រដ្ឋាភិបាលចិនផ្តល់កម្ចីការប្រាក់ទាបជាង២,៨ពាន់លានដុល្លារដល់កម្ពុជាដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធៗធំ

0

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជាបានទទួលប្រាក់កម្ចីការប្រាក់ទាប សរុបប្រមាណ២,៨៦៥លានដុល្លារ ពីរដ្ឋាភិបាលចិន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធៗធំនៅកម្ពុជា គិតត្រឹមឆ្នាំ២០២១នេះ ហើយទឹកប្រាក់នេះ គឺស្មើនឹង៩០ភាគរយនៃប្រាក់ដែលកម្ពុជាបានខ្ចីពីប្រទេសចិនសម្រាប់អភិវឌ្ឃន៍ប្រទេស។

នៅក្នុងចំណោមប្រាក់កម្ចីលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ២,៨៦៥លានដុល្លារអាមេរិកនេះ ក្រសួងសាធារណការ បានចំណាយលើការសាងសង់ផ្លូវរួចរាល់ចំនួន២៩ខ្សែស្មើនឹង២,៨៨៨គីឡូម៉ែត្រ និងបានសាងសង់ស្ពាន៨ខ្សែ មានប្រវែង៨គីឡូម៉ែត្រ ដោយចំណាយទឹកប្រាក់សរុបចំនួន២,៥១៣លានដុល្លារ។

ជាមួយគ្នានេះដែរ ក្រសួងសាធារណការក៏កំពុងសាងសង់ផ្លូវជាតិលេខ ៧១សេ ផ្លូវជាតិលេខ១០ ដែលគិតជាទឹកប្រាក់ចំនួន ៣២២លានដុល្លារ និងកំពង់ផែភ្នំពេញ ដែលមានតម្លៃចំនួន ៣០លានដុល្លារអាមេរិក។

ស្ពានចំនួន៨ខ្សែ ដែលសាងសង់ពីកម្ចីការប្រាក់ទាបរបស់រដ្ឋាភិបាលចិន រួមមាន៖ ១៖ ស្ពានកោះកុង ដែលសាងសង់ឡើងនៅឆ្នាំ២០០៤ ដល់២០០៨ ២៖ ស្ពានព្រែកក្ដាម ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០៧ ដល់ឆ្នាំ២០១១ ៣៖ ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកតាមាក់ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០៧ ដល់ឆ្នាំ២០១១ ៤៖ ស្ពានមិត្តភាពកម្ពុជាចិន តាខ្មៅ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ៥៖ ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារថ្មី ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ៦៖ ស្ពានមិត្តភាពកម្ពុជា-ចិន សេកុង ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ៧៖ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ និង៨៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

ក្រៅពីការសាងសង់ស្ពាន ចិនបានផ្ដល់ប្រាក់កម្ចីការប្រាក់ទាបជាច្រើននៅក្នុងការសាងសង់ផ្លូវចំនួន២៩ខ្សែ កំពង់ផែភ្នំពេញចំនួន១ ព្រមជាមួយការពង្រីកផ្លូវជាតិចំនួន២ខ្សែថែមទៀតផង។

វត្តមានផ្លូវ និងស្ពានទាំងនេះ ត្រូវបានមើលឃើញថាបានរួមចំណែកជួយទាក់ទាញអ្នកវិនិយោគមកអភិវឌ្ឍន៍នៅកម្ពុជា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បានជួយឱ្យរោងចក្រ សហគ្រាស ចេញឆ្ងាញពីទីក្រុង និងខិតទៅកាន់តែជិតប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយ៉ាល។ ដោយស្របទៅតាមទិសស្លោក “មានផ្លូវ មានស្ពាន មានសង្ឃឹម” របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្រោយពេលផ្លូវថ្នល់ និងស្ពាន ត្រូវបានពង្រីកដល់តំបន់ដាច់ស្រយ៉ាល ដែលមានប្រភពទិន្នផលកសិកម្ម និងសិប្បកម្ម ក៏ដូចជាច្រកចេញចូលកម្ពុជាទៅកាន់បណ្ដាប្រទេសជិតខាង។ នេះជាចំណុចវិជ្ជមានមួយ ដែលនាំឲ្យមានការសាយភាយសេដ្ឋកិច្ចជាតិដល់ទីជនបទ កើតចេញពីគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here