ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ គម្រោងសាងសង់ផ្លូវជាតិលេខ២ គិតមកដល់ពេលនេះ សម្រេចបានការសាងសង់ប្រមាន៤៧,៩៥ភាគរយហើយ ខណៈផែនការនៃគម្រោងនេះ នឹងបញ្ចប់នៅអំឡុងដើមត្រីមាសទី២នៃឆ្នាំ២០២២។
ទន្ទឹមនឹងការស្ថាបនាផ្លូវនេះដែរ គេក៏បានឃើញគម្រោងវិនិយោគឯកជនជាច្រើនក៏បានលេចរូបរាងបន្តបន្ទាប់នៅតាមបណ្ដោយផ្លូវនេះ។
លោកហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ២ ចាប់ផ្ដើមពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្ដាលដល់អូរចំបក់ខេត្តតាកែវ មានប្រវែង៦២គីឡូម៉ែត្រ មកដល់ពេលនេះ សម្រេចបាន៤៧,៩៥ភាគរយ ហើយក្រុមហ៊ុនសាងសង់ ក៏កំពុងសម្រុកការសាងសង់ដើម្បីឱ្យបញ្ចប់ទៅតាមផែនការរបស់ខ្លួនផងដែរ ។
លោកបន្ត “គម្រោងផ្លូវជាតិលេខ២នេះ មានការយឺតយ៉ាវជាផែនការដែលក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយក្រសួង ហើយបញ្ហានេះក៏បណ្ដាលមកពីជំងឺរាតត្បាតនៃកូវីដ១៩ផងដែរ ដោយសារតែកម្មករ វិស្វករ និងបុគ្គលិកជំនាញ ក្នុងការសាងសង់ផ្លូវជាតិលេខ២មានពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលធ្វើឱ្យខ្វះកម្លាំងក្នុងការអនុវត្តការងារ”។
លោកបន្ថែមថា ក្នុងគម្រោងសាងសង់ មានផលប៉ះពាល់ផ្សេងទៀតដែរក្រៅពីបញ្ហាកូវីដ១៩ដូចជា ក្នុងការសាងសង់នៅទីតាំងមួយចំនួន បំពង់ទឹកស្អាតរបស់រដ្ឋ និងឯកជន បង្គោល ភ្លើងអគ្គិសនី ខ្សែកាបអុបទិក ក្នុងដី និងនៅលើដីរបស់ក្រុមហ៊ុននានា ការដោះស្រាយមានការយឺតយ៉ាវ ។
លោកថា ក្រសួងសាធារណការ នឹងជំរុញឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មថែមទៀត ដើម្បីឱ្យការងារសាងសង់បញ្ចប់ ទាន់ពេលវេលាតាមផែនការងារដែលបានកំណត់”។
លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានបញ្ជាក់នាពេលកន្លងមកថា គម្រោងផ្លូវនេះ ពិតជាមានការយឺតយ៉ាវជាងផែនការមែន ហើយនៅពេលចប់រដូវវស្សានេះ យើងនឹងជំរុញឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្របន្ថែមទៀត ដើម្បីព ន្លឿនការសាងសង់ឱ្យចប់ទៅតាមផែនការ ប៉ុន្តែការបញ្ចប់តាមផែនការរបស់ក្រុមហ៊ុនក៏ត្រូវតែមានគុណភាព ស្របតាមស្ដង់ដារដែរទើបយើងទទួលយក បើពុំនោះទេយើងនឹងមិនទទួលយកឡើយ។
ចាប់តាំងពីរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមអនុវត្តន៍គម្រោងសាងសង់ផ្លូវជាតិលេខ២មក ក៏បានឃើញថាធ្វើឱ្យសក្ដានុពល នៅតាមបណ្ដោយផ្លូវមួយនេះ កាន់តែទាក់ទាញសម្រាប់ការវិនិយោគផងដែរ ក្នុងនោះវិនិយោគិនជាច្រើន ក៏បានចាប់អារម្មណ៍ក្នុងការវិនិយោគលើលំនៅឋាននិងឧស្សាហកម្មផងដែរ។ ជាការកត់សម្គាល់គម្រោងៗមួយចំនួនក៏បានចាប់ផ្ដើមលេចរូបរាងជាបន្តបន្ទាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ជាពិសេសតំបន់នៅក្នុងទឹកដីនៃរាជធានីភ្នំពេញ៕