តើវ៉ាក់សាំងចិនធ្វើឱ្យបាត់បង់ទំនុកចិត្ត ខណៈអាមេរិកហក់ចូលក្ដោបក្ដាប់ទីផ្សារ វ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍

ដោយៈសុខុម

សឹង្ហបុរី: ជាការពិតណាស់ថា ការមកដល់នៃវ៉ាក់សាំងចិន បានចូលរួមចំណែកយ៉ាងធំធេង នៅក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ នៅតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែពេលនេះ ប្រទេសជាច្រើននៅទូទាំងតំបន់ កំពុងងាកចេញពីវ៉ាក់សាំងចិនយ៉ាងរហ័ស ដើម្បីស្រវាឈោងចាប់វ៉ាក់សាំងដែលផលិតដោយលោកខាងលិច។

យោងតាមសារព័ត៌មានបរទេស Business Times ដែលចុះផ្សាយនៅថ្ងៃសៅរ៍ ទី២១ សីហា នេះឱ្យដឹងថា ពលរដ្ឋនៅប្រទេសថៃ ដែលបានចាក់វ៉ាក់សាំងចិន Sinovac ដូសទី១ ពេលនេះត្រូវបានផ្ដល់វ៉ាក់សាំងអង់គ្លេស AstraZeneca ជំនួសវិញសម្រាប់ដូសទី២ ក្រោយចាក់ដូសទី១បាន៣ ទៅ៤សប្តាហ៍។

ទន្ទឹមនេះ នៅប្រទេសឥណ្ឌូនេស៊ី ក្រុមការងារដោះស្រាយបញ្ហាកូវីដ-១៩ កំពុងរៀបចំចាក់វ៉ាក់សាំង អាមេរិកModerna សម្រាប់ដូសទី៣ ដែលជាដូសជំរុញឱ្យក្រុមគ្រូពេទ្យដែលទទួលវ៉ាក់សាំងចិន Sinovac ចំនួន២ដូសរួចហើយ។

ដោយឡែក រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីបានប្រកាសថា ប្រទេសនេះនឹងឈប់ប្រើប្រាស់វ៉ាក់សាំងចិន Sinovac តទៅទៀត នៅពេលអស់ស្តុកចាស់។ ហើយសូម្បីតែប្រទេសកម្ពុជា ដែលជាមហាមិត្តដែកថែបរបស់មហាយក្សចិន ក៏បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងអង់គ្លេស AstraZeneca សម្រាប់ដូសទី៣ ដែលជាដូសជំរុញដើម្បីចាក់ឱ្យក្រុមគោលដៅជួរមុខដែលចាក់វ៉ាក់សាំងចិន Sinovac និង Sinopharm  ២ដូសរួចផងដែរ។

នេះសរបង្ហាញឱ្យឃើញថា មានប្រទេសកាន់តែតិចទៅៗ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលផលពីការទូតវ៉ាក់សាំងរបស់មហាយក្សចិន ស្របពេលតំបន់ដែលមានប្រជាជនសរុបជាង៦៥០លាននាក់នេះ បាននិងកំពុងងាកទៅស្រវា ឈោងចាប់វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុននានា នៅលោកខាងលិច ដូចជា វ៉ាក់សាំងដែលផលិតដោយសហរដ្ឋអាមេរិក អង់គ្លេស និងរុស្ស៊ី ជាដើម។

ប្រទេសមួយចំនួន ក្នុងចំណោមប្រទេសទាំងនេះ មានចំនួនករណីឆ្លងកូវីដ-១៩ កើនឡើងលឿនបំផុតនៅលើពិភពលោក បើទោះបីជាប្រទេសទាំងនោះ បានសម្រុកចាក់វ៉ាក់សាំងចិន បានច្រើនហើយយ៉ាងណាក្ដី។

សូម្បីនៅវៀតណាម ដែលជាប្រទេសក្បែរខាងរបស់កម្ពុជា ក៏ពលរដ្ឋបានរិះគន់ខ្លាំងៗចំពោះការចាក់វ៉ាក់សាំងចិនផងដែរ ដោយនិយាយថា ពួកគេមិនជឿជាក់លើគុណភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន សូម្បីតែបន្តិច។

ខណៈប្រទេសកាន់តែច្រើន ងាកចេញពីវ៉ាក់សាំងចិន ជំនួយវ៉ាក់សាំងពីសហរដ្ឋអាមេរិក បានផ្តល់ឱកាសឱ្យប្រទេសមហាអំណាចទី១ របស់ពិភពលោកមួយនេះស្តារឡើងវិញ នូវទំនាក់ទំនងក្នុងតំបន់ ដែលមន្រ្តីអាមេរិកភាគច្រើន មិនបានអើពើជាច្រើនឆ្នាំមកហើយ ខណៈមហាយក្សចិន ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។

រដ្ឋការលោក ចូ បៃឌិន បានបញ្ជូនក្រុមមន្រ្តីជាន់ខ្ពស់ រួមទាំងលោកស្រីអនុប្រធា​នាធិបតី Kamala Harris ផងដែរ មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងទំនាក់ទំនងការទូតឡើងវិញ។ សហរដ្ឋអាមេរិក ក៏បានប្ដេជ្ញាផ្ដល់វ៉ាក់សាំងរបស់ខ្លួន ដល់តំបន់នេះផងដែរ ដោយសង្កត់ធ្ងន់ថា ការចែកចាយវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ប្រមាណ២០លានដូសធ្វើឡើងដោយមិនភ្ជាប់លក្ខខណ្ឌអ្វីទាំងអស់។

ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា ទំនងជាចង់ផ្លែផ្កាឱ្យមហាយក្សចិន៕

អ្នកវិនិយោគចាប់ផ្តើមអភិវឌ្ឍខុនដូ ដោយងាកចេញពីតំបន់កណ្ដាលក្រុង

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បើនិយាយអំពីការអភិវឌ្ឍខុនដូកាលពីប៉ុន្មានឆ្នាំមុន គេសំដៅលើតំបន់បឹងកេងកង នៃខណ្ឌបឹងកេងកង និងតំបន់កោះពេជ្រនៃខណ្ឌចំការមន ប៉ុន្តែមកដល់ពេលនេះ ការអភិវឌ្ឍខុនដូ ក៏ចាប់ផ្ដើមងាកទៅតំបន់ផ្សេងក្រៅពីតំបន់ទាំងនេះ ។

តើតំបន់ណាដែលបាន និងកំពុងមានសក្ដានុពល ក្នុងការអភិវឌ្ឍខុនដូនៅរាជធានីភ្នំពេញ?

ឆ្លើយសំណួរនេះ កញ្ញាគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE បានឱ្យដឹងកាលពីម្សិលម៉ិញនេះថា ពីមុនការអភិវឌ្ឍ ខុនដូ គឺមានការប្រមូលផ្ដុំនៅតំបន់កណ្ដាលរាជធានី ដូចជា តំបន់បឹងកេងកង១ បឹងកេងកង២ នៃខណ្ឌបឹងកេងកង និងខណ្ឌចំការមន ដោយសារតែពីមុនខុនដូ គឺសំដៅលើអតិថិជន ជាជនបរទេស ហើយជនបរទេសគឺចូលចិត្តរស់នៅ តំបន់កណ្ដាលក្រុង និងមានអ្វីៗគ្រប់យ៉ាង ។

កញ្ញាបន្តថា “ដោយសារតែតំបន់នេះ មានតម្លៃដីធ្លីកាន់តែឡើងថ្លៃ ហើយការអភិវឌ្ឍខុនដូនៅកម្ពុជានាពេលនេះ ក៏ផ្ដោតទៅលើអ្នកទិញជាអ្នកក្នុងស្រុក ដូច្នេះអ្នកអភិ​វឌ្ឍន៍ ក៏ត្រូវរកទីតាំងណាដែលមានតម្លៃសមរម្យ សម្រាប់អភិវឌ្ឍន៍ខុនដូតម្លៃសមរម្យដូចគ្នា ដើម្បីផ្គត់ផ្គង់ទៅកាន់អតិថិជនក្នុងស្រុក”។ កញ្ញាបន្តថា “នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខ្ញុំមើលឃើញថាមិនសូវមានគម្រោងថ្មីៗចេញមកទេ ហើយបើមានគម្រោងថ្មី​ៗមែន ក៏ជាគម្រោងដែលងាកចេញពីតំបន់កណ្ដាលក្រុង ដូចជា ទៅអភិវឌ្ឍន៍នៅខណ្ឌទួលគោក ខណ្ឌមានជ័យ ពីព្រោះដីនៅកណ្ដាលក្រុង ក៏ចាប់ផ្ដើមឡើងថ្លៃច្រើន និងពិបាកក្នុងការរកដីសម្រាប់សាងសង់គម្រោងខុនដូថ្មីៗណាស់”។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យដទៃទៀត ក៏បានបង្ហាញពីទស្សនចំពោះការអភិវឌ្ឍ ដែលគួរតែងាកទៅតំបន់ជាយក្រុង បើសិនជាចង់វិនិយោគដោយទទួលបានប្រាក់ចំណេញបានឆាប់ៗ។

លោកសន សៀបស្ថាបនិក និងជានាយកក្រុមហ៊ុនឃីរៀលអ៊ីស្ទេតបានមានប្រសា​សន៍ថា អ្នកអភិវឌ្ឍន៍រយៈពេលខ្លី គឺត្រូវទីតាំងនៅជាយក្រុងដើម្បីអភិវឌ្ឍន៍ ពីព្រោះដីធ្លីនៅកណ្ដាលកាន់តែមានតម្លៃខ្ពស ដូច្នេះដីកណ្ដាលក្រុងគឺអ្នកអភិវឌ្ឍទុក សម្រាប់អភិវឌ្ឍនូវអចលនទ្រព្យដែលមានតម្លៃខ្ពស់ៗដូចគ្នា។

ការអភិវឌ្ឍខុនដូនាពេលនេះ ត្រូវបានមើលឃើញទៅតំបន់ផ្លូវ៦០ម៉ែត្រផងដែរ និងមានគម្រោងអភិវឌ្ឍខុនដូ យ៉ាងផុសផុលនៅតំបន់នោះ និងតំបន់ទួលគោក ហើយការអភិវឌ្ឍ ក៏ផ្ដោតលើអតិថិជនជាជនជាតិខ្មែរ ដោយកំណើននៃអ្នកទិញខុន ដូរមកជាអ្នកក្នុងស្រុក ដែលបានទិញខុនដូកាន់តែច្រើន ជាពិសេសនៅក្នុងបរិបទកូវីដ១៩នេះ៕

លោកឧកញ៉ានួន រឹទ្ធីៈទីផ្សារផ្ទះសំបែងចាប់ផ្ដើមលេបយកទីផ្សាររបស់អ្នកអភិវឌ្ឍន៍ ដីឡូត៏

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុន បើនិយាយពីទីដីឡូត៏គឺមានការរីកចម្រើន និងសន្ទុះខ្លាំង ដោយប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទិញដីឡូត៏ ដើម្បីសាងសង់ផ្ទះស្នាក់នៅផ្ទាល់ខ្លួន។

ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ ដោយសារតែអ្នកអភិវឌ្ឍដីឡូត៏មួយចំនួន បានធ្វើ  ឱ្យខូចទីផ្សារធ្វើអតិថិជន ក៏បង្វែទៅរកទិញផ្ទះសម្រាប់ស្នាក់នៅវិញ ហើយធនាគារជាច្រើន ក៏បានគាំទ្រដល់ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋាន សម្រាប់អតិថិជនបង់រំលស់ផងដែរ។

លោកឧកញ៉ានួន រឹទ្ធីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានផ្ដល់បទសម្ភាសន៍ជាមួយ Property Area ឱ្យដឹងថា កាលពីមុនកូវីដ១៩ គឺប្រហាក់ប្រហែលពីរបីឆ្នាំមុនជាសម័យកាលដីឡូត៏ពុះកញ្ច្រោលខ្លាំង ហើយម្នាក់ៗក៏សម្រុកទិញដីឡូត៏ ពីអ្នកអភិវឌ្ឍន៍ ប៉ុន្តែមកដល់បរិបទនេះគឺផ្ដោតទៅផ្ទះសំបែង។

លោកថា “ការអភិវឌ្ឍផ្ទះសំបែង ក៏ទទួលបានការគាំទ្រពីធនាគារជាច្រើន ហើយធនាគារខ្លះ បានផ្ដល់ហិរញ្ញប្បទានដល់អតិថិជនទិញផ្ទះ ដល់ទៅ៨០ភាគរយ ឬដល់៩០ភាគរយ អាស្រ័យលើលទ្ធភាពអតិថិជនទិញផ្ទះនិងបង់ប្រចាំខែ”។

លោកឧកញ៉ាបន្តថា ការទិញផ្ទះ គឺអ្នកទិញផ្ទះបានទាំងដីបានទាំងផ្ទះ ជាពិសេសនោះគឺគ្រប់គ្រាន់ទៅតាមផ្លូវច្បាប់ផងដែរ ពីព្រោះបើគ្មានច្បាប់អនុញ្ញាត ក្នុងការសាងសង់ទេ អ្នកសាងសង់ប្រាកដជាមិនអាចសាងសង់បានឡើយ ហើយសាងសង់បានហើយ មុននឹងធនាគារផ្ដល់កម្ចីគឺត្រូវតែមានប្លង់រឹង បើពុំមានប្លង់រឹងកាត់ឈ្មោះ ទៅអតិថិជនបានទេគឺមិនអាចផ្ដល់កម្ចីបានទេ។

លោកបន្តថា ដូច្នេះការទិញផ្ទះ គឺមានភាពប្រសើរ និងការការពារ ជៀសវាងនូវការទិញដីឡូត៏ ដូចយើងឃើញស្រាប់ហើយ បញ្ហាទៅលើដីឡូត៏មួយរយៈនេះកំពុងប្រឈមនឹងបញ្ហា បើបងប្អូនមិនដឹងប្រភពច្បាស់លាស់ ពីអ្នកអភិវឌ្ឍន៍ដីឡូត៏គឺអាចនឹងមានបញ្ហា តែសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន គឺត្រូវធ្វើឡើងតាមច្បាប់ត្រឹមត្រូវ៕

ឱកាសក្នុងការវិនិយោគនៅក្នុងអចលនទ្រព្យដ៏មានតម្លៃ៖ សួនពាណិជ្ជកម្មណាឌី

នៅពេលដែលយើងនិយាយអំពីការវិនិយោគដែលនាំមកនូវប្រាក់ចំណូលខ្ពស់នៅក្នុងវិស័យអចលនទ្រព្យ មនុស្សភាគច្រើនត្រូវបានគេណែនាំឲ្យទៅធ្វើកាវិនិយោគលើវិស័យអចលនទ្រព្យបែបលំនៅឋានដូចជា ខុនដូ ផ្ទះកណ្ដាលក្រុង ផ្ទះក្នុងបុរី និងដីធ្លីជាដើម។ ជាការពិតណាស់ដែលថាមនុស្សគ្រប់គ្នាត្រូវតែស្វែងរកកន្លែងរស់នៅ នៅទីណាមួយ ក៏ប៉ុន្តែមនុស្សក៏មិនត្រូវរស់នៅទីកន្លែងដែលគ្មានហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញពេញដោយអចលនទ្រព្យពាណិជ្ជកម្មនោះដែរ។

ជារៀងរាល់ថ្ងៃ មនុស្សគ្រប់គ្នាតែងតែចេញទៅខាងក្រៅដើម្បីស្វែងរកគ្រឿងទេស ទិញទំនិញ សិក្សា ធ្វើការ ទទួលសេវាកម្មព្យាបាល និងកិច្ចការដោះដូរទំនិញ​ផ្សេងទៀតដែលទាំងអស់នេះសុទ្ធតែធ្វើឡើងនៅក្នុងតំបន់អចលនទ្រព្យពាណិជ្ជកម្ម។

ខណៈពេលដែលអចលនទ្រព្យបែបលំនៅឋានមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ អ្នកវិនិយោគ អចលនទ្រព្យពាណិជ្ជកម្មដែលមានប្រាក់ចំណូលជួលគិតជាម៉ែត្រការ៉េ នឹងផ្ដល់នូវលំហូរនៃប្រាក់ចំណូលកាន់តែមានស្ថេរភាពសម្រាប់អ្នកវិនិយោគ។ ហេតុផលដែលធ្វើឲ្យអចលនទ្រព្យពាណិជ្ជកម្មផ្ដល់នូវលំហូរសាច់ប្រាក់មានស្ថេរភាពជាងអចលនទ្រព្យបែបលំនៅឋានដោយសារតែរយៈពេលនៃការជួល។ អចលនទ្រព្យបែបលំនៅឋានអាចនឹងត្រូវបានគេជួលជាទូទៅ រយៈពេល 12 ខែបើធៀបទៅនឹងអចលនទ្រព្យបែបពាណិជ្ជកម្មដែលអាចដាក់ជួលបានចាប់ពី 36 ខែទៅ 60 ខែ ដែលនឹងនាំមកនូវតុល្យភាពកាន់តែប្រសើរឡើងសម្រាប់អ្នកវិនិយោគ។ បន្ថែមពីលើនេះ ជារឿងធម្មតាហើយដែលម្ចាស់ជួលទីតាំងអចលនទ្រព្យបែបពាណិជ្ជកម្មចេញដោយមិនចាំបាច់មានសម្ភារៈបំពាក់ផ្សេងៗ។ សម្រាប់អ្នកជួលធ្វើពាណិជ្ជកម្មល្បីៗដូចជា Starbucks នឹងធ្វើការរៀបចំរចនាទីតាំងដោយផ្ទាល់ ដើម្បីធ្វើឲ្យប្រាកដថាសាខាហាងរបស់គេអាចធ្វើតាមលក្ខណៈស្លាកសញ្ញារបស់ពួកគេបានត្រឹមត្រូវ។ សរុបមក បែបនេះធ្វើឲ្យម្ចាស់ផ្ទះមិនចាំបាច់ធ្វើការចូលរួមច្រើន បន្ទាប់ជួលទៅឲ្យពាណិជ្ជករបែបនេះ។ អត្ថប្រយោជន៍ដែលម្ចាស់ហាងទទួលបានគឺអ្នកជួលអាចធ្វើការសងអចលនទ្រព្យត្រឡប់មកវិញជាមួយនឹងការកែលម្អ និងតុបតែងដ៏ស្រស់ស្អាតរួចជាស្រេច។

អចលនទ្រព្យពាណិជ្ជកម្មដែលល្អនឹងជួយបន្ថែមនូវគុណតម្លៃលើអចលនទ្រព្យដែលនៅជុំវិញ និងធ្វើឲ្យទីតាំងរបស់ខ្លួនកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ចំណូលត្រឡប់ក្នុងមួយម៉ែត្រការ៉េខ្ពស់ជាងការជួលសរុប ហើតម្លៃជួលក៏មានការកើនឡើងឥតឈប់ឈរផងដែរ។ អចលទ្រព្យពាណិជ្ជកម្មនៅក្នុងទីក្រុងភ្នំពេញ តែងតែត្រូវបានគេមើលរំលងដែលធ្វើឲ្យអ្នកដែលមកមុននឹងមានឱកាសកាន់តែច្រើនប្រសិនបើអ្នកវិនិយោគរកឃើញពីសក្ដានុពលនៃទីនេះមុនគេ។

ជ្រោយចង្វារគឺជាទីតាំងវិនិយោគដ៏ល្អបំផុតមួសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ដីធ្លីនៅក្នុងខណ្ឌជ្រោយចង្វារមានការកើនឡើងតម្លៃជាង 400% និងតម្លៃផ្ទះមានការកើនឡើងទ្វេរដងក្នុងរយៈពេល 7ឆ្នាំចុងក្រោយនេះ។ សួនពាណិជ្ជកម្មណាឌីគួរតែស្ថិតនៅក្នុងការប្រមើលមើលរបស់អ្នកវិនិយោគទាំងអស់ សម្រាប់អចលនទ្រព្យពាណិជ្ជកម្មដែលនឹងមកដល់ក្នុងពេលឆាប់ៗ ជាមួយនឹងទីតាំងដ៏មានសក្ដានុពលត្រឹមតែ 3 នាទីបីពហុកីឡដ្ឋានមរតកតេជោ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្កាដិនស៊ីធី និងទីលានវាយកូនហ្គោលហ្កាដិនស៊ីធី។ មិនតែប៉ុណ្ណោះមានអ្នករស់នៅ និងអ្នកមកទស្សនារហូតដល់់ជាង 44 ម៉ឺនអ្នកនៅក្នុងចម្ងាយ 8km ជុំវិញសួនពាណិជ្ជកម្មណាឌីផងដែរ។ ជាមួយនឹងការមជ្ឈមណ្ឌលកម្សាន្តលំដាប់ថ្នាក់ពិភពលោក ទីលានកីឡាលំដាប់ថ្នាក់អន្តរជាតិ និងសក្ដានុពលនៃអ្នកមកធ្វើដំណើរកម្សាន្តដ៏ច្រើនលើសលប់ធ្វើឲ្យសួនពាណិជ្ជកម្មណាឌី នឹងក្លាយជាទីតាំងដែលទាក់ទាញអ្នកមកទស្សនាកាន់តែច្រើនបន្ថែមទៀត ព្រមទាំងបម្រើដល់អ្នកដែលមកលេងមជ្ឈមណ្ឌលកម្សាន្តនៅជុំវិញផងដែរ។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 ដែលនឹងប្រារព្ធឡើងនៅក្នុងពហុកីឡដ្ឋានមរតកតេជោនឹង បន្ថែមគុណតម្លៃនៃសួនពាណិជ្ជកម្មណាឌី ដោយការត្រៀមខ្លួនទទួលអ្នកទេសចរណ៍អន្តរជាតិដ៏ច្រើន លើសលប់មកកាន់ភោជនីយដ្ឋានល្បីៗ សេវាកម្ម និងការកម្សាន្តផ្សេងៗ។​ សួនពាណិជ្ជកម្មណាឌីត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវយ៉ាងតិចមួយម៉ឺននាក់់ប្រចាំថ្ងៃនៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ ការប្រកួតស៊ីហ្គេម។ សួនពាណិជ្ជកម្មត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថានឹងជាកន្លែងដែលនាំមកជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ និងការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវអន្តរជាតិនៃព្រឹត្តិការណ៍ប្រកួត ស៊ីហ្គេមលើកទី 32 ។

ក្រៅអំពីការស្ថិតនៅក្នុងទីតាំងដ៏មានសក្ដានុពល និងកម្មវិធីប្រកួតកីឡាអន្តរជាតិដែលនឹងបន្ថែមនូវអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ទៅកាន់សួនពាណិជ្ជកម្មណាឌីធៀបនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងទៀតហើយនោះ សួនពាណិជ្ជកម្មណាឌីបានចាប់ផ្ដើមការសាងសង់របស់ខ្លួនរួចជាស្រេច ដោយបានកំណត់នូវស្តង់ដារកាន់តែប្រសើរឡើងក្នុងការសាងសង់គម្រោងបុរី នៅក្នុងប្រទេសកម្ពុជា ដោយធ្វើការបុកគ្រឹះហូតដល់ជម្រៅ 36 ម៉ែត្រ ដើម្បីធានានូវគុណភាព សុវត្ថិភាព និងភាពរឹងមាំនៃសំណង់។ ខណៈពេលដែលអ្នកអភិវឌ្ឍគម្រោងបុរីផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាមិនធ្លាប់ធ្វើការបុកគ្រឹះគម្រោងបានជ្រៅកម្រិតនេះ ធ្វើឲ្យសំណង់នៅមានកង្វះខាតគុណភាព និងស្ថេរភាពនៃការប្រើប្រាស់បន្ទាប់ពីសាងសង់រួចរាល់។ ក្រៅពីនេះ បុរីណាឌី

ក៏មានអ្នកត្រៀមជួលរួចជាស្រេចដែលនឹងចូលរស់នៅបន្ទាប់ពីគម្រោងសាងសង់រួចរាល់។ ក្រុមហ៊ុនដែលត្រៀមជួលរួចជាស្រេចរួមមាន ភោជនីយដ្ឋានហុងកុង ភោជនីយដ្ឋាន Luk Hot Pot ភោជនីយដ្ឋាន Singapore Bak Kut Teh ផ្សារទំនើប GC Supermarket និង ស្កាយបារ Kabukicho ។ ភោជនីយដ្ឋានទាំងអស់នេះស្ថិតនៅក្នុងចំណោមម៉ាកដែលមានឈ្មោះល្បីនៅឧស្សាហកម្មអាហារក្នុងទីក្រុងភ្នំពេញ ដែលមានសាខានៅក្រៅប្រទេសផងដែរ។

សួនពាណិជ្ជកម្មណាឌី ត្រូវបានអភិវឌ្ឍដោយ GCC ជាអ្នកអភិវឌ្ឍអចលនទ្រព្យដែលត្រូវបានគេស្គាល់ជាទូទៅពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន។ ចាប់ពីការស្រាវជ្រាវដីធ្លី ការចាប់ផ្ដើមសាងសង់ រហូតដល់ការលក់ និងការផ្សព្វផ្សាយ GCC តែងតែផ្ដល់នូវសេវាកម្ម និងគុណភាពដែលគួរជាទីទុកចិត្ត។ សម្រាប់បុរី ណាឌី និងសួនពាណិជ្ជកម្មណាឌី ការបុកគ្រឹះរហូតដល់ជម្រៅ 36 ម៉ែត្រជាកំណត់ត្រាដ៏ល្អមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះគម្រោងនេះជាឱកាសដ៏ពិសិដ្ឋមួយសម្រាប់អ្នកដែលចង់ធ្វើការវិនិយោគនៅក្នុងអចលនទ្រព្យបែបពាណិជ្ជកម្ម ក៏ដូចជាម្ចាស់អាជីវកម្មដែលចង់ពង្រីកស្លាកសញ្ញារបស់ខ្លួនឲ្យស្គាល់ដល់ អតិថិជនអន្តរជាតិ។ សួនពាណិជ្ជកម្មណាឌី គឺជាឱកាសដែលអ្នកអាចរកបានក្នុងមួយទស្សវត្សម្ដង ប៉ុណ្ណោះនៅក្នុងខណ្ឌដែលមានសក្ដានុពលជ្រោយចង្វារ។

បញ្ចប់

សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖

បញ្ចប់

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC បានផ្ដោតសំខាន់លើវិស័យសំខាន់ៗដោយការបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា GC City, GC Empire, GCC Realty, GC Land, GC Trust, GC Fund, GC Design, GC Media, GC Super, HK Restaurant, Luk Hot Pot, ជាដើម។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park។

រៀបរៀងដោយការិយាល័យទីផ្សារ GCC

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

អ្នកនាង Leong Ka Yen

ប្រធានផ្នែកទីផ្សារ

លេខទំនាក់ទំនង: +855 96 820 6822

Email: [email protected]

 

លោកង៉ែត ឧត្តមមុន្នី

ប្រធានត្រួតពិនិត្យទីផ្សារ

លេខទំនាក់ទំនង: 089 648 770/ 098 831 868

Email: [email protected]

ក្រុមហ៊ុន PTT នឹងពង្រីកការវិនិយោគនៅកម្ពុជា ដោយផ្តោតលើការបង្កើនប្រាក់ចំណូលនៅទីផ្សារបរទេសឲ្យកើន៤៥ភាគរយ

ដោយ សុជាតា

ប្រទេសថៃៈ ក្រុមហ៊ុនប្រេងឥន្ធនៈលក់រាយ ដ៏ធំបំផុតរបស់ប្រទេសថៃមានគោលបំណងពង្រីកចំណូលរបស់ខ្លួន មុនពេលបង់ពន្ធប្រមាណ45ភាគរយ នៅត្រឹមឆ្នាំ 2025 ដោយបង្កើនប្រាក់ចំណូលពីទីផ្សារក្រៅស្រុក។
ជាងនេះទៀត ក្រៅពីបន្ថែមស្ថានីយប្រេងឥន្ននៈ ព្រមទាំងហាងកាហ្វេ amazon នៅតំបន់អាស៊ី។

ក្រុមហ៊ុននេះ ចង់ពង្រីកផ្នែកអាជីវកម្មថ្មីបន្ថែមទៀត ដូចជា ភោជនីយដ្ឋានសរីរាង្គ ohkajhu ព្រមទាំងផ្តល់សេវាកម្មការដឹកជញ្ជូន និងសេវាឌីជីថលផងដែរ សម្រាប់បំរើអតិថិជន។ នេះបើតាមលោក Jiraphon Kawswat, ប្រធាន និង នាយកប្រតិបត្តិ PTT បញ្ជាក់បន្ថែមទៀត។

ក្រុមហ៊ុនរំពឹងថា បង្កើនប្រាក់ចំណូលមុនពេលបង់ពន្ធ28ភាគរយ នៅពាក់កណ្តាលឆ្នាំនេះ។ ការផ្សាយពាណិជ្ជកម្ម សម្រាប់ជំនួញក្រៅប្រទេស នឹងទាមទារចំណាយទុនរហូតដល់65ភាគរយ នៃទុនបង្វិលប្រមាណ74.6 ពាន់លានបាតសម្រាប់ឆ្នាំ2021 ទៅ 2025.។ សម្រាប់ជំនួញក្រៅប្រទេស នឹងទាមទារចំណាយរហូតដល់65ភាគរយ នៃទុនបង្វិលប្រមាណ 74.6 ពាន់លានបាទសម្រាប់ឆ្នាំ 2021 ទៅ 2025។

លោកស្រី Jiraphon បានបន្ថែមទៀតថា ក្រុមហ៊ុន PTT នឹងកសាងស្ថានីយប្រេងឥន្ថនៈបន្ថែមទៀតប្រមាណ១៩២ នៅបណ្តាប្រទេសអាស៊ីមួយចំនួន ដូចជា ប្រទេស មីយ៉ាមា ប្រទេសឡាវ កម្ពុជា និងប្រទេសហ្វីលីពីន។

ជាងនេះទៀត ក្រុមហ៊ុនឹងពង្រីកហាងកាហ្វេ Amazon តាមបណ្តាអាស៊ីមួយចំនួន ប្រមាណ 552 ហាង ដែលធ្វើអោយចំនួនសរុបកើនឡើងដល់ 3575 ហាង។

អាជីវកម្មថ្មីនឹងផ្តល់អោយកាហ្វេ Amazon ក្នុងការពង្រឹងអាជីវកម្មលក់រាយ បន្ទាប់ពីទទួលសិទ្ធិ២២ភាគរយ នូវភោជនីយដ្ឋានសរីរាង្គ OhkaJhu កាលពីឆ្នាំមុន។

ជាងនេះទៀត ក្រុមហ៊ុន PTT បានបង្កើតការវិនិយោគ៤០ភាគរយ ជាមួយក្រុមហ៊ុន B’luebike ក្នុងការបង្កើតorbit Co ដើម្បីលើកកំពស់ បច្ចេកវិទ្យា និងសមត្ថភាពនិវានុវត្ត ក្នុងការអភិវឌ្ឍជំនួញឌីជីថល។
ក្រុមហ៊ុននេះ មានផែនការផ្គងផ្គង់រោងចក្រម្សៅនំបុ័ងផ្ទាល់ខ្លួន និងមជ្ឍមណ្ឌលបែងចែកនៅទីក្រុង អាយុធ្យាផងដែរ ។

បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនPTT ប្រាក់ចំនូលបានកើនឡើង៤១ភាគរយ នៅត្រីមាសទីពីរ រហូតដល់១១៩ពាន់លានបាត ខណៈដែរប្រាក់ចំណួលបានកើនឡើងរហូតដល់១០.៦ភាគរយ នៅឆមាសទី១ ឆ្នាំ ២០២១ រហួតដល់២៣៧ ពាន់់បាត។

ជាងនេះទៀត ប្រាក់ចំណេញបានកើនឡើង៥០០ភាគរយ នៅត្រីមាសទីពីរ ឆ្នាំ២០២១ រហូតដល់៣២០០រយលានបាត៕

វិភាគៈហេតុអ្វីបានជាអនុប្រធានាធិបតីអាមេរិកជ្រើសរើសយកវៀតណាម និងសិង្ហបុរី សំរាប់បំពេញទស្សនកិច្ចនៅអាស៊ាន

ដោយ រតនា

អន្តរជាតិៈ ឥទ្ឋិពលកើនឡើងរបស់ចិន ផលប្រយោជន៍ និងភូមិសាស្រេ្តនយោបាយទំនងជាប្រធានបទស្នូល នៃដំណើរទស្សនកិច្ចរបស់លោកស្រីលោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីស្រ្តី ស្បែកខ្មៅលើកដំបូងរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែសំណួរសួរថា តើហេតុអ្វីបានជាលោកស្រីជ្រើសរើសយកតែប្រទេសវៀតណា​មនិងសឹង្ហបុរី ដើម្បីធ្វើទស្សនកិច្ច?។
ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីមក សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងបន្តអនុវត្តតាមគោលនយោបាយ ផ្ដោតសំខាន់លើតំបន់ អាស៊ី ដែលជាកេរ្តិ៍តំណែលបន្សល់ទុក ដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងបន្ទាប់ពីត្រូវបានកប់ចោល ដោយរដ្ឋបាលលោកដូណាល់ ត្រាំ។

គោលនយោបាយផ្ដោតសំខាន់ លើតំបន់អាស៊ីរបស់រដ្ឋបាល លោក ចូ បៃដិនបានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ គឺជាស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលអាចជួយឱ្យ អាមេរិក ត្រួតពិនិត្យការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។ សារៈសំខាន់បែបនេះបានស្ដែងឡើងកាន់តែច្បាស់ តាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី ការពារជាតិអាមេរិក លោក Lloyd Austin និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman កាលពីពេលថ្មីៗនេះ។

ក៏ប៉ុន្តែនេះមិនមែនមានន័យថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ សុទ្ធតែសំខាន់ សម្រាប់យុទ្ធសាស្ត្រអាមេរិកនៅឥណ្ឌូ-ប៉ាស៊ីហ្វិកនោះឡើយ ដោយមានប្រទេស អាស៊ានចំនួន២ ត្រូវបានអាមេរិកចុចចំឈ្មោះនោះគឺវៀតណាម និងសិង្ហបុរី ដែលមានសារៈសំខាន់បំផុតចំពោះសេដ្ឋកិច្ចអាមេរិក ហើយត្រូវបានគេមើលឃើញថា មានទំនោរគាំទ្រអាមេរិកខ្លាំងជាងគេ ធៀបទៅនឹងប្រទេសអាស៊ាន៨ផ្សេងទៀត។

សិង្ហបុរីប្រៀបបានដូចជាតំបន់សេដ្ឋកិច្ចពិសេស ប្រចាំតំបន់ ដែលមានទៅដោយទីស្នាក់ការក្រុមហ៊ុនអាមេរិកធំៗប្រចាំអាស៊ី ដូចជា ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Google ជាដើម។ ចំណែកឯ វៀតណាមដើរតួនាទីកាន់តែសំខាន់ សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់សកល ជាពិសេសការផ្គត់ផ្គង់បន្ទះឈីប «semiconductors» ខណៈក្រុមហ៊ុនបរទេ​សកាន់តែច្រើន បានបោះទុនវិនិយោគដំឡើងរោងចក្រ ក្នុងប្រទេសកុម្មុយនិស្ដមួយនេះ។

លោក Alan Chong ជាអ្នកសាស្ត្រាចារ្យជំនួយម្នាក់ ផ្នែកទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Nanyang Technological មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បាននិយាយថា សហរដ្ឋអាមេរិកសម្លឹងឃើញវៀតណាម និងសិង្ហបុរី ច្រើនជាងប្រទេសអាស៊ានផ្សេងទៀត ដោយសារប្រទេសទាំង២នេះ មានទំនោរជាវិជ្ជមានចំពោះអាមេរិក។
លោកបញ្ជាក់ថា “នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន វៀតណាម និងសិង្ហបុរី គឺមានស្ថិរភាព និងមានទំនោរមិត្តភាពទៅរកអាមេរិកខ្លាំងជាងគេ… ហើយអាមេរិកវិញ ចង់ឱ្យរដ្ឋជាមិត្តនៅតាមបណ្ដោយទឹកដីចិន ប្រកាន់ជំហររឹងមាំ ស្របទៅតាមគោលនយោបាយរបស់ខ្លួន”។

* តើការដួលរលំរបស់អាហ្វហ្កានីស្ថាន ប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់លោកស្រី Harris ឬទេ?
នៅពេលសេតវិមាន ប្រកាសពីគម្រោងដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីស កាលពីខែកក្កដាកន្លងទៅ វាហាក់ដូចជាមិនមានការរំពឹងថារដ្ឋាភិបាល អាហ្វហ្កានីស្ថានត្រូវដួលរលំក្នុងរយៈពេលខ្លី មុននឹងដំណើរទស្សនកិច្ចនេះទាល់តែសោះ។

ការដួលរលំរបស់អាហ្វហ្កានីស្ថាន ក្រោមដៃតាលីបង់ បាននិងកំពុងបង្កឱ្យមាន
ការចោទសួរសំណួរជាច្រើន ពាក់ព័ន្ធនឹងទំនុកចិត្ត និងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារសម្ព័ន្ធមិត្តខ្លួនឯង។ ស្រមោលនៃការដួលរលំរបស់អាហ្វហ្កានីស្ថាន នឹងតាមពីក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស។

មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាតំបន់យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់ចំពោះសហរដ្ឋអាមេរិក ដោយមិនអាចយកទៅប្ដូរជាមួយអាហ្វហ្កានីស្ថានឡើយ។

មន្ត្រីរូបនេះបានបញ្ជាក់ថា “យើងមានប្រទេសដៃគូរឹងមាំទាំងសេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អស់រយៈពេលច្រើនជាង៧០ឆ្នាំមកហើយ…យើងបានបង្កើនទំនាក់ទំនងសន្តិសុខ ជាមួយបណ្ដាប្រទេសទាំងនោះ ហើយពួកគេក៏ចង់ពួកយើង បង្កើនទំនាក់ទំនងសន្តិសុខបែបនេះដែរ”។

តែទោះជាបែបនេះក្ដី ចង់ឬមិនចង់ ការដួលរលំរបស់អាហ្វហ្កានីស្ថាន អាចនឹងធ្វើ ឱ្យបណ្ដាប្រទេស ដែលពឹងផ្អែកខ្លាំងលើ សហរដ្ឋអាមេរិក ចាប់ផ្ដើមមានការប្រុងប្រយ័ត្នខ្លាំងជាងមុន ឬអាចមើលអាមេរិកក្នុងផ្លូវផ្សេងមិនដូចមុនឡើយ បើទោះជាក្នុងរយៈពេលខ្លីគេមិនអាចវាយតម្លៃពីផលប៉ះពាល់ ក៏ដោយ។

កិច្ចពិភាក្សាសេដ្ឋកិច្ចនឹងផ្ដោតទៅលើអ្វី?
លោក Alex Feldman ជាប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (U.S.-ASEAN Business Council) បាននិយាយថាកិច្ចព្រមព្រៀង ពាណិជ្ជកម្មឌីជីថល (Digital trade agreement) អាចនឹងក្លាយជារបៀបវារៈមួយ ផ្នែកសេដ្ឋកិច្ចដែលនឹងត្រូវយកមកពិភាក្សា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស នៅវៀតណាម និងសិង្ហបុរី។

កិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល គឺជាកិច្ចព្រមព្រៀងមួយផ្ដោតជាសំខាន់លើសេដ្ឋកិច្ចឌីជីថល ដែលកំណត់នូវច្បាប់ និងស្ដង់ដារពាណិជ្ជកម្មឌីជីថល នៅក្នុងចំណោមប្រទេសជាភាគីចូលរួម មានដូចជាការស្ដុកទុកទិន្នន័យឆ្លងដែន និងការគាំពារទិន្ន័យផ្ទាល់ខ្លួនជាដើម។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា អាមេរិកទំនងជាចង់យកមកជំនួសកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក (TPP) ដែលលោក ដូណាល់ ត្រាំបានដក អាមេរិកចេញកាលពីឆ្នាំ២០១៧។

បច្ចុប្បន្ន TPP បានក្លាយជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវិវឌ្ឍទៅមុខនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Progressive Agreement for Trans-Pacific Partnership ឬហៅកាត់ថា CPTPP) ដែលមានវៀតណាម សិង្ហបុរី ប្រ៊ុយណេ និងម៉ាឡេស៊ីក៏ជាសមាជិកផងដែរ។

* តើចិនមានប្រតិកម្មដូចម្ដេច ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីហារីស?
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានច្រានចោលការលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីស នឹងធ្វើឱ្យប៉ះពាល់ ដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់ ចិនដែលមានស្រាប់នៅក្នុងតំបន់។

Global Times បានបញ្ជាក់ថា “វានឹងមិនធ្វើឱ្យរង្គោះរង្គើរដល់ខ្សែចង្វាក់ផ្គត់ផ្គង់ដែលត្រូវបានកសាងឡើងយ៉ាងរឹងមាំឈរលើ មូលដ្ឋាននៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងចិន និងអាស៊ាននោះទេ”។

បើតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បានបង្ហាញថា ៧៦ភាគរយនៃអ្នករៀបចំគោលនយោបាយ និងការគិតរបស់មេដឹកនាំ ក្នុងប្រទេសអាស៊ានទាំង១០យល់ថា ចិនគឺជាមហាអំណាចមានឥទ្ធិពលសេដ្ឋកិច្ចធំបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈមានតែ៧ភាគរយប៉ុណ្ណោះគិតដូច្នេះលើសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក ធ្លាប់បានមើលរំលងតំបន់អាស៊ាន ជាយូរណាស់មកហើយ ជាពិសេសនៅក្រោមរដ្ឋបាល អតីតប្រធានាធិបតី ដូណាល់ ត្រាំ ទំនាក់ទំនងរវាង អាស៊ាន និងអាមេរិក មិនសូវជាល្អនឹងគ្នាប៉ុន្មានទេ ហើយវាបានទុកឱកាសឱ្យចិន ពង្រីកឥទ្ធិពល និងចូលរួមកាន់តែច្រើន ជាមួយអាស៊ាន រហូតដល់ក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់ប្លុកមួយនេះ ខណៈតំបន់អាស៊ីទាំងមូល ត្រូវបានក្រុមអ្នកវិភាគខ្លះអះអាងថា កំពុងពឹងផ្អែកលើសេដ្ឋកិច្ចចិនយ៉ាងខ្លាំង៕

ក្រុមហ៊ុន Facebook សហការជាមួយក្រុមហ៊ុនឥណ្ឌា ដើម្បីផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូច

ដោយៈសុខុម

ញូវដេលី: ក្រុមហ៊ុន Facebook កំពុងចាប់ដៃគូ សហការជាមួយក្រុមហ៊ុនផ្តល់ប្រាក់កម្ចី តាមប្រព័ន្ធអនឡានមួយរបស់ឥណ្ឌា ដើម្បីផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូចក្នុងស្រុក ដើម្បីជំរុញឱ្យអាជីវកម្មកាន់តែច្រើន ងាកមកផ្សាយពាណិជ្ជកម្មលើ Platform របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយថ្ងៃសុក្រ ទី២០ សីហា។

លោក Ajit Mohan នាយកគ្រប់គ្រងក្រុមហ៊ុន Facebook ប្រចាំប្រទេសឥណ្ឌា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន តាមបណ្ដាញអ៊ីនធឺណិតថា ក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់សហរដ្ឋអាមេរិក មួយនេះកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុន Indifi ដើម្បីផ្តល់ប្រាក់កម្ចីចាប់ពី៦.៧០០ដុល្លារ ដល់៦៧.០០០ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំរហូតដល់ទៅ២០%។

ក្រុមហ៊ុន Facebook និយាយថា ខ្លួននឹងជួយពង្រឹងសេដ្ឋកិច្ច អាជីវកម្មខ្នាតតូចក្នុងប្រទេសឥណ្ឌាឱ្យកាន់តែរឹងមាំ នៅពេលអាជីវកម្មទាំងនេះប្រើប្រាស់App របស់ខ្លួនកាន់តែច្រើនរួមមាន Instagram និង WhatsApp ដើម្បីជំរុញការរីកចម្រើនរបស់ពួកគេ។

លោក Ajit Mohan បានលើកឡើងថា “យើងមិនរំពឹងរកលុយបានពីកម្មវិធីនេះទេ យើងគ្មានចំណែកប្រាក់ចំណូលទេ ប៉ុន្តែយើងសង្ឃឹមថា កម្មវិធីនេះនឹងជួយជំរុញកំណើនក្នុងឧស្សាហកម្មអាជីវកម្មខ្នាតតូច ដែលជាចុងក្រោយនឹងផ្ដល់អត្ថប្រយោជន៍ ត្រលប់មកយើងវិញ”។

ប្រាក់កម្ចីទាំងនេះ គឺសម្រាប់ផ្ដល់ឱ្យអាជីវកម្មខ្នាតតូចនានា ដែលបាននិងកំពុងផ្សាយពាណិជ្ជកម្ម លើបណ្ដាញទំនាក់ទំនងសង្គម Facebook ឬ Group Chat App នានារបស់ខ្លួនយ៉ាងតិចរយៈពេល១៨០ថ្ងៃ។ កម្មវិធីនេះ អាចជួយជំរុញឱ្យមានអាជីវកម្មបែបនេះកាន់តែច្រើន ផ្សព្វផ្សាយពាណិជ្ជកម្ម លើបណ្តាញសង្គមយក្សមួយនេះ និង App នានារបស់ខ្លួន ដែលមានប្រជាប្រិយខ្ពស់នៅក្នុងប្រទេសឥណ្ឌា។

ឥណ្ឌា គឺជាទីផ្សារកំណើនដ៏សំខាន់របស់ក្រុមហ៊ុន Facebook ដែលមានអ្នកប្រើប្រាស់ជាង៤១០លាននាក់ ហើយ App ផ្ញើសារ WhatsApp របស់ខ្លួនបានចាត់ទុកប្រទេសនេះ ជាទីផ្សារធំបំផុតរបស់ខ្លួន ជាមួយចំនួនអ្នកប្រើប្រាស់ជាង៥៣០លាននាក់។ Instagram ដែលជារបស់ក្រុមហ៊ុនFacebook ដែរនោះមានអ្នកប្រើប្រាស់ជាង២១០លាននាក់នៅក្នុងប្រទេសឥណ្ឌា ហើយក៏កំពុងទទួលផលល្អ ពីបម្រាមដែលរដ្ឋាភិបាល​ឥណ្ឌា បានដាក់លើ TikTok ដែលជា Platform បង្ហោះវីដេអូខ្លីៗកាលពីឆ្នាំមុនផងដែរ។

កាលពីឆ្នាំមុន ក្រុមហ៊ុន Facebook បានបោះទុន៥,៧ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគ ក្នុងក្រុមហ៊ុន Jio Platforms របស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani ដែលនឹងអនុញ្ញាតឱ្យ WhatsApp ផ្ដល់សេវាទូទាត់ប្រាក់ទៅដល់ហាងតូចៗ ជាលក្ខណៈគ្រួសាររាប់លានហាង៕

តើអ្វីជាហានិភ័យដែលអ្នកគួរស្វែងយល់មុនវិនិយោគលើផ្សារហ៊ុន?

ដោយៈ តារា

ភ្នំពេញៈ មុខជំនួញដែលគ្មានហានិភ័យ គ្មាននៅលើលោកនេះទេ ចុះផ្សារហ៊ុនមានហានិភ័យដែរឬទេ? ចម្លើយបានប្រាប់តាំងពីឃ្លាដំបូងរួចហើយ។

ការជួញដូរភាគហ៊ុនអាចជួបនូវហានិភ័យមួយចំនួន ដែលធ្វើឱ្យថ្លៃនៃភាគហ៊ុនធ្លាក់ចុះ​ ឬមានការប្រែប្រួលខ្លាំង។
យើងអាចចាត់ថ្នាក់ហានិភ័យទាំងនោះ ជាបីប្រភេទចម្បងៗ ដូចតទៅ៖

ហានិភ័យជាប្រព័ន្ធ ឬហានិភ័យទីផ្សារ 
ជាភាពមិនច្បាស់លាស់ ដែលកើតមានឡើង ចំពោះទីផ្សារទាំងមូល និងមិនអាចចៀសវាងបានតាមការធ្វើពិពិធកម្ម ដូចជា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ហានិភ័យអតិផរណា ហានិភ័យអស្ថេរភាពនយោបាយ  ហានិភ័យនៃការកើនឡើងអត្រាការប្រាក់ ជាដើម។

ហានិភ័យមិនមែនជាប្រព័ន្ធ 
ជាភាពមិនច្បាស់លាស់ ដែលកើតមានចំពោះក្រុមហ៊ុន ឬវិស័យណាមួយ ដែលអាចកាត់បន្ថយបានដោយការធ្វើពិពិធកម្ម។ ហានិភ័យទាំងនោះរួមមាន អសាធនីយភាពនៃក្រុមហ៊ុន ការកេងបន្លំផ្ទៃក្នុងនៃបញ្ជីគណនេយ្យ សកម្មភាពជួញដូរផ្ទៃក្នុង ជាដើម។

ហានិភ័យសន្ទនីយភាព​ 
សំដៅដល់ហានិភ័យ ដែលអ្នកទិញ និងអ្នកលក់មិនអាចរកគ្នាឃើញ ដើម្បីជួញដូរនៅពេលត្រូវការ និងនៅថ្លៃសមស្របមួយ ដោយសារកង្វះសន្ទនីយភាពក្នុងទីផ្សារ៕

ដំណឹងល្អៈគំរោងផ្លូ​វជាតិតភ្ជាប់រវាងក្រុងសៀមរាប និងបាត់ដំបងបានបញ្ចប់ការសិក្សាហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់់នៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា គំរោងសាងសង់ផ្លូវជាតិតភ្ជាប់រវាងទីក្រុងសៀមរាប និងក្រុងបាត់ដំបងបានបញ្ចប់ការសិក្សារួចហើយ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងឲ្យដឹងកាលពីថ្ងៃទី២០ សីហាកន្លងមកថា ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់ហើយ សម្រាប់គម្រោងសាងសង់ផ្លូវថ្មីប្រវែង៧២គីឡូម៉ែត្រតភ្ជាប់ខេត្តបាត់ដំបង និងសៀមរាប ខណៈការដ្ឋានរំពឹងថានឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ។

លោកបានបន្តថា “ការសិក្សាគម្រោងនេះ ធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២០ មកម្លេះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation”។

ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន៣រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។

គម្រោងនេះត្រូវបានលើកយកមកពិភាក្សា ក្រោយមានសំណើរពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០កន្លងមកនេះ៕

តំបន់ចំការដូងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ចម្រុះកាន់តែមានភាពទាក់ទាញ

ដោយៈសុជាតា

ភ្នំពេញៈ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង នៅតំបន់ភាគខាងត្បូង បានធ្វើអោយតំបន់ចំការដូង ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាលពេលបច្ចុប្បន្ននេះ បាននិងកំពុងវិវឌ្ឍន៍ប្រែក្លាយទៅជាតំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិតំបន់ទីប្រជុំជនដ៏ទាក់ទាញសម្រាប់ការរស់នៅដ៏ទំនើប។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃទី20 ខែសីហាកន្លងមកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ចំការដូង បានទាក់ទាញគម្រោងវិនិយោគ លើវិស័យអចលនទ្រព្យយ៉ាងខ្លាំង មិនចាញ់តំបន់នានា នៅក្នុងរាជធានីភ្នំពេញនោះទេ ជាពិសេសវិស័យលំនៅឋានដែលប្រែក្លាយទៅជាទីប្រជុំជន មានមនុស្សរស់នៅអ៊ូអរ។

លោកបន្តថា ក្រៅពីនេះតំបន់នេះ ក៏បានទាក់ទាញភោជនីយដ្ឋាន ហាងល្បីៗ សហគ្រាសខ្នាតតូចផ្សេងៗ ជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ វាមានហេដ្ឋារចនាសម្ព័ន្ធផ្លូវចេញចូល និងផ្លូវឆ្លងកាត់ ពីគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីចូលភ្នំពេញផងដែរ។

លោកច្រឹក សុខនីមថ្លែងថា តំបន់នេះក៏បាននឹងកំពុង ប្រែក្លាយទៅជាតំបន់ប្រកួតប្រជែងខ្ពស់ ទាំងការអភិវឌ្ឍន៍វិស័យសំណង់ និងតម្លៃទីផ្សារដីធ្លី តាមរយៈមនុស្សរស់នៅអ៊ូអរច្រើន។ ជាមួយគ្នានេះ នៅពេលដែលមានការប្រកួតប្រជែង និងការផ្គត់ផ្គង់កាន់តែច្រើនវាជួយឱ្យទីផ្សារអចលនទ្រព្យ កាន់តែល្អសម្រាប់អតិថិជន ហើយក៏វាជាតំបន់ថ្មីក្នុងការអភិវឌ្ឍន៍ផងដែរ។

នាពេលបច្ចុប្បន្ននេះ គេឃើញបុរីថ្មីៗមួយចំនួនកើតឡើង ដែលកាលពីមុនអតិថិជនទិញហើយ មិនសូវរស់នៅទេ ប៉ុន្តែឥឡូវទិញគឺចូលរស់នៅហើយ ។ ទីក្រុងភ្នំពេញចេះតែពង្រីកឥទ្ធិពលទៅតាមជាយក្រុងហើយ ដោយសារតែពាក់ព័ន្ធ នឹងការអភិវឌ្ឍន៍តំបន់កួរស្រូវ និងចំការដូង និងផ្នែកខ្លះទៀត៕