ដោយៈ សុផារី
សហរដ្ឋអាមេរិកៈ សេដ្ឋកិច្ចរបស់អាមេរិកបានងើបឡើង ក្នុងល្បឿនលឿនជាងការរាយការណ៍ក្នុងអំឡុងត្រីមាសទី២ ដោយសារការកើនឡើងការចំណាយរបស់ប្រជាជន ការនាំចេញ និងការវិនិយោគសារពើភ័ណ្ឌ។ នេះបើតាមការរាយការណ៍របស់ការិយាល័យវិភាគសេដ្ឋកិច្ច កាលពីចុងខែកញ្ញានេះ។
ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងក្នុងអត្រា៦.៧% នៅចន្លោះខែមេសានិងមិថុនា ច្រើនជាងការប៉ាន់ស្មានក្នុងរបាយការណ៍កាលពីមុន ដែលថាប្រហែល ៦.៦% និង ៦.៥%។
លោក Mike Englund ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Action Economics បានកត់សំគាល់ថា ទោះបីជាមានការកែប្រែថ្មីក៏ដោយ កំណើននេះនៅតែមានកម្រិតទាបជាងការរំពឹងទុក។
កំណើនដែលមានកំណត់នេះបណ្តាលមកពី “ផលរំខានរបស់សង្វាក់ផ្គត់ផ្គង់ ដែលកាន់តែប៉ះពាល់ធ្ងន់ធ្ងរ នៅក្នុងត្រីមាសទី ៣” នេះបើតាមប្រសាសន៍របស់លោក Mike Englund។
លោកបន្តថា “ទោះយ៉ាងណាជនជាតិអាមេរិក បានចំណាយច្រើនលើសេវាកម្មនៅនិទាឃរដូវនិងដើមរដូវក្តៅ ជាពិសេសការចេញទៅក្រៅដើម្បីញ៉ាំអាហារ និងការធ្វើដំណើរ ស្របពេលអត្រាចាក់វ៉ាក់សាំងបានកំពុងកើនឡើង”។
លោកបន្ថែមថា “ពួកគេក៏បានចំណាយទៅលើផលិតផលឱសថ សម្លៀកបំពាក់ និងស្បែកជើងផងដែរ។ សណ្ឋាគារ និងភោជនីយដ្ឋានបានរួមចំណែកយ៉ាងធំបំផុត ដល់អត្រាកំណើនផលិតផលក្នុងស្រុកសរុបផងដែរ”។
សន្ទស្សន៍តម្លៃ ដែលតាមដានការចំណាយរបស់អ្នកប្រើប្រាស់ (ឬសន្ទស្សន៍ PCE) ស្ថិតក្នុងអត្រា៦.៥% មិនខុសពីការប៉ាន់ស្មានកាលពីមុននោះទេ។ នោះគឺជាកម្រិតខ្ពស់បំផុត ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៨០។
របាយការណ៍នេះក៏រួមបញ្ចូលទាំងប្រាក់ចំណេញសាជីវកម្មផងដែរ។ ធនាគារនិងអាជីវកម្មហិរញ្ញវត្ថុរបស់អាមេរិក បានឃើញប្រាក់ចំណេញ កើនឡើង៥២,៨ពាន់លានដុល្លារនៅក្នុងត្រីមាសទី២ បើប្រៀបធៀបទៅនឹងការកើនឡើង ១,៣ ពាន់លានដុល្លារនៅត្រីមាសទី១។
ប្រាក់ចំណេញសម្រាប់សាជីវកម្ម ផ្សេងទៀតទាំងអស់បានកើនឡើង២២១,៣ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹង១៣៣,២ពាន់លានដុល្លារ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។
ងាកទៅកាន់ប្រទេសចិនឯណោះវិញ វិបត្តិបំណុលដ៏ធ្ងន់ធ្ងរមិនធ្លាប់មានរបស់ក្រុមហ៊ុនលំដាប់យក្ស Evergrande និងក្រុមហ៊ុន Sinic Holding Groupកំពុងធ្វើឲ្យរដ្ឋាភិបាលប្រទេសនេះឈឺក្បាលយ៉ាងខ្លាំង ស្របពេលមានការព្រួយបារម្ភថា សេដ្ឋកិច្ចចិនប្រឈមមុខនឹងការដួលរលំ ប្រសិនជាចំណាត់ការរបស់រដ្ឋាភិបាលចិន មិនអាចដោះស្រាយវិបត្តិ បំណុលដ៏ធំធេងនេះបាន៕