រឿង៦យ៉ាងដែលអ្នកត្រូវស្វែងយល់ទាក់ទងនឹងការចាក់វ៉ាក់សាំងដូសទី៣

ដោយៈ សូរិយាវង្ស

ភ្នំពេញៈ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដសូសទី៣ ឬវ៉ាក់សាំងជម្រុញជាការការពារជំងឺកូវីដ១៩មួយផ្នែក បានប្រសិទ្ឋភាពតិច ឬច្រើនអាស្រ័យលើការអនុវត្តន៍វិធានការពារប្រចាំថ្ងៃរបស់ខ្លួន។

ហេតុនេះរឿងសំខាន់ៗចំនួន៦យ៉ាង ដែលលោក អ្នកគួរដឹងទាក់ទងនឹងវ៉ាក់សាំងដូសទី៣ ដូចជា ទី១ គេង​មិន​គ្រប់គ្រាន់​ លុះ​បើ​ដល់​ថ្ងៃ​ចាក់​នឹង​គ្មាន​កម្លាំង​ ហើយ​អាច​ឈឺថ្កាត់​ភ្លាមៗ​ មិន​អាច​ស្មាន​ដឹង​នោះ​ទេ។ នៅ​ពេល​​យើង​គេង ប្រព័ន្ធ​រាងកាយ​សំខាន់ៗ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង។

នៅ​ពេល​សម្រាក​មិន​បាន​ពេញ​ភ្នែក ​បេះដូង​ខួរក្បាល ​និង​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ទទួល​បាន​ការថែទាំ​គ្រប់គ្រាន់​ដូចគ្នា។ ទី២ អ្នក​ខ្លះ​ផឹក​ស្រា​ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ ជាតិ​ផ្អែម​ឲ្យ​ហើយ ​ខ្លាច​ពេល​ចាក់​ត្រូវ​តម​មិន​អាច​ហូប​បាន​តាម​ចិត្ត​ចង់។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ ការ​ហូប​គ្រឿង​ស្រវឹង ​ជាតិ​ផ្អែម​ច្រើនពេក ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​តាម​វិធី​ជាច្រើន។

ទី៣ អត់​ព្រម​ផឹក​វីតាមីន​បំប៉ន​រាងកាយ​មុន​ចាក់​ ចេះ​តែ​ខ្ជិល​ហីៗ​ ហើយ​មិន​ព្រម​ណែនាំ​ដល់​ក្រុម​មនុស្ស​ចាស់​ដូចគ្នា។

វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​របស់​អាមេរិក​​ បាន​និយាយ​ថាប្រសិន​បើ​អ្នក​ខ្វះ​វីតាមីន​ណា​មួយ នោះ​វា​មាន​ផល​ប៉ះពាល់​ ដល់​ភាព​ងាយ​នឹង​ឆ្លង​មេរោគ” ។ ទី៤ ទម្លាប់​ខ្លួន​នៅ​ឯកោ​និង​គិត​ច្រើន​ស្រ្តេស​ នាំ​ឲ្យ​ខូច​អារម្មណ៍ ​ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​លឿន។ ស្រួលៗ​ពេល​ចាក់​អាច​ទៅ​ជា​ភិតភ័យ ​ឬ​ថប់បារម្ភ​ភា្លមៗ​ក៏​មាន។

ទី៥ ដាច់ខាត​កុំ​ខ្ជិល​រឿង​ហូប​ទឹក​ ទោះ​មិន​ឃ្លាន​ឬ​អត់ ​វា​មិន​អាស្រ័យ​លើ​មាត់​និង​ក្រពះ ​តែ​រាងកាយ​ទៅ​វិញ​ទេ ​ដែល​ត្រូវការ​ចាំបាច់​ក្នុង​អំឡុង​ចាក់​វ៉ាក់សាំង និងទី៦ មួយទៀត ​កុំ​ភ្លេច​ខ្លួន​ទៅ​ឈរ​ហាល​ថ្ងៃ​ឲ្យ​សោះ ​ព្រោះ​មាន​មេរៀន​ជា​ច្រើន​ពី​មនុស្ស ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ ទៅ​ជា​ដួល​សន្លប់​ភ្លាមៗ​ ដោយសារ​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង៕

ក្រសួងសាធារណៈការកំពុងពន្លឿនបញ្ចប់ផែនការមេសាងសង់ផ្លូវដែកកម្ពុជា

ដោយៈតារារះ

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដោយត្រៀមដាក់ស្នើសុំឯកភាព ពីប្រមុខរាជរដ្ឋាភិបាលឆាប់ៗ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃសុក្រកន្លងមកថា យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា គឺដើម្បីឆ្លើយតបនឹងកំណើន នៃការដឹកជញ្ជូនកាន់ឡើងជាបន្តបន្ទាប់។

លោកបន្តថា “ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះ ក្រសួងយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកប្រព័ន្ធផ្លូវដែកនៅកម្ពុជា ឱ្យកាន់តែធំឡើង»។

លោកស៊ុន ចាន់ថុលបានបន្ថែមថា ការបង្កើនប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក មិនត្រឹមតែមានចំណាយទាបទេ តែក៏ជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផងដែរ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍ ត្រូវបានរៀបរៀងជិតរួចរាល់ហើយ ដោយក្រសួងគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាល សុំការឯកភាពនាពេលខាងមុខនេះ។

កម្ពុជាមានខ្សែផ្លូវដែកចំនួន២ខ្សែ ដោយខ្សែទី១ ពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ និងខ្សែទី២ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ កំពង់ផែទឹកជ្រៅនៃកម្ពុជា។ ផ្លូវដែកទាំង២ ខ្សែនេះ រដ្ឋាភិបាលបានធ្វើសម្បទានវិនិយោគ ទៅឲ្យក្រុមហ៊ុន Royal Railways ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group។

សកម្មភាពសាងសង់គំរោងធំៗរបស់ក្រុមហ៊ុនOCICថមថយល្បឿនប្រមាណ៥០ភាគរយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សកម្មភាពសាងសង់សំណង់លើគំរោងនានា របស់ក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក គឺក្រុមហ៊ុនOCICបានថមថយល្បឿនប្រមាណ៥០ភាគរយ ដោយសារវិបត្តិខ្វះកំលាំងពលកម្ម បណ្តាលមកពីជំងឺកូវីដ។

លោកម៉េង ចំរើនប្រធានគំរោងOlympia City ដែលស្ថិតនៅតំបន់ពាណិជ្ជកម្មក ណ្តាលក្រុងភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ការសាងសង់គំរោងOlympia City បានថមថយល្បឿន ដោយសារចំនួនកម្មករធ្លាក់ចុះចន្លោះពី៤០ទៅ៥០ភាគរយ។

លោកបន្តថា “វិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យយើងខ្វះកម្មករធ្វើការ ដោយសារពួកគាត់បារម្ភពីសុខភាពពួកគាត់ និងមួយចំនួនទៀតបានត្រលប់ ទៅកាន់ស្រុកកំនើតរបស់ពយកគាត់”។លោកបន្តថា “ការសាងសង់បានថមថយល្បឿន ប៉ុន្តែសំរាប់គំរោងដែលទទួលលុយពីអតិថិជនហើយ យើងនៅតែបន្តធ្វើតាមកាលវិភាគជាក់ស្តែង និងតាមកិច្ចសន្យាជាមួយអតិថិជន”។

ជាមួយគ្នានេះ អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានមានប្រសា​សន៍ដោយទទួលស្គាល់ថា គំរោងរបស់យើងបានផ្អាកសកម្មភាពមួយចំនួន និងមួយចំនួនទៀតបានថមថយល្បឿន ដែលបើគិតពីទំហំការងារអាចថយចុះ ក្នុងរង្វង់ប្រមាណ៥០ភាគរយ។

លោកបន្តថា “ការងារពិតជាប្រឈមមុខនឹងការលំបាក ព្រោះយើងខ្វះខាតកម្មករធ្វើការ ដោយសារវិបត្តិកូវីដ១៩”។

ក្រុមហ៊ុនOCIC កំពុងវិនិយោគគំរោងយក្សៗជាច្រើននៅកម្ពុជា ដូចជាទីក្រុងរណប​កោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ទីក្រុងកោះនរា គំរោងមជ្ឈមណ្ឌ​លពាណិជ្ជកម្ម និងលំនៅដ្ឋានOlympia Cityជាដើម៕

ក្រុមហ៊ុនអាមេរិកបរិច្ចាគឯកសណ្ឋានគ្រូពេទ្យជាង២លានសំរាប់ដល់កម្ពុជាស្របពេលវិបត្តិកូវីដ-១៩

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុននៅសហរដ្ឋអាមេរិក Oak Sourcing & Logistics (OSL) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងដឹកជញ្ជូនបានប្រកាស កាលពីថ្ងៃទី៥ ដើមខែសីហា ថា ខ្លួនបានបរិច្ចាគសណ្ឋានគ្រូពេទ្យជាង២លាន សម្រាប់ដល់ប្រទេសកម្ពុជា ដែលមានប្រជាជនប្រមាណជាង១៥លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន PRNewswire។

ការបរិច្ចាគទាំងនេះ ធ្វើឡើងស្របពេលករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងនៅទូទាំងប្រទេស។

យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជាបង្ហាញថា គិតត្រឹមថ្ងៃទី១៩ សីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានករណីឆ្លងសរុប៨៨.២៤២ករណី ករណីឆ្លងថ្មី៥១៩ករណី ករណីជាសះស្បើយសរុប៨៣.៨៥១ករណី (ថ្មី=៥៥៣ករណី) ករណីស្លាប់សរុប១.៧៦២ករណី (ថ្មី=១៥ករណី) ករណីនាំចូលពីក្រៅប្រទេសសរុប១៣.៨០៤ករណី (ថ្មី=១៨៥ករណី)។

លោក Brian Berkenbile នាយកគ្រប់គ្រងក្រុមហ៊ុន OSL មានប្រសាសន៍ថា “យើងរីករាយនឹងបរិច្ចាគឯកសណ្ឋាន ការពារកម្រិតខ្ពស់ (PPE) ដ៏ចាំបាច់ និងដ៏មានសារៈសំខាន់ទាំងនេះដល់ប្រទេសកម្ពុជា ខណៈប្រទេសនេះ កំពុងប្រឹងប្រែងដោះស្រាយការកើនឡើងករណីឆ្លង ករណីឆ្លងធ្ងន់ធ្ងរ និងករណីស្លាប់”។

លោកមានប្រសាសន៍បន្ថែមទៀតថា “ឯកសណ្ឋានគ្រូពេទ្យទាំងនេះ នឹងផ្តល់ជូនមន្ទីរពេទ្យនិងគ្លីនិកនានានូវសុវត្ថិភាពខ្ពស់ជាងមុន សម្រាប់ក្រុមគ្រូពេទ្យ ក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩”។

លោកវេជ្ជបណ្ឌិតស៊ូ ស៊ីផាន់ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TIDA) មានប្រសាសន៍ថា យើងសូមថ្លែងអំណរគុណក្រុមហ៊ុន Oak Sourcing & Logistics យ៉ាងជ្រាលជ្រៅ ចំពោះការបរិច្ចាគប្រកបដោយមនុស្សធម៌ ដល់ប្រទេសរបស់យើង ខណៈយើងកំពុងតែបន្តប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា “ឯកសណ្ឋានគ្រូពេទ្យទាំងនេះ មិនត្រឹមតែជួយឱ្យយើងមានលទ្ធភាព ផ្ដល់ការព្យាបាលកាន់តែប្រសើរ ជូនប្រជាពលរដ្ឋរបស់យើង ដែលកំពុងទទួលរងគ្រោះ ដោយការកើនឡើងនូវការរីករាលដាលវីរុសកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារសុវត្ថិភាព របស់ក្រុមគ្រូពេទ្យយើងផងដែរ ពេលពួកគាត់ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ”។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TIDA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

គម្រោងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេចលទ្ឋផលបាន៨០ភាគរយហើយ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ គម្រោងស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ដែលបើកការដ្ឋានសាងសង់កាលពីចុងខែមិថុនា២០១៨រហូតមកដល់នេះ ត្រឹមថ្ងៃទី២០ សីហា សម្រេចបាន៨០ភាគរយហើយ និងគ្រោងនឹងបញ្ចប់នៅចុងខែមីនា២០២២ ។នេះបើតាមការឲ្យដឹងពីលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

លោកបន្តថា “នៅពេលគម្រោងនេះបានបញ្ចប់ទាំងស្រុង វានឹងអាចកាត់បន្ថយបានការកកស្ទះចរាចរណ៍បាននៅតំបន់នោះបានច្រើន។ ស្ពាននេះទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លាអាមេរិក”។

លោកពិសិដ្ឋបានបន្តថា តាមកម្មវិធីការងារការដ្ឋាននេះ នឹងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ២០២២ខាងមុខ ខណៈស្ពានអាកាស និងផ្លូវក្រោមដីនេះក៏ត្រូវបានបើកអោយដំណើរជាបណ្តោះអាសន្ន នៃផ្នែកខ្លះហើយដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសដាក់ដំណើរការផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ ជូនប្រជាពលរដ្ឋបានធ្វើចរា​ចរណ៍ជាបណ្តោះអាសន្ន ហើយក្រោយពីដាក់ឱ្យដំណើរការផ្លូវក្រោមដី ជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្នឃើញថា ស្ថានភាពចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី មានលក្ខណៈល្អប្រសើរ ។ ផ្លូវក្រោមដីនេះ ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត៕

សំឡេងស្គរនិងជូងកងរំពងត្រូវបានបន្លឺដើម្បីឧទ្ទិសឲ្យពិភពលោករួចផុសពីជំងឺកូវីដ-១៩និងអំពើជួញដូរមនុស្ស

ដោយៈ តារា

ភ្នំពេញៈ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២០ ខែសីហានេះ សាសនាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរួមគ្នាបន្លឺសំឡេងស្គរ និងជូងកងរំពង ដើម្បីឧទ្ទិសឲ្យពិភពលោកបានរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស។

ក្រសួងធម្មការ និងសាសនាបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧មក គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) តែងបានសហការជាមួយក្រសួងធម្មការ មេដឹកនាំសាសនាធំៗនៅកម្ពុជា រៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើពិភ​ពលោក ទទួលបានសេចក្តីសុខ ចៀសផុសពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។

ថ្លែងបើកកម្មវិធីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានផ្អាកការជួបជុំទ្រង់ទ្រាយធំ កាលពីឆ្នាំ២០២០កន្លងទៅ ដើម្បអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហា នៃការរាតត្បាតជំងឺកូវីដ១៩ចូលក្នុងសហគមន៍។ នៅឆ្នាំ២០២១នេះ វិបត្តិកូវីដ១៩ នៅតែបន្តឆ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ក៏កំពុងត្រូវបានជនឆ្លៀតឱកាស ប្រើប្រាស់គ្រប់មធ្យោបាយ ទាញយកផលចំណេញពីស្ថានភាពដ៏លំបាកនេះ ។

សម្ដេចតេជោបញ្ជាក់ថា “រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាងទៀតប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកលកូវីដ១៩ តាមគ្រប់រូបភាព ទាំងការបង្ការទប់ស្កាត់ ការព្យាបាល និងការស្ដារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផលប៉ះពាល់”។

សម្ដេចតេជោបន្តថា ដូច្នេះការដាក់ប្រជាពលរដ្ឋ ឬអ្នកត្រឡប់មកពីតំបន់មានហានិភ័យ ឲ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬការបិទខ្ទប់តំបន់ ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬការផ្អាកឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាលនៃការរឹតបន្តឹងវិធានការការពា​រសុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាពឬការរើសអើង ដូចជនអគតិបង្កបញ្ហាមួយក្រុមដែលមាននិន្នាការប្រឆាំងផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់ បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីជំងឺឆ្លងរាតត្បាត ប្រកបដោយប្រសិទ្ធភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបន្តថា ទន្ទឹមនេះ បន្ទាប់ពីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិតសម្រេចតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តសម្រេចឲ្យបាននូវគោលដៅ ចាក់វ៉ាក់សាំងជូនកុមារ យុវវ័យពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ឲ្យបានមុនដំណាច់ឆ្នាំ២០២១ ដើម្បីបង្កើតភាពសាំ កាត់បន្ថយការចម្លងក្នុងសហគមន៍ ធ្វើឲ្យប្រជាជនយើងមានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

នាឱកាសនេះ សម្ដេចតេជោ ថ្លែងអំណរគុណ ចំពោះស្មារតីសាមគ្គី និងការជួយគ្នាក្នុងគ្រាលំបាក នៃបណ្ដាប្រទេសជាមិត្ត ដែលបានផ្ដល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេ​សសាធារណប្រជាមានិតចិន ជាប្រទេសឈានមុខគេក្នុងការផ្ដល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងការបញ្ជាទិញ ក៏ដូចជាប្រទេសជប៉ុន អង់គ្លេស និងអាមេរិក ដែលធ្វើឲ្យកម្មវិធីចាក់វ៉ាក់សាំង ប្រព្រឹត្តទៅលឿនជាការគ្រោងទុក។

សម្តេចតេជោក៏បានថ្លែងអំណរគុណ ដល់អង្គការដៃគូរអភិវឌ្ឍអន្តរជាតិ និងស្ថានតំណាងពីប្រទេសនានា ក្នុងសកលលោក ព្រមទាំងវិនិយោគិនបរទេស និងក្នុងស្រុកតែងតែនៅជាមួយកម្ពុជា សហការក្នុងស្ថានភាពដ៏លំបាកនេះ ។ ថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំង ក្រុមគ្រូពេទ្យ និងវិស័យនានា ជួយជ្រោមជ្រែងរាជរដ្ឋាភិបាលដោះស្រាយគ្រប់បញ្ហា និងគ្រប់ដំណាក់កាល ។

សម្ដេចតេជោបានអំពាវនាវជនរួមជាតិនៅបន្តរក្សា និងអនុវត្តនូវគោលការណ៍បង្កា​រទប់ស្កាត់ និងវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្ដល់ជូនដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសាំ ចៀសផុតពីការឆ្លងនៃជំងឺរាតត្បាតដ៏កាច់សាហាវនេះ៕

គម្រោងអភិវឌ្ឍន៍ខុនដូថ្មីៗនៅកម្ពុជាហាក់ស្ងប់ស្ងាត់ ប៉ុន្តែការលក់ខុនដូនៅតែដំណើរការ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ វិបត្តិកូវីដ១៩ នៅតែជាបញ្ហាអូសបន្លាយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាហើយវិស័យជាច្រើន នៅតែរងផលប៉ះពាល់ ជាក់ស្ដែងយោងតាមអ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាមើលឃើញថា ការអភិវឌ្ឍវិស័យខុនដូនៅកម្ពុជា រយៈពេលពីរបីខែចុងក្រោយនេះ មិនមានគម្រោងថ្មីត្រូវសាងសង់នោះឡើយ ពោលគឺនៅតែរក្សាគម្រោងចាស់ៗដដែល។

កញ្ញាគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodiaបានឱ្យដឹងថា សម្រាប់វិស័យខុនដូនៅកម្ពុជា ការទិញលក់នៅតែមានជាហូរហែដែរ នៅក្នុងរយៈពេលថ្មីៗនេះ ប៉ុន្តែសម្រាប់ការសាងសង់ថ្មីៗគឺមានការថមថយចុះ ។

កញ្ញាបន្តថា “ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ គឺផ្ដោតទៅលើអ្នកទិញក្នុងស្រុកច្រើន។ ដូច្នេះវាមានការប្រកួតប្រជែងច្រើន ហើយអ្នកអភិវឌ្ឍន៍ក៏បានរៀបចំជាកម្មវិធីបញ្ចុះតម្លៃនានា ដើម្បីទាក់ទាញអតិថិជន ក្នុងស្រុកទិញគម្រោងខុនដូរបស់ខ្លួន”។

កញ្ញាបានបន្តថា ទោះបីជាប្រជាជនកម្ពុជាចាប់ផ្ដើមងាក ទៅរស់នៅក្នុងខុនដូ និងមានការទិញខុនដូជាហូរហែក្ដី ប៉ុន្តែសម្រាប់ទីផ្សារខុនដូ នៅតែពឹងផ្អែកលើទីផ្សារក្រៅស្រុកដដែល ។ តម្រូវការទីផ្សារក្នុងស្រុក មានកំណើនយឺតយ៉ាវច្រើន ហើយដើម្បីផ្លាស់ប្តូរពីការរស់នៅផ្ទះជាប់ដី ទៅរស់នៅលើខុនដូរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវការពេលវេលាផងដែរ។

កញ្ញាកេសាបានបន្តថា “កាលពីមុនទីផ្សារខុនដូកម្ពុជា ហាក់មានការទិញលក់ច្រើន ជាពិសេសភ្ញៀវក្រៅស្រុក តែចាប់តាំងពីកូវីដ ភ្ញៀវក្រៅ ស្រុកមិនអាចចេញចូលក្រៅប្រទេសបាន ធ្វើឱ្យទីផ្សារលក់ខុនដូត្រូវថយចុះ និងពឹងទៅលើអ្នកក្នុងស្រុក ហើយខុនដូដែលអភិវឌ្ឍន៍នាពេលកន្លងមក ក៏ដើម្បីបំពេញតម្រូវការភ្ញៀវក្រៅស្រុក”។

កញ្ញាបន្តថា មួយរយៈពេលចុងក្រោយនេះ អ្នកអភិវឌ្ឍន៍ខុនដូភាគច្រើននៅកម្ពុជាក៏ជាវិនិយោគិនក្នុងស្រុកដែរ ខណៈគម្រោងមកពីខាងក្រៅ ក៏នៅតែមានតែចំនួនថមថយ ។ អ្នកវិនិយោគក្នុងស្រុក ផ្ដោតលើអ្នកទិញក្នុងស្រុកដូច្នេះ ដែលធ្វើឱ្យអ្នកទិញខុនដូជាជនជាតិខ្មែរបានកើនឡើង រហូតដល់ពី៤០ ទៅ៥០ភាគរយ ក្នុងចំណោមអតិថិជនទិញខុនដូនៅពេលបច្ចុប្បន្ននេះ ។

ជាមួយគ្នានេះ លោករិន ចន្ទរឹទ្ធប្រធានក្រុមហ៊ុនDNZ Realty ក៏បានលើកឡើងពីទីផ្សារខុនដូឆ្នាំ២០២១នេះ ដោយបានថមថយមួយកម្រិត ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ក្នុងសហគមនួ២០កុម្ភៈ២០២១មក ។

លោកបន្តថា “កាលពីមុនផ្ទុះជំងឺក្នុងព្រឹត្តិការណ៍សហគមន៍  អតិថិជនអាចជួបជាមួ​យអ្នកលក់ និងអាចបង្ហាញគម្រោងផ្ទាល់ៗទៅអតិថិជន តែចូលដល់ព្រឹត្តិការណ៍សហគមន៍ ការជួបគ្នាត្រូវបានកាត់បន្ថយ និងធ្វើតាមអនឡាញ និងតាមទូរសព្ទប៉ុណ្ណោះដូច្នេះហើយទើបធ្វើឱ្យការលក់ត្រូវថមថយខ្លះ”៕

រដ្ឋមន្រ្តីសាធារណៈការបញ្ជាក់ពីវឌ្ឍនភាពគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន១២ ដែលកំពុងដំណើរការ និងត្រៀមដំណើរការនៅកម្ពុជា

ដោយៈតារារះ

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានបង្ហាញរបាយការណ៍បូកសរុប បច្ចុប្បន្នភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ១២ គម្រោង នៅកម្ពុជា ដែលបាននិងកំពុងសាងសង់ និងត្រៀមដំណើរការសាងសង់​នៅកម្ពុជា។

គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា រួមមាន ទី១) បញ្ចប់ការចរចាជាមួយក្រុមហ៊ុន ម៉ៅការសាងសង់រួចហើយ លើគម្រោងស្ពានក្រចេះ-កំពង់ធំ គ្រោងនឹងបើកការដ្ឋាននៅចុងឆ្នាំនេះ។ ទី២) ចុះកិច្ចសន្យាសាងសង់រួចហើយ លើគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៤១ ផ្លូវលេខ៣១ និងផ្លូវជាតិ​លេខ៣៣ បច្ចុប្បន្នកំពុងរង់ចាំរៀបចំបើកការដ្ឋានសាងសង់ឆាប់ៗ។ ទី៣ ក្រសួងបាន និងកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ។ ទី៤) ក្រសួង និងឯកជានបានបញ្ចប់ការសិក្សារួចរាល់លើគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-ខេត្តកំពង់ធំ។

ទី៥) ក្រុមការងារបានបញ្ចប់ការសិក្សាជាស្ថាពរលើ គម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប ប្រវែង៧២គម  ទី៦) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេ​ញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥ភាគរយ គ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២២ ទី៧) ក្រសួងកំពុងសិក្សាគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ដោយលើគោលការណ៍កសាងប្រតិបត្តិផ្ទេរ(BOT) ទី៨) ក្រុមការងារបានបញ្ចប់ គម្រោងសាងសង់ផ្លូវ៣៤ខ្សែនៅ ក្រុងព្រះសីហនុរួចរាលើ។

ទី៩) គម្រោងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប សម្រេចបានប្រមាណ៧០% គ្រោងបញ្ចប់នៅចុងឆ្នាំនេះ។ ទី១០) ក្រសួងកំពុងរៀបចំបញ្ចប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ហើយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលឯកភាពឆាប់ៗ។ ទី១១) គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុ ដើរទៅមុខដោយរលូន ដែលអាចអនុញ្ញាតឱ្យនាវាចំនួន៩៣% នៅ តំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតបាន  និងទី១២) ក្រសួងគ្រោងពង្រីកសមត្ថភាពកំពង់ផែ មួយចំនួនរួមមា៖ កំពង់ផែខេត្តកំពត កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែទន្លេផ្សេងទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង នៃការដឹកជញ្ជូនតាមផ្លូវទឹក៕

 

អារ៉ាប៊ីសាអូឌីតខ្ជះខ្ជាយអាហារក្នុងមួយឆ្នាំៗគិតជាទឹកប្រាក់សរុបរហូតដល់ ទៅជាង១០ពាន់លានដុល្លារ

ដោយៈសុខុម

ក្រុងរីយ៉ាដ:  មានពាក្យដ៏ចាក់ដោតមួយឃ្លាលើកឡើងថា “អ្នកមានស៊ីរើស អ្នកក្ររើសស៊ី “! ជាការពិតណាស់ វាជាតថភាពឆ្លុះបញ្ចាំងពីសង្គម ដែលប្រទេសខ្លះក្រខ្សត់រកអ្វីបរិភោគសឹងតែមិនបាន ខណៈប្រទេសខ្លះទៀតសម្បូរហូរហៀរ មិនខ្វះអ្វីបរិភោគ ហើយពេលខ្លះថែមទាំងខ្ជះខ្ជាយឱ្យស្ដាយទៀតផង។

តួយ៉ាង ការខ្ជះខ្ជាយចំណីអាហារ កំពុងធ្វើឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានប្រជាជនត្រឹមតែជាង៣៤លាននាក់ ខាតបង់ថវិកាច្រើនរហូតដល់ទៅ១០,៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ សីហា។

ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរដ្ឋ Saudi Press Agency លោក Abdul Rahman Al-Fadhli រដ្ឋមន្ត្រីកសិកម្ម និងជាប្រធានអង្គការធញ្ញជាតិអារ៉ាប៊ីសាអូឌីត ឬ Saudi Grains Organization បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការបង្កើតយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយចំណីអាហារ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ទៅលើសុខភាព បរិស្ថាន និងសេដ្ឋកិច្ចផងដែរ។

នៅមុននេះ អង្គការ Saudi Grains Organization បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីលើកកម្ពស់ការកាត់បន្ថយការខ្ជះខ្ជាយចំណីអាហារ ដែលស្របតាមគំនិតផ្តួចផ្តើមផ្លាស់ប្ដូរថ្នាក់ជាតិ។

អារ៉ាប៊ីសាអូឌីត ជាប្រទេសធំបំផុតនៅតំបន់មជ្ឈិមបូព៌ា (Middle East) និងជាប្រទេសធំបំផុតទី២ នៅក្នុងពិភពអារ៉ាប់។ ប្រទេសដែលជាស្ដេចរ៉ែប្រេង និងឧស្ម័នហ្គាសនេះមានព្រំដែនជាប់ជាមួយប្រទេសជាច្រើន ដូចជា ហ្ស៊កដានី អ៊ីរ៉ាក់ កូវែត កាតា បារ៉ែន អារ៉ាប់រួមអេមីរ៉ាត អូម៉ង់ និងយេម៉ែន៕

រដ្ឋមន្រ្តីសាធារណៈការៈ គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤នៅតែបន្តការសិក្សានៅឡើយ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ គម្រោងក្រវ៉ាត់ក្រុងទី៤ ដែលរដ្ឋាភិបាលបានចាប់ផ្ដើមសិក្សាតាំងពីឆ្នាំ២០១៨មករហូតមកដល់ពេលនេះ មិនទាន់បញ្ចប់ការសិក្សានៅលើយ និងបន្តសិក្សាបន្តទៀត ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុល ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ នៅថ្ងៃទី១៩ សីហា ២០២១កន្លងទៅនេះ។

កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់លើកឡើងថា គម្រោងសិក្សាសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលនៅឡើយ បន្ទាប់ពីក្រុមហ៊ុនឯកជនបានសិក្សាចប់សព្វ កាលពីឆ្នាំ២០២០កន្លងទៅ។

លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងដែរថា ក្រសួងមិនទាន់មានផែនការ ចាប់ផ្តើមការដ្ឋាននៅឡើយទេ ទោះក្រុមហ៊ុនបានបញ្ចប់ការសិក្សារួចក្ដី។

ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន សិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ នេះ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយក្រុមហ៊ុនទើបតែបានសិក្សាចប់សព្វគ្រប់នៅខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ ។

តាមលទ្ធផលសិក្សាកាលពីខែតុលា ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ មានប្រវែង១៩៥គីឡូ​ម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក ។

លោកស៊ុន ចាន់ថុលបានលើកឡើងផងដែរថា ទោះបីស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ តែកម្ពុជានៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាច្រើនខ្សែទូទាំងប្រទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងកាត់ ជាក់ស្ដែងរដ្ឋាភិបាលបានស្ថាបនាផ្លូវតភ្ជាប់ពីភ្នំពេញ ទៅបណ្ដាខេត្តនិងផ្លូវក្នុងខេត្ត ដែលមានសក្ដានុពលជាច្រើនទៀតដោយបានប្រើប្រាស់ថវិកាសន្សំ របស់រាជរដ្ឋាភិបាលកន្លងមក៕