ដោយៈសុខុម
ញូវដេលី: ប្រជាជនឥណ្ឌា កំពុងនាំមុខពិភពលោកផ្នែកជួញដូរ និងកាន់កាប់រូបិយប័ណ្ណឌីជីថល ដោយសារតែពួកគេមានមហិច្ឆតាធំ ចង់ក្លាយជាអ្នកមានឆាប់រហ័ស ជាពិសេសក្នុងចំណោមពលរដ្ឋឥណ្ឌា ដែលមានវ័យក្រោម៣៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន The Strait Times ចុះផ្សាយកាលពីថ្ងៃទី១៨ តុលា។

-->
សូម្បីនៅពេលរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរិះរកវិធីគ្រប់គ្រង ប្រព័ន្ធរូបិយប័ណ្ណឌីជីថល (ធនាគារកណ្តាលឥណ្ឌា បានហាមឃាត់ការជួញដូររូបិប័ណ្ណឌីជីថល មួយរយៈពេលខ្លីក្នុងឆ្នាំ២០១៨) ក៏ការសិក្សាមួយដែលគេហទំព័រ BrokerChooser បានធ្វើឡើងនៅ៥០ប្រទេសបានរកឃើញថា ប្រទេសឥណ្ឌា មានចំនួនអ្នកជួញដូរ និងកាន់កាប់រូបិយប័ណ្ណឌីជីថល រហូតដល់ទៅជាង១០០លាននាក់ ពោលគឺច្រើនជាងគេបំផុតក្នុងពិភពលោក បន្ទាប់មកគឺសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី។
ពួកគេជាច្រើនទើបតែបានចូលប្រឡូក ក្នុងពិភពរូបិយប័ណ្ណឌីជីថលក្នុងឆ្នាំ២០២០ ប៉ុណ្ណោះ ដោយចំនួនអ្នកចូលប្រឡូក ក្នុងពិភពរូបិយប័ណ្ណឌីជីថលកើនឡើង៧ដង ហើយការវិនិយោគបានកើនឡើង ពីប្រមាណ៩២៣លានដុល្លារអាមេរិក កាលពីខែមេសា ឆ្នាំមុនរហូតដល់៦,៦ពាន់លានដុល្លារអាមេរិក នៅខែឧសភា ឆ្នាំនេះ។
ការសិក្សាដាច់ដោយឡែកមួយ ធ្វើឡើងដោយក្រុមហ៊ុនវិភាគទិន្នន័យ Kantar ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានរកឃើញថា ១៦ភាគរយនៃប្រជាជនឥណ្ឌា ដែលរស់នៅតាមទីក្រុង កាន់កាប់រូបិយប័ណ្ណឌីជីថល ហើយជាទូទៅគឺបុរសដែលមានអាយុក្រោម៣៥ឆ្នាំ។ ការវិនិយោគលើរូបិយប័ណ្ណឌីជីល មានហានិភ័យខ្ពស់ជាងការយកប្រាក់ទៅផ្ញើនៅធនាគារ ដើម្បីបានការប្រាក់ឆ្ងាយណាស់ ប៉ុន្តែឱកាសចំណេញក៏ខ្លាំងណាស់ដែរ ទើបបានជាមនុស្សជាច្រើនហ៊ានប្រថុយប្រថាន។

រូបិយប័ណ្ណឌីជីថលបានហក់ឡើងថ្លៃខ្ពស់ ហើយក៏ធ្លាក់ថ្លៃយ៉ាងខ្លាំងមកវិញគួរឱ្យភ្ញាក់ផ្អើល មុននឹងហក់ឡើងខ្លាំងជាថ្មីម្ដងទៀត និយាយរួមគឺឡើងចុះមិនទៀង ហើយហានិភ័យខាតបង់ ឬរលាយប្រាក់វិនិយោគអស់ពីខ្លួនអាចនឹងកើតឡើងគ្រប់ពេល។
ទោះជាយ៉ាងណា អំឡុងវិបត្តិកូវីដ-១៩ នៅពេលទ្រព្យសកម្មទូទៅបានធ្លាក់ថ្លៃ មនុស្សបាត់បង់ការងារ ហើយការប្រាក់លើប្រាក់សន្សំក៏ធ្លាក់ចុះ ប្រជាជនឥណ្ឌា យ៉ាងច្រើនក៏បានរកឃើញថា រូបិយប័ណ្ណឌីជីថលគឺជាជម្រើសវិនិយោគដ៏ល្អ។ នេះបើយោងតាមការលើកឡើងរបស់លោក Abhishek Jain ស្ថាបនិក rBitex Exchange ដែលជា Platform ប្ដូរប្រាក់សម្រាប់រូបិយប័ណ្ណឌីជីថល។
លោកបានបន្ថែមទៀតថា រូបិយប័ណ្ណឌីជីថល Bitcoin មានតម្លៃត្រឹមតែ៨.០០០ដុល្លារអាមេរិក ប៉ុណ្ណោះក្នុងមួយកាក់កាលពី២ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្នមានតម្លៃរហូតដល់ទៅប្រមាណ៦០.០០០ដុល្លារអាមេរិក ក្នុងមួយកាក់ ដែលជាការហក់ឡើងខ្ពស់យ៉ាងឆាប់រហ័សបំផុត។

រូបិយប័ណ្ណឌីជីថល ដែលគេពេញនិយមជួញដូរជាងគេគឺ Bitcoin បន្ទាប់មកគឺ Dogecoin, Ethereum និង Binance Coin៕ The Strait Times៕