មន្ត្រីអាកាសចរស៊ីវិលៈ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចបានជិត១៨ភាគរយតាមការវាស់វែងវិជ្ជាជីវៈ

ដោយៈ ប៊ី

ភ្នំពេញៈ ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សម្រេចបានជិត១៩ភាគរយហើយ បើទោះបីជាប្រទេសកម្ពុជាកំពុងរងការគំរាមកំហែងដោយសារជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរក៏ដោយ ។

លោកស៊ីន ចាន់សិរីវុត្ថាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានដកស្រង់សម្តីពីសារព័ត៌មានរដ្ឋនៅថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២១ ដោយលោកបានលើកឡើងថា បើទោះបីជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ហើយបានធ្វើឱ្យប៉ះពាល់ខ្លះដល់ដំណើរការសាងសង់ក៏ពិតមែន តែក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាហៅកាត់ថា (OCIC )នៅតែបន្តដំណើរការ សាងសង់ជាប្រក្រតី ដើម្បីឱ្យសម្រេចតាមគោលដៅដែលបានគ្រោងទុក ។

លោកបានបញ្ជាក់ដូច្នេះថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើយើងគិតឱ្យត្រឹមត្រូវទៅ គឺសម្រេចបានជាង១៨ភាគរយហើយ ប៉ុន្តែសម្រាប់ការវាស់វែងនេះ គឺជាការវាស់វែងតាមវិជ្ជាជីវៈ ហើយនឹងតាមក្បួនដែលមានការទទួលស្គាល់ពីក្រុមហ៊ុនសាងសង់ ដូច្នេះគឺគាត់សម្រេចបានចំនួន១៨,៩ភាគរយ”។

លោកបានថ្លែងបន្តថា នៅពេលដែលព្រលានយន្តហោះអន្តរ ជាតិភ្នំពេញថ្មីសាងសង់រួច រាល់ហើយនោះ ព្រលាននេះនឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាស ចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិត នៅស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល តាមផ្លូវជាតិលេខ២ មានចម្ងាយប្រមាណ២០ គីឡូ ម៉ែត្រពីរាជធានីភ្នំពេញ មាន ផ្ទៃដីសរុបចំនួន២៦០០ហិកតា ដែលគម្រោងសាងសង់នេះមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ២០២៣ខាង មុខ អាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់ក្នុងមួយឆ្នាំ។

ដំណាក់កាលទី២នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលបានអ្នក ដំណើរប្រមាណជា៣០លាននាក់ក្នុង១ឆ្នាំ និងក្នុងដំណាក់ កាលចុងក្រោយនឹងបញ្ចប់នៅឆ្នាំ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់៥០ លាននាក់ក្នុងមួយឆ្នាំ ដែលវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារសហអាមេរិក៕

រដ្ឋាភិបាលកម្ពុជាគ្រោងស្ថាបនាផ្លូវជាច្រើនទៀតក្នុងឆ្នាំនេះទោះស្ថិតនៅក្នុងវិបត្តិក្ដី

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាកម្ពុជាបានជួបប្រទះនឹងវិបត្តិដោយសារជំងឺកូវីដ១៩ និងតម្រូវការចំណាយរបស់រដ្ឋាភិបាលច្រើនជាងមុនក្ដី តែរដ្ឋាភិបាលក៏មានគម្រោងក្នុងការសាងសង់ផ្លូវជាច្រើនខ្សែដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ នៅក្នុងឆ្នាំ២០២១នេះ។ នេះបើតាមលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

លោកស៊ុន ចាន់ថុលបានមានប្រសាស៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ផ្លូវជាច្រើនខ្សែតភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តមួយទៅបណ្ដាខេត្តមួយទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកបានថ្លែងបន្តថា មកដល់ពេលនេះ បើទោះបីជាកម្ពុជាមានវិបត្តិដោយសារតែកូវីដ១៩ក្ដី តែផ្លូវជាច្រើនខ្សែ ដែលបានបើកការដ្ឋានសាងសង់ហើយនោះ នៅតែដំណើរការជាបន្តបន្ទាប់ដោយមិនមានផ្អាកឬបញ្ឈប់ទេ តែក៏មានការដ្ឋានផ្លូវមួយចំនួនបានបន្ថយសកម្មភាពខ្លះ ពីព្រោះតែកម្មករធ្វើផ្លូវឆ្លងជំងឺកូវីដ១៩ និងតម្រូវឱ្យកម្មករដទៃទៀតធ្វើចត្តាឡីស័ក។

លោកបានបន្តថា ក្នុងឆ្នាំ២០២១នេះយើងសង្ឃឹមថានឹងបើកការដ្ឋានសាងសង់ផ្លូវលេខ៣១ពីបែកគុសទៅកំពង់ត្រាច ផ្លូវ៣៣ពីកែបទៅកំពត ផ្លូវ៤១ តភ្ជាប់ពីផ្លូវលេខ៤ទៅលេខ៣ ស្ពានឆ្លងទន្លេមេគង្គ នៅក្រចេះ តភ្ជាប់ផ្លូវពីក្រចេះ ទៅកំពង់ ដូច្នេះពលរដ្ឋចង់ទៅក្រចេះអាចធ្វើដំណើរឆ្លងស្ពានទៅកំពង់ធំតែម្ដង។

លោកបានបន្ថែមថា ក្រៅពីផ្លូវទាំងនេះ យើងក៏កំពុងសិក្សាសាងសង់កំពង់ផែទឹកជ្រៅមួយទៀតនៅក្បែរកំពង់ផែចាស់ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ នឹងអាចអនុញ្ញាតឱ្យនាវា៩៣ភាគរយនៅតំបន់អាស៊ីប៉ាហ្វិក ចូលចតកំពង់ផែរបស់យើងនៅក្រុងព្រះសីហនុ ហើយយើងក៏កំពុងសិក្សាសាងសង់កំពង់ផែទឹកជ្រៅជម្រៅ១៧,៥ម៉ែត្រទៀត ដែលអាចអនុញ្ញាតឱ្យនាវាទាំងអស់ លើពិភពលោកអាចចូលចតកំពង់ផែក្រុងព្រះសីហនុបាននៅពេលអនាគ។

លោកបានបញ្ជាក់ដូច្នេះថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងប្រទេសកម្ពុជា គឺដោយសារតែការចាយវាយសន្សំសំចៃរបស់រាជរដ្ឋាភិបាល និងកម្ចីឥណទានពីខាងក្រៅប្រទេសផង និងជំនួយឥតសំណងផង ដែលធ្វើឱ្យរដ្ឋាភិបាលអាចមានលទ្ធភាព ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ខ្វាត់ខ្វែងបែបនេះ”។

ការសាងសង់ហេដ្ឋារចនាសម្ប័ន្ធជាបន្តបន្ទាប់នេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋប៉ុណ្ណោះទេ តែក៏នឹងទាក់ទាញវិនិយោគិនចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនឹងជំរុញការនាំចេញនាំចូលរបស់កម្ពុជាទៅកាន់ប្រទេសជិតខាងនិងជុំវិញពិភពលោកផងដែរ៕

លោកវង្សី វិស្សុតៈ រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើផែនការមេដើម្បីឱ្យការអភិវឌ្ឍក្រុងមានប្រសិទ្ធភាព

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែលើប្រភពហិរញ្ញប្បទាន និងតម្លៃប៉ាន់ស្មានប៉ុណ្ណោះទេ ថែមទាំងផ្តោតការយកចិត្តទុកដាក់ផងដែរលើផែនការមេ ផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគនៃទីក្រុង ដើម្បីធានាឱ្យការអភិវឌ្ឍន៍មានប្រសិទ្ធភាព។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកវង្សី វិស្សុតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណ:កម្មាធិការសិក្សាអំពីការស្រង់ថ្លៃដើម (Cost Recovery) ដើម្បីកំណត់ថ្លៃសេវា និងរៀបចំយន្តការបង់ថ្លៃប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Virtual Meeting) ជាមួយតំណាងប្រទេសអូស្ត្រាលី លោក Andreas Zurbrugg អនុប្រធានបេសកកម្មការទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងលោក Nam Le ប្រធានក្រុមទីប្រឹក្សានៃកម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) ក្រោមជំនួយបច្ចេកទេសពីរដ្ឋាភិបាលអូស្ត្រាលី។

ក្នុងកិច្ចពិភាក្សានេះ លោកវង្សី វិស្សុតបានលើកឡើងថា តម្រូវការខាងហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់នៅកម្ពុជានាពេលបច្ចុប្បន្នមានការកើនឡើងយ៉ាងខ្លាំង ក៏ដូចជាអនុវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈដទៃទៀត ខណៈពេលដែលធនធានហិញ្ញវត្ថុរបស់រាជរដ្ឋាភិបាល សម្រាប់វិនិយោគលើវិស័យនេះ នៅមានកម្រិតនៅឡើយ។

លោកបានថ្លែងថា វាបានក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់រាជរដ្ឋាភិបាលក្នុងការផ្តល់ហិរញ្ញប្បទានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ដើម្បីរត់ប្រដេញតាមឱ្យទាន់តម្រូវការមានអនាម័យកាន់តែប្រសើរ, ការដោះស្រាយបញ្ហាបរិស្ថាន, និងការឆ្លើយតបទៅនឹងកំណើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃទីក្រុង និងទីប្រជុំជន។

លោកបានថ្លែងដូច្នេះថា “ជាគោលការណ៍ ក្នុងការធ្វើសេចក្តីសម្រេចលើគម្រោងវិនិយោគនៅទីក្រុងណាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែលើប្រភពហិរញ្ញប្បទាន និងតម្លៃប៉ាន់ស្មានប៉ុណ្ណោះទេ ថែមទាំងផ្តោតការយកចិត្តទុកដាក់ផងដែរលើផែនការមេ, ផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគនៃទីក្រុង និងជាពិសេស គឺនិរន្តរភាពនៃការងារទាំងនេះ ព្រមទាំងការអភិវឌ្ឍស្ថាប័នផងដែរ ដោយសារតែទំហំរបស់វាកាន់តែធំឡើង និងកាន់តែស្មុគស្មាញឡើង”។

លោករដ្ឋមន្រ្តីប្រតិភូក៏បានបន្ថែមថា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ត្រូវមានផែនការ និងយន្តការហិរញ្ញប្បទាន និងការស្រង់ថ្លៃដើមច្បាស់លាស់ដើម្បីធានាពីប្រសិទ្ធភាពនៃការប្រើប្រាស់ថ្លៃដើម និងនិរន្តរភាពរបស់គម្រោង។

លោកបានគូសបញ្ជាក់បន្ថែមទៀតថា ក្រៅពីបញ្ហាថវិកា គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់នៅមានបញ្ហាមួយចំនួនទៀត ដែលត្រូវដោះស្រាយដូចជា ការរៀបចំ និងបង្កើនសមត្ថភាព ស្ថាប័ន ការគ្រប់គ្រង និងគោលនយោបាយស្តីពីការបង់ថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ព្រមទាំងការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា។

លោកបានថ្លែងបន្តថា ខុសគ្នាពីសេវាសាធារណៈដទៃទៀត ដូចជា សេវាទឹកស្អាត អគ្គិសនី ជាដើម ហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់រងការលំបាកដោយសារម្ខាងបណ្តាលមកពីទស្សនៈអាចគេចវេសបាន និងមានកម្រៃសេវាទាប និងម្ខាងទៀត ហិរញ្ញប្បទានសម្រាប់វិស័យនេះនាំឱ្យបាត់បង់ឱកាសក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងទៀត។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ អនុគណៈកម្មាធិការស្រង់ថ្លៃដើមមានភារកិច្ចរៀបចំក្របខ័ណ្ឌស្រង់ថ្លៃដើម និងហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ដែលជាគោលការណ៍ណែនាំមួយសម្រាប់ការធ្វើសេចក្តីសម្រេចលើគម្រោងវិនិយោគសាធារណៈនាពេលអនាគត ដើម្បីធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម ហើយមាននិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

វិស័យអចលនទ្រព្យនៅតែដើតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈ ហ៊ុយ ក្រេង- July 21, 2021

ភ្នំពេញៈ បច្ចុប្បន្ន ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា បានផ្តល់អាទិភាពខ្ពស់បំផុត សម្រាប់វិនិយោគិនទាំងនៅក្នុងស្រុក និងអន្តរជាតិ ក្នុងការសម្រេចដាក់ទុនវិនិយោគបន្ថែមមិនស្ទាក់ស្ទើឡើយ ស្របពេលកម្ពុជាមានការអភិវឌ្ឍទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។

តាមស្ថានភាពជាក់ស្តែង បើយើងយកចិត្តទុកដាក់ពីវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ហាក់ដូចជាមានភាពល្អដដែល។ ប៉ុន្តែបើម្ចាស់អចលនទ្រព្យមិនមានចក្ខុវិស័យទូលំទូលាយ ជាមួយនឹងតួនាទីសំខាន់លើវិស័យអចលនទ្រព្យនោះទេ ប្រាកដណាស់វានឹងបរាជ័យជាក់ជាមិនខាន។

ដើម្បីទទួលបានសមិទ្ធិផល ក្នុងការវិនិយោគផ្នែកអចលនទ្រព្យ អ្នកជំនួញត្រូវមានគោលការណ៍ផ្ទាល់ខ្លួន ស្វែងរកតំបន់ណា ដែលមានសក្កានុពលខ្ពស់ ហើយស្របនឹងទីផ្សារអចលនទ្រព្យ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ លោក ឃាង ពុទ្ធី បាន ផ្តល់ការសម្ភាសមកកាន់ Property Area នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះថា អចលនទ្រព្យដើរតួនាទីយ៉ាងសំខាន់ដូចជា៖

១) ប្រទេសណាក៏ដូចប្រទេសណាដែរ ជាពិសេសកម្ពុជា គឺវាជួយទ្រទ្រង់សេដ្ឋកិច្ច តាមរយៈគម្រោងវិនិយោគ ឬអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗ។ ក្រៅវិស័យអចលនទ្រព្យ វិស័យទេសចរ កសិកម្ម និងវិស័យផ្សេងៗទៀតក៏រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។

២) កំណើនប្រជាជន តាំងពីឆ្នាំ១៩៩៣ ប្រទេសមានសេដ្ឋកិច្ចទីផ្សារសេរី មានប្រជាជនច្រើនតាមការពង្រីកបន្ថែម។ កម្ពុជាគ្រោងនឹងដាក់ឲ្យមានផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់។ ការអភិវឌ្ឍអចលនទ្រព្យកាន់តែបង្ខិតទៅតាមជាយក្រុង ជាពិសេសទីក្រុងរីកផ្ទៃរាបស្មើនៅតាមជាយក្រុង ដើម្បីឆ្លើបតបនឹងកំណើនប្រជាជន។

ជាមួយគ្នានេះដែរ លោកបន្តទៀតថា ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន គម្រោងត្រូវតែអភិវឌ្ឍន៍ដោយមានគុណភាព និងសំណង់សាងសង់ទៅតាមច្បាប់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ តាមនិយាមការត្រឹមត្រូវ។

អចលនទ្រព្យមិនមានការថយចុះនោះទេ គ្រាន់តែការកើនឡើងមានភាពយឺត។ អំឡុងពេលនេះ ផលប៉ះពាល់ផ្សេងទៀតដូចជា អាជីវកម្ម ពាណិជ្ជកម្ម ឬចំណូលធ្លាក់មកត្រឹម២០% ទោះបីជាយ៉ាងណាការងារ គម្រោងផ្សេងៗនូវតែបន្ត។ ការអភិវឌ្ឍទាមទារឲ្យចូលរួមលើវិស័យទាំងអស់នេះ។ វាមិនធ្វើឲ្យប្រទេសជាតិមួយក្លាយជាប្រទេសក្រីក្រនោះទេ។ “មានតំបន់សេដ្ឋកិច្ចល្អ មានអ្វីគ្រប់យ៉ាង៕

ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យពិភពលោក JLL ព្រមានថា ទីផ្សារអចលនទ្រព្យថៃអាចដាំក្បាលចុះរយៈពេលវែង

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ JLL Thailand ព្រមានថា គ្រប់វិស័យអចលនទ្រព្យទាំងអស់ លើកលែងតែទីផ្សារឧស្សាហកម្ម និងភ័ស្តុភារគួរតែត្រៀមចិត្តទទួលយកការធ្លាក់ចុះ នៃទីផ្សាររយៈពេលវែងយ៉ាងហោចណាស់១៨ខែ បន្ទាប់ពីសេដ្ឋកិច្ចស្ទុះងើបឡើងវិញនៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី២១ កក្កដា នេះ។

លោកស្រី Suphin Mechuchep ប្រធានក្រុមហ៊ុន JLL Thailand ដែលជាសាខាមួយ នៃក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យពិភពលោក JLL បានលើកឡើងថា ទីផ្សារការិយាល័យ ខុនដូ សណ្ឋាគារ និងទីផ្សារលក់រាយនៅទីក្រុងបាងកក ប្រទេសថៃ កំពុងប្រឈមការធ្លាក់ចុះ ដូចជា ការធ្លាក់ចុះថ្លៃឈ្នួល តម្លៃ និងអត្រាជួលជាដើម ប៉ុន្តែទីផ្សារឧស្សាហកម្ម ភ័ស្តុភារ និងឃ្លាំងកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ។

លោកស្រីបន្ថែមថា “ថ្លៃឈ្នួល និងអត្រាជួលសម្រាប់ឧស្សាហកម្ម ភ័ស្តុភារ និងឃ្លាំង កំពុងមានសន្ទុះកើនឡើង ដោយសារមានតម្រូវការខ្លាំងពីអាជីវកម្ម E-commerce និងអនឡាញ ដែលទទួលបានកំណើនគួរឱ្យកត់សម្គាល់ អំឡុងវិបត្តិកូវីដ-១៩ ឬចាប់តាំងពីខែ កុម្ភៈ ឆ្នាំ២០២០ មក”។

ក្រុមហ៊ុន JLL Thailand ព្យាករថា ទីផ្សារអចលនទ្រព្យនឹងចាប់ផ្តើមងើបឡើងវិញក្នុងរយៈពេលពី១៨ខែទៅ២៤ ខែ បន្ទាប់ពីសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ដែលអាចនឹងកើតឡើងនៅត្រីមាសទី២ ឆ្នាំ២០២២ បើលឿនបំផុត។

ទោះជាយ៉ាងណា ប្រសិនបើរដ្ឋាភិបាលដាក់ចេញវិធានការសង្គ្រោះ សម្រាប់ទីផ្សារអចលនទ្រព្យ តម្រូវការអចលនទ្រព្យនឹងកើនឡើងខ្ពស់ជាងនេះ។

ជាឧទាហរណ៍ ប្រាក់កម្ចីទិញផ្ទះដែលមានការប្រាក់ទាប ឬការកើនឡើងនូវចំនួនជនបរទេស ដែលមានសិទ្ធិកាន់កាប់ជាម្ចាស់កម្មសិទ្ធិលើខុនដូ ពីចំនួនអតិបរិមា៤៩%នាពេលបច្ចុប្បន្នមិនឱ្យលើសពី៧៥% ឬជនបរទេសដែលមានសិទ្ធិកាន់កាប់ ជាម្ចាស់កម្មសិទ្ធិលើផ្ទះកម្ពស់ទាប ដែលមានត្រឹមពីរបីជាន់ដោយគ្មានសិទ្ធិបោះឆ្នោត គឺអាចជួយទីផ្សារនេះបាន។

លោកស្រី Suphin Mechuchep ថ្លែងថា ចំនួនខុនដូ ដែលមិនទាន់លក់ចេញនៅទីក្រុងបាងកក នឹងត្រូវការពេលយ៉ាងតិច១២ខែ ទៅ១៨ខែដើម្បីស្រូបទាញអ្នកទិញ។ ចាប់តាំងពីឆ្នាំ២០១៨ មានខុនដូសរុបប្រមាណ១២.៧០០យូនីតត្រូវបានជាប់គាំង។

ក្នុងចំណោមនោះ ផ្ទះចំនួន៥.៩០០យូនីតត្រូវបានលុបចោល ចំនួន២,៥០០យូនីតត្រូវបានបង្កក ហើយចំនួន៤.៣០០យូនីតមិនទាន់បានចាប់ផ្ដើម។ កត្តានេះបាននាំឱ្យចំនួនយូនីតដែលទើបបញ្ចេញលក់ថ្មីៗមានកម្រិត។

ក្នុងពេលជាមួយគ្នានេះ តម្លៃខុនដូជាមធ្យម សម្រាប់គ្រប់កមម្រិតបានធ្លាក់ចុះមកនៅត្រឹម១០១.៩០០បាត (៣.១០០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ ខុនដូនៅតាមតំបន់ដីមានហាងឆេងខ្ពស់ ដូចជា សង្កាត់ពាណិជ្ជកម្មកណ្ដាលក្រុងជាដើម តម្លៃខុនដូក៏បានធ្លាក់ចុះដែរ មកនៅត្រឹម២១៨.០០០បាត (៦.៦៣០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។

លោកស្រីSuphin Mechuchep លើកឡើងថា “ឥឡូវនេះគឺជាទីផ្សាររបស់អ្នកទិញចុងក្រោយ (end-buyer) ទាំងសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ការវិនិយោគរយៈពេលវែង”។លោកស្រីបន្តថា “ប្រសិនបើយើងអាចគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន (ចំនួ​នករណីឆ្លងខ្ពស់) បាននោះ ទីផ្សារនឹងហក់ឡើងយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា នៅពេលនោះអ្នកទិញ ប្រហែលជាខកឱកាសទិញក្នុងតម្លៃល្អហើយ”។

លោកស្រីបានបន្ថែមថា ការិយាល័យដែលមានហាងឆេងខ្ពស់ ទំនងជាធ្លាក់ចុះថ្លៃឈ្នួលរហូតដល់៩០%សម្រាប់ការផ្គត់ផ្គង់ថ្មីៗ ឬសរុបជិត២,៣លានម៉ែត្រការ៉េ ដែលនឹងត្រូវដាក់បន្ថែម នៅក្នុងទីផ្សារនៅចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ អត្រាការិយាល័យគ្រប់កម្រិត ដែលមានសម្រាប់ដាក់ជួលបានកើនឡើង២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយធ្វើឱ្យអត្រាការិយាល័យទំនេរកើនដល់១១,៩% បើប្រៀបធៀបនឹងអត្រាក្រោម១០% ក្នុងរយៈពេល១០ឆ្នាំមកនេះ៕

រដ្ឋាភិបាលចិនផ្តល់កម្ចីការប្រាក់ទាបជាង២,៨ពាន់លានដុល្លារដល់កម្ពុជាដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធៗធំ

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជាបានទទួលប្រាក់កម្ចីការប្រាក់ទាប សរុបប្រមាណ២,៨៦៥លានដុល្លារ ពីរដ្ឋាភិបាលចិន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធៗធំនៅកម្ពុជា គិតត្រឹមឆ្នាំ២០២១នេះ ហើយទឹកប្រាក់នេះ គឺស្មើនឹង៩០ភាគរយនៃប្រាក់ដែលកម្ពុជាបានខ្ចីពីប្រទេសចិនសម្រាប់អភិវឌ្ឃន៍ប្រទេស។

នៅក្នុងចំណោមប្រាក់កម្ចីលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ២,៨៦៥លានដុល្លារអាមេរិកនេះ ក្រសួងសាធារណការ បានចំណាយលើការសាងសង់ផ្លូវរួចរាល់ចំនួន២៩ខ្សែស្មើនឹង២,៨៨៨គីឡូម៉ែត្រ និងបានសាងសង់ស្ពាន៨ខ្សែ មានប្រវែង៨គីឡូម៉ែត្រ ដោយចំណាយទឹកប្រាក់សរុបចំនួន២,៥១៣លានដុល្លារ។

ជាមួយគ្នានេះដែរ ក្រសួងសាធារណការក៏កំពុងសាងសង់ផ្លូវជាតិលេខ ៧១សេ ផ្លូវជាតិលេខ១០ ដែលគិតជាទឹកប្រាក់ចំនួន ៣២២លានដុល្លារ និងកំពង់ផែភ្នំពេញ ដែលមានតម្លៃចំនួន ៣០លានដុល្លារអាមេរិក។

ស្ពានចំនួន៨ខ្សែ ដែលសាងសង់ពីកម្ចីការប្រាក់ទាបរបស់រដ្ឋាភិបាលចិន រួមមាន៖ ១៖ ស្ពានកោះកុង ដែលសាងសង់ឡើងនៅឆ្នាំ២០០៤ ដល់២០០៨ ២៖ ស្ពានព្រែកក្ដាម ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០៧ ដល់ឆ្នាំ២០១១ ៣៖ ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកតាមាក់ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០៧ ដល់ឆ្នាំ២០១១ ៤៖ ស្ពានមិត្តភាពកម្ពុជាចិន តាខ្មៅ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ៥៖ ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារថ្មី ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ៦៖ ស្ពានមិត្តភាពកម្ពុជា-ចិន សេកុង ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ៧៖ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ និង៨៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

ក្រៅពីការសាងសង់ស្ពាន ចិនបានផ្ដល់ប្រាក់កម្ចីការប្រាក់ទាបជាច្រើននៅក្នុងការសាងសង់ផ្លូវចំនួន២៩ខ្សែ កំពង់ផែភ្នំពេញចំនួន១ ព្រមជាមួយការពង្រីកផ្លូវជាតិចំនួន២ខ្សែថែមទៀតផង។

វត្តមានផ្លូវ និងស្ពានទាំងនេះ ត្រូវបានមើលឃើញថាបានរួមចំណែកជួយទាក់ទាញអ្នកវិនិយោគមកអភិវឌ្ឍន៍នៅកម្ពុជា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បានជួយឱ្យរោងចក្រ សហគ្រាស ចេញឆ្ងាញពីទីក្រុង និងខិតទៅកាន់តែជិតប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយ៉ាល។ ដោយស្របទៅតាមទិសស្លោក “មានផ្លូវ មានស្ពាន មានសង្ឃឹម” របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្រោយពេលផ្លូវថ្នល់ និងស្ពាន ត្រូវបានពង្រីកដល់តំបន់ដាច់ស្រយ៉ាល ដែលមានប្រភពទិន្នផលកសិកម្ម និងសិប្បកម្ម ក៏ដូចជាច្រកចេញចូលកម្ពុជាទៅកាន់បណ្ដាប្រទេសជិតខាង។ នេះជាចំណុចវិជ្ជមានមួយ ដែលនាំឲ្យមានការសាយភាយសេដ្ឋកិច្ចជាតិដល់ទីជនបទ កើតចេញពីគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន៕

តើត្រូវគិតលើកត្តាអ្វីខ្លះមុនសម្រេចចិត្តទិញផ្ទះបង់រំលស់ជាមួយធនាគារឬម្ចាស់គម្រោងបុរីផ្ទាល់?

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពនៃការទិញផ្ទះបង់រំលស់ជាមួយអ្នកអភិវឌ្ឍន៍ផ្ទាល់មានកំណើនខ្លាំងជាងការទិញផ្ទះដោយបង់រំលស់ជាមួយនឹងធនាគារ។

ប៉ុន្តែដោយសារប្រជាពលរដ្ឋមួយចំនួនធំ មិនសូវមានចំណេះដឹងហិរញ្ញវត្ថុគ្រប់គ្រាន់ ក៏បានទិញផ្ទះបង់រំលស់ជាមួយនឹងម្ចាស់បុរី មិនបានប៉ុន្មានឆ្នាំ ក៏ជួបវិបត្តិហិរញ្ញវត្ថុ និងត្រូវប្រកាសលក់ផ្ទះនោះវិញដែលជាការខាតបង់មួយប្រាក់កាសនិងពេលវេលា។

តើមុននឹងសម្រេចចិត្តទិញផ្ទះបង់រំលស់ គួរតែគិតគូលើបញ្ហាអ្វីខ្លះ ដើម្បីចៀសវាងជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ ?

លោកង៉ែត ជូអ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា បច្ចុប្បន្ននេះ មានពលរដ្ឋជាច្រើនបានទិញផ្ទះដោយបង់រំលស់ជាមួយម្ចាស់បុរីផ្ទាល់ ដោយកាត់បន្ថយការបង់ជាមួយនឹងធនាគារ ដោយសារតែលក្ខខណ្ឌបង់រំលស់ជាមួយបុរី មិនមានភាពស្មុគ្រស្មាញដូចបង់ជាមួយធនាគារ ដូច្នេះ អ្នកទិញត្រូវគិតគូនិងត្រូវមានចំណេះដឹងហិរញ្ញវត្ថុខ្លះៗមុននឹងសម្រេចចិត្តទិញបង់រំលស់ជាមួយបុរី។

លោកបានបន្តថា ដោយសារតែពលរដ្ឋមួយចំនួនមិនសូវមានចំណេះដឹងហិរញ្ញវត្ថុពាក់ព័ន្ធនឹងការទិញផ្ទះបង់រំលស់នេះហើយ ទើបមានបុរីខ្លះសង់ហើយអត់មានមនុស្សនៅ ឬសង់រួចដាក់ផ្លាកប្រកាសលក់ឬជួល។

លោកបានឱ្យដឹងថា កត្តានេះ អាចដោយសារតែម្ចាស់ផ្ទះមិនមានលទ្ធភាពបង់រំលស់បន្តទៅម្ចាស់បុរីទើបប្រកាសរកអ្នកទិញបន្ត ឬដោយសារតែអ្នកទិញផ្ទះនោះ មិនមែនទិញសម្រាប់ស្នាក់នៅខ្លួនឯងតែជាអ្នកទិញដើម្បីលក់យកចំណេញឬសម្រាប់វិនិយោគ។

លោកបានឱ្យដឹងទៀតថា សម្រាប់អ្នកដែលទិញសម្រាប់ស្នាក់នៅ តែមិនមានលទ្ធភាពក្នុងការបង់បន្ត ពីព្រោះតែលទ្ធភាពមានតែពេលដំបូងដូច្នេះត្រូវការលក់វិញបន្ទាន់ហើយពេលខ្លះត្រូវខាតបង់ច្រើនទៀត។

លោកបន្ថែមថា មុននឹងទិញ ផ្ទះបង់រំលស់ជាមួយធនាគារក្តី ជាមួយម្ចាស់បុរីក្ដី គឺត្រូវសិក្សាពីចំណូលរបស់ខ្លួនជាមួយសិនតើវាអាចស៊ីមេទ្រីគ្នាជាមួយនឹងការបង់រំលស់ផ្ទះដែរទេ។ ការបង់រំលស់ផ្ទះមិនត្រូវឱ្យច្រើនជាង៣០ភាគរយនៃប្រាក់ចំណូលរបស់យើងនោះទេ។

ឧទាហរណ៍ថាប្រាក់ចំណូល១០០០ដុល្លារ ការទិញផ្ទះបង់រំលស់មិនត្រូវឱ្យច្រើនជាង៣០០ដុល្លារនោះទេក្នុងមួយខែ ។ ហេតុអ្វីចាំបាច់គិតត្រង់ចំណុចនេះ ពីព្រោះថាក្នុងមួយខែៗ មនុស្សម្នាក់ៗត្រូវការចំណាយរបស់ខ្លួនដូចជាសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ម្ហូបអាហារ ហើយបើសិនជាមានកូនរៀនទៀតគឺត្រូវបង់ថ្លៃសាលាកូនរៀន ពេលខ្លះបើសិនជាមានជំងឺទៀតត្រូវគិតគូដល់ថ្លៃថ្នាំសង្កូវ ព្យាបាលជំងឺជាដើម។

នៅក្នុងវិបត្តិកូវីដ១៩នេះ ទីផ្សារលំនៅឋានក៏មានបញ្ហាដូចគ្នាដែរ ទៅតាមតម្លៃនៃប្រភេទផ្ទះៗនីមួយៗ ហើយលំនៅឋានដែលមានតម្លៃនៅក្រោម៥ម៉ឹនដុល្លារមិនសូវជាមានផលប៉ះពាល់ប៉ុន្មានទេ តែលំនៅឋានចាប់ពី៥ម៉ឺនទៅ១០ម៉ឺនដុល្លារគឺមានផលប៉ះពាល់ខ្លាំង ដោយសារតែតម្លៃផ្ទះប្រភេទនេះគឺភាគច្រើនជាអតិថិជនជាអាជីវករនិងមានអាជីវកម្មលក្ខណៈគ្រួសារ ដូច្នេះនៅពេលមានបញ្ហាកូវីដ១៩ អាជីវកម្មទាំងនេះ ក៏រងឥទ្ធិពលខ្លាំងដែរ។

យ៉ាងណាក្ដី ទោះបីជាមានបញ្ហាកូវីដ១៩ខ្លាំងបែបណា ក៏អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើននៅតែបន្តជំរុញសកម្មភាពវិនិយោគរបស់ខ្លួនដដែល ហើយក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលកំពុងស្វែងរកលំនៅឋានសម្រាប់ស្នាក់នៅដែរ និងជំរុញឱ្យសកម្មភាពនៃការវិនិយោគនៅកម្ពុជានៅតែមានជាហូរហែរ៕

គម្រោងបង្កើតឱ្យមានទីក្រុងធំទី២បន្ទាប់ពីរាជធានីភ្នំពេញនឹងជួយសម្រាលសម្ពាធកំណើននៃប្រជាជននៅក្រុងភ្នំពេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញលើកឡើងថា គម្រោងបង្កើតឱ្យមានទីក្រុងធំទី២របស់រដ្ឋាភិបាល បន្ទាប់ពីរាជធានីភ្នំពេញ នឹងអាចសម្រាលនូវសម្ពាធ នៃកំណើនហួសហេតុនៃចំនួនប្រជាជន ក្នុងតំបន់ប្រមូលផ្ដុំតែមួយ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំចំនួនប្រជាជនរស់នៅកណ្តាលក្រុងកើនឡើងកាន់ច្រើនៗឡើង។

លោកប៉ូ អ៊ាវគង់ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានថ្លែងប្រាប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា ការអភិវឌ្ឍន៍ទីក្រុងធំទី២ បន្ទាប់ទីក្រុងអាចធ្វើទៅបាន ដោយសារចំនួនប្រជាជនរស់នៅកណ្តាលក្រុង កើនឡើងកាន់ច្រើនៗឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ វាទាមទារឱ្យការពង្រីក្រុង ឬបង្កើតតំបន់ក្រុងរណបថ្មីៗជាដើម។

ជាគ្នានេះដែរលោកបានថ្លែងបន្តថា ការពង្រីកក្រុង ឬការរៀបចំទីក្រុងថ្មីមួយ ទាម​ទារឱ្យការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដូចជាមានប្រព័ន្ធផ្លូវ ទឹក លូរ និងភ្លើង។


យោងតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញបានឱ្យដឹងថា គោលនយោបាយរៀបចំដែនដី នឹងជំរុញនូវការគ្រោងឱ្យមានទីក្រុងធំទី២ បន្ទាប់ពីរាជធានីភ្នំពេញ ហើយទីក្រុងទីក្រុងធំទី២នេះ អាចនឹងស្ថិតនៅលើអ័ក្ស រាជធានីភ្នំពេញ-ក្រុងព្រះស៊ីហនុ។

លោកបានឱ្យដឹងថា ការរៀបចំទីក្រុងធំទី២ បន្ទាប់ទីក្រុងភ្នំពេញ ដែលអាចនឹងស្ថិតនៅលើអ័ក្ស រាជធានីភ្នំពេញ-ក្រុងព្រះស៊ីហនុអាចធ្វើទៅរួច ដោយសារទីតាំងនៅទីនោះមានដីធំ សម្រាប់ការអភិវឌ្ឍន៍ ប៉ុន្តែតាមអ្វីដែលលោកដឹង គឺថា គម្រោងទីក្រុងថ្មីមួយ នឹងកើតឡើងនៅតំបន់ជ្រោយចង្វារ ព្រោះតំបន់នេះត្រូវបានមើលឃើញថា មានការអភិវឌ្ឍជាបន្តបន្ទាប់ ដូចជាការរៀបចំក្រុងរណបជាដើម។

យោងតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញបានឱ្យដឹងថា គោលនយោបាយរៀបចំដែនដី នឹងជំរុញនូវការគ្រោងឱ្យមានទីក្រុងធំទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដើម្បីបង្កើតឱ្យមានការអភិវឌ្ឍប្រកបដោយសមភាព តុល្យភាព រួមចំណែក ទទួលចែករំលែកនូវបន្ទុកសេវាកម្មសាធារណៈ ឲ្យមានកម្រិតប្រសើរឡើង សម្រាប់ដែនដី ទាំងមូលរបស់ប្រទេស។

នេះជាមធ្យោយោបាយមួយ ដើម្បីសម្រាលនូវសម្ពាធនៃកំណើនហួស ហេតុប្រជាជនក្នុងតំបន់ប្រមូលផ្ដុំតែមួយ ជាពិសេសក្នុងទីកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវតែគ្រប់គ្រងការពង្រាយការអភិវឌ្ឍឱ្យបានល្អ។ ការអភិវឌ្ឍដោយផ្អែកលើប៉ូលនានានៅលើអ័ក្ស រាជធានីភ្នំពេញ-ក្រុងព្រះស៊ីហនុ គឺជាគោលការណ៍អភិវឌ្ឍន៍មួយនៅក្នុងតំបន់និរតីនៃប្រទេស។

លោកសាស្ត្រាចារ្យទួស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាធ្លាប់ថ្លែងប្រាប់ថា ភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ហើយជាចំណុចកណ្តាលមួយ ដែលមានការវិនិយោគ ការរស់នៅ និងការធ្វើពាណិជ្ជកម្មច្រើន ដូច្នេះតម្រូវការទីផ្សារខ្ពស់។

លោកបានថ្លែងថា “យើងគិតថា ទីក្រុងភ្នំពេញមានទំហំធំ ប៉ុន្តែសម្រាប់ខ្ញុំគិតថា វាមិនធំនោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឥទ្ធិពលនៃទីក្រុងភ្នំពេញ បានរីកសាយទៅតំបន់ជិតខាង ដែលនឹងធ្វើឱ្យទីក្រុងភ្នំពេញ ត្រូវការពង្រីកខ្លួនបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការទាំងអស់ទាំងនេះ”។ លោកលើកបែបនេះ សំដៅកាន់តម្រូវការទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច៕

ប្រជាពលរដ្ឋខេត្តសៀមរាបទទួលបានសេវាកម្មទាក់ទងនឹងការចុះបញញជីរយានយន្តនៅក្នុងខេត្ត ដោយមិនចាំបាច់មកកាន់រាជធានីភ្នំពេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ក្រសួង សាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វក ខេត្តសៀមរាប ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងទំនើបកម្ម នៃការផ្តល់សេវារដ្ឋបាល ឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។

ការដាក់ឱ្យដំណើរការនេះ ត្រូវបានធ្វើនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្តី្រស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកទៀ សីហា អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប។

លោកទៀ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍​ក្នុងពិធីបើកដំណើរការសេវាកម្មនេះ នាព្រឹកថ្ងៃទី២១ កក្កដានេះថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំយកចិត្តទុកដាក់យ៉ាង ខ្លាំងក្នុងការបង្ខិតយកសេវារបស់ខ្លួន មកដាក់បម្រើជូនប្រជាពលរដ្ឋដល់តាមបណ្តាខេត្ត ព្រមទាំងការខិតខំប្រឹងប្រែងបង្កើត និងកែប្រែប្រភេទសេវាមួយចំនួនទៅជាការស្នើសុំ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) ផងដែរ ។

លោកបន្តថា “ការដាក់ដំណើរការសេវានេះ ជាការបង្កលក្ខណៈកាន់តែងាយស្រួល ជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក្នុងការស្នើសុំសេវា ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំសេវានៅរាជធានីភ្នំពេញ”។

ងបរិបទនៃជំងឺកូវីដ-១៩ និងដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ការរៀបចំកម្មវិធីនឹងត្រូវធ្វើឡើងដោយមានការចូលរួមត្រឹមតែ គណៈប្រតិភូក្រសួង និងគណៈប្រតិភូរដ្ឋបាលខេត្តមួយចំនួនតូចតែប៉ុណ្ណោះ។

“មណ្ឌលផ្តល់សេវាសាធារណៈ” ថ្មីនេះជាមណ្ឌលទី៥ បង្កើតឡើងក្នុងគោលបំណ​ង ដើម្បីជួយសម្រួលក្នុងការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវាកាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។

តាមរយៈមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ បងប្អូនប្រជាពលរដ្ឋអាចមកទទួលសេវាប្ដូរបណ្ណបើកបរ យានយន្តចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ(ឆៀក) ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៨យប់ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើបThe Heritage

តើសហរដ្ឋអាមេរិកបោះពុម្ពក្រដាសប្រាក់ចំនួនប៉ុន្មានកោដិទ្រីលានដុល្លារប៉ុន្មាន ក្នុងមួយឆ្នាំៗ?

ដោយៈឧត្តម

អាមេរិកៈ អ្នកណាក៏ដឹងដែរថា សហរដ្ឋអាមេរិក គឺជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោក ឬនិយាយដោយសាមញ្ញថា ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក។

ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា ប្រទេសមហាអំណាចដ៏មានឥទ្ធិពលមួយនេះបោះពុម្ពក្រដាសប្រាក់ចំនួនប៉ុន្មានក្នុងមួយឆ្នាំៗ ហើយស្ថាប័នមួយណាជាអ្នកទទួលបន្ទុកបោះពុម្ព? តើវាជាធនាគារកណ្ដាល ឬក៏ជាស្ថាប័នផ្សេងពីនេះ? តោះ មកដឹងទាំងអស់គ្នា!

Federal Reserve គឺជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក ហើយស្ថាប័នមួយនេះ មានតួនាទីគ្រប់គ្រងការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិក។ ដោយសារតែហេតុផលនេះហើយ ទើបបានជាមនុស្សយ៉ាងច្រើនយល់ថា ធនាគារកណ្ដាលមួយនេះជាអ្នក “បោះពុម្ពក្រដាសប្រាក់”។ ប៉ុន្តែតាមពិតអ្នកដែលមានពុម្ពក្រដាសប្រាក់ និងជាអ្នកមានសិទ្ធិតែមួយគត់ នៅក្នុងការបោះពុម្ពក្រដាក់ប្រាក់ដុល្លារអាមេរិក គឺក្រសួងរតនាគារអាមេរិក។

*តើសហរដ្ឋអាមេរិក បោះពុម្ពក្រដាសប្រាក់ចំនួនប៉ុន្មានក្នុងមួយឆ្នាំៗ?

គណៈអភិបាល (Board of Governors) ដែលជាអាជ្ញាធរចេញក្រដាសប្រាក់សម្រាប់ធនាគារកណ្ដាល បានអនុម័ត និងដាក់សំណើឆ្នាំសារពើពន្ធ២០២១ របស់ខ្លួនជូនទៅការិយាល័យឌីហ្សាញ និងបោះពុម្ពក្រដាសប្រាក់ (Bureau of Engraving and Printing (BEP)) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

សំណើសុំបោះពុម្ពក្រដាសប្រាក់ សម្រាប់ឆ្នាំសារពើពន្ធ២០២១នេះ គឺដោយសារការរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩ នៅពេលធនាគារកណ្ដាលជួបប្រទះ នូវតម្រូវការក្រដាសប្រាក់ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន។ សំណើសុំបោះពុម្ពក្រដាសប្រាក់នេះ ឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណរបស់គណៈអភិបាល អំពីតម្រូវការក្រ​ដាសប្រាក់ពីសំណាក់អតិថិជនក្នុងស្រុក និងអន្តរជាតិអំឡុងឆ្នាំសារពើពន្ធ២០២១។

ខុសពីឆ្នាំមុនៗ ដែលហេតុផលចម្បង នៃការចេញសំណើសុំបោះពុម្ព គឺដើម្បីជំនួយក្រដាសប្រាក់ចាស់ៗ ដែលត្រូវច្រៀកបំផ្លាញចោលនៅធនាគារកណ្ដាល។ សំណើសុំបោះពុម្ពក្រដាសប្រាក់ សម្រាប់ឆ្នាំសារពើពន្ធ២០២១ នេះធ្វើឡើងដោយសារការកើនឡើងនូវការទូទាត់សុទ្ធ (net payment)។

ដើម្បីដោះស្រាយឱ្យបានល្អប្រសើរ នូវការផ្លាស់ប្ដូរដែលអាចកើតមានក្នុងតម្រូវការ និងការផលិតក្រដាសប្រាក់ ដោយសារវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ សំណើសុំបោះពុម្ពក្រដាសប្រាក់សម្រាប់ឆ្នាំសារពើពន្ធ២០២១ នេះត្រូវបានសង្ខេបដោយបញ្ជាក់ពីចំនួននៃទំហំក្រដាសប្រាក់នីមួយៗដែលត្រូវបោះពុម្ព។

អំឡុងឆ្នាំសារពើពន្ធ២០២១ គណៈអភិបាល និងការិយាល័យឌីហ្សាញ និងបោះពុម្ពក្រដាសប្រាក់ នឹងធ្វើការកែសម្រួលការផលិត ទំហំក្រដាសប្រាក់នីមួយៗ ដើម្បីឱ្យស្របទៅតាមតម្រូវការជាក់ស្ដែងពេញមួយឆ្នាំ ដែលរាប់ចាប់ពីក្រដាសប្រាក់១ដុល្លារ  ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ៥០ដុល្លារ និង ១០០ដុល្លារ សរុបចន្លោះពី៧,៦ពាន់លានដុល្លារ ទៅ៩,៦ពាន់លានដុល្លារ បើធៀបនឹងសំណើសុំបោះពុម្ពក្រដាសប្រាក់ពី១,៧ពាន់លានដុល្លារ ទៅ៣,៨ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២០ ពោលគឺកើនឡើងពី៣០,៦%ទៅ៦៥,៩%។

ក្រដាសប្រាក់ដែលកំពុងធ្វើចរាចរណ៍ ដែលជារង្វាស់ផ្ទាល់នៃតម្រូវការក្រដាសប្រាក់របស់ធនាគារកណ្ដាល បានកើនឡើងចំនួន៥,១ពាន់លានសន្លឹក ឬស្មើនឹង២២៦,៦ពាន់លានដុល្លារ ចន្លោះពីខែមិថុនា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០។

ផ្ទុយមកវិញ អំឡុងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន ក្រដាសប្រាក់ដែលកំពុងធ្វើចរាចរណ៍បានកើនឡើង១,៣ពាន់លានសន្លឹក ឬស្មើនឹង៧៥,៨ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យ ដែលបានចុះផ្សាយក្នុងគេហទំព័រ federalreserve.gov របស់ធនាគារកណ្ដាលអាមេរិក៕