រដ្ឋាភិបាលប្រគល់សិទ្ធឲ្យថ្នាក់ក្រោមជាតិជាអ្នកសម្រេចលើជោគវាសនាស្តារព្រលានយន្តហោះខេត្តបាត់ដំបង

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានប្រគល់សិទ្ធិឱ្យទៅរដ្ឋបាលខេត្តបាត់ដំបង ក្នុងការសម្រេចលើគម្រោងស្ដារព្រលានថ្មី នៅដីចាស់នៅក្នុងក្រុងបាត់ដំបង។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍៍ស៊ីវិលលោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនវិនិយោគណាដែលចង់ស្នើសុំវិនិយោគ ឬសិក្សា ត្រូវទាក់ទងដោយផ្ទាល់ជាមួយរដ្ឋបាលខេត្ត ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួន បានស្នើសុំវិនិយោគលើគម្រោងអាកាសយានដ្ឋាននេះ ដោយពិភាក្សាផ្ទាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបង។

លោកបន្តថា “ខាងខេត្តបាត់ដំបង គេមានគណៈកម្មការរបស់គេ ហើយអាកាសចរណ៍ស៊ីវិលគ្រាន់តែជាសមាជិកមួយ។ ដូច្នេះការសម្រេចចិត្ត យើងផ្តល់ឆន្ទានុសិទ្ធិឱ្យគាត់ច្រើនជាង និងចាំតែផ្តល់ការគាំទ្រទេ”។

កាលពីដើមឆ្នាំមកនេះ អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំងស្ថាបនាព្រលានយន្តហោះនេះហើយ។

យោងតាមអភិបាលខេត្តបាត់ដំបង លោកងួន រតនៈបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែម ជាមួយអ្នកបច្ចេកទេស និងវិនិយោគិន។លោកបន្តថា ផែន​ការស្តារព្រលានយន្តហោះនេះដូចជាស្ងប់ស្ងាត់ ដោយសារការរីករាលដាលជំងឺកូវីដ១៩ និងស្ថិតក្រោមការងាររបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។

ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ ដែលនៅសេសសល់នាពេលបច្ចុប្ប​ន្ននេះ រួមមានផ្លូវរត់ប្រវែង១៦០០ម៉ែត្រ និងទទឹង៣៤ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរចាស់ទ្រុឌទ្រោមផងដែរ៕

គម្រោងអភិវឌ្ឍរីស៊តប្រមាណ៤០ចាប់ផ្តើមសាងសង់នៅខេត្តមណ្ឌលគីរីឆ្នាំ២០២១នេះ

ដោយ សុជាតា

ភ្នំពេញៈ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ការអភិវឌ្ឍន៍លើលំនៅដ្ឋាន និងរីស៊តទេសចរណ៍នៅតែបន្តកើនឡើង នៅភូមិភាគឦសានប្រទេស ដូចជាខេត្តមណ្ឌលគីរី ដែលជាប៉ូលសេដ្ឋកិច្ចទី៤ ដែលមានអភិវឌ្ឍកសិឧស្សាហកម្ម និងអាកាសយានដ្ឋានក្នុងតំបន់ជាដើម។

លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ឆៃលីន ស៊ារៀលធី (CL Realty) បានប្រាប់ Property Area Asia នៅថ្ងៃ១០ ខែសីហា ឆ្នាំ ២០២១ថា ការអភិវឌ្ឍលំនៅស្ថាន និងវីស៊តមានការសាងសង់ជាបន្តបន្ទាប់ ដោយម្ចាស់គម្រោង មានគោលដៅ និងចក្ខុវិស័យច្បាស់លាស់ បើទោះបីគម្រោងមិនច្រើនក៏ដោយ។

លោកបានថ្លែងថា “តួលេខ ដែលយើងទទួលក្រៅផ្លូវការ ឱ្យដឹងថា មានគម្រោងអភីវឌ្ឍចាប៉ពី ៣០ទៅ៤០គម្រោងនៅខេត្តមណ្ឌលគីរីផងដែរៗ។ អ្នកជំនាញអចលនទ្រព្យរូបនេះ បានបន្តថាថា ខេត្តមណ្ឌលគីរី គឺប៉ូលសេដ្ឋកិច្ចទី ៤ ដោយរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ចំពោះគម្រោងទេសចរណ៍ ស្របតាមគោលនយោបាយឆ្នាំ២០២១ ទៅ២០៣៥។

ដោយឡែក ចំពោះការទិញលក់អចលនទ្រព្យនៅខេត្តភាគឦសាននេះដែរ អ្នកជំនាញខាងអចលនទ្រព្យរូបនេះ បានលើកឡើងថា ការទិញលក់នៅតែមាននៅឡើយ ប៉ុន្តែអាចបាត់បង់អស់សន្ទុះក្នុងអត្រា៧០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២០។

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ន ចំពោះតម្លៃវិញ ការលក់គឺពិបាកលក់ក្នុងតម្លៃខ្ពស់ ហើយស្ទើរតែ៥០ភាគរយនៅតម្លៃទ្រឹង និង៣០ភាគរយលក់ក្នុងតម្លៃស្មើដើម ព្រមទាំង២០ភាគរយលក់ក្រោមទីផ្សារអចលនទ្រព្យ អំឡុងពេលវិបត្តិសកលនេះ។ ចំពោះ តម្លៃទីផ្សារអចលនទ្រព្យនៅខេត្តនេះ ភាគច្រើនត្រូវបានគិតម៉ែត្រដើរ (យើងហៅថា ម៉ែត្រខ្សែ) និងជាហិតតា ដោយទំហំដីធំៗនៅ។

នៅតំបន់ទីប្រជុំជន៥០០០ដុល្លារ រហូតដល់១ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រដើរ។ ឆ្ងាយពីទីប្រជុំជនគឺតម្លៃចាប់ពី៣០០០ ដុល្លារទៅ២០០០ដុល្លារ ក្នុងមួយម៉ែត្រដើរ និងតម្លៃប្រមាណ២ម៉ឺនក្នុងមួយហិតតា សម្រាប់ដីចំការ។

លោកច្រឹក សុខនីមប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា ធ្លាប់មានប្រសាសន៍ថា អ្នកវិនិយោគ ដែលធ្វើដំណើរទៅខេត្តនេះ ភាគច្រើនគឺទៅស្វែងរកដីសម្រាប់ការវិនិយោគ ដោយសារមិនទាន់មានផែនការមេអភិវឌ្ឍន៍ច្បាសលាស់ ហើយការវិនិយោគដីធ្លីត្រូវបានធ្វើឡើងនៅក្នុងទីក្រុងសែនមនោរម។

លោកបានថ្លែងបន្តថា ខេត្តមណ្ឌលគីរីនឹងអាចក្លាយតំបន់អេកូទេសចរណ៍ និងកន្លែងដោះដូរទំនិញនាពេលខាងមុខ ដោយសារខេត្តនេះមានសក្តានុពលផ្នែកអេកូទេចរណ៍ និងព្រលានយន្តហោះ ដែលត្រៀមធ្វើការអភិវឌ្ឍនាពេលខាង៕

ការសិក្សារបស់អាមេរិក រកឃើញថា ជាង៩៩,៩៩%នៃអ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូសគ្មានករណីតេស្តវិជ្ជមានធ្ងន់ធ្ងរ ឬស្លាប់

សុខុម

វ៉ាស៊ីនតោន: ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បង្ហាញថា ជាង៩៩.៩៩%នៃអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស គ្មានករណីតេស្តវិជ្ជមានកូវីដ-១៩ ធ្ងន់ធ្ងរដែលត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឬស្លាប់ឡើយ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៩ សីហា។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ឱ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែសីហា នេះ ពលរដ្ឋអាមេរិក ជាង១៦៤លាននាក់ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងទាំងនោះ មានតិចជាង០.០០១%ស្មើនឹងចំនួន១.៥០៧នាក់ដែលបានបាត់បង់ជីវិត និងតិចជាង០.០០៥%ស្មើនឹងចំនួន៧.១០១នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយករណីវិជ្ជមានកូវីដ-១៩។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានផ្សាយទិន្នន័យអំពីករណីតេស្តវីរុសកូវីដ-១៩ ធ្ងន់ធ្ងរ ឬស្លាប់លើកចុងក្រោយនៅថ្ងៃទី២៦ កក្កដា។ តួលេខចុងក្រោយនេះរួមបញ្ចូលករណីតេស្តវិជ្ជមានកូវីដ-១៩ ធ្ងន់ធ្ងរចំនួន៩៣៨ករណី ដែលក្នុងនោះករណីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមានចំនួន៨៦២ករណី និងករណីស្លាប់ចំនួន២៤៤ករណីដែលត្រូវបានរាយការណ៍ក្នុងរយៈពេល៧ថ្ងៃផងដែរ។

ទោះជាយ៉ាងណា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលានៃករណីតេស្តវិជ្ជមានឡើងវិញទាំងនោះឡើយ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បង្ហាញថា ប្រហែល៣ភាគ៤ (៧៤%) នៃករណីតេស្តវិជ្ជមានទាំងអស់ក្រោយចាក់វ៉ាក់សាំងរួចយ៉ាងតិច២សប្ដាហ៍ គឺស្ថិតក្នុងចំណោមមនុស្សចាស់មានវ័យចាប់ពី៦៥ឆ្នាំឡើងទៅ។ ហើយក្នុងចំណោមអ្នកស្លាប់ប្រមាណ១.៥០០នាក់ទៀតសោត គឺក្នុងចំណោម៥នាក់ មានម្នាក់បានស្លាប់ដោយសារកត្តាផ្សេងក្រៅពីវីរុសកូវីដ-១៩ បើទោះបីជាពួកគេតេស្តវិជ្ជមានកូវីដ-១៩ក្រោយចាក់វ៉ាក់សាំងរួចក៏ដោយ។

ចាប់តាំងពីខែឧសភា ដើមឆ្នាំ២០២១ នេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានផ្តោតលើការស៊ើបអង្កេតតែទៅលើករណីដែលបានបញ្ជូនទៅមន្ទីរពេទ្យ ឬករណីស្លាប់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសប៉ុណ្ណោះ។

នេះអាចចាត់ទុកជាដំណឹងដ៏គួរឱ្យរីករាយមួយ ខណៈរដ្ឋាភិបាលនានាទូទាំងពិភពលោកកំពុងតែប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យពលរដ្ឋរបស់ខ្លួនដើម្បីសម្រេចគោលដៅភាពស៊ាំក្នុងសហគមន៍ (Community resilience) នៅត្រឹមដំណាច់ឆ្នាំនេះ ឬយ៉ាងយូរនៅដើមឆ្នាំ២០២២ ដើម្បីឈានទៅបញ្ចប់វិបត្តិសកលដ៏កាចសាហាវនេះ៕

រដ្ឋាភិបាលប្រកាសលុបគម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍មួយនៅខេត្តសៀមរាប

ដោយៈ ប៊ី

ភ្នំពេញៈ ទីស្ដីការគណៈរដ្ឋមន្រ្តី បានប្រកាសលុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុននេះ ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្ន។ យោងតាមលិខិត ចុះហត្ថលេខានៅថ្ងៃទី២៩ កក្កដា ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

លិខិតដែលចុះហត្ថលេខាដោយលោកហ៊ីង ថូរ៉ាក់ស៊ីរដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី បានបានឱ្យដឹងថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគ ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។

គណៈរដ្ឋមន្រ្តី បង្កើតគណៈកម្មការអន្ដរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងទីស្ដីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយសំណងទូទាត់របស់គម្រោងខាងលើនេះផងដែរ។

លោកសុខ ថុលនាយករដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមការងារបានជួបប្រជុំជាមួយភាគីក្រុមហ៊ុន ចំនួន៣ដងរួចមកហើយ។

ទោះបីយ៉ាងណាក៏ដោយ លោកសុំមិនធ្វើការអត្ថាធិប្បាយលម្អិតទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រាជរដ្ឋាភិបាលពិតជាបានលុបគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍របស់ក្រុមហ៊ុន ស៊ូ ជីង នេះពិតប្រាកដមែន៕

កត្តាពីរជំរុញឱ្យលោកគាម សៀកឡុងនិពន្ធសៀវភៅវិថីអចលនទ្រព្យសម្រាប់អ្នកកំពុងប្រឡូកក្នុងវិស័យនេះ

កត្តាពីរជំរុញឱ្យលោកគាម សៀកឡុងនិពន្ធសៀវភៅវិថីអចលនទ្រព្យសម្រាប់អ្នកកំពុងប្រឡូកក្នុងវិស័យនេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សៀវភៅ វិថីអចលនទ្រព្យ ដែលជាស្នាដៃនិពន្ធរបស់លោកគាម សៀកឡុងស្ថាបនិកនៃក្រុមហ៊ុនអចលនវត្ថុ Century 21 Dream property សម្រាប់ផ្ដល់ជូនអ្នក ដែលមានបំណងប្រឡូកក្នុងវិស័យអចលនទ្រព្យក៏ដូចអ្នកដែលកំពុងប្រឡូកក្នុងវិស័យអចលនទ្រព្យ។

លោកគាម សៀកឡុងបានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនៅថ្ងៃទី១០ ខៃសីហា ឆ្នាំ២០២១នេះថា មានកត្តាពីរដែលជំរុញឱ្យលោកចាប់ផ្ដើមនិពន្ធសៀវភៅនេះឡើង ហើយលោកនិពន្ធនៅចំពេលដែលរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយមិនដឹងថា ត្រូវចេញទៅណាបាននិងធ្វើអ្វីបានលោកក៏សម្រេចចិត្តនិពន្ធសៀវភៅនេះឡើងតែម្ដង ។

លោកបន្តថា កត្តាទី១ គឺលោកចង់ចែករំលែកចំណេះដឹង បទពិសោធន៍ ដែលលោកធ្លាប់ឆ្លងកាត់ការអនុវត្តជាក់ស្ដែង រួមទាំងបទពិសោធន៍បរាជ័យជាច្រើន ដែលលោកបានឆ្លងកាត់។ ដូច្នេះ សៀវភៅនេះនឹងជួយបំភ្លឺដល់អ្នក ដែលនឹងប្រឡុកក៏ដូចជាកំពុងប្រឡូកក្នុងវិស័យអចលនទ្រព្យ ដោយមិនចង់ឱ្យអ្នក ដែលនឹងចូលក្នុងវិស័យនេះត្រូវខាតពេលវេលានិងថវិកាឡើយ។

លោកបានឱ្យដឹងទៀតថា កត្តាទី២ ចំណូលដែលបានពីការលក់សៀវភៅនេះ លោកនឹងយកទៅធ្វើការងារមនុស្សធម៌ ជួយដល់សង្គមជាតិ ជាក់ស្ដែងមួយរយៈនេះរដ្ឋាភិបាលបានជួបបញ្ហាប្រឈមច្រើន ដូច្នេះត្រូវការជំនួយច្រើន។

លោកបន្ថែមថា សៀវភៅដែលមានចំណងជើងថា វិថីអចលនទ្រព្យ នេះ គឺបែងចែកជាបីជំពូកសំខាន់ៗ ដោយទី១សំដៅដល់អ្នកដែលមិនទាន់ប្រឡូកក្នុងវិស័យអចលនទ្រព្យ ហើយសៀវភៅនេះ នឹងផ្ដល់ជាគន្លឹះសម្រាប់ពួកគាត់មុននឹងចូលប្រឡូកក្នុងវិស័យនេះ។

ជំពូកទី២ និយាយលម្អិតពីអ្នកដែលចង់បង្កើតក្រុមហ៊ុន ក្នុងនោះដែរមានទាំងអ្នកបង្កើតក្រុមហ៊ុនមិនមានបទពិសោធន៍ អ្នកបង្កើតក្រុមហ៊ុនបន្ទាប់ពីធ្វើការទទួលបានបទពិសោធន៍ និងអ្នកទិញFranchise មកធ្វើអាជីវកម្មតែម្ដង។

ជំពូកទី៣ គឺសម្រាប់អ្នកដែលចង់វិនិយោគអចលនទ្រព្យ គឺធ្វើយ៉ាងម៉េចដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ អត់មានហានិភ័យ ការវិនិយោគដែលមានសុវត្ថិភាព និងមានការឆ្លើយជាសំនួរដែលមានអ្នកសួរលោកច្រើនជុំវិញការវិនិយោគអចលនទ្រព្យ។

លោកសៀកឡុងបញ្ជាក់ថា ជាជំហានដំបូងលោកនឹងបោះពុម្ពសៀវភៅនេះ ចំនួន១០០០ក្បាល សម្រាប់លក់ចែកជូនដល់អ្នកចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យក៏ដូចជាអ្នកដែលចង់ចេះចង់ដឹងពីវិស័យអចលនទ្រព្យ ។ លោកមិនទាន់ប្រាកដទេថាស្នាដៃបន្ទាប់របស់លោកនឹងចេញទៀតឬក៏យ៉ាងណា ក្នុងពេលលោកជាអ្នកវិនិយោគ ហើយមិនសូវមានពេលវេលាទំនេរច្រើនឡើយ។

លោកបានថ្លែងថា “បើសិនជាខ្ញុំទំនេរ ខ្ញុំនឹងនិពន្ធសៀវភៅប្រភេទនេះបន្តបន្ទាប់ដើម្បីចែករំលែកចំណេះដឹងបទរបស់លោកក្នុងវិស័យអចលនទ្រព្យ ចែកជូនអ្នកអាន សម្រាប់ជាគន្លឹះខ្លះៗ”៕

World Bank នឹងបន្តពិនិត្យការអនុវត្តគម្រោងរបស់ខ្លួនក្នុងទំហំទឹកប្រាក់ប្រមាណ១១០០លានដុល្លារនៅកម្ពុជា

World Bankនឹងបន្តពិនិត្យការអនុវត្តគម្រោងរបស់ខ្លួនក្នុងទំហំទឹកប្រាក់ប្រមាណ១១០០លានដុល្លារនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារពិភពលោក (World Bank) នឹងបន្តពិនិត្យការអនុវត្តគម្រោងនៅកម្ពុជាក្នុងទឹកប្រាក់ជាង១,១ពាន់លានដុល្លារ ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្តតាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគាររបស់ខ្លួន។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងថ្មីប្រចាំនៅប្រទេសកម្ពុជា នឹងមើលការខុសត្រូវរួមពីលើកិច្ចការប្រចាំថ្ងៃរបស់ធនាគារពិភពលោកជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានកញ្ចប់គម្រោងនានាគិតជាតម្លៃទឹកប្រាក់សរុបប្រមាណ១,១ពាន់លានដុល្លារអាមេរិក (US$1.1 billion) ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។

គម្រោងទាំងនោះត្រូវបានរៀបចំតម្រូវតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា អមដោយគោលដៅពីររបស់ធនាគារពិភពលោក គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។

ក្របខណ្ឌភាពជាដៃគូរបស់ធនាគាពិភពលោកសម្រាប់ប្រទេសកម្ពុជាសម្រាប់ដំណាក់កាលឆ្នាំ ២០១៩-២០២៣ ផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាពរបស់វិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន, លើការវិនិយោគលើធនធានមនុស្សតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាអប់រំ និងសេវាសុខាភិបាលមានគុណភាពសម្រាប់ក្មេងតូច, លើការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្ម, លើការលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងថ្មីរបស់ធនាគាពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ខ្ញុំមាន សោមនស្សក្រៃលែងដែលបានមកកាន់តំណែងថ្មីនេះ ហើយខ្ញុំកាន់តែរីករាយណាស់ដែរដែលបានត្រឡប់មកកម្ពុជាវិញ នៅ១៧ឆ្នាំក្រោយគិតចាប់ពីពេលដែលខ្ញុំបានបញ្ចប់ការងារនៅកម្ពុជា ក្នុងនាមជាប្រធានក្រុមនៃគម្រោងពាក់ព័ន្ធមូលនិធិសង្គមសម្រាប់ពង្រឹងសហគមន៍ និងប្រយុទ្ធនឹងភាពក្រីក្រ”។

លោកស្រីមានពោលបន្ថែមទៀតថា “ខ្ញុំត្រៀមខ្លួនជាស្រេចនឹងធ្វើការជាមួយសហសេវិកកម្ពុជារបស់ខ្ញុំ ដើម្បីជួយប្រទេសកម្ពុជាគ្រប់គ្រងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩, រៀបចំមូលដ្ឋានសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និងកសាងភាពធន់សម្រាប់ទប់ទល់ជាមួយហេតុការណ៍អង្រួនកន្ត្រាក់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ”៕

គម្រោងធំៗមួយចំនួននៅប៉ែកខាងត្បូងរាជធានីភ្នំពេញធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍលំនៅឋានកាន់តែទាក់ទាញ

គម្រោងធំៗមួយចំនួននៅប៉ែកខាងត្បូងរាជធានីភ្នំពេញធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍលំនៅឋានកាន់តែទាក់ទាញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងធំៗមួយចំនួន ដែលកំពុងសាងសង់ និងអភិវឌ្ឍន៍នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ បាននិងកំពុងទាក់ទាញ ការអភិវឌ្ឍលំនៅឋានកាន់តែខ្លាំងបន្ថែមទៀត និងបានជំរុញឱ្យទីផ្សារអចលនទ្រព្យនៅតំបន់នោះ នៅតែរក្សាតម្លៃល្អ ទោះបីស្ថិតនៅក្នុងវិបត្តិបែបនេះក្ដី។

គម្រោងដែលត្រូវបានគេមើលឃើញថា កំពុងតែបង្ហាញពីកិត្យានុភាពក្នុងការទាក់ទាញវិនិយោគិន ក្នុងការសម្លឹងទៅរកតំបន់ប៉ែកខាងត្បូងភ្នំពេញ និងធ្វើឱ្យវិស័យលំនៅឋានក្នុងតំបន់កាន់តែទាក់ទាញនោះ រួមមានគម្រោងផ្សារទំនើបអ៊ីអនម៉ល៣។ គម្រោងនេះ បាននិងកំពុងសាងសង់ទៅដោយរលូនទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិបែបណាក្ដី ។

គម្រោងមួយទៀត ដែលទាក់ទាញវិនិយោគិនអភិវឌ្ឍន៍លំនៅឋានទៅប៉ែកខាងត្បូងនោះគឺគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលគម្រោងនេះកំពុងតែសាងសង់ជិតរួចរាល់ជាស្ថាពររួចហើយ។ គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣របស់រដ្ឋាភិបាល ក៏បានជំរុញឱ្យតម្លៃអចលនទ្រព្យជាពិសេសតម្លៃដីធ្លីនៅតំបន់ក្រវ៉ាត់ក្រុងនោះកាន់តែមានសន្ទុះមួយកម្រិតទៀត ។

គម្រោងធំមួយទៀត ដែលធ្វើឱ្យតម្លៃនិងទាក់ទាញការអភិវឌ្ឍលំនៅឋានកាន់តែខ្លាំងនៅប៉ែកខាងត្បូងភ្នំពេញ គឺគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី ដែលព្រលានយន្តហោះធំលំដាប់ទី ៩ នៅលើពិភពលោក។ គម្រោងនេះ បាននិងកំពុងសាងសង់យ៉ាងមមាញឹកផងដែរ មកដល់ពេលនេះ ហើយវាក៏បានទាក់ទាញការអភិវឌ្ឍលំនៅឋានជាបណ្ដើរៗផងដែរ ។

តាមម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានមួយចំនួន ក៏បានយកឈ្មោះគម្រោងផ្សារទំនើបអ៊ីអនម៉ល៣ ក្នុងការឃោសនាលក់គម្រោងរបស់ខ្លួនផងដែរ ជាក់ស្ដែងអ្នកស្រីសុខ បូរីប្រធានទីផ្សារនៃម្រោងអភិវឌ្ឍន៍លំនៅឋានបុរីខេមរភូមិ ក៏បានឱ្យដឹងថា កត្តាដែលជំរុញឱ្យម្ចាស់បុរីជ្រើសរើសទីតាំងប៉ែកខាងត្បូងសម្រាប់ការអភិវឌ្ឍលំនៅឋាន ដោយសារតែមើលពីសក្ដានុពលជាច្រើនក្នុងតំបន់ ក្នុងនោះគម្រោងផ្សារទំនើបអ៊ីអនម៉ល៣ក៏ជាកត្តាជំរុញក្នុងការអភិវឌ្ឍផងដែរ។

អ្នកស្រីបន្តថាកត្តាផ្សេងទៀតដែលជំរុញឱ្យក្រុមហ៊ុនងាកមកចាប់អារម្មណ៍និងអភិវឌ្ឍន៍លំនៅឋានក្នុងតំបន់នេះ ពីព្រោះ តំបន់ប៉ែកខាងត្បូងមានគម្រោងធំៗមួយចំនួនទៀត ដូចជាគម្រោងស្ថាបនាផ្លូវថ្មីៗ និងពង្រីកផ្លូវចាស់ឡើងវិញគម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសំខាន់សម្រាប់ធ្វើដំណើរទៅបណ្ដាខេត្តដោយមិនបាច់ចាំឆ្លងរាជធានីភ្នំពេញ។

ក្រៅពីនេះ គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏ជាកត្តាជំរុញឱ្យមានការអភិវឌ្ឍលំនៅឋានផងដែរ ។
លោកសន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានលើកឡើងផងថា តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ត្រូវបានមើលឃើញថាសន្ទុះនៃតម្លៃដីធ្លីមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យកំណើនដីធ្លីក្នុងរាជធានីភ្នំពេញទាំងមូលជាមធ្យមរក្សាបានកំណើនផងដែរ ទោះបីជាតំបន់មួយចំនួនក្នុងរាជធានីមិនបានកើនឡើងក្ដី៕

ក្នុងរយៈពេល៦ឆ្នាំ ក្រសួងប្រៃសណីយ៍នឹងដាក់ពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទាំងអស់ទូទាំងប្រទេស

ក្នុងរយៈពេល៦ឆ្នាំ ក្រសួងប្រៃសណីយ៍នឹងដាក់ពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទាំងអស់ទូទាំងប្រទេស

ដោយៈ ម៉ាណេត

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ផែនការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទូទាំងប្រទេសនៅឆ្នាំ២០២៧ ឬក្នុងរយៈពេលជាង៦ឆ្នាំ គិតចាប់តាំងពីពេលនេះ និងដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញឲ្យបានឆាប់។

លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា ក្រសួងបានកំពុងខិតខំធ្វើយ៉ាងណា ជំរុញឲ្យមានការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទាំងអស់ទូទាំងប្រទេសនៅឆ្នាំ២០២៧ខាងមុខ។

លោកបានបញ្ជាក់បន្ថែមថា តាមផែនការពង្រាយអង់តែនទូរស័ព្ទនេះ នឹងអាចជួយឲ្យមានស្ថិរភាពប្រព័ន្ធសេវា សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទាំង ការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីធឺណេតផងដែរ។

លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបញ្ជាក់ពីការដោះស្រាយបញ្ហាសេវាទូរស័ព្ទ ក្នុងបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញផងដែរ ដែលកន្លងទៅមានប្រជាពលរដ្ឋយើង រអ៊ូរទាំថា ឲ្យតែចូលក្នុងបុរីទូរស័ព្ទគ្មានសេវា ហើយប្រតិបត្តិករទូរស័ព្ទតែងឆ្លើយដោះសារលើបញ្ហានេះ។

ចំពោះដំណោះស្រាយនេះ លោកបានបញ្ជាក់ថា ក្រសួងនឹងដាក់ឧបរណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទ ក្នុងបុរី ឬទីកន្លែងណាដែលមានបញ្ហា មិនមានសេវា ហើយបង្ហាញឲ្យក្រុមហ៊ុនទូរស័ព្ទទាំងនោះកែលម្អ និងដោះស្រាយ។

ក្នុងកិច្ចប្រជុំនេះដែរ លោកជា វ៉ាន់ដេត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំព្រួយបារម្ភចំពោះការសង់អង់តែងទូរស័ព្ទ ដែលបំពាក់នៅលើផ្ទះ ឬជិតផ្ទះថា ប៉ះពាល់ដល់សុខភាពឲ្យសោះ គឺមិនប៉ះពាល់សុខភាពបងប្អូននោះទេ។ ឯកឧត្តមថា តាមការសិក្សារបស់ស្ថាប័នជំនាញអន្តរជាតិ រកឃើញថា កំដៅដែលភាយចេញពីអង់តែងទាំងនោះ មានកម្រិតតិចជាងកំដៅព្រះអាទិត្យរហូតដល់១០ដង៕

កំពង់ផែស្វយ័តភ្នំពេញគ្រោងចំណាយទុន១០លានដុល្លារដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឆ្នាំនេះ

កំពង់ផែស្វយ័តភ្នំពេញគ្រោងចំណាយទុន១០លានដុល្លារដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឆ្នាំនេះ

ដោយៈ សុជាតា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញបានអះអាងថា កំពង់ផែស្វយ័តភ្នំពេញគ្រោងចំណាយទុនវិនិយោគប្រមាណ១០លានដុល្លារ ក្នុងការការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្តបន្ទាប់។

លោកហ៊ឺ បាវីអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ប្រាប់ Property Area Asia កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា ការអភិវឌ្ឍចំណតកុងតឺន័រនេះ គឺធ្វើឡើងតាមដំណាក់កាលរយៈពេលខ្លី និងដំណាក់កាលរយៈវែង ដើម្បីងាយស្រួលដល់ការធ្វើចរាចរ ជាពិសេសរថយន្តកុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ។

លោកបានថ្លែងបន្តថា ចំពោះដំណាក់កាលទីបី ខ ឆ្នាំ២០២១នេះ កំពង់ផែភ្នំពេញ បានពង្រីកនៅផ្ទៃដី៥.៥ហិកតា ដើម្បីឈានទៅការពង្រីកចំណតដំណាក់កាលទីបីនេះ ដែលរយៈពេលរហូតដល់ឆ្នាំ២០២៣ ខាងមុខ។

លោកបញ្ជាក់បន្ថែមទៀតថា កំណើននៃចរាចរតាមកំពង់ផែភ្នំពេញ គឺត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងរង្វង់១០ភាគរយ នៅឆមាសទី១ ឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ចំពោះទំនិញ ដែលបានឆ្លងកាត់កំពង់ផែភ្នំពេញ គឺភាគច្រើនការនាំចូលទំនិញ ដូចជាវត្ថុធាតុដើមនៃវិស័យកាត់ដេរ និងនាំចេញទំនិញ និងផលិតផលសម្រេចដូចជា ខោអាវ កសិផល និងអង្ករជាដើម។

កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្តើមសាងសង់ចំណតផែកុងតឺន័រជំហាទី១ ចាប់តាំងពីឆ្នាំ២០១១ មក ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ ម៉ឺនTeus ក្នុងមួយឆ្នាំ ហើយគម្រោងជំហានទីពីរ ចំណាយថវិការប្រមាណ៩លានដុល្លារមានសមត្ថភាពផ្ទុកកុងតឺន័រ បានចំនួន៣០ម៉ឺន Teus។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ គ្រោងចំណាយថវិកាប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូត ៥០ ម៉ឺន Teus ក្នុងមួយឆ្នាំ។

ថៃអញ្ជើញក្រុមវិនិយោគិនឱ្យដេញថ្លៃគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តរ៉ាក់យ៉ង

ថៃអញ្ជើញក្រុមវិនិយោគិនឱ្យដេញថ្លៃគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តរ៉ាក់យ៉ង

ដោយៈ សុខុម

បាងកក: យោងតាមអាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) ឱ្យដឹងថា ក្រុមវិនិយោគិនដែលមានសក្ដានុពលត្រូវបានអញ្ជើញឱ្យចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី៣ នៃកំពង់ផែទឹកជ្រៅ Map Ta Phut Port នៅខេត្តរ៉ាក់យ៉ង (Rayong)។

យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី១០ សីហា នេះឱ្យដឹងថា អាជ្ញាធរដដែលគ្រោងប្រកាសអំពីលក្ខខណ្ឌនៃគម្រោងនេះទៅដល់ក្រុមអ្នកដេញថ្លៃ ដែលមានចំណាប់អារម្មណ៍នៅចុងឆ្នាំនេះ។

កំពង់ផែថ្មីនេះគឺសម្រាប់នាវាចូលចតដើម្បីលើកឡើង និងដាក់ចុះនូវទំនិញផលិតផលរាវរួមមានទាំងគីមីឥន្ធនៈ (petrochemical) ផងដែរ។ កំពង់ផែនេះនឹងសមត្ថភាពទទួលទំនិញបាន៤លានតោនក្នុងមួយឆ្នាំៗដែលគិតជាទំហំទឹកប្រាក់ប្រមាណ៤,៣ពាន់លានបាត (១២៨,៥លានដុល្លារអាមេរិក)។

លោក Veeris Ammarapala អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) រំពឹងថានឹងអាចចុះកិច្ចព្រមព្រៀងជាមួយវិនិយោគណាម្នាក់នៅខែតុលា ឆ្នាំ២០២២។ ដំណើរការសាងសង់កំពង់ផែនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៤ ហើយការដំណើរការគ្រោងចាប់ផ្ដើមនៅឆ្នាំ២០២៦។

បន្ទាប់ពីអាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) កាលពីពេលថ្មីៗនេះបានរៀបចំសិក្ខាសាលាតាមបណ្ដាញអ៊ីនធឺណិតមួយដើម្បីស្ទង់មតិបណ្ដាវិនិយោគិនអំពីគម្រោងអភិវឌ្ឍន៍បែបនេះ លោក Veeris Ammarapala បានថ្លែងថា “ក្រុមវិនិយោគិនដែលមានសក្ដានុពលមានចំណាប់អារម្មណ៍លើការអភិវឌ្ឍដំណាក់កាលទី៣ នៃកំពង់ផែទឹកជ្រៅ Map Ta Phut Port នៅខេត្តរ៉ាក់យ៉ង”។

ខេត្តរ៉ាក់យ៉ង រួមជាមួយខេត្តឈុនប៊ូរី (Chon Buri) និងខេត្តឆាក់ឆឺនសៅ (Chachoengsao) ស្ថិតក្រោមគម្រោងច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា (Eastern Economic Corridor) របស់រដ្ឋាភិបាលថៃ ដែលមានបំណងសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មបំពាក់បច្ចេកបំពាក់វិទ្យាខ្ពស់កម្រិតថ្មីនៅក្នុងប្រទេសថៃ។

ការអភិវឌ្ឍដំណាក់កាលទី៣ នៃកំពង់ផែទឹកជ្រៅ Map Ta Phut Port មានទំហំវិនិយោគសរុប៥៥ពាន់លានបាត (១,៦៤ពាន់លានដុល្លារអាមេរិក)៕