អ្នកជំនាញបីរូបបង្ហាញទស្សនវិស័យទាក់ទងនឹងការអភិវឌ្ឍនិងទីផ្សារលំនៅដ្ឋាន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការសង្កេតជាក់ស្ដែងឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេ​សកម្ពុជា បានបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ទោះស្ថិតនៅក្នុងវិបត្តិនៃជំរឺរាតត្បាតកូវីដ១៩ក្ដី។

ប៉ុន្តែបើក្រលេកទៅមើលតាមបុរីមួយចំនួន ដែលសង់រួចរាល់មិនសូវមានអ្នកស្នាក់នៅទេ តែឃើញតែក្រដាសបិទប្រកាសលក់ឬជួលទៅវិញ ដែលសបញ្ជាក់ពីវិបត្តិហិរញ្ញវត្ថុសម្រាប់អ្នកទិញបង់រំលស់។

បើតាមអ្នកជំនាញនៃវិស័យអចលនវត្ថុមួយចំនួនមើលឃើញថា តម្រូវការជាក់ស្ដែងមិនសូវមានទេ តែអ្នកអភិវឌ្ឍបានបន្តសកម្មភាពរបស់ខ្លួន ដើម្បីទុកបំពេញតម្រូវការលំនៅឋាននៅពេលអនាគត គឺនៅពេលចប់វិបត្តិកូវីដ១៩។ យ៉ាងណាក្ដី អ្នកជំនាញអចលនទ្រព្យមួយចំនួនវិញ ក៏បានលើកឡើងថាផលប៉ះពាល់ពីជំងឺកូវីដ១៩ មកវិស័យអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេស ពិតជាមានហើយដែលវាបានរងប៉ះពាល់ ប៉ុន្តែវាស្ថិតនៅលើប្រភេទតម្លៃផ្ទះនីមួយៗ ។

លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើងថា ប្រភេទលំនៅឋានតម្លៃ ក្រោម៥ម៉ឺនដុល្លារអាមេរិក មិនសូវជារងផលប៉ះពាល់ខ្លាំងនោះទេ ពីព្រោះអ្នកទិញលំនៅឋានប្រភេទនេះភាគច្រើន ជាអ្នកធ្វើការជាបុគ្គលិកក្រុមហ៊ុន ហើយពួកគាត់ពឹងផ្អែកលើប្រាក់ខែ។ ដូចយើងបានឃើញហើយថា ទោះបីជាក្រុមហ៊ុនមានបញ្ហាក្ដីតែក្រុមហ៊ុននៅតែបន្តបើកប្រាក់ខែជូនបុគ្គលិក និងមានក្រុមហ៊ុនមួយចំនួនបានកាត់បន្ថយបុគ្គលិក។

លោកឧកញ៉ាបានបន្តថា ដោយឡែកលំនៅឋានតម្លៃពី៥ម៉ឺនដុល្លារអាមេរិកដល់១០ម៉ឺនដុល្លារអាមេរិក គឺមានផលប៉ះពាល់ធ្ងន់ធ្ងរ ពីព្រោះអ្នកទិញផ្ទះប្រភេទនេះ ភាគច្រើនជាអាជីករ ដែលមានអាជីវកម្មលក្ខណៈខ្នាតតូច ហើយបើសិនជាស្ថានភាពកូវីដ១៩កាន់តែរាលដាល ផលប៉ះពាលល់លើអាជីវកម្មរបស់អតិថិជន ក៏នៅតែបន្តដូច្នេះហើយទើបធ្វើឱ្យផលប៉ះពាល់កាន់តែខ្លាំង។

លោកបានលើកឡើងថា បើពិនិត្យជាក់ស្ដែងទៅតម្រូវការលំនៅឋាន ជាក់ស្ដែងមិនសូវជាមានទេ ហើយអ្នកទិញបច្ចុប្បន្ននេះជាអ្នកដែលមានផ្ទះរួចហើយ តែពួកគាត់ទិញដើម្បីវិនិយោគគឺទុកលក់បន្តទៅវិញ ពីព្រោះក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន បានផ្ដល់លក្ខខ័ណ្ឌងាយ ៗដោយរំលស់១០០ភាគរយដល់អតិថិជន ដូច្នេះហើយពួកគេក៏ទិញរំលស់និងប្រកាសលក់ពេលសាងសង់រួចដើម្បីចំណេញ។

ជាមួយគ្នានេះ លោកកែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតក៏បានលើកឡើងផងដែរថា អ្នកទិញលំនៅឋានដែលក្រុមហ៊ុនអភិវឌ្ឍន៍បានអភិវឌ្ឍន៍នៅខេត្តកំពត ភាគច្រើនជាអ្នកភ្នំពេញហើយ ជាអ្នកដែលមានលំនៅឋានរួចហើយ និងទិញដើម្បីវិនិយោគប៉ុណ្ណោះ មិនមែនជាការទិញដើម្បីស្នាក់នៅនោះទេ។

ចំណែកលោកគាម សៀកឡុងប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property ក៏បានឱ្យដឹងថា ការអភិវឌ្ឍលំនៅឋាននៅពេលនេះ វាអាចមិនមែនជាការផ្គត់ផ្គង់នៅពេលបច្ចុប្បន្ន តែជាការផ្គត់ផ្គង់នៅពេលអនាគត។

លោកបន្តថា “ក្រុមអភិវឌ្ឍន៍គេបានដឹងថា ទីផ្សារពិតជាមានផលប៉ះពាល់ តែគេនៅតែបន្តសកម្មភាព អភិវឌ្ឍរបស់ពួកគេ ពីព្រោះបើសិនជាពួកគេបញ្ឈប់ ឬផ្អាកសម្មភាពនោះនឹងធ្វើឱ្យក្រុមហ៊ុនរបស់ពួកគេខូចឈ្មោះ និងត្រូវបានវាយតម្លៃថាក្ស័យធន់ ឬស្មើនឹងដួលរលំ ដូច្នេះយ៉ាងណាក៏អ្នកវិនិយោគធំៗ នៅតែបន្តអភិវឌ្ឍគម្រោងដែលបានគ្រោងទុកដដែល៕

ស្ថាទូតចិនអះអាងថា ពហុកីឡដ្ឋានមរតកសម្តេចតេជោបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យរួចហើយ

ដោយៈសហការី

ភ្នំពេញៈ ស្ថានទូតចិនប្រចាំកម្ពុជាបានអះអាងថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យហើយ។

យោងតាមការជូនដំណឹងរបស់ស្ថានទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ។ នេះបានបង្ហាញពីអត្ថន័យសំខាន់នៃ នាវាមិត្តភាព រវាងចិន និងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ

តាមការបញ្ជាក់របស់ស្ថានទូតចិននៅកម្ពុជា គម្រោងខាងលើនេះ មានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រក្រឡា គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមិទ្ធភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗ ពិសេសនឹងក្លាយជាពហុកីឡ   ​ដ្ឋានដ៏សំខាន់ សម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ។

ស្ថានទូតចិនបានបញ្ជាក់ថា “នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ន និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” រវាងចិន និងកម្ពុជា”។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងកាលពីថ្មីៗថា បច្ចុប្បន្នគ្រប់មុខងារ នៃការសាងសង់ពហុកីឡ​ដ្ឋានជាតិមរតក​តេជោបានចប់សព្វគ្រប់ហើយ នៅសល់តែការរៀបចំហេដ្ឋារចនាសម្ព័ន្ធតិចតួចទៀតប៉ុណ្ណោះ។ ដូច្នេះក្នុងពេលឆាប់ៗខាងមុខ ភាគីចិននឹងធ្វើការប្រគល់សំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះ មកដល់ NOCC គ្រប់គ្រង និងថែរក្សា៕

ទីផ្សារលំនៅដ្ឋាននៅអាមេរិក ងើបឡើងយ៉ាងរហ័ស ខណៈបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានមានទំនុកចិត្ត

ដោយៈសុខុម

ញូវយ៉ក: ទំនុកចិត្តរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន នៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល៣ខែជាប់ៗគ្នាក្នុងខែសីហា ខណៈអត្រាការប្រាក់ទាបខ្លាំង បានជំរុញឱ្យមានសកម្មភាពទិញលក់ផ្ទះយ៉ាងផុសផុល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

យោងតាមទិន្នន័យ ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ សីហា ឱ្យដឹងថា នេះជាសញ្ញាបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅសហរដ្ឋអាមេរិក ទទួលបានលទ្ធផលល្អប្រសើរគួរឱ្យភ្ញាក់ផ្អើលអំឡុងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩។

ទោះជាយ៉ាងណា ក្នុងពេលជាមួយគ្នានេះ ចំនួនម្ចាស់ផ្ទះកាន់តែច្រើនឡើងក៏កំពុងយឺតយ៉ាវ នៅក្នុងការបង់ប្រាក់កម្ចីទិញផ្ទះ ដែលគិតជាទំហំច្រើនលានដុល្លារ ដោយសារតែគ្មានការងារធ្វើ ហើយនេះជាសញ្ញាបង្ហាញថា ការងើបឡើងនៃទីផ្សារការងារកំពុងតែធ្លាក់ចុះ។

សន្ទស្សន៍ទីផ្សារលំនៅដ្ឋានសហរដ្ឋអាមេរិក NAHB/Wells Fargo Housing Market Index (HMI) បានកើនឡើង៦ពិន្ទុដល់៧៨ពិន្ទុ ជាអត្រាខ្ពស់មិនធ្លាប់មានដែលអាចប្រៀបបានទៅនឹងអត្រាក្នុងឆ្នាំ១៩៩៨។

ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទៅលើអ្នកជំនាញសេដ្ឋកិច្ចចំនួន៣០រូបបង្ហាញថា ពិន្ទុបានកើនឡើងដល់៧៣ពិន្ទុ បើធៀបនឹង៧២ពិន្ទុនៅក្នុងខែកក្កដា។

ការវាស់ស្ទង់របស់សន្ទស្សន៍ ទីផ្សារលំនៅដ្ឋានអាមេរិក(NAHB) ទៅលើការលក់លំនៅដ្ឋានទាំងពេលបច្ចុប្បន្ន និងសម្រាប់ពេលអនាគតសុទ្ធតែល្អប្រសើរឡើង។

ទោះជាយ៉ាងណា ស្របពេលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន មានទំនុកចិត្តកើនឡើងខ្ពស់ ម្ចាស់ផ្ទះកាន់តែច្រើន ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ក៏បានផ្អាកបង់ប្រាក់កម្ចីទិញផ្ទះរស់ខ្លួន។ នេះបើយោងតាមរបាយការណ៍ដាច់ដោយឡែកមួយ។

យោងតាមរបាយការណ៍របស់សមាគមធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះ Mortgage Bankers Association បានឱ្យដឹងថា អត្រាការយឺតយ៉ាវ នៅក្នុងការបង់ប្រាក់កម្ចីទិញផ្ទះបានកើនឡើង៨,២%ក្នុងត្រីមាសទី២ ដោយកើនឡើងជិត៤% បើធៀបទៅនឹងត្រីមាសទី១ និងជាការកើនឡើងប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មាន៕

សេដ្ឋវិទូម៉ី កល្យាណៈកម្ពុជាមានមូលដ្ឋានក្តីសង្ឃឹមសំរាប់កំនើនសេដ្ឋកិច្ចតាមការព្យាករណ៍របស់រដ្ឋាភិបាល

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ សេដ្ឋវិទូបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចជាង៤ភាគរយរបស់រដ្ឋាភិបាល សំ​រាប់់ឆ្នាំ២០២២ខាងមុខ អាចទុកចិត្តបាន។

លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹងងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៨ សីហានេះថា បណ្តាប្រទេសអ្នកមានបានគ្រប់គ្រងជំងឺកូវីដបានល្អ ចាក់វ៉ាក់សាំងបានច្រើន គេមានលុយច្រើន ដែលធ្វើឲ្យ​សេដ្ឋកិច្ចរបស់ពួកគេងើបឡើងវិញលឿន ហេតុនេះកម្ពុជាមានសង្ឃឹមជាងមុនលើមូលដ្ឋានកំនើនរបស់ខ្លួន ព្រោះបណ្តាប្រទេសរីកចម្រើននានាមានសេដ្ឋកិច្ចកើនឡើង ក៏ផ្តល់ភាពអំណោយផលដល់ការនាំចេញរបស់កម្ពុជាផងដែរ។

លោកបន្តថា “អ្វីៗដែលជាការព្យាករណ៍របស់រដ្ឋាភិបាល គឺអាចទុកចិត្តបាន និងអាចធ្វើទៅបាន ព្រោះយើងបានគ្រប់គ្រងជំងឺកូវីដបានល្អ និងការចាក់វ៉ាក់សាំងបានលឿន រហូតដល់ជាង៨០ភាគរយ”។លោកបន្តថា “ក្នុងការសិក្សារបស់ខ្ញុំបានបង្ហាញថា មានតែប្រទេសអ្នកមានប៉ុណ្ណោះ ដែលអាចចាក់វ៉ាក់សាំងបានល្អបែបនេះ តែកម្ពុជាអាចធ្វើបានល្អផងដែរ ដែលនេះជាមោទនភាពមួយសំរាប់រដ្ឋាភិបាល”។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា ការសម្រេចបាននូវការចាក់វ៉ាក់សាំងបានរហូតជាង៨០ភាគរយ ជាការខិតខំរបស់រដ្ឋាភិបាល ដែលបានធ្វើការងារច្បាស់លាស់ មុតមាំ និងម៉ត់ចត់បំផុត នេះជាមោទនភាពមួយ។

ថ្លែងនៅក្នុងសិក្ខាសាលាស្វែងយល់អំពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញZoom ក្រោមអធិបតីភាព  លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២  នៃរដ្ឋសភា  នៅកាលពីព្រឹកថ្ងៃទី១៧ ខែសីហា  ឆ្នាំ២០២១នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា  សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៤,៨ភាគរយក្នុង ឆ្នាំ២០២២ ដោយសារកម្ពុជាមានលទ្ធភាពស្តារសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេលឆាប់ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋ បង្កើតឱ្យមានស៊ាំក្នុងសហគមន៍ធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព។

លោកបន្តថា “នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ ក្នុងទំហំប្រមាណ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពល​រដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់សកម្មភាពអាជីវកម្ម  ប៉ុន្តែដោយ​សារមានព្រឹត្តិការណ៍២០កុម្ភៈ  ទំហំថវិកាសម្រាប់អន្តរាគមន៍កូវីដ១៩ អាចមានដល់១.៤៥៤លានដុល្លារ”។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “ការដែលមានថវិកាប្រើប្រាស់នៅគ្រាអាសន្ន មិនមែនជាការដៃដន្យនោះទេ ប្រាក់សន្សំនេះកើតចេញពីការគិតគូរ ប្រកបដោយភាពមធ្យ័ត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល”៕

 

ដំណឹងល្អៈការដ្ឋានសំណង់ចំនួន៥២៧កំពុងសាងសង់នៅក្រុងព្រះសីហនុជាមួយទុនវិនិយោគជាង៨៣០០លានដុល្លារក្នុងរយៈពេល៥ឆ្នាំ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការដ្ឋានសំណង់បាននិងកំពុងបន្តចាប់ផ្តើមឡើងវិញ ចំនួន៥២៧អាគារ នៅក្រុងព្រះសីហនុ ស្របពេលផែនការអភិវឌ្ឍន៍ទីក្រុងនេះ ជាទីក្រុងពហុបំណងបាននិងកំពុងចាប់ផ្តើម។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តព្រះសីហនុបានឲ្យដឹងថា គិតរហូតមកទល់ពេលនេះ ខេត្តព្រះសីហនុមានអាគារកំពស់ចាប់ពី៥ជាន់ដល់៥៣ជាន់ មានចំនួនសរុប៦០៤គំរោង ជាមួយគំរោងសរុប១៥៩០គំ​រោងមានផ្ទៃក្រឡាសំណង់ ជាមួយនឹងទុនវិនិយោគសរុប១៥,១៨៤ ០៧៨ម៉ែត្រការ៉េ និងមានទុនវិនិយោគជាង៨៣៣១លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១នេះ។

ក្នុងចំណោមគំរោងទាំងនេះ គំរោងដែលបានអនុម័តដោយក្រសួងមានចំនួន៤៤២  មានផ្ទៃក្រឡាសំណង់សរុប១៤,០១៦,២៨១ម៉ែត្រការ៉េ មានទុនវិនិយោគជាង៧៧២៧លានដុល្លារអាមេរិក។ សំណង់អនុម័តដោយសមត្ថកិច្ចខេត្ត មាន៣០៨គំរោង មានផ្ទៃក្រឡាសំណង់សរុប៥៧៧ ៥៨០ម៉ែត្រការ៉េ មានទុនវិនិយោគសរុប៣២១,២៧៤,៨៥៧លានដុល្លារអាមេរិក និងសំណង់អនុម័តដោយសមត្ថកិច្ចថ្នាក់ខ័ណ្ឌ ស្រុកចំនួន៨៤០គំរោង មានផ្ទៃក្រឡា២១៩,៥៨៨ម៉ែត្រការ៉េ និងទុនវិនិយោគសរុប៧២,៣៣០,៤០៣លានដុល្លារអាមេរិក។

លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការរីមកចម្រើនវិស័យសេដ្ឋកិច្ចក្នុងខេត្តនេះ នឹងមានភាពល្អប្រសើរឡើងវិញ នៅពេលបញ្ហាកូវីដ១៩ បញ្ចប់នាពេលខាងមុខ ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តបាននិងកំពុងជម្រុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងអនុវត្តន៍តាមវិធានការណ៍ និងគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី។

លោកបន្តថា “យើងរំពឹងថាអ្វីៗនឹងល្អប្រសើរឡើង ខណៈវិស័យសំណង់និងអចល​នទ្រព្យក្នុងខេត្តព្រះសីហនុ នៅត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យវិស័យនេះមានភាពរីកចម្រើនលឿនឡើងវិញ”៕

តើអាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសណាបានជាប់បញ្ជីរឈ្មោះលើគេក្នុងឆ្នាំ២០២១នេះ

តើអាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសណាបានជាប់បញ្ជីរឈ្មោះលើគេក្នុងឆ្នាំ២០២១នេះ

ដោយៈសុជាតា

កាតាៈ អាកាសយានដ្ឋានអន្តរជាតិប្រទេសកាតា Hamad International Airport បានជាប់ចំណាត់ថ្នាក់លេខ១ ជាអាកាសយានដ្ឋានល្អបំំផុតប្រចាំឆ្នាំ២០២១នេះ។

យោងតាមការចាត់ចំណាត់ថ្នាក់ របស់ទីភ្នាក់ងារក្រុមហ៊ុនអាកាសចរណ៍របស់អង់គ្លេស Skytrax ដែលស្ទង់មតិពីអ្នកដំណើរជុំវិញពិភពលោក ចាប់តាំងពីខែសីហាឆ្នាំ ២០២០ រហូតដល់ខែកក្កដាឆ្នាំ២០២១ បានលើកឡើងថា តំណែងអាកាសយានដ្ឋានល្អបំផុតលេខមួយ សម្រាប់ឆ្នាំ២០២១ ត្រូវបានទៅលើអាកាសយានដ្ឋានអន្តរជាតិ ហាម៉ាដ Hamad International Airport ដោយសារតែការខិតខំប្រឹងប្រែង ពីក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ខ្លួនគឺកាតា អ៊ែរវ៉េ (Qatar Airways) ផងដែរ។

ដោយឡែកសម្រាប់ឆ្នាំ២០២១នេះដែរ អាកាសយានដ្ឋានចាំងហ្គី (Changi) របស់សិង្ហបុរី ដែលធ្លាប់តែជាប់ជាអាកាសយានដ្ឋានល្អបំផុត ជាច្រើនឆ្នាំជាប់ៗគ្នានោះ បានធ្លាក់មកជាប់ចំណាត់ថ្នាក់ទី៣វិញ ដោយស្ថិតនៅលេខរៀង បន្ទាប់ពីអាកាសយានដ្ឋានហាណេដា (Haneda) របស់ប្រទេសជប៉ុនដែលឈរលេខរៀងទី២។

អាកាសយានដ្ឋានអន្តរជាតិហាម៉ាដ (Hamad International Airport) ជាព្រលានយន្តហោះអន្តរជាតិ ស្ថិតក្នុងទីក្រុងដូហា (Doha) រដ្ឋធានីនៃប្រទេសកាតា (Qatar) ដែលមានស្ថានីយ៍ផ្ទុកអ្នកដំណើរ រហូតដល់៥០លាននាក់ជារៀងរាល់ឆ្នាំ។ ស្ថានីយ៍អ្នកដំណើរនេះ ត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏ល្អ របស់ពិភពលោកផងដែរ៕

ប្រធាន CVEA បង្ហើបពីរាជធានី ខេត្តជាច្រើននៅតែមានចរន្តទិញលក់ដីធ្លីកើនឡើង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីមបានបង្ហើបពីរាជធានី ខេត្តមួយចំនួន ដែលការទិញលក់ដីធ្លីបន្តកើនឡើងក្នុងអំឡុងពេលនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៧ សីហាកន្លងមកថា សកម្មភាពទិញលក់ដីធ្លី នៅតែមានភាពសកម្មជាងគេក្នុងវិស័យអចលនទ្រព្យ ដែលសកម្មភាពទាំងនោះ បានកើតមានច្រើននៅស្រុកពញាឮ ស្រុកកណ្តាលស្ទឹង ស្រុកមុខកំពូលក្នុងខេត្តកណ្តាល។ ចំណែកនៅរាជធានីភ្នំពេញ តំបន់ជាយៗក្រុងក៏មានចរន្តទិញលក់កើនឡើងជាច្រើនផងដែរ ហើយតម្លៃដីធ្លីមិនបានចុះថ្លៃនោះទេ លើកលែងតែម្ចាស់ដីត្រូវការលុយប្រញាប់ ឬមានការជាប់គាំងលំហូរសាច់ប្រាក់។

លោកបន្តថា “ខេត្តកំពត កែប មណ្ឌកគិរី ខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃខេត្តតាកែវ ក៏មានសកម្មភាពទិញលក់កើនឡើងផងដែរ បើទោះបីជាកម្ពុជាកំពុងមានការរាតត្បាតដោ​យសារជំងឺកូវីដ១៩ក្តី”។ លោកបន្តថា “អ្នកមានលទ្ឋភាព នៅតែបន្តប្រមូលទិញដីច្រើននៅឡើយ ដោយសារពេលនេះ ជាពេលវេលាដែលពួកគាត់អាចចចាតម្លៃបានល្អ”។

លោកច្រឹក សុខនីមបានបន្តថា ទោះជាយ៉ាងណាក៏ដោយ បើនិយាយពីវិស័យនេះទាំងមូលនៅតែជួបបញ្ហាឡើយ ដោយសារបញ្ហាជំងឺកូវីដ១៩ ដែលធ្វើឲ្យអ្នកវិនិយោគជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិ មិនទាន់បានចូលមកកាន់កម្ពុជានៅឡើយ។

លោកបន្តថា “ការវិនិយោគដីធ្លីនៅកម្ពុជាមានផលចំណេញខ្ពស់ បើធៀបនឹងការវិនិយោគលើផ្នែកដទៃទៀត ដោយសាររដ្ឋាភិបាលបានបន្តផែនការពង្រីកទីក្រុង ការកើនឡើងនូវប្រជាពលរដ្ឋ ការរីកចម្រើនសេដ្ឋកិច្ច និងលំហូរទុនវិនិយោគពីបរទេសនឹងបន្តកើនឡើងខ្ពស់នាពេលអនាគត”៕

ក្រសួងសុខាភិបាលបញ្ជាក់ និងពន្យល់លំអិតពីការចាក់វ៉ាក់សាំងដូសទី៣

ក្រសួងសុខាភិបាលបញ្ជាក់ និងពន្យល់លំអិតពីការចាក់វ៉ាក់សាំងដូសទី៣

ដោយៈគង់ លាងហួរ

ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលកំពុង ជម្រុញឲ្យមានការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្រ្តីរាជការជួរមុខ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានពន្យល់ពីបច្ចេកទេស និងប្រសិទ្ឋភាពនៃការចាក់វ៉ាក់សាំង ដើម្បីបង្ការការឆ្លងជំងឺកូវីដ Delta។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានប្រសាសន៍ឲ្យដឹងថា ចំពោះ​សំណួរ​សួរថា បើខ្វះមិនគ្រប់៦ខែ តើចាក់វ៉ាក់សាំងដូសទី៣បានទេ? គឺយើង​ត្រូវ​ពិនិត្យ​មើល​ថេរវេលា ​នៃ​ការបង្កើត​នូវអង់ទីគ័រ។ អ៊ីចឹងនៅពេលចាក់វ៉ាក់សាំងដូសទី២ចប់ សរីរាង​នឹង​ចាប់ផ្ដើម​បង្កើត​អង់ទីគ័រ ប៉ុន្តែប្រសិនគ្មានដូសទី១ទេ ក៏ដូសទី២មិនអាចបង្កើត​អង់ទីគ័រ​នេះបានទេ តែបើមានតែដូសទី២ អត់ដូសទី១ ក៏មិនអាចបង្កើតអ​ង់ទីគ័របានដែរ។

លោកស្រីបន្តថា “ប៉ុន្តែសម្រាប់វ៉ាក់សាំង​មួយចំនួន បើ​ចាក់តែមួយដូស គឺអាចការពារ​សរីរាង្គ​យើង​បាន​ដែរ តែបានចំនួនទាប មិន​បាន​ដល់​ចំនួន​ដែល​គេ​រំពឹងទុក”។

លោកស្រីឱ វណ្ណឌីនបានបន្តថា ដូចនេះបើផ្នែកលើបរិបទនៃការរាតត្បាត​នៃវីរុស Delta ដើម្បី​សុខភាពយើង ការខុសត្រូវពេលវេលាបន្តិចបន្តួច គឺមិនជាបញ្ហាអីទេ។ អ៊ីចឹង​សូម​បងប្អូន​កុំ​ព្រួយបារម្ភ។ ប្រទេសខ្លះគេចាក់ដែរ ប្រទេសខ្លះចាក់យកពី៤ខែឡើងទៅ។ ប៉ុន្តែ​សម្រាប់​កម្ពុជា​យើង​ កំពុង​មានបញ្ហាវាយលុក​នៃវីរុស ដែលតាផង អាល់ហ្វាផង អ៊ីចឹង នេះជាការចាំបាច់ ប៉ុន្តែ​ក៏​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ផង​ដែរ។

ការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញ ​កម្ពុជាបាន​អនុវត្ត​មុន​ប្រទេសជិតខាង ដែល​បាន​ចាក់ជូន​ក្រុមជួរមុខ ទាំង​គ្រូពេទ្យ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន ក៏ដូចជា​ក្រុម​សមត្ថិកិច្ច​អាជ្ញាធរ ក្រុម​មន្ត្រី​រាជការ​ស៊ីវិល​ដែល​ធ្វើការ​បម្រើការ​ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២១ នៅ​តាម​មន្ទីរពេទ្យ​ជាតិ​នានា​។

លោកស្រិវេជ្ជបណ្ឌិតឱ វណ្ណឌីនបានបន្តថា ដូច្នេះ​ឈប់​ភ័យ​ខ្លាច​និង​ព្រួយចិត្ត​ ​ដោយ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​គ្រប់ដូស​ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​និង​រាជរដ្ឋាភិបាល​កម្ពុជា ​នោះ​យើង​នឹង​មាន​ភាព​ស៊ាំ​បាន​ពេញលេញ​គ្រប់គ្នា​ ហើយ​អាច​ទប់ទល់​ជាមួយ​វីរុស​គ្រប់​ប្រភេទ​ ដោយ​មិន​ឲ្យ​រាងកាយ​ឈឺ​ធ្ងន់ធ្ងរ​បាន៕

លោកឧកញ៉ាភួ ពុយបង្ហើបពីចំណុចទីតាំងផ្លូវ តភ្ជាប់ពីក្រុងសៀមរាបមកកាន់ក្រុងបាត់ដំបង

លោកឧកញ៉ាភួ ពុយបង្ហើបពីចំណុចទីតាំងផ្លូវ តភ្ជាប់ពីក្រុងសៀមរាបមកកាន់ក្រុងបាត់ដំបង

ដោយៈមុនី រិទ្ឋ

ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោកឧកញ៉ាភួ ពុយបានបង្ហើបពីទីតាំងផ្លូវ ដែលតភ្ជាប់ពីក្រុងសៀមរាប មកកាន់ខេត្តបាត់ដំបងនាពេលខាងមុខនេះ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៧ សីហាកន្លងមកថា តាមរយៈការប្រជុំពិភាក្សា ជាមួយមន្រ្តីក្រសួងនាពេលកន្លងមក ផ្លូវនេះអាចតភ្ជាប់ពីក្រុងសៀមរាប ឆ្លងកាត់ទន្លេសាប មកកាន់ក្រុងបាត់ដំបង ក្រុមមន្រ្តីបាន បង្ហាញនូវទីតាំង ដែលផ្លូវនេះតភ្ជាប់ គឺមកកាន់តំបន់អួរតាគី ស្ថិតក្នុងស្រុកថ្មគោល ក្នុងខេត្តបាត់ដំបង ដែលមានចម្ងាយពីទីក្រុងបាត់ដំបងប្រមាណ៧គីឡូម៉ែត្រ។

លោកឧកញ៉ាបានបន្តថា “ទោះជាយ៉ាងណាគំរោងនេះ អាចមានការប្រែប្រួលឬយ៉ាងណា វាអាស្រ័យលើផែនការរបស់ក្រសួង បន្ទាប់ពីសិក្សាបញ្ចប់រួចរាល់នាពេលខាងមុខ”។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាធ្លាប់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ផ្លូវនេះកំពុងត្រូវបានសិក្សានៅឡើយ ហេតុនេះយើងមិនទាន់ដឹងពីភូមិសាស្រ្តជាក់លាក់នោះទេ ដោយសារគំរោងនេះ អាចចំណាយពេលផងងដែរ ព្រោះបច្ចុប្បន្នថវិកាជាតិ ចំណាយមកកាន់ក្រសួង បានកាត់បន្ថយ៥០ភាគរយឬកាត់បន្ថយបន្ថែមទៀត ដើម្បីរដ្ឋាភិបាលអាចយកថវិកាទាំងនោះ ប្រើប្រាស់សម្រាប់ស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩។

លោកបន្តថា “ការសាងសង់ផ្លូវនេះ ជាអ្វីដែលឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល​រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនចង់បាន ហេតុនេះយើងរំពឹងថាផ្លូវនេះនឹងអាចស្ថិតក្នុងគំរោងអាទិភាពមួយនាពេលអនាគត”៕

ក្រសួងសាធារណៈការនឹងបើកកិច្ចប្រជុំលើវឌ្ឈនៈភាពផ្លូវក្រវ៉ាត់ក្រុងទី៤នៅចុងសប្តាហ៍៍នេះ

ក្រសួងសាធារណៈការនឹងបើកកិច្ចប្រជុំលើវឌ្ឈនៈភាពផ្លូវក្រវ៉ាត់ក្រុងទី៤នៅចុងសប្តាហ៍៍នេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា ក្រសួងនឹងបើកកិច្ចប្រជុំជាមួយភាគីពាក់់ព័ន្ឋទាំងអស់ ដើម្បីពិនិត្យលើ់វឌ្ឍនភាពផ្លូវក្រវ៉ាត់ក្រុងទី៤នៅចុងសប្តាហ៍នេះ។

លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៧ សីហាកន្លងមកថា ថ្នាក់ដឹកនាំក្រសួង​នឹងបើកកិច្ចប្រជុំពីវឌ្ឍនភាពផ្លូវក្រវ៉ាត់ក្រុងទី៤ នៅថ្ងៃទី១៩ សីហាខាងមុខនេះ នៅទីស្តីការក្រសួង។

ទោះជាយ៉ាងណា លោកមិនបញ្ជាក់លំអិតពីព៌តមាននេះនៅឡើយទេ ដោយរង់ចាំឲ្យអ្នកសារព៌តមានចូលរួមស្តាប់កិច្ចប្រជុំដោយខ្លួនឯង។

ជាមួយគ្នានេះ លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា កិច្ចប្រជុំពិភាក្សាលំអិតបែបណាពីផ្លូវនេះ លោកមិនទាន់បានដឹងនៅឡើយទេ។

លោកបន្តថា ផ្លូវនេះកន្លងមកមានការហៅថា ជាផ្លូវក្រវ៉ាត់ក្រុងទី៣ ដោយសារផ្លូវក្រវ៉ាត់ក្រុងទី៣ទើបធ្វើបានមួយកំណាត់នៅឡើយ ហេតុនេះជាអាចជាការពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ុន្តែអ្នកខ្លះហៅផ្លូវក្រវ៉ាត់ក្រុងទី៤។ លោកបន្តថា ផ្លូវនេះបានសិក្សាដោយក្រុមហ៊ុន China Road and Bridge ដែលជាក្រុមហ៊ុនមេធំរបស់ចិន។

លោកលឹម ស៊ីដេនីនធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែ​លក្រសួងបានឱ្យក្រុមហ៊ុន សាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូ​ម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង៕