រដ្ឋាភិបាលគ្រោងបង្កើតទីក្រុងធំទី២ដើម្បីសម្រាលសម្ពាធនៃកំណើនហួសហេតុប្រជាជននៅភ្នំពេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលគ្រោងបង្កើតឱ្យមានទីក្រុងធំទី២បន្ទាប់ពីរាជធានីភ្នំពេញ ដើម្បីសម្រាលនូវសម្ពាធនៃកំណើនហួសហេតុប្រជាជនក្នុងតំបន់ប្រមូលផ្ដុំតែមួយ។ នេះបើយោងតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ចេញផ្សាយកាលពីថ្មីនេះ។

ទំហំនៃការរៀបចំដែនដី រាជធានីភ្នំពេញជាទីក្រុងរាជធានីសំខាន់តែមួយគត់របស់កម្ពុជា ដែលហ៊ុមព័ទ្ធដោយតំបន់ ជនបទនៅឡើយ។ ភ្នំពេញ និងទីប្រជុំជនជុំវិញ មានប្រជាជន១០%នៃប្រជាជនសរុបរបស់ ប្រទេស១៣ ៣៨៨ ៩១០នាក់ (តាមជំរឿន២០០៨របស់វិទ្យាស្ថានជាតិស្ថិតិ) ស្មើនឹង៥៣% នៃ ប្រជាជននៅតាមទីប្រជុំជនក្នុងប្រទេស។

មានតែទីប្រជុំជនខេត្តបាត់ដំបង សៀមរាប និងមង្គលបុរី (សិរីសោភ័ណ)ទេ ដែលមានប្រជាជនលើសពី១០០ ០០០នាក់ ទីក្រុងព្រះសីហនុ (ខណ្ឌមិត្តភាព) កំពុងមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស (ស្មើ១៤%ក្នុងមួយឆ្នាំ) ហើយនឹងតាមទាន់ទីក្រុងធំៗ ទីពីរ ទាំងបីនៅពេលឆាប់ៗខាងមុខនេះ។ ទីប្រជុំជនជាងដប់ទៀតមានប្រជាជន នៅចន្លោះ ពី២៥ ០០០ ទៅ៦០,០០០នាក់ និងស្ថិតនៅលើអ័ក្សទំនាក់ទំនងធំៗ ដែលកំណត់បានជារចនា សម្ព័ន្ធទំនាក់ទំនងរបស់ប្រទេស។

យោងតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញបានឱ្យដឹងថា គោលនយោបាយរៀបចំដែនដី នឹងជំរុញនូវការគ្រោងឱ្យមានទីក្រុងធំទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដើម្បីបង្កើតឱ្យមានការអភិវឌ្ឍប្រកបដោយសមភាព តុល្យភាព រួមចំណែក ទទួលចែករំលែកនូវបន្ទុកសេវាកម្មសាធារណៈ ឲ្យមានកម្រិតប្រសើរឡើង សម្រាប់ដែនដី ទាំងមូលរបស់ប្រទេស។

នេះជាមធ្យោយោបាយមួយដើម្បីសម្រាលនូវសម្ពាធនៃកំណើនហួសហេតុប្រជាជនក្នុងតំបន់ប្រមូលផ្ដុំតែមួយ ជាពិសេសក្នុងទីកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវតែគ្រប់គ្រងការពង្រាយការអភិវឌ្ឍឱ្យបានល្អ។ ការអភិវឌ្ឍដោយផ្អែកលើប៉ូលនានានៅលើអ័ក្ស រាជធានីភ្នំពេញ-ក្រុងព្រះស៊ីហនុ គឺជាគោលការណ៍អភិវឌ្ឍន៍មួយនៅក្នុងតំបន់និរតីនៃប្រទេស។

តំបន់វាលទំនាបហាក់ដូចជាមានទំហំថយចុះពី៥១% ក្នុងពេលសព្វថ្ងៃនេះ មក៤៨%នៅ ឆ្នាំ២០៣៤។ ឯទីក្រុងភ្នំពេញអាចនឹងមានកំណើនយឺតជាងទីក្រុងទី២ផ្សេងៗទៀត។ លទ្ធផល រំពឹងទុកសំខាន់នៃការអភិវឌ្ឍប្រទេស នឹងស្ថិតលើការរៀបចំទីក្រុងទី២ទាំងនោះដែលនឹងមាន ប្រជាជនកើនឡើង៤ដងនៅពេលដែលរាជធានីភ្នំពេញមានប្រជាជនកើនឡើងតពីរដងប៉ុណ្ណោះ៕

មន្រ្តីជាន់ខ្ពស់ព្រឹទ្ឋសភាៈចិនក្លាយជាប្រទេសដែលមានការវិនិយោគផ្ទាល់និងផ្ដល់ជំនួយអភិវឌ្ឍន៍ធំជាងគេនៅកម្ពុជា

ដោយៈវឌ្ឍនា

ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាប្រទេស ដែលមានអ្នកវិនិយោគមកកម្ពុជាច្រើនជាងគេ និងបានអភិវឌ្ឍន៍កម្ពុជាជាបន្តបន្ទាប់ជាពិសេសទៅលើវិស័យអចលនទ្រព្យនិងវិស័យផ្សេង។
ក្រៅពីនេះ ចិនក៏បានក្លាយជាប្រទេសធំជាងគេមួយ ក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាក្នុងរយៈពេលចុងក្រោយនេះដែរ។

យោងតាមលោកអ៊ុ សារឹទ្ធអគ្គលេខាធិការព្រឹទ្ធសភាជាតិកម្ពុជានៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយភាគីចិន កាលពីព្រឹកថ្ងៃទី១៩ កក្កដា ២០២១ឱ្យដឹងថា ការវិនិយោគរបស់ចិនដោយផ្ទាល់នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា មិនតែប៉ុណ្ណោះ ចិនក៏បានក្លាយជាប្រទេសធំជាងគេ ដែលបានផ្តល់់ជំនួយអភិវឌ្ឍ ប្រាក់កម្ចីនិងហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាផងដែរ ។

លោកបន្តថា “ជំនួយនិងការគាំទ្ររបស់ចិន បានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជួយឱ្យកម្ពុជា ក្នុងការថែរក្សាបាននូវអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស”។

លោកអ៊ុ សារឹទ្ឋបានបន្តថា ថ្មីៗនេះផងដែរ ក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានបន្តជួយដល់កម្ពុជា តាមរយៈការផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខារពេទ្យយ៉ាងច្រើនជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

លោកបន្ថែមថា “ប្រទេសកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយផ្លូវមួយ” “មូលនិធិផ្លូវសូត្រ”និង”ធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី” បង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ដែលជាយុទ្ធសាស្ត្រនយោបាយការទូត និងសេដ្ឋកិច្ច ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍរវាងប្រទេសក្នុងតំបន់ខែ្ស ក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីបង្កើនការវិនិយោគ ការដឹកជញ្ជូន ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ជាដើម ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះក៏បានមានប្រសាសន៍ផងដែរថា ប្រទេសចិនបានក្លាយជាខ្នងបង្អែកដ៏សំខាន់ នៃការគាំទ្រវ៉ាក់សាំងដល់កម្ពុជា ហើយការជ្រើសរើសយកចិនធ្វើជាខ្នងបង្អែកនៃវ៉ាក់សាំងនេះ ក៏មិនខុសដែរ ដោយចិនបានផ្ដល់វ៉ាក់សាំង ជាបន្តបន្ទាប់មកកម្ពុជា ដែលធ្វើឱ្យកម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋ បានរាប់លាននាក់គិតមកដល់ពេលនេះ ។

សម្ដេចតេជោមានប្រសាសន៍ថា “បើគ្មានចិនទេ រហូតមកដល់នេះកម្ពុជាប្រហែលជាចាក់វ៉ាក់សាំង ជូនពលរដ្ឋបានតែប៉ុន្មាននាក់ម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះតាមរយៈវ៉ាក់សាំងរបស់ចិននេះ កម្ពុជានឹងចាក់វ៉ាក់សាំងបានគ្រប់តាមផែនការនៅពេលឆាប់ៗនេះ”៕

ក្រុមហ៊ុនអចលនទ្រព្យ PropertyGuru គ្រោងច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Bridgetown 2 ក្នុងទំហំដើមទុន១,៨ពាន់លានដុល្លារអាមេរិក

ដោយៈសុខុម

សិង្ហបុរី: ក្រុមហ៊ុនអចលនទ្រព្យអនឡាញសិង្ហបុរី PropertyGuru Pte ជិតឈានដល់កិច្ចព្រមព្រៀងចុះបញ្ជីជាសាធារណៈហើយ តាមរយៈការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Bridgetown 2 Holdings Ltd ដែលមានមហាសេដ្ឋី Richard Li និងមហាសេដ្ឋី Peter Thielជាអ្នកនៅពីក្រោយខ្នង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី១៩ កក្កដា នេះ។

ប្រភពអនាមិកបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនដែលត្រូវច្របាច់បញ្ចូលគ្នាថ្មីនេះអាចមានតម្លៃប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក។ ប្រភពដដែលបន្ថែមទៀតថា ពេលនេះគូភាគីកំពុងចរចាលម្អិត ក្នុងដំណាក់កាលចុងក្រោយ ហើយសេចក្តីប្រកាសមួយអាចនឹងកើតឡើងនៅដើមសប្តាហ៍នេះ។

ទោះជាយ៉ាងណាង តំណាងក្រុមហ៊ុន PropertyGuru និងក្រុមហ៊ុន Bridgetown 2 បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានចុះផ្សាយកាលពីខែមិថុនាកន្លងមកថា ក្រុមហ៊ុន Bridgetown 2 បានចរចាច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន PropertyGuru។ ក្រុមហ៊ុន Bridgetown 2 កៀរគរដើមទុនបានប្រមាណ៣០០លានដុល្លារអាមេរិក នៅក្នុងការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) របស់ខ្លួននៅសហរដ្ឋអាមេរិក កាលពីខែមករា ហើយភាគហ៊ុនរបស់ក្រុមហ៊ុននេះមានតម្លៃ១០ដុល្លារ ក្នុងមួយភាគហ៊ុននៅក្នុងការជួញដូរកាលពីសប្តាហ៍មុន។

ក្រុមហ៊ុន Bridgetown2 បានប្រកាសថា ខ្លួននឹងផ្ដោតការវិនិយោគលើ “វិស័យសេដ្ឋកិច្ចថ្មីៗ” រួមមានបច្ចេកវិទ្យា សេវាកម្ម ហិរញ្ញវត្ថុ ឬប្រព័ន្ធផ្សព្វផ្សាយជាដើមនៅតំបន់អាស៊ីអាគ្នេយ៍។

បង្កើតឡើងដោយសហគ្រិន Steve Melhuish និងសហគ្រិន Jani Rautiainen ក្នុងឆ្នាំ២០០៧ ក្រុមហ៊ុន PropertyGuru ដែលមានទីស្នាក់ការកណ្ដាល នៅប្រទេសសិង្ហបុរី មានប្រតិបត្តិការនៅក្នុងប្រទេសជាច្រើន រួមមាន ទាំងប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសស៊ីម៉ាឡេស៊ី និងប្រទេសថៃផងដែរ៕

ក្រុងបូកគោថ្មីត្រៀមស្វាគមន៍ក្រុមប្រឹក្សាក្រុង ស្របពេលការឃោសនារកសម្លេងឆ្នោតកំពុងបន្ត

ដោយៈគង់ សូរិយា

កំពតៈ ក្រុងបូកគោ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ បាននិងកំពុងត្រៀមបោះឆ្នោតជ្រើសរើសសមាជិក និងប្រធានក្រុមប្រឹក្សាក្រុង ស្របពេលការឃោសនារកសម្លេងឆ្នោតបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន។

ការឃោសនារកសម្លេងឆ្នោតបានចាប់ផ្តើម កាលពីថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​ដំបូង​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​២ ក្នុងចំណោម គណបក្សនយោបាយ​ទាំង​៤ បានធ្វើ​សកម្មភាព​ឃោសនា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា នេះ​បើតាម​ការបញ្ជាក់​ពី គ​.​ជ​.​ប​។​

បើតាម គ​.​ជ​.​ប គណបក្ស​ប្រជាជន​កម្ពុជា បានចេញឃោសនាដោយមាន​រថយន្តចំនួន​៧០គ្រឿង និង​ម៉ូតូ​ចំនួន​៣០គ្រឿង និងមានអ្នកចូលររួមសរុបចនួន​២០០ នាក់​។ ចំណែក​គណបក្ស​សញ្ជាតិ​កម្ពុជា​ គឺមាន​រថយន្តចំនួន​២គ្រឿង និង​ម៉ូតូ​ចំនួន៥គ្រឿង សរុប​អ្នកចូលរួម​មាន​ចំនួន​២០នាក់​។

លោក​បណ្ឌិត តែ ជិន​ណា​រិ​ទ្ធ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពតដែល​បាន​ចូលរួម​ឃ្លាំមើល​សកម្មភាព​ ឃោសនា​នៅថ្ងៃនេះ​បានឱ្យដឹងថា អ្នកចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​អនុវត្ត និង​គោរព​តាម​វិធានការ​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អ​។

លោក​បាន​បន្តថា “សកម្មភាព​ឃោសនា​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សណ្តាប់ធ្នាប់ និង​បាន​ទៅដល់​គោលដៅ​ដែល​បាន​កំណត់ដោយ​សន្តិ​វិ​ធី”។

ការឃោសនាបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ មានរយៈ​ពេល​៨​ថ្ងៃ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង​៦ព្រឹក ដល់​ម៉ោង​១០​យប់​។ គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត​ត្រូវ​បញ្ចប់២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។ ចំពោះ​ការរៀបចំ​ក្បួនព្យុហយាត្រា ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរជើង ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​នៅក្នុង​មណ្ឌល​ត្រូវ​កំណត់២ដង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត៕

ឯកអគ្គរដ្ឋទូតចិនៈ វិនិយោគិនចិនឈរនៅកំពូលតារាងនៃវិនិយោគិនអន្តរជាតិនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានបញ្ជាក់ថា ប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ បោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាមួយនឹងទុនវិនិយោគ ប្រមាណ២ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។

លោកបានថ្លែងក្នុងកិច្ចសម្ភាសន៍មួយស្តីពី ខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា កាលចុងសប្តាហ៍កន្លងទៅ ដោយបញ្ជាក់ដូច្នេះថា “ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០២១នេះ ចិនបានវិនិយោគនៅក្នុងប្រទេសកម្ពុជា មានទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក ស្មើនឹង៦៩%នការវិនិយោគសរុបរបស់កម្ពុជា”។

ជាមួយគ្នានេះដែរ លោកបានលើកឡើងថា គម្រោងសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ស្ថានីយ៍អគ្គិសនីដើរដោយធ្យូងថ្ម នៅខេត្តព្រះសីហនុ អាកា​សយានដ្ឋានអន្តជាតិសៀមរាបអង្គរជាដើមកំពុងតែមានវឌ្ឍនភាពយ៉ាងរលូន។

លោកបានថ្លែងបន្តថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២០មានចំនួនរហូតដល់៩.៥៦ពាន់លានដុល្លារអាមេរិក កើនឡើង១.៤% កិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិននិងកម្ពុជា និង RCEP ត្រូវបានចុះហត្ថលេខាដោយជោគជ័យ។

នាខែឧសភា ឆ្នាំ២០២១នេះ ផ្លែ ស្វាយស្រស់របស់កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយជោគជ័យ ហើយនាខែមិថុនា ឆ្នាំ ២០២១នេះ ជលផលចំនួន៤ ប្រភេទដូចជា បង្កងប៉ាក ត្រីអន្ទង់ ត្រីរស់ និងខ្យងអាចនាំចេញទៅកាន់ ប្រទេសចិន។ អាចនិយាយបានថា កិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យរវាងភាគីទាំងពីរត្រូវ បានលើកកម្ពស់កាន់តែស៊ីជម្រៅ បានដើរតួនាទីយ៉ាងសកម្ម ក្នុងសេដ្ឋកិច្ចកម្ពុជាដោយយកជម្នះជាមួយផលប៉ះពាល់នៃជំងឺវីរុស។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏ធ្លាប់បញ្ជាក់ថា តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមា​ណ៦៩% នៃការវិនិយោគសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ២១% នៃការវិនិយោគសរុប។

ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន៣.៣៦% (ប្រមាណ៩៩លានដុល្លារ) នៃការវិនិយោគសរុបលេខ៤ ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧% (ប្រមាណ៧០លានដុល្លារ) នៃការវិនិយោគសរុបប្រទេសថៃ ឈរលេខរៀងទី៥ ស្មើនឹងចំនួន១.៧៧% (ប្រមាណ៥២លានដុល្លារ) នៃការវិនិយោគសរុប ប្រទេសសិង្ហបុរី ឈរលេខរៀងទី៦ ចំនួន០.៦៨% (ប្រមាណ២០លានដុល្លារ) នៃការវិនិយោគសរុប ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី៧ ចំនួន០.៦៧% (ប្រមាណ១៩លានដុល្លារ) នៃការវិនិយោគសរុបនៅកម្ពុជា។

ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជា ចំនួន០.៥៦% (ប្រមាណ១៦លានដុល្លារ) នៃការវិនិយោគសរុប។ សហរដ្ឋអាមេរិក ឈរលេខរៀងទី៩ ចំនួន០.៣២% (ប្រមាណ៩លានដុល្លារ) នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% (ប្រមាណ៣លានដុល្លារ) នៃការវិនិយោគសរុប។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ការវិនិយោគរបស់ចិន មានច្រើនណាស់នៅអាស៊ី និងពិភពលោក ហើយបើនិយាយពីការវិនិយោគអចលនទ្រព្យវិញ ការវិនិយោគជនជាតិចិន ចូលចិត្តកសាងបណ្ដុំសហគមន៍របស់គេ។

លោកបានថ្លែងបន្តថា “នៅក្នុងប្រទេសកម្ពុជា តំបន់ពីរដែលជនជាតិបានចាប់ផ្ដើមកសាងសហគមន៍របស់គេ គឺនៅក្នុងខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ រួមទាំងផ្នែកខ្លះនៃខេត្តកោះកុង (តារាសាគរ)”៕

អ្នកជំនាញព្យាករណ៍ៈផ្នែកនៃខេត្តសំខាន់ៗចំនួន៥អាចនឹងកាត់ចូលរាជធានីភ្នំពេញនៅត្រឹមឆ្នាំ២០៣៥

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានព្យាករណ៍ថា ផ្នែកសំខាន់ៗនៃខេត្តចំនួន៥ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ នឹងអាចកាត់ចូល ក្នុងដែនរដ្ឋបាលទីក្រុងនេះនៅឆ្នាំ២០៣៥ខាងមុខនេះ។

លោកបន្តថា “ប្រសិនបើប្លង់គោលក្រុងពង្រីកខ្លួន ដល់ ១០០ គីឡូម៉ែត្រជុំវិញមែន ច្បាស់ណាស់ថា ទឹកដីខេត្តមួយចំនួននៅជាប់រាជធានភ្នំពេញ នឹងត្រូវកាត់ចូលដីរាជធានីកាន់តែធំជាងមុន ហើយតម្លៃដីធ្លីនៅតំបន់នោះនឹងឡើងថ្លៃជាស្វ័យប្រវត្តិ”។

លោកបន្តថា បើពង្រីកដល់កាំរង្វង់ដល់១០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០៣៥ នោះផ្នែកខ្លះនៃខេត្តមួយចំនួន ដូចជា ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តតាកែវ ជាដើម នឹងប្រែក្លាយទៅជាភូមិសាស្ត្ររាជធានីភ្នំពេញតែមួយ។

លោកបន្តថា ការពង្រីកខ្លួនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលជាងមួយទសវត្សរ៍ខាងមុខទៀត ក៏នឹងរួមចំណែកយ៉ាងសកម្មធ្វើឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់អចលនវត្ថុនៅតំបន់ទាំងនោះ នឹងទទួលបានផលជាវិជ្ជមាន ជាពិសេសគឺដីធ្លីពួកគាត់នឹងឡើងថ្លៃ ដោយស្វ័យប្រវត្តិ។ បើយោងទៅតាមកំណើនប្រជាជនក្នុងទីក្រុង កត្តាសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញសព្វថ្ងៃ។

ជាមួយគ្នានេះ លោក បណ្ឌិត គឹម ហ៊ាង ប្រធាន KW Cambodia បានបង្ហាញទស្សនៈផ្ទាល់ខ្លូនផងដែរថា “តាមខ្ញុំដឹងកាលពី៥ឆ្នាំមុន គម្រោងពង្រីករាជធានីភ្នំពេញកំណត់ត្រឹម៩០គីឡូក្រឡាជុំវិញទេ ឥឡូវអនុក្រឹត្យថ្មីភូមិសាស្ត្រទីក្រុង នឹងពង្រីកដល់១០០គីឡូម៉ែត្រជាទម្រង់កាំរង្វង់ជុំវិញ ក្នុងឆ្នាំ២០៣៥ ប៉ុន្តែតាមការសង្កេតជាក់ស្ដែងរបស់ខ្ញុំ ការពង្រីករាជធានីកន្លងមក គិតទាំងកំណើនប្រជាជន និងការអភិវឌ្ឍ ដូចជាដើរលឿន តែមិនលឿនដូចដែលរំពឹងទុកនោះទេ”។

ទោះជាយ៉ាងនេះក្ដី អ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារូបនេះ ភ្ជាប់ជាសំនួរមួយថា តើរដ្ឋាភិបាលពង្រីកវិសាលភាពក្រុងភ្នំពេញ ឱ្យកាន់តែធំឡើងៗ ដើម្បីគោលដៅអ្វីខ្លះ? ។

លោកបណ្ឌិត គឹម ហ៊ាង បានមានប្រសាសន៍ថា “ការពង្រីកក្រុង និងអភិវឌ្ឍន៍តំបន់ជាយក្រុង គួរតែត្រូវបានយកចិត្តទុកដាក់ច្រើនជាង ការពង្រីកតែវិសាលភាពក្រុង ដែលជាហេតុធ្វើឱ្យកំណើនប្រជាជន សម្រុកចូលមករស់នៅប្រមូលផ្ដុំកាន់តែច្រើនឡើងៗ”។ លោកបន្ថែមថា បើនៅប្រទេសជឿនលឿនមួយចំនួន យើងឃើញថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់គេ គេរៀបចំនៅតាមតំបន់ប្រជុំជនដែលមានស្រាប់”។

យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួន ហើយក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រា​ប់ប្រជាជនចំនួន៦លាននាក់នៅពេលខាងមុខ ហើយទីក្រុងភ្នំពេញ ក៏នឹងពង្រីកខ្លួនក្នុងកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជុំវិញ៕

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទទួលបានការកាន់កាប់ភាគហ៊ុនទាំងស្រុងលើក្រុមហ៊ុន Saha E&C Co.,Ltd

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានទទួលការកាន់កាប់ភាគហ៊ុនទាំងស្រុង លើក្រុមហ៊ុន Saha E&C Co.,Ltd ដែលពីមុនគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PPSP កាន់កាប់ភាគហ៊ុន៦០ភាគរយ និងកាន់កាប់ភាគហ៊ុន៤០ភាគរយទៀតដោយក្រុមហ៊ុន LCH។

យោងតាមសេចក្ដីជូនដំណឹងដែលបានផ្ញើទៅ CSX កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនPPSP ដែលចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានទិញភាគហ៊ុននៅសល់៤០ភាគរយ មានតម្លៃជាង១,១៧លានដុល្លារ ពីក្រុមហ៊ុន Saha E&C Co.,Ltd ក្រោមការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ សម្រាប់ការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Saha E&C Co.,Ltd។

សេចក្ដីជូនដំណឹងបានឱ្យដឹងថា ការកាន់កាប់ភាគហ៊ុនថ្មីនេះ ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ ដូច្នេះក្រុមហ៊ុនសហ័ស អ៊ី&ស៊ី ឯ.ក ត្រូវបានគ្រប់គ្រងទាំងស្រុងដោយភីភីអេសភី ចាប់ពីពេលនេះតទៅ។ បច្ចុប្បន្នយើងកំពុងរង់ចាំលិខិតអនុម័ត នៃការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន ពីអគ្គនាយកដ្ឋានពន្ធដារ (GDT)។

យោងបើតាមសេចក្ដីជូនដំណឹងបានឱ្យដឹងទៀតថា គោលបំណងនៃការកាន់កាប់នេះ គឺដើម្បីកាន់ភាគហ៊ុននៅសល់ចំនួន៤០ភាគរយ ដែលមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PPSP។ Saha E & Co.,Ltd គឺជាក្រុមហ៊ុន ដែលចូលរួមជាចម្បងរាល់ការងារសាងសង់ និងសំណង់ វិស្វកម្ម ការរចនាលទ្ធកម្ម ការគ្រប់គ្រងគម្រោង និងការថែទាំ។

លោក Hiroshi Uematsu នាយកគ្រប់គ្រងក្រុមហ៊ុន PPSP ធ្លាប់និយាយថា SAHA E&C ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីទទួលបានគម្រោងពីខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏ដូចជានៅក្នុងតំបន់របស់ខ្លួន។

លោកថ្លែងថា “យើងបានគិតថា យើងអាចពង្រីកសេវាកម្មយើងនៅក្រៅតំបន់ដើម្បីឆ្លើយតប នឹងតម្រូវការនៃវិស័យឧស្សាហកម្ម។ តាមរយៈការធ្វើដូច្នេះ យើងអាចបង្កើនប្រាក់ចំណូលពី SAHA E&C”៕

គម្រោងអាកាសយានដ្ឋានខ្នាតតំបន់នៅខេត្តមណ្ឌលគិរីនឹងចាប់ផ្តើមដំណើរការ សាងសង់នៅបំណាច់ឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកនាំពាក្យអាកាសចរស៊ីវិល បានលើកឡើងថា គម្រោងអាកាសយាន    ដ្ឋានខ្នាតតំបន់នៅខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមដំណើរការនៅបំណាច់ឆ្នាំនេះ ខណៈវិបត្តិជំងឺកូវីដ១៩ បានបង្កឱ្យមានភាពយឺតយ៉ាវមួយចំនួនដល់គម្រោងនេះ។

លោកស៊ីន ចាន់សិរីវុត្ថាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងក្នុងកិច្ចសម្ភាសមួយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ជាពិតណាស់ វាជាការបារម្ភរបស់អ្នកវិនិយោគ ដែលទទួលបានសិទ្ធនៃការសាងសង់ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

លោកបានថ្លែងបន្តថា “អ្នកវិនិយោគបារម្ភចំពោះការដាក់ទុនវិនិយោគ របស់គាត់ ដោយសារគាត់មិនមានច្បាស់លាស់ ក្នុងការគណនាថាតើពេលណា ដែលជំងឺនេះនឹងធូរស្បើយ ហើយពេលការដឹកជញ្ជូនមានការរីកចម្រើនឡើងវិញ”។លោបន្ថែមថា “ចំពោះព្រលានយន្តហោះមណ្ឌលគីរី យើងពុំមានអីឧបសគ្គទេ ប៉ុន្តែអ្នកទទួលបានសិទ្ធក្នុងការសាងសង់គឺគាត់មានការបារម្ភថា បើសិនគាត់ជំរុញការសាងសង់ឱ្យលឿន ក្នុងពេលនេះ ការបោះទុនក៏ច្រើន តែប្រាក់ចំណេញនាពេលខាងមុខដ៏ខ្លី មិនទាន់ដឹងថានឹងទទួលបានវិញនៅពេលណាដែរ”។

លោកបានថ្លែងបន្តថា អ្នកទទួលបានសិទ្ធសាងសង់ ស្នើសុំឱ្យយើងពិនិត្យឡើងវិញថា តើយើងអាចធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យគម្រោងនេះទៅមុខ ហើយគាត់ទទួលយកបានដែរ ដូច្នេះគាត់ស្នើសុំគិតឡើងវិញ និងគណនាឡើងវិញ ពីការសាងសង់អាកាសយានដ្ឋានថ្មីនៅមណ្ឌលគីរីនេះ  ប៉ុន្តែជាទូទៅយើងពុំឃើញមានឧបសគ្គអ្វីនោះទេ។

លោកបានឱ្យដឹងបន្តថា យើងត្រូវការពេលវេលាបំពេញនូវប្រកាសស្នាម និងលក្ខ​ខណ្ឌកិច្ចព្រមព្រៀងមួយចំនួនប៉ុណ្ណោះ ដែលគាត់ត្រូវអនុវត្ត ប៉ុន្តែគម្រោងអាកាសយាន  ដ្ឋានថ្មីនេះអាចនឹងចាប់ផ្តើមយឺតក្នុងរយៈពេល៥ទៅ៦ខែ។

លោកបានឱ្យដឹងទៀតថា កាលពីលើកមុនយើងរំពឹងថា ព្រលានយន្តហោះមណ្ឌ​លគីរី អាចនឹងចាប់ផ្តើមដំណើរការ នៅពេលពាក់កណ្តាលឆ្នាំ២០២១ ប៉ុន្តែវាដាច់ដំណាច់ឆ្នាំ២០២១នេះ ទើបអាចដំណើរការឡើងវិញបាន ប៉ុន្តែបញ្ជាក់ថា មិនមែនដំណើរការសាងសង់នោះទេ ដោយសារមុននឹងឈានដល់ដំណើរការសាងសង់ វាទាមទារពេលវេលាច្រើន ដូចការចរចាគ្នា កិច្ចព្រមព្រៀង និងកាតព្វកិច្ចផ្សេងៗជាច្រើន។

កាលខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាតាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តីបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនចិន (Powerchina International Group) សិក្សាអំពីលទ្ធភាពនៃការសាងសង់អាកាសយានដ្ឋានខ្នាតតំបន់នៅខេត្តមណ្ឌលគិរី។ នេះក៏ដោយតែគេមើលឃើញថា ការបង្កើតព្រលានយន្តហោះថ្មី នៅមណ្ឌលគិរីក្នុងគ្រានេះ ប្រៀបដូចជាការត្រៀ​មខ្លួនរបស់រដ្ឋាភិបាល ក្នុងការស្ដាវិស័យទេសចរណ៍ឡើងវិញដែរ ក្រោយស្ងប់ស្ងាត់កូវីដ១៩។

បើផ្អែមតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣១ ខែធ្នូកន្លងទៅគឺរដ្ឋាភិបាលសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍលើសំណើគម្រោង សាងសង់អាកាសយានដ្ឋានថ្មីនេះ ជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា។ ក្នុងនោះក្រុមហ៊ុន Powerchina International Group ក៏ជាអ្នកធានារ៉ាប់រងចំណាយលើការសិក្សា អំពីគម្រោងនៃការសាងសង់អាកាសយានដ្ឋានខ្នាតតំបន់នៅខេត្តមណ្ឌលគិរីនេះដែរ៕

កម្ពុជាផ្សព្វផ្សាយគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍នានាទៅកាន់ទីផ្សារចិនជាលើកដំបូង បន្ទាប់ពីវិបត្តិកូវីដ

ដោយៈគង់ សូរិយា

ភ្នំពេញៈ កម្ពុជាផ្សព្វផ្សាយសក្តានុពលគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកនានា ដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២ និង ២០២៣ ទៅកាន់ទីផ្សារចិន។

ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាន់ស៊ី បានចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិវិថីសូត្រស៊ីអានលើកទី៤ ឆ្នាំ២០២១ (XSRITE 2021) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-១៨ ខែកក្កដា ឆ្នាំ២០២១ នៅស៊ីអានខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍ XSRITE 2021 មានការចូលរួមពីអ្នកទិញ អ្នកលក់ជាតិ-អន្តរជាតិជាច្រើន រួមមាន ស្តង់ពិព័រណ៍ចំនួន៥០០ស្តង់ អ្នកលក់ក្នុងស្រុកចំនួន៣០០ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន៣០។

ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះត្រូវបានគេរំពឹងថា នឹងទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់។

ក្នុងព្រឹត្តិការណ៍នេះ ស្តង់របស់ប្រទេសកម្ពុជាមានទំហំ៥៤ម៉ែត្រការ៉េ សម្រាប់ផ្សព្វ​ផ្សាយគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។ តាមការពិនិ  ត្យ ក្នុងសន្ទុះនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋទូទាំងប្រ​ទេសចំនួន១០លាននាក់ ចាប់ពីអាយុ១២ឆ្នាំឡើងទៅ ដែលគ្រោងនឹងបញ្ចប់នាពេលប៉ុន្មានខែចុងឆ្នាំ២០២១ខាងមុខនេះ។

ថ្មីៗនេះដោយមានការឯកភាពពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍នឹងរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ លើប្រធានបទ “អាស៊ាន – សហគមន៍សន្តិភាព និងវាសនារួមគ្នា” ដែលមានគោលបំណងដើម្បីស្តារ និងបើកឡើងវិញនៃវិស័យទេសចរណ៍ ក្នុងតំបន់ឆ្ពោះទៅរកអនាគត ប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ព្រមទាំងបានប្រកាសអំពីការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ ១៧ ឧសភា និងថ្ងៃទី១ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ នៅកម្ពុជា ប្រធានបទ “កីឡារស់ក្រោមសន្តិភាព”។

នៅថ្ងៃទី ១ នៃព្រឹត្តិការណ៍ពិព័រណ៍នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាន់ស៊ីបានអញ្ជើញទស្សនាស្តង់ពិព័រណ៍ ក្រសួងទេសចរណ៍កម្ពុជា ហើយបន្តទស្សនាការស      ម្តែងសិល្បៈនានាផងដែរ។

ក្រៅពីកម្ពុជា ប្រទេសជាសមាជិកអាស៊ាន ដែលបានចូលរួមជាភ្ញៀវអន្តរជាតិក្នុងការតាំងពិព័រណ៍នេះរួមមាន ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី៕

 

ផ្សារទំនើ់បChip Mong សម្រេចបាន៦០ភាគរយនិងគ្រោងបើកដំណើរការនៅ ត្រីមាសទី៣ឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន Chip Mong Retail ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានសម្រុកសាងសង់ផ្សារទំនើបខ្នាតយក្ស២៧១ មេហ្គាល ម៉ល ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ ក្នុងរាជធានីភ្នំពេញ សម្រេចបានវឌ្ឍនភាព៦០ភាគរយ និងគ្រោងបើកឲ្យដំណើរការនៅត្រីមាសទី៣ឆ្នាំ២០២២ខាងមុខនេះ។

តាមផែនការ គម្រោងនេះនឹងសាងសង់ឲ្យបានរួចរាល់ តាមការគ្រោងទុកត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ បើទោះបីពិភពលោកកំពុងស្ថិតក្នុងវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្តី។ នេះបើតាមការបញ្ជាក់របស់លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

លោក Arnaud Dufresne បានបញ្ជាក់ថាទោះបីក្នុងសម័យកូវីដក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល ជារៀងរាល់ថ្ងៃ ដែលសឲ្យឃើញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុន ក្នុងការប្ដេជ្ញាពង្រីកខ្លួនឲ្យកាន់តែធំនៅកម្ពុជា ជាពិសេសលើវិស័យផ្សារទំនើប និងលក់រាយ

លោកបានបញ្ជាក់បន្ថែមថា ការសាងសង់ផ្សារទំនើបជីប ម៉ុង ២៧១មេហ្គាល ម៉ល នាពេលនេះ សម្រេចបានប្រមាណ៦០ភាគរយហើយ ដោយក្នុងនោះ គ្រឿងបង្គុំអគារទាំងមូលសម្រេចបានជាង៩៦ភាគរយ។ ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់ ហើយដាក់ឲ្យដំណើរការតាមការគ្រោងទុក។

លោកArnaud Dufresne ឲ្យដឹងទៀតថា ការប្រឹងប្រែងសាងសង់ឥតឈប់ឈរនេះ ក៏បានផ្តល់ទំនុកចិត្តកាន់តែខ្លាំង ដល់ដៃគូពាណិជ្ជកម្មរបស់យើង មិនថាក្រុមហ៊ុនក្នុងស្រុក ឬក្រៅស្រុកនោះទេ ក្នុងការជ្រើសរើសផ្សារទំនើប ជីប ម៉ុង២៧១ មេហ្គាល ម៉ល សម្រាប់ជួល ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន រួមមានផ្នែកសំលៀកបំពាក់ ការកម្សាន្ត គ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះ អាហារ និងភេសជ្ជៈជាដើម។ វត្តមានទាំងនេះ នឹងធ្វើឲ្យផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល របស់យើងផ្តល់ជាជម្រើសផលិតផល និងសេវាកម្មយ៉ាងសម្បូរបែបដល់អតិថិជនដែលដើរកម្សាន្ត និងទិញទំនិញនៅក្នុងផ្សារទំនើប

ជាមួយគ្នានេះដែរ ផ្សារទំនើបដ៏ធំមួយនេះ ក៏កំពុងបើកទ្វារស្វាគមន៍ដៃគូពាណិជ្ជកម្មនានា ដែលមានបំណងចង់ជួលផ្ទៃក្រឡា ក្នុងផ្សារទំនើបដើម្បីដាក់លក់ផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល ជាគម្រោងវិនិយោគដ៏ធំដែលមានទីតាំងសម្រាប់ជួលរហូតដល់ទៅ២៥០ទីតាំង។ គម្រោងនេះ នឹងប្រែតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលខាងមុខ៕