកាសរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រានៅថ្ងៃទី១៩សីហា ២០២១នេះឱ្យដឹងថា “ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់លោក”។ អ្នកឧកញ៉ាបន្តថា “ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំម្រេចជួយទិញមៀន ឬតាង៉ែន ចំនួន1000តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត្រា ដោយលក់ក្នុងតម្លៃខាតដើម។ ហើយខ្ញុំបាទទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុន និងកសិដ្ឋានធំៗនោះទេ”។

លោកបានប្រកាសថា ក្នុងផ្សារឡេង ណាវ៉ាត្រា គឺលោកលក់តែ១៩០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម និងបានអំពាវនាវឱ្យពលរដ្ឋកម្ពុជា ចូលរួមគាំទ្រមៀនរបស់ប្រជាកសិករកម្ពុជា ក៏ដូចជា ការជួយសម្រួលដល់ប្រជាពលរដ្ឋដាំមៀនផងដែរ ។

ជាមួយគ្នានេះ លោកសួន ជុំ សមាជិកក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន និងជាកសិករដាំមៀននៅប៉ៃលិនដែរនោះ បានឱ្យដឹងថា ការជួយទិញមៀនពីកសិកររបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាសប្បុរសជននៅកម្ពុជានាពេលនេះ វាបានជួយសម្រួលកសិករនិងការខាតបង់របស់កសិករនៅឆ្នាំនេះ ខណៈមៀនជាច្រើនអាចនឹងត្រូវចាក់ចោលទៅហើយ។

លោកបន្តថា “យ៉ាងណាវិធានការនេះ វាគ្រាន់តែជាវិធានការដោះស្រាយបញ្ហាទីផ្សារបន្ទាន់ប៉ុណ្ណោះ ដូច្នេះវាមិនអាចជាយុទ្ធសាស្ត្រយូរអង្វែងទេ តែលោកជឿថារដ្ឋាភិបាលលោកនឹងរកទីផ្សារសម្រាប់រយៈវែង ដល់ទីផ្សារមៀនកម្ពុជា ដូចជា ការរកទីផ្សារនៅប្រទេសជាដើម”៕

អ្នកជំនាញសេដ្ឋកិច្ចៈរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមនៅក្នុងការជំរុញ សេដ្ឋកិច្ចជាបន្តបន្ទាប់

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់ ប៉ុន្តែវិបត្តិកូវីដបានធ្វើឲ្យការងារមួយចំនួនជួបភាពរាំងស្ទះ។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១៨ សីហាកន្លងមកថា ដោយសារភាពចាំបាច់ និងឆន្ទៈក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈម ក្នុងសេដ្ឋកិច្ចជាបន្តបន្ទាប់ ដូចជា បញ្ហាអគ្គិសនី បញ្ហាទឹក បញ្ហាប ណ្តាញគមនាគមន៍ និងកាត់បន្ថយការិយាធិបតេយ្យជាដើម។

លោកបន្តថា “ការងារនេះបានធ្វើមួយដំណាក់ និងធ្វើតាមដំណាក់ៗ មិនអាចធ្វើភ្លាមបានភ្លាមនោះទេ ប៉ុន្តែខ្ញុំឃើញរដ្ឋាភិបាលមានឆន្ទៈមោះមុត ក្នុងការធ្វើកិច្ចការនេះ”។​លោកបន្តថា “អ្វីដែលលោកមោទនភាព គឺក្រុមការងារប្រយុទ្ឋប្រឆាំងជំងឺកូវីដ ពិសេស​ក្រុមការងារចាក់វ៉ាក់សាំង ដែលបានធ្វើយ៉ាងល្អ ដោយធ្វើការងារតាមបទបញ្ញត្តិ និងមាន​ការប្តេជ្ញាចិត្តខ្ពស់”។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា ទោះជាយ៉ាងណាការកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមនានាបានរងការរំខានខ្លះ ដោយសារការរីករាលដាលជំងឺកូវីដ១៩  ដែលវាជាបញ្ហាស្នូលមួយនៅកម្ពុជា និងជាបញ្ហាមួយដែលរារាំង ដល់កំណើនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បរិយាកាសវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរឡើងពីមួយឆ្នាំៗ ដោយរដ្ឋាភិបាល បានកាត់បន្ថយការិយាធិបតេយ្យ និងបានកែទម្រង់ជាបន្តបន្ទាប់ ពិសេ​សបានបង្កើតគោលនយោបាយថ្មីៗ ដែលលើកទឹកចិត្តដល់វិស័យឯកជន ទាំងអ្នកវិនិយោគជាតិ អន្តរជាតិ ដើម្បីបោះទុនវិនិយោគនៅកម្ពុជា។

លោកបន្តថា “ច្បាប់វិនិយោគថ្មីដែលអនុម័តនៅពេលខាងមុខ នឹងផ្តល់ការលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិជាមួយគោលនយោបាយ កាន់តែបើកចំហជាងមុន និងបង្កបរិយាកាសវិនិយោគកាន់តែល្អប្រសើរ ដល់អ្នកវិនិយោគជាតិ អន្តរជាតិ”៕

អ្នកឧកញ៉ាពុង ឃាវសែចង់ឱ្យពលរដ្ឋកម្ពុជាយកគំរូតាមចិនដើម្បីអភិវឌ្ឍន៍ប្រទេស

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ប្រជាជនចិនជាជនជាតិមួយពូកែធ្វើមុខជំនួញ និងមានសេដ្ឋកិច្ចរីកចម្រើ​នលំដាប់ពិភពលោកមួយផងដែរ នៅពេលបច្ចុប្បន្ននេះ សេដ្ឋីលំដាប់ប្រទេសកម្ពុជា អ្នកឧកញ៉ាពុង ឃាវសែដែលជាកូនកាត់ចិនផងដែរនោះ ជំរុញឱ្យពលរដ្ឋកម្ពុជាគួរមើលជនជាតិជាគំរូដើម្បីចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ។

អ្នកឧកញ៉ាបានមានប្រសាសន៍ នៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ កាលពីពេលថ្មីៗនេះឱ្យដឹងថា កាលពីដើមឡើយប្រទេសចិន ជាប្រទេសមួយរងទុក្ខលំបាកនិងក្រីក្រ ដូចជាសង្គ្រាមជាមួយប្រទេសកូរ៉េ សង្គ្រាមវៀតណាម និងជាពិសេ​សចិន បានជួបប្រទះនឹងគ្រោះមហន្តរាយធំ រហូតដល់ពលរដ្ឋចិនជាច្រើន អត់មានបាយហូប ប៉ុន្តែរហូតមកដល់បច្ចុប្បន្នចិន បានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២បន្ទាប់ពីអាមេរិក និងមានសន្ទុះសេដ្ឋកិច្ចកាន់តែខ្ពស់។

អ្នកឧកញ៉ាបន្តថា “អ្វីដែលធ្វើឱ្យប្រទេសចិនមានការរីកចម្រើន មកដល់ពេលនេះ គឺការអប់រំបណ្ដុះបណ្ដាល ធនធានមនុស្សរបស់គេអត់ឈប់ឈរឡើយ សូម្បីតែស្ថិតនៅក្នុងសម័យបដិវត្តន៍វប្បធម៌ ដែលឈានដល់ការបិទសាលាក៏ដោយ”។អ្នកឧកញ៉ាបន្តថា “ការសិក្សារបស់កូនចៅចិននៅសម័យនោះ មិនមែនសិក្សាចំណេះដឹងបច្ចេកទេសអ្វីនោះទេគឺគេសិក្សាខួរក្បាល គឺជំហរនយោបាយ ជាពិសេសការបណ្ដុះផ្នត់គំនិតនេះទៅកាន់យុវជន”។

អ្នកឧកញ៉ាបន្ថែមថា កាលពីដើមឡើយប្រជាជនចិននិយម ជិះកង់ធ្វើការណាស់ សូម្បីតែរដ្ឋមន្ត្រីក៏ជិះកង់ទៅធ្វើការដែរ ពីព្រោះចិនអត់ខ្ជះខ្ជាយ ។ក្រោយមកទៀតដោយសារតែប្រជាជនចិន ចាប់ផ្ដើមមានជីវភាពធូរធា គេក៏បានទិញម៉ូតូជិះវិញ ពីព្រោះគេគិតថាជិះកង់នាំខាតពេលដូច្នេះក៏ប្រើម៉ូតូជំនួស ហើយរហូតដល់ទសវត្សរ៍ទី៩០ និងឆ្នាំ២០០០ចិនក៏បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ប្រជាជនចិនក៏ចាប់ផ្ដើមមានជីវភាពធូរធាហើយក៏មានឡានជិះច្រើនគ្នា។

អ្នកឧកញ៉ាពុង ឃាវសែចង់សំដៅ ប្រជាជនចិនសុខចិត្តអត់ហូបរបស់ឆ្ងាញ់ៗ ដើម្បីសន្សំលុយទុកឱ្យកូនរៀន ទោះក្នុងមួយឆ្នាំរាប់ម៉ឺនយន់ក៏ចិនហ៊ានលះបង់ ដោយមិនត្រឹមតែអនាគតកូនរបស់គេទេ តែក៏សម្រាប់ប្រទេសជាតិរបស់គេដែរ។ យើងក្រលេកមកមើលចិននៅស្រុកខ្មែរមួយចំនួន ក៏ពូកែសន្សំណាស់ដែរ ឬហៅថាកំណាញ់ណាស់ មិនសូវហ៊ឺហារប៉ុន្មាននោះទេ សុខចិត្តហូបបាយជាមួយពងមាន់ពងទា តែទុកលុយឱ្យកូនទៅរៀននៅស្រុកក្រៅតម្លៃរាប់ម៉ឺនដុល្លារក៏មានដែរ ។

អ្នកឧកញ៉ាបន្ថែមថា “ចិនគេប្រកាន់នូវពាក្យស្លោកមួយ ទើបធ្វើឱ្យគេខ្លាំង ពាក្យស្លោកនោះ យុវជនខ្លាំងទើបប្រទេសខ្លាំង យុវជនមានទើបប្រទេសមាន យុវជនជាអនា​គតរបស់ប្រទេស”។ លោកបន្តថា “ពាក្យខ្លាំងក្នុងន័យនេះ មិនសំដៅលើខ្លាំងខាងវាយតប់នោះទេ តែត្រូវមានសុខភាពល្អកំលាំងមាំមួន ហើយមានក៏មិនសំដៅលើ មានលុយមានកាក់មានទ្រព្យដែរ សំដៅមានចំណេះដឹង មានសមត្ថភាពនិងមានការប្ដេជ្ញាខ្ពស់”។

អ្នកឧកញ៉ាពុង ឃាវសែបញ្ជាក់ថា ប្រទេសមួយចំនួននៅលើពិភពលោក ត្រូវការពេលវេលាដល់ជិត១០០ឆ្នាំក៏មានទំរាំ កសាងបានរីកចម្រើនតែចិន បានប្រើគោលនយោ​បាយត្រឹមត្រូវ និងប្រើពេលតែប្រមាណ៣០ ឬ៤០ឆ្នាំ ក៏ក្លាយជាប្រទេសមួយខ្លាំង នៅលើពិភពលោក ដូច្នេះកម្ពុជាក៏ជាប្រទេសមួយត្រូវផ្ដើមចេញពីពលរដ្ឋ ដើម្បីកសាងប្រទេសមួយដែលខ្លាំង ខណៈរដ្ឋាភិបាលយើងក៏រង់ចាំគាំទ្រជាស្រេច៕

រដ្ឋាភិបាលត្រៀមចេញបទបញ្ញត្តិថ្មីសំរាប់ពង្រឹងការគ្រប់គ្រងអគ្គិភ័យលើអាគារខ្ពស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលវត្តមានអាគារខ្ពស់ៗៗកំពុងកើនឡើងនៅកម្ពុជា ហានិភ័យក៏កើតមានផងដែរ ទាក់ទងនឹងបញ្ហាអគ្គិភ័យ ដែលបញ្ហានេះចាំបាច់ត្រូវគិតគូដោយរដ្ឋាភិបាល។

ឆ្លើយតបនឹងកង្វល់នេះ ក្រសួងមហាផ្ទៃកំពុងត្រៀមចេញបទប្បញ្ញត្តិថ្មី ដើម្បីពង្រឹងការគ្រប់គ្រង និងបង្ហាអគ្គិភ័យឱ្យមានប្រសិទ្ធភាពជាងមុន ពិសេសសម្រាប់សំណង់អគារខ្ពស់ និងសំណង់ដែលមានជាន់ក្រោមដី។

កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ Zoom កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ សេចក្ដីព្រាងសារាចរថ្មីនេះ ដោយមានទិសដៅពង្រឹងសមត្ថភាព ការងាររបស់ក្រុមបង្ការ និងពន្លត់អគ្គិភ័យ ទាំងក្រុមកាតព្វកិច្ច និងក្រុមស្ម័គ្រចិត្ត។

សេចក្តីព្រាងនេះ តម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវតែមានប្លង់បង្ការ និងពន្លត់អគ្គិភ័យ ក៏ដូចជាបង្កើតក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច ដែលអាចទាំងពន្លត់អគ្គិភ័យ និងសង្គ្រោះបឋមបាន សម្រាប់សំណង់អគាររបស់ខ្លួន។

លើសពីនេះ សេចក្តីព្រាងក៏បានសង្កត់ធ្ងន់ ទៅសំណង់អគារខ្ពស់ច្រើនជាន់ និងអគារដែលមាន ជាន់ក្រោមដី ដែលមានការប្រើប្រាស់បណ្ដាញចរន្តអគ្គិសនី ឧស្ម័នចំហេះសារធាតុងាយឆេះ និងងាយផ្ទុះ។

ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិវិញ ក៏តម្រូវបង្កើតក្រុមបង្ការ និងអន្លត់អគ្គិភ័យស្ម័គ្រចិត្ត នៅក្នុងភូមិ ឃុំ សង្កាត់ សហគមន៍ ផងដែរ៕

 

អ្នកសាងសង់គេហដ្ឋាននៅសហរដ្ឋអាមេរិចបន្តធ្លាក់ចុះ ជុំវិញការប្រឈមមុខ ការចង្វាក់ផ្គត់ផ្គង់

ដោយៈសុជាតា

ភ្នំពេញៈ អ្នកសាងសង់គេហដ្ឋាន នៅសហរដ្ឋអាមេរិចបានធ្លាក់ចុះ ជាងការរំពឹងទុកនៅខែកក្កដា ឆ្នាំនេះ ដែលជាសញ្ញានៃការកើនឡើងថ្លៃដើមនៃការសាងសង់ និង តម្លៃផ្ទះបន្តកើនឡើង កម្រិតលក្ខខណ្ឌទីផ្សារអចលនទ្រព្យ នៅត្រីមាសទីបីឆ្នាំនេះ។

យោងតាមរបាយការណ៍ចេញផ្សាយ ដោយនាយកដ្នានពាណិជ្ជកម្មកាលពីថ្ងៃពុធ បានបង្ហាញអោយដឹងថា លិខិតអនុញ្ញាតសម្រាប់សាងសង់បានធ្លាក់ចុះ ដែលបណ្តាលអោយមានកង្វះគេហដ្ឋាន នឹងធ្វើអោយតម្លៃឡើងថ្លៃ។ ចំនួនគេហដ្ឋានដែលអនុញ្ញាតអោយសាងសង់មិនទាន់ចាប់ផ្តើមកាលពីខែមុន មិនបានកត់ត្រាខ្ពស់ ចង្អុលបង្ហាញអោយអ្នកសាងសង់មានការស្ទាក់ស្ទើរ និងមិនយកគម្រោងថ្មី។

អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ លោក Mark  Vitner បានបញ្ជាក់បន្ថែមទៀតថា វាមិនមានសំណួរច្រើនទេ  ដែលថាការសាងសង់ផ្ទះ ត្រូវជួបបញ្ហាប្រឈមជាមួយនឹងតម្លៃផ្ទះកើនឡើងថ្លៃ កាត់បន្ថយតម្លៃសមរម្យ ដែលជំរុញអោយការធ្លាក់ចុះភាគរយ អ្នកប្រើប្រាស់ក្នុងគោលបំណងទិញផ្ទះថ្មី។

ចំនួនផ្ទះបានចាប់ផ្តើមធ្លាក់ចុះជិត៧ភាគរយ សម្រាប់កែសំរួលតាមរដូវកាលជាមួ​យនឹងចំនួន១,៥ឯកតាកាលពីខែមុន។ នេះបើប្រៀបធៀប នឹងចំនួនគេហដ្ឋានប្រ​មាណ​១,៦ សែន ៥ ម៉ឺន ឯកតា។

ក្រុមអ្នកសាងសង់គេហដ្ឋាន បានធ្លាក់ចុះនៅភាគខាងលិច ភាគឥសានពាក់កណ្តាលខាងលិច ប៉ុន្តែកើនឡើងនូវភាគខាងត្បូងប្រមាណ២.៥ ភាគរយ។

ការអនុញ្ញាតសម្រាប់ការសាងសង់អាគារគេហដ្ឋាន បានកើនឡើង២.៦ភាគរយទៅអត្រាជាង១,៦លានឯកតា។ ការអនុញ្ញាតគ្រួសារតែមួយបានធ្លាក់ចុះ ១.៧ ភាគរយ ប្រមាណ ១ លាន ៤ ម៉ឺន ៨ ពាន់ឯកតា។ ការអនុញ្ញាតសម្រាប់គ្រួសារចំរុះបានកើនឡើង ១១.២ ភាគរយជាមួយនឹង៥សែន៨ ម៉ឺ ៧ ពាន់ឯកតា បានឆ្លុះបញ្ចាំងពីតំរូវការខាងជួល ស្របពេលសេដ្ឋកិច្ចបានបើកដំណើរការឡើងវិញ។

យោងតាមរបាយការណ៍របស់សមាគមជាតិ អ្នកសាងសង់គេហដ្ឋានបានថ្ងៃអង្គារ បានបង្ហាញពីជំនឿទុកចិត្ត របស់អ្នកសាងសង់គេហដ្ឋានតែមួយ បានធ្លាក់ចុះអស់រយៈពេល១៣ខែ ពីព្រោះតែចំណាយថ្លៃដើមខ្ពស់ និងតម្លៃផ្ទះ កើនឡើងដែលបណ្តាលតំរូវការថយចុះ។

តម្លៃគេហដ្ឋានកើនឡើងខ្ពស់

ការចំណាយសាងសង់ខ្ពស់ នៅតែជាប្រឈមមុខ សម្រាប់តំរូវការគេហដ្ឋាននៅថ្ងៃអនាគត ស្របពេលដែលកង្វះពលកម្ម និងដីធ្លីបន្តកើនឡើង។ តំរូវការសម្រាប់គេហដ្ឋានបានបន្ទុះ ក្នុងអំឡុងវិបត្តិ Covid 19 ដោយសារតែ ជនអន្តប្រវេសន៍សែ្វងរកការិយាល័យ និង សាលារៀនពីទីក្រុងទៅកាន់តំបន់ជាយក្រុង និងតំបន់ប្រជាសាស្រ្តទាប។

សន្និធិនៃគេហដ្ឋានជាកម្មសិទ្ធិ រក្សាកម្រិតទាបដែលនាំអោយកំណើនប្រចាំឆ្នាំ ពីរខ្ទង់នៅតម្លៃផ្ទះ។

ប៉ុន្តែវិបត្តិ covid 19 ជាសាកល បានចាប់ផ្តើមប្រសើរឡើងវិញ ស្របពេលដែលអ្នកឆ្លងជំងឺនេះ បានធ្លាក់ចុះជាលំដាប់ ដែលអនុញ្ញាតអោយក្រុមហ៊ុនហៅកម្មករត្រឡប់មកការិយាល័យវិញនៅតំបន់ទីក្រុង និងសាលារៀនវិញ។

បើយោងតាមរបាយការណ៍របស់សមាគមកម្ចីធនាគារ បានបង្ហាញអោយដឹងថា ការដាក់ពាក្យស្នើសុំកម្ចីទិញផ្ទះ បានធ្លាក់ចុះកាលពីសប្តាហ៍មុន។

លោកOren  Klachkin អ្នកសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានលើកឡើងថា តំរូវការគេហដ្ឋានរឹងមាំ និង សនិ្នធិទាបនឹងលើកទឺកចិត្តអោយអ្នកកសាងគេហដ្ឋាន និងគាំទ្រការចាប់ផ្តើមសាងសង់ ប៉ុន្តែការចំណាយថ្លៃដើមខ្ពស់ និងវត្ថុធាតុដើមខ្ពស់ នឹងធ្វើអោយប៉ះពាល់សកម្មភាពសាងសង់។

លោកបន្តថា “យើងរំពឹងទុកថា នឹងមានកើនឡើងការសាងសង់គេហដ្ឋាន នៅត្រីមាសទីបី ឆ្នាំនេះ ដើម្បីឆ្លើយតបនឹងធ្លាក់ចុះត្រីមាសមុនប្រមាណ២ភាគរយ”៕

ប្រជាពលរដ្ឋសិង្ហបុរីដណ្តើមគ្នាសំរុកទិញអាផាតម៉ិនប្រភេទ BTO

ប្រជាពលរដ្ឋសិង្ហបុរីដណ្តើមគ្នាសំរុកទិញអាផាតម៉ិនប្រភេទ BTO

ដោយៈសុខុម

សិង្ហបុរី: ប្រជាពលរដ្ឋសឹង្ហបុរីបានដណ្តើមគ្នាទិញអាផាតម៉ិនប្រភេទ BTO បើទោះបីជាពិភពលោកកំពុងរងវិបត្តិជំងឺកូវីដ១៩ក្តី តម្រូវការលំនៅដ្ឋាន ក្នុងប្រទេសដែនកោះដ៏តូចមួយនេះនៅតែខ្ពស់ ដែលជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ នៅក្នុងតំបន់។

យោងតាមតួលេខពីក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (Housing and Development Board) កាលពីថ្ងៃពុធ ទី១៨ សីហា បានបង្ហាញថា តម្រូវការអាផាតម៉ិនប្រភេទ BTO (ផ្ទះដែលសាងសង់ក្រោយទទួលបានពាក្យស្នើសុំទិញ) នៅប្រទេសសិង្ហបុរី បានកើនឡើងគួរឱ្យកត់សម្គាល់នៅខែសីហានេះ។

ផ្អែកតាមទិន្នន័យចុងក្រោយបញ្ចេញ ដោយក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ នៅត្រឹមរសៀលថ្ងៃពុធ សប្ដាហ៍នេះបង្ហាញថា ការដាក់ពាក្យស្នើសុំទិញលំនៅដ្ឋានប្រភេទ BTO មានចំនួនជិត៥.០០០យូនីត។

ក្រុមប្រឹក្សានេះបានគូសបញ្ជាក់ថា អាផាតម៉ិនដែលមានតម្រូវការខ្ពស់ជាងគេបំផុត គឺយូនីត ដែលមាន៤បន្ទប់នៅតំបន់ Hougang ដោយមនុស្សជាង១១.៤០០នាក់បានដាក់ពាក្យស្នើសុំទិញអាផាតម៉ិនបែបនេះ ដែលមានត្រឹមតែចំនួន៤៥៩។ នោះមានន័យថា អ្នកដាក់ពាក្យស្នើសុំម្នាក់ៗ មានឱកាសត្រឹមតែ៤%ប៉ុណ្ណោះ ដែលអាចទទួលបានឱកាសទិញ១យូនីត។

ក្រុមប្រឹក្សាដដែលនេះបានលើកឡើងថា នេះគឺជាលើកទី១ ហើយដែលអាផាតម៉ិនប្រភេទ BTO បានកើនឡើងខ្ពស់បែបនេះ នៅក្នុងឆ្នាំ២០២១ នេះ៕

រឿង៤យ៉ាងដែលអ្នកត្រូវដឹងបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដូសទី៣

រឿង៤យ៉ាងដែលអ្នកត្រូវដឹងបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដូសទី៣

ដោយៈតារារះ

ភ្នំពេញៈ ការ​ចាក់​វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឺ​ជា​វិធានការ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងខ្លួនប្រភេទ Delta។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងជំរុញ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ កំពុងដំណើរការជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិករដ្ឋបាលរាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។

អ្នកធ្លាប់ចាក់វ៉ាក់សាំង២ដូសរួចមកហើយ និងមានបទពិសោធន៍ ចំពោះការចាក់វ៉ាក់សាំង និងផលរំខានក៏ដោយ ប៉ុន្តែ​សកម្មភាពប៉ុន្មាននេះ នៅតែជាតម្រូវការ និងត្រូវត្រៀមទុកជាមុន មុន​ពេល​ចាក់​វ៉ាក់សាំង​ដូសទី៣ ដែលមានដូចជា៖

ទី១ ត្រៀម​ទប់ទល់​ផល​រំខាន
ជាការធម្មតាទេ ក្រោយ​ចាក់​វ៉ាក់សាំងដូសណីមួយៗ​រួច រាងកាយ​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​មុខ​ម្ជុល វិល​មុខ​។ល។ ក្នុងករណីខ្លះ អ្នកចាក់ដូសទី៣ អាចរងផលរំខានខ្លាំង ជាងពេលចាក់ពីរដូសដំបូង ប៉ុន្តែ​នេះមិន​ជាអ្វី​គួរ​ឲ្យ​បារម្ភទេ ព្រោះវា​ជា​បញ្ហា​ទូទៅ ហើយ​អ្នក​អាច​លេប​ថ្នាំ​បំបាត់​ក្ដៅ​ខ្លួន​ ក្រោយ​ចាក់វ៉ាក់សាំង​បាន ក្នុង​ករណី​ឡើង​កម្ដៅ។

ទី២ ពាក់ម៉ាស
ការ​ពាក់​ម៉ាស​នៅ​តែ​ជា​វិធាន​ការ​ល្អ​មួយ ​ក្នុង​ការ​កាត់​បន្ថយ​ភាគរយ​ នៃ​ការ​ឆ្លង​កូវីដ-១៩ ឲ្យ​នៅកាន់តែ​ទាប។ ម៉្យាងទៀត ​នៅ​ពេល​ដែល​ដល់​កន្លែង​ចាក់​វ៉ាក់សាំង អ្នក​នឹង​ជួប​មនុស្ស​ច្រើន ជាហេតុ​​ចាំបាច់​ត្រូវ​ពាក់​ម៉ាស និង​បន្ត​រក្សា​គម្លាតជាប់ជានិច្ច។

ទី៣ ពាក់​អាវ​ដៃ​ខ្លី
អ្នក​ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​លើ​ស្មា​ ដូច​នេះ​ហើយ​គួរ​តែ​ពាក់​អាវ​ដៃ​ខ្លី រលុងៗ ងាយ​ស្រួល​ក្នុង​ការ​លាត់​ដៃ​អាវ​ ឲ្យ​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង។

ទី៤ ត្រៀមឧបករណ៍ជំនួយ
ឧបករណ៍ជំនួយ សំដៅដល់អាល់កុល ឬជែលទុកសម្រាប់បាញ់ នៅកន្លែងអង្គុយរង់ចាំ និងទុកប្រើលាងដៃផងដែរ ព្រោះថានៅកន្លែងចាក់វ៉ាក់សាំង ពុំមានសាប៊ូសម្អាតដៃនោះទេ។ រីឯរឿងសំខាន់មួយទៀត គឺដបទឹក ត្រូវមានជាប់ខ្លួនកុំខាន ទុកផឹកបំពេញជាតិទឹកឱ្យរាងកាយ ចៀសវាងស្រេកឬអាចដួលសន្លប់។

នៅថ្ងៃទី១៨ ខែ សីហាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា​ដូសទី៣ ឬដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅតាមកម្មវិធី និងទីកន្លែងដែលបានកំណត់។ ក្រៅពីនោះ ខេត្តមួយចំនួន នៅតាមព្រំដែនជាប់ប្រទេសថៃ ក៏បានចាក់ដូសទី៣ជូនមន្ត្រីជួរមុខ រួចរាល់ផងដែរ៕