រដ្ឋាភិបាលនិងក្រុមហ៊ុនChina Powerចាប់ផ្តើមរៀបចំកិច្ចព្រមព្រៀងដើម្បីឈានទៅសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន China Power International Group ដែលទទួលបានសិទ្ធអភិវឌ្ឍព្រលានមណ្ឌលគិរី និងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការរួមគ្នាពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីឈានទៅរកការវិនិយោគសាងសង់ក្នុងពេលឆាប់ៗ។

លោកស៊ិន ចាន់សិរីវត្ថាអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹងថា ការពិភាក្សា ដែលបានដំណើរការអស់រយៈពេល៣ខែមកនេះ មិនទាន់បានសម្រេចនៅឡើយទេ។

លោកបន្តថា “កិច្ចព្រមព្រៀងក្របខណ្ឌមានសារៈសំខាន់ណាស់ ហើយបច្ចុប្បន្ន មិនទាន់បញ្ចប់ការពិភាក្សាគ្នា លើកិច្ចព្រមព្រៀងក្របខណ្ឌនេះនៅឡើយទេ”។ លោក​បន្តថា ជាទូទៅកិច្ចព្រមព្រៀងក្របខណ្ឌ គឺផ្តោតសំខាន់ថាតើក្រុមហ៊ុនទាមទារអ្វីខ្លះ ពីការវិនិយោគ ហើយរដ្ឋអាចសម្រួល និងផ្តល់អ្វីបានឱ្យទៅក្រុមហ៊ុនខ្លះ និងទទួលបានប្រយោ​ជន៍អ្វី។

បន្ទាប់ពីភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ដំណាក់កាលបន្ទាប់គឺក្រុមហ៊ុននឹងសិក្សាបន្ថែម លើរបាយការណ៍ដែលអាកាសចរណ៍ស៊ីវិល បានសិក្សាចប់កាលពីដើមឆ្នាំនេះ ដើម្បីសិក្សាពីលទ្ធភាពវិនិយោគ។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានរៀចំផែនការមេអភិវឌ្ឍន៍៍ខេត្តមណ្ឌ​លគិរីជាប៉ូលសេដ្ឋកិច្ចទទី៤ ដើម្បីអភិវឌ្ឍន៍ប្រទេ សតាមរយៈការសាងសង់ព្រលានយន្តហោះ និងផែនការអភិវឌ្ឈន៍ជាច្រើនទៀត។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនធ្លាប់បានមានប្រសាសន៍ថា ការកសាងព្រលានយន្តហោះខេត្តមណ្ឌលគិរី ជាផែនការអាទិភាព ដើម្បីអភិវឌ្ឍន៍ខេត្តនេះ តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាខេត្តនេះ ដោយសារខេត្តនេះមានសក្តានុពលផ្នែកអេកូទេសចរណ៍ ពិសេសរដ្ឋាភិបាលក៏មានផែនការអនុញ្ញាត្តឲ្យវិស័យឯកជនដាំដំណាំហូបផ្លែ បន្លែសម្រាប់ផ្គត់ផ្គង់សេវាកម្មទេសចរណ៍នៅទូទាំង​ប្រទេស ដោយសារខេត្តនេះមានអាកាសថាតុល្អ និងដីមានជីវជាតិខ្ពស់៕

 

សណ្ឋាគារលំដាប់ផ្កាយបីឡើងចំនួន១០បានចុះឈ្មោះប្រជែងយកជ័យលាភីស្តង់ដាសណ្ឋាគារបៃតងអាស៊ាន

ដោយៈតារា

ភ្នំពេញៈ បន្ទាប់ពីក្រសួងទេសចរណ៍ បានជូនដំណឹងដល់បណ្តាម្ចាស់សណ្ឋាគារនៅកម្ពុជា ដាក់ស្នើពាក្យប្រកួតប្រជែងស្តង់ដាសណ្ឋាគារ បៃតងអាស៊ានលើកទី៨  ឆ្នាំ២០២២ដល់ឆ្នាំ២០២៤ នៅក្នុងវេទិកាទេសចរណ៍អាស៊ានATFឆ្នាំ២០២២ នាពេលខាងមុខនេះ។

មកដល់ពេលនេះ ក្រសួងទេសចរណ៍បានទទួលពាក្យសុំសិទ្ធចូលរួមប្រកួតប្រជែងពីតាមសណ្ឋាគារចំនួន១០សណ្ឋាគារ ខណៈការបិទឈប់ទទួលពាក្យនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ។

លោកគីម សេរីរដ្ឋ ប្រធាន ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសច​រណ៍និងម្ហូបអាហារ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃទី១២ ខែសីហានេះថា នៅពេលនេះក្រសួងទេសចរណ៍ នៅតែបន្តរងចាំទទួលពាក្យស្នើសុំសិទ្ធចូលរួមប្រកួតប្រជែងស្តង់ដាសណ្ឋាគារអាស៊ាន ពីតាមបណ្តាសណ្ឋាគារនានានៅកម្ពុជាដែលមានលំដាប់ផ្កាយ ចាប់ពីផ្កាយបីឡើងទៅ ហើយត្រូការដាក់ពា្យនោះ បណ្តាសណ្ឋា​គារត្រូវមានអាជ្ញាបណ្ណប្រកបអាជីវកម្ម សេវាសណ្ឋាគារត្រឹមត្រូវភ្ជាប់ទៅជាមួយ ។

លោកបន្តថា “បច្ចុប្បន្នក្រុមកាងារក្រសួងទេសចរណ៍ មិនទាន់បានចុះវាយតម្លៃកំ​ណ​ត់ស្តង់ដាសណ្ឋាគារបៃតងកម្ពុជានោះទេ ហើយជារួមបន្ទាប់ពីបិទបញ្ចប់នៃការទទួ​លពាក្យនៅពេលខាងមុខនេះ”។លោកបន្តថា “ក្រុមការងារក្រសួងនឹងចុះធ្វើវាយតម្លៃបណ្តាសណ្ឋាគារ ដែលបានដាក់ពាក្យ ខណៈស្តង់ដាសណ្ឋាគារបៃតងនោះ គឺត្រូវអនុវត្តតាមលក្ខខ័ណ្ឌចំនួន១១គោលធំៗ រួមមាន សណ្ឋាគារត្រូវមានគោលការណ៍គិតគូ ពីបរិស្ថាន  គិតគូប្រើប្រាស់ផលិតផលមិនប៉ះពាលបរិស្ថាន និងសុខភាព មិនប្រើប្រាស់ផលិតផលជីវសាស្ត្រ ការអនុវត្តគោលការណ៍សន្សំទឹក ថាមពលអគ្គីសនី ហើយក្រៅពីនេះសណ្ឋាគារក៏គិតគូអំពីចូលរួមជួយសង្គម និងសហគមន៍ជាដើម”។

តាមគោលការណ៍អាស៊ាន ជាទូទៅនៅក្នុងការប្រកួតប្រជែងយកស្លាកសញ្ញាស្តង់ដារសណ្ឋាគាបៃតងអាស៊ានម្តងៗ បណ្តាប្រទេសនីមួយៗជាសមាជិកអាស៊ាន គឺមានលទ្ធភាពអាចយកសណ្ឋាគារបៃតង នៅក្នុងប្រទេសខ្លួនយ៉ាងច្រើនបំផុតចំនួន៥ ទៅដាក់ពាក្យស្នើសុំអាស៊ានវាយតំលៃ និងដណ្តើមយកស្លាកសញ្ញាស្តង់ដាសណ្ឋាគារបៃតង អាស៊ាននេះ។

សម្រាប់កម្ពុជាវិញ មកដល់ពេលនេះ លោកគីម សេរីរដ្ឋ បានអោយដឹងថា មានសណ្ឋាគារចាប់ពីផ្កាយបី ឡើងទៅចំនួន១០សណ្ឋាគាររួចហើយ បានដាក់ពាក្យប្រកួតប្រជែង និងវាយតំលៃស្តង់សណ្ឋាគារបៃតង ហើយក្រោយពីការវាយតំលៃនោះ កម្ពុជា នឹងជ្រើសរើសសណ្ឋាគារបៃតងកម្ពុជាចំនួន៥ បញ្ជូនទៅក្រុមអាស៊ាន ដើម្បីធ្វើការវាយតំលៃផ្តល់ស្តង់ដារ និងផ្តល់ស្លាក់សញ្ញាសណ្ឋាគាបៃតងអាស៊ាននោះ នៅក្នុងវេទិកាទេសចរណ៍អាស៊ានATFឆ្នាំ២០២២ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់រៀបចំ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

បណ្តាសណ្ឋាគារលំដាប់ផ្កាយបីឡើងទៅចំនួន១០ ដែលបានដាក់ពាក្យប្រកួតប្រ​ជែងនោះ ភាគច្រើនជាសណ្ឋាគារនៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀម​រាប ខណៈនៅទូទាំងប្រទេសកម្ពុជា បច្ចុប្បន្នមានសណ្ឋាគារប្រមាណជាង១០៨០សណ្ឋាគារ៕

ដំណឹងល្អៈវ៉ាក់សាំងSinovacចំនួន៣លានដូសបន្ថែមទៀតបានមកដល់កម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកពីប្រទេសចិន មកដល់កម្ពុជា វេលាម៉ោង១០,២០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ មានមានប្រសាសន៍៍ឲ្យដឹងនាព្រឹកថ្ងៃទី១២ សីហានេះថា វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋវ័យចាប់ពី១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។

មកដល់ពេលពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណ២០លានដូសរួចហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

តាមរយៈវ៉ាក់សាំងទាំងនេះ បានជួយឱ្យកម្ពុជាចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង បានចំនួនជាង៨លាននាក់ហើយ។ ដោយឡែកកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចំនួនជាង៣៥ម៉ឺននាក់ផងដែរ។

កម្ពុជាមិនត្រឹមតែជាប្រទេសដែលឈានមុខ នៅក្នុងតំបន់លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យ និងមនុស្សវ័យក្មេងប៉ុណ្ណោះទេ។ ពេលនេះកម្ពុជា បានបោះជំហានទៅចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រតិបត្តិការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅជួរមុខ ក៏ដូចជាជនអាទិភាពតាមក្រសួងស្ថាប័ននានាផងដែរ៕

 

តើការចាក់វ៉ាក់សាំងដូសទី៣នឹងធ្វើឲ្យសុខភាពរាងកាយរបស់អ្នកវិវត្តន៍យ៉ាងដូចម្តេច?

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា បានជំរុញឱ្យពលរដ្ឋដែលប្រឈមហានិភ័យខ្លាំងឬមន្ត្រីជួរមុខ ទទួលចាក់វ៉ាក់សាំងបន្ថែម១ដូសទៀត ដើម្បីបង្កើនប្រសិទ្ធភាពការពារកាន់តែប្រសើរ ទៅនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩គ្រប់ប្រភេទ។

ការចាក់វ៉ាក់សាំងដូសទី៣ ជាតម្រូវការចាំបាច់ដើម្បីធានាភាពស៊ាំឱ្យបន្តកើតមានបានយូរ។ លើសពីនេះដោយសារភាពស៊ាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ដូសទំនងមានរយៈពេលតែ៣ ទៅ៦ខែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាមិនទាន់មានការសិក្សាច្បាស់លាស់​នៅឡើយ។

តើការចាក់វ៉ាក់សាំងដូសទី៣ មានប្រសិទ្ធភាព និងធ្វើឲ្យរាងកាយមានការវិវត្តបែបណា?

យោងតាមប្រភពពីសារព័ត៌មាន CNN ការចាក់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer អាចជួយខ្លួនប្រាណឱ្យស៊ាំជាមួយវីរុសកូវីដ-១៩ ជាពិសេសវាអាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនបានខ្លាំងក្លាជាងមុន និងដើម្បីចៀសងវាងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ​ ឬបង្ការហានិភ័យស្លាប់។

ចំណកប្រភពពី NHK បានឱ្យដឹងថា វ៉ាក់សាំងModerna ដូសទី៣ របស់សហរដ្ឋអាមេរិក ធ្វើឲ្យមាន​អង់ទីគ័រប្រឆាំងនឹងមេរោគឡើងខ្ពស់ និងអាចការពារវីរុសបំប្លែងខ្លួន Delta ថែមទៀត។

រីឯការស្រាវជ្រាវថ្មីមួយដែលចុះផ្សាយដោយ Global Times ការចាក់វ៉ាក់សាំង Sinovac ដូសទី៣ បន្ទាប់ពីចាក់ដូសទី២បាន៦ខែឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ និងនាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំង នៃប្រព័ន្ធភាពស៊ាំចំពោះការវាយលុកពីវីរុស។

ចំពោះវ៉ាក់សាំង AstraZeneca ដែលកម្ពុជាកំពុងប្រើប្រាស់ជាដូសជំរុញនាពេលនេះវិញ ក៏ត្រូវបានអ្នកជំនាញអះអាងថា ​មាន​ប្រសិទ្ធភាពខ្ពស់​នៅ​ពេល​ចាក់​បន្ថែម​ដូស​ទី​៣។

យោងតាមការ​សិក្សា​របស់​សកល​វិទ្យាល័យ Oxford ​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ដូស​ទី​៣​​ក្នុង​រយៈ​ពេល​​៦​ខែ បន្ទាប់​ពី​ចាក់​ដូស​ទី​២​រួច ​​​អាច​ផលិត​​អង់ទីគ័រ​គួរ​ឲ្យ​កត់​សម្គាល់។ វាជួយឱ្យប្រព័ន្ធការពារខ្លួនបង្កើត​អង់ទីគ័រខ្ពស់ និងកោសិកាប្រឆាំងនឹងមេរោគផ្សេងៗទៀត ដែលជួយការពារខ្លួនប្រាណក្នុងគ្រាដែលអ្នកឆ្លងមេរោគ។

លើសពីនេះវ៉ាក់សាំង AstraZeneca នឹងជំរុញឲ្យសរីរាង្គកាន់តែរឹងមាំជាងមុន អាចវាយបកប្រឆាំងនឹងមេរោគកូវីដ-១៩ បានខ្លាំងជាងមុន ​ព្រមទាំងមានសមត្ថភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួន ​Delta ផងដែរ៕

 

តើអគារ Lotte World Tower នៅកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់បែបណានៅលើពិភពលោក?

ដោយៈគង់ សូរិយា

កួរ៉េខាងត្បូងៈ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក នៅប្រទេសកូរ៉េខាងត្បូង ដែលមានកំពស់៥៥៥ម៉ែត្រ បាននិងកំពុងស្ថិតនៅចំណាត់ថ្នាក់អគារខ្ពស់ទីប៉ុន្មានលើសកលលោក?។

អគារដែលមានកំពស់១២៣ជាន់ ស្មើនឹងកំពស់៥៥៥ម៉ែត្រនេះ បាននិងកំពុងទទួល​បានការចាប់អារម្មណ៍ខ្ពស់បំផុត ពីក្រុមហ៊ុនជួលការិយាល័យសំរាប់ធ្វើការ។

ក្រុមហ៊ុន​អចលទ្រព្យ​ និង​អភិវឌ្ឍន៍​ Lotte (Lotte Property and Development) ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សំខាន់​ របស់​ក្រុមហ៊ុន Lotte Group បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ទីតាំង​ការិយាល័យ​បាន​ឈានដល់​ការជួល​១០០ ​ភាគរយ​នៅ​អគារ Lotte World Tower ។ ក្រុមហ៊ុន Woowa Brothers, ដែលជា​ប្រតិបត្តិករ​កម្មវិធី ដឹកជញ្ជូន​ម្ហូបអាហារ​ឈ្មោះ Baedal Minjok បាន​ផ្លាស់​ចូល​ទៅក្នុង​អាគារ​កាលពី​ខែកក្កដា​ដោយ​បំពេញ​កន្លែង​ទំនេរ​ចុងក្រោយ​។

សរុបមក​មាន​ក្រុមហ៊ុន​ចំនួន​ ១៧ បានដាក់​បញ្ជូល​គ្នា​នៅក្នុង​ទីតាំង​ “​ការិយាល័យ​ដ៏ល្អ​ស្អាត​នេះ” ពី​ជាន់​ទី​ ១៤ ដល់​ជាន់​ទី​៣៤ ​នៃ​អគារ​ខ្ពស់​កប់ពពក​នេះ។

អគារ Lotte World Tower មាន​កម្ពស់ ៥៥៥ ម៉ែត្រ ​គឺជា​អាគារ​ខ្ពស់​ជាងគេ​នៅ​កូរ៉េខាងត្បូង​ និង​ខ្ពស់​ជាងគេ​ទី​៥នៅលើ​ពិភពលោក​។

អគារ​នេះ ​ត្រូវបាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០១៧ ដែល​ដំបូង​ឡើយ​បាន​ព្យាយាម​បំពេញ​ចន្លោះ​ការិយាល័យ​របស់ខ្លួន ​ដោយមាន​អត្រា​ទំនេរ​ កើនឡើង​រហូតដល់​៦០ ​ភាគរយ​នៅ​ឆ្នាំ​២០១៨​។
អគារ​នេះ​ជា​កម្មសិទ្ធិ​១០០​ភាគរយ​ របស់ក្រុមហ៊ុន Lotte Property និង Development បន្ទាប់ពី​បាន​ទិញ​ភាគហ៊ុន​តម្លៃ​១,៤ ពាន់​ពាន់​លាន​វ៉ុន (១,២ ​ពាន់​លាន​ដុល្លារ​) ពី Lotte Shopping និង​សណ្ឋាគារ Lotte កាលពី​ខែមេសា​។

អគារ​ទំហំ១២៣,៦៧៨ម៉ែត្រការ៉េ​នេះ ជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម​ និង​កន្លែង​លក់រាយ​ផ្សេងៗ​គ្នា ​រួមមាន ​ផ្សារ​ទំនើប​ហាង​ទំនិញ​មិន​ជាប់ពន្ធ ការស្នាក់នៅ សណ្ឋាគារ​ផ្កាយ​៦ និង​កន្លែង​សង្កេតការណ៍​៕

តើ “អគារកប់ពពក” គេកំណត់និយមន័យបែបណា និងមានកម្ពស់ចាប់ពីប៉ុន្មានជាន់ឡើងទៅ?

ដោយៈសុខុម

អន្តរជាតិៈ ប្រជាពលរដ្ឋកម្ពុជាប្រហែលជាបានឮ ឡើងសាំត្រចៀកទៅហើយនូវពាក្យថា “អគារកប់ពពក” ឬ Skyscraper ហើយពេលនិយាយដល់អគារកប់ពពក យើងប្រាកដជា នឹកឃើញដល់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាតមុនគេ។

ប៉ុន្តែដឹងទេថា តើអគារកប់ពពក គេកំណត់និយមន័យបែបណា ត្រួវមានកម្ពស់ចាប់ពីប៉ុន្មានជាន់ឡើងទៅ និងមានប្រវត្តិបែបណា?។

យោងតាមគេហទំព័ររបស់អង្គការអប់រំមួយមានឈ្មោះ Salvadori Center បង្ហាញថា ដើមឡើយពាក្យថា Skyscraper ជាពាក្យនាវាសាស្ត្រ ដែលគេសំដៅទៅលើក្ដោងសំពៅដែលខ្ពស់ជាងគេ និងខ្ពស់ជាងអ្វីៗស្ទើរតែទាំងអស់ដែលនៅជុំវិញវា ប៉ុន្តែមិនខ្ពស់ដល់ថ្នាក់កប់ពពកបាត់ដូចដែលយើងហៅនោះឡើយ។

នៅពេលសំពៅចូលចតនៅកំពង់ផែ អំឡុងសតវត្សរ៍ទី១៧ និងសវត្សរ៍ទី១៨ គេអាចមើលឃើញចុងកំពូល នៃក្ដោងរបស់វាក្នុងចម្ងាយរាប់គីឡូម៉ែត្រព័ទ្ធជុំវិញ។ ហើយអ្វីដែលខ្ពស់ជាងវា គឺមានតែកំពូលព្រះវិហារគ្រិស្ត និងពេលខ្លះប៉មនាឡិកាតែប៉ុណ្ណោះ។ ក្រោយៗមកទៀត ពាក្យថា Skyscraper ក៏ត្រូវបានគេប្រើប្រាស់ផងដែរ ដើម្បីពណ៌នាអំពីអ្វីដែលខ្ពស់ប្លែកពីគេ ដូចជា មនុស្សខ្ពស់ សេះខ្ពស់ ឬអ្វីដែលខ្ពស់ជាងគេបំផុតនៅជុំវិញ ជាពិសេសគឺសំណង់អគារតែម្ដង។

នៅពាក់កណ្ដាលសតវត្សរ៍ទី១៩ អ្វីៗក៏បានចាប់ផ្ដើមប្រែប្រួល ដោយបច្ចេកវិទ្យាទំនើប បានធ្វើឱ្យវិស្វករមានលទ្ធភាពអាចសាងសង់អគារ ឱ្យខ្ពស់ផុតពីកាំជណ្ដើរយ៉ាងខ្លាំង។

យោងតាមឯកសារស្រាវជ្រាវបង្ហាញថា អគារ Home Insurance Building ដែលគេបានប្រសិទ្ធនាមថា Skyscraper ឬអគារកប់ពពកដំបូងបង្អស់ ប្រចាំទីក្រុងឈីកាហ្គោ (Chicago) សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៨៨៥ មានកម្ពស់ត្រឹមតែ១២ជាន់ប៉ុណ្ណោះ ពោលគឺមិនខ្ពស់កប់ពពកបាត់ ដូចដែលយើងហៅវាឡើយ។ ប៉ុន្តែនៅសម័យកាលនោះ អគារនេះ គឺពិតជាមានភាពអស្ចារ្យខ្លាំងណាស់។

សម័យបច្ចុប្បន្ន Skyscraper ឬអគារកប់ពពកនៅតែខ្ពស់ជាងសំណង់ផ្សេងៗដែលនៅជុំវិញវា។ ប៉ុន្តែដើម្បីអាចចាត់ចូលជា Skyscraper ឬអគារកប់ពពកនាសម័យទំនើបបាន អគារមួយត្រូវមានលក្ខណៈពិសេសមួយចំនួនដូចខាងក្រោម៖

• គ្រោងដែកដ៏រឹងមាំនៃសំណង់អគារ
• ជណ្ដើរយន្ត
• មានកម្ពស់ចាប់ពី១០ជាន់ឡើងទៅ
មិនយូរប៉ុន្មានក្រោយពី Skyscraper ឬអគារកប់ពពកដំបូងបង្អស់ ប្រចាំទីក្រុងឈីកាហ្គោ បានបង្ហាញវត្តមានឡើង ទីក្រុង និងក្រុមហ៊ុនសំណង់នានា ក៏បានប្រជែងគ្នាសាងសង់អគារកាន់តែខ្ពស់ទៅៗ រហូតដល់ខ្ពស់ជាងពពកដូចយើងថា មែន តួយ៉ាងដូចជានៅក្រុងឌូបៃជាដើម៕

ក្រុមហ៊ុនផលិតរថយន្តចិន Great Wall សម្រេចដកខ្លួនចេញពីឥណ្ឌា ទៅវិនិយោគនៅប្រេស៊ីល

ដោយៈសុខុម

ញូវដេលី: ប្រភពបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motor បានសម្រេចចិត្តដកទុនមួយផ្នែកធំ នៃទុនវិនិយោគ១ពាន់លានដុល្លារ របស់ខ្លួននៅឥណ្ឌា នៅពេលក្រុមហ៊ុននេះអស់ភាពអត់ធ្មត់ នឹងការរង់ចាំការអនុម័តពីរដ្ឋាភិបាលឥណ្ឌា។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃពុធ ទី១១ សីហា នេះឱ្យដឹងថា ការបង្វែរទិសដៅវិនិយោគ ដែលអាចមានទំហំដល់ទៅ៣០០លានដុល្លារនេះធ្វើឡើង នៅពេលប្រភពទម្លាយថា ក្រុមហ៊ុនចិនមួយនេះ ជិតឈានដល់ការទិញយកអតីតរោងចក្រផលិតរថយន្តអាល្លឺម៉ង់ Daimler ដើម្បីផលិតរថយន្ត។

ក្រុមហ៊ុន Great Wall ថែមទាំងបានប្រគល់ភារកិច្ចឱ្យលោក James Yang ដែលជាប្រធានក្រុមហ៊ុនរបស់ខ្លួនប្រចាំប្រទេសឥណ្ឌា ឱ្យទទួលខុសត្រូវជួយជ្រោមជ្រែងដល់ប្រតិបត្តិការនានា នៅក្នុងប្រទេសប្រេស៊ីលថែមទៀតផង។

ប្រភពច្បាស់ការបានទម្លាយថា ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហ៊ុន Great Wall នេះគឺធ្វើឡើងដោយសាររដ្ឋាភិបាលឥណ្ឌា កាលពីខែមេសា ឆ្នាំ២០២០ បានសម្រេចធ្វើការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹង លើការវិនិយោគពីប្រទេសចិន ក្រោយពីមានហេតុការណ៍ប៉ះទង្គិចគ្នា នៅព្រំដែនរវាងប្រទេសយក្សអាស៊ីទាំងពីរ។

ទើបតែ២ខែមុននេះ ក្រុមហ៊ុន Great Wall បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគក្នុងទំហំ១ពាន់លានដុល្លារ ដើម្បីផលិតរថយន្តនៅប្រទេសឥណ្ឌា តាមរយៈការទិញយកអតីតរោងចក្រមួយ របស់ក្រុមហ៊ុនផលិតរថយន្ត General Motors (GM) ព្រមទាំងផលិតអាគុយ និងគ្រឿងបន្លាស់រថយន្តផងដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Great Wall បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញរឿងនេះ។ ចំណែកឯរដ្ឋាភិបាលឥណ្ឌា ក៏មិនបានឆ្លើយតបនឹងសំណើ សុំការឆ្លើយបំភ្លឺនោះដែរ៕

អាជ្ញាធរក្រុងប៉េកាំងចាត់វិធានការណ៍បញ្ឈប់លើករណីលែងលះក្លែងក្លាយ ដើម្បីអាចទិញផ្ទះបន្ថែមទៀត

ដោយ សុជាតា

ប៉េកាំងៈ បើយោងតាមការចេញផ្សាយ South china morning post បានបង្ហាញអោយដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមគ្រួសារដែលបានលែងលះគ្នា ហើយមិនអាចទិញអចលនទ្រព្យបន្ថែមទៀតសម្រាប់រយៈពេលបីឆ្នាំ។

អាជ្ញាធរក្រុងប៉េកាំង ប្រទេសចិន បានចាប់ផ្តើមអនុវត្តន៍វិធានការថ្មីមួយ ដើម្បីគ្រប់គ្រងសកម្មភាពកំពុងពុះកញ្ជ្រោលខ្លាំង ក្នុងទីផ្សារអចលនទ្រព្យក្នុងក្រុងប៉េកាំង ដែលបង្កឡើងដោយការទិញទុករង់ចាំឡើងថ្លៃ ហើយកត្តានេះបានជះឥទ្ធិពលដល់ អ្នកដែលត្រូវការលំនៅឋានសម្រាប់រស់នៅពិតប្រាកដ ។

មុនពេលមិនទាន់មានវិធានការនេះ អាជ្ញាធរក្រុងប៉េកាំងបានបញ្ជាក់ថា គូស្វាមី ភរិ​យា អាចមានសិទ្ធិទិញផ្ទះមិនលើសពីពីរល្វែង។ ការកំណត់ចំនួនបែបនេះ បានធ្វើឱ្យគូស្វាមីភរិយា ដែលមានជីវភាពធូរធារ ប្រើមធ្យោយលែងលះគ្នាក្លែងក្លាយ ដើម្បីអាចទិញលំនៅឋានបន្ថែមទៀត ដើម្បីទុកលក់យកចំណេញ។

ដោយសារសកម្មភាពបែបនេះកើនឡើងជាច្រើនករណី ឬទោះបីមានការលែងលះគ្នាពិតប្រាកដក៏ដោយ អាជ្ញាធរក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនបានចាប់ផ្តើមអនុវត្តន៍វិធានការថ្មីមួយ ដោយដាក់កំហិតមិនអនុញ្ញាត ឱ្យទិញលំនៅឋានថ្មីផ្សេងទៀតក្នុងរយៈពេលបីឆ្នាំ បន្ទាប់ពីប្រកាសលែងលះគ្នា ទោះក្នុងរូបភាពក្លែងក្លាយ ឬពិប្រាកដក៏ដោយ។

លោក Yan Yuejin អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍ និងស្រាវជ្រាវប្រទេសចិន បានបញ្ជាក់ថា វិធានការថ្មីនេះ នឹងធ្វើឡើងបន្តបន្ទាប់ទៀតនៅទីក្រុងសៀងហៃ និងស៊ិនជិនដែលមានតម្លៃអចលនទ្រព្យខ្ពស់។ វិធានការរបស់រដ្ឋាភិបាលកណ្តាលនេះ ដើម្បីទប់ស្កាត់បញ្ហាលំបាករបស់អ្នកតាំងទីលំនៅថ្មី និងប្រជាជនវ័យក្មេងផងដែរ។

ទិន្ន័យពីវិទ្យាស្ថាន E-house China Research and Development បានបង្ហាញថា តម្លៃផ្ទះក្នុងប្រទេសចិនមានតម្លៃជាមធ្យម១៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ គិតត្រឹមខែមិថុនា ឆ្នាំ២០២១។ ហើយតម្លៃលំនៅឋាន នៅតាមក្រុងធំៗមួយចំនួននៅប្រទេសចិនបន្តកើនឡើង ដែលជាក់ស្តែងតម្លៃលំនៅឋាននៅក្រុងប៉េកាំង មានកំណើនជាង៣ភាគរយក្នុងឆមាសទី១ឆ្នាំនេះធៀបនឹងឆ្នាំមុន៕

កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានប្រជាជនមានភាពរួសរាយទាំង១០លើពិភពលោក

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជាជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសមានភាពរួសរាយទាំង១០លើពិភពលោក ក្នុង២០២១។ នេះបើតាមការស្ទាបស្ទង់មតិរបស់ Expat Insider ធ្វើឡើងដោយគេហទំព័រ InterNations។

បណ្តាប្រទេសមានភាពរួសរាយទាំង១០លើពិភពលោក រួមមាន ទី១ព័រទុយហ្កាល់ ទី២. តៃវ៉ាន់ ទី៣. ម៉ិកស៊ិក ទី៤. កម្ពុជា ទី៥. បារ៉ែន ទី៦. កូស្តារីកា ទី៧. អូម៉ង់ ទី៧. អូម៉ង់ ទី៨. កូឡុំប៊ី ទី៩. វៀតណាម និងទី១០. កាណាដា។

បន្ទាប់ពីអាក់ខានចូលរួមកម្មវិធីនេះ រយៈពេលបីឆ្នាំចុងក្រោយ កម្ពុជាដែលបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំ២០១៧ បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងនាមប្រទេសមានភាពរួសរាយបំផុត។ ស្ទើរតែគ្រប់ជនបរទេស (៩៦%) វាយតម្លៃពីភាពស្និទ្ធស្នាលទូទៅលក្ខណៈវិជ្ជមាន ច្រើនជាងមធ្យមភាគសាកល (៧០%)។

លើសពីនេះ ជនបរទេសហាក់ដូចជាមានបញ្ហាតិចតួច ក្នុងការដោះស្រាយលើបញ្ហាប្រឈមរបស់ពួកគេ។ ឧទាហរណ៍ ពលរដ្ឋអូស្ត្រាលីម្នាក់ បានបង្ហាញការពេញចិត្តរបស់គេជាមួយ “ការបង្កើតទំនាក់ទំនងជាមួយអ្នកស្រុក”។ ក្នុងចំណោម១០នាក់ មានអ្នកឆ្លើយច្រើនជាង៨នាក់ ចាត់ទុកប្រជាជនតំបន់មានភាពស្វាគមន៍(៨៥%) ហើយ ៨៣% យល់ស្របការតាំងលំនៅដ្ឋាននៅកម្ពុជា មានភាពងាយស្រួល ខណៈជនបរទេស ៣៩% និយាយថាពួកគេមានអារម្មណ៍ដូចនៅប្រទេសកំណើតដែរ។

កាលពីឆ្នាំ២០២០ យោងតាមវេបសាយអន្តរជាតិ My International Movers មានប្រទេសសរុបចំនួន១០ ត្រូវបានគេចាត់ទុកជាកន្លែង ដែលផ្តល់ភាពស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតចំពោះជនបរទេស។ ដោយមិនខ្វល់ថា ពួកគេសម្រេចចិត្តចង់ផ្លាស់ទីលំនៅ ឬក៏គ្រាន់តែចង់ចំណាយពេលវេលា សំរាប់វិស្សមកាលដ៏ល្អមួយនោះទេ គឺពួកគេគួរតែពិចារណាលើប្រទេសទាំង១០នេះ។

ជាពេលនោះដែរ កម្ពុជាត្រូវចាត់ទុកជាប្រទេស កំពុងតែប្រែក្លាយជាឋានសួគ៌ សម្រា​ប់ជនបរទេស ដែលមករស់នៅទីនេះ។ បើតាមការស្ទង់មតិភាគច្រើន ប្រជាជនកម្ពុជាគឺមានភាពរួសរាយរាក់ទាក់ និងស្វាគមន៍ជាទីបំផុតចំពោះជនបរទេស មិនថាជាភ្ញៀវទេសចរណ៍ ឬមួយក៏អ្នកផ្លាស់មករស់នៅទីនេះឡើយ៕

មន្រ្តីជាន់ខ្ពស់រដ្ឋសភាៈ ច្បាប់វិនិយោគថ្មីចូលជាធរមាននឹងជួយទាក់ទាញនិងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ

ដោយៈតារា

ភ្នំពេញៈ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាបានលើកឡើងដោយសុទិដ្ឋិនិយមថា នៅពេលសេចក្តីព្រាងច្បាប់ស្តីពី វិនិយោគថ្មីចូលជាធរមាន នឹងជួយទាក់ទាញនិងបង្កើ​នទំនុកចិត្តដល់អ្នកវិនិយោគបន្ថែម ព្រោះច្បាប់នេះមានភាពបត់បែន ស្របនឹងបរិបទថ្មី នៃការវិវឌ្ឍន៍លើផ្នែកបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មជាអន្តរជាតិ។

លោកជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានដឹកនាំប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជន​បទ បរិស្ថាន និងធនធានទឹក កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១ នេះ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។

តាមរយៈកិច្ចពិភាក្សាគ្នាយ៉ាងផុលផុសនេះ គណៈកម្មការរដ្ឋសភា សង្ឃឹមយ៉ាងមុតមាំថា នៅពេលចូលជាធរមាន សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា នេះពិតជានឹងជួយទាក់ទាញការវិនិយោគ បន្ថែមមកកាន់កម្ពុជា។

ជាមួយគ្នានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការតាក់តែងឡើងថ្មីនេះឡើងរបស់រាជរដ្ឋាភិបាល គឺឱ្យមានភាពទាក់ទាញ និងប្រសើរជាងច្បាប់វិនិយោគចាស់ ដោយឈរលើមូលដ្ឋានឯករាជ្យម្ចាស់ការ ស្ថានភាពជាក់ស្តែងរបស់វិនិយោគិន និងសេដ្ឋកិច្ចកម្ពុជា ដោយមានភាពបើកចំហ មានតម្លាភាព ជាពិសេសរសេចក្តីព្រាងច្បាប់ថ្មីនេះ បានផ្តល់ការលើកទឹកចិត្តចំទិសដៅ នឹងជំរុញដល់ការអភិវឌ្ឍក្នុងវិស័យ និងសកម្មភាពវិនិយោគ ហើយច្បាប់វិនិយោគថ្មីនេះ គឺជាចលករយ៉ាងសំខាន់ក្នុងទាក់ទាញ នឹងការផ្តល់ក្តីទំនុកចិត្តដល់វិនិយោគិន។

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធអនឡាញ (Zoom) តាមកិច្ចប្រជុំនោះ សម្តេចបានលើកឡើងថា សំណើច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិន ងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា ក្នុងនោះអ្នកវិនិយោគពិតជាត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជា ជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិ ប្រឈមក្នុងវិស័យនយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយ៕