ទីផ្សារអចលនទ្រព្យនៅកម្ពុជារងផលប៉ះពាល់ ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជានៅតែរក្សាបានកំនើនប្រសើរ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញ និងវិនិយោគក្នុងវិស័យអចលនទ្រព្យបានអះអាងថា ទីផ្សារអចលនទ្រព្យមិនរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិជំងឺកូវីដនោះទេ បើទោះជាគំរោងខ្លះបានពន្យាពេលក៏ដោយ។

លោកឧកញ៉ានួន រិទ្ឋអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKhmer Foundation Appraisal បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៦ សីហាកន្លងមកថា វិស័យអចលនទ្រព្យពិតជារងផលប៉ះពាល់ តែមិនប៉ះទង្គិចខ្លាំងដូចនៅបណ្តាប្រទេសមួយចំនួនឡើយ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាលរ៉ឹងមាំ ដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិលើផ្នែកជាច្រើន។

លោកបន្តថា “ទីផ្សារខុនដូបានរងផលប៉ះពាល់ តែសកម្មភាពទិញលក់ដីធ្លីនៅតែល្អប្រសើរ ដោយចរន្តទិញលក់នៅតែសកម្ម តម្លៃដីនៅតែកើនឡើងក្នុងតំបន់មួយចំនួន”។​លោកបន្តថា “ការបើកចំហគោលនយោបាយ ដែលជនបរទេសអាចមានសិទ្ឋបោះទុនវិនិយោគ១០០ភាគរយដោយខ្លួនឯង ការអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋទិញលំនៅដ្ឋាន​ចាប់ពីជាន់ទី១ឡើង គោលនយោបាយពន្ឋដែលមិនមានភាពស្មុគ្រស្មាញ និងលើកទឹកចិត្តទាំងអ្នកវិនិយោគខ្មែរ និងបរទេស សុទ្ឋតែជាមូលដ្ឋានរ៉ឹងមាំ ដែលកម្ពុជាបន្តទាក់ទាញលំហូរទុនវិនិយោគពីបរទេសច្រើនថែមទៀត”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ពិតហើយមានគំរោងមួយចំនួនបានពន្យាពេល ប៉ុន្តែវាមិនប៉ះទង្គិចខ្លាំង ដល់វិស័យនេះទាំងមូលទេ អ្វីៗកំពុងវិវត្តន៍ទៅរកភាពល្អប្រសើរវិញជាបណ្តើរៗនាពេលឆាប់ៗខាងមុខនេះ។

ទោះជាយ៉ាងណាអ្នកស្រីអាន សុធីតាអ្នកជំនាញ និងវិភាគពីទីផ្សារអចលនទ្រព្យឯករាជ្យបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ស្ថានភាពអចលនទ្រព្យនៅតែមានភាពតានតឹង ដោយសារការរាតត្បាតជំងឺកូវីដ ដែលមិនអាចឲ្យជនបរទេសចូលមកវិនិយោគនៅកម្ពុជាបាននៅឡើយ។

អ្នកស្រីបានបន្តថា “លំហូរទុនវិនិយោគពីបរទេស នឹងមានសញ្ញាល្អនៅឆ្នាំ២០២២ ហេតុនេះទីផ្សារនឹងមានសភាពល្អឡើងវិញនាពេលខាងមុខ”។

ជាមួយគ្នានេះលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា បើទោះបីវិស័យនេះរងផលប៉ះពាល់ក្តី ប៉ុន្តែសកម្មភាព និងទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជាច្រើន ដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ វៀតណាមជាដើមនៅតែបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរ៉ឹងមាំ។

លោកបន្តថា “គោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាល បានធ្វើឲ្យកម្ពុជានៅតែទាក់ទាញទុនវិនិយោគ ជាក់ស្តែងយើងឃើញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅតែអនុម័តគំរោងវិនិយោគថ្មីៗជាបន្តបន្ទាប់”៕

 

អ្នកជំងឺកូវីដក្រោយចេញពីមន្ទីរពេទ្យ គួរអនុវត្តន៍វិធីសាស្រ្តចំនួន៤ដើម្បីការពារខ្លួន ពីការឆ្លងជាថ្មី

ដោយៈ មុនីរិទ្ឋ

ភ្នំពេញៈ ការទទួលបានការជាសះស្បើយពីជំងឺកូវីដ១៩ ជាពរជ័យមួយ ដែលគួរតែត្រេកអរ និងខិតខំការពារខ្លួនកុំឲ្យឆ្លងជំងឺនេះសាជាថ្មីម្តងទៀត។

យោង​តាម​ពិធីសារ​ស្តី​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺ COVID-19 ​របស់​ក្រសួង​សុខាភិបាល​កម្ពុជាបាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ត្រូវ​មាន​លក្ខណៈ​គ្រប់​គ្រាន់ ​ស្របតាម​លក្ខខណ្ឌ​ដើម្បី​ចេញ​ពី​មន្ទីរពេទ្យ​ និង​ត្រូវបំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ។ អ្នកជំងឺដែលបានជាសះស្បើយ សូមអនុវត្តន៍តាមវិធានទាំងបួននេះ ដូចជា​ទី១ ត្រូវតាម​ដាន​ស្ថាន​ភាព​សុខភាព​ផ្ទាល់​ខ្លួន​ ដោយ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ​។ ទី២. ត្រូវពាក់​ម៉ាស និង​អនុវត្ត​អនាម័យ​​ឲ្យ​បាន​ទៀង​ទាត់។

ទី៣ ស្នាក់​នៅ​បន្ទប់​ម្នាក់​ឯង មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ កាត់​បន្ថយ​ការ​ទាក់ទង​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​គ្រួសារ បរិភោគ​អាហារ​ដោយ​ឡែក​ពី​គ្នា និងទី៤ ត្រលប់​ទៅ​តាមដាន​សុខភាព​វិញ​នៅ​ចន្លោះ​ពី​២-៤​សប្តាហ៍​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីនបានមានប្រសាសន៍ឲ្យដឹងថា  អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី COVID-19 អាច​នឹង​លាប់ ឬឆ្លង​ឡើង​វិញ​គ្រប់​ពេល ប្រសិន​បើ​បុគ្គល​នោះ​ធ្វេស​ប្រហែស មិន​បាន​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​។

លោកជំទាវបន្តថា “មិន​ថា​ខ្លួន​ឯង​លែង​មាន COVID-19 មិន​បាច់​ការពារ​ទេ គឺ​អត់អ៊ីចឹង​ទេ ត្រូវ​តែ​ការពារ​ខ្លួន”អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី​ជំងឺ COVID-19 តម្រូវ​ឲ្យតាម​ដាន​សុខភាព និងមាន​វិធានការ​ការពារ​ខ្លួន ហើយ​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ”៕

 

វិភាគៈតើការឈរជើងរបស់កងទ័ពអាមេរិករយៈពេល២០ឆ្នាំនៅអាហ្វហ្គានីស្ថានដើម្បីជួយពង្រឹងយោធា ឬដើម្បីលួចធនធានធម្មជាតិ?

ដោយៈសុខុម

អន្តរជាតិ: ការដួលរលំនៃរដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោមស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ (Taliban) បានកើតឡើងក្នុងពេលតែមួយប៉ប្រិចភ្នែក ដែលសូម្បីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងកាប៊ុល នឹងស្មានមិនដល់។

នៅរសៀលថ្ងៃអាទិត្យ ទី១៥ សីហា ឆ្នាំ២០២១ ប្រធានាធិបតីអាហ្វហ្គានីស្ថាន គឺលោក Ashraf Ghani បានរត់ភៀសខ្លួនចេញពីមាតុប្រទេស ហើយក្រុមសកម្មប្រយុទ្ធតាលីបង់ ជិតដណ្ដើមបានការកាន់កាប់ប្រទេសទាំងមូលជាថ្មីឡើងវិញនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានបញ្ជាឱ្យបញ្ជូនកងទ័ពបន្ថែមរាប់ម៉ឺននាក់បន្ថែមដើម្បីជួយជម្លៀសមន្ត្រីការទូតអាមេរិក និងមនុស្សសំខាន់ៗផ្សេងទៀតចេញពីរដ្ឋធានីកាប៊ុល ដោយសុវត្ថិភាព។

ក្រោយពេលដកចេញអស់ ក្រុមសកម្មប្រយុទ្ធតាលីបង់ ក៏បានចូលកាន់កាប់ប្រ​ទេសអាហ្វហ្គានីស្ថាន ទាំងមូលយ៉ាងស្រួល ក្រោយការប៉ះទង្គិចគ្នាផ្នែកប្រដាប់អាវុធរប៉េះរប៉ោះ។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យពលរដ្ឋខ្មែរ នឹកឃើញដល់ព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ជាពេលដែលកងទ័ពខ្មែរក្រហម បានចូលកាន់កាប់ក្រុងភ្នំពេញ និងឈានទៅដល់ការសម្លាប់រង្គាលពលរដ្ឋខ្មែរ អស់រាប់លាននាក់ មុនមានការរំដោះថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

ងាកមកអាហ្វហ្គានីស្ថានវិញ សង្គ្រាមរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ និងក្រុមភេរវកម្មអាល់កៃដា (Al-Qaeda) នៅក្នុងប្រទេសនេះបានចាប់ផ្ដើមកាលពីប្រមាណ២០ឆ្នាំមុន។

រយៈពេល២០ឆ្នាំមិនមែន២០ថ្ងៃនោះឡើយ តែចុងក្រោយ ប្រទេសអាហ្វហ្គានីស្ថាន នៅតែធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងយុគអន្ធកាល ដែលអាចមានវាសនាដូចកម្ពុជាក៏ថាបាន។ កត្តានេះបានធ្វើឱ្យមជ្ឈដ្ឋានទូទៅចោទជាសំណួរថា តើការឈរជើងរបស់កងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន រយៈពេល២០ឆ្នាំមកនេះ ដើម្បីជួយពង្រឹងវិស័យយោធា ឬដើម្បីលួចធនធានធម្មជាតិរបស់ប្រទេសនេះ? តើប្រមូលយកធនធានធម្មជាតិ ក្នុងប្រទេសនេះអស់ហើយ ទើបសហរដ្ឋអាមេរិក សម្រេចដកទ័ពចេញឬយ៉ាងណា?។

មតិមួយចំនួនលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក ពិតជាមានបំណងជួយប្រ​ទេសនេះ និងខិតខំពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពអាហ្វហ្គានីស្ថាន ឱ្យអស់ពីចិត្តពីថ្លើមក្នុងរយៈពេល២០ឆ្នាំមកនេះប្រាកដមែន ម្លេះកងទ័ពជាតិនៃប្រទេសនេះ មានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ដែលក្រុមសកម្មប្រយុទ្ធ និងក្រុមភេរវកម្មមិនអាចវាយដណ្ដើមកាន់កាប់ប្រទេសបាន ដោយងាយស្រួលដូចបកចេកបែបនេះឡើយ។

មតិបានលើកឡើងទៀតថា សហរដ្ឋអាមេរិក ប្រហែលមិនមែនចូលធ្វើសង្គ្រាមដើម្បីការពារប្រជាជន និងទឹកដីអាហ្វហ្គានីស្ថាន ដោយសុចរិតនោះឡើយ ពោលគឺមានបំណងផ្សេងតាំងពីដំបូង នោះគឺដើម្បីប្រមូលយកផលប្រយោជន៍ ព្រោះប្រទេសនេះសម្បូរទៅដោយធនធានធម្មជាតិ។ ហើយនេះប្រហែលជាសហរដ្ឋអាមេរិក សម្រេចដកទ័ពចេញ ក្រោយពីលួចយកធនធានធម្មជាតិរបស់ប្រទេសនេះអស់ក៏មិនដឹង។

យោងតាមការស្រាវជ្រាវបង្ហាញថា ប្រទេសនេះសម្បូរដោយធនធានធម្មជាតិ ជាពិសេសធនធានរ៉ែសំខាន់ៗ ដូចជា រ៉ែមាស រែទង់ដែង រ៉ែដែក រ៉ែស័ង្កសី ថ្មម៉ាប ត្បូង និងធនធានរ៉ែជាច្រើនទៀតរាប់មិនអស់។

ទោះជាយ៉ាងណា ការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានធ្វើឱ្យសហរដ្ឋអាមេរិក រងភាពអាម៉ាស់ និងសោកស្ដាយមិនតិចនោះឡើយ ហើយជាពិសេសគឺការរិះគន់ធ្ងន់ៗចំពោះប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន។

*ការសន្យារបស់លោក ចូ បៃឌិន ថានឹងដកទ័ពចេញពីអាហ្វហ្គានីស្ថាន

ចំពោះអ្នករិះគន់លោកយល់ថា ការសម្រេចរបស់ប្រធានាធិបតីរូបនេះ នៅក្នុងការបញ្ចប់សង្គ្រាមក្នុងប្រទេសនេះ ដែលជាសង្គ្រាមអូសបន្លាយវែងបំផុត របស់សហរដ្ឋអាមេរិក បានបំផ្លាញការខិតខំប្រឹង និងការបូជាលះបង់រយៈពេល២០ឆ្នាំមកនេះ ហើយបានត្រួសត្រាយផ្លូវនាំទៅរកមហន្តរាយផ្នែកមនុស្សធម៌ ដោយពួកគេបានចោទសួរថា តើគួរជឿទុកចិត្តសហរដ្ឋអាមេរិក បានដោយរៀបណា?។

ប៉ុន្តែសម្រាប់មនុស្សជាច្រើន ដែលដឹងច្បាស់ពីសង្គ្រាមនេះ ពោលគឺពលរដ្ឋអាហ្វហ្គានីស្ថាន ទាហាន និងរដ្ឋបុរសមានមន្ទិលជាយូរមកហើយ ចំពោះទស្សនៈរបស់លោក ចូ បៃឌិន ដែលយល់ថា រដ្ឋាភិបាលក្រុងកាប៊ុល មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការការពារសន្តិសុខរបស់ប្រទេសដោយខ្លួនឯង ព្រោះលោកធ្លាប់បានលើកឡើងជាយូរមកហើយថា សហរដ្ឋអាមេរិក គួរតែដកទ័ពចេញពីប្រទេសនេះ តាំងពីលោកកាន់តំណែងជាអនុប្រធានាធិបតីម៉្លេះ។

សរុបមក ការសម្រេចចិត្តរបស់លោក នៅក្នុងការដកទ័ពចេញពីប្រទេសនេះគឺគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ។ កាលពីកាន់តំណែងជាអនុប្រធានាធិបតីក្រោមលោក បារ៉ាក់ អូបាម៉ា លោកតែងតែទទូចថា សង្គ្រាមក្នុងប្រទេសនេះ គួរតែត្រូវបានកំណត់ក្នុងបេសកកម្មរបស់ខ្លួន ពោលគឺមិនត្រូវពង្រីកពាសពេញផ្ទៃប្រទេសឡើយ។

កាលពីនៅជាសមាជិកព្រឹទ្ធសភា នៅក្នុងរដ្ឋ Delaware ក្នុងឆ្នាំ២០០១ លោកបានចូលរួមការបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីអនុម័តការប្រើប្រាស់កម្លាំងយោធា នៅអាហ្វហ្គានីស្ថាន។ ប៉ុន្តែលោកជំទាស់នឹងការដាក់ពង្រាយកងទ័ពបន្ថែមទៀត ដែលលោក អូបាម៉ា បានអនុញ្ញាតក្នុងឆ្នាំ២០០៩។

លោក Brett Bruen អតីតមន្ត្រីការទូតបានប្រាប់សារព័ត៌មាន BBC ថា “លោក ចូ បៃឌិន ពិតជាមានភាពច្បាស់លាស់ ចំពោះបញ្ហាប្រទេសអាហ្វហ្គានីស្ថាន។ លោកបាននិយាយហើយថា យើងគួរតែដកខ្លួនចេញពីទីនោះ (អាហ្វហ្គានីស្ថាន)”។

*មហាយក្សចិន គាំទ្រក្រុមតាលីបង់

មជ្ឈដ្ឋានមួយចំនួនយល់ថា មូលហេតុដែលក្រុមតាលីបង់ អាចវាយដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បានយ៉ាងឆាប់រហ័សស្របពេលសហរដ្ឋអាមេរិក សម្រេចដកទ័ពចេញនេះ គឺដោយសារមហាយក្សចិន ជាខ្នងបង្អែកដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធនេះ។

កាលពីថ្ងៃទី១៤ សីហា ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយរូបភាពមួយសន្លឹកដ៏គួរឱ្យភ្ញាក់ផ្អើល។ រូបថតមួយសន្លឹកដែលផ្សាយកាលពីខែមុន ដោយប្រព័ន្ធផ្សព្វ​ផ្សាយរដ្ឋរបស់ចិន នេះបង្ហាញពីលោក វ៉ាង យី(Wang Yi) រដ្ឋមន្រ្តីក្រសួងការបរទេសចិន ឈរប្រកៀកស្មាជាមួយមន្ត្រីជាន់ខ្ពស់ នៃក្រុមសកម្មប្រយុទ្ធតាលីបង់។

ចាប់តាំងពីពេលនោះមក មជ្ឈដ្ឋានអន្តរជាតិយល់ថា មហាយក្សចិន ប្រហែលជាបានចាប់ផ្ដើមត្រៀមលក្ខណៈជាសម្ងាត់ ដោយប្រាប់ឱ្យពលរដ្ឋចិន ទទួលយកការពិតថា    រដ្ឋាភិបាលក្រុងប៉េកាំង នឹងត្រូវទទួលស្គាល់ក្រុមសកម្មប្រយុទ្ធតាលីបង់ ជារបបស្របច្បាប់ក្នុងពេលឆាប់ៗខាងមុខ៕

លោកវ៉ី សំណាងៈការទិញលក់ដីធ្លីលើឧទ្យានជាតិគិរីរម្យជាទង្វើខុសច្បាប់

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានថ្លែងថា ចរន្តទិញលក់ដីធ្លីលើឧទ្យានជាតិគិរីរម្យ ជាទង្វើខុសច្បាប់ ព្រោះវាជាការទិញដី លក់ដីរបស់រដ្ឋដែលស្ថិតនៅក្នុង​តំបន់ឧទ្យានជាតិ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៦ សីហាកន្លងមកថា កន្លងមកមានការទិញលក់ដីធ្លី នៅលើឧទ្យានជាតិគិរីរម្យ ដែលការទិញលក់បែបនេះ ជាការទិញលក់ពីអ្នកអះអាងជាម្ចាស់ដីលើឧទ្យាននេះ ជាមួយអ្នកមកពីមូលដ្ឋានខាងក្រៅ ពិសេសអ្នកនៅរាជធានីភ្នំពេញ។

លោកបន្តថា “ការទិញលក់ដីរដ្ឋ ពិសេសដីឧទ្យានជាតិបែបនេះ ជាទង្វើខុសច្បាប់ ដែលអាជ្ញាធរ នឹងដកហូតយកមកវិញនៅពេលឆាប់ៗខាងមុខនេះ”។លោកបន្តថា “អាជ្ញាធរបានចុះបង្រ្កាប និងដកហូតរបងព្រំដីជាច្រើនជាបន្តបន្ទាប់ ព្រោះយើងនឹងមិនអនុញ្ញាត្តឲ្យមានការទិញលក់បែបនេះទេ”។

ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ១២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
បច្ចុប្បន្នឧទ្យានជាតិគិរីរម្យ មានសំណង់ផ្ទះជាលក្ខណៈផ្ទះលំហែរកាយ រមណីយ ​ដ្ឋានកែច្នៃជាច្រើន បានសាងសង់ព្រោងព្រាតនៅលើភ្នំនេះ ពិសេសនៅតំបន់ដំណាក់ស្តេច ដែលមានការសាងសង់ផ្ទះឈើតួចៗ សំរាប់ជួលឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិសំរាកលំហែរ។

ប្រភពពីប្រជាពលរដ្ឋមូលដ្ឋាន ដែលប្រកបរបរលក់ចំណីអាហារនៅតំបន់ទឹកជ្រោះទី២បានឲ្យដឹងថា ពីមុនមកការទិញលក់ដីធ្លីលើភ្នំពេញ មានការស៊ីញ៉េទទួលស្គាល់ដោយមេឃុំ មេភូមិនៅទីនេះ ប៉ុន្តែក្រោយមកដោយសារមានជម្លោះរវាងអ្នកទិញដី និងអាជ្ញាធរនៅតំបន់នេះ បានធ្វើឲ្យអាជ្ញាធរឈប់ស៊ីញ៉េលើការទិញលក់ដីនៅតំបន់នេះ។

ប្រភពដដែលបានបន្តថា “មុនពេលមានបញ្ហានេះ និងមិនទាន់មានការទិញលក់ច្រើន ដីនៅលើភ្នំនេះមួយហិកតាមានតម្លៃ១០,០០០ទៅ១២,០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នតម្លៃដីធ្លីបានកើនឡើងច្រើន តែការ​​ទិញលក់បានធ្វើឡើងរវាងម្ចាស់ដី និងអ្នកទិញប៉ុណ្ណោះ ដោយគ្មានការចូលរួមដឹងលឺពីអាជ្ញាធរឡើយ៕

វិនិយោគិនបរទេសពីររូបជឿជាក់ថាសេដ្ឋកិច្ចរបស់កម្ពុជានឹងប្រសើរឡើងវិញនៅពេលឆាប់ៗនេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងពេលកម្ពុជាកំពុងប្រឈម នឹងវិបត្តិនៃជំងឺកូវីដ១៩ វិនិយោគិនបរទេសពីររូប ដែលមកពីប្រទេសបារាំងនិងសិង្ហបុរី បានបង្ហាញពីសុទិដ្ឋិនិយមរបស់ខ្លួនចំពោះសេដ្ឋកិច្ចកម្ពុជាថា នឹងល្អប្រសើរឡើងវិញនៅពេលឆាប់ៗ។

លោក Pierre Balsan វិនិយោគិនមកពីប្រទេសបារាំង និងលោក Allen Dodgson Tan វិនិយោគិនមកពីប្រទេសសិង្ហបុរី ដែលជាអ្នកវិនិយោគនាំយកនូវក្រុមហ៊ុនម៉ាកយី​ហោលំដាប់ពិភពលោកមកកាន់កម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា វិស័យសេដ្ឋកិច្ចនឹងងើបឡើងវិញនៅពេលឆាប់ៗនេះ ជាពិសេសវិស័យទេសចរណ៍ ដែលនឹងធ្វើឱ្យអាជីវកម្មរបស់ពួកគេនៅកម្ពុជានឹងទទួលបានផលល្អប្រសើរ ។

លោក Allen Dodgson Tan វិនិយោគិនមកពីប្រទេសសិង្ហបុរីបានថ្លែងថា កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ នឹងត្រលប់មកប្រទេសកម្ពុជាវិញ ដោយជំរុញឱ្យតម្រូវការអ្នកប្រើប្រាស់សម្ភារៈម៉ាកល្បីសម្រាប់វណ្ណៈកណ្ដាល នឹងកើនឡើងកាន់តែខ្លាំងនៅពេលខាងមុខ”។ លោកបន្តថា “ឧស្សាហកម្មទេសចរនឹងមានការរីកចម្រើនជាថ្មី ដោយមានការគាំទ្រធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានអនុវត្តន៍”។

លោកបន្តថា វិនិយោគិនបរទេសនឹងចូលមកប្រទេសកម្ពុជា ដើម្បីដាក់ទុនវិនិយោគឡើងវិញ នៅពេលមានក្រុមហ៊ុនល្បីៗចូលមកជាបន្តបន្ទាប់ ហើយវានឹងនាំមកនូវប្រាក់ចំណូលរដ្ឋ ដោយការបង់ពន្ធអាជីវកម្ម នាំមកនូវឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជា និងជំនាញបទពិសោជន៍សម្រាប់ប្រជាជនកម្ពុជា។

ចំណែកលោក Pierre Balsan វិនិយោគិនមកពីប្រទេសបារាំងវិញក៏បានឱ្យដឹងផងដែរថា ការចូលមកវិនិយោគរបស់លោក ក្នុងប្រទេសកម្ពុជាក្នុងពេលកំពុងមានវិបត្តិនេះ គឺជាឱកាសមួយ ដោយមិនចាំទាល់តែចប់វិបត្តិទើបចូលមកនោះទេ។ លោកថា កាលពីប្រទេសចិន កំពុងមានវិបត្តិធ្ងន់ធ្ងរដោយសារតែកូវីដ១៩ កាលនោះមានមានក្រុមហ៊ុនមួយចំនួន ក៏ទទួលបានផលប្រយោជន៍ ពីការវិនិយោគនៅក្នុងប្រទេសចិន ខណៈវិនិយោគិនជាច្រើន បានខ្លាចរអារពីមេរោគកូវីដ១៩និងវិបត្តិសេដ្ឋកិច្ចដែរ ។

លោកជឿជាក់ថា “អ្វីៗនឹងប្រសើរឡើងវិញ ហើយនឹងរុញឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដូចជាសេដ្ឋកិច្ចពិភពលោកទាំងមូល មករកភាពប្រក្រតីវិញនៅពេលខាងមុខនេះ”។

មន្ត្រីជាន់ខ្ពស់កម្ពុជាធ្លាប់បានបញ្ជាក់ថា ដោយសារតែវិបត្តិកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ២០២១ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មិនសម្រេចតាមការព្យាករណ៍ របស់ស្ថាប័នអន្តរជាតិធំៗនៅកម្ពុជានោះទេ តែបើសិនជាស្ថានភាពកូវីដ១៩ធូរស្រាលមកវិញ នៅអំឡុងត្រីមាសចុងក្រោយ កម្ពុជាអាចនឹងសម្រេចបាននូវការព្យាករណ៍នោះវិញ៕

លោកឧកញ៉ាលឹម ហេងៈបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើងជារៀងរាល់ឆ្នាំ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានអះអាងថា បរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទួរស័ព្ទកាលពីរសៀលថ្ងៃទី១៦ សីហាកន្លងមកថា តាមរយៈការដាក់ចេញនូវគោលនយោបាយ កំនែទម្រង់ជាបន្តបន្ទាប់ បានធ្វើឲ្យកម្ពុជា កាត់បន្ថយបានច្រើននូវការិយាធិបតេយ្យ ដែលធ្វើឲ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើងជារៀងរាល់ឆ្នាំ។

លោកបន្តថា “គោលនយោបាយកំណែទម្រង់់ជាច្រើន បានកាត់់បន្ថយការិយាធិបតេយ្យ ព្រោះការិយាធិបតេយ្យនឹងធ្វើឲ្យមានលិខិតស្នាមច្រើន និងមានតម្លៃថ្លៃលើសេវាកម្ម ដែលនាំឲ្យមានបញ្ហាប្រឈម ក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង”។លោកបន្តថា “មើលឃើញបញ្ហានេះហើយ ទើបសម្តេចតេជោបានដាក់ចេញគោលនយោបាយកាត់បន្ថយការិយាធិបតេយ្យ ​​តាមរយៈការបង្កើតវេទិការវាងរដ្ឋ និងវិស័យឯកជន ការផ្តួចផ្តើមបង្កើតរដ្ឋាភិបាលឌីជីថលជាដើម”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ជាមួយគ្នានេះច្បាប់វិនិយោគថ្មី ដែលនឹងអនុម័តដោយរដ្ឋសភាជាតិ និងឡាញប្រហត្តលេខាពីព្រះមហាក្សត្រ ដើម្បីដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ នឹងជួយទាក់ទាញអ្នកវិនិយោគអន្តរជាតិជាច្រើនកាន់តែច្រើន ព្រោះ​ច្បាប់វិនិយោគថ្មីនេះនឹងផ្តល់ការគាំពារ និងលើកទឹកចិត្តអ្នកវិនិយោគមកកម្ពុជា កាន់តែច្រើនថែមទៀត។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារកម្ពុជាធ្លាប់បានមានប្រសាសន៍ថា អ្នកវិនិយោគអន្តរជាតិ មុនចូលទៅវិនិយោគនៅប្រទេសណាមួយ ពួកគេតែងតែសិក្សាលើមូលដ្ឋានបីជាសំខាន់ដូចជា ទី១ ស្ថេរភាពនយោបាយរយៈពេលវែង ទី២ ស្ថេរភាពសង្គម និងទី៣ ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសនោះ ពិសេសច្បាប់បទដ្ឋានគតិយុត្តិ ដែលលើកទឹកចិត្ត និងមិនបង្កភាពស្មុគស្មាញដល់អ្នកវិនិយោគ។

លោកបន្តថា “កម្ពុជាបានបំពេញនូវលក្ខខ័ណ្ឌទាំងបីយ៉ាងល្អប្រសើរ ដែលអាចទាក់ទាញអ្នកវិនិយោគ អន្តរជាតិមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ លោកបន្តថា “ការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ក៏ធ្វើឲ្យកម្ពុជាទាក់ទាញការវិនិយោគពីអន្តរជាតិផងដែរ ព្រោះអ្នកវិនិយោគពួកគេសហវែងរកប្រាក់ចំណេញ ហេតុនេះពួកគេនឹងសម្លឹងរកប្រទេសមានចំណូលខ្ពស់ ដោយសារអំណាចទិញមានការកើនឡើង៕

បុរីនិងផ្សារទំនើបតម្លៃជិត១០លានដុល្លារនៅស្រុកកៀនស្វាយនៅតែបន្តឆ្ពោះទៅមុខ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ បុរីនិងផ្សារទំនើបកៀនស្វាយផាក ដែលបានបោះទុនវិនិយោគជិត១០លានដុល្លារអាមេរិកនៅតែបន្តសាងសង់ និងឆ្ពោះទៅមុខ ទោះបីកម្ពុជាប្រឈមមុខនឹងវិបត្តិកូវីដ១៩ក្តី។

លោកឧកញ៉ានួន រិទ្ធី អគ្គនាយកបុរីកៀនស្វាយផាកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៦ សីហាកន្លងមកថា ការសាងសង់បុរីនេះ ក្នុងដំណាក់កាលទី១បានបញ្ចប់ហើយ និងកំពុងសាងសង់ដំណាក់កាលទី២ សាងសង់បាន៥០ភាគរយ ខណៈ​ដំណាក់កាលទី៣ នឹងសាងសង់នាពេលខាងមុខ។ លោកបន្តថា ដោយសារបញ្ហាជំងឺកូវីដ ការលក់លំនៅដ្ឋានក្នុងបុរីនេះ ហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែការសាងសង់នៅតែបន្ត ដោយសារទំនុកចិត្តពីអតិថិជន។

លោកបន្តថា “ការសាងសង់ផ្សារទំនើបក្នុងបុរីនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២២ខាងមុខ ព្រោះតំបន់នេះមានសក្តានុពល នៅពេលផ្លូវក្រវ៉ាត់ក្រុងទី៣សាងសង់រួច និងបានតភ្ជាប់មកកានតំបន់នេះ”។ លោកបន្តថា “លំនៅដ្ឋានក្នុងបុរីកៀនស្វាយ ផាកមានតម្លៃចាប់ពីជាង៥០,០០០ ដល់ជាង៧៥,០០០ដុល្លារអាមេរិក ជាមួយនឹងការសាងសង់ ផ្តោតលើគុណភាពសំណង់ សោភ័ណភាព និងផ្តល់ផាសុខភាពដល់អ្នករស់នៅ”។

លោកឧកញ៉ានួន រិទ្ធី បានបន្តថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តមានភាពរីកចម្រើន ពិសេសការទិញលក់ដីធ្លីបានបន្តកើនឡើង បើទោះជាផ្នែកផ្សេងទៀតក្នុងវិស័យនេះបានរងផលប៉ះពាល់ខ្លះក្តី ប៉ុន្តែវាមិនមានសភាពធ្ងន់ធ្ងរខ្លាំងនោះទេ ដោយសារតែកម្ពុជាមានមូលដ្ឋានច្បាប់ បទដ្ឋានគតិយុត្តិនានា ដែលទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិ អាចបើកក្រុមហ៊ុនដោយមានទុន១០០ភាគរយ និងអាចទិញផ្ទះពីជាន់ទី១ជាដើម។

លោកឧកញ៉ាបានបន្តថា អ្នកមានបំណងចាប់អារម្មណ៍ទិញលំនៅដ្ឋាន ក្នុងបុរីកៀនស្វាយ ផាកស្ថិតនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់មានការរីកចម្រើនលឿន និងអាចប្រកបអាជីវកម្មបានសូមទំនាក់ទំនងលេខទូរស័ព្ទ០១៧ ៧៩៦៦៣៣៕

អភិបាលខេត្តកំពង់ស្ពឺៈអ្នកវិនិយោគចិនមួយក្រុមនឹងវិនិយោគលើផ្ទៃដី២០០ហិកតានៅតំបន់មួយក្នុងខេត្តកំពង់ស្ពឺ

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៦ សីហាកន្លងមកថា អ្នកវិនិយោគចិនមួយក្រុម នឹងសហការវិនិយោគលើ​រោងចក្រ សហគ្រាសនៅស្រុកមួយក្នុងខេត្តកំពង់ស្ពឺនាពេលខាងមុខ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា អ្នកវិនិយោគក្នុងស្រុកមួយក្រុម ដែលមានដីទំហំ២០០ហិកតា បានមកជួបលោកនៅថ្ងៃម្សិលម៉ិញនេះ ដើម្បីបង្ហាញពីគម្រោងរបស់ពួកគេ ដោយសហការជាមួយអ្នកវិនិយោគមកពីប្រទេសចិន ដើម្បីសាងសង់រោងចក្រ សហគ្រាសនៅតំបន់នេះ។

លោកបន្តថា “តាមគំរោងអ្នកវិនិយោគចិនទាំងនោះ នឹងមកជួបខ្ញុំនៅខែកញ្ញាខាងមុខនេះ”។
ទោះជាយ៉ាងណាលោកមិនទាន់បង្ហើបពីទីតាំងគំរោងនេះទេ ដោយសារបារម្ភពីដីឡើងថ្លៃ ប៉ុន្តែលោកបង្ហើបថា ទីតាំងនេះស្ថិតនៅស្រុកមួយ ដែលមិនមានចម្ងាយឆ្ងាយពីទីរួមខេត្តពេកនោះទេ។

លោកវ៉ី សំណាងបានបន្តថា នៅពេលបងប្អូនខាងសារព៌តមាន សរសេរពីគម្រោងវិនិយោគនៅតំបន់ណា តម្លៃដីតែងតែកើនឡើង ដែលវាជាបញ្ហាប្រឈមមួយរបស់អ្នកវិនិយោគ។លោកបន្តថា ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសនៅតែបើកដំណើរការ ដោ​យមិនមានសញ្ញាណាមួយរារាំងផលិតកម្មឡើយ បើទោះបីជាកម្ពុជាមានការឆ្លងរាលដាលជំងឺកូវីដ១៩ក្តី។

លោកបន្តថា “ដោយសារចង្វាក់ផលិតកម្មនៅតែបន្ត ខ្ញុំសង្កេតឃើញថារោងចក្រ សហគ្រាសជាច្រើន នៅតែបន្តរើសបុគ្គលិកចូលបំពេញការងារដដែល”។

ខេត្តកំពង់ស្ពឺ អាចចាត់ទុកជា Central មួយ ដែលមានផ្លូវជាតិសំខាន់ៗឆ្លងកាត់ដូចជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូវជាតិលេខ៤១ ផ្លួវជាតិលេខ៥១ ផ្លូវជាតិលេខ៤៤ជាដើម។

លោកវ៉ី សំណាងបានបន្តថា ខេត្តកំពុងជម្រុញឲ្យមានការអភិវឌ្ឍច្រើន នៅតំបន់ផ្លូវជាតិលេខ៤១ ៥១ និងផ្លូវជាតិលេខ៤៤ សំរាប់ជាតំបន់រោងចក្រ សហគ្រាសនានា ព្រោះ​មូលដ្ឋានឧស្សាហកម្មនៅតំបន់នេះ មានភាពល្អប្រសើរ សម្រាប់តភ្ជាប់ទៅផ្លូវជាតិសំខាន់ៗ ក្នុងការសម្រួលការដឹកជញ្ជូនទំនិញទៅកាន់ខេត្តព្រះសីហនុ៕

ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកធំពីរបោះទុន១លានដុល្លារបង្កើតវគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យសំរាប់មនុស្ស១០០០នាក់

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យធំៗចំនួនពីរ គឺក្រុមហ៊ុនអចលនទ្រព្យ LSCG និង ក្រុមហ៊ុន Milky-Way Realty Investment PLC បានបោះទុនដំបូងរួមគ្នា១លានដុល្លារ បង្កេីតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន១០០០នាក់។

ការបណ្តុះបណ្តាលនេះ នឹងធ្វើឡើងតាមបច្ចេកវិទ្យាទំនើប របស់ប្រទេសចិន និងបច្ចេកវិទ្យារបស់ខ្មែរ ដើម្បីឆ្លើយតបទៅនឹងតំរូវការទីផ្សារអចលនទ្រព្យជាតិ និងអន្តរជាតិនាពេល បច្ចុប្បន្ន និងពេលអនាគត ។

អគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយបានមានប្រសាសន៍ឲ្យដឹងក្នុងពិធី​ចុះហត្ថលេខាកាលពីចុងសប្តាហ៍មុនថា ស្ថិតក្នុងតំណាក់កាល ដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ហើយបាននឹងកំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យអចលនទ្រព្រក៏មានការរីកចំរើន និងបានដើរតួនាទីយ៉ាងសកម្ម ដែលជាឆ្អឹងខ្នងសេច្ឋកិច្ចជាតិ ទោះបីមានការរំខានខ្លះៗពីជំងឺរាតត្បាតកូវីត១៩ក៏ដោយ ។

លោកបន្ថែមទៀតថា “ការសហការណ៍បោះទុន បង្កើតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន១០០០នាក់នេះ គឺជាចំណុចចាប់ផ្តើមដំបូង ដែលក្រុមហ៊ុនយើងទាំងពីរបានគិតគួរតាំងពីជាង២ឆ្នាំមុនកូវីតមកម្លេះ”។ លោកបន្តថា “ប៉ុន្តែដោយសារតែស្ថានភាពនៃជំងឺរាតត្បាតកូវីត១៩ ចេះតែបន្តអូសបន្លាយ ទើបបណ្តាលអោយក្រុមហ៊ុន យើងទាំងពីរ ពន្យាពេលចាប់ផ្តើមគំរោងមកទល់ពេលបច្ចុប្បន្ននេះ”។

ទន្ទឹមគ្នានោះដែរ លោក ប៉ាត់ ចំណាន ជា សហស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Milky-Way Realty Investment PLC បានបន្ថែមទៀតថា ដោយមើលឃើញឱកាសក្នុងការសហការ រវាងក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យដូចគ្នា។ យើងបានផ្តោតទៅលើបច្ចេកវិទ្យាផ្សារភ្ជាប់ជាមួយអចលនទ្រព្យ ដោយយើងអាចបង្វឹកភ្នាក់ងារអចលនវត្ថុ ឲ្យមានជំនាញច្បាស់លាស់ ដើម្បីឆ្លើយតបចំពោះទីផ្សារបច្ចុប្បន្ន។

លោកបន្តថា “ក្រុមហ៊ុនបានសំរេចចិត្តវិនិយោគរួមគ្នា ដោយច្របាច់ platform នៃក្រុមហ៊ុនទាំងពីរ និងបានបង្កើតវគ្គបណ្តុះបណ្តាល ភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន ១០០០នាក់ ដើម្បីជំរុញការរីកចម្រើនក្នុងវិស័យនេះ”៕

សេដ្ឋកិច្ចប្រទេសចិនស្ថិតក្រោមការគំរាមកំហែងដោយសារការធ្លាក់ចុះចង្វាក់ផលិតកម្មនិងវិស័យលក់រាយ

ដោយ សុជាតា

ប្រទេសចិនៈ សេដ្ឋកិច្ចរបស់មហាយក្សចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២លើពិភពលោក កំពុងប្រឈមមុខនឹងសម្ពាធដោយសារបញ្ហាមួយចំនួន ដែលគំរាមកំហែងដល់ចក្ខុវិស័យរួមរបស់ប្រទេសនេះ។

យោងតាមការចេញផ្សាយ ដោយភ្នាក់ងារព័ត៌មានអន្តរជាតិReuters បានលើកឡើងថា ចង្វាក់ផលិតកម្មរបស់ប្រទេសចិន និងវិស័យលក់រាយនៅប្រទេសនេះ បានធ្លាក់ចុះគួរអោយកត់សំគាល់នៅខែកក្កដា ឆ្នាំ២០២១ ដោយសារតែការរាលដាលនៃមេរោគ Covid 19  បំលែងថ្មី និងការរំខាននៃគ្រោះទឹកជំនន់ ដែលបានបង្អាក់ប្រតិបត្តិការអាជីវក  ម្មនានា។

បើតាមតួលេខការិយាល័យស្ថិតិជាតិ បានបង្ហាញកាលពីថ្ងៃចន្ទឲ្យដឹងថាផលិ​តកម្ម ឧស្សាហកម្ម របស់ប្រទេសចិនបានកើនឡើង៦.៤ភាគរយ នៅកក្កដាឆ្នាំ ២០២១ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកវិភាគលើកឡើងថា ផលិតកម្មឧស្សាហកម្មរំពឹងថានឹងកើនឡើង៧.៨ ភាគរយនៅខែកក្កដា កន្លងទៅនេះ។ ចំនែកឯការលក់រាយរំពឹងថាកើនឡើង៨.៥ ភាគរយ តិចជាងការព្យាករណ៍១១.៥ ភាគរយ ដោយអ្នកជំនាញ។

សេដ្ឋកិច្ចរបស់ប្រទេសចិនរំពឹងទុកថា នឹងងើបឡើងវិញដូចកាលមុនវិបត្តិ Covid 19 ប៉ុន្តែការងើបឡើងនេះ គឹដើរយឺតជាងរំពឹងទុក ដោយសារតែការចំណាយថ្លៃដើមខ្ពស់ និង ការប្រឈមមុខនឹងការផ្គត់ផ្គង់។ ជាងនេះទៀត ការឆ្លងកូវី ១៩ ថ្មីនៅខែកក្កដា បាននាំរឹតបណ្តឹងថ្មី និងការរំខានផលិតកម្មរោងចក្រ នៅក្នុងប្រទេសដែលប៉ះពាល់ដោយអាកាសធាតុអាក្រក់ផងដែរ។

លោក Fu  linghui អ្នកនាំពាក្យការិយាល័យស្ថិតិជាតិបានលើកឡើងថា កំណើននៃការនាំចេញទំនិញ បានបន្តធ្លាក់ចុះនៅខែកក្កដាកន្លងទៅនេះ។ លោកបន្ថែមទៀតថាការងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងស្រុក នឹងប្រឈមមុខនឹងបញ្ហាប្រឈមមុខជាច្រើន និង ការកំណត់តឹងរ៉ឹងនូវចង្វាក់ផលិតកម្មបានបន្តកើនឡើង។

ចក្ខុវិស័យនៃកំណើនសេដ្ឋកិច្ចចិន

មានការលើកឡើងនៃអ្នកវិភាគមួយចំនួន ដែលបានបន្ទាបកំណើនសេដ្ឋកិច្ចនៅត្រីមាសទីបី ដោយរំពឹងទុកថាកើនឡើងត្រឹមតែ៧.៩ ភាគរយនៅឆ្នាំ ២០២១។

អ្នកវិភាគខាងធនាគារ ANZ បានព្យាករណ៍កំណើន ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានថយចុះពី៨.៨ភាគរយ ទៅ៨.៣ ភាគរយនៅឆ្នាំ ២០២១។

ធនាគារកណ្តាលរបស់ប្រទេសចិន បានកាត់បន្ថយសាច់ប្រាក់ ក្នុងប្រព័ន្ធធនាគារដែលត្រូវរក្សាទុកទុនបំរុងកាតព្វកិច្ចនៅខែកក្កដា ហើយនឹងរំពឹងទុកថា ការកាត់បន្ថយសាច់ប្រាក់បន្ថែមទៀតដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច។

យោងតាមតួលេខដដែលបានបង្ហាញអោយដឹងថា ការវិនិយោគខាងអចលទ្រព្យ ដែលជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច បានកើនឡើង១២.៧ ភាគរយពីខែមករា រហូត ទៅកក្កដា ពោលគឺកើនឡើង១៥ភាគរយ នៅឆមាសទីមួយឆ្នាំ២០២១។ ជាងនេះទៀត តម្លៃទិញផ្ទះថ្មី បានកើនឡើងក្នុងអត្រាយឺត នៅខែកក្កដាកន្លងទៅនេះ ស្របពេលដែលអជ្ញាធរ បានរឹតបន្តឹងវិធាននៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន៕