ចំណេះដឹងថ្មីៈ តើអ្នកត្រូវសាងសង់ផ្ទះត្រូវមានគម្លាតប៉ុន្មានម៉ែត្រពីផ្លូវជាតិនានា?

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ផ្ទះរបស់អ្នកអាចនឹងត្រូវរុះរើ ឬវាយចោល បើសិនជារដ្ឋាភិបាលត្រូវពង្រីកផ្លូវជាតិ ផ្លូវល្បឿនលឿន និងផ្លូវជាតិស្ថិតនៅតាមបណ្តាខេត្តនានា។

ហេតុនេះការសិក្សាពូមូលដ្ឋានសំខាន់ទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យប្រាកដថា ផ្ទះរបស់អ្នកមិនត្រូវកំទេចចោល ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានអនុម័តឲ្យប្រើប្រាស់នៅឆ្នាំ២០១៤កន្លងមកបាន​បង្ហាញថា រាល់ការសាងសង់សំណង់ ដែលមានច្រកផ្លូវចេញចូលជាប់នឹងផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត គឺតម្រូវឱ្យទុកគម្លាតពីសំណង់ទៅព្រំដីចំណីផ្លូវ ក្នុងកម្រិតណាមួយជាក់លាក់ អាស្រ័យទៅលើទំហំ និងប្រភេទនៃសំណង់នោះ។

១. ការសាងសង់សំណង់ដូចជា ស្ថានីយប្រេងឥន្ធនៈ
ស្ថានីយហ្គាស កន្លែងលាងយានយន្ត យានដ្ឋាន ឬសំណង់ប្រហាក់ប្រហែលផ្សេងៗទៀត ដែលមានមនុស្សជួបជុំគ្នាមធ្យម ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិច១៥ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។

២. ចំណែកការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុកីឡដ្ឋាន ទីលានប្រកួត រោងមហោស្រពមន្ទីរ ពេទ្យ គ្រឹះស្ថានសិក្សា ការរៀបចំផ្សារ ផ្សារណាត់ ពិព័រណ៍ទំនិញ ឬកិច្ចការផ្សេងទៀត ដែលមានមនុស្សជួបជុំគ្នាច្រើន ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិចបំផុត៥០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។

រាល់ការចាក់ដី ឬធ្វើអ្វីមួយលើដីចំណីផ្លូវ ដើម្បីធ្វើផ្លូវចេញចូលគេហដ្ឋាន ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗជាប់ផ្លូវថ្នល់ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាត ទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ជាមុនសិន។

ចំណែកការជីកកប់ ជីកគាស់ ចោះខួង ឬសកម្មភាពផ្សេងទៀតសម្រាប់បម្រើការងារអាជីវកម្ម និងការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬប៉ាណូផ្សេងៗ ដែលអាចបង្កឱ្យខូចខាតនិងប៉ះពាល់តួផ្លូវ ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ឬ ចំណីផ្លូវ ក៏ត្រូវសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផងដែរ។

ចំពោះការសាងសង់ដោយមិនទុកគម្លាត ដូចដែលបានលើកឡើងខាងលើ ច្បាប់នឹងធ្វើការផាកពិន័យ ជាប្រាក់ពី១០០ ០០០រៀល ទៅ ១ ០០០ ០០០ រៀល និងតម្រូវឱ្យ​រុះរើចេញនូវសំណង់នោះ ។ ក្នុងករណីរឹងទទឹង ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ រៀល ទៅ ៤ ០០០ ០០០រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here