ដោយៈសុខុម
សឹង្ហបុរី: ការលក់លំនៅដ្ឋានម៉ៅបញ្ចូលគ្នានៅសិង្ហបុរី កំពុងមានសន្ទុះហក់ឡើងខ្ពស់ក្នុងឆ្នាំ២០២១ ដោយ២៥គម្រោងត្រូវបានដាក់លក់ លើទីផ្សារចាប់តាំងពីដើមឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងខ្ពស់ជាងទ្វេដង បើធៀបទៅនឹង១១គម្រោងដែលបានដាក់លក់ក្នុងឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១១ តុលា នេះ។
ក្នុងនោះគម្រោងខុនដូ Chuan Park Condominium ដែលជាគម្រោងលំនៅដ្ឋានដ៏ធំបំផុតនៅក្នុងប្រទេសសិង្ហបុរី លើផ្ទៃដីស្មើនឹងផ្ទៃ១៤០ទីលានវាយតិន្នីស លក់ម៉ៅបញ្ចូលគ្នាបានរហូតដល់ទៅ៨០% សម្រាប់ការដាក់ដេញថ្លៃលក់ម៉ៅបញ្ចូលគ្នា ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ បន្ទាប់ពីរកអ្នកទិញមិនបាននៅក្នុងឆ្នាំ២០១៨។
គម្រោងដ៏ធំដែលមានខុនដូ ចំនួនចន្លោះពី៩០០យូនីត ទៅ៩១៩យូនីតខាងលើនេះ មានម្លៃសរុប៩៣៨លានដុល្លារ ដោយក្នុងមួយយូនីតលក់ ក្នុងតម្លៃរហូតដល់ទៅ២,៦៦លានដុល្លារ អាស្រ័យលើផ្ទៃនៃយូនីតនីមួយៗ។
កំណើននៃការលក់លំនៅដ្ឋាននេះ បង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យអបអរសាទរសម្រាប់វិស័យអចលនទ្រព្យ ក្នុងប្រទេសដែនកោះ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ ក៏ដូចជាវិស័យអចលនទ្រព្យក្នុងតំបន់។
កំណើនខ្ពស់នៃការលក់លំនៅដ្ឋាននេះកើតមានឡើង ស្របពេលទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិន កំពុងជួបភាពវឹកវរ ក្រោយផ្ទុះវិបត្តិបំណុលរបស់ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ ក្នុងប្រទេសចិន និងជាក្រុមហ៊ុន ដែលជំពាក់បំណុលច្រើនបំផុត ក្នុងប្រទេសនេះជាមួយនឹងបំណុល រហូតដល់ទៅជាង៣០០ពាន់លានដុល្លារ។
វិបត្តិរបស់ក្រុមហ៊ុននេះ មិនត្រឹមតែបង្កចលចលនៅក្នុងប្រទេសចិន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យទីផ្សារពិភពលោក រងភាពរង្គោះរង្គើផងដែរ៕ CNA៕