បណ្តាវិនិយោគិនពិភពលោកសម្រុកចូលប្រទេសចិន ស្របពេលចរន្ត នយោបាយផ្លាស់ប្ដូរ

ដោយៈឧត្តម

សៀងហៃ: ព្យុះភ្លៀងដែលបង្កឡើងដោយវិធានការនិយ័តកម្ម ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង កំពុងជះផលប៉ះពាល់ខ្លាំង មកលើសេដ្ឋកិច្ចរបស់ប្រទេសចិន ស្ទើរតែទាំងមូល ប៉ុន្តែវិនិយោគិនពិភពលោកនៅតែមានសុទិដ្ឋិនិយម ហើយកំពុងតែសម្រុកបង្កើ​នការវិនិយោគក្នុងវិស័យផ្ទះជួលនៅប្រទេសចិន។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី១២ សីហា ឱ្យដឹងថា ការបង្កើនការវិនិយោគក្នុងវិស័យផ្ទះជួល ពីសំណាក់ក្រុមហ៊ុនអន្តរជាតិនានា រួមទាំងក្រុមហ៊ុន Blackstone និងក្រុមហ៊ុន Warburg Pincus ផងដែរនោះ ដោយសារមើលឃើញថា ចរន្តនយោបាយក្នុងប្រទេសនេះ កំពុងប្រែប្រួលដែលមានផលល្អសម្រាប់ពួកគេ។

មួយរយៈពេលចុងក្រោយនេះ ប្រទេសចិនបានបង្ក្រាបយ៉ាងចាស់ដៃ ទៅលើវិស័យបង្រៀនគួរឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដូចជា ក្រុមហ៊ុន Alibaba របស់កំពូលមហាសេដ្ឋីចិនJack Ma ក្រុមហ៊ុនTencent ជាដើម និងបានបង្កើនការរឹតបន្តឹងលើការទិញផ្ទះ។ ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងប្រឹងប្រែងកៀរគរមូលធន ដើម្បីជួយជំរុញទីផ្សារផ្ទះជួល ហើយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីស្ថាប័ននានា។

លោក Graeme Torre នាយកគ្រប់គ្រងក្រុមហ៊ុន APG Asset Management ដែលបានចូលប្រឡូកក្នុងទីផ្សារផ្ទះជួលក្នុងប្រទេសចិន ដោយសហការជាមួយ Greystar ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករអចលនទ្រព្យអាមេរិក បានលើកឡើងថា “នៅប្រទេសចិន មនុស្សត្រូវការផ្ទះសម្រាប់រស់នៅ ប៉ុន្តែផ្ទះមានតម្លៃថ្លៃពេកដែលលើសពីសមត្ថ​ភាពរបស់អ្នកទិញ។ ដូចនេះគឺពួកគេត្រូវការផ្ទះសម្រាប់ជួល”។

លោកបន្ថែមទៀតថា “យើងចូលចិត្តបោះទុនវិនិយោគ នៅក្នុងប្រទេសមួយដែលមានគោលនយោបាយច្បាស់លាស់ ជាជាងព្យាយាមគេចវេះ ឬវិនិយោគប្រឆាំងនឹងគោលនយោបាយ”។ លោកបន្តថា “ដូចនេះខ្ញុំយល់ថា វាជានយោបាយដ៏ត្រឹមត្រូវ”។ ក្រុមហ៊ុនខ្ញុំនឹងប្ដេជ្ញាបោះទុនវិនិយោគ ប្រមាណ១,១៧ពាន់លានដុល្លារអាមេរិក ក្នុងទីផ្សារផ្ទះជួលនៅរយៈពេល៣ទៅ៥ឆ្នាំក្រោយ”។

លោក Qiqi Zhang នាយកគ្រប់គ្រងក្រុមហ៊ុន Warburg Pincus (WP.UL) បានថ្លែងថា អាផាតម៉ិនសម្រាប់ជួលរយៈពេលវែង គឺជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ដោះស្រាយបញ្ហាលទ្ធភាពទិញផ្ទះ នៅក្នុងទីក្រុងនានារបស់ប្រទេសចិន។

លោកបន្ថែមទៀតថា “យើងយល់ថា លំនៅដ្ឋានជួលរយៈពេលវែង គឺជាឱកាសដ៏ធំបន្ទាប់”។

អ្វីដែលជាការកត់សម្គាល់ឃើញថា ស្ថាប័ននានាមានការចាប់អារម្មណ៍តិចតួចណា​ស់លើទីផ្សារផ្ទះជួលក្នុងប្រទេសចិន នៅមុនឆ្នាំ២០១៧ ជាពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានថ្លែងក្នុងសន្និបាតបក្សកុម្មុយនីស្តចិន លើកទី១៩កន្លងមកថា ប្រទេសចិន នឹងជំរុញលើកទឹកចិត្តទាំងការទិញ និងការជួលផ្ទះ។ រដ្ឋាភិបាលក្រុងប៉េកាំង នៅឆ្នាំនេះ បានបង្កើនការអំពាវនាវឱ្យបណ្ដាវិនិយោគិន បង្កើនការផ្គត់ផ្គង់ផ្ទះជួលនៅក្នុងទីផ្សារ៕

GRA តែងតាំងលោកឡោ វិចិត្រជាប្រធានសាខាសមាគមប្រចាំរាជធានីភ្នំពេញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សមាគមអចលនទ្រព្យសកល (GRA) បានសម្រេចតែងតាំងលោកឡោ វិចិត្រ ជាប្រធានសាខាសមាគមនេះ ប្រចាំរាជធានីភ្នំពេញ ដើម្បីពង្រីកសក្តានុពលរបស់​សមាគមនេះ ក្នុងការលើកស្ទួយវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកឧកញ៉ាសំ សុខនឿប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសា​សន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការសម្រេចចិត្តតែងតាំងលោកឡោ វិចិត្រជាប្រធានសាខាសមាគមប្រចាំរាជធានីភ្នំពេញ ដោយសារលោកមើលឃើញថា គាត់ជាមនុស្សមានសមត្ថភាពជាច្រើន ពិសេសលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដោយលោកបានសិក្សាពីនិន្នាការទីផ្សារក្នុងស្រុក និងនិន្នាការរបស់អ្នកវិនិយោគអន្តរជាតិ។

លោកឧកញ៉ាបានបន្តថា “លោកវិចិត្រ ជាមនុស្សមានសមត្ថភាព និងមានទំនាក់ទំនងល្អក្នុងសង្គមការងារ ក៏ដូចជាចូលរួមលើកស្ទួយអ្នកជំនួញជាស្រ្តី ដើម្បីទទួលបានផលប្រយោជន៍ និងទាញយកផលប្រយោជន៍បានកាន់តែច្រើន ពីការរីកចម្រើនសេដ្ឋកិច្ចជាតិ”។

លោកបន្តថា ការតែងតាំងសមាសភាពថ្នាក់ដឹកនាំ សមាគមជាបន្តបន្ទាប់ គឺជាការពង្រឹងរចនាសម្ព័ន្ឋដឹកនាំរបស់សមាគម ដើម្បីអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួ​យរាជរដ្ឋាភិបាលបានកាន់តែច្រើននាពេលអនាគត។

លោកឧកញ៉ាបានបន្តថា ដោយមានបេសកកម្ម និងចក្ចុវិស័យច្បាស់លាស់ សមា​គមនឹងពង្រីកការិយាល័យ នៅក្រៅប្រទេសបន្ថែមទៀតនាពេលអនាគត ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ​ មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

លោកឡោ វិចិត្រប្រធានសាខាសមាគមអចលនទ្រព្យសកលប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍ ដោយបានសម្តែងក្តីរីករាយ និងបានចាត់ទុកជាកិត្តិយសដ៏ឧត្តុងឧ ត្តមមួយ ដែលប្រធាន GRA តែងតាំងជាប្រធានសាខារបស់សមាគមនេះ។

លោកបន្តថា រាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមជ្ឈ​មណ្ឌលសេដ្ឋកិច្ច វប្បធ៌ម នយោបាយ ហេតុនេះការរីកចម្រើនវិស័យអចលនទ្រព្យនៅរាជធានៅភ្នំពេញ ពិតជាសំខាន់ណាស់ ព្រោះរាជធានីនេះ ប្រៀបដូចជាក្បាលរថភ្លើង​មួយ ក្នុងការធ្វើឲ្យវិស័យនេះកាន់តែមានកំនើនខ្លាំង ដោយសារតែអ្នកវិនិយោគភាគច្រើនបានធ្វើការវិនិយោគនៅរាជធានីនេះ។

លោកបន្តថា “ក្នុងតួនាទីជាប្រធានសាខាសមាគមប្រចាំរាជធានីភ្នំពេញ ខ្ញុំគិតថា វាជាតួនាទីសំខាន់ ដែលខ្ញុំអាចចូលរួមចែករំលែកចំណេះដឹង ការផ្សព្វផ្សាយ ក៏ដូចចូលរួម លើកកំពស់វិស័យនេះ ឲ្យកាន់តែរីកចម្រើនជាងមុន ស្របតាមយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា”៕

ក្រសួងរៀបចំដែនដីសម្រេចបង្កើតក្រុមការងារអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសរៀបចំ គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។ នេះបើយោងតាមសេចក្ដីសម្រេច របស់ក្រសួងរៀបចំដែនដី ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។

ក្រុមការងារបច្ចេកទេសនេះ មានភារកិច្ចសិក្សាស្រាវជ្រាវ ចងក្រង និងវិភាគទិន្ន ន័យដីធ្លី ដោយផ្អែកលើគោលនយោបាយដីធ្លី គោលនយោបាយជាតិស្តីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ផែនការរៀបចំដែន ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសនេះ មានភារកិច្ចសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ឱ្យស្របតាមចក្ខុវិស័យនៃគោលនយោបាយ តាមវិស័យពាក់ព័ន្ធ។

ខេត្តព្រះសីហនុ ជាខេត្តមាត់សមុទ្រ ដែលបានក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់ថ្មីមួយសម្រាប់ប្រទេសកម្ពុជា ក្រៅពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្រៅពីកន្លែងទេសចរ ណ៍ និងច្រកចេញចូលទំនិញ ដោយមានកំពង់ផែធំជាងគេ ខេត្តនេះមានការលូតលាស់យ៉ាងលឿនរហ័សនូវសំណង់អគារចម្រុះ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោកឃាង ភារម្យបានថ្លែងប្រាប់ថា ទោះបីជាស្ថានភាពកូវីដ១៩ នៅតែបង្កជាបញ្ហាដល់ខេត្តសម្រាប់ដោះស្រាយក្ដី តែយើងក៏មិនភ្លេចពីការអភិវឌ្ឍខេត្ត ដើម្បីស្វាគមន៍ដល់វិនិយោគិនជាតិ និងអន្តរជាតិមកបណ្ដាក់ទុនរកស៊ី នៅពេលចប់វិបត្តិកូវីដ១៩នោះទេ។

លោកបានថ្លែងបន្តថា “ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងខេត្ត ជាកត្តាទាក់ទាញមួយដល់វិនិយោគិនជាតិ និងអន្តរជាតិ សម្រាប់មកបណ្ដាក់ទុន នៅពេលខាងមុខឆាប់នេះ ខណៈហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីរាជធានីក៏កំពុងតែស្ថាបនាយ៉ាងមមាញឹក ដើម្បីសម្រួលដល់បណ្ដាអ្នកវិនិយោគ ដែលមានបំណងមកកាន់ខេត្តព្រះសីហនុ”។

រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឲ្យសាងសង់ មានទំហំ១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក៕

អ្នកឧកញ៉ាពុង ឃាវសែៈយុវជនកម្ពុជាគួរងាកទៅរកការសិក្សាជំនាញបច្ចេកទេសដើម្បីសម្រេចគោលដៅ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ប្រទេសកំពុងអភិវឌ្ឍន៍ គឺត្រូវការធនធានជំនាញបច្ចេកទេស ហើយតម្រូវការជាក់ស្ដែងនាពេលបច្ចុប្បន្ននេះដែរ ក៏ជាជំនាញបច្ចេកទេសដែរ ដូច្នេះយុវជនកម្ពុជាគួរងាកទៅរកការសិក្សាជំនាញបច្ចេកទេស ជាជាងជំនាញក្នុងការិយាល័យ ដើម្បីសម្រេចទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

អ្នកឧកញ៉ាពុង ឃាវសែប្រធានអគ្គនាយកធនាគារកាណាឌីយ៉ាមានប្រសាសន៍ក្នុង​កម្មវិធីមួយកាលពីចុងសប្តាហ៍មុនថា ប្រទេសកំពុងអភិវឌ្ឍន៍ គេត្រូវជំនាញបច្ចេកទេសច្រើន ជាក់ស្ដែងក្រុមហ៊ុនជាច្រើននៅកម្ពុជា បានមកវិនិយោគនៅកម្ពុជា ហើយពួកគេត្រូវការជំនាញបច្ចេកទេស គឺអត់មានផ្ដល់ជូនគេ ពីព្រោះយុវជនកម្ពុជាជាច្រើន ចូលចិត្តរៀនតែជំនាញធ្វើការក្នុងការិយាល័យដូចជា ជំនាញគណនេយ្យ អ្នកគ្រប់គ្រង ធនាគារ និងហិរញ្ញវត្ថុ និងភាសាបរទេសទៅវិញ ហើយមិនសូវមានអ្នករៀនបច្ចេកទេសទេ។

អ្នកឧកញ៉ាបន្តថា ជំនាញបច្ចេកទេសនេះនារីៗ ក៏អាចសិក្សារៀនសូត្របានដែរហើយសាលាបច្ចេកទេសមួយចំនួន ក៏បានលើកទឹកចិត្តដល់នារី ដោយបញ្ចុះតម្លៃសិក្សាជូននារីច្រើនផងដែរ ហើយក៏ជាការជួយបំពេញបន្ថែម សម្រាប់ជំនាញបច្ចេកទេសនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ាពុង ឃាវសែបានបន្តថា “ក្រុមហ៊ុនជាច្រើនបានប្រាប់ខ្ញុំថាគេពិបាករកជំនាញបច្ចេកទេសដើម្បីធ្វើការណាស់ ដូច្នេះគេត្រូវជួលធនធានមនុស្សពីខាងក្រៅប្រទេ​សមកធ្វើការ ហើយជនបរទេសធ្វើការក្នុងប្រទេសយើង ក៏មិនបានជាប់លាប់ដែរ”។អ្នកឧកញ៉ាបានបន្តថា “អ្នកខ្លះនឹកស្រុកសុំតែទៅស្រុកវិញ ក្នុងមួយឆ្នាំពីរបីដង តែបើសិនយើងមានអ្នកចេះបច្ចេកទេសច្រើន គេអាចជួលយើងធ្វើការបានពេញដៃពេញជើង ហើយប្រាក់ចំណូលក៏បានយើងទាំងអស់ដែរ”។

ជាមួយគ្នានេះ លោកប៊ុន ភារិន នាយកសាលាវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា ក៏បានឱ្យដឹងមកថា ក្នុងមួយឆ្នាំៗ សាលាមិនអាចផ្គត់ផ្គង់បុគ្គលិក តាមតម្រូវការស្នើសុំរបស់ក្រុមហ៊ុន ដែលចង់បានសិស្សពីសាលាទៅធ្វើការនោះទេ ហើយសិស្សខ្លះទៀតរៀនមិនទាន់ចប់ផង ក៏មានការងាររួចបាត់ទៅហើយ។ ទាំងនេះ គឺឆ្លុះបញ្ចាំងពីតម្រូវការជំនាញបច្ចេកទេស នៅទីផ្សារការងារខាងក្រៅពិតជាច្រើនណាស់ ។

បើតាមគណៈគ្រប់គ្រងសាលាបច្ចេកទេសដុនបូស្កូ ក៏បានឱ្យដឹងផងដែរថា រៀងរាល់ឆ្នាំ មុនពេលមានវិបត្តិកូវីដ១៩ នៅពេលសិស្សជិតបញ្ចប់ការងារ តែងមានក្រុមហ៊ុនមកសម្ភាសន៍រើសបុគ្គលិកនៅសាលាផ្ទាល់ ហើយហើយក្នុងមួយឆ្នាំៗសាលាក៏អត់មានលទ្ធភាពបណ្ដុះបណ្ដាលសិស្សច្រើនដែរ ព្រោះចំនួនមានកណត់។ ម្យ៉ាងវិញទៀតការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ត្រូវការអភិវឌ្ឍផ្ទាល់ៗ មិនមែនរៀនតែទ្រឹស្ដីមួយដូចជំនាញ ដែលធ្វើការក្នុងការិយាល័យនោះឡើយ៕

ដំណឹងរីករាយៈបរវរកញ្ញាជប៉ុនកំពុងជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីររបស់កម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់នាពេលថ្មីៗនេះថា កញ្ញា រូរី សាជី ( Ruri Saji) Miss Grand Japan 2020របស់ជប៉ុន កំពុងជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដល់ប្រជាជនជប៉ុននៅក្នុងទីផ្សារប្រទេសជប៉ុន។

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងក្តីសង្ឃឹមថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងកាន់តែមានប្រជាប្រិយភាព នៅលើទីផ្សារប្រទេសជប៉ុន បន្ទាប់ពីបានការជួយផ្សព្វផ្សាយ ពីបវកញ្ញាជប៉ុនសម្រាប់កម្មវិធី Miss Grand Japan 2020 ។

លោកបញ្ជាក់ថា “សកម្មភាពផ្សព្វផ្សាយផលិផល គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន ដោយបរវរកញ្ញាជប៉ុន ឆ្នាំ២០២០ កញ្ញា រូរី សាជី” ។ កញ្ញា រូរី សាជី កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីជូនព័ត៌មានអំពីសក្តានុពល រស់ជាតិ គ្រាប់ស្វាយចន្ទីកម្ពុជា ដល់ប្រជាជនជប៉ុន”។

កញ្ញា រូរី សាជី កាលពីខែមីនា គឺជាបវកញ្ញាជប៉ុន ដែលបានឈ្នះពានរង្វាន់លើផ្នែកសម្លៀកបំពាក់ជាតិល្អបំផុត ក្នុងកម្មវិធីប្រកួត Miss Grand International ឆ្នាំ ២០២០ ដែលរៀបចំឡើងនៅប្រទេសថៃផងដែរ។

ចាប់ពីខែមករា ដល់ខែមិថុនា ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន៨៤៣ ២៤៣តោន ដោយភាគច្រើនទៅប្រទេសវៀតណាម ថៃ និងចិន បន្ទាប់មកទៅកាន់ប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ឡាវ អារ៉ាប់រួម ជាដើម។

នាពេលថ្មីៗនេះ គ្រាប់ស្វាយចន្ទីកម្ពុជា ដែលត្រូវបានសាកល្បងដោយជនជាតិជប៉ុន បានបង្ហាញថាគ្រាប់ស្វាយចន្ទីកម្ពុជា មានរសជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីមកពីប្រទេសនានា ដូចជា វៀតណាម ឥណ្ឌា និងអាហ្រ្វិក ប៉ុន្តែជាទូទៅគុណភាព អនាម័យ ការផលិត ការប្រើប្រាស់បច្ចេកវិទ្យា ដាំដុះ និងការកែច្នៃផលិតផលស្វាយចន្ទី គឺនៅមានកម្រិតនៅឡើយ ហើយកត្តាអវិជ្ជមានទាំងនេះ ធ្វើឱ្យពិបាកក្នុងការស្វែងរកទីផ្សារនៅជប៉ុន។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោមក្របខ័ណ្ឌនៃជំនួយឥតសំណង ខ្នាតតូចរបស់រដ្ឋាភិបាលជប៉ុន កញ្ចប់ជំនួយឥតសំណងតម្លៃ១៦៩,៧២០ ដុល្លារត្រូវបានផ្តល់ ដើម្បីពង្រឹងស ង្វាក់ និងតម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។
ជាលទ្ធផល គ្រាប់ស្វាយចន្ទីកែច្នៃចំនួន៧,៦តោន ដែលជាផលិតផលសម្រេចរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលមានទីតាំងនៅខេត្តកំពង់ធំ ត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ប្រទេសជប៉ុនកាលពីខែមិថុនា។

ក្នុងឆ្នាំ២០២០ ការដាំដុះស្វាយចន្ទីនៅកម្ពុជា គ្របដណ្តប់លើផ្ទៃដី២៥៨.៩៨៤ ហិកតា នៅក្នុងនោះ ផ្ទៃដីប្រមូលផលមានប្រមាណ១៦២.២៩៤ ហិកតា ជាមួយនឹងទិន្នផលជាមធ្យម ១.៤៩ តោនក្នុងមួយហិកតា៕

តើស្ថានភាពវិស័យសំណង់នៅខេត្តព្រះសីហនុមានសភាពដូចម្តេច ខណៈការដ្ឋានសាងសង់៦២៤បានបន្តផ្អាកសកម្មភាពសាងសង់

ដោយៈគង់ សូរិយា

ព្រះសីហនុៈ មេឃមិនទាន់ស្រឡះទេ នៅខេត្តព្រះសីហនុ ខណៈសកម្មភាពសាងសង់សំណង់នានា បានបន្តផ្អាកសកម្មភាពជាច្រើន ដោយបច្ចុប្បន្ននេះមានការដ្ឋានសំណ​ង់រហូតដល់ចំនួន៦២៤ គ្មានសកម្មភាពសាងសង់បន្ត។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានផ្តល់ជូនដោយ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ កាលពីថ្ងៃទី១៥ សីហាកន្លងមកបានឲ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១នេះ ខេត្តព្រះសីហនុមានសំណង់ ដែលបានសាងសង់រួច គ្មានសកម្មភាព និងផ្អាកការសាងសង់មានចំនួន១៥៨០គំរោង ក្នុងនោះ៤ការដ្ឋានបានរុះរើនិងទុកដីទំនេរ ៦២៤ការដ្ឋានគ្មានសកម្មភាព ការដ្ឋានសំណង់ចំនួន៥២៧កំពុងបន្តសកម្មភាពសាងសង់។

របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំណោមសំណង់ទាំង១៥៨០ មានសំណង់ចំនួន១៥៣បានសាងសង់រួច និងកំពុងប្រកបអាជីវកម្ម។ ១០៦ការដ្ឋានបានសាងសង់រួច តែគ្មានសកម្មភាពអាជីវកម្ម និង១៦៦ការដ្ឋានបានសាងសង់រួច តែមិនមានបញ្ជាក់ពីសកម្មភាពអាជីវកម្ម។

លោកឃាង ភារ្យបានមានប្រសាសន៍ឲ្យដឹងថា អ្វីជាការងារអាទិភាព ដែលអាជ្ញាធរខេត្តកំពុងជំរុញខ្លាំង គឺបង្កើនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបន្តការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា “ក្នុងស្ថានភាពនេះ យើងពិបាកនិយាយពីកំនើននៃការសាងសង់ និងការវិនិយោគណាស់ ស្របពេលវិស័យអាកាសចរណ៍ ក៏មិនទាន់មានសញ្ញាល្អប្រសើរនៅឡើយទេ”៕

អ្នកជំនាញៈវិស័យអចលនទ្រព្យនៅខេត្តបាត់ដំបងបន្តរីកចម្រើន ខណៈពេលគំរោងធំៗមួយចំនូនកំពុងបង្ហាញខ្លួន

ដោយៈសុជាតា

បាត់ដំបងៈ បើទោះបីជាវិបត្តិ covid 19 បានធ្វើអោយតម្លៃអចនទ្រព្យនៅខេត្តពាយ័ព្យមួយនៅទ្រឹងក៏ពិតមែន ក៏គម្រោងអភិវឌ្ឍលំនៅដ្ឋាន កំពុងសាងសង់យ៉ាងមម៉ាញឹក ក្នុងតំបន់ក្រុងបាត់ដំបង ហើយគម្រោងធំៗជាច្រើនបានបន្តកើនឡើង។

លោកកែវ សារ៉ន ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់់ដំបងបានប្រាប់ Property Area Asia កាលពីចុងសប្តាហ៍មុនថា បើយើងក្រលេកមើលតម្លៃដីធ្លី នៅតំបន់ជាយក្រុង កាលពីប្រាំឆ្នាំមុន ត្រឹមតែ១ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែពេលបច្ចុប្បន្ន ប្រជាជនដែលគាត់រំពឹងទុកលើការចំណេញពីវិស័យនេះបានបន្តវិនិយោគ ដោយទិញដីទុក ធ្វើអោយតម្លៃដីក្នុងក្រុងកើនឡើងចន្លោះពី៥០ ដុល្លារ ទៅ១០០ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ។

គម្រោងធំៗមាន ដូចជា គម្រោងអភិវឌ្ឍទីក្រុងរណបថ្មី ការអភិវឌ្ឍនៅតំបន់ភូ ពុយ គម្រោងអភិវឌ្ឍបុរី រំចេក បុរី រស្មីបាត់ដំបង បុរី ស្តាវិឡា បុរីរតនៈ បុរីរោងចក្រ បុរី បាត់ដំបងឃ្វែរជាដើមកំពុងពង្រីកមូលដ្ឋានសក្តានុពលរបស់ខេត្តនេះ។

លោកកែវ សារ៉នបានបន្ថែមទៀត គម្រោងអភិវឌ្ឍព្រលានយន្តហោះ ការអភិវឌ្ឍផ្លូវថ្មីរវាងខេត្តសៀមរាប ទៅបាត់ដំបង និងគម្រោងផ្លូវកំពុងសាងសង់ផ្លូវពីខេត្តបាត់ដំបងទៅដល់ខេត្តកោះកុង បានអោយធ្វើអោយតម្លៃដីធ្លីក្នុងខេត្តនេះ បានបន្តកើនឡើងជាបន្តបន្ទាប់ ក្នុងអត្រាកំណើន៥០ភាគរយជាប្រចាំឆ្នាំ។ ភាគច្រើនអ្នកទិញដីធ្លី ជាអ្នកវិនិយោគក្នុងស្រុក ដោយមិនទាន់មានអ្នកវិនិយោគពីបរទេសច្រើននោះទេ។

លោកបន្តថា ចំពោះតំបន់ផ្លូវក្រវាត់ក្រុង ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៥ ជាផ្លូវហាយវ៉េអាស៊ានលេខមួយ មានការពុះដីឡូលក់ និង បង្កើតបុរីមួយចំនួនផងដែរ ធ្វើអោយតម្លៃដីតំបន់នោះកើនឡើងក្នុង១ ម៉ែត្រ១០០ដុល្លារផងដែរ។

លោកបន្ថែមទៀត ចំពោះគម្រោងអភិឌ្ឍធំចុងក្រោយ ដូចជា គម្រោងលំហែកាយបែបទេសចរណ៍របស់ឧកញ៉ា ឡេង ណាត្រា ក្នុងទំហំដី៥០០ហិចតា និងគម្រោងអភិវឌ្ឍវាយកូនគោលរបស់ឧកញ៉ា ហេងតុលា លើផ្ទៃដី៧០ហិចតា និងផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនដទៃទៀត កំពុងធ្វើឲ្យតម្លៃដីធ្លីកើនឡើងជាប្រចាំ ទោះបីមានបញ្ហាជំងឺកូវីដ១៩ក្តី។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ជាមួយនឹងចក្ចុវិស័យច្បាស់លាស់របស់ប្រមុខរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ជាច្រើននៅក្នុងខេត្តនេះ រួមមានការសាងសង់ផ្លូវជាតិលេខ១០ ផែនការស្តារព្រលានយន្តហោះឡើងវិញ និងផែនការសាងសង់ផ្លុវជាតិតភ្ជាប់ពីខេត្តសៀមរាប​ មកកាន់​ខេត្តបាត់ដំបងបាននិងកំពុងជំរុញក្រុមហ៊ុនឯកជនធំៗមួយចំនួន កំពុងពង្រីកផែនការវិនិយោគរបស់ពួកគេ ដូចជាគំរោងវិនិយោគរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាជាដើម។

លោកបន្តថា “ការហូរចូលនូវការវិនិយោគពីវិស័យឯកជន និងផែនការអភិវឌ្ឍន៍ខេត្តនេះជាមណ្ឌលសំរាប់់ភ្ញៀវទេសចរណ៍អន្តរជាតិ នឹងធ្វើឲ្យខេត្តនេះក្លាយជាមូលដ្ឋាននៃកំនើនសេដ្ឋកិច្ចដ៏សំខាន់មួយ នៃភូមិភាគពាយ័ព្យប្រទេស”៕

ក្រុមហ៊ុនFacebookនិងAmazonរង់ចាំការបើកភ្លើងខៀវពីរដ្ឋាភិបាលអាមេរិកដើម្បីដំណើរការបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ

ដោយៈ សុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុន Facebook Inc និងក្រុមហ៊ុន Amazon.com Inc បានស្នើសុំការអនុម័តពីរដ្ឋាភិបាលអាមេរិក ដើម្បីដំណើរការបណ្ដាញខ្សែកាបទិន្នន័យក្រោមបាតសមុទ្រថ្មីមួយរវាងហ្វីលីពីន និងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីក្រុមហ៊ុនចិន China Mobile បានយល់ព្រមដកខ្លួនចេញពីផែនការនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសៅរ៍ ទី១៤ សីហា នេះ។

ក្រុមហ៊ុនទាំងពីរបានប្រាប់គណៈកម្មាធិការទូរគមនាគមន៍សហព័ន្ធ (Federal Communications Commission (FCC)) ថា ពួកគេមានបំណងចាប់ផ្តើមដំណើរការអាជីវកម្មនៅចុងឆ្នាំ២០២២ ហើយបានគូសបញ្ជាក់ថា ការតភ្ជាប់ទិន្នន័យថ្មីនេះពិតជាមានសារៈសំខាន់ណាស់ ខណៈតម្រូវការកើនឡើងប្រកបដោយនិរន្តរភាពក្នុងមួយឆ្នាំៗ។

ក្រុមហ៊ុនទាំងនេះបានលើកឡើងរួមគ្នាថា បណ្ដាញខ្សែកាបថ្មីនេះនឹងជួយគាំទ្រដល់កម្មវិធីនានារបស់ក្រុមហ៊ុន Facebook ហើយនឹងធ្វើឱ្យក្រុមហ៊ុន Amazon និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះមានសមត្ថភាពគាំទ្រសេវាកម្ម Cloud របស់ Amazon និងភ្ជាប់ទៅមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។

អ្នកនាំពាក្យក្រុមហ៊ុន Facebook និយាយថា គម្រោងដែលគូភាគីបានព្រមព្រៀងគ្នានេះគឺជា “ផ្លូវដ៏ល្អបំផុតឆ្ពោះទៅបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យដំណើរការប្រព័ន្ធខ្សែកាបនេះដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវកម្មសិទ្ធិលើប្រព័ន្ធនេះ ដែលផ្ដល់លទ្ធភាពឱ្យគូភាគីតភ្ជាប់ទៅកាន់មនុស្ស និងតំបន់កាន់តែច្រើនបន្ថែមទៀត”។

ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុន Amazon និងក្រុមហ៊ុន China Mobile មិនបានឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ។

សហរដ្ឋអាមេរិក តែងតែសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតចំពោះតួនាទីរបស់ប្រទេសចិន នៅក្នុងគ្រប់គ្រងចរាចរបណ្តាញខ្សែកាប ដោយខ្លាចមហាយក្សចិន លួចយកការណ៍សម្ងាត់របស់ពិភពលោក។ ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រប្រហែល៣០០បង្កើតបានជាឆ្អឹងខ្នងដ៏រឹងមាំនៃអ៊ីនធឺណិត ដែលផ្ទុក៩៩%នៃចរាចរទិន្នន័យរបស់ពិភពលោកនាពេលបច្ចុប្បន្ន៕

រដ្ឋាភិបាលប្រសិទ្ធនាមផ្លូវពយតាមូងទៅផ្លូវលេខ៥០២នៅក្រុងព្រះសីហនុជា “វិថីតេជោ”

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាមផ្លូវពយតាមូងតភ្ជាប់ពីវិថី ២ធ្នូ ចំណុចឆ្នេរសុខា ទៅផ្លូវលេខ៥០២ ចំណុចឆ្នេរអូរឈើទាលជា «វិថីតេជោ» និងស្ថាបនាបដិមាព្រះស្ថន្ទទ្រង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វត្រីកោណ ដូចមានក្នុងប្លង់បង្ហាញទីតាំងភ្ជាប់ជាមួយ នៅក្រុងព្រះសីហនុ។

នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចេញផ្សាយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដដែល បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតជូន គ.អ.ឆ.ក. ចាត់ចែងស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣។

គម្រោងនេះមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រង់ចំណុចជាប់ស្ពានពីយអូរឈើទាល ដោយប្រើប្រាស់កញ្ចប់ថវិកាដែលរាជរដ្ឋាភិបាល បានសម្រេចផ្តល់ជូនរួចចំនួន២០លានដុល្លារអាម៉េរិក បានពីការអនុវត្តគម្រោងទេសចរណ៍នាគរាជ៕

តើទីផ្សារលំនៅដ្ឋាននៅទីក្រុងណាមួយនៃចក្រភពអង់គ្លេសមានតម្លៃខ្ពស់បំផុតនាពេលបច្ចុប្បន្ន?

ដោយៈ សុខុម

ក្រុងឡុងដ៍: នៅពេលសួរថា តើទីក្រុងមួយណាដែលជាទីផ្សារលំនៅដ្ឋានមានតម្លៃថ្លៃបំផុតប្រចាំប្រទេសអង់គ្លេស? ភាគច្រើនប្រាកដជាស្មានថាទីក្រុងឡុងដ៍ ដ៏ល្បីល្បាញដែលជារាជធានីនៃប្រទេសនេះ ប៉ុន្តែតាមពិតគឺមិនមែននោះទេ។

យោងតាមធនាគារអង់គ្លេស Halifax ឱ្យដឹងថា ទីក្រុង Winchester ដែលស្ថិតក្នុងតំបន់ Hampshire គឺជាទីក្រុងដែលជាទីផ្សារលំនៅដ្ឋានមានតម្លៃខ្ពស់បំផុតប្រចាំប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី១២ សីហា។

ផ្អែកតាមតួលេខរបស់ធនាគារខាលើបង្ហាញថា ការទិញផ្ទះមួយក្នុងតំបន់ Hampshire គឺខ្ពស់ជាងប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋដល់ទៅ១៤ដងឯណោះ ខណៈការទិញផ្ទះនៅក្នុងទីក្រុងឡុងដ៍ ខ្ពស់ជាងប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋចំនួន១១ដង។ នេះមានន័យថា ពលរដ្ឋដែលមានជីវភាពត្រឹមមធ្យមគឺគ្មានលទ្ធភាពទិញផ្ទះសម្រាប់រស់នៅឡើយ។

លោក Russell Galley នាយកគ្រប់គ្រងធនាគារ Halifax បានលើកឡើងថា តម្លៃផ្ទះជាទូទៅបានបន្តហក់ឡើងមិនឈប់ គឺខ្ពស់ជាងឆ្ងាយបើធៀបនឹងកំណើនប្រាក់ឈ្នួលអប្បបរមារបស់ពលរដ្ឋ។

ទីក្រុង Winchester បានវ៉ាឈ្នះទីក្រុង Oxford ដ៏ល្បីល្បាញក្លាយជាទីក្រុងដែលជាទីផ្សារលំនៅដ្ឋានមានតម្លៃខ្ពស់បំផុតនៅក្នុងការស្ទង់មតិប្រចាំឆ្នាំ ហើយអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺទីក្រុងឡុងដ៍ បែរជាក្លាយជាទីផ្សារលំនៅដ្ឋានដែលមានតម្លៃធូរថ្លៃបំផុតរយៈពេល៣ឆ្នាំជាប់គ្នាទៅវិញ។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ធនាគារ Halifax បានរកឃើញថា តម្លៃផ្ទះជាមធ្យមនៅតាមទីក្រុងនានារបស់អង់គ្លេស បានកើនឡើង១០,៣%។

ការវិភាគរបស់ធនាគារនេះទៅលើតួលេខរបស់ការិយាល័យជាតិស្ថិតិបង្ហាញថា ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋដែលរស់នៅ និងធ្វើការក្នុងទីក្រុងនានាបានកើនឡើងត្រឹមតែ២,១%ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នានេះ។

តម្លៃផ្ទះជាមធ្យមក្នុងទីក្រុងបានកើនឡើងដល់៤០០.០០០ដុល្លារអាមេរិក ខណៈប្រាក់ចំណូលជាមធ្យមបានកើនឡើងដល់ត្រឹមតែ៥០.០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕