វិបត្តិៈអ្នកទិញផ្ទះពីបុរីកំពុងលក់ឲ្យម្ចាស់បុរីវិញ ដើម្បីដំណោះស្រាយការជាប់គំាង លើលំហូរសាច់ប្រាក់

ដោយៈតារា

ភ្នំពេញៈ ប្រជាពលរដ្ឋដែលទិញផ្ទះបង់រំលស់ និងអ្នកទិញផ្ទះទុកធ្វើអាជីវកម្ម ដើម្បីលក់រកចំណេញនៅតាមបុរី បច្ចុប្បន្នមានម្ចាស់ផ្ទះមួយចំនួន កំពុងជួបប្រឈមរកលក់ផ្ទះទៅឲ្យម្ចាស់បុរីវិញ ដើម្បីជាដំណោះស្រាយការជាប់គំាងអំពីបញ្ហាលុយកាក់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា មុនបញ្ហាប្រឈម និងក្នុងស្ថានភាពនៃការរីករាលដាល ជម្ងឺកូវីដ ១៩ នេះ មានប្រជាពលរដ្ឋជាច្រើនបានទិញបុរីសម្រាប់ការរស់នៅ ក្នុងនោះប្រជាពលរដ្ឋមួយចំនួនបានទិញបង់រំលស់ និងប្រជាពលរដ្ឋមួយចំនួនទៀត គឺទិញដើម្បីធ្វើអាជីកម្ម បច្ចុប្បន្នអ្នកទិញផ្ទះពីបុរីមួយចំនួន  ក្នុងនោះអ្នកខ្លះកំពុងជួបប្រឈមនិងបញ្ហា។

លោកបន្តថា “អ្នកបញ្ហាប្រឈមបញ្ហានេះ ភាគច្រើនពួកគាត់ជាទិញផ្ទះបង់រំលស់ជាមួយម្ចាស់បុរី ការទិញបង់រំលស់ជាមួយម្ចាស់បុរីនេះ គឺក្នុងគោលបំណងទិញសម្រាប់លក់រកចំណេញ ដល់ជួបបញ្ហាក្នុងការបង់ប្រាក់ត្រឡប់ទៅទិញ មានចំនួនទឹកប្រាក់ច្រើន គឺបង្ខំឲ្យពួកគាត់លក់ទៅឲ្យម្ចាស់ដើមវិញ”។ លោកបញ្ជាក់ថា “ជុំវិញបញ្ហាការលក់ទៅឲ្យម្ចាស់បុរីនេះ គឺនៅក្នុងចំណែកណាមួយប៉ុណ្ណោះ តែបើសង្កេតមើលទិដ្ឋភាពជារួមបញ្ហាទីផ្សារវាប្រឈមនោះ វាមិនទាន់ដល់នោះឡើយ។

ជាមួយគ្នានេះ លោកបណ្ឌិត គឺ សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជាលើកឡើងថា ប្រជាពលរដ្ឋដែលទិញផ្ទះនៅតាមបុរី ភាគច្រើនពួកគាត់មិនមានដើមទុនសម្រាប់តម្កល់ទុក ដើម្បីដោះស្រាយនៅពេលជួបបញ្ហានោះទេ គឺមួយចំនួនធំពួកគាត់ខ្ចីលុយពីធនាគារ ដូច្នេះនៅពេលមានវិបបត្តិ ពួកគាត់បង្ខំលក់ផ្ទះចេញទៅវិញនេះ គឺជាសញ្ញាណនៃការជាប់គាំងវិស័យអចលទ្រព្យជាបណ្តើរៗផងដែរ ។

តាមការបង្ហាញរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវិស័យសំ​ណង់ ត្រូវបានប៉ាន់ស្មានថាមានកំណើនត្រឹមអត្រា១,៤ភាគរយ ក្នុងឆ្នាំ២០២១ ជាកំនើនទាបជាងការព្យាករពីដើមឆ្នាំ ដែលត្រូវបានរំពឹងថានឹងមានកំណើន២,៩ភាគរយ ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តធ្លាក់ចុះ ជាងការរំពឹងទុកនៃសកម្មភាពសំណង់ថ្លៃខ្ពស់ និងសំណ​ង់បម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ខណៈដែលសកម្មភាពសំណង់លំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងថាបន្តកំណើនក្នុងអត្រាទាប៕

តម្លៃខុនដូសម្រាប់ធ្វើជាចំណតរថយន្តថ្លៃញាក់សាច់ មានតម្លៃខ្ពស់ជាងផ្ទះវីឡាខ្លះ នៅស្រុកខ្មែរ

ដោយៈសុខុម

ញូវយ៉ក: ជាធម្មតាខុនដូគឺសម្រាប់មនុស្សរស់នៅ ប៉ុន្តែនៅពេលឮថាខុនដូសម្រាប់ចតរថយន្តគឺពិតជាប្លែកត្រចៀក និងស្ទើរមិនគួរឱ្យជឿ។ ទោះជាយ៉ាងណា វាគឺពិតមែនដោយសារតែចំណតរថយន្តឯកជន ទាំងនោះមានតម្លៃថ្លៃខ្ពស់កប់ពពក។

យោងតាមសៀវភៅមួយក្បាលមានចំណងជើងថា The High Cost of Free Parking ដែលចងក្រងដោយសាស្ត្រាចារ្យផ្នែកស្រាវជ្រាវលោក Donald Shoup បង្ហាញថា គម្រោងហ្គារ៉ាសចតរថយន្តឯកជនមួយនៅឧទ្យាន Center Park ក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក សហរដ្ឋអាមេរិក មានតម្លៃថ្លៃណាស់ ដោយចំណតសម្រាប់រថយន្តមួយគ្រឿងមានតម្លៃដល់ទៅរាប់សែនដុល្លារឯណោះ។

សារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនប្រតិបត្តិករហ្គារ៉ាសចតរថយន្តឯកជននេះ បានប្រែក្លាយហ្គារ៉ាសចតរថន្តជួលធម្មតា ទៅជាខុនដូសម្រាប់ចតរថយន្ត ពោលគឺលក់ទីធ្លាសម្រាប់ចតរថយន្តតែម្ដង។

ហ្គារ៉ាសចតរថយន្តឯកជននៅអគារ The Mayfair ខាងលើនេះមានទីធ្លាដែលអាចចតរថយន្តបាន២៣គ្រឿង ហើយចំណតខ្លះលក់ក្នុងតម្លៃខ្ពស់ រហូតដល់ទៅ៣៥០.០០០ដុល្លារ ស្ទើរមិនគួរឱ្យជឿ។

ក្រុមហ៊ុនថែមទាំងជួលភ្នាក់ងាររបស់ក្រុមហ៊ុនអចលនទ្រព្យ Douglas Elliman ជួយផ្សព្វផ្សាយលក់ចំណតរថយន្តទាំងនេះទៀតផង ដោយតម្លៃមួយចំណតចាប់ពី២០០.០០០ដុល្លារឡើងទៅ។

អគារខុនដូជាច្រើន នៅទីក្រុងញូវយ៉ក លក់ចំណតរថយន្តឱ្យទៅអ្នកស្នាក់នៅរបស់ខ្លួន ប៉ុន្តែជាធម្មតាមិនអនុញ្ញាតឱ្យអ្នកខាងក្រៅ ដែលមិនមែនជាអ្នកស្នាក់នៅទិញឡើយ។

ទោះជាយ៉ាងណា ខុនដូចំណតរបស់ក្រុមហ៊ុនអចលនទ្រព្យ Centerpark ខាងលើនេះ បើកទូលាយសម្រាប់អ្នកទិញទូទៅឱ្យតែមានលុយ និងហ៊ានថ្លៃ។ ម្ចាស់ចំណតម្នាក់ទទួលបានទីធ្លា១៧ម៉ែត្រការ៉េ ដែលល្មមសម្រាប់ចតរថយន្តមួយគ្រឿង និងទុកដាក់របស់តិចតួច។

លោក Gregg Reuben នាយកប្រតិបត្តិក្រុមហ៊ុន Centerpark បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនអាចនឹងប្រែក្លាយហ្គារ៉ាសចតរថយន្ត៣ ក្នុងចំណោមហ្គារ៉ាសជួល១៧ទៀតរបស់ខ្លួន ទៅជាខុនដូសម្រាប់ចតរថយន្ត៕

តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាចុះយឺតៗ ប៉ុន្តែឡើងថ្លៃលឿន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅតាមស្ថានីយ៍ប្រេងឥន្ធនៈនានា នៅក្នុប្រទេ​សកម្ពុជា ត្រូវបានមើលឃើញថាឡើងលឿនៗ តែពេលចុះវិញយឺតៗ ជាក់ស្ដែងក្នុងរយៈពេល១ខែមួយនេះ តម្លៃប្រេងឥន្ធនៈបានចុះថ្លៃមែន តែចុះម្ដងតែ៥០រៀលប៉ុណ្ណោះក្នុងមួយលីត្រ និងមើលឃើញថាតម្លៃលក់រាយនៅតែខ្ពស់ បើធៀបនឹងជីវភាពពលរដ្ឋក្នុងបរិបទកូវីដ១៩នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញដែល​បានចេញផ្សាយនៅថ្ងៃទី១៦ សីហាកន្លងមកនេះបានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ខែសីហា ២០២១នេះ ធ្លាក់ចុះ៥០រៀលធៀបនឹងដើមខែសីហា ២០២១ ពោលគឺបានធ្លាក់ចុះពី៤០៥០រៀលក្នុងមួយលីត្រ ចំពោះសាំងធម្មតា មកនៅត្រឹម៤០០០រៀលក្នុងមួយលីត្រ និងប្រងម៉ាស៊ូតពី៣៦០០រៀលក្នុងមួយលីត្រមកនៅត្រឹម៣៥៥០រៀលក្នុងមួយលីត្រ ដែលបានធ្លាក់ចុះត្រឹម៥០រៀលដូចគ្នា។

ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ឥន្ធនៈប្រចាំថ្ងៃ បានមើលឃើញថា តម្លៃលក់ទីផ្សារនេះនៅតែខ្ពស់ បើទោះបីជាបានធ្លាក់ចុះ៥០រៀលក្ដី ខណៈកាលពីឆ្នាំមុនដែលមានកូវីដ១៩ដូចគ្នា តម្លៃប្រេងឥន្ធនៈហាក់មានតម្លៃទាប ត្រឹមជាង២០០០រៀលទៅ៣០០០រៀលប៉ុណ្ណោះក្នុងមួយលីត្រ។ តែយ៉ាងក្រសួងបានបកស្រាយម្ដងហើយម្ដងទៀតថា ការកំណត់តម្លៃទីផ្សារលក់រាយនៃប្រេងឥន្ធនៈនៅកម្ពុជា ក៏ផ្អែកលើទីផ្សារប្រេងអន្តរជាតិនិងអត្រាប្តូរប្រាក់ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ការកំណត់តម្លៃប្រេងឥន្ធនៈ ត្រូវបានធ្វើឡើងដោយមានការសម្រេចពីក្រសួងចំនួន៣ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយជាក់ស្ដែងតម្លៃត្រូវលក់គឺប្រេងធម្មតាតម្លៃ៤១៦០រៀលក្នុងមួយលីត្រ ប្រេងម៉ាស៊ូតតម្លៃ៣៧១០រៀលក្នុងមួយលីត្រ តែដើម្បីសម្រួលជីវភាពអ្នកប្រើប្រាស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានបញ្ចុះតម្លៃ៤សេនក្នុងមួយលីត្រ។ ដូច្នេះតម្លៃលក់ប្រេងសាំងធម្មតា៤០០០រៀលក្នុងមួយលីត្រ ប្រេងម៉ាស៊ូត៣៥៥០រៀលក្នុងមួយលីត្រ ។

ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ពេលឡើងថ្លៃគឺឡើងលឿនណាស់ ម្ដង១០០រៀលម្ដង១៥០រៀលជាដើម តែពេលចុះវិញត្រឹមតែ៥០រៀលប៉ុណ្ណោះ តែយ៉ាងណាកម្ពុជាជាប្រទេសនាំចូលប្រេង និងមិនមែនជាប្រទេសផលិតប្រេង ដូច្នេះតម្លៃត្រូវពឹងលើទីផ្សារអន្តរជាតិនិងអត្រាប្តូរប្រាក់ដុល្លារធៀបនឹងប្រាក់រៀល៕

តើលិខិតអនុញ្ញាតអាជីវកម្មអ្វីខ្លះ ដែលអ្នកអភិវឌ្ឍអចលនទ្រព្យគ្រប់រូបគួរដឹង?

ដោយៈលាងហេន

ភ្នំពេញៈ អាជីវកម្មអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ស្ថិតនៅក្នុងបទដ្ឋានគតិយុត្តិមួយចំនួន ដែលអ្នកវិនិយោគឬអ្នកអភិវឌ្ឍន៍គួរសិក្សាស្វែងយល់។

លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុនៅកម្ពុជា

ជាទូទៅរាល់ការធ្វើអាជីវកម្មអភិវឌ្ឍលើវិស័យអចលនវត្ថុ ដូចជា លំនៅឋាន ខុនដូ ដីឡូត៍ អគារការិយាល័យ និងអគារផ្សារ ក្នុងគោលបំណងសម្រាប់ លក់ ឬជួលរយៈពេលវែង(ការជួលដី ឬអគារចាប់ពីរយៈពេល ១៥ ឆ្នាំឡើងទៅ) ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុនសិន។

យោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថាអាជីវកម្មទាំងអស់នេះ គឺជាអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលត្រូវបានបែងចែកជា៣ប្រភេទ ដូចជា ទី១ អាជីវកម្មនៃការអភិវឌ្ឍលំនៅឋាន ដែលសាងសង់ផ្ទះល្វែង និងភូមិគ្រឹះ សម្រាប់លក់។ ទី២ អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ គឺសំដៅដល់ការធ្វើអាជីវកម្មលើអគារ ឬសំណង់ដូចជា ខុនដូ អគារការិយាល័យ និងអគារផ្សារជាដើម ដែលមានម្ចាស់ច្រើននាក់រស់នៅ ឬអាស្រ័យផល និងទី៣ អាជីវកម្មអភិវឌ្ឍដីឡូត៍ សម្រាប់ពុះលក់ ឬជួលក្នុងរយៈពេលវែង។

ចំណែកឯ អ្នកអភិវឌ្ឍអចលនវត្ថុ មានពីរប្រភេទគឺ អ្នកអភិវឌ្ឍអចលនវត្ថុជារូបវន្តបុគ្គល និងអ្នកអភិវឌ្ឍអចលនវត្ថុជានីតិបុគ្គល។ អ្នកអភិវឌ្ឍអចលនវត្ថុជារូបវន្តបុគ្គល ជាបុគ្គល ដែលធ្វើអាជីវកម្មលើអចលនវត្ថុ មិនអចិន្ត្រៃយ៍ទេ។ ចំណែកឯ អ្នកអភិវឌ្ឍអចលនវត្ថុជានីតិបុគ្គល ជាក្រុមមនុស្ស ឬក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យណាមួយ ធ្វើអាជីវកម្ម (ជួល ឬលក់) អចលនវត្ថុណាមួយខាងលើ ក្នុងរយៈពេលវែង។

រាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុនសិន។ បុគ្គល ឬក្រុមហ៊ុនណា ដែលមានបំណងចង់បើកអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលមានទំហំលើសពី៤ ទៅ៣០ល្វែង ឬចាប់ពី៣ ទៅ៣០ភូមិគ្រឹះ ឬចាប់ពី៤ ទៅ ៣០ យូនីត ឬសម្រាប់អាជីវកម្មអភិវឌ្ឍដីឡូត៍ ដែលមានទំហំក្រោម១០,០០០ ម៉ែត្រការ៉េ (មួយហិកតា) ត្រូវមានលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរសាមីជាមុនសិន។

ប៉ុន្តែបើទំហំសំណង់លើសពី៣០ល្វែង ឬ៣០ភូមិគ្រឹះ ឬលើសពី៣០យូនីត ឬអាជីវកម្មអភិវឌ្ឍដីឡូត៍ដែលលើសពី ១០,០០០ម៉ែត្រការ៉េ(មួយហិចតា) ឡើងទៅ ត្រូវស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុន។

អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ចែកចេញជា២ ប្រភេទដូចជា ទី១ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតប្រភេទ១ សម្រាប់ផ្តល់ជូនបុគ្គល ឬអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់។ ទី២ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតប្រភេទ២. ផ្តល់ជូនបុគ្គល ឬអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងប   ណ្តើរ និងប្រកាសលក់បណ្តើរ។

អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមួយ ផ្តល់ជូនសម្រាប់ទីតាំងអភិវឌ្ឍតែមួយកន្លែងប៉ុណ្ណោះ។ ក្នុងករណីដែលគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិតែមួយ ហើយបែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណត្រូវបានផ្តល់សម្រាប់ដំណាក់កាលនីមួ​យៗនៃគម្រោងអភិវឌ្ឍនោះ។ ដូច្នេះហើយ តម្លៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍ អចលនវត្ថុ ត្រូវតែកំណត់ ដោយអាស្រ័យទៅតាមប្រភេទ និងទំហំនៃការអភិវឌ្ឍអចលនវត្ថុនោះ។

ដូចនេះ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ពិតជាមានសារៈសំខាន់ក្នុងការធានានូវភាពស្មើគ្នា នៃផលប្រយោជន៍ រវាងអ្នកអភិវឌ្ឍ និងអ្នកប្រើប្រាស់ ធានាចីរភាព នៃការអភិវឌ្ឍវិស័យអចលនវត្ថុ បង្កើនជំនឿទុកចិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ ព្រមទាំងរួមចំណែកទប់ស្កាត់សកម្មភាពលាងសម្អាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍអចលនវត្ថុផងដែរ៕

ក្រុមហ៊ុនថៃ ប៊ុនរ៉ុងពង្រីកការវិនិយោគលើផ្សារទំនើបថ្មីមួយនៅក្បែរផ្សារអូរឡាំពិកចាស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនថៃ ប៊ុនរ៉ងបានបន្តពង្រីកការវិនិយោគលើទីផ្សារលក់រាយ ដោយបានសាងសង់អាគារថ្មីមួយ នៅក្បែរនឹងផ្សារអូរឡាំពិកចាស់ ស្ថិតក្នុងសង្កាត់អូរឡាំពិក កណ្តាលរាជធានីភ្នំពេញ។

អគារថ្មីដែលកំពុងសាងសង់ឡើង ដោយក្រុមហ៊ុននេះ ស្ថិតជាប់ខាងលិចអគារផ្សារអូឡាំពិក (អតីតចំណតរថយន្តរបស់ផ្សារអូឡាំពិក) មកដល់ពេលនេះសម្រេច​បានលទ្ធផលជាច្រើនភាគរយហើយ​។ បើតាមការអះអាងរបស់អាជ្ញាធរខណ្ឌ​បឹងកេងកង។

លោកធឹម សំអានអភិបាលនៃគណៈអភិបាលខ័ណ្ឌបឹងកេងកង បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ សីហានេះថា សំណង់អគារខាងលើជាសំណង់ដែលត្រូវសាងសង់ជាផ្សារដោយក្រុមហ៊ុនឯកជន។ អគារនេះត្រូវបាន​សាងសង់ឡើងជាផ្សារទំនើប ដែលមានចំណតរថយន្តនៅពីខាងក្រោមអគារ និងនៅផ្នែកខាងលើជាច្រើនជាន់ទៀត នឹងត្រូវសាងសង់ឡើងជាកន្លែងលក់ដូរ។

អគារដែលបាន និងកំពុងសាងសង់ជាប់នឹងអគារផ្សារអូឡាំពិក បានសាងសង់ឡើងប្រហែល​ជិត២ឆ្នាំមកហើយ។

អគារនេះនឹងធ្វើការសាងសង់ឡើងជាផ្សារទំនើប ដែលមានចំណតរថយន្តនៅខាងក្រោម នឹងមានការលក់ដូរនៅអគារជាច្រើនជាន់ផ្នែកខាងលើ ដែលមានកំពស់ប្រមាណជា៦ទៅ៧ជាន់៕

លោកហ៊ុន ម៉ានីលើកឡើងពីមាគ៌ានៃការកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ដើម្បីអនាគតកូនចៅរបស់យើង

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ លោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានលើកឡើងនូវគោលនយោបាយរបស់កម្ពុជា ដែលត្រូវប្រកាន់ខ្ជាប់ចំពោះមុខ។

លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន នារសៀលថ្ងៃទី១៦ សីហានេះថា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ដែលនយាបាយនេះ មានន័យគ្រប់ជ្រុងជ្រោយសម្រាប់ខ្មែរគ្រប់រូបឲ្យដឹងថា “អនាគតកម្ពុជា ដាច់ខាតត្រូវស្ថិតក្នុងដៃកម្ពុជាខ្លួនឯង”។

លោកបានសរសសេរបន្តថា មានមេរៀនច្រើនណាស់ក្នុងប្រវត្តិសាស្រ្ត ទាំងចាស់ ទាំងថ្មី ដែលបង្រៀនយើងឲ្យយល់ថា ភាពជាម្ចាស់លើជោគវាសនាខ្លួនឯង ជាកត្តាកំណត់យ៉ាងពិតប្រាកដលើអនាគតប្រទេស ខណៈដែលវិសាលភាពនៃមិត្តភាព ជាកត្តាលី​ករជំរុញឲ្យភាពជាម្ចាស់នោះកាន់តែរឹងមាំ ស្របគ្នានឹងកិច្ចប្រឹងប្រែងខាងក្នុងរបស់ខ្លួន។

លោកបន្តថា “ទៅមុខ យើងត្រូវរួមគ្នាអនុវត្តនយោបាយនេះ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគតរបស់កូនចៅយើង”៕

 

តើលំនៅដ្ឋានខ្ពស់បំផុតរបស់ពិភពលោក Central Park Tower តម្លៃ៣០០០ លានដុល្លារមានអ្វីពិសេស?

ដោយៈសុខុម

ញូវយ៉ក: អគារកប់ពពកថ្មី Central Park Tower ដែលស្ថិតនៅសង្កាត់មែនហាធេន (Manhattan) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងបំបែកកំណត់ត្រាអគារលំនៅ   ដ្ឋានខ្ពស់បំផុតរបស់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Yahoo News ចុះផ្សាយកាលពីសប្ដាហ៍មុន។

អគារកញ្ចក់រាងជ្រុងៗដែលឌីហ្សាញប្លង់ ដោយក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill Architecture នេះមានកម្ពស់៤២៧,៤៤ម៉ែត្រ និងមាន១៣១ជាន់​។ អគារដ៏សែនខ្ពស់នេះ អនុញ្ញាតឱ្យអ្នកគយគន់ទេសភាពដ៏ស្រស់ស្អាតអស្ចារ្យ នៃឧទ្យាន Central Park និងសង្កាត់ Manhattan។

យោងតាមឯកសារផ្លូវការបង្ហាញថា អគារដែលចំណាយដើមទុនអស់រហូតដល់ទៅ៣ពាន់លានដុល្លារ នេះត្រូវបានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ និងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២១ នេះ។

លោក Gordon Gill ដែលមកពីក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill Architecture បានលើកឡើងថា សោភ័ណភាពខាងក្រៅនៃអគារនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលបង្ហាញពីប្រណីតភាព និងភាពស៊ីវិល័យសម្រាប់មនុស្សសម័យថ្មី។

លំនៅដ្ឋានប្រណីតចំនួន១៧៩យូនីតនៅក្នុងអគារនេះ ដែលយូនីតខ្លះមានមនុស្សរស់នៅរួចទៅហើយនេះ ត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុន Rottet Studio។ រាប់ចាប់ពីជាន់ទី៣២ឡើងទៅ ក្នុងមួយយូនីតមានតម្លៃចាប់ពី៦,៥លានដុល្លារឡើងទៅ ដោយបន្ទប់គេងមានចាប់ពី១បន្ទប់រហូតដល់៤បន្ទប់។

ក្រុមហ៊ុនអភិវឌ្ឍន៍អគារនេះឈ្មោះ Extell Development Company ព្យាករថា នេះជាខុនដូប្រណីតលំដាប់កំពូល ហើយជាមួយនឹងទំហំលក់ចេញសរុប រហូតដល់ទៅ៤ពាន់លានដុល្លារ នឹងធ្វើឱ្យវាក្លាយជាអគារខុនដូ ដែលថ្លៃបំផុតប្រចាំប្រទេសនេះ។ ផ្ទះប្រណីតទាំងនេះ បានលក់ដាច់ខ្លះហើយកាលពីដើមឆ្នាំនេះ។

លោក Gary Barnett ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Extell Development Company បានលើកឡើងថា អគារនេះគឺល្អបំផុត ដែលអ្នកអាចទិញបាននៅឧទ្យាន Central Park។

យោងតាមពាក្យចចាមអារ៉ាមថា លោក Kevin Clayton ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Clayton Homes ដែលជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដ៏ល្បីល្បាញ នៅសហរដ្ឋអាមេរិក បានទិញខុនដូមួយនេះទីនេះ ក្នុងតម្លៃ១១លានដុល្លារ។ ទោះជាយ៉ាងណា ក្រុមហ៊ុនខាងលើមិនបានបញ្ជាក់ ឬច្រានចោលពាក្យចចាមអារ៉ាមនេះឡើយ។

អគារនេះ មានក្លឹបឯកជនផ្ដាច់មុខមួយឱ្យឈ្មោះថា Central Park Club មានកម្ពស់៣ជាន់ ដែលមានផ្ទៃសរុប៤.៦៤៥ម៉ែត្រការ៉េ។ ក្លឹបនេះបំពាក់ដោយគ្រឿងប្រណីតៗរួមមានបន្ទប់ទទួលទានអាហារមួយ ផ្ទះបាយដែលមានមេចៅភៅលំដាប់ផ្កាយ កន្លែងអង្គុយលេងមួយ រោងភាពយន្តមួយ និងសាលរបាំដ៏ធំមួយ។  នៅក្នុងអគារនេះក៏មានអាងហែលទឹក និងបារ ក្លឹបហាត់ប្រាណ តារាងបាល់ Basketball និងសូណាផងដែរ៕

កំពង់ផែទឹកជ្រៅកម្ពុជាដែលត្រៀមសាងសង់នឹងអាចស្វាគមន៍កប៉ាល់ធំៗមកពី ជុំវិញពិភពលោក

ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា កំពុងឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា តាមរយៈការសាងសង់កំពង់ផែទឹកជ្រៅ នៅឆ្នាំ២០២២ ដែលអាចស្វាគមន៍កប៉ាល់ធំៗមកពីជុំវិញពិភពលោកចូលចតបាន។

អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោក  គួច ចំរើនធ្លាប់បានមានប្រ​សា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុនសាងសង់កំពង់ផែព្រះសីហនុ ដំណាក់កាលដំបូងបានរួចរាល់ និងដាក់ឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ននេះរួចរាល់ហើយ។

លោកបានបន្តថា ជប៉ុនបានគាំទ្រក្នុងការសាងសង់អភិវឌ្ឍកំពង់ផែ ខេត្តព្រះសីហនុ ៣ដំណាក់កាលបន្តទៀត។ ដោយដំណាក់កាលទី១ ដែល​ត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥ នឹងមានការកសាងកំពង់ផែ​មានជម្រៅទឹករហូតដល់ ១៤,៥ម ដែលអាចឱ្យនាវាដឹកជញ្ជូនប្រមាណជា ៧០% ដែលកំពុងចរាចរលើសមុទ្របច្ចុប្បន្ន អាចចូលចតនៅកំពង់ផែព្រះសីហនុបាន។

ចំណែកដំណាក់កាលទី២ និងទី៣ នឹងត្រូវបានកសាងក្នុងពេលព្រមគ្នា ដើម្បីជម្រុញឱ្យកំពង់ផែព្រះសីហនុ មានជម្រៅទឹករហូត​ដល់១៨ម៉ែត្រ ដែលត្រូវបានបញ្ចប់នៅឆ្នាំ២០២៨។ បន្ទាប់ពីមានការសាងសង់កំពង់ផែ ដែលមានជម្រៅទឹក១៨ម៉ែត្រ នាវានៅលើពិភពលោកនឹងអាចចុះចត នៅកំពង់ផែព្រះសីហនុបានរហូតទៅដល់៩៧ភាគរយ។

ផ្លូវទឹកនៅខេត្តព្រះសីហនុ មានកំពង់ផែធំៗចំនួន៣ គឺកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ កំពង់ផែឧកញ៉ាម៉ុង និងកំពង់ផែអន្តរជាតិស្ទឹងហាវ ស្ថិតនៅក្នុងស្ទឹងហាវ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ននេះ អាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង​៧០ភាគរយ នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះបានបម្រើនូវសេវាកម្មចំនួនបួន រួមមាន ទី១ ប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍ ទី២ សម្រាប់ដឹកជញ្ជូន​ទំនិញរាយ ទី៣ សម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងទី៤ ប្រើសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦សីហានេះថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នៅមិនទាន់បានសាងសង់នៅឡើយទេ អាចសាងសង់នៅក្នុងឆ្នាំ​២០២២​ខាង​មុខនេះ។

លោកបានបន្តថា “ឥឡូវកំពុងបញ្ចប់ការងារលំអិតផ្នែកឌីហ្សាញ ហើយរៀបចំក្រុមហ៊ុនសាងសង់។ អីចឹងទាល់តែឆ្នាំ២០២២ ទើបចាប់ផ្តើមសាងសង់និងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ”។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ដៃគូរជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុឱ្យក្លាយជាកំពង់ផែអន្តរជាតិ ដែលអាចទទួលចុះចតនាវាធំៗបើកតាមផ្លូវសមុទ្យអន្តរជាតិ ឆ្លងកាត់ដែនសមុទ្យរបស់ប្រទេសកម្ពុជា៕

 

ក្រុមហ៊ុនBluebell Groupឈានមុខគេនៅអាស៊ីប្រកាសឈានជើងចូលទីផ្សារកម្ពុជា

ដោយៈ ប៊ី

(ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១) ភ្នំពេញៈ ក្រុមហ៊ុន Bluebell Group ដែលជាក្រុមហ៊ុនចែកចាយ និងជាប្រតិបត្តិករម៉ាកយីហោ ពហុបណ្ដាញល្បីៗ (omnichannel) ឈានមុខតមួយរបស់អាស៊ី ប្រកាសអំពីការដាក់ឱ្យដំណើរការនូវប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជានាវេលាថ្ងៃនេះ ដោយបន្ថែមនូវមជ្ឈមណ្ឌលនៅក្នុងអាស៊ីចំនួនមួយបន្ថែមទៀតទៅ លើបណ្តាញទីផ្សារចំនួនដប់ដែលមានស្រាប់របស់ក្រុមហ៊ុន។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Bluebell Group នឹងធ្វើការងារជាមួយនឹងដៃគូម៉ាកយីហោល្បីៗដែលមានស្រាប់ និងដៃគូថ្មីៗរបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការ និងធ្វើការអភិវឌ្ឍន៍នៅក្នុងស្រុក។ លើសពីនេះទៅទៀត គ្រុបនេះត្រូវ បានតែងតាំងជាអ្នកគ្រប់គ្រងផ្សារទំនើបលក់រាយនៅក្នុងសំណង់មួយដ៏លេចធ្លោ គឺអគារ The Peak ដែលស្ថិត នៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ។ បទពិសោធន៍នៃការគ្រប់គ្រងម៉ាកយីហោល្បីៗរបស់ក្រុមហ៊ុន Bluebell Group និងផ្តល់ជូននូវជំនាញត្រូវការជាចាំបាច់ក្នុងការច្នៃប្រឌិតផ្សារទំនើបដែលនឹងទាក់ទាញដល់អ្នកប្រើប្រាស់ នាពេលបច្ចុប្បន្ន។

ចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់គម្រោងនេះ គឺផ្ដោតជុំវិញ “ហាងទំនិញលក់រាយដែលផ្តល់នូវ ភាពងាយស្រួល ដោយអតិថិជនអាចធ្វើដំណើរមកដោយផ្ទាល់ ឬទិញទំនិញតាមរយៈប្រព័ន្ធឌីជីថលប្រកប ដោយភាពងាយស្រួលក្នុងលក្ខណៈជាការដើរទិញទំនិញតាមហាង និងសេវាអតិថិជនដែលមានភាព ច្បាស់លាស់ ដើម្បីរួមចំណែកដល់ការធ្វើឱ្យបទពិសោធន៍ផ្សារទំនើបលក់រាយឈានដល់កម្រិតល្អឥតខ្ចោះ រួម ជាមួយនឹងការរៀបចំម៉ាកយីហោដែលចាំបាច់ក្នុងការទាក់ទាញទាំងភ្ញៀវទិញទំនិញក្នុងស្រុក និងភ្ញៀវទិញ ទំនិញរួចពន្ធ ដោយក្នុងនោះមានទាំងមាំកយីហោបែបប្រណីត រចនាបទនៃការរស់នៅថ្លៃថ្នូរ ម៉ូតសម្លៀកបំពាក់ទាន់សម័យ ម៉ាក យីហោអាហារ និងភេជ្ជៈ ព្រមទាំងគោលគំនិតដែលទទួលបានពីបទពិសោធន៍រាប់សិបឆ្នាំកន្លងមកហើយ។

លោក Pierre Balsan អគ្គនាយកនៃក្រុមហ៊ុន Bluebell Cambodia បានបង្ហាញអំពីសេចក្តីសោមនស្សរីករាយ ចំពោះការបើកទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជា គឺជាព្រំដែនថ្មីនៃផ្សារទំនើបលក់រាយ ហើយក្រុម ហ៊ុន Bluebell Cambodia បានពាំនាំនូវគោលគំនិតផ្សារទំនើបលក់រាយអន្តរជាតិថ្មីចុងក្រោយបំផុត ចូលមកក្នុង ទីផ្សារកម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍នេះ។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេទៅលើផ្សារទំនើបលក់រាយប្រកួត និងទាន់សម័យអស់រយៈពេលជាង ៦០ឆ្នាំ កន្លងមកនេះ បច្ចុប្បន្ន គ្រុបរបស់យើង ធ្វើប្រតិបត្តិការលើម៉ាកយីហោចំនួន ១៥០ នៅទូទាំងតំបន់អាស៊ី ទាំងក្នុង វិស័យផ្សារទំនើបលក់រាយក្នុងស្រុក និងវិស័យផ្សារទំនើបលក់រាយសម្រាប់ភ្ញៀវទេសចរផងដែរ។
ដោយមាននូវជំនាញវិជ្ជាជីវៈក្នុងប្រទេសដ៏រឹងមាំសម្រាប់ម៉ាកយីហោដែលព្យាយាមចូល ឬពង្រីកវត្តមាននៅក្នុងទីផ្សារធំៗ នានានៃតំបន់អាស៊ី ក្រុមហ៊ុន Bluebell Group ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ រួមបញ្ចូលទាំងគ្រឿងតុបតែង ស្បែកជើង សម្លៀកបំពាក់ គ្រឿងក្រអូប គ្រឿងសម្អាង អាហារឆ្ងាញ់ៗ គ្រឿងអលង្ការ នាឡិកាដៃ វ៉ែនតា និងថ្នាំជក់ជាដើម៕

ភ្នាក់ងារអចលនទ្រព្យមួយចំនួនបាត់បង់ចំណូលទាំងស្រុងក្នុងវិបត្តិកូវីដ១៩

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩ ជាពិសេសចាប់តាំងពីមានការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ ២០២១ ទីផ្សារលក់អចលនទ្រព្យជាពិសេសវិស័យដីឡូត៏ចាប់ផ្ដើមមានបញ្ហាជាបន្តបន្ទាប់ ហើយអ្នកដីឡូត៏មួយចំនួន បានបាត់បង់ចំណូលទាំង​ស្រុង តែអ្នកអភិវឌ្ឍន៍ដីឡូត៏ខ្លះថា ខ្លួននៅតែលក់បានជាបន្តបន្ទាប់ ទោះបីស្ថិតនៅក្នុងវិបត្តិក្ដី។

លោកពិសិដ្ឋ អ្នកលក់គម្រោងដីឡូត៏នៅជាយៗរាជធានីភ្នំពេញ បាននិយាយឲ្យដឹងនាព្រឹកថ្ងៃទី១៦ សីហានេះថា កាលពីឆ្នាំ២០១៧ រហូតដល់២០១៩ ជាពេលវេលាមួយដែលលោករកចំណូលបានច្រើន និងធ្វើឱ្យបានស្គាល់ពីវិស័យអចលនទ្រព្យ តែចូលដល់ឆ្នាំ២០២០ភ្លាម ចំណូលរបស់លោកបានចាប់ផ្ដើមប៉ះពាល់ ហើយចូលដល់ឆ្នាំ២០២១ គឺបានបាត់បង់ទាំងស្រុងតែម្ដង ដែលតម្រូវឱ្យលោកត្រូវបង្វែរកការងារ និងអាជីពផ្សេងដើម្បីទប់ទល់នឹងការចំណាយ។

លោកបន្តថា សម្រាប់គម្រោងដែលលោកលក់កន្លងមក មុនពេលកូវីដ១៩គឺមានតម្លៃចាប់ពី១ម៉ឺនដុល្លារឡើងក្នុងមួយឡូត៏ តែសម្រាប់គម្រោងដីឡូត៏របស់អ្នកដទៃទៀតដែលមានតម្លៃក្រោមហ្នឹង លោកក៏មិនច្បាស់ថា គេពិតជាមានបញ្ហាដូចលោកឬយ៉ាងណានោះទេ តែសម្រាប់រូបលោកគឺពិតជាមានបញ្ហា ហើយបើសិនជាអ្នកវិស័យដីឡូត៏អត់មានបញ្ហាវាជាការកុហក់ហើយ ។

លោកបន្តទៀតថា កាលពីមុនកូវីដ១៩ ក្រុមរបស់លោកមួយខែៗអាចលក់ចេញគម្រោងចេញយ៉ាងហោចណាស់ក៏១០ឡូត៏ដែរ តែចូលដល់ឆ្នាំ២០២០ និង២០២១ រយៈពេល២ឆ្នាំលក់អត់ចេញសូម្បីតែមួយឡូត៏ ពីព្រោះអ្នកទិញរបស់យើងសុទ្ធតែមានបញ្ហា បាត់បង់ចំណូលសឹងតែគ្រប់គ្នា ដូច្នេះពួកគេក៏អត់មានលុយទិញគម្រោងដីឡូត៏នោះទេ ។

យ៉ាងណាបើតាមការបញ្ជាក់ ពីអ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើនបានអះអាងថា ទោះ​បីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី តែគម្រោងលក់ដីឡូត៏នៅតែបន្តលក់ចេញជាបន្តបន្ទា​ប់ តែបើធៀបនឹងមុនពេលកូវីដ១៩ឃើញថា មានការធ្លាក់ចុះជាងមុនពិតមែន តែមិនមែនស្ងប់ស្ងាត់ទាំងស្រុងនោះឡើយ។

បើតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានឱ្យដឹងថា នៅក្នុងវិបត្តិកូវីដ១៩នេះ វិស័យអចលនវត្ថុមិនសូវមានបញ្ហានោះទេ តែអ្នកដែលជួបបញ្ហានិងមានវិបត្តិ គឺភ្នាក់ងារអចលវត្ថុទៅវិញទេ ដែលបាត់ចំណូលដោយសារតែមិនមានការទិញលក់ ៕