ដោយ៖ សុផារី
ភ្នំពេញ៖ មុននឹងសម្រេចចិត្តទិញផ្ទះនៅតំបន់ណាមួយ អ្នកត្រូវតែតាមដានព័ត៌មានទាក់ទងទៅនឹងតំបន់ដែលអ្នកចង់ទិញដើម្បីផ្តល់ជាភាពងាយស្រួលបន្ថែមក្នុងការសម្រេចចិត្តទិញលំនៅដ្ឋានឱ្យបានត្រឹមត្រូវតាមអ្វីដែលអ្នកចង់បាន។ ការជ្រើសរើសទីតាំងល្អជាជម្រើសដ៏ឆ្លាតវ័យដែលអាចផ្តល់នូវអត្ថប្រយោជន៍សម្រាប់អ្នកដែលមានបំណងទិញផ្ទះ មិនថាសម្រាប់ការវិនិយោគឬការរស់នៅនោះទេ។
តាមការលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យរបស់ក្រុមហ៊ុន ERA CAMBODIA ខាងក្រោមនេះជាតំបន់ដែលកំពុងមានសក្តានុពលនិងល្អបំផុតសម្រាប់វិស័យលំនៅដ្ឋានក្នុងក្រុងភ្នំពេញក្នុងរយៈពេលចុងក្រោយនេះ៖
1. ផ្លូវជាតិលេខ៦A (ជ្រោយចង្វារ): តំបន់ផ្លូវជាតិលេខ6A (ជ្រោយចង្វារ) ជាតំបន់ដែលងាយស្រួលជាងគេដោយសារតែនៅជាប់នឹងទីក្រុងភ្នំពេញស្រាប់ ថែមទាំងមានផ្លូវធំមិនពិបាកក្នុងការស្វែងរក ហើយក៏ជាផ្លូវដែល ពោរពេញទៅដោយលំនៅដ្ឋានជាច្រើនផងដែរ។
2. តំបន់ចំការដូងទៅព្រៃស: ពីតំបន់ចំការដូងទៅកាន់ព្រៃស បច្ចុប្បន្នកំពុងតែសម្រុកសាងសង់គម្រោងលំនៅ ដ្ឋានជាច្រើន ហើយក៏ជាតំបន់ដែលកំពុងមានមនុស្សអ៊ូអររស់នៅច្រើនផងដែរ ដែលសាកសមបំផុតសម្រាប់ការទិញផ្ទះនៅតំបន់នោះ។
3. ជុំវិញតំបន់ទំនប់កប់ស្រូវ: តំបន់ទំនប់កប់ស្រូវកំពុងតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែតម្លៃដីនៅទីនោះមានតម្លៃធូរថ្លៃ ដែលជាហេតុធ្វើឱ្យគម្រោងលំនៅដ្ឋានជាច្រើននាំគ្នាសម្រុកសាងសង់នៅតំបន់នោះ។
4. តំបន់កៀនស្វាយ: កៀនស្វាយ ជាតំបន់ដែលមានបរិយាកាសល្អសម្រាប់លំហែកាយ និងជាតំបន់សម្បូរទៅ ដោយលំនៅដ្ឋានដែលមានតម្លៃសមរម្យដែលល្អបំផុតសម្រាប់ទិញផ្ទះរស់នៅ។
5. ភាគខាងត្បូងរាជធានីភ្នំពេញ: នៅតាមតំបន់ផ្លូវ៦០ម៉ែត្រជាតំបន់ដែលមានសក្តានុពលខ្លាំងដោយសារមានលំនៅដ្ឋានជាច្រើនកំពុងតែសម្រុកសាងសង់ មានខុនដូទំនើបៗ សំណង់អគារធំៗ ថែមទាំងមានផ្សារទំនើបដែលល្អបំផុត៕