ដោយៈគង់់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ Angel Realty បាននិងកំពុងចាប់ផ្តើមបោះជំហ៊ានកាន់តែសកម្មជាងមុន លើទីផ្សារអចលនទ្រព្យនៅកម្ពុជា ស្របពេលវិស័យនេះកំពុងមានភាពរីកចម្រើនខ្លាំង និងទទូលបានប្រជាប្រិយភាពពីសំណាក់ប្រជាពលរដ្ឋ។
អគ្គនាយិកាក្រុមហ៊ុន Angel Realty អ្នកនាងឆយ ហ្រ្វីដាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ដោយសារបទពិសោធន៍ជាច្រើនឆ្នាំ នៅលើវិស័យនេះ និងទទូលបានការបណ្តុះបណ្តាល នៅកម្រិតអន្តរជាតិជាច្រើន ទើបអ្នកនាងបានចាប់ផ្តើមប្រឡូកក្នុងវិស័យនេះ ព្រោះវាជាវិស័យមួយដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។
អ្នកនាងបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ នឹងធ្វើឲ្យអំណាចនៃការទិញ លក់លើវិស័យនេះនឹងមានភាពរីកចម្រើន រយៈពេលវែងបន្ថែមទៀត”។អ្នកនាងបន្តថា “ជាមួយការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត កម្រិតមូលដ្ឋានវិជ្ជាជីវៈខ្ពស់ និងជាការជួយជម្រុញវិស័យនេះ ឲ្យមានភាពរីកចម្រើនបន្ថែមទៀត Angel Realty មានដៃគូសហការជាច្រើនមកពីសហរដ្ឋអាមេរិក ដែលផ្តល់ប្រឹក្សាលើការទិញលក់ ការវិនិយោគ និងសេវាកម្មជាច្រើនទៀត”។
ក្រុមហ៊ុននេះបាននិងកំពុងផ្តល់សេវាកម្មជាច្រើន រួមមាន ដូចជា ទិញ លក់ ជួលអចលនទ្រព្យ វាយតម្លៃអចលនទ្រព្យ រៀបចំឯកសារស្របច្បាប់ក្នុងការទិញ លក់ ជួល សម្របសម្រួលរៀបចំឯកសារផ្ទេរប្លង់កម្មសិទ្ឋ និងប្រឹក្សាយោបល់នានាទាក់ទងនឹងការវិនិយោគ។
អ្នកនាងឆយ ហ្រ្វីដាបានបន្តថា ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា នឹងមានបន្តរយៈពេលវែងបន្តទៀត ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំច្បាប់ បទដ្ឋានគតិយុត្តិនានា ដើម្បីផ្តល់ការលើកទឹកចិត្ត និងទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលបច្ចុប្បន្នបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសវិស័យអចលនទ្រព្យ មិនត្រឹមតែចូលរួមលើកកំពស់មុខមាត់កម្ពុជានោះទេ តែបាននិងកំពុងក្លាយជាសរសរស្តម្ភមួយយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ៕