គម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើននៅតែដំណើរការសាងសង់ធម្មតាទោះបីជាការទិញលក់ថមថយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើននៅក្នុងប្រទេសកម្ពុជា នៅតែបន្តសកម្មភាពសាងសង់ និងអភិវឌ្ឍន៍ថ្មីៗជាបន្តបន្ទាប់ បើទោះបីជាទីផ្សារទិញលក់បានថមថយក្នុងវិបត្តិកូវីដ១៩ក្ដី។

ជាមួយគ្នានេះដែរមានសំនួរលើកឡើថា តើមានកត្តាអ្វីដែលជំរុញឱ្យគម្រោងវិនិយោគលំនៅឋាននៅតែបន្តអភិវឌ្ឍន៍បែបនេះ?

លោកគាម សៀកឡុងស្ថាបនិកនៃក្រុមហ៊ុន Century 21 Dream Property បានថ្លែងប្រាប់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា មកដល់បច្ចុប្បន្នការទិញលក់អចលនទ្រព្យ លំនៅឋាន នៅតែបន្តមាន គ្រាន់តែបរិមាណនៃការទិញលក់បានថយចុះ ហើយបើឱ្យជាប់គាំងដូចឆ្នាំ២០០៨គឺមិនមានទេ។

លោកបានថ្លែងបន្តថា សកម្មភាពវិនិយោគក៏នៅតែបន្តមានដដែល បើទោះបីជាការទិញលក់ថមថយក្ដី ពីព្រោះគម្រោងខ្លះមិនមែនទើបតែចាប់ផ្ដើមសាងសង់ឬចាប់ផ្ដើមពេលមានវិបត្តិនេះទេ គឺវាចាប់ផ្ដើមតាំងពីមុនមានវិបត្តិ។

លោកបានបន្តថា អ្នកវិនិយោគមួយចំនួននៅតែបន្តសាងសង់គម្រោងរបស់ខ្លួន ដើម្បីកិត្យានុភាពក្រុមហ៊ុន កេរ្តិ៍ឈ្មោះ ក្រុមហ៊ុន ព្រោះបើកាលណា គម្រោងត្រូវផ្អាក ឬដូចនឹងដួលរំលំក្រុមហ៊ុនអញ្ចឹងហើយបុគ្គលិកនិងកម្មករជាច្រើនទៀតក៏នឹងអត់ការងារធ្វើ ។ ទោះបីជាយ៉ាងណាក៏គម្រោងសាងសង់នៅតែបន្តដើម្បីទុកសម្រាប់បំពេញតម្រូវការឡើងវិញពេលចប់វិបត្តិ។

លោកបានបន្តថា “ថ្វីត្បិតតែតម្រូវការលំនៅឋានជាក់ស្ដែងនៅពេលនេះមិនទាន់មានច្រើនពិតមែន ការទិញលក់ថយចុះ តែទៅថ្ងៃអនាគតវាមិនប្រាកដថាអត់ត្រូវការទៀតនោះទេ។ ការអភិវឌ្ឍរបស់វិនិយោគិនក្នុងទៅលើលំនៅឋានអាចនឹងបំពេញទៅតាមតម្រូវការជាក់ស្ដែងនៅពេលអនាគត”។
អ្នកឧកញ៉ាសៀ ឬទ្ធីអ្នកអភិវឌ្ឍន៍លំនៅឋានដ៏ធំមួយក្នុងប្រទេសកម្ពុជាក៏បានលើកឡើងផងដែរ វិនិយោគិនមិនគួរផ្អាកឬបញ្ឈប់គម្រោងសាងសង់ក្នុងពេលមានវិបត្តិនោះទេ។ ការបញ្ឈប់ឬផ្អាកគម្រោងសាងសង់ ក្នុងពេលមានវិបត្តិនេះវាប្រៀបដូចជាពន្លត់ម៉ាស៊ីនយានយន្តអញ្ចឹងដែរ។

អ្នកឧកញ៉ាបានថ្លែងបន្តថា នៅពេលដល់វេលាដែលវិបត្តិត្រូវបានបញ្ចប់ ទំរាំតែយើងបញ្ឆេះម៉ាស៊ីនដំណើរការឡើងវិញគេរត់ទៅដល់មុខមុនយើងបានទៅហើយ ដូច្នេះហើយយើងមិនអាចប្រណាំងប្រជែងជាមួយគេបានទេ។

អ្នកឧកញ៉ាបានឱ្យដឹងទៀតថា នៅក្នុងវិបត្តិកូវីដ១៩នេះ អ្នកណាៗក៏មានផលប៉ះពាល់ដូចគ្នា គ្រាន់តែវិស័យខ្លះប៉ះពាល់តិច ហើយវិស័យខ្លះទៀតប៉ះពាល់ច្រើន ដូច្នេះអ្នកវិនិយោគឆ្លាតគួរតែរកវិធីឬដំណោះស្រាយ សម្រាប់កែច្នៃបញ្ហានៅក្នុងវិបត្តិនេះពីធំមកនៅតូច និងកែច្នៃពីបញ្ហាប្រឈមទៅជាឱកាសវិញ៕

ក្រុមហ៊ុនថ្មីៗចំនួន២ប្រកាសឈានចូលទីផ្សារហ៊ុនកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា ការចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅឆ្នាំ២០២១នេះបង្ហាញពីសញ្ញាល្អ ដោយមានក្រុមហ៊ុនចំនួន២រួចហើយ ដែលកំពុងបំពេញនីតិវិធីជាមួយគណៈកម្មការមូលបត្រកម្ពុជា ដើម្បីអាចមកចុះបញ្ជី និងគោះជួងនាចុងឆ្នាំ២០២១នេះ។

លោកហុង សុហួរអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១១ សីហា ឆ្នាំ២០២១នេះ ថា គិតមកដល់បច្ចុប្បន្នឃើញសញ្ញាល្អ ដែលមានក្រុមហ៊ុនចំនួន២ ដែលយើងផ្តល់ការឯកភាពជាគោលការណ៍រួចហើយ ខណៈពួកគាត់កំពុងបំពេញនីតិវិធីជាមួយគណៈកម្មការមូលបត្រកម្ពុជា។

លោកបានថ្លែងបន្តថា រីឯ ក្រុមហ៊ុន ២ទៅ៣ទៀត យើងកំពុងធ្វើការដែលពួកគាត់គ្រោងនឹងបោះលក់ និងភាគហ៊ុន ឬក៏សញ្ញាប័ណ្ណនាពេលខាងមុខ ដោយនឹងព្យាយាមយ៉ាងណាជំរុញឲ្យពួកគាត់អាចបំពេញនីតិវិធី និងចុះបញ្ជីបានរួចរាល់នៅមុនដាច់ឆ្នាំនេះ។

លោកបានឱ្យដឹងទៀតថា ទាក់ទងនិងការជួញដូរក្នុងផ្សារហ៊ុនមូលបត្រនាពេលកន្លងមក គឺមានការកើនឡើងខ្លាំងរហូត ដែលគិតជាមធ្យម ក្នុងមួយថ្ងៃការជួញដូរមានប្រហែលជាង២០ម៉ឺនដុល្លារ បើធៀបនឹងឆ្នាំ២០១៩ ដែលនិយាយបានថា មានការរីកចម្រើនខ្លាំង ដែលមានតែជាង ១៥ម៉ឺនដុល្លារ ហើយឆ្នាំ២០២០មានការធ្លាក់ចុះដែលមានចំនួនប្រមាណតែជាង ១១ម៉ឺនដុល្លារ អញ្ចឹងឆ្នាំ២០២១នេះ ឃើញថាកើនឡើងដល់ជាង ២០ម៉ឺនដុល្លារ នៅក្នុងមួយថ្ងៃ។

គិតចាប់ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១២ មកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនចុះបញ្ជីចំនួន១៣ ក្នុងនោះមានក្រុមហ៊ុនចំនួន៧ ចុះបញ្ជីបោះលក់ភាគហ៊ុន និងចំនួន៦ផ្សេងទៀត ជាក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបត្រ។ ចំពោះការស្នើសុំពន្យារពេលការចុះបញ្ជីផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផ្សេងៗ បណ្តាលមកពីជះឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩៕

កម្ពុជា-អង់គ្លេសកំពុងសិក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ដោយៈ ប៊ី

ភ្នំពេញៈ បន្ទាប់ពីជំនួបគណៈកម្មការចម្រុះកម្ពុជា-អង់គ្លេសកាលពីចុងឆ្នាំ២០២០ កម្ពុជា និងចក្រភពអង់គ្លេសកំពុងសិក្សាលើលទ្ធភាពនៃការបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងជំរុញបន្ថែមទាំងផ្នែកពាណិជ្ជកម្ម សេវាកម្ម ក៏ដូចជាកសិកម្មរបស់កម្ពុជា។

លោកលឹម ម៉េងហួរអនុប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលើកឡើងកាលពីដើមសប្តាហ៍នេះថា បើយើងនិយាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវិញ ឬក៏យើងនិយាយឲ្យចំតែម្តង គឺជាមួយនឹងចក្រភពអង់គ្លេស ដែលយើងបានធ្លាប់ពិភាក្សាគ្នាអំពីការផ្ដួចផ្ដើមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះរួចហើយ។

លោកបានថ្លែងបន្តថា យើងអាចនិយាយបានថា ចក្រភពអង់គ្លេសពិតណាស់ គឺជាទីផ្សារមួយដ៏ធំសម្រាប់កម្ពុជា ជាពិសេសគឺទៅលើផលិតផលកសិកម្មតែម្ដង។

លោកបានឱ្យដឹងទៀតថា គំនិតក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសនេះ វាពិតជាផ្តល់ផលប្រយោជន៍ច្រើនណាស់សម្រាប់កម្ពុជាក្នុងការជំរុញបន្ថែមទៀតទៅលើការនាំចេញផលិតផលកសិកម្មរបស់ខ្លួន។

លោកបានបន្តថា ជាឧទាហរណ៍៖ យើងឃើញហើយថានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះជាមួយនឹងចិនកាលពីពេលថ្មីៗនេះដែរ គឺកម្ពុជាបានទទួលនូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើន ជាពិសេសគឺតាមរយៈការជំរុញនូវផលិតផលកសិកម្មរបស់ខ្លួនមានដូចជាចេក និងស្វាយជាដើម ទៅកាន់ទីផ្សារប្រទេសចិន។

សកម្មភាពនេះវានឹងជំរុញបន្ថែមទៀតទៅដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលវានឹងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ដូចនេះ គំនិតផ្ដួចផ្ដើមក្នុងការបង្កើតពាណិជ្ជកម្មសេរីជាមួយនឹងចក្រភពអង់គ្លេសនេះ វាពិតជាផ្ដល់ផលប្រយោជន៍ច្រើនណាស់ជាពិសេសគឺផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា ដែលស្របទៅតាមគោលនយោបាយការបរទេសរបស់កម្ពុជាក្នុងការជំរុញបន្ថែមទៀត ជាពិសេសគឺទៅលើយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលកម្ពុជាទើបតែដាក់ចេញថ្មីៗនេះផងដែរ។

យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ នឹងជាឧបករណ៍មួយដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ យើងអាចនិយាយបានថាការបង្កើតពាណិជ្ជកម្មសេរីទ្វេភាគីនេះវានឹងជំរុញបន្ថែមនូវការវិនិយោគផងដែរ។

លោកលឹម ម៉េងហួរបានឱ្យដឹងថា យើងឃើញថា ចក្រភពអង់គ្លេសជាប្រទេសមួយដែលការរីកចម្រើនខ្ពស់លើគ្រប់វិស័យ ហើយការវិនិយោគ បើសិនជាយើងជំរុញបាននៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរីនោះ ក្រុមហ៊ុនធំៗ ក៏ដូចជាវិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជានឹងមានការរីកចម្រើន ជាពិសេសគឺនៅលើវិស័យអប់រំតែម្ដង ពីព្រោះថាចក្រភពអង់គ្លេស ជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងលើវិស័យអប់រំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងជំរុញបន្ថែមទាំងផ្នែកពាណិជ្ជកម្ម សេវាកម្ម ក៏ដូចជាកសិកម្មរបស់កម្ពុជា។

ទាក់ទងជាមួយនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA លោកមើលឃើញថា ការរឹតបន្តឹងចំណងសេដ្ឋកិច្ចជាមួយចក្រភពអង់គ្លេសនេះដែរ នឹងជំរុញ ឬក៏ស្ដារឡើងវិញខ្លះនៃការបាត់បង់របស់កម្ពុជានៅក្នុងការដកចេញនៃប្រព័ន្ធអនុគ្រោះពន្ធ២០% នៃ EBA របស់សហភាពអឺរ៉ុប ដោយហេតុថា អង់គ្លេសចូលរួមចំណែកច្រើនលើសលប់ (លើស៥០%) នៅក្នុងក្របខ័ណ្ឌ EBA របស់សហភាពអឺរ៉ុប ជាពិសេសគឺមកកាន់កម្ពុជាតែម្ដង៕

រដ្ឋាភិបាលជ្រើសរើសក្រុងព្រះសីហនុធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១

ដោយៈគង់ សូរិយា

ព្រះសីហនុៈ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកខេត្តព្រះសីហនុ ជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជាលោកវ៉ាន់ មុនីនាថបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ Charting a New Decade of HOPE -Healthy Oceans, People and Economies ដែលមានគោលបំណងសំខាន់ៗរួមមាន ទី១ ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទី២ បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ។

ទី៣ កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទសវត្សរ៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា។
ជាមួយគ្នានេះ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅក្នុងកិច្ចប្រជុំពិនិត្យផែនការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នារសៀលថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ បានណែនាំ ឲ្យក្រុមការងារនីមួយៗ ត្រូវពង្រឹងការត្រួតពិនិត្យផែនការសកម្មភាពរបស់ខ្លួន ដោយសហការរៀបចំជាមួយអង្គការភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រអាស៊ីបូព៌ា (PEMSEA) ប្រទេសជាសមាជិក និងដៃគូរអភិវឌ្ឍន៍ ដើម្បីឱ្យមហាសន្និបាតសមុទ្រឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងបង្កើនមោទនភាពជាតិកម្ពុជា។

លោករដ្ឋមន្រ្តីបានបន្ថែមថា “ការងារផ្សព្វផ្សាយនៃជំហានឆ្ពោះទៅកិច្ចប្រជុំ ពិតជាមានសារៈសំខាន់ ទាក់ទងនឹងវិស័យបរិស្ថានសមុទ្រ ដែលពិភពលោកកំពុងយកចិត្តទុកដាក់និងជាឱកាសដែលកម្ពុជា បង្ហាញការចូលរួមចំណែកដោះស្រាយ ក្នុងបញ្ហាប្រឈមតំបន់និងអន្តរជាតិ រួមជាមួយការប្តេជ្ញាចិត្តខ្ពស់លើការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព”។

រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ ដោយអនុញ្ញាតឱ្យក្រសួងបរិស្ថាន ធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រ អាស៊ីបូព៌ារយៈពេល ០២ថ្ងៃ (ថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១) នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញ និងអនុវត្តតាមវិធានសុខាភិបាល៕

តើអ្នកណាជាអ្នកបង្កើតឲ្យមានស្ថាប័នមីក្រូហិរញ្ញវត្ថុមុនគេបង្អស់ក្នុងពិភពលោក?

ដោយៈសុខុម

អន្តរជាតិៈ មីក្រូហិរញ្ញវត្ថុ (microfinance) ដែលកាលពីមុនអ្នកស្រុកស្រែចម្ការនិយមហៅថាអង្គការ គឺជាគ្រឹះស្ថានដែលផ្ដល់សេវាកម្មប្រាក់សន្សំ ប្រាក់បញ្ញើ និងផ្ដល់សេវាកម្មប្រាក់កម្ចីខ្នាតតូច និងខ្នាតមធ្យមដល់ពលរដ្ឋក្រីក្រ និងអ្នកដែលខ្វះដើមទុនបង្កើតមុខរបរ ដើម្បីជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង។

ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថា តើប្រទេសណាបង្កើតមីក្រូហិរញ្ញវត្ថុមុនគេបង្អស់ក្នុងពិភពលោក?។

*ប្រវត្តិនៃការកកើតមីក្រូហិរញ្ញវត្ថុសម័យបុរាណ
យោងតាមការចុះផ្សាយរបស់គេហទំព័រ BNP PARIBAS ឱ្យដឹងថា ប្រវត្តិសាស្ត្របានលាតត្រដាងថា យន្តការសម្រាប់ការផ្ដល់ប្រាក់កម្ចី ដល់ប្រជាជនទីទាល់ក្រ មានជាទម្រង់ខុសៗគ្នានៅតំបន់អាស៊ី អស់រយៈកាលរាយពាន់ឆ្នាំមកហើយ។ នៅអឺរ៉ុប ក្រុមបព្វ​ជិតសាសនាគ្រិស្តនិកាយកាតូលិក បានបង្កើតហាងបញ្ចាំមួយមានឈ្មោះថា Mounts of Piety ដែលបានដើរតួនាទី ជាអង្គការសប្បុរសធម៌នៅសតវត្សរ៍ទី១៥ ដើម្បីជួយលើកស្ទួយពលរដ្ឋក្រីក្រជាងគេ ឱ្យចូលមករកជីវិតរស់នៅបែបសគមន៍ ដែលមានជីវភាពធូរធារជាងមុន។

សម័យកាលក្រោយមកទៀត សហករណ៍សន្សំប្រាក់ និងផ្ដល់ប្រាក់កម្ចីដំបូងបង្អស់ក៏បានបើកដំណើរការក្នុងឆ្នាំ១៨៧៩ នៅ Rhineland ប្រទេសអាល្លឺម៉ង់ ហើយបានបន្តសាយភាយដល់ទ្វីបអឺរ៉ុប ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅសតវត្សរ៍ទី២០។

*ប្រវត្តិនៃការកកើតមីក្រូហិរញ្ញវត្ថុសម័យទំនើប
ទោះជាយ៉ាងណា គំរូប្រព័ន្ធហិរញ្ញវត្ថុទាំងនេះ គ្មានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីបញ្ឈប់ភាពក្រីក្រឡើយនៅក្នុងឆ្នាំ១៩៧០។ ពេលនោះហើយដែលមីក្រូហិរញ្ញវត្ថុសម័យទំនើបបានចាប់ផ្ដើមកកើតឡើង ក្នុងភូមិមួយមានឈ្មោះថា ចូប្រា (Jobra) នៃប្រទេសបង់ក្លាដែស ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក។

លោក Muhammad Yunus ដែលជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច បានសង្កេតឃើ​ញថា ទីផ្សារសេរីមិនអាចរារាំងគ្រោះទុរ្ភិក្ស ពីការបំផ្លិចបំផ្លាញប្រទេសបង់ក្លាដែស ដែលជាមាតុភូមិរបស់លោកបានឡើយ។ កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងភាពក្រីក្រ រួមទាំងការផ្ដល់ជំនួយ និងឧបត្ថម្ភធនផង គឺមិនទទួលបានជោគជ័យតាមគោលដៅ ដែលបានកំណើតឡើយ ហើយប្រព័ន្ធធនាគារទៀតសោត ក៏គ្មានសមត្ថភាពជួយប្រជាជនក្រីក្រទាំងនេះដែរ។

ដោយសារតែមើលឃើញបែបនោះ លោកសាស្ត្រាចារ្យ Muhammad Yunus ក៏បានសម្រេចចិត្តផ្ដល់ប្រាក់កម្ចីផ្ទាល់ខ្លួន ដល់ស្ត្រីមួយក្រុមមានគ្នា៤២នាក់ ជាការសាកល្បង ដើម្បីឱ្យពួកគេចាប់ផ្ដើមអាជីវកម្មមួយ ហើយវាក៏បានផលដោយដំណើរការទៅមុខយ៉ាងរលូន។

ស្ត្រីដែលជាអ្នកច្នៃគ្រឿងសង្ហារិមពីឫស្សីទាំងនេះ បានយកប្រាក់ដែលខ្ចីបានទៅពង្រីកមុខរបររបស់ខ្លួន ក្នុងរយៈពេលកំណត់ មុនពេលសងបំណុលនេះវិញទាំងដុល។ សកម្មភាពនេះ បង្កើតបានគោលការណ៍គ្រឹះ សម្រាប់មីក្រូហិរញ្ញវត្ថុនាសម័យទំនើបនោះគឺ៖ ការប្រយុទ្ធប្រឆាំងភាពក្រីក្រ តាមរយៈប្រាក់កម្ចីខ្នាតតូច និងជាពិសេសជួយដល់ស្ត្រីនៅតាមបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចងើបឡើងឆាប់រហ័ស។

*ការពង្រីកទូទាំងពិភពលោក
លោក Muhammad Yunus បានសម្រេចចិត្តបង្កើតកម្មវិធីផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា Grameen។

កម្មវិធី Grameen បានប្រែក្លាយប្រព័ន្ធធនាគារជាប្រពៃណីទៅជាប្រព័ន្ធមួយដែលមានភាពជឿនលឿន។ កម្មវិធីនេះក៏បានបង្កើតគោលការណ៍ទទួលខុសត្រូវរួមគ្នា ឬការចងក្រងក្រុម ដែលសមាជិកក្រុមគ្រប់រូប ត្រូវមានការសាមគ្គីគ្នាបានឱ្យល្អជាធ្លុងមួយ។

នៅទីបំផុតកម្មវិធីនេះ បានផ្ដោតគោលដៅទៅរកស្ត្រី ដែលតាមប្រពៃណីត្រូវបានផាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុ។ កម្មវិធីនេះទទួលបានការគាំទ្រ និងជោគជ័យយ៉ាងឆាប់រហ័ស។

ក្នុងឆ្នាំ១៩៨៣ កម្មវិធីនេះទទួលបានឋានៈជាគ្រឹះស្ថានធនាគារ ដែលមានឈ្មោះថា Grameen Bank (ធនាគារសម្រាប់អ្នកក្រ) ដែលបានរីកចម្រើនខ្លាំងបំផុតក្នុងរយៈពេលដ៏ខ្លី។ ធនាគារនេះបានបើក”សាខា” ថ្មីៗជាច្រើនដែលបច្ចុប្បន្ន មាននៅក្នុងភូមិជាង៨០.០០០ភូមិ។

យោងតាមការប៉ាន់ប្រមាណបង្ហាញថា ធនាគារនេះ បានពង្រីកការផ្ដល់សេវាប្រាក់កម្ចី ទៅដល់អ្នកទទួលផលជាង៧លាននាក់ នៅក្នុងប្រទេសបង់ក្លាដែស ហើយ៩៧%ក្នុងចំណោមជាស្ត្រី។

នៅទសវត្សរ៍ឆ្នាំ១៩៨០ និងទសវត្សរ៍ឆ្នាំ១៩៩០ គំរូប្រព័ន្ធហិរញ្ញវត្ថុនេះ ត្រូវបាននាំចេញទៅកាន់ពិភពលោកទាំងមូល តាមរយៈអង្គការក្រៅរដ្ឋាភិបាល (NGO) និងស្ថាប័នហិរញ្ញវត្ថុនានា។ មិនយូរប៉ុន្មានឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ ដែលមានលក្ខណៈពេញលេញ ក៏បានបង្ហាញវត្តមានយ៉ាងផុសផុល នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ មកទល់ពេលបច្ចុប្បន្ន រួមទាំងកម្ពុជាយើងផង។

អង្គការសហប្រជាជាតិ (UN) បានប្រសិទ្ធនាមឆ្នាំ២០០៥ ជា ”ឆ្នាំនៃកម្ចីខ្នាតតូចអន្តរជាតិ” (International Year of Microcredit) ហើយលោក Muhammad Yunus ក៏បានឈ្នះរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) នៅក្នុងឆ្នាំ២០០៦៕

ការនាំចូលនិងនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុសម្រេចបានទំហំទឹកប្រាក់ជិត១២០០លានដុល្លារ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទោះបីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ទំហំនៃការនាំចូល និងនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ ទទួលបានបានកំណើនជាង៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

យោងតាមទិន្នន័យនៅលើបណ្តាញសង្គមផ្លូវការរបស់ SEZZ​ បានឱ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១បានឱ្យដឹងថា គិតចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពីសេសព្រះសីហនុ ទទួលបានបរិមាណនាំចូលនិងនាំចេញសរុបចំនួន១១៨៥លានដុល្លារអាមេរិក ពោលគឺកើនឡើង៤៤,៥១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា ការនាំចេញរបស់កម្ពុជា មិនបានថមថយនោះទេ ពិសេសផលិតផលកសិកម្ម គ្រឿងបង្គុំអេឡិចត្រូនិក និងកង់ជាដើម ទោះបីស្ថានភាពកម្ពុជាក៏ដូចជាពិភពលោក​ កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩។

លោកបន្ថែមទៀតថា “ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងប្រទេសចិន ក៏ជាចំណែកដែលនឹងជួយលើកកម្ពស់ សមត្ថភាពនាំចេញរបស់កម្ពុជា។ ជាមួយគ្នានេះកម្ពុជា ក៏បាននិងកំពុងធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួន ឱ្យកាន់តែមានភាពសម្បូរបែបទៅទីផ្សារអន្តរជាតិ”។ លោកថ្លែងថា “នេះជាវឌ្ឍនភាពមួយដែលបង្ហាញពីភាពរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា ដោយមិនតែសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនោះទេ”។

លោកឧកញ៉ាលឹម ហេងបានបន្ថែមទៀតថា នៅពេលមានកំណើននៃការនាំចេញ ការនាំចូលផលិតផលវត្ថុធាតុដើម សម្រាប់កែច្នៃក៏នឹងកើនឡើងព្រមគ្នា។

ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា តាម រយៈកំណើននៃការនាំចេញទៅកាន់ទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា នឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋ ហើយក្នុងកាលៈទេសៈ នៃវិបត្តិជំងឺឆ្លងកូវីដ១៩ យុទ្ធសាស្ត្រស្តារឡើងវិញនឹងជួយដល់សេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ព្រមទាំងជួយឱ្យមានភាពស៊ាំនៃសង្គមសេដ្ឋកិច្ច ក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា។

គម្រោងសំខាន់ៗនៃខ្សែក្រវាត់ និងផ្លូវ ត្រូវបានជំរុញយ៉ាងរលូន ក្នុងការអភិវឌ្ឍនៅកម្ពុជា ដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម ដែលអ្នកវិនិយោគចិន បានបណ្តាក់ទុនឈនៅលំដាប់កំពូលនៅកម្ពុជា៕

ដំណឹងល្អៈរដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមរៀបចំបើកដំណើរការអាជីវកម្មឡើងវិញ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បន្ទាប់ពីបិទផ្អាកអាជីវកម្មតាមផ្សារនានា ក្នុងខេត្តព្រះសីហនុ ជាពិសេសក្នុងក្រុងព្រះសីហនុមួយរយៈ ព្រោះតែវិបត្តិកូវីដ១៩មានការរាលដាលជាបន្តបន្ទាប់ នៅល្ងាចថ្ងៃទី១០សីហា ២០២១នេះ អភិបាលខេត្តព្រះសីហនុលោកគួច ចំរើនបានប្រកាសថា រដ្ឋបាលខេត្តនឹងបើកដំណើរការអាជីវកម្មតាមផ្សារនានា ក្នុងក្រុងព្រះសីហនុឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យដំណើរការជាប្រក្រតី។

លោកបានមានប្រសាសន៍ ក្នុងពេលដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការកែលម្អតូបលក់ដូរ នៅក្នុងផ្សារលើក្រុងព្រះសីហនុឱ្យដឹងថា ដើម្បីបើកដំណើរការអាជីវកម្មក្នុងផ្សារឡើងវិញ អាជីវករទាំងអស់តម្រូវឱ្យយកសំណាកជាមុនសិន ហើយមកដល់ពេលនេះ មានអាជីវករប្រមាណ១៦០០នាក់ហើយ បានដាក់ពាក្យស្នើសុំយកសំណាក។

បន្ទាប់ពីយកសំណាករួចហើយ អាជីវករអាចចូលក្នុងផ្សារ ដើម្បីរៀបចំតូបបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ។

លោកបន្តថា ក្រោយពីរៀបចំអាជីវកម្មក្នុងផ្សាររួច អតិថិជនក៏អាចចេញចូលទិញទំនិញបានជាធម្មតា តែយើងក៏ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពមុននឹងចូល ហើយក៏មិនឱ្យមានការចេញចូលច្រើនដែរ។ ឧទាហរណ៍ថា មានមនុស្សមកច្រើន យើងត្រូវឱ្យគាត់ចាំនៅខាងក្រៅសិន ពេលអ្នកខាងក្នុងទិញអីវ៉ាន់រួចរាល់ចេញមកវិញ ទើបយើងឱ្យមានអ្នកចូលបន្តបន្ទាប់គ្នា ដើម្បីជៀសវាងមនុស្សកកកុញ។

លោកពន្យល់ថា “យើងនឹងចាប់ផ្ដើមចេញផ្សារលើមុនគេ ហើយនឹងចាប់ផ្ដើមអនុវត្តន៍នៅតាមផ្សារផ្សេងៗទៀត ដើម្បីជំរុញអាជីវកម្មរបស់អាជីវករ និងជំរុញដំណើរការសេដ្ឋកិច្ចឡើងវិញ”។

លោកគួច ចំរើន ក៏បានអំពាវនាវដល់អតិថិជនទាំងឡាយ ដែលចេញចូលផ្សារ ត្រូវកំណត់គោលដៅពីផ្ទះឱ្យរួចរាល់មុនមកចូលផ្សារ ដែលមានន័យថាត្រូវចូលមកទិញអីហើយទិញរួច ក៏ប្រញាប់ប្រញាល់ចេញទៅវិញ ដើម្បីឱ្យផ្សេងមកទិញម្ដង និងទិញរួចចេញត្រលប់ទៅផ្ទះវិញ ដោយមិនត្រូវដើរផ្សារមើលនេះប៉ះពាល់នោះ ដូចមុនបានទៀតឡើយ។

លោកបន្តថា “យើងត្រូវរៀនរស់នៅជាមួយបរិបទថ្មីនៃកូវីដ១៩ ដោយផ្លាស់ប្តូរការរស់នៅបែបពីមុន”។
ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ហើយខេត្តនេះ ក៏ទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ធ្ងន់ធ្ងរផងដែរ ដោយរកអត្រាការឆ្លងមានចំនួនច្រើន ធ្វើឱ្យរដ្ឋបាលខេត្តត្រូវបិទខ្ទប់តំបន់ បិទផ្អាកអាជីវកម្មនានា ដើម្បីទប់ស្កាត់កូវីដ១៩។ ការបើកអាជីវកម្មតាមផ្សារឡើងវិញ នឹងជំរុញឱ្យសកម្មភាពនៃដំណើរការសេដ្ឋកិច្ចក្នុងខេត្តនេះងើបឡើងវិញ និងធ្វើឱ្យពលរដ្ឋមានប្រាក់ចំណូលឡើងវិញ ក្នុងនោះដូចជាក្រុមអាជីវករ ក្រុមអ្នកដឹកជញ្ជូន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ៕

វិភាគៈនៅពីក្រោយផែនការពង្រីករាជធានីក្នុងកាំរង្វង់១០០គីឡូម៉ែត្រការ៉េ គុណសម្បត្តិ និងបញ្ហាប្រឈម

ដោយៈយិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertarea.aisa

ភ្នំពេញៈ រំលឹកអតីតកាលធ្វើឲ្យយើងចងចាំនូវរឿងឈឺចាប់ ប៉ុន្តែសម្លឹងមើលបច្ចុ​ប្បន្ន និងអនាគត យើងអាចសម្លឹងទៅមុខដោយសុទិដ្ឋិនិយម និងស្នាមញញឹម ដែលទើបរីកស្ងួតទឹកភ្នែកកាលពីប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាជាតិជារៀងរាល់ឆ្នាំ និងបង្កើនជារៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីស្តារសេដ្ឋកិច្ចផង និងដើម្បីឆ្លើយតបនឹងកំនើនប្រជាពល​រដ្ឋ និងការរីកចម្រើនផ្នែកនគរូបនីយកម្មផង។

តើត្រូវពង្រីកដូចម្តេច
ជាមួយនឹងប្លង់គោលប្រើប្រាស់ដីធ្លី ដែលបានចេញផ្សាយតាមរយៈអនុក្រិតរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលថ្មីៗនេះ បានបង្ហាញថា រដ្ឋាភិបាលបាននិងកំពុងគិតគួរ និងសិក្សាយ៉ាងច្បា​ស់លាស់ ពីផែនការពង្រីករាជធានីភ្នំពេញជាប្រចាំ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច សង្គ​មរបស់កម្ពុជា ពិសេសប្រែក្លាយទីក្រុងនេះទៅជាទីក្រុងលំដាប់អន្តរជាតិ។

ការរីកចម្រើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងមកនេះ ដែលផ្តើមចេញពីសុខសន្តិភាពពេញលេញរយៈពេល២០ជាងឆ្នាំឆ្នាំនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានជីវភាព​ប្រសើរឡើង ជាមួយនឹងស្នាមញញឹម ជាមួយនឹងក្តីសង្ឃឹម ឆ្ពោះទៅកាន់អនាគតប្រកប​ដោយវិបុលភាពមួយ។

កម្ពុជាបានផ្លាស់ប្តូរមុខមាត់យ៉ាងសម្បើមលើឆាកអន្តរជាតិ តាមរយៈការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យ ដែលបានរំលេចវត្តមានអាគារកប់ពពករាប់រយផុសលើអាកាស ពិសេសការរីកចម្រើនសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ។

ឆ្នាំ២០១៦ កម្ពុជាផ្លាស់ប្តូរមុខមាត់ល់ឆាកអន្តរជាតិ ដោយប្រែក្លាយពីប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប(ការចាត់ចំណាត់ថ្នាក់របស់ធនាគារពិភពលោក) និងការទទួលបានឈ្មោះថ្មី ក្នុងនាមជា “ខ្លាសេដ្ឋកិច្ចថ្មី” ប្រចាំទ្វីបអាស៊ី។

គុណសម្បត្តិនៃការពង្រីកទីក្រុង
ដើម្បីទាញផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលឿន ជាពិសេ​សបង្ខិតជនបទកៀកនឹងទីក្រុង បានធ្វើឲ្យរាជរដ្ឋាភិបាលគិតគូរជាប្រចាំ លើផែនការពង្រីករាជធានីភ្នំពេញជាប្រចាំក្នុងគោលដៅ ដូចជា ទី១ ជម្រុញការអភិវឌ្ឈហេដ្ឋារចនា សម្ព័ន្ឋ ព្រោះហេដ្ឋារចនាសម្ព័ន្ឋ បានក្លាយជាសសៃឈាមសេដ្ឋកិច្ចជាតិ ពេលមានផ្លូវទៅដល់តំបន់ណា តំបន់នោះតែងតែមានការអភិវឌ្ឈន៍លឿន ទី២ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង តាមរយៈការទទួលបានផល ពីការវិនិយោគរបស់រដ្ឋាភិបាល និងវិស័យឯកជន។

ទី៣ ជួយលើកកំពស់សុខមាលភាពសង្គម តាមរយៈការបែងចែងធនធានរបស់ជាតិ ទៅកាន់គ្រប់ចរន្តសេដ្ឋកិច្ចជាតិ ទី៤ កសាងទីក្រុងមួយ ដែលផ្សារភ្ជាប់ជនបទ និងរាជធានីយ៉ាងរសរវើក តាមរយៈការបង្កើតនូវគោលនយោបាយជាតិថ្មីៗ ដើម្បីសុខដុមនីយកម្មនៅក្នុងសង្គម និងទី៥ ការកសាងមូលដ្ឋានសេដ្ឋកិច្ចមួយ និងជម្រុញកំណើនសេដ្ឋកិច្ច និងបែងចែកធនធានរបស់ជាតិប្រកបដោយសមធ៌ម។

ការពង្រីកក្រុងដើម្បីទាក់ទាញការវិនិយោគនិងលើកកំពស់តម្លៃជាតិ
រាជធានីរបស់ប្រទេសមួយ តំណាងឲ្យជាតិសាសន៍មួយ ដែលតំណាងឲ្យសេដ្ឋកិច្ច​សង្គម និងអរិយធ៌មរបស់ជាតិសាសន៍នោះ ហេតុនេះការពង្រីកទីក្រុងកាន់តែធំ ក៏ត្រូវគិតគូលើផលប៉ះពាល់បរិស្ថានមនុស្ស បរិស្ថានសង្គមមិនអាចខ្វះបានផងដែរ ដោយសារទី១ ការពង្រីកក្រុង ត្រូវតែមានផែនការប្រើប្រាស់ដីធ្លី និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ​ច្បាស់លាស់ ទី២ ត្រូវតែគិតគូពីបញ្ហាហេដ្ឋារចនាសម្ព័ន្ឋទាំងលើដី និងក្រោមដី ដើម្បីធ្វើ ​ឲ្យផែនការអភិវឌ្ឈន៍មានភាពបន្ស៊ីគ្នារវាងបរិស្ថាន និងមនុស្ស។

ទី៣ ការលើកកំពស់តម្លៃជាតិ តាមរយៈការផ្តល់នូវសេវាកម្មសាធារណៈកាន់តែសម្បូរបែប និងមានរបៀបរៀបរយ ទី៤ ការដោះស្រាយបញ្ហាសាធារណៈដូចជា ការកកស្ទះចរាចរណ៍ ការជន់លិចដោយទឹកជំនន់ និងទឹកភ្លៀង និងការដោះស្រាយបញ្ហាសំណង់មិនរៀបរយជាដើម។

ការពង្រីកក្រុងនិងបញ្ហាប្រឈម
ច្បាស់លាស់ណាស់ បញ្ហាប្រឈមពិតជាកើតមានកាន់តែច្រើន នាពេលអនាគត នៅពេលទីក្រុងកាន់តែរីកចម្រើន ការកើនឡើងនូវចំនួនប្រជាពលរដ្ឋ រហូតដល់៦លាននាក់នៅឆ្នាំ២០៣៥។

ការដាក់ចេញផែនការ គោលនយោបាយពង្រីកក្រុង រដ្ឋាភិបាលបានដឹងច្បាស់លា​ស់ហើយថា ការចំណាយថវិកាជាតិ លើការកសាងហេដ្ឋារចនាសម្ព័ន្ឋសាធារណៈកើនឡើង ដែលការចំណាយទាំងនោះរួមមាន ទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ទី២ ការពង្រីកសេវាសាធារណៈដល់ប្រជាពលរដ្ឋ ដូចជាបណ្តាញទឹកស្អាត អគ្គិសនី ប្រព័ន្ឋទូរគមនាគមន៍ ទី៣ ការគិតគូរពីផែនការអនាគត នៃហេដ្ឋារចនាសម្ព័ន្ឋ ដែលត្រូវសាងសង់ ដើម្បីកាត់បន្ថយការកកស្ទះ ឬលំហូរចរាចរណ៍ឲ្យមានភាពងាយស្រួល និងទី៤ ការអប់រំប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍ ឲ្យចេះប្រើប្រាស់ផ្លូវថ្នល់ក៏ជាបញ្ហាប្រឈម ដែលត្រូវដោះស្រាយបន្ទាន់ផងដែរ។

តើរាជធានីបានពង្រីកដូចម្តេចកាលពីអតីតកាល
ស្របនឹងកំនើនគររូបនីយកម្ម កំនើនប្រជាពលរដ្ឋ កំនើននៃផែនការប្រជាសាស្រ្ត និងផែនការពង្រីកទីក្រុងកាន់តែមានទំហំធំ ដើម្បីពង្រីកសក្តានុពលរាជធានីរបស់ខ្លួន ភ្នំពេញបានពង្រីផ្ទៃដី និងមូលដ្ឋានខ័ណ្ឌ សង្កាត់យ៉ាងលឿនស្ទើរមិនគួរឲ្យជឿ។

នៅក្នុងឆ្នាំ២០០៦ រាជធានីភ្នំពេញមានផ្ទៃដីសរុប៣៧៥ គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន៧ សង្កាត់ចំនួន៧៦ ប្រជាពលរដ្ឋសរុបចំនួន១.០៥០.៦១៦នាក់។នៅឆ្នាំ២០០៩រាជធានីភ្នំពេញ បានពង្រីកបន្ថែម ដែលកាត់ទាំងដី និងប្រជាពល រ​ដ្ឋពីខេត្តកណ្តាល គឺមានផ្ទៃដីសរុប៣៧៧,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៨ ចំនួនសង្កាត់៧៦ ចំនួនប្រជាពលរដ្ឋសរុប១.៣២៧.៦១៦នាក់។

នៅឆ្នាំ២០១២រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៧៨,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៩ ចំនួនសង្កាត់៩៦ ចំនួនប្រជាពលរដ្ឋសរុប១.៥០១.៧២៥នាក់។

នៅឆ្នាំ២០១៧រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ខណ្ឌកើនដល់ចំនួន១២ មានចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប១.៤៦១.៨៥៣នាក់។

នៅឆ្នាំ២០១៩ រាជធានីភ្នំពេញមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ដែលជាឆ្នាំបំបែកខណ្ឌ។

ឆ្នាំ២០១៩កន្លងមកនេះ រាជធានីភ្នំពេញមាន ផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនភូមិ១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ចំនួនស្រី្តសរុប១.០៩០.១៧៩នាក់។ នេះជារបាយការ ណ៍ជំរឿនឆ្នាំ២០១៩។

នៅឆ្នាំ២០២០រាជធានីភ្នំពេញ មានផ្ទៃដីសរុប៦៩២,៤៦គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន​​១៤ ចំនួនសង្កាត់១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.២៨១.៩៥១នាក់។

នៅឆ្នាំ២០២១នេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីដល់ទៅ ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ចំណែកប្រជាពលរដ្ឋ ក៏មានការកើនឡើងទៅតាមនោះដែរ៕

លោកបណ្ឌិតគីម ហ៊ាងប្រាប់ពីចំណុចស្រួចស្រាវក្នុងចន្លោះភាពជោគជ័យនិងបរាជ័យរបស់ភ្នាក់ងារអចលនវត្ថុ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ជាភ្នាក់ងារអចលនទ្រព្យអាជីពធម្មតា រហូតក្លាយជាឧកញ៉ានិងទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានចែករំលែកនូវគន្លឹះខ្លះៗ ដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យនេះ។

លោកឧកញ៉ាគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មានត្រឹមភាពអំណត់ ស្មោះត្រង់ និងការទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន វាជាកត្តាសំខាន់ ក្នុងការងារជា​ភ្នាក់ងារ​លក់អចលនទ្រព្យ ប៉ុន្តែនៅមិនទាន់ប្រាកដថាអាចទទួលបានជោគជ័យលើការលក់១០០ភាគរយនៅឡើយនោះទេ។

លោកឧកញ៉ាថា អ្នកដែលជាភ្នាក់ងារលក់អចលនទ្រព្យ អាចទទួលបានអត្រាជោគ​ជ័យខ្ពស់ និងទទួលបានប្រាក់កម្រៃជើងសារពីការលក់ពិតប្រាកដ គឺអ្នកដែលមានភាព​វៃឆ្លាតពាក់ព័ន្ធទៅនឹងភាពស្គាល់ច្បាស់ចំណុចចំនួន៣ ដូចជា ទី១ ស្គាល់ម្ចាស់ទ្រព្យឬម្ចាស់អចលនវត្ថុផ្ទាល់ ទី២ ស្គាល់ពីអតិថិជនគោលដៅពិតប្រាកដ និងទី៣ អ្វីដែលសំខាន់ចុងក្រោយគឺស្គាល់ច្បាស់ពីតម្លៃទីផ្សារយ៉ាងពិតប្រាកដ។

លោកឧកញ៉ាបណ្ឌិតគឹម ហ៊ាងបានលើកជាឧទាហរណ៍ថា  ប្រសិនបើភ្នាក់ងារលក់ស្គាល់ម្ចាស់ដី ដែលចង់លក់ដោយផ្ទាល់ ហើយស្គាល់អ្នកទិញពិត​ប្រាកដ​ដោយផ្ទាល់ដូចគ្នា ដូច្នេះឱកាសនៃការណែនាំលើការទិញ-លក់មានឱកាសលើសពី៥០ភាគរយរួចជាស្រេ​ចហើយ។

លោកបន្តថា “នៅពេលដែលបានស្គាល់ពី​តម្លៃ​ទីផ្សារយ៉ាងច្បាស់ រឹតតែជាចំណុចសំខាន់ ដែលអាចជួយចរចាភាគីទាំង២ងាយចុះសម្រុង និងអាចទទួលបានផលប្រយោ​ជន៍គ្រប់​ភាគីបាន​ក្នុងរយៈ​ពេល​ដ៏ខ្លី”។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា បើគ្រាន់តែឮគេប្រាប់ថា មានគេចង់លក់ដីតំបន់នេះ ទាំងដែលដីមិនទាន់បានឃើញ មិនបានស្គាល់ម្ចាស់ពិត ហើយរឹតតែមិនបាន​ស្គាល់​អតិថិជន​គោលដៅទៀត។ ដូច្នេះការណែនាំលើការទិញលក់ គ្មានភាគរយខ្ពស់នោះទេ ហើយប្រសិនបើមិនបានដឹង ពីតម្លៃទីផ្សារក្នុងតំបន់ច្បាស់ទៀត នោះភាព​បរាជ័យនឹងរំ​កិលមកជិតខ្លួនជាក់ជាមិនខាន ឬអាចនិយាយបានការព្យាយាម បានត្រឹមចំណាយពេលឥតប្រយោជន៍។

មានន័យថា នៅពេលអ្នកមិនបានស្គាល់ទ្រព្យដែលចង់លក់ផ្ទាល់ ពោលគឺដឹងតាមគេប្រាប់នោះ អ្នកនឹងមិនអាចបានដឹងពីតម្លៃដែលម្ចាស់ចង់លក់ពិត ដែលអាចឆ្លងកាត់កម្រៃជើងសារមួយតង់ពីអ្នកប្រាប់ ហើយប្រសិនបើអ្នកមិនបានស្គាល់ពីតម្លៃលើទីផ្សារក្នុងតំបន់ រឹតតែពិបាកក្នុងការណែនាំភ្ញៀវថែមទៀត ដែល​កាន់តែធ្វើភាគរយទទួលបានជោគជ័យឃ្លាតទៅកាន់តែឆ្ងាយ។

លោកឧកញ៉ាបន្តថា “ជាធម្មតាអ្នកលក់ចង់បានតម្លៃថ្លៃ អ្នកទិញចង់បានតម្លៃទាបជាងទីផ្សារ ដូច្នេះភាគរយ​នៃ​​ការ​ចរចា​នឹង​មិនអាចត្រូវគ្នានោះឡើយ។ នេះហើយជាកត្តានាំឲ្យកើតមានភាពបរាជ័យរបស់ភ្នាក់ងារអចលនទ្រព្យ”៕

រដ្ឋាភិបាលប្រគល់សិទ្ធឲ្យថ្នាក់ក្រោមជាតិជាអ្នកសម្រេចលើជោគវាសនាស្តារព្រលានយន្តហោះខេត្តបាត់ដំបង

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានប្រគល់សិទ្ធិឱ្យទៅរដ្ឋបាលខេត្តបាត់ដំបង ក្នុងការសម្រេចលើគម្រោងស្ដារព្រលានថ្មី នៅដីចាស់នៅក្នុងក្រុងបាត់ដំបង។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍៍ស៊ីវិលលោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនវិនិយោគណាដែលចង់ស្នើសុំវិនិយោគ ឬសិក្សា ត្រូវទាក់ទងដោយផ្ទាល់ជាមួយរដ្ឋបាលខេត្ត ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួន បានស្នើសុំវិនិយោគលើគម្រោងអាកាសយានដ្ឋាននេះ ដោយពិភាក្សាផ្ទាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបង។

លោកបន្តថា “ខាងខេត្តបាត់ដំបង គេមានគណៈកម្មការរបស់គេ ហើយអាកាសចរណ៍ស៊ីវិលគ្រាន់តែជាសមាជិកមួយ។ ដូច្នេះការសម្រេចចិត្ត យើងផ្តល់ឆន្ទានុសិទ្ធិឱ្យគាត់ច្រើនជាង និងចាំតែផ្តល់ការគាំទ្រទេ”។

កាលពីដើមឆ្នាំមកនេះ អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំងស្ថាបនាព្រលានយន្តហោះនេះហើយ។

យោងតាមអភិបាលខេត្តបាត់ដំបង លោកងួន រតនៈបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែម ជាមួយអ្នកបច្ចេកទេស និងវិនិយោគិន។លោកបន្តថា ផែន​ការស្តារព្រលានយន្តហោះនេះដូចជាស្ងប់ស្ងាត់ ដោយសារការរីករាលដាលជំងឺកូវីដ១៩ និងស្ថិតក្រោមការងាររបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។

ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ ដែលនៅសេសសល់នាពេលបច្ចុប្ប​ន្ននេះ រួមមានផ្លូវរត់ប្រវែង១៦០០ម៉ែត្រ និងទទឹង៣៤ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរចាស់ទ្រុឌទ្រោមផងដែរ៕