ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពនៃការទិញផ្ទះបង់រំលស់ជាមួយអ្នកអភិវឌ្ឍន៍ផ្ទាល់មានកំណើនខ្លាំងជាងការទិញផ្ទះដោយបង់រំលស់ជាមួយនឹងធនាគារ។
ប៉ុន្តែដោយសារប្រជាពលរដ្ឋមួយចំនួនធំ មិនសូវមានចំណេះដឹងហិរញ្ញវត្ថុគ្រប់គ្រាន់ ក៏បានទិញផ្ទះបង់រំលស់ជាមួយនឹងម្ចាស់បុរី មិនបានប៉ុន្មានឆ្នាំ ក៏ជួបវិបត្តិហិរញ្ញវត្ថុ និងត្រូវប្រកាសលក់ផ្ទះនោះវិញដែលជាការខាតបង់មួយប្រាក់កាសនិងពេលវេលា។
-->
តើមុននឹងសម្រេចចិត្តទិញផ្ទះបង់រំលស់ គួរតែគិតគូលើបញ្ហាអ្វីខ្លះ ដើម្បីចៀសវាងជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ ?
លោកង៉ែត ជូអ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា បច្ចុប្បន្ននេះ មានពលរដ្ឋជាច្រើនបានទិញផ្ទះដោយបង់រំលស់ជាមួយម្ចាស់បុរីផ្ទាល់ ដោយកាត់បន្ថយការបង់ជាមួយនឹងធនាគារ ដោយសារតែលក្ខខណ្ឌបង់រំលស់ជាមួយបុរី មិនមានភាពស្មុគ្រស្មាញដូចបង់ជាមួយធនាគារ ដូច្នេះ អ្នកទិញត្រូវគិតគូនិងត្រូវមានចំណេះដឹងហិរញ្ញវត្ថុខ្លះៗមុននឹងសម្រេចចិត្តទិញបង់រំលស់ជាមួយបុរី។

លោកបានបន្តថា ដោយសារតែពលរដ្ឋមួយចំនួនមិនសូវមានចំណេះដឹងហិរញ្ញវត្ថុពាក់ព័ន្ធនឹងការទិញផ្ទះបង់រំលស់នេះហើយ ទើបមានបុរីខ្លះសង់ហើយអត់មានមនុស្សនៅ ឬសង់រួចដាក់ផ្លាកប្រកាសលក់ឬជួល។
លោកបានឱ្យដឹងថា កត្តានេះ អាចដោយសារតែម្ចាស់ផ្ទះមិនមានលទ្ធភាពបង់រំលស់បន្តទៅម្ចាស់បុរីទើបប្រកាសរកអ្នកទិញបន្ត ឬដោយសារតែអ្នកទិញផ្ទះនោះ មិនមែនទិញសម្រាប់ស្នាក់នៅខ្លួនឯងតែជាអ្នកទិញដើម្បីលក់យកចំណេញឬសម្រាប់វិនិយោគ។
លោកបានឱ្យដឹងទៀតថា សម្រាប់អ្នកដែលទិញសម្រាប់ស្នាក់នៅ តែមិនមានលទ្ធភាពក្នុងការបង់បន្ត ពីព្រោះតែលទ្ធភាពមានតែពេលដំបូងដូច្នេះត្រូវការលក់វិញបន្ទាន់ហើយពេលខ្លះត្រូវខាតបង់ច្រើនទៀត។
លោកបន្ថែមថា មុននឹងទិញ ផ្ទះបង់រំលស់ជាមួយធនាគារក្តី ជាមួយម្ចាស់បុរីក្ដី គឺត្រូវសិក្សាពីចំណូលរបស់ខ្លួនជាមួយសិនតើវាអាចស៊ីមេទ្រីគ្នាជាមួយនឹងការបង់រំលស់ផ្ទះដែរទេ។ ការបង់រំលស់ផ្ទះមិនត្រូវឱ្យច្រើនជាង៣០ភាគរយនៃប្រាក់ចំណូលរបស់យើងនោះទេ។
ឧទាហរណ៍ថាប្រាក់ចំណូល១០០០ដុល្លារ ការទិញផ្ទះបង់រំលស់មិនត្រូវឱ្យច្រើនជាង៣០០ដុល្លារនោះទេក្នុងមួយខែ ។ ហេតុអ្វីចាំបាច់គិតត្រង់ចំណុចនេះ ពីព្រោះថាក្នុងមួយខែៗ មនុស្សម្នាក់ៗត្រូវការចំណាយរបស់ខ្លួនដូចជាសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ម្ហូបអាហារ ហើយបើសិនជាមានកូនរៀនទៀតគឺត្រូវបង់ថ្លៃសាលាកូនរៀន ពេលខ្លះបើសិនជាមានជំងឺទៀតត្រូវគិតគូដល់ថ្លៃថ្នាំសង្កូវ ព្យាបាលជំងឺជាដើម។
នៅក្នុងវិបត្តិកូវីដ១៩នេះ ទីផ្សារលំនៅឋានក៏មានបញ្ហាដូចគ្នាដែរ ទៅតាមតម្លៃនៃប្រភេទផ្ទះៗនីមួយៗ ហើយលំនៅឋានដែលមានតម្លៃនៅក្រោម៥ម៉ឹនដុល្លារមិនសូវជាមានផលប៉ះពាល់ប៉ុន្មានទេ តែលំនៅឋានចាប់ពី៥ម៉ឺនទៅ១០ម៉ឺនដុល្លារគឺមានផលប៉ះពាល់ខ្លាំង ដោយសារតែតម្លៃផ្ទះប្រភេទនេះគឺភាគច្រើនជាអតិថិជនជាអាជីវករនិងមានអាជីវកម្មលក្ខណៈគ្រួសារ ដូច្នេះនៅពេលមានបញ្ហាកូវីដ១៩ អាជីវកម្មទាំងនេះ ក៏រងឥទ្ធិពលខ្លាំងដែរ។
យ៉ាងណាក្ដី ទោះបីជាមានបញ្ហាកូវីដ១៩ខ្លាំងបែបណា ក៏អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើននៅតែបន្តជំរុញសកម្មភាពវិនិយោគរបស់ខ្លួនដដែល ហើយក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលកំពុងស្វែងរកលំនៅឋានសម្រាប់ស្នាក់នៅដែរ និងជំរុញឱ្យសកម្មភាពនៃការវិនិយោគនៅកម្ពុជានៅតែមានជាហូរហែរ៕