ដោយៈ សុផារី
ភ្នំពេញៈ យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈរាជក្រមលេខ នស/រកម/១០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងជំពូកទី៦ មាត្រា២៤។
តាមរយៈច្បាប់ថ្មីនេះ រាជរដ្ឋាភិបានកម្ពុជាលើកទឹកចិត្ត លើវិស័យនិងសកម្មភាពវិនិយោគចំនួន ១៩ មានដូចជា៖
១. ឧស្សាហកម្ម ដែលមានបច្ចេកវិទ្យាខ្ពស់ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍។
២. ឧស្សាហកម្មឬកម្មន្តសាល ថ្មីៗផ្ដល់តម្លៃបន្ថែមខ្ពស់មាននវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់។
៣. ឧស្សាហកម្ម បម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្មតំបន់និងសាកលលោក។
៤. ឧស្សាហកម្មគាំពារ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ឧស្សាហកម្មបម្រើអោយខ្សែច្រវ៉ាក់ផលិតកម្ម តំបន់ និងពិភពលោក ហ្នឹងឧស្សាហកម្មតភ្ជាប់បណ្ដាញផ្គត់ផ្គង់។
៥. ឧស្សាហកម្មគ្រឿងអគ្គិសនីនិងអេឡិចត្រូនិច
៦. ឧស្សាហកម្មគ្រឿងបន្លាស់បង្គំនិងតម្លើង
៧. ឧស្សាហកម្មមេកានិកនិងគ្រឿងម៉ាស៊ីន
៨. កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុកឬការនាំចេញ។
៩. សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព និងការអភិវឌ្ឍបណ្ដុំសហគ្រាសធុនតូចនិងមធ្យម សួនឧស្សាហកម្ម និងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
១០.ឧស្សាហកម្មទេសចរណ៍និងសកម្មភាពពាក់ព័ន្ធនឹងទេសចរណ៍
១១. ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
១២. ឧស្សាហកម្មឌីជីថល
១៣. ការវិនិយោគក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការជំរុញផលិតភាព។
១៤. ការវិនិយោគក្នុងវិស័យសុខាភិបាល
១៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
១៦. ការអភិវឌ្ឍក្នុងវិស័យឡូជីស្ទីក
១៧. ការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា។
១៨. ការវិនិយោគ ក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
១៩. វិស័យ និងសកម្មភាពវិនិយោគផ្សេងទៀត ដែលមិនមានចែងក្នុងច្បាប់នេះ ក្នុងករណីដែលរាជរដ្ឋាភិបាលមើលឃើញថា មានសក្តានុពលដល់ការអភិវឌ្ឍសង្គមសេដ្ឋកិ ច្ច។
វិស័យនិងសកម្មភាពវិនិយោគ ដែលមានចែងក្នុងមាត្រា២៤ នៃច្បាប់នេះដែលមិនស្ថិតនៅក្នុងបញ្ជីអវិជ្ជមាន ត្រូវទទួលបានការលើកទឹកចិត្តជាមូលដ្ឋានផ្នែកពន្ធដារ និង/ឬ ពន្ធដារទាំងស្រុងឬមួយផ្នែក ក្រោយទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីបញ្ជាក់ឋានៈជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ)។
សកម្មភាពវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធជ្រើសរើសការលើកទឹកចិត្ត ជាមូលដ្ឋានជាពីរជម្រើសនៅខាងក្រោម៖
ជម្រើសទី 1
- ការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី៣ឆ្នាំ រហូត៩ឆ្នាំទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង។ វិស័យនិងសកម្មភាពវិនិយោគ ព្រមទាំងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនឹងត្រូវកំណត់ ក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និងឬអនុក្រឹត្យ។ បន្ទាប់ពីផុតរយៈពេល លើកលែងពន្ធលើប្រាក់ចំណូល គ.ល.គ មានសិទ្ធិទទួលបានការលើកទឹកចិត្តឲ្យបង់ប្រាក់ លើប្រាក់ចំណូលតាមអត្រាកំណើន តាមពេលធៀបទៅនឹងទឹកប្រាក់ពន្ធត្រូវបង់សរុបដូចខាងក្រោម៖
២៥ ភាគរយសម្រាប់ពីរឆ្នាំដំបូង
៥០ ភាគរយសម្រាប់ពីរឆ្នាំបន្ទាប់នឹង
៧៥ ភាគរយសម្រាប់២ឆ្នាំចុងក្រោយ
- ទទួលបានការលើកលែងប្រាក់រំដោះពន្ធ លើប្រាក់ចំណូល ក្នុងកំឡុងពេលលើកលែងពន្ធលើប្រាក់ចំណូល។
- ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។
- ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែក នៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។
ជម្រើសទី២
- មានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈរំលស់ពិសេស ដូចមានចែងក្នុងបទប្បញ្ញត្តិស្ដីពីពន្ធដារជាធរមាន។
- មានសិទ្ធកាត់កងរហូតដល់២០០ភាគរយ លើចំណាយជាក់លាក់ផ្សេងទៀតសម្រាប់ រយៈពេលរហូតដល់៩ឆ្នាំ។ វិស័យនិងសកម្មភាពវិនិយោគ និងចំណាយជាក់លាក់ ព្រមទាំងរយៈពេលកាត់កងចំណាយ ត្រូវកំណត់ក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង និង/ឬអនុក្រឹត្យ។
- ទទួលបានការលើកលែងប្រាក់រំដោះពន្ធ លើប្រាក់ចំណូល ក្នុងរយៈពេលជាក់លាក់ណាមួយទៅតាមវិស័យ និងសកម្មភាពវិនិយោគ ដែលត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬអនុក្រឹត្យ។
- ទទួលបានការនៅកន្លែងពន្ធអប្បរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។
- ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត៕