រចនាសម្ព័ន្ឋថ្នាក់ដឹកនាំក្រុងបូកគោនឹងចាប់ផ្តើមប្រកាសជាផ្លូវការនៅព្រឹកថ្ងៃនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រចនាសម្ព័ន្ឋក្រុងបូកគោទាំងមូល នឹងប្រារពពិធីប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី១២ សីហានេះហើយ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សារួចកាលពីពេលថ្មីៗនេះ។

លោកជាវ តាយ អភិបាលខេត្តកំពតក៏បានលើកឡើងកាលពីពេលថ្មីៗនេះថា មានបញ្ហាមួយចំនួនពាក់ព័ន្ធ ការធ្វើសមាហរណកម្មមន្ត្រីរាជការ ក្នុងក្របខណ្ឌរដ្ឋបាលក្រុង ដែលមានអ្នកស្ម័គ្រចិត្តចំនួនតិចតួច និងមានការលំបាកក្នុងផ្ទេរពីក្រសួងសាម៉ី ដែលបញ្ហានេះអាចធ្វើឱ្យការឆ្លើយតបតម្រូវការមន្រ្តី ក្នុងរចនាសម្ព័ន្ធក្របខណ្ឌរដ្ឋបាល ក្រុងបង្កើតថ្មីមានការពិបាក ដែលតម្រូវឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ក្នុងរឿងនេះ។

លោកលើកឡើងបែបនេះ អំឡុងពេលបើកកិច្ចប្រជុំជាមួយលោកសក់ សេដ្ឋារដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ។

ការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាក្រុងនាពេ​ល​កន្លងមកនេះ នេះមានអង្គបោះឆ្នោតចំនួន១៧រូប ជាសមាជិកក្រុមប្រឹក្សាឃុំ មកពីឃុំចំនួន៣ ដែលត្រូវបង្កើតក្រុងបូកគោនេះ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ជាលទ្ធផល នៃសង្កេតការណ៍ក្នុងដំណើរការរាប់សន្លឹកឆ្នោត ក្នុងមណ្ឌលបោះឆ្នោតត្រូវបានទទួ​លលទ្ធផល ទៅលើគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងសន្លឹកឆ្នោតគាំទ្រចំនួន១៧ លើ១៧សំលេង៕

អាជ្ញាធររាជធានីភ្នំពេញសម្រេចបន្តបិទសាលារៀនរដ្ឋនិងឯកជនក៏ដូចជាទីតាំងកម្សាន្តនានារយៈពេល១៤ថ្ងៃទៀត

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បន្តបិទសាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ក៏ដូចជាទីតាំងកម្សាន្តនានា ១៤ថ្ងៃទៀត ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមសេចក្តីសម្រេច ដែលចេញផ្សាយមុននេះបន្តិច។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤(ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១»។

សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលត្រូវបានផ្អាកបណ្តោះអាសន្ន ១៤ថ្ងៃទៀតនោះ រួមមាន៖

* សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
* អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៉ីណូ
* រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
* អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ
* ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
* រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

អាជ្ញាធររាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចរ រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង ៣ (បី) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

អ្នកជំនាញៈ ការវិនិយោគលើអចលនទ្រព្យក្នុងពេលបច្ចុប្បន្ននឹងផ្តល់ឱកាសចំណេញនាពេលខាងមុខ

ដោយៈ សុជាតា

ភ្នំពេញៈ ទោះបីវិបតិ្តកូវីដ១៩នៅតែបន្តរាលដាលនៅកម្ពុជាក៏ដោយ អ្នកជំនាញអចលនទ្រព្យនៅតែលើកឡើងថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅតែអាចផ្តល់ឱកាសចំណេញនាពេលអនាគត ក្រោយវិបត្តិមួយនេះត្រូវបានគ្រប់គ្រង។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានប្រាប់ property Area Asia នៅថ្ងៃ ១១ ខែសីហា ឆ្នាំ២០២១ ថា វិបត្តមួយនេះបានធ្វើឱ្យតម្លៃអចលនទ្រព្យនៅតំបន់ចំនួនលក់ក្នុងតម្លៃក្រោមទីផ្សារ តែមិនមានច្រើននោះទេ ដូច្នេះប្រសិនវិនិយោគិនណា ដែលអាចរកទិញអចលនទ្រព្យណា ក្នុងតម្លៃក្រោមទីផ្សារ នោះវាជាឱកាសក្នុងការទទួលបានផលចំណេញនាពេលអនាគត។

លោកបានលើកឡើងថា ដូច្នេះ ក្នុងពេលមានវិបត្តិ វាក៏ផ្តល់នូវឱកាសវិនិយោគសម្រាប់អ្នកដែលមានស្ថានភាពហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីវិនិយោគ និងទាញយកយកផលចំណេញនាពេលអនាគត។

ដោយឡែក លោកបានឱ្យដឹងទៀតថា ជាទស្សនៈផ្ទាល់ខ្លួន យើងធ្វើការបែកចែកជាពីរក្រុម ដោយ ក្រុមទី១គឺ អ្នកវិនិយោគដែលចង់បានផលចំណេញ នៅដំណាក់កាលនេះ។ តម្រូវការនៃការលក់អចលនទ្រព្យនៅដំណាក់កាលកូវីដ មានចំនួនច្រើន ដែលជាជម្រើសល្អសម្រាប់អ្នកទិញដែលមានលទ្ធភាពសម្រាប់បើកអាជីវកម្ម។ អតិថិជនអាចសម្លឹងមើលឱកាសពង្រីកអាជីវកម្ម នៅកណ្តាលក្រុង ទាំង ៦ ខណ្ឌ សម្រាប់បើកអាជីវកម្ម ព្រមទាំងសិក្សាតម្លៃអចលនទ្រព្យ ឱ្យបានគ្រប់ជ្រុងជ្រោយ។

លោកបានបន្តថា ចំពោះ ក្រុមទីពីរ អ្នកវិនិយោគគាត់អាចទិញដី ដើម្បីអភិវឌ្ឍន៍ និងលក់ចំណេញ។ ដោយពួកគាត់ អាចទៅរកតំបន់ជាយក្រុង ខណ្ឌទាំង ១៤ នៅក្នុងរាជធានីភ្នំពេញដោយសារតែឱកាសចំណេញខ្ពស់ នៅពេលដំណាក់កូវីដបញ្ចប់។

លោកបញ្ជាក់បន្ថែមទៀត សម្រាប់អ្នកមានលទ្ធភាពទិញអាចស្វែងរកឱកាសទិញអចលទ្រព្យ ពេលនេះដែលមានធ្លាក់ចុះនៅតំបន់មួយចំនួន។
លោកប៉ូ អ៊ាវគង់រំពឹងថា ប្រសិនបើការគ្រប់គ្រងបញ្ហាកូវីដ ដោយការចាក់ដូសទីបី បានប្រមាណ ៥០ ភាគរយ ទៅ ៦០ ភាគរយ នោះ តម្លៃអចលនទ្រព្យរំពឹងថាកើនឡើងនៅពាក់កណ្តាលឆ្នាំ ២០២២ យ៉ាងយូរ៕

វិនិយោគិនក្នុងស្រុកបញ្ចេញសកម្មភាពកាន់តែខ្លាំងក្នុងវិស័យអចលនទ្រព្យខណៈវិនិយោគិនបរទេសថមថយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩តាំងពីឆ្នាំ២០២០មក ការវិនិយោគពីប្រទេសទៅលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យបានថមថយបន្តិចម្ដងៗរហូតសឹងតែអត់តែម្ដង តែជំនួសមកវិញដោយគម្រោងវិនិយោគរបស់វិនិយោគិនក្នុងស្រុក ។

ក្នុងនោះគេសង្កេតឃើញថា គម្រោងថ្មីៗជាច្រើនទាំងនៅភ្នំពេញ និងតាមបណ្ដាខេត្តជាគម្រោងរបស់វិនិយោគិនក្នុងស្រុក។ អ្នកជំនាញវិស័យអចលនទ្រព្យជាច្រើនបានលើកឡើងថា ចាប់តាំងពីវិបត្តិនៃជំងឺកូវីដ១៩ វិនិយោគិនបរទេសមិនអាចចេញធ្វើដំណើរឆ្លងប្រទេសបានដូចមុនឡើយ ទើបធ្វើឱ្យគម្រោងវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសពីបរទេសបានថមថយតែជំនួសមកវិញនូវវិនិយោគក្នុងស្រុក។

អ្នកនាងគឹម គិនកេសាប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសិក្សាស្រាវជា្រវនៃក្រុមហ៊ុនCBRE Cambodia បានលើកឡើងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះថា វិបត្តិកូវីដ១៩ បានធ្វើឱ្យគម្រោងវិនិយោគអចលនទ្រព្យពីបរទេសមានការថមថយ តែជំនួសឱ្យវិនិយោគិនក្នុងស្រុក។

អ្នកនាងបានឱ្យដឹងទៀតថា សម្រាប់នៅឆ្នាំ២០២១នេះ ក្នុងស្ថានភាពកូវីដ១៩នៅតែបន្តរាលដាល ការរំពឹងត្រលប់មកវិញនៃវិនិយោគិនបរទេសប្រហែលជានៅឆ្ងាយបន្តទៀត តែបើសិនជាកូវីដ១៩នៅកម្ពុជាបានប្រសើរវិញ វិនិយោគិនបរទេសនឹងអាចចូលមកកម្ពុជាដដើម្បីស្វែងរកការវិនិយោគឡើងវិញ ។

លោកគាម សៀកឡុងស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យCentury 21 Dream Property ក៏បានលើកឡើងផងដែរថា វិបត្តិកូវីដ១៩ គ្មានអ្នកណាម្នាក់អាចដឹងថាវានឹងបញ្ចប់នៅពេលណានោះទេ ហើយថ្មីៗនេះសម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រកាសថាត្រូវរៀនរស់ជាមួយកូវីដ១៩ ក្នុងបរិបទនេះ។

លោកបន្តថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក គម្រោងវិនិយោគបរទេសលើវិស័យអចលនទ្រព្យស្ទើរតែអត់មានប៉ុន្តែក៏មានការវិនិយោគពីវិនិយោគិនក្នុងស្រុកជាបន្តបន្ទាប់ ជាពិសេសទៅលើគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលយើងបានឃើញស្រាប់ហើយ គម្រោងវិនិយោគលំនៅឋានបានបន្តអភិវឌ្ឍន៍ដោយមិនមានផ្អាកដំណើរការឬបញ្ឈប់នោះទេ។

ទោះបីជាវិបត្តិកូវីដ១៩នៅតែបន្តអូសបន្លាយក្ដី វិនិយោគិនក្នុងស្រុកជាច្រើននៅតែមានសុទិដ្ឋិនិយមថា វិបត្តិនឹងបញ្ចប់ហើយវិនិយោគិនបរទេសនឹងត្រលប់ចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឡើងវិញដូច្នេះអ្វីដែលវិនិយោគិនត្រូវធ្វើនោះគឺការត្រៀមខ្លួនទទួលស្វាគមន៍វិនិយោគិនបរទេសដែលនឹងត្រលប់មកវិញនៅពេលខាងមុខនេះ៕

ក្រសួងប្រកាសចាត់វិធានការទប់ស្កាត់ការប្រើប្រាស់ស៊ីមកាតមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ

ដោយៈ សាវុធ

ភ្នំពេញៈ ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា ក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំង មួយចំនួន ដោយពុំតម្រូវឱ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។

សកម្មភាពនេះបង្ហាញឱ្យឃើញ នូវការបន្តអនុវត្តផ្ទុយនឹងសារាចរអន្តរក្រសួងលេខ០០១សរ.ផម-បទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ និង សេចក្ដីណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។

ដើម្បីពង្រឹងសណ្តាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិ តាមរយៈការទប់ស្កាត់ការប្រើប្រាស់ស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ ក្រសួងសូមជម្រាបជូនសាធារណជន អំពីការចាត់វិធានការ លើប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងពីរ ដោយតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការលក់ និងចែកចាយស៊ីមកាតដោយ មិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ តាមគ្រប់រូបភាព ឬមធ្យោបាយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីជនទុច្ចរិតទិញស៊ីមកាតមិនមានឯកសារសម្គាល់អត្តសញ្ញាណពីក្រុមហ៊ុនដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តក៏ដោយ នោះមានន័យថាក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិត ជាមួយជនទុច្ចរិតដោយប្រយោល។

ប្រសិនបើប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅតមិនអនុវត្តតាមចំណាត់ការខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងចាត់វិធានការដូចខាងក្រោម៖ ១. ព្យួរ ឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័ត ២. បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ ៣. ចាត់វិធានការផ្សេងទៀតស្របតាមមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ ៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណាដែលបានប្រព្រឹត្តខុសច្បាប់៕

កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលជាង១៥លានដុល្លារក្នុងឆមាសទី១ឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ១៥,៣០៧,៧២១ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើង៨ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន១៤,១០៩,៨៣៤ដុល្លារ (បានធ្វើសវនកម្ម)។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ។

របាយការណ៍ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមាន៖

* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន១១,៩១៦,៣៩៩ដុល្លារ។ * ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១,៦៦៤,៧៦៦ដុល្លារ។ * ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១៤,០០៨ដុល្លារ។ * ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១,៥១២,៥៤៨ដុល្លារ។

ដោយឡែក ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៧ខែ ដើមឆ្នាំ២០២១ រួមមាន៖
ទី១៖ ទំនិញ-ប្រេងឥន្ធនៈ មានចំនួន២,២៥៧,២៦៣តោន កើនឡើង៦.៦៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន២,១១៦,០៦៩តោន។
ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន១,៣៤០ជើង ថយចុះ០.២២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១,៣៣៧ជើង។
ទី៣៖ បរិមាណកុងតឺន័រ មានចំនួន១៨២,២១៧ធីអ៊ីយូ កើនឡើង១១.៧៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១៦៣,០២៩ធីអ៊ីយូ។

លោកហ៊ី បាវីអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កំពង់ផែក្រុងភ្នំពេញ បានត្រៀមធ្វើកិច្ចការជាច្រើន សម្រាប់ត្រៀមបំរុងនៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់។

លោកអគ្គនាយកបានគូសបញ្ជាក់ថា នៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់ គឺអ្វីៗនឹងស្ទុះឡើងវិញ ហើយកំពង់ផែក្រុងភ្នំពេញ បានត្រៀមធ្វើកិច្ចការ ដើម្បីឲ្យសមត្ថភាព ផ្ដល់សេវារបស់កំពង់ផែក្រុងភ្នំពេញ។

នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន ២៩,៤៨៧,៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១,៣១១,២៦៤ដុល្លារ៕

ក្រុមហ៊ុនPTT និងក្រុមហ៊ុនអាមេរិកចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រខ្នាតយក្សតម្លៃ៦០០លានដុល្លារ

ដោយៈ សុខុម

បាងកក: PTT Global Chemical (PTTGC) Plc ដែលជាក្រុមហ៊ុនផលិតគីមីឥន្ធនៈធំបំផុតរបស់ប្រទេសថៃ និងក្រុមហ៊ុនអាមេរិក Cargill Incorporated បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រខ្នាតយក្ស មួយដែលមានតម្លៃ៦០០លានដុល្លារអាមេរិក នៅខេត្តណាខន សាវ៉ាន់ (Nakhon Sawan) ប្រទេសថៃ។

យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃពុធ ទី១១ សីហា នេះឱ្យដឹងថា ក្រុមហ៊ុនទាំងពីរបានបោះទុនវិនិយោគ៥០%ស្មើគ្នាដើម្បីបង្កើតក្រុមហ៊ុន NatureWorks LLC ដែលមានឯកទេសខាងផលិតអាស៊ីត PLA និងប្លាស្ទិកដែលងាយរលាយចេញពីផលិតផលកសិកម្ម។

អាស៊ីត PLA អាចត្រូវបានប្រើប្រាស់នៅក្នុងការផលិតរបស់ប្រើប្រាស់ច្រើនយ៉ាងរាប់ចាប់ពីពែងកាហ្វេ គ្រឿងវេចខ្ចប់ចំណីអាហារ ម៉ាស់អនាម័យ រហូតដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងៗ។

ក្រុមហ៊ុន NatureWorks បានបង្កើតផែនការក្នុងឆ្នាំ២០១២ ដើម្បីសាងសង់រោងចក្រទី២ នៅក្រៅទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែការអភិវឌ្ឍនោះបានវិវឌ្ឍទៅមុខយឺតណាស់។

ហើយទីបំផុត ក្រុមហ៊ុននេះក៏បានសម្រេចចិត្តសាងសង់រោងចក្រនេះនៅក្នុងគម្រោង Nakhon Sawan BioComplex (NBC) ដែលស្ថិតក្នុងស្រុក Takhli នៃខេត្តណាខន សាវ៉ាន់។ នេះបើយោងតាមការលើកឡើងរបស់លោក Kongkrapan Intarajang ដែលជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន PTTGC។

ក្រុមហ៊ុន PTTGC និងក្រុមហ៊ុន Cargill បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រខាងលើនេះកាលពីថ្ងៃអង្គារ ទី១០ សីហា ក្នុងពិធីរៀបចំឡើងតាមប្រព័ន្ធអ៊ីនធឺណិតក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា។

យោងតាមក្រុមហ៊ុនឱ្យដឹងថា រោងចក្រថ្មីនេះគឺជាការអភិវឌ្ឍដំណាក់កាលទី២ នៃគម្រោង Nakhon Sawan BioComplex (NBC)។ ហើយតាមការរំពឹងទុក រោងចក្រនេះនឹងចាប់ផ្ដើមដំណើរការអាជីវកម្មនៅក្នុងឆ្នាំ២០២៤៕

ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុចាប់ផ្តើមកំរើកឡើងវិញ

ដោយៈ សុជាតា

ភ្នំពេញៈ ស្របពេលដែលរដ្ឋាភិបាលបានរៀចំហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុបានយ៉ាងប្រសើរ ព្រមទាំងការគ្រប់គ្រងបញ្ហាកូវីដ១៩កាន់តែថមថយចុះ ការទិញលក់នៅក្នុងវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយបានចាប់ផ្តើមកំរើកឡើងវិញបន្តិចបន្តូច។

លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ Property Area Asia នៅថ្ងៃ១១ ខែសីហា ឆ្នាំ២០២១នេះថា បច្ចុប្បន្ន ការទិញលក់អចលនទ្រព្យនៅនៅខេត្តព្រះសីហនុ ត្រូវបានមើលឃើញថា មានការកើនឡើងបន្តិចបន្តូច បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ដោយសារវិបត្តិកូវីដ១៩។

លោកបានថ្លែងបន្តថា បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៃសកម្មភាពទិញ លក់ និងជួលក្នុងវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុមួយរយៈ ដោយសារតែការចាកចេញយ៉ាងច្រើននៃចំនួនភ្ញៀវទេសចរ និងវិនិយោគិនចិន និងការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ទោះបីជាយ៉ាងក៏ដោយ លោកបានឱ្យដឹងទៀតថា “បច្ចុប្បន្ននេះ យើងមើលឃើញថា សកម្មភាពទិញលក់អចលនទ្រព្យនៅក្រុងព្រះសីហនុ គឹចាប់ផ្តើមកម្រើកខ្លះឡើងវិញ”។

បើតាមរបាយការណ៍របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ បានលើកឡើងថា បច្ចុប្បន្នដីនៅតំបន់ពាណិជ្ជកម្មក្នុងក្រុងព្រះសីហនុមានតម្លៃចន្លោះពី១៨០០ទៅ៣៥០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ និងតំបន់លំនៅឋានជាយក្រុងមានតម្លៃ ២៥០-៣០០ ដុល្លារ។

ដោយឡែក ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ឆ្នេរ លោកឃាង ភារម្យបានលើកឡើងថា ពាកព័ន្ធនឹងការរៀបចំទីធ្លានៅតាមបណ្តោយផ្លូវសម្តេចតេជោ សម្រាប់ព្រឹត្តិការណ៍ទេសចរ គឺតភ្ជាប់ផ្លូវ២ធ្នូ ទៅដល់ចុងផ្លូវ៥០២ ហើយការរៀបចំផ្លូវថ្មីនេះគឺ យើងត្រៀមសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ នាពេលខាងមុខ។

លោកបានឱ្យដឹងទៀតថា ទោះបីយ៉ាងជាក៏ដោយ បញ្ហាកូវីដ១៩មិនមែនជាឧបសគ្គ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តយើងនោះទេ។

លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development ដែលអភិវឌ្ឍន៍គម្រោងដ៏ធំនៅខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ពីរលកមួយទៀតនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចកំពុងរងគ្រោះពីការបាត់បង់ចំណូលពីវិស័យទេសចរណ៍ស្របពេលមានការបិទខ្ទប់ដែលកំពុងបន្តអនុវត្តន៍នៅក្នុងប្រទេស រីឯគម្រោងនៅក្នុងក្រុងព្រះសីហនុដែលយើងកំពុងអភិវឌ្ឍន៍នឹងមានសារៈសំខាន់ក្នុងការជួយប្រទេសឱ្យមានជំហររឹងមាំឡើងវិញបន្ទាប់ពីបានឆ្លងកាត់ស្ថានភាពដ៏សែនលំបាកអស់រយៈពេល ១៨ ខែមកនេះ ។

លោកបន្តថា ពេលនេះជាពេលវេលាដ៏សែនលំបាក ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ នឹងក្លាយជាចំណែកមួយក្នុងការជួយឱ្យងើបឡើងវិញនៃសេដ្ឋកិច្ចនៅពេលដែលជម្ងឺរាតត្បាតនេះត្រូវបានកម្ចាត់ ។

លោកបន្ថែមថា នៅឆ្នាំ២០២៥ យើងនឹងឃើញដំណាក់កាលទី១នៃទីក្រុងរាមបញ្ចប់រួចរាល់ដោយមានហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងបរិក្ខារជាច្រើនរួចជាស្រេច ដែលពិតជាគួរឱ្យរំភើបណាស់។

លោកបានថ្លែងបន្តថា យើងក៏នឹងឃើញប្រជាជនក្នុងស្រុកជាច្រើនឈានទៅរកការអភិវឌ្ឍនិងកម្រិតការងារមានការកើនឡើង ដែលជាកត្តាបន្ថែមដ៏ល្អមួយជម្រុញដល់សេដ្ឋកិច្ចក្នុងស្រុក ហើយក៏នឹងឃើញពីអត្ថប្រយោជន៍នៃអ្វីៗដែលកើតឡើងនៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ ដូចជាពួកយើងអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងជាដៃគូសហការជាមួយរាជរដ្ឋាភិបាល។

តួរលេខចុងក្រោយពីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក។

IMF ផ្តល់កញ្ចប់ថវិកាដល់កម្ពុជាប្រមាណ១,៥៦ពាន់លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមប្រឹក្សាភិបាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសម្រេចអនុម័តការវិភាគថវិកាទូទៅមួយ ពីគណនីមូលនិធិពិសេស (the largest Special Drawing Rights (SDRs)) ជាប្រវត្តិសាស្ត្រ ដែលស្មើនឹង៦៥០ពាន់លានដុល្លារស.រ.អា កាលពីដើមខែសីហានេះ ដើម្បីជម្រុញលទ្ធភាពទូទាត់ការចំណាយរបស់សកលលោក។

កម្ពុជានឹងទទួលបានចំនួន០,២៤% (១,៥៦ ពាន់លាន ដុល្លារ ស.រ.អា)នៃកញ្ចប់ថវិកា៦៥០ពាន់លានដុល្លារខាងលើ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីអង្គការអុកស្វាម ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែសីហានេះ។

លោកស្រីលីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការ អុកស្វាម បានឱ្យដឹងថា ថវិកាSDRsថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រា​យផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

លោកស្រីបានថ្លែងបន្តថា “រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងល្អ ដើម្បីទប់ស្កាត់ការចម្លងមេរោគនេះ ព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន”។

លោកស្រីបានឱ្យដឹងទៀតថា ទោះជាយ៉ាងណាក៏ដោយ នៅមានកិច្ចការចាំបាច់ជាច្រើនទៀតដែលគួរធ្វើ ហើយយើងសូមអំពាវឱ្យរាជរដ្ឋាភិបាល បន្តធ្វើការប្រកបដោយតម្លាភាព និងរួមគ្នាជាមួយអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីប្រើប្រាស់ហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឱ្យបានល្អបំផុត ឧទាហរណ៍ ដោយផ្តល់អាទិភាពលើការថែទាំសុខភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាព ដើម្បីសម្រេចបានការងើបឡើងវិញ ពីជំងឺរាតត្បាតជាសកលនេះ ប្រកបដោយលក្ខណៈប្រកបដោយសមភាព និងកាន់តែមាននិរន្តរភាពថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធតំណាងឱ្យ៨៧.៥% នៃសេដ្ឋកិច្ចកម្ពុជា (យោងតាម ILO ២០២១) ហើយក្រសួងផែនការ បានលើកឡើងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៦លាននាក់ កំពុងប្រឈមនឹងការបាត់បង់មុខរបររបស់ពួកគេ នៅខណៈពេលដែលជំងឺរាតត្បាតជាសកលនេះនៅតែបន្ត ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវធានាថា កម្មវិធីផ្តល់ជំនួយស       ង្គ្រោះរបស់ខ្លួន ផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។

លោកស្រី លឹម សូលីន បានបន្ថែមទៀតថា “យើងសូមកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងធានាថា ក្រុមងាយរងគ្រោះនានាដូចជា ស្ត្រី និងក្មេងស្រីដែលប្រឈមនឹងអំពើហិង្សាផ្លូវភេទ និងអំពើហិង្សាពាក់ព័ន្ធយេនឌ័រ ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាព ជនជាតិដើម និងជនជាតិភាគតិច អ្នករស់នៅជាមួយមេរោគអេដស៍ ជនអនាថា និងជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកប្រទេសវិញ គឺជាទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយកូវីដ-១៩ ហើយយើងសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទាញយកផលប្រយោជន៍ពីមូលនិធិ SDR នេះ ដើម្បីផ្តល់ការគាំទ្របន្ថែមទៀត និងធ្វើឱ្យអន្តរាគមន៍ឆ្លើយតបជំងឺរាតត្បាតមានលក្ខណៈបរិយាប័ន្ន ប្រជាជនកម្ពុជា ជាពិសេស ក្រុមងាយរងគ្រោះបំផុត នឹងចងចាំទុកក្នុងចិត្តនូវស្នាដៃដ៏សំខាន់នេះ”។

SDRs គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយ ដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោក ដោយធ្វើការបែងចែកជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ ។ ថវិកានេះមិនមែនជាកម្ចីដែលត្រូវការសងវិញនោះទេ ហើយការប្រើប្រាស់មូលនិធិនេះ ជាការសម្រេចចិត្តដោយប្រទេសដែលទទួលមូលនិធិនេះ។

SDRs ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ។ ថវិកានេះត្រូវបានបែងចែកដោយផ្អែកលើកូតា/ ចំណែករបស់ប្រទេសនីមួយៗនៅក្នុង IMF ។ ការផ្តល់ថវិកាSDR ចំនួន៦៥០ ពាន់លានដុល្លារនេះ នឹងផ្តល់ប្រាក់បម្រុងបន្ថែមជិត៤០០ពាន់លានដុល្លារ ដល់ប្រទេសដែលមានជាងគេបំផុតក្នុងពិភពលោក, ២៣០ ពាន់លានដុល្លារ ដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និង២១ពាន់លានដុល្លារ ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ។

អុកស្វាម គឺជាអង្គការមួយក្នុងចំណោមអង្គការដំបូងគេ ដែលបានអំពាវនាវឱ្យមានការផ្តល់ថវិកា SDR ថ្មី ជាផ្នែកមួយនៃផែនការ សង្គ្រោះសេដ្ឋកិច្ចទូលំទូលាយមួយ នៅពេលវិបត្តិនេះបានកើតឡើងក្នុងឆ្នាំ ២០២០ ។ នៅក្នុងលិខិតចំហមួយ, អង្គការ អុកស្វាម និងក្រុមសង្គមស៊ីវិលជាង ២០០ ផ្សេងទៀត បានជំរុញឱ្យប្រទេស G20 គាំទ្រការផ្តល់ថវិកា SDRs ដើម្បីជួយប្រទេសនានា ដោះស្រាយវិបត្តិជំងឺរាតត្បាតជាសកលកូវីដ-១៩៕

សេដ្ឋកិច្ចសិង្ហបុរីទទួលបានកំណើន១៤,៧%នៅត្រីមាសទី២ ហើយGDPក្នុងឆ្នាំ២០២១ទាំងមូលអាចទទួលបានកំណើន៦-៧%

ដោយៈ សុខុម

សិង្ហបុរី: សេដ្ឋកិច្ចរបស់សិង្ហបុរី ទទួលបានកំណើនខ្ពស់រហូតដល់១៤,៧%ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២១ ដោយខ្ពស់ជាង១,៥%បើធៀបនឹងត្រីមាសទី១។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) នៃប្រទេសនេះបានប្រកាសនៅថ្ងៃពុធ ទី១១ ខែសីហា នេះ។

ក្រុមអ្នកឃ្លាំមើលស្ថានការណ៍សេដ្ឋកិច្ចបានសម្ដែងការសាទរ និងបង្ហាញសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចនៃប្រទេសជាសមាជិកអាស៊ាន មួយនេះជាសញ្ញាវិជ្ជមានសម្រាប់ការងើបឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។

ក្រសួងនេះក៏បានដំឡើងការព្យាកររបស់ខ្លួនអំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២១ ទាំងមូលដល់៦%ទៅ៧%ផងដែរ បើធៀបនឹងការព្យាករមុននេះពី៤%ទៅ៦%។ ក្រសួងដដែលគូសបញ្ជាក់ថា នេះគឺផ្អែកលើលទ្ធផល “ប្រសើរជាងការរំពឹងទុក” នៃសេដ្ឋកិច្ចរបស់សិង្ហបុរី នៅក្នុងឆមាសទី១ ដើមឆ្នាំនេះ ព្រមទាំងរីកចម្រើនលើកចុងក្រោយនៃសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេសផងដែរ។

តួលេខកំណើន១៤,៧%នៅក្នុងត្រីមាសទី២ នេះគឺខ្ពស់ជាងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានព្យាករថានឹងទទួលបានកំណើន១៤,២%។

យោងតាមក្រសួងដដែលឱ្យដឹងថា ដោយស្ថានភាពកូវីដ-១៩ នៅប្រទេសសិង្ហបុរី មានស្ថិរភាព ពោលគឺអាចគ្រប់គ្រងបាន ហើយកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសនេះក៏កំពុងដំណើរការ “សេដ្ឋកិច្ចរបស់សិង្ហបុរី ត្រូវបានរំពឹងថានឹងបន្តងើបឡើងជាបន្តបន្ទាប់នៅឆមាសទី២ ឆ្នាំនេះ ហើយវិស័យនាំចេញបានជួយគាំទ្រមួយផ្នែកធំ”។

ក្រសួងដដែលបានបន្ថែមទៀតថា ការបន្តបន្ធូរបន្ថយនូវវិធានការរឹតបន្តឹងកូវីដ-១៩ ទាំងក្នុងស្រុក និងនៅតាមព្រំដែនក៏នឹងដើរតួនាទីសំខាន់មួយផ្នែកដែរនៅក្នុងការគាំទ្រដល់ការងើបឡើង នៃវិស័យពាក់ព័ន្ធអ្នកប្រើប្រាស់នានារបស់សិង្ហបុរី ហើយវានឹងជួយកាត់បន្ថយការខ្វះកម្លាំងពលកម្មនៅក្នុងវិស័យនានាដែលពឹងផ្អែកលើពលករចំណាកស្រុក៕