ហានិភ័យសេដ្ឋកិច្ចចិនៈ ក្រុមហ៊ុនអចលនទ្រព្យចិនធំមួយទៀតបានរងវិបត្តិបំណុល

0

ដោយៈសុខុម

ប្រទេសចិន: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយទៀត មានឈ្មោះថា Sinic Holdings បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១១ តុលា ថា ខ្លួនទំនងជាគ្មានលទ្ធភាពទូទាត់សងថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលតម្លៃ២៥០លានដុល្លារអាមេរិក តាមពេលកំណត់នោះទេ ព្រោះពេលនេះខ្លួនគ្មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ឡើយ។

ករណីក្រុមហ៊ុននេះ ឆ្លុះបញ្ចាំងពីផលប៉ះពាល់បង្កឡើង ដោយវិបត្តិបំណុលគរដូចភ្នំរហូតដល់ទៅ៣០៥ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group មកលើវិស័យអចលនទ្រព្យចិនទាំងមូល នៅពេលរំហូរសាច់ប្រាក់រីងស្ងួត ហើយការលក់ក៏ធ្លាក់ចុះទាប។

ក្រុមហ៊ុន Sinic Holdings ធ្លាប់បាននិយាយកាលពីខែកញ្ញាថា ម្ចាស់បំណុលម្នាក់បានទាមទារឱ្យខ្លួនសងប្រាក់ដើម និងការប្រាក់បង្គរ មិនបានបង់សរុបចំនួន៧៥.៤លានដុល្លារអាមេរិក លើថ្លៃសញ្ញាប័ណ្ណក្រៅប្រទេស។

ក្រុមហ៊ុននេះនិយាយទៀតថា ការទាមទាររបស់ម្ចាស់បំណុលនោះ អាចនឹងធ្វើឱ្យខ្លួន ត្រូវទូទាត់សងថ្លៃសញ្ញាប័ណ្ណភ្លាមៗ រហូតដល់ទៅ៧១០លានដុល្លារអាមេរិក ប្រ​សិ​​​នបើម្ចាស់បំណុលផ្សេងៗទៀតទាមទារដូចនេះដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុននេះនិយាយថា ពេលនេះខ្លួនកំពុងចរចាជាមួយម្ចាស់បំណុល និងភាគីពាក់ព័ន្ធផ្សេងទៀតជុំវិញលក្ខខណ្ឌទូទាត់សង។ ការទូទាត់សងប្រាក់ដើម និងការបង់ការប្រាក់ចុងក្រោយលើថ្លៃសញ្ញាប័ណ្ណតង់ទី១ នឹងមានចំនួន២៥០លានដុល្លារអាមេរិក ដែលនឹងដល់ពេលត្រូវបង់នៅថ្ងៃទី១៨ តុលា ដ៏ខ្លីខាងមុខនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sinic Holdings ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន មានបំណុលសរុបចំនួន១,០១ពាន់លានដុល្លារអាមេរិក។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានផ្អាកការជួញដូរចាប់តាំងពីថ្ងៃទី២០ កញ្ញា មកម៉្លេះ បន្ទាប់ពីបានដាំក្បាលចុះ រហូតដល់ទៅជិត៩០%នៅក្នុងថ្ងៃដដែលនោះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here