កម្ពុជាទទួលបានការគាំទ្រពីទូរទស្សន៍ BBC និងសមាគម PATA ចំពោះផែនការបើកទេសចរណ៍ឡើងវិញ

កម្ពុជាទទួលបានការគាំទ្រពីទូរទស្សន៍ BBC និងសមាគម PATA ចំពោះផែនការបើកទេសចរណ៍ឡើងវិញ

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជាទទួលបានការគាំទ្រពីសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC ចំពោះផែនការបើកទេសចរណ៍ឡើងវិញរបស់ខ្លួន ហើយស្ថាប័នទាំងពីរនេះបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយអំពីផែនការទាំងនេះទៅកាន់ពិភពលោក។

លោកថោង រដ្ឋសក្តិអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា លើកឡើងនៅក្នុងកម្មវិធី «Destination Insights Series» ក្រោមការរៀបចំរបស់សមាគមទេសចរណ៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិច (PATA) តាមរយៈប្រព័ន្ធវីដេអូ Zoom សហការជាមួយបណ្ដាញសារព័ត៌មាន BBC កាលពីថ្មីៗនេះថា ស្ថិតក្នុងការរីករាលដាលជម្ងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងទប់ស្កាត់ និងកំពុងជម្រុញនៃការចាក់វ៉ាក់សាំងឲ្យបានលឿន ដើម្បីបញ្ចប់ការចាក់វ៉ាក់សាំង តាមគោលដៅ៨០% នៃប្រជាជននៅចុងឆ្នាំ ២០២១។

លោកបានរំលឹកអំពីវិធានសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បច្ចប្បន្នរាជរដ្ឋាភិបាល បានជម្រុញ យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ ឆ្នាំ, គម្រោងចាក់វ៉ាក់សំាងដូសទី៣ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដែលផែនការទាំងនេះ នឹងចូលរួមដល់ការស្ដារឡើងវិញ នូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការធ្វើដំណើររបស់ទេសចរជាតិ និងអន្តរជាតិ ក្នុងនោះក្រសួងទេសចរណ៍បាននិងកំពុងរៀបចំនូវក្របខណ្ឌយុទ្ធសាស្ត្រ នៃការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព គ្មានការឆ្លងរីករាលដាល»។

លោកថោង រដ្ឋសក្តិបានថ្លែងបន្តថា ផែនការបើកទេសចរណ៍នៅកម្ពុជាឡើងវិញ នៅចុងឆ្នាំ២០២១នេះ បានត្រូវរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈជាអាទិភាព តាមរយៈការពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគ្រប់ភាគី និងអាស្រ័យលើស្ថានការណ៍ជាក់ស្ដែង ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ២០២១។

ក្នុងកម្មវិធីនោះ តំណាងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងតំណាងទូរទស្សន៍លំដាប់អន្តរជាតិ BBC បានបង្ហាញគាំទ្រនៃផែនការបើកទេសចរណ៍ឡើងវិញ និងបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយអំពីផែនការនេះ ទៅកាន់ពិភពលោកផងដែរ។

កន្លងមក លោកថោង ខុន ដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ៕

អ្នកជំនាញបង្ហាញសុទិដ្ឋិនិយមថាទីផ្សារលំនៅដ្ឋានតម្លៃចាប់ពី១លានដុល្លារនឹងមានភាពប្រសើរ ឡើងវិញឆាប់ៗ

អ្នកជំនាញបង្ហាញសុទិដ្ឋិនិយមថាទីផ្សារលំនៅដ្ឋានតម្លៃចាប់ពី១លានដុល្លារនឹងមានភាពប្រសើរ ឡើងវិញឆាប់ៗ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា តម្រូវការលំនៅដ្ឋានបែបប្រណីត ឬលំនៅដ្ឋានតម្លៃចាប់ពី១លានដុល្លារឡើងទៅ ហាក់ដូចជាមានភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ តែអ្នកជំនាញនៅតែមានសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋានប្រភេទនេះនឹងងើបឡើងញក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

លោកKen Loអគ្គនាយកក្រុមហ៊ុនColdwell Banker Cambodiaបានថ្លែងប្រាប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ តម្រូវការលំនៅដ្ឋានបែបប្រណីតមានភាពស្ងប់ស្ងាត់បន្តិច ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈតម្រូវការសម្រាប់អ្នកដែលត្រូវការដូរផ្ទះចាស់មកផ្ទះថ្មីនៅតែមានតម្រូវការដដែល តែតម្រូវការនេះនៅចំនួនតិចតូចនៅឡើយ។

លោកនៅតែសុទិដ្ឋិនិយមថា “រយៈពេលពីរខែមុខ ទីផ្សារមួយនេះនឹងងើបឡើងវិញ នៅពេលដែលស្ថានភាពមានប្រសើរ ព្រោះទីផ្សារមួយនេះ ពេលនៅមានអ្នកទិញ គឺអ្នកទិញពិតប្រាកដ ទោះស្ថិតក្នុងវិបត្តិក៏ដោយ”។

លោកបានថ្លែងបន្តថា ផ្ទះដែលមានតម្លៃថ្លៃ ឬវីឡាប្រណីតៗ ភាគច្រើន ត្រូវបានអភិវឌ្ឍន៍នៅក្នុង ឬតំបន់គៀកក្រុង ដូចជានៅភាគខាងត្បូង លើផ្លូវជាតិលេខ១ ដែលបុរីប៉េងហួតបឹងស្នោ នៅប៉ែកខាងជើង ផ្លូវជាតិលេខ៦A និងតាមបណ្តោយផ្លូវ២០០៤។

លោកបានបន្តថា តំបន់ទាំងនេះ គឺជាតំបន់ដែលទាក់ទាញការអភិវឌ្ឍលំនៅដ្ឋានបែបប្រណីត ឬវីឡាប្រណីតជាច្រើន។ ជាទូទៅ ផ្ទះដែលតម្លៃចាប់ពី១លានដុល្លារឡើងទៅ ភាគច្រើនគឺជាវីឡាទោល ដែលមានទំហំធំជាងវីឡាភ្លោះពីរដង និងហើយរចនាម៉ូដក៏មានប្រណីត។

លោកបានថ្លែងថា តម្រូវការលំនៅដ្ឋានប្រណីតភាគច្រើនគឺអតិថិជនក្នុងស្រុក ហើយតម្រូវការចំនួនទៀតគឺវិនិយោគបរទេស ដែលបានមកប្រកបអាជីវកម្ម នៅកម្ពុជា។

យោងតាមលោកប៉ូ អ៊ាវគង់ង់អគ្គនាយក និងស្ថាបនិកក្រុមហ៊ុនអ៊ែតវ៉ាន់ស៍ រៀលអ៊ីស្ទេតបានឱ្យដឹងថា លំនៅដ្ឋានបែបប្រណីតត្រូវបានបែងចែកចេញជាច្រើនប្រភេទ ក្នុងនោះទី១ វិឡាកូនកាត់ ឬ Linkhouse ដែលមានទំហំចាប់ពី៥គុណ១២ និងមានកម្ពស់ពី២ទៅ៣ជាន់ មានតម្លៃចន្លោះពី១០ម៉ឺនដុល្លារ ទៅ២០ម៉ឺនដុល្លារ ទី២ វីឡាភ្លោះមានតម្លៃចាប់ពី២០ម៉ឺន ទៅ៣០ម៉ឺនដុល្លារ ទី៣ វីឡាទោល (បែងចែកចេញជាប្រភេទ ដូចជាវIឡា Queen A និងវីឡា Queen B) មានតម្លៃចាប់ពី ៥០ម៉ឺន ទៅ៩០ម៉ឺន និងទី៤ King វីឡា មានតម្លៃចាប់ពី១លានដុល្លារឡើងទៅ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិមួយរូបបានមានប្រសាសន៍ថា ទោះបីវិស័យអចលនទ្រព្យទទួលរងផលប៉ះពាល់ ទីផ្សារលំនៅដ្ឋាននៅពេលពេលបច្ចុប្បន្ន គឺនៅតែមានភាពរឹងមាំខុសប្លែកពីវិស័យដទៃទៀតដោយសារតែទីផ្សារ និងតម្រូវការពិតប្រាកដគឺផ្តើមចេញពីអ្នកនៅក្នុងស្រុក។

លោកស្រីបញ្ជាក់ថា “ការអភិវឌ្ឍន៍នានានៅក្នុងវិស័យលំនៅដ្ឋាន គឺផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុកមិនមែនមកពីក្រៅប្រទេសនោះទេ ហើយអ្នកអភិវឌ្ឍន៍ក៏បានសិក្សាយ៉ាងច្បាស់ទៅលើកម្រិតនៃតម្រូវការ រួមជាមួយលទ្ធភាពរបស់អតិថិជនគោលរបស់ពួកគេ ដូច្នេះរាល់គម្រោងអភិវឌ្ឍទាំងអស់ភាគច្រើនមិនជាប់គាំងនោះទេ ហើយមានអត្រាទទួលបានភាពជោគជ័យខ្ពស់”៕

ក្រុមហ៊ុនវាំងននធំគេរបស់តៃវ៉ាន់ប្រកាសថាផលិតកម្មនៅកម្ពុជានៅតែដំណើរការធម្មតាទោះសិ្ថតក្នុងវិបត្តិ

ក្រុមហ៊ុនវាំងននធំគេរបស់តៃវ៉ាន់ប្រកាសថាផលិតកម្មនៅកម្ពុជានៅតែដំណើរការធម្មតាទោះសិ្ថតក្នុងវិបត្តិ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Nien Made Enterprise Co Ltd ដែលជាក្រុមហ៊ុនផលិត និងលក់វាំងននឈានមុខគេមានមូលដ្ឋានតៃវ៉ាន់ បានឱ្យដឹងថា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ ប្រតិបត្តិការនៅរោងចក្ររបស់ខ្លួននៅកម្ពុជានៅតែមានដំណើរការធម្មតា។

ក្រុមហ៊ុនបានឱ្យដឹងថា រយៈពេលពីខែមេសា ដល់ខែមិថុនាគឺជារយៈពេលមានការប្រកួតប្រជែង ដោយសារតែផលប៉ះពាល់នៃការឡើងថ្លៃវត្ថុធាតុដើម ថ្លៃដឹកជញ្ជូនខ្ពស់ជាងមុន និងអត្រាប្តូរប្រាក់បរទេសមិនអំណោយផល។ ទោះបីជាយ៉ាងបញ្ហាប្រឈមមួយចំនួនក្តី ក្រុមហ៊ុនបានឱ្យថា ប្រតិបត្តិការនៅរោងចក្ររបស់ខ្លួននៅកម្ពុជានៅតែមានដំណើរការធម្មតា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅកម្ពុជា ដែលការជួលបុគ្គលិកមានយឺតយ៉ាវ និងមានផលប៉ះពាល់ដល់ការដឹកជញ្ជូនផលិតផលវាំងននរបស់ខ្លួន។

ក្រុមហ៊ុន Nien Made Enterprise Co Ltd ដែលផលិតវាំងនន និងរនាំងបង្អួចបានបោះទីតាំងផលិតរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។

រោងចក្រផលិតវាំងនន កាលពីឆ្នាំចុងឆ្នាំ២០១៩ បានប្រកាសពីគម្រោងមកពង្រីករោងចក្រនៅក្នុងប្រទេសកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ Taipei Times។

មន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Nien Made Enterprise បានប្រាប់កាសែត Taipei Times ថា ការពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍គឺដើម្បីកាត់បន្ថយផលប៉ះពាល់ការបង់ពន្ធខ្ពស់ទៅអាមេរិក។

មន្ត្រីរូបនោះបានឲ្យដឹងទៀតថា ក្រុមហ៊ុននឹងបង្វែរការបញ្ជាទិញផលិតផលសម្រេចពីប្រទេសចិនទៅប្រទេសកម្ពុជាវិញ ដើម្បីចៀសវាងហានិភ័យការយកពន្ធពីអាមេរិក។

លោកបានឱ្យដឹងថា ជម្លោះពាណិជ្ជកម្មអាមេរិក និងចិនបានបង្ខំឲ្យយើងពង្រីកការផលិតនៅតំបន់អាស៊ីអាគ្នេយ៍។ លោកបន្តថា ក្រុមហ៊ុននេះបានបង្កើនការផលិតរបស់ខ្លួននៅប្រទេសកម្ពុជា គឺដើម្បីបំពេញកង្វះកម្លាំងពលកម្មនៅប្រទេសចិនផងដែរ៕

តើប្រទេសណាដែលបានបង្កើតធនាគារមុនគេបង្អស់ក្នុងពិភពលោក?

តើប្រទេសណាដែលបានបង្កើតធនាគារមុនគេបង្អស់ក្នុងពិភពលោក?

ដោយៈសុខុម

អន្តរជាតិៈ បច្ចុប្បន្នអ្នកណាក៏ស្គាល់ធនាគារដែរ ហើយប្រហែលជាស្គាល់ច្បាស់ថែមទៀតផង ព្រោះស្ទើរតែគ្រប់គ្នាទៅហើយ ដែលជំពាក់លុយធនាគារ មិនថាខ្ចីយកមករកស៊ី ខ្ចីយកមកសាងសង់ផ្ទះ ខ្ចីយកមកធ្វើស្រែចម្ការ បង់រំលស់ផ្ទះ រថយន្ត ម៉ូតូ និងទូរស័ព្ទជាដើម ។ល។

ប៉ុន្តែលោក អ្នកដឹងទេថា តើអ្នកណា ឬប្រទេសណាដែលបង្កើតធនាគារមុនគេបង្អស់ក្នុងពិភពលោក?។

ផ្អែកតាមគេហទំព័រ Wikipedia ដ៏ល្បីល្បាញបង្ហាញថា ប្រវត្តិនៃធនាគារបានចាប់ផ្តើមកកើតដំបូងបង្អស់ គឺចេញពីពួកនាយទុន ឬឈ្មួញ ដោយគ្មានស្ថាប័នធនាគារដូចបច្ចុប្បន្ន ដែលមានអគារធំៗបែបនេះឡើយ។ នៅសម័យបុរាណឈ្មួញនៅទូទាំងពិភពលោកបានចងការប្រាក់ឱ្យកសិករ និងពាណិជ្ជករ ដែលដឹកទំនិញលក់ឆ្លងកាត់ពីក្រុងមួយពីក្រុងមួយ។

ដំណើរកកើតនេះ គឺបានចាប់ផ្ដើមប្រហែលឆ្នាំ២០០០ឆ្នាំ មុនគ្រិស្តសករាជនៅអាណាចក្រ Assyrian Empire ប្រទេសឥណ្ឌា និងអារ្យធម៌ Sumeria។

ក្រោយមកនៅប្រទេសក្រិកសម័យបុរាណ និងចក្រភពរ៉ូម៉ាំង (Roman Empire) អ្នកចងការប្រាក់ ដែលរស់នៅតាមប្រាសាទ បានចាប់ផ្ដើមផ្តល់ប្រាក់កម្ចី ឬចងការប្រាក់ ទទួលប្រាក់បញ្ញើ និងទទួលប្តូរប្រាក់។

ការសិក្សាបែបបុរាណវិទ្យាក្នុងប្រទេសចិន និងប្រទេសឥណ្ឌា សម័យបុរាណ ក៏បង្ហាញភ័ស្តុតាងបញ្ជាក់ពីការចងការប្រាក់ដែរ។

ប្រវត្ដិសាស្ដ្រជាច្រើនត្រូវបានកត់ត្រាថា សម័យកាលដ៏សំខាន់នៃការបង្កើតប្រព័ន្ធធនាគារជាប្រវត្តិសាស្ត្រ គឺនៅមជ្ឈិមសម័យ (សតវត្សរ័ទី១៤-១៧) ជាពិសេសនៅតាមទីក្រុង មានទ្រព្យស្តុកស្ដម្ភមួយចំនួនរបស់អ៊ីតាលី ដូចជា ក្រុង Florence ក្រុង Venice និងក្រុង Genoa ជាដើម។

យោងតាមការស្រាវជ្រាវបង្ហាញថា គ្រួសារដ៏មានឥទ្ធិពលចំនួនពីរ គឺត្រកូលអភិជន Bardi និងត្រកូលអភិជន Peruzzi បានត្រួតត្រាលើប្រព័ន្ធធនាគារ ក្នុងទីក្រុង Florence របស់អ៊ីតាលី ក្នុងសតវត្សរ៍ទី១៤ ដោយបានបង្កើតសាខានៅតំបន់ជាច្រើនទៀត នៃទ្វីបអឺរ៉ុប។

ធនាគារអ៊ីតាលី ដែលល្បីល្បាញបំផុតគឺធនាគារ Medici Bank ដែលត្រូវបានបង្កើតឡើងដោយធនាគារិកជនជាតិអ៊ីតាលី ឈ្មោះ Giovanni Medici ក្នុងឆ្នាំ១៣៩៧។ ធនាគារដ៏ចំណាស់បំផុត ដែលនៅសល់ដល់សព្វថ្ងៃគឺធនាគារ Banca Monte dei Paschi di Siena ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុង Siena ប្រទេសអ៊ីតាលី។

ធនាគារនេះ បានបើកដំណើរការជាបន្តចាប់តាំងពីឆ្នាំ១៤៧២។ រហូតដល់ចុងឆ្នាំ២០១៩ ធនាគារដ៏ចំណាស់បំផុតនេះ នៅតែដំណើរការនៅឡើយ គឺធនាគារ Banco di Napoli ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Naples ប្រទេសអ៊ីតាលី។ ធនាគារចុងក្រោយនេះ បានបើកដំណើរការតាំងពីឆ្នាំ១៤៦៣។

ការរីកចម្រើននៃវិស័យធនាគារ បានរីករាលដាលពីប្រទេសអ៊ីតាលី ភាគខាងជើងសាយភាយពាសពេញចក្រភពរ៉ូម៉ាំង ហើយនៅសតវត្សរ៍ទី១៥ និងទី១៦ បានសាយភាយទៅដល់អឺរ៉ុបខាងជើង។ ក្រោយមកទៀតវិស័យធនាគារ បានសាយភាយទៅដល់ក្រុង Amsterdam ប្រទេសហូឡង់ នៅសតវត្សរ៍ទី១៧ និងទៅដល់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅសតវត្សរ៍ទី១៨។

អំឡុងសតវត្សរ៍ទី២០ ការរីកចម្រើនផ្នែកទូរគមនាគមន៍ និងប្រព័ន្ធកុំព្យូទ័របានធ្វើ ឱ្យប្រតិបត្តិការរបស់ធនាគារ មានការផ្លាស់ប្តូរយ៉ាងខ្លាំង និងផ្ដល់លទ្ធភាពឱ្យធនាគារនានាពង្រីកខ្លួនកាន់តែធំ និងកាន់តែច្រើនពាសពេញពិភពលោក រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕

តើកត្តាលីករសំខាន់ៗអ្វីខ្លះបានជាតំបន់ជុំវិញផ្លួវជាតិលេខ៥១ និង៤១ នៅតែទាក់ទាញការវិនិយោគ

តើកត្តាលីករសំខាន់ៗអ្វីខ្លះបានជាតំបន់ជុំវិញផ្លួវជាតិលេខ៥១ និង៤១នៅតែទាក់ទាញការវិនិយោគ

ដោយៈ គង់ សូរិយា

កណ្តាល កំពង់ស្ពឺៈ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ បានក្លាយជាតំបន់ពេញនិយមបំផុត លើការវិនិយោគអចលនទ្រព្យ ពិសេសការទិញលក់ដីធ្លី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារហេតុផលសំខាន់ៗជាច្រើន។

ហេតុអ្វីបានជាចរន្តនៃការវិនិយោគក្នុងស្រុក បានបុកសំដៅទៅតំបន់នេះច្រើន យើងសាកល្បង មើលទៅលើចំណុចសំខាន់ៗដូចខាងក្រោមនេះ លោកយិន លាងគង់ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានលើកឡើងនូវកត្តាសំខាន់ៗ ដែលកំពុងជំរុញសក្តានុពលនៅតំបន់នេះ។
គោលនយោបាយរបស់រដ្ឋាភិបាល។

ជាមួយនឹងការធ្វើពិពិធកម្ម តំបន់ឧស្សាហកម្មរបស់រដ្ឋាភិបាល ស្របតាមនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចសង្គម បានធ្វើឲ្យរដ្ឋាភិបាលចាប់ផ្តើមគិត ពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ពិសេសផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងធ្វើឲ្យចរន្តសាច់ប្រាក់ ហូរចូលហោប៉ៅប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងគោលដៅពីរ ទី១ ដើម្បីកាត់បន្ថយភាពក្រីក្រផង ទី២ ដើម្បីពង្រីកផែនការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ឋផង។

ពីមុនមកទីក្រុង មិនសូវមានសកម្មភាពសេដ្ឋកិច្ច ទើបរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសប្រមូលផ្តុំនៅក្នុងទីក្រុង ដើម្បីធ្វើឲ្យមនុស្សចូលមករស់នៅទីក្រុងច្រើន និងធ្វើឲ្យសេដ្ឋកិច្ចក្នុងទីក្រុងរសរវើក ប៉ុន្តែពេលបច្ចុប្បន្នការរីកចម្រើននៃនគរូបនីយកម្ម កំនើនប្រជាសាស្រ្ត បានធ្វើឲ្យទីក្រុងជួបការកកស្ទះចរាចរណ៍  និងធ្វើឲ្យទីក្រុងបាត់បង់សណ្តាប់ធ្នាប់ ពិសេសធ្វើឲ្យបំពុលបរិស្ថាន ដោយសារផ្សែងពុលពីរោងចក្រ សហគ្រាសនានា។

ហេតុនេះ ទើបរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មី ដើម្បីកាត់បន្ថយបញ្ហាសង្គមផ្សេង ហើយរុញរោងចក្រ សហគ្រាសទីជនបទ ឬជាយក្រុង ដែលគោលនយោបាយនេះ ប្រៀបបីដូចជា ព្រួញមួយបាញ់បានសត្វបី ទី១ ធ្វើឲ្យតំបន់ជនបទកាន់តែរីកចម្រើន ទី២ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងទី៣ រុញទីតំបន់ជនបទកាន់តែខិតកៀកនឹងទីក្រុង ពិសេសកាត់បន្ថយការហូរចូលប្រជាពលរដ្ឋ ចូលមករស់នៅក្នុងទីក្រុងច្រើនពេក។
តំបន់អាចនឹងកាត់ចូលក្នុងរដ្ឋបាលក្រុងភ្នំពេញ។

យោងតាមមន្រ្តីជាន់ខ្ពស់ក្រសួថសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលស្ថិតនៅស្របតាមផ្លួវជាតិសំខាន់ៗទាំងពីរនេះ នឹងត្រូវកាត់មួយផ្នែកចូលមកក្នុងដែលរដ្ឋបាលរាជធានីភ្នំពេញ។

ការកាត់តំបន់ណាមួយចូលមករាជធានីភ្នំពេញ នឹងធ្វើឲ្យតំបន់នោះមានការរីកចម្រើ​នលឿន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ឋពីរដ្ឋាភិបាល ការតបណ្តាញទឹកស្អាតកាន់តែលឿន ធ្វើឲ្យវិស័យឯកជនងាកទៅវិនិយោគ នៅតំបន់នោះកាន់តែច្រើន ពិសេសធ្វើឲ្យតម្លៃដីធ្លីហក់ឡើងខ្ពស់។

តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម
ស្រដៀងនឹងការលើកឡើងខាងលើ តំបន់ផ្លូវជាតិសំខាន់ៗទាំងពីរ បាននិងកំពុងរីកចម្រើន ដោយទាក់ទាញរោងចក្រ សហគ្រាស ផែស្ងួត សំណង់លំនៅដ្ឋាន បុរី ពិសេសទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន ហើយនៅពេលណាមនុស្សចូលមករស់នៅកាន់កាន់តែច្រើន នឹងធ្វើឲ្យតំបន់នោះមានតម្លៃដីធ្លីកើនឡើង សកម្មភាពសេដ្ឋកិច្ចកាន់តែរសរវើកមិនខាន។

តំបន់ណាក៏ដោយ គ្មានមនុស្សរស់នៅ គឺតម្លៃដីធ្លីមិនកើនឡើងនោះទេ ដោយសារគ្មានមនុស្ស នៅពេលគ្មានមនុស្សក៏គ្មានសកម្មភាពសេដ្ឋកិច្ចនោះឡើយ។

ជាតំបន់កៀកនឹងទីក្រុង
ផលប្រយោជន៍នៃភូមិសាស្រ្ត មានសារៈសំខាន់ណាស់ ព្រោះភូមិសាស្រ្ត គឺជាប់ទាក់ទងគ្នា មិនអាចកាត់ផ្តាច់បានពីការរីកចម្រើនលើផ្នែកអ្វីមួយ។ ពិសេសដូចជាតំបន់ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ ជាផ្លូវជាតិកម្រិតខេត្តឬផ្លូវខេត្ត ដែលតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

ហេតុនេះកត្តាភូមិសាស្រ្ត ឬទីតាំងគឺជាចំណុចសំខាន់ ដែលអ្នកវិនិយោគឆ្លាតវៃតែងតែផ្តោតដោយមិនអាចមើលរំលងនោះឡើយ៕

លោកវី សំណាងៈខេត្តកំពង់ស្ពឺគេលែងមើលងាយដូចពីមុនទៀតហើយ

លោកវី សំណាងៈខេត្តកំពង់ស្ពឺគេលែងមើលងាយដូចពីមុនទៀតហើយ

ដោយៈស៊ីវ ម៉េង

កំពង់ស្ពឺៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ថា ជាមួយនឹងសកម្មភាពនៃការអភិវឌ្ឍកើនឡើងជាប្រចាំ ខេត្តកំពង់ស្ពឺលែងត្រូវគេមើលងាយទៀតហើយ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា ពីមុននៅពេលនិយាយពីខេត្តកំពង់ស្ពឺ គេតែងតែមើលងាយ គេសើច ប៉ុន្តែក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យខេត្តកំពង់ស្ពឺទាក់ទាញការអភិវឌ្ឍយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបន្តដោយអស់សំណើចបណ្តើរថា “ពីមុននិយាយពីកំពង់ស្ពឺ គេនិយាយពីតំបន់រលាក់កងជើង និយាយពីប្រជាជនរត់តាមឡាន ម៉ូតូ ដើម្បីហិតផ្សែង ប៉ុន្តែបច្ចុប្បន្ននៅក្នុងស្រុកណាក៏ដោយ ក្នុងខេត្តកំពស់ស្ពឺនៅតែមានសកម្មភាពអភិវឌ្ឍន៍ និងសកម្មភា​ពទិញលក់ដីធ្លី និងតម្លៃដីធ្លីកើនឡើងជាប្រចាំ ដែលបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានកាន់តែប្រសើរឡើង”។

លោកវ៉ី សំណាងបានបន្តថា ខេត្តកំពង់ស្ពឺបច្ចុប្បន្ន ប្រៀបដូចជាចំណុចកណ្តាលមួយ ដែលតភ្ជាប់នូវប៉ូលសេដ្ឋកិច្ចធំៗ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក៏ដូចជាខេត្តកំពត ដោយបច្ចុប្បន្នផ្លូវជាតិសំខាន់ៗស្ទើរតែទាំងអស់បានឆ្លងកាត់ខេត្តនេះ ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៥១ជាដើម។

លោកបន្តថា “បច្ចុប្បន្នតំបន់ជាប់ផ្លូវជាតិសំខាន់ៗទាំងនេះ កំពុងទាក់ទាញរោងចក្រ សហគ្រាស គំរោងអភិវឌ្ឍន៍ដីឡូត៍ លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរមណី​យដ្ឋាននានា ពិសេសការជ្រើសរើសបុគ្គលិកបំពេញការងារពីរោងចក្រ សហគ្រាសនានានៅតែបន្តធ្វើជាប់ជាប្រចាំ៕

ក្រុងរណបធំៗចំនួន៣ បានក្លាយជាកម្លាំងចលករជំរុញវិស័យអចលនទ្រព្យនៅភាគខាងជើងភ្នំពេញ

ក្រុងរណបធំៗចំនួន៣បានក្លាយជាកម្លាំងចលករជំរុញវិស័យអចលនទ្រព្យនៅភាគខាងជើងភ្នំពេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទីក្រុងរណបចំនួន៣ បាននិងកំពុងរំលេចវត្តមានបណ្តើរៗ តាមបណ្តោយ​ផ្លូវជាតិលេខ៦អា ដែលវានឹងក្លាយជាទីក្រុងថ្មីដ៏រសរវើកមួយនាពេលអនាគត។

គម្រោងអភិវឌ្ឍន៍ក្រុងរណបធំៗចំនួន៤ រូមមាន ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ដែលបាននិងកំពុងលេចរូបរាងជាបណ្តើរៗហើយ ជាមួយនឹងសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន កន្លែងលក់រាយ និងសាលពិព៌ណនានា។

ទីក្រុងរណប ដែលវិនិយោគដោយក្រុមហ៊ុន OCIC នេះ ដំបូងឡើយគ្រោងអភិវឌ្ឍន៍ជាមួយទុន៣០០០លានដុល្លារ ប៉ុន្តែក្រោយមកត្រូវបានបង្កើនដល់៥០០០លានដុល្លារអាមេរិក ដើម្បីពង្រីកវិសាលភាព និងការគ្របដណ្តប់លើចក្ខុវិស័យ នាពេលអនាគតរបស់តំបន់នេះ។

ទីក្រុងរណបដែលកាលពីអតីតកាល ជាបឹងលេចទឹកនេះមានទំហំផ្ទៃដីជាង១០០ហិកតា ដែលបានបែងចែកហ្សូនអភិវឌ្ឍន៍យ៉ាងច្បាស់លាស់។

ទីក្រុងរណបដីបូតានិកស៊ីធី
អភិវឌ្ឍន៍ដោយម្ចាស់បុរីអ័រគីដេ ទីក្រុងដឺបូតានិកស៊ីធី បាននិងកំពុងពង្រីកផ្ទៃដីកាន់តែធំ នៅតំបន់ព្រែកលាភ ក្នុងខ័ណ្ឌជ្រោយចង្វារ ដែលបច្ចុប្បន្នគំរោងនេះបាននិងកំពុងបញ្ចេញម៉ូតផ្ទះបែបអភិជន លំដាប់ប្រណីត ជាមួយនឹងធម្មជាតិខៀវស្រងាត់ អមដោយផ្ទៃបឹងធម្មជាតិ និងបឹងសម្បនិម្មិតដ៏ទាក់ទាញ។

ដឺបូតានិកស៊ីធី បាននិងកំពុងក្លាយជាទីក្រុងរណបយ៉ាងស្ងប់ស្ងាត់ ជាមួយមហិច្ឆតាធំ និងកំពុងធ្វើឲ្យតំបន់នេះកាន់តែមានភាពរសរវើក និងទាក់ទាញក្រុមអភិជនទៅរស់នៅកាន់តែច្រើន ដោយសារបរិយាកាស ខ្យល់អាកាសល្អ បរិសុទ្ឋ ព្រោះមានដងទន្លេរពីរអមសងខាង និងមិនសូវប្រឈមនឹងការកកស្ទះចរាចរណ៍ខ្លាំងនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ដោយសារមានស្ពានជាច្រើនបានបញ្ចប់ និងកំពុងសាងសង់។

ទីក្រុងមរតកសម្តេចតេជោ
វាជាទីក្រុងថ្មីមួយ ដែលមានទំហំធំជាងគេនៅតំបន់នេះ ដោយបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិជាច្រើនកំពុងសាងសង់ និងបញ្ចប់ការសាងសង់ រួមមាន វិមានប្រវត្តិ​សាស្រ្តឈ្នះ ឈ្នះ ពហុកីឡដដ្ឋានមរតកតេជោ សួនទឹកកំសាន្តលំដាប់អន្តរជាតិ ដែលបានវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប គំរោងខុនដូ និងទីក្រុងមិត្តភាពកម្ពុជា ចិន និងបុរីលំនៅដ្ឋានជាច្រើនទៀតកំពុងរំលេចវត្តមានបណ្តើរៗនៅតំបន់នេះ។

ទីក្រុងរណបធំនេះ នឹងស្វាគមន៍នូវព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្ត ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៅឆ្នាំ២០២៣ខាងមុខនេះ។

លោកច្រឹក សុខនីមប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប្រាប់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា តំបន់កណ្តាលក្រុងភ្នំពេញ នឹងប្រែក្លាយជាតំបន់បណ្តុំដោយអាគារពាណិជ្ជកម្ម និងការិយាល័យ ដោយសាររដ្ឋាភិបាលគាំទ្រឱ្យមានការអភិវឌ្ឍអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ ហើយរដ្ឋាភិបាលមានគោលនយោបាយ ក្នុងការពង្រីកទីក្រុងរណបថ្មីៗ។

លោកបានថ្លែងថា “យើងមើលឃើញថា រាជធានីភ្នំពេញបានពង្រីកចូលទៅតំបន់មួយចំនួននៅកណ្តាល និងនៅតាមបណ្តោយផ្លូវជាតិលេខ៥ និងលេខ៦ ត្រូវបានពង្រីកការប្រើប្រាស់ដី នៅជុំវិញរាជធានីភ្នំពេញ។ ការដូច្នេះ គឺដើម្បីបំពេញតម្រូវការវិនិយោគរបស់វិនិយោគិន ដែលបានចូលវិនិយោគនៅកម្ពុជា”។

លោកបានថ្លែងថា “ទីក្រុងថ្មី (ទីក្រុងរណប) នឹងក្លាយជាតំបន់លំនៅដ្ឋាន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍ និងកាត់បន្ថយការកកស្ទះនាអនាគត”។

ជាមួយគ្នានេះ លោកឡុង គឹមសួគ៌នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Advanced Property បានថ្លែងប្រាប់ថា តំបន់ ឬខណ្ឌជ្រោយចង្វារទទួលបានការគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើន ពិសេសគម្រោងលំនៅដ្ឋានធំៗ។

លោកបានបន្តថា ទីក្រុងភ្នំពេញបច្ចុប្បន្ននៅទំហំតូចនៅឡើយ ហើយដើម្បីឆ្លើយតបនឹងចំនួនប្រជាជននៅទីក្រុងបច្ចុប្បន្ន និងអនាគត វាទាមទាមការឱ្យមានការអភិវឌ្ឍន៍ក្រុងរណបបន្ថែម ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាជាន និងការកើនឡើងនៃចំនួនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ៕

តើតម្លៃដីធ្លីនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤មានការវិវត្តយ៉ាងដូចម្តេច ខណៈគំរោងសាងសង់មិនទាន់កំណត់ពេលច្បាស់លាស់

តើតម្លៃដីធ្លីនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤មានការវិវត្តយ៉ាងដូចម្តេច ខណៈគំរោងសាងសង់មិនទាន់កំណត់ពេលច្បាស់លាស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ នៅពេលមានព៌តមានផ្សព្វផ្សាយ ពីគំរោងហេដ្ឋារចនាសម្ព័ន្ឋនានារបស់ រដ្ឋាភិបាល តម្លៃដីធ្លីនៅជុំវិញតំបន់នោះតែងតែឡើងថ្លៃ ដោយសារការរំពឹងទុកពីផែនការអភិវឌ្ឍ និងមួយផ្នែកដោយសារចរន្តនៃការទិញលក់ដីធ្លីកើនឡើង។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីល្ងាចថ្ងៃទី៩ សីហាកន្លងមកថា នៅពេលមានការលេចឮពីផែនការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ បានធ្វើឲ្យតម្លៃដីធ្លីកើនឡើងជាប្រចាំ ស្របពេលផ្លូវក្រវ៉ាត់ក្រុងទី៣ មិនទាន់បានសាងសង់ចប់នៅឡើយ ប៉ុន្តែសកម្មភាពទិញលក់ និងតម្លៃដីធ្លីនៅក្រវ៉ាត់ក្រុងទី៣ បានកើនឡើងចន្លោះពី២០០ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “ចំណែកផ្លូវក្រវ៉ាត់ក្រុងទី៤វិញ តម្លៃដីក៏បានកើនឡើងផងដែរ ដោយបច្ចុប្បន្នតម្លៃមាននៅចន្លោះ១៥ ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីមានទំហំតូចៗមានតម្លៃខ្ពស់ជាងនេះ”។លោកបន្តថា “ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលនឹងផ្តើមចេញពីផ្លូវជាតិលេខ៥១ តភ្ជាប់ជាមួយផ្លូវជាតិលេខ៤១ កាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ១កំពុងឡើងថ្លៃ”។

លោកសំ សុខនឿនបានបន្តថា ប៉ុន្តែជាមួយនឹងការកើនឡើងតម្លៃដីធ្លី ក៏មានហានិភ័យមួយចំនួនផងដែរ ដូចជា អ្នកទិញដីតាមគ្នា ដែលមិនបានស្គាល់ពីភូមិសាស្រ្តច្បាស់​លាស់ ពួកគេទិញតាមគ្នា និងលេចឮតាមគ្នា ពិតជាមានហានិភ័យនាពេលអនាគត ព្រោះមិនដឹងថា ដីដែលពួកគេទិញស្ថិតនៅទីតាំងណាពិតប្រាកដ ឬចំចំណុចផ្លូវក្រវ៉ាត់ក្រុងទី៤ឬអត់ឡើយ។

លោកបន្តថា “ហេតុនេះអ្នកវិនិយោគដីធ្លីគួរប្រុងប្រយ័ត្ន និងសិក្សាពីមូលដ្ឋានភូមិសាស្រ្ត និងទិដ្ឋភាពច្បាប់ ប័ណ្ណកម្មសិទ្ឋដីធ្លីឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការខាតបង់នាពេលអនាគត”។

ផែនការរបស់រដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា  ផ្លូវក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូ​ម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកលឹម ស៊ីដេនីនបានបញ្ជាក់នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់កន្លងមកថា ក្នុងចំណោមខេត្តទាំង៤នេះ ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ នឹងឆ្លងកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

លោកបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត”។

លោកបន្ថែមថា ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តាមដង​ផ្លូ​វខុសច្បាប់  ឬការទន្ទ្រាន  យកដីចំណីផ្លូវយកមកគ្រប់គ្រង បានធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យកកស្ទះ ដល់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូបង្ហូរទឹក  ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង។

លោកក៏បានជំរុញលើកទឹកចិត្តឲ្យក្រសួង ក៏ដូចជា មន្ទីរជំនាញពាក់ព័ន្ធ លើកសំណើទៅរដ្ឋបាលខេត្ត សិក្សាទីតាំងចាក់សំរាម ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងការទន្ទ្រានយកដីចំណីផ្លូវ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់សកម្មភាពការទន្ទ្រានយកដីចំណីផ្លូវ ការចាក់ដីលុបរំលោភលើដីចំណីផ្លូវ ដែលធ្វើឲ្យផ្លូវបាត់បង់សោភ័ណភាព នឹងបណ្ដាលឲ្យផ្លូវឆាប់ខូចមុនពេលកំណត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ រៀបចំសិក្ខាសាលា ក្នុងគោលបំណង ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ  រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើ អនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់៕

គម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កម្ពុជា វៀតណាមនឹងត្រូវអភិវឌ្ឍន៍ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

គម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កម្ពុជា វៀតណាមនឹងត្រូវអភិវឌ្ឍន៍ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលវៀតណាម នឹងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មព្រំដែនរវាងខេត្តGia Lai និងតំបន់នានារបស់កម្ពុជា ដែលមានព្រំដែននឹងវៀតណាម ដើម្បីលើកកម្ពស់សកម្មភាពជួញដូរ និងផ្លាស់ប្តូរទំនិញក្រោមកម្មវិធី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម នៅតាមច្រករបៀងព្រំដែនវៀតណាមនៅឆ្នាំ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ២០៣០។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNA នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

គណៈកម្មាធិការប្រជាជននៃខេត្ត Gia Lai ទើបតែចេញនូវផែនការស្តីពីការអនុវត្តកម្មវិធីមួយ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តីវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន រវាងយ៉ាឡៃ និងខេត្តជាប់ព្រំដែនរបស់កម្ពុជា ក្នុងការជំរុញសក្តានុពល និងប្រយោជន៍របស់ភាគីទាំងពីរ។ គណៈកម្មាធិការ ក៏មានគោលបំណងជួយទាក់ទាញវិនិយោគិន និងលើកទឹកចិត្តការវិនិយោគឯកជនក្នុងការសាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផងដែរ។

កម្មវិធីនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងតំបន់ព្រំដែនក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវប្បធម៌សង្គម ដោយរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាជននៅតាមព្រំដែន ក៏ដូចជា ធានាដល់ការការពារជាតិសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅមូលដ្ឋាន។

យោងតាមផែនការរដ្ឋាភិបាលវៀតណាម ខេត្ត Gia Lai នឹងសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីបង្កើតបញ្ជីហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន ជាមួយនឹងគម្រោងអាទិភាព ដោយប្រើប្រាស់ថវិការបស់រដ្ឋ និងគម្រោង ដែលទាមទារការវិនិយោគឯកជន។

អាជ្ញាធរខេត្តនេះនឹងពិនិត្យ និងកែសម្រួលផែន វិនិយោគលើការធ្វើឱ្យប្រសើរឡើង និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងការងារសង្គមនៅក្នុងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ហើយក៏នឹងលើកកម្ពស់គម្រោងធ្វើឱ្យប្រសើរឡើង នូវទីផ្សារព្រំដែន ដើម្បីសម្រួលដល់ការផ្លាស់ប្តូរទំនិញឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិនេះផងដែរ។

ខេត្តនេះមានបំណង ផ្តល់អាទិភាពដល់ការបែងចែកថវិកាថវិការដ្ឋ ដើម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ដោយមិនមានវិស័យឯកជនចូលរួម លើកទឹកចិត្ត និងជួយសហគ្រាសចូលរួម ក្នុងការសាងសង់ទីផ្សារពាណិជ្ជកម្មតាមព្រំដែន។

នាពេលខាងមុខនេះ អាជ្ញាធរខេត្តនឹងគាំទ្រដល់ការផ្លាស់ប្តូរ និងចរាចរទំនិញ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ រវាងតំបន់ព្រំដែននៃខេត្ត Gia Lai និងខេត្តរតនគីរី (កម្ពុជា)។

ការអភិវឌ្ឍនឹងផ្តោតលើការពង្រឹងគុណភាពធនធានមនុស្ស ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍ ក្រុមពាណិជ្ជករតាមរយៈការផ្សព្វផ្សាយច្បាប់ និងគោលនយោបាយស្តីពីប្រភពដើមនៃទំនិញ និងវិធីទូទាត់ ដោយចុះកិច្ចកិច្ចព្រមព្រៀង និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយពាណិជ្ជករ និងអ្នករស់នៅតាមព្រំដែន។

មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្តខាងលើនេះ ត្រូវបានចាត់តាំងឱ្យសម្របស ម្រួ​លជាមួយទីភ្នាក់ងារពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការវិនិយោគ ដើម្បីទាក់ទាញអាជីវកម្មទាំងក្នុង និងក្រៅខេត្តឱ្យចូលរួម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន៕

ខេត្តព្រះវិហារត្រៀមស្វាគមន៍មជ្ឈមណ្ឌលសម្រាប់បដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍កម្រិតតំបន់មួយ

ខេត្តព្រះវិហារត្រៀមស្វាគមន៍មជ្ឈមណ្ឌលសម្រាប់បដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍កម្រិតតំបន់មួយ

ដោយៈគង់ សូរិយា

ព្រះវិហារៈ រដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចខ្នាតធំមួយ នៅឯតំបន់ប្រាសាទព្រះវិហារ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។

ខេត្តព្រះវិហារត្រៀមស្វាគមន៍មជ្ឈមណ្ឌលសម្រាប់បដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍កម្រិតតំបន់មួយ

តាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានឲ្យដឹងថា មណ្ឌ​លបដិសណ្ឋារកិច្ចនេះ មានទីតាំងស្ថិតនៅទល់មុខសារមន្ទីរធម្មជាតិសកលស ម្ដេចតេជោ ហ៊ុន សែនព្រះវិហារ ស្ថិតនៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។

ការសាងសង់មជ្ឈមណ្ឌលនេះ ត្រូវសាងសង់ឡើងដោយក្រុមហ៊ុន ខេភី ខនស្ត្រាក់សិន និងដេគ័រ ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។

មណ្ឌលបដិសណ្ឋារកិច្ចនេះ រួមមាន អគារផ្តល់សំបុត្រ អគារព័ត៌មានទេសចរណ៍ អគាររង់ចាំ ចំណតរថយន្យសាធារណៈ ចំណតសហគមន៍ និងបន្ទប់ទឹក។

ក្រោយពេលសាងសង់រួច មណ្ឌលបដិសណ្ឋារកិច្ចត្រូវបានរំពឹងទុកថា នឹងក្លាយជាគោលដៅទេសចរណ៍មួយ សម្រាប់ភ្ញៀវទេសចរមកទស្សនាប្រាសាទព្រះវិហារ ហើយក៏អាចតភ្ជាប់ ទៅនឹងគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់ផងដែរ៕