កម្ពុជាបាននាំយករ៉ែមាសជាលើកដំបូងទៅធ្វើការបន្សុទ្ធនៅប្រទេសអូស្រ្តាលី

កម្ពុជាបាននាំយករ៉ែមាសជាលើកដំបូងទៅធ្វើការបន្សុទ្ធនៅប្រទេសអូស្រ្តាលី

ដោយៈតារារះ

ភ្នំពេញៈ មន្រ្តីអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា រ៉ែមាសរបស់កម្ពុជាប្រមាណជាង១០០គីឡូក្រាមត្រូវបាន នាំចេញទៅធ្វើការបន្សុទ្ធនៅក្នុងប្រទេសអូស្រ្តាលីជាលើកដំបូងរួចហើយ និងកំពុងនាំចេញជាលើកទី២នៅថ្ងៃខាងមុខទៀត។

កម្ពុជាបាននាំយករ៉ែមាសជាលើកដំបូងទៅធ្វើការបន្សុទ្ធនៅប្រទេសអូស្រ្តាលី

លោកយស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ឲ្យដឹងកាលពីម្សិលម៉ិញនេះថា បន្ទាប់ពីបន្សុទ្ធជាមាស៩.៩ហើយក្រុមហ៊ុនអូស្រ្តាលី នឹងដាក់លក់មាសនៅលើទីផ្សារអន្តរជាតិតែម្តង។លោកបន្តថា គិតមក​ដល់ពេលនេះ ការចម្រាញ់យករ៉ែមាសនៅខេត្តមណ្ឌលគិរី បានប្រព្រឹត្តទៅជិត២ខែរួចមកហើយ ដោយចាប់ពីថ្ងៃដំណើរការដំបូងពីថ្ងៃ២១ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅ។

លោកបន្តថា ក្រុមហ៊ុនរបស់អូស្ត្រាលីកំពុង តែប្រតិបត្តិការចម្រាញ់រ៉ែមាសនេះជាប្រចាំថ្ងៃ ដែលក្នុងរយៈពេលជិត២ខែមកនេះ ក្រុមហ៊ុនបានចម្រាញ់រ៉ែមាសបានប្រមាណ ១០០ គីឡូហើយបានបញ្ជូនទៅធ្វើការ បន្សុទ្ធនៅប្រទេសអូស្ត្រាលី បន្ទាប់ពីធ្វើការបន្សុទ្ធរួចហើយរ៉ែមាសនេះ នឹងដាក់លក់នៅលើទីផ្សារអន្តរជាតិតែម្ដង ហើយរាជរដ្ឋាភិបាលនឹងទូទាត់ប្រាក់ពន្ធទៅតាមកិច្ចព្រមព្រៀង។

លោកយស មុនីរ៉ាត់ បានមានប្រសាសន៍ថា ការចម្រាញ់រ៉ែមាសបានប្រព្រឹត្តទៅដោយរលូន ដែលជាដំណាក់កាលចាប់ផ្ដើមដំបូង នៃផែនការគឺក្រុមហ៊ុននឹងបន្តចម្រាញ់ ជាបន្តបន្ទាប់រហូតមក។ យើងបានអនុវត្តការនាំចេញបានជាបណ្ដើរៗ ហើយយើងបាននាំចេញជាលើកទី១រួចហើយ ឥឡូវយើងកំពុងរៀបចំនាំចេញនៅជើងទី២បន្តទៀត។ អញ្ចឹងយើងផលិតបានមកដល់ពេលនេះ វាបានជាង១០០ គីឡូក្រាមហើយគិតជាលេខមូល គឺយើងបាននាំទៅធ្វើការបន្សុទ្ធ នៅក្នុងប្រទេសអូស្ត្រាលី ដើម្បីអោយវាក្លាយទៅជាមាស ៩.៩ ហើយដាក់លក់នៅទីផ្សារអន្តរជាតិតែម្ដង។

លោកពន្យល់ថា តម្លៃមាស មិនមានអ្វីដែលត្រូវឲ្យយើងមានការព្រួយបារម្ភនោះទេ ដោយសារថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិគឺវាចេញ គ្រប់ម៉ោងប្រចាំថ្ងៃ ដូច្នេះនៅពេលដែលក្រុមហ៊ុនលក់ គឺយើងអាចដឹងពីតម្លៃហាងឆេងមាស នៅលើទីផ្សារនៅពេលនោះហើយ។ ដូច្នេះរាជរដ្ឋាភិបាលអាចទូទាត់តម្លៃពន្ធ ទៅតាមនោះតែម្តង។

រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ប្រតិបត្តិការ​ចម្រាញ់​រ៉ែ​មាស ​លើក​ដំបូង​របស់​ខ្លួនក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដែល ​វិនិ​យោគ​ដោយ​ក្រុមហ៊ុនអូស្រ្តាលី កាលពីថ្ងៃទី ២១ ខែ មិថុនា ២០២១ ហើយ​​រំពឹង​ថា​ នឹង​ទទួលបាន​ចំណូល​ពី​អាជីវកម្ម​នេះ​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

អាជីវកម្ម​រ៉ែ​មាស​ក្នុង​តំបន់​អូរ​ខ្វាវ​នៃ​ខេត្ត​មណ្ឌលគិរី ​លើ​ទំហំ​ផ្ទៃដី​ជាង​១៨.០០០​ហិកតា ​ដោយ​ក្រុមហ៊ុន​ រ៉ឺនេសង់ មីនើរ៉ល ខេម​បូឌា ​(Renaissance Minerals Cambodia Limited)​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ​Emerald Resources ដែល​មាន​មូលដ្ឋាននៅ​ក្នុង​ទីក្រុង​ Perth ​ប្រទេស​អូស្រ្តាលី៕

តើពន្ធលើ​អចលនទ្រព្យ​ទាំង៤​ប្រភេទ​នៅ​កម្ពុជា​គ្រប​ដណ្តប់​លើ​ផ្នែក​អ្វី​ខ្លះ

តើពន្ធលើ​អចលនទ្រព្យ​ទាំង៤​ប្រភេទ​នៅ​កម្ពុជា​គ្រប​ដណ្តប់​លើ​ផ្នែក​អ្វី​ខ្លះ

ដោយៈវ៉ាត វិន

ភ្នំពេញៈ ពន្ធលើអចលនទ្រព្យនៅប្រទេសកម្ពុជា ត្រូវបានបែងចែងជា៤ប្រភេទសំខាន់ៗ​ដូចជា ពន្ធលើអចលនវត្ថុ ពន្ធលើដីទំនេរ(ដីមិនបានប្រើប្រាស់) ពន្ធលើការផ្ទេរអចលនទ្រព្យ និងពន្ធលើការជួល។

ដូច្នេះក្នុងនាមជាអ្នកលក់​ អ្នកទិញ និងម្ចាស់អចលទ្រព្យ ​​ អ្នកគួរស្វែងយល់បន្ថែមអំពីពន្ធទាំងនេះ ដើម្បីជាចំណេះដឹងមូលដ្ឋាន ជៀសវាងរាល់ការចំណាយ និងការផាកពិន័យមិនចាំបាច់ផ្សេងៗ។

ពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យសំដៅលើពន្ធដី ផ្ទះ អគារ​​ ឬសំណង់ផ្សេងៗដែលសង់ជាប់ដី ដោយស្ថិតក្នុងទីតាំងជាក់លាក់ណាមួយ ក្នុងតំបន់ទីក្រុង។​​ ពន្ធនេះចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ០.១ភាគរយ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃលើ​សពី១០០លានរៀល ឬស្មើនឹង ២៥,០០០ ដុល្លារអាមេរិក។ តម្លៃទីផ្សារអចលនទ្រព្យត្រូវបានវាយតម្លៃ ដោយណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ ប្រភេទអចលនទ្រព្យមួយចំនួន ត្រូវបានលើកលែងដូចជា ដីកសិកម្ម ដីរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ អចលនទ្រព្យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងអគារដែលកំពុងសាងសង់ (សាងសង់ក្រោម ៨០%) ហើយដែលមិនទាន់ត្រូវបានប្រើប្រាស់។

ពន្ធលើដីទំនេរ ឬដីមិនបានប្រើប្រាស់
ពន្ធលើ​ដីធ្លី​មិនបាន​ប្រើប្រាស់​នេះ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងឆ្នាំ១៩៩៥ ត្រូវបានកំណត់​លើដីប្រភេទលំនៅដ្ឋាន​ ដែល​គ្មាន​សំណង់ និង​ដី​ដែលមាន​សំណង់តែត្រូវបាន​បោះបង់​ ដែលស្ថិតនៅក្នុង​ទីក្រុង​នានា និង​ក្នុង​តំបន់ទាំងឡាយណា ដែល​កំណត់ដោយ​គណៈកម្មកា​រ​វាយតម្លៃ​ដី​មិនបាន​ប្រើប្រាស់។​ ពន្ធនេះត្រូវបានកំណត់ក្នុងអត្រា២ភាគរយ ទៅតាមតម្លៃទីផ្សារនៃដីក្នុងមួយម៉ែត្រការ៉េ។

ពន្ធប្រថាប់ត្រា​ (ពន្ធលើការផ្ទេរអចលនទ្រព្យ​)
ពន្ធប្រថាប់ត្រានេះ ត្រូវបានកំណត់ក្នុងអត្រា៤ភាគរយ ដោយ​គណៈកម្មកា​រ​វាយតម្លៃអចលនទ្រព្យ ផ្អែកតាមតម្លៃទីផ្សារទិញលក់ និងផ្ទេរកម្មសិទ្ធនៃអចលនទ្រព្យនោះ។ ជាទូទៅពន្ធនេះ គឺជាកាតព្វកិច្ចរបស់អ្នកទិញ ប៉ុន្តែអាចផ្លាស់ប្ដូរបានអាស្រ័យលើកិច្ចសន្យាទិញលក់ ហើយអ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល ៣ខែក្រោយពីការផ្ទេរកម្មសិទ្ធិ​។

ពន្ធលើឈ្នួលអចលនទ្រព្យ
ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានអនុវត្តន៍លើប្រជាជនខ្មែរ និងជនបរទេស​ដែលជាម្ចាស់នៃអចលនទ្រព្យដាក់ជួល​ ប៉ុន្តែត្រូវបានកំណត់អត្រាពន្ធកាត់ទុកផ្សេងគ្នា។ ចំពោះប្រជាជនខ្មែរ ត្រូវបង់ពន្ធកាត់ទុកចំនួន១០%​​ ចំណែកជនបរទេសត្រូវបង់ពន្ធ​១៤% ពីប្រាក់ចំណូល ដែលពួកគេទទួលបានពីការជួល អចលនទ្រព្យជារៀងរាល់ឆ្នាំ៕

ប្រភព៖ Harbor Property

លោកឧកញ៉ាភួ ពុយៈទីផ្សារអចលនទ្រព្យនៅក្រុងបាត់ដំបងនៅតែដំណើរការ ស្របពេលផ្ទះលំហែរកាន់តែមានប្រជាប្រិយភាព

ដោយៈគង់ សូរិយា

បាត់ដំបងៈ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោកឧកញ៉ាភួ ពុយបានមានប្រសាសន៍ថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅក្រុងបាត់ដំបង នៅតែមានការទិញលក់យ៉ាងល្អប្រសើរ បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក្តី។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៧ សីហានេះថា សកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងខេត្តនៅតែដំណើរការធម្មតា ដោ​យ​បច្ចុប្បន្នការសាងសង់បុរី បានរីករាដាលទៅប៉ែកខាងជើងក្រុង ពិសេសតំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៥ និងតំបន់ឯកភ្នំ។ លោកបន្តថា ហេតុផលចំនួនពីរ ដែលធ្វើឲ្យទីផ្សារអចលនទ្រព្យក្នុងខខេត្តនៅតែដំណើរការល្អ និងកំពុងមានភាពល្អប្រសើរថែមទៀតនាពេលអនាគតត។

ហេតុផលទាំងពីរនោះ រួមមាន ទី១ តម្លៃអចលនទ្រព្យដែលបានសាងសង់លក់ មានភាពសមរម្យ ហើយរបៀបនៃការរស់នៅរបស់ប្រជាពលរដ្ឋបានផ្លាស់ប្តូរ ទី២ ការផ្លាស់ប្តូររបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលខ្លះពីមុនពួកគាត់លក់ក្នុងផ្សារ គេងនៅក្នុងផ្សារ តែពេលនេះពួកគាត់មានពេលចេញដើរលំហែរ មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ឋនៅតាមជាយក្រុង។

លោកឧកញ៉ាភួ ពុយបានបន្តថា ហេតុផលនេះហើយ បានធ្វើឲ្យទីផ្សារលំនៅដ្ឋានផ្ទះបែបលំហែរមានការកើនឡើង និងមានប្រជាប្រិយភាពសំរាប់ប្រជាពលរដ្ឋ ដោយផ្ទះបែបនេះ​មានទេសភាពល្អ មានសួនច្បារ និងមានតម្លៃសមរម្យ ដែលផ្ទះនិមួយៗមានតម្លៃចន្លោះពី​ជាង៣ម៉ឺន ទៅ៥ម៉ឺនដុល្លារអាមេរិក ដោយមានបន្ទប់គេង និងបន្ទប់ទឹកចន្លោះពីរ២ទៅ៣បន្ទប់គេង។

លោកបន្តថា បច្ចុប្បន្នមានបុរីធំៗជាច្រើនបាន និងកំពុងសាងសង់នៅក្នុងខេត្ត ពិសេសតំបន់ស្ថិតនៅក្បែរផ្សារភួ ពុយ ដែលឥលូវនេះ តំបន់នេះមានផ្ទះប្រមាណ២០០០ខ្នង ប្រៀបបាននឹងទីក្រុងរណបមួយរួចទៅហើយ។

រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការ សាងសង់ផ្លូវតភ្ជាប់ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបង ក្នុងគោលដៅសំខាន់ៗចំនួន៣ ទី១ សម្រួលការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដឹកជញ្ជូន ដោយសារវាមានចម្ងាយជិតបើធៀប នឹងផ្លូវតភ្ជាប់តំបន់ទាំងពីរខាងលើ ទី២ រៀបចំខ្សែច្រវ៉ាក់ទេសចរណ៍ តាមមរយៈការដឹកជញ្ជូនភ្ញៀវទេសចរណ៍ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបង ដោយធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរណ៍ សំរាករយៈពេលវែងនៅកម្ពុជា និងទី៣ រដ្ឋាភិបាលមានគោលដៅកសាងប៉ម នៅកណ្តាលបឹងទន្លេ​សាប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍សំរាកលំហែរ និងគយគន់ទេសភាពដ៏ស្រស់ស្អាតលើបឹងទន្លេសាប។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏បាននិងកំពុងរៀបចំផែនការស្តារឡើងវិញ នូវព្រលានយន្តហោះខេត្តបាត់ដំបងផងដែរ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានផ្តល់ការងា​រ និងសិទ្ឋសម្រេចទៅរដ្ឋបាលខេត្តបាត់ដំបង ដើម្បីសម្រេចលើផែនការស្តារព្រលាន​យន្តហោះនេះឡើងវិញ ដោយរដ្ឋលេខាធិការដ្ឋាន នឹងជួយសម្របសម្រួលលើការងារបច្ចេកទេសមួយចំនួនផងដែរ៕

ខេត្តបាត់ដំបងរៀបចំផែនការប្រើប្រាស់ដីលើមូលដ្ឋានឃឃុំចំនួន៣០ដើម្បីងាយស្រួលរៀបចំផែនការអភិវឌ្ឈន៍

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងអនុលោមភាពលើសេចក្ដីព្រាងផែន​ការប្រើប្រស់ដី នៅក្នុងឃុំគោលដៅចំនួន៣០នៅក្នុងមូលដ្ឋានខេត្ត។

លោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមសិក្ខាសាលាគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងអនុ​លោមភាពលើសេចក្ដីព្រាងផែនការ ប្រើប្រស់ដីនៅក្នុងឃុំគោលដៅចំនួន៣០ តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង (Zoom) ។

គោលបំណង នៃផែនការប្រើប្រាស់ដីនៅក្នុងឃុំ គឺជាផែនការរូបវ័ន្តដែលសិក្សាប៉ាន់ប្រមាណពីសក្តានុពលដីធនធានទឹក និងសិក្សាពីលទ្ធភាពផ្សេងៗ ក្នុងការប្រើប្រាស់ដី ព្រមទាំងលក្ខខណ្ឌសេដ្ឋកិច្ច សង្គមកិច្ចដើម្បីធ្វើការជ្រើសរើសនូវជម្រើសដ៏ល្អបំផុត ក្នុងការប្រើប្រាស់ដី សំដៅជួយពង្រឹងយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍលើគ្រប់វិស័យក្នុងឃុំ/សង្កាត់ ។ ពិនិត្យជារួម ផែនការប្រើប្រាស់ដីនៅក្នុងឃុំ ជាឧបករណ៍មួយដ៏សំខាន់ដែលជួយដល់ក្រុមប្រឹក្សាឃុំ ក៏ដូចជាដល់អ្នកពាក់ព័ន្ធទាំងអស់នៅថ្នាក់ក្រោមជាតិ ក្នុងការរួមចំណែកដល់ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព និងសមធម៌។

ការចងក្រងរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ ក្នុងគោលបំណងសំខាន់ៗជាច្រើនដូចជា ទី១ រៀបចំផែនការប្រើប្រាស់គ្រប់គ្រងធនធានដី និងធនធានធម្មជាតិប្រកប​ដោយប្រសិទ្ធិភាព ជាពិសេសកាត់បន្ថយទំនាស់នានា ដែលកើតពីការប្រើប្រាស់ដីនៅមូលដ្ឋាន។ ទី២ គាំទ្រកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយនិរន្តភាព និងសមធម៌ ទី៣ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈបង្កើនផលិតកម្មស្រូវ និងការនាំចេញអង្ករ។

ទី៤ សម្រេចឲ្យបាននូវផែនការប្រើប្រាស់ដី នៅក្នុងឃុំស្របតាមស្ថានភាព និងសក្តានុពលដីជាក់ស្តែង ឆ្លើយតបចំពោះសេចក្តីត្រូវការរបស់អាជ្ញាធរនានា និងប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការប្រើប្រាស់ដីនិងធនធានធម្មជាតិឲ្យចំទិសដៅ និងទី៥រួមចំណែកគ្រប់គ្រងដីរដ្ឋដែលមាន នៅក្នុងឃុំឲ្យបានល្អប្រសើរតាមតួនាទី(មុខងារជាតំណាងរដ្ឋនិងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន)ការកសាងផែនការ៕

 

លោកស្រីតាំង ហួរៈដីធ្លីក្រៅក្រុងនឹងកាន់តែមានហាងឆេងនៅពេលពលរដ្ឋនៅភ្នំពេញកាន់តែមានភាពជីវភាពធូរធារ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះគេសង្កេងឃើញថា សន្ទុះនៃការទិញដីធ្លីនៅក្រៅក្រុង (ក្រៅរាជធានី) កាន់តែមានច្រើនឡើងៗ ជាពិសេសនៅខេត្តតំបន់ទេសចរ​ណ៍ ហើយអ្នកដែលទិញដីនៅក្រៅក្រុងភាគច្រើន ជាអ្នកនៅរាជធានីភ្នំពេញដូច្នេះហាងឆេងដីធ្លីនៅតំបន់តាមបណ្ដាខេត្ត នឹងកាន់តែមានសន្ទុះកើនឡើងខ្លាំងជាងនេះថែមទៀតនៅពេលពលរដ្ឋ នៅរាជធានីភ្នំពេញកាន់តែមានជីវភាពធូរធារ។

លោកស្រីតាំង ហួរ ប្រធានក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសនាព្រឹកថ្ងៃទី១៧ សីហានេះថា អ្នកធ្វើការនៅរាជធានីភ្នំពេញ ដែលធុញថប់នឹងជីវិតរស់នៅទីក្រុង ហើយមានលទ្ធភាពសមល្មមក៏ទិញដីនៅក្រៅក្រុង ដោយសង់ជាផ្ទះតូចល្មមសម្រាប់ ទៅសម្រាកលំហែនៅពេលឈប់សម្រាក ឬថ្ងៃចុងសប្ដាហ៍ជាមួយក្រុមគ្រួសារ ដូចជា ទៅដាំបន្លែបង្កានានា និងត្រលប់ចូលមកក្រុងវិញ នៅថ្ងៃធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រជាដើម ។

លោកស្រីបន្តថា អ្នកខ្លះទៀតក៏ទៅទិញដីនៅ តំបន់រមណីយដ្ឋានតាមខេត្ត ដូចជានៅតំបន់សមុទ្រ អ្នកខ្លះ នៅដៃសមុទ្រ ឬអ្នកខ្លះទៀតក៏ទៅទិញនៅតំបន់ភ្នំ ហើយសង់ផ្ទះមួយសម្រាប់ទៅសម្រាកថ្ងៃឈប់សម្រាក ជាមួយគ្រួសារ និងត្រលប់មកស្នាក់នៅក្រុងវិញ នៅថ្ងៃធ្វើការ ។

លោកស្រីតាំង ហួរបានបន្តថា “កត្តាទាំងនេះនឹងធ្វើឱ្យហាងឆេងដីធ្លី នៅក្រៅក្រុងនឹងមានតម្រូវការខ្ពស់ហើយមានហាងឆេង នៅពេលដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេ​ញកាន់តែមានជីវភាពធូរធានិងចង់បានដីសម្រា់បសង់ជាផ្ទះលំហែកាន់តែច្រើន”។លោកស្រីបន្តថា បច្ចុប្បន្ននេះ ក៏មានប្រជាជននៅរាជធានីភ្នំពេញជាច្រើន បានទិញផ្ទះជាបុរីស្នាក់នៅជាយៗរាជធានីភ្នំពេញផងដែរ ពីព្រោះតែមិនចង់ស្នាក់នៅក្នុងក្រុង ហើយដូចបានឃើញស្រាប់ហើយតំបន់ជាយៗក្រុង កំពុងតែមានការអភិវឌ្ឍលំនៅឋាន យ៉ាងមមាញឹក ក្នុងនោះដែរ ក៏មានការបែងចែកទៅតាមតំបន់ផងដែរ”។

តំបន់ផ្លូវជាតិ៦អា គេឃើញថាបានក្លាយជាបណ្ដុំបុរីលំនៅឋានធំៗ កំពុងសាងសង់ហើយវាបានពង្រីកស្ទើរ តែដល់ស្ពានព្រែកតាមាក់ទៅហើយ។

លោកស្រីតាំង ហួរបានបន្តថា “យើងឃើញបុរីធំៗ បានដាក់ទីតាំងវិនិយោគរបស់ខ្លួនទៅកាន់ផ្លូវជាតិលេខ៦អាច្រើន ដោយសារតែតំបន់នោះ មានការអភិវឌ្ឍលឿននិងមានសក្ដានុពលខ្ពស់”៕

ដំណឹងល្អៈសម្តេចតេជោប្រកាសទិញផ្លែមៀនពីកសិករដែលជួបបញ្ហានៅ ព្រំដែនកម្ពុជា ថៃ

ដោយគង់ សូរិយា

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញ ទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។

មន្ដ្រីជាន់ខ្ពស់នៅបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឲ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង នាយករងខុទ្ទកា​ល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន, តាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង

ដូច្នេះសូមប្រជាកសិករដែលមានផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទំនាក់ទំនងមកក្រុមការងាររបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។ ទីកន្លែងទទួលទិញ ក្នុងសាលាខេត្តបាត់ដំបង ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖

*ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737
*ទី២៖ លោក ស៊ុន ម៉េងហៃ ទូរស័ព្ទលេខ៖ 088 903 7777។

ផ្លែមៀនប៉ៃលិន របស់សហគមន៍កសិកម្មមៀនប៉ៃលិន ចំនួន៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាត ព្រោះមិនអាចនាំចេញបាន។

លោកតំ សុភ័ណ្ឌ រដ្ឋបាលសហគមន៍កសិកម្មមៀនប៉ៃលិន បានប្រាប់បណ្តាញព័​ត៌មានថា ផ្ទៃដីដាំដុះមៀនប៉ៃលិនរបស់កសិករ ជាសមាជិកមានចំនួន២,៩០០ហិកតា នៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ចាប់ផ្តើមដល់រដូវកាលប្រមូលផលហើយ នៅខែសីហានេះ ដែលអាចនឹងប្រមូលផលបានប្រមាណជាង៥ម៉ឺនតោន។

លោកបន្តថា នៅពេលនេះបញ្ហារបស់សហគមន៍មៀនប៉ៃលិន គ្មានទីផ្សារសម្រា​ប់នាំចេញបាន ដោយកន្លងទៅពឹងផ្អែកលើការនាំចេញទៅថៃ ហើយថៃនាំចេញបន្តទៅចិន។ ប៉ុន្តែពេលនេះ មិនអាចនាំចេញទៅប្រទេសថៃបានឡើយ។ លោកបញ្ជាក់ថា កន្លងទៅសហគមន៍កសិកម្មមៀនប៉ៃលិន ធ្លាប់បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ឲ្យជួយដល់កសិករផងដែរ តែមិនទាន់មានដំណោះស្រាយឡើយ ហើយរដ្ឋមន្ត្រីកសិកម្ម ក៏ធ្លាប់បានអញ្ជើញទៅដល់សហគមន៍ដោយផ្ទាល់ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាលក់មៀនមិនចេញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែសីហាបានចេញប្រកាសព័ត៌មានមួយ ដោយជំរុញអ្នកនាំចេញបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ។ ក្រសួងកសិកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ គួររួមគ្នាផលិតផលខ្មែរ ក្រោមរូបភាពខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ប្រជាកសិករ ពិសេសសហគមន៍មៀនប៉ៃលិន៕

 

ក្រុមហ៊ុនLG Display គ្រោងបោះទុន២,៨ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិតអេក្រង់ទូរស័ព្ទ និងទូរទស្សន៍

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុន LG Display Co Ltd បានប្រកាសនៅថ្ងៃអង្គារ ទី១៧ សីហា នេះថា ខ្លួនមានគម្រោងបោះទុនវិនិយោគចំនួន៣.៣ទ្រីលានវ៉ុន (២.៨ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រផលិតទូរស័ព្ទ និងទូរទស្សន៍។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA ឱ្យដឹងថា ក្រុមហ៊ុនផលិតអេក្រង់ទូរស័ព្ទ និងទូរទស្សន៍របស់កូរ៉េខាងត្បូង មួយនេះបាននិយាយថា ការវិនិយោគនេះនឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១ នេះរហូតដល់ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រុមហ៊ុននេះបានគូសបញ្ជាក់ថា ការវិនិយោគនេះ នឹងធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ការផលិតអេក្រង់ OLED ជំនាន់ទី៦ ហើយតាមការរំពឹងទុករោងចក្រនេះ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៤។ ទោះជាយ៉ាងណា អ្នកនាំពាក្យដដែលមិនបានបញ្ជាក់លម្អិតបន្ថែមទៀតនោះទេ។

ក្រុមអ្នកវិភាគបានលើកឡើងថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន LG Display នៅក្នុងការពង្រីកការផលិតអេក្រង់ OLED បានធ្វើឱ្យខ្លួនទទួលបានប្រាក់ចំណេញ ប្រតិបត្តិការប្រសើរជាងការរំពឹងទុកនៅក្នុងត្រីមាសទី២ ដល់៧០១ពាន់លានវ៉ុន (៦០៧លានដុល្លារអាមេរិក)។

អេក្រង់ OLED ជាប្រភេទអេក្រង់ ដែលផ្ដល់គុណភាពរូបភាពច្បាស់ល្អ ម៉ត់ និងត្រជាក់ភ្នែក ហើយមានតែទូរទស្សន៍ស៊េរីថ្មីៗ របស់ក្រុមហ៊ុន LG និងក្រុមហ៊ុន Sony ប៉ុណ្ណោះដែលបំពាក់អេក្រង់ OLED៕

ប្រជាពលរដ្ឋរស់នៅទីក្រុងបូកគោរំពឹងមូលដ្ឋានរបស់ខ្លួននឹងមានការអភិវឌ្ឍន៍ លឿនជាងមុន

ដោយៈតារា

កំពតៈ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋបាលក្រុងបូកគោ បានបង្ហាញក្តីសប្បាយរីករាយ ក្រោយពេលបានទទួលដំណឹងស្តីពី ការដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការកាលពីថ្ងៃទី១២ ខែសីហាកន្លងមកនេះ ។

ពួគគាត់ជឿជាក់ថា ភូមិដ្ឋានរបស់គាត់ នឹងមានការអភិវឌ្ឍន៍លឿនជាងមុន ហើយការងាររកស៊ីទទួលទាន និងការទទួលសេវាផ្សេងៗពីរដ្ឋ កាន់តែងាយស្រួល និងប្រសើរជាងមុនដែរ។

អាជីវករលក់ដូរគ្រឿងអលង្ការ និងសម្លៀកបំពាក់នៅផ្សារត្រពាំងរពៅ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ លោកស្រី ច្រិបបានឲ្យដឹងនាព្រឹកថ្ងៃទី១៧ សីហានេះថា គ្រាន់តែបានឭដំណឹងថា រដ្ឋបាលក្រុងបូកគោ ត្រូវបានប្រកាសដាក់ឲ្យដំណើរការ លោកស្រីមានសេចក្តីត្រេកអរ សប្បាយចិត្តណាស់ ព្រោះពេលភូមិដ្ឋានរបស់ខ្លួន ត្រូវបានកាត់បញ្ចូលជាក្រុង អ្នកវិនិយោគប្រាកដជាមកច្រើនជាងមុន ទាំងវិស័យទេសចរណ៍ និងក្រុមហ៊ុនឧស្សាហកម្មផ្សេងៗ ធ្វើឲ្យមនុស្សមកច្រើន ការលក់ដូរដាច់ ជីវភាពក៏ប្រសើរជាងមុន។

ម្យ៉ាងទៀតកន្លែងទទួលសេវាផ្សេងៗពីរដ្ឋ ក៏នៅជិតផ្ទះ មិនពិបាកធ្វើដំណើរទៅឆ្ងាយដូចមុនឡើយ។

លើកឡើងស្រដៀងគ្នានេះ លោក ស្រីឈុន ផេងណាយ រស់នៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ បានប្រាប់ឲ្យដឹងដែរថា គ្រាន់តែខេត្តប្រកាសដាក់ឲ្យដំណើរការក្រុងបូកគោភ្លាម ក្រុមហ៊ុនវិនិយោគជាច្រើនបានចាប់ផ្តើមដាក់គ្រឿងចក្រ ដំណើរការសាងសង់ទីស្នាក់ការក្រុមហ៊ុនខ្លួន នៅខាងមុខផ្ទះក៏មាន ក្រោយផ្ទះក៏មាន។

ពលរដ្ឋទាំងនោះជឿជាក់ថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ភូមិដ្ឋានរបស់ពួកគេ ក៏ដូចជាក្រុងបូកគោទាំងមូល  និងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ មិនចាញ់ក្រុងកំពតឡើយ។

ក្រុងបូកគោមានបីសង្កាត់ ក្នុងនោះសង្កាត់បឹងទូក មាន៣ភូមិ, សង្កាត់កោះតូច មាន៤ភូមិ និងសង្កាត់ព្រែកត្នោត មានភូមិចំនួន៤ មានប្រជាជន៥.០២៤គ្រួសារ ស្មើនឹង ២៣.៣១៦នាក់។

អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍បូកគោលែនដ៏ លោកCoolor Tanបានមានប្រសាសន៍ថា ទីក្រុងបូកគោនឹងមានការរីកចម្រើនលឿន ដោយសារវាជាទីក្រុងដែលមាន​ទស្សនទានអភិវឌ្ឍន៍ជាទីក្រុងបៃតង ដែលផ្តល់ការគាំពារដល់បរិស្ថាន ពិសេសទីក្រុងនេះបានទាក់ទាញអ្នកអភិវឌ្ឍន៍ជាច្រើនរួចមកហើយ និងកំពុងបន្ត ដើម្បីអភិវឌ្ឍន៍នៅទីក្រុងនេះស្របតាមផែនការនិងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។

លោកបន្តថា “ដោយសារទីតាំងមានភាពអំណោយផល លើលក្ខខ័ណ្ឌអាកាសធាតុ សណ្ឋានដី និងទេសភាពព្រៃភ្នំ តម្លៃដីធ្លីនៅទីក្រុងបូកគោ នឹងកើនឡើងលឿននាពេលខាងមុខ”៕

រដ្ឋមន្រ្តីសេដ្ឋកិច្ចៈកម្ពុជាអាចសម្រេចបានកំនើនសេដ្ឋកិច្ចត្រឹម២,៤ភាគរយនៅឆ្នាំនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នថ្លែងថា កម្ពុជារំពឹងសម្រេចបានកំនើនសេដ្ឋកិច្ច៤,០ភាគរយនៅឆ្នាំ​២០២០ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  រួមនឹងវត្តមានវីរុសបំប្លែងថ្មីDelta បានធ្វើឲ្យកំណើនកម្ពុជានៅឆ្នាំនេះ អាចសម្រេចបានកំនើនមកនៅត្រឹម២,៤ភាគរយ។

លោកអគ្គបណ្ឌិតសភាចារ្យបានថ្លែងក្នុងសិក្ខាសាលា ស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ ជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាតាមរយៈវីដេអូZoomនាព្រឹកថ្ងៃទី១៧ សីហានេះថា ដូចបណ្តាប្រទេសនានានៅលើសកលលោក ដែលឆ្នាំ២០២០ ជាឆ្នាំដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ជួបការលំបាកបំផុតជាប្រវត្តិសាស្រ្តធ្វើឲ្យកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះក្នុងអត្រា-៣,១ភាគរយ ដោយសារការធ្លាក់ចុះតម្រូវការសកល ការបង្អាក់ដល់ខ្សែច្រវាក់ផលិតកម្មសកល ដែលបង្ករឡើងដោយជំងឺកូវីដ១៩។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានបន្តថា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ ក្នុងទំហំប្រមាណ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់សកម្មភាពអាជីវកម្ម  ប៉ុន្តែដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ  ទំហំថវិកាសម្រាប់អន្តរាគមន៍កូវីដ១៩ អាចមានដល់១.៤៥៤លានដុល្លារ។

លោកបន្តថា “ការដែលមានថវិកាប្រើប្រាស់នៅគ្រាអាសន្ន មិនមែនជាការដៃដន្យនោះទេ ប្រាក់សន្សំនេះកើតចេញពីការគិតគូរ ប្រកបដោយភាពមធ្យ័តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល”។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា ទោះបីជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ  កម្ពុជាយើងប្រឈមនឹងវិបត្តិជំងឺរាតត្បាតកូវីដ១៩  ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវ​ភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាក្តី  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយើងនៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានកាត់បន្ថយផល់ប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចឱ្យស្ថិតក្នុងកម្រិតទាប។

លោកជំទាវបន្តថា “អ្វីដែលពិសេស និងគួរឱ្យកត់សម្គាល់នោះគឺ ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩  រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការសង្គ្រោះ ការពារអាយុជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងដោយសារជំងឺនេះ ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយមិនបានទទួលការព្យាបាល បានថែទាំងអ្នកកើតជំងឺកូវីដដោយមិនគិតថ្លៃ និងបានប្តេជ្ញាចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាជនឱ្យបានយ៉ាងតិច១០លាននាក់នៅក្នុងឆ្នាំនេះ”។

លោកជំទាវឃួន សុដារីបានបន្តថា យុទ្ធសាស្ត្រវ៉ាក់សាំងនេះ បានទទួលជោគ ជ័យគួរឱ្យកត់ សម្គាល់ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតនេះ ដោយសារតែមានការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចនាយករដ្ឋមន្ត្រី និងដោយមានការចូលរួមគាំទ្រពីប្រទេសជាមិត្ត សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋរបស់យើង៕

ការលក់ផ្ទះថ្មីនៅសិង្ហបុរីកើនឡើងរហូតដល់៨២,២ភាគរយក្នុងខែកក្កដា ទោះជាមានវិធានការកូវីដ-១៩ យ៉ាងតឹងរ៉ឹង

ដោយៈសុខុម

សិង្ហបុរី: ការលក់ផ្ទះឯកជនថ្មីៗនៅសិង្ហបុរី មានសន្ទុះកើនឡើងខ្ពស់រហូតដល់ទៅ៨២,២%ក្នុងខែកក្កដា ទោះជាបីមានវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩យ៉ាងណាក្ដី ហើយការកើនឡើងនេះកើតមានឡើង ក្រោយពីធ្លាក់ចុះ  រយៈពេល៣ខែជាប់គ្នា។

យោងតាមទិន្នន័យដែលបានចេញដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (Urban Redevelopment Authority) កាលពីថ្ងៃច័ន្ទ ទី១៦ សីហា បង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍន៍នានាលក់ផ្ទះ បានរហូតដល់ទៅ១.៥៨៩យូនីតក្នុងខែកក្កដា បើធៀបទៅនឹងចំនួន៨៧២យូនីតដែលលក់បានក្នុងខែមិថុនា ដោយនេះមិនទាន់ទាំងរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) ផងទេ។

ទំហំនៃកំនើននេះបានធ្វើឱ្យខែកក្កដា ក្លាយជាខែដែលលក់ផ្ទះបានច្រើន បំផុតទី២ ប្រចាំឆ្នាំ២០២១ បន្ទាប់ពីផ្ទះចំនួន១.៦៣៣យូនីត បានលក់ដាច់ក្នុងខែមករា ដើមឆ្នាំនេះ។

ការអភិវឌ្ឍលំនៅដ្ឋាននៅតំបន់ជាយក្រុង បានទាក់ទាញអ្នកទិញច្រើនបំផុតនៅក្នុងខែកក្កដា ដោយក្រុមហ៊ុនអភិវឌ្ឍន៍នានា លក់ផ្ទះបានចំនួន១.០១២យូនីតនៅតំបន់ Outside Central Region លក់បាន៤៣៨យូនីតនៅតំបន់ Rest of Central Region និងលក់បាន១៣៩យូនីតនៅតំបន់ Core Central Region។

*ការបារម្ភខ្លាចផ្ទះឡើងថ្លៃខ្ពស់

ក្រុមអ្នកវិភាគបានលើកឡើងថា តម្រូវការខ្ពស់នៅខែកក្កដា ត្រូវបានជំរុញដោយកត្តាផ្សេងៗគ្នា រួមមាន ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ចង់លក់ ដាក់ឱ្យបានច្រើនបន្ថែមទៀតនៅមុនរដូវកាលសែនឆេងម៉េង ចូលមកដល់ ព្រមទាំងអ្នកទិញបារម្ភខ្លាចផ្ទះហក់ឡើងថ្លៃខ្ពស់ផងដែរ។

ការលក់ផ្ទះដែលមានសន្ទុះកើនឡើងខ្ពស់នេះ បានកើតមានឡើយគួរឱ្យសាទរ ទោះបីជារដ្ឋាភិបាល បានដាក់ចេញវិធានការរឹតបន្តឹងនានា ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី២២ ខែកក្កដាយ៉ាងណាក្ដី។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកសិក្សាស្រាវជ្រាវ និងវិភាគមកពីក្រុមហ៊ុនអចលនទ្រព្យ OrangeTee & Tie’s senior បានលើកឡើងថា “វិធានការរឹតបន្តឹងនានាហាក់មិនធ្វើឱ្យប៉ះពាល់ ដល់ទីផ្សារអចលនទ្រព្យច្រើនឡើយ។ ការលក់បានកើនឡើងក្នុងគម្រោងជាច្រើន នៅពេលអ្នកទិញសម្រុកទិញលំនៅដ្ឋានឯកជន”។

ទន្ទឹមនេះ លោក Ismail Gafoor នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PropNex Realty ក៏បានលើកឡើងដែរថា “ដំណឹងអំពីហាងឆេងដីឡើងថ្លៃខ្លាំង បានធ្វើឱ្យមនុស្សជាច្រើនដឹងថា តម្លៃផ្ទះនៅថ្ងៃអនាគតទំនងជាហក់ឡើងបន្ថែមទៀត ទើបបានជាពួកគេសម្រុ​កទិញទាន់តម្លៃនៅល្អ”៕