វិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande ពញ្ញាក់ស្មារតីឱ្យវៀតណាមបង្កើតការប្រុងប្រយ័ត្នខ្ពស់

0

ដោយសុខុម

ហាណូយ: វិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande បានផ្ដល់មេរៀនជាច្រើនដល់ក្រុមអ្នកបង្កើតគោលនយោបាយ និងក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម នានាឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងគ្រោះមហន្តរាយស្រដៀងគ្នានេះកើតឡើងនៅវៀតណាម។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃទី៩ តុលា ឱ្យដឹងថា អ្នកជំនាញលើកឡើងបែបនេះអំឡុងសន្និសីទមួយដែលរៀបចំឡើងដោយទស្សនាវដ្ដី VnEconomy ដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានឡើងនេះ។

បណ្ឌិត Lê Xuân Nghĩa អតីតអនុប្រធានគណៈកម្មាធិការអធិការកិច្ចហិរញ្ញវត្ថុជាតិវៀតណាម បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃ និងថ្លៃឈ្នួលអចលនទ្រព្យក្នុងប្រទេសវៀតណាម បើធៀបនឹងប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋ គឺខ្ពស់ខ្លាំងណាស់ ស្ទើរតែដូចនៅប្រទេសចិន ទៅហើយ។ លោកបន្តថា នេះឆ្លុះបញ្ចាំងពីកង្វះនៃការផ្គត់ផ្គង់ដែលជំរុញឱ្យមានសកម្មភាពវិនិយោគដ៏ផុសផុលនៅក្នុងទីផ្សារអចលនទ្រព្យ។

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចូលចិត្តបោះផ្សាយសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលជាជាងខ្ចីប្រាក់ពីធនាគារ ព្រោះការខ្ចីប្រាក់ពីធនាគារមានភាពស៊ាំញាំដោយតម្រូវឱ្យដាក់តម្កល់ទ្រព្យបញ្ចាំ និងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើគោលបំណងនៃការប្រើប្រាស់ប្រាក់កម្ចីរបស់ពួកគេជាដើម។ អាជីវកម្មនានានៅវៀតណាម បាននិងកំពុងអនុវត្តតាមវិធីនេះជាច្រើនឆ្នាំមកហើយ ពោលគឺមិនខុសគ្នាពីអ្វីដែលក្រុមហ៊ុន Evergrande អនុវត្តនោះឡើយ។

ជាការពិតណាស់ ការធ្វើបែបនេះផ្ដល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អាចបន្ថែមគម្រោងថ្មីៗដោយមិនចាំបាច់រង់ចាំរហូតដល់បញ្ចប់គម្រោងដែលកំពុងបន្ត។ ការធ្វើបែបនេះប្រហែលជាបានផលសម្រាប់ពួកគេ នៅពេលលក់ដាច់ខ្លាំង។ ទោះជាយ៉ាងណា នៅពេលទីផ្សារជាប់គាំង ហើយការលក់ដាំក្បាលចុះ នោះមហន្តរាយហិរញ្ញវត្ថុប្រាកដជាផ្ទុះឡើងដោយជៀសមិនរួច។

លោកគូសបញ្ជាក់ថា “រឿងបែបនេះកើតឡើងញឹកញាប់ណាស់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម ផងដែរ។ យើងបានធ្វើការព្រមានជុំវិញរឿងនេះជាច្រើនលើករួចមកហើយ”។

លោកលើកឡើងថា វិបត្តិក្រុមហ៊ុន Evergrande ទំនងជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារហិរញ្ញវត្ថុពិភពលោកឡើយ ព្រោះបណ្ដាវិនិយោគិនសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មិនសូវចាប់អារម្មណ៍លើអចលនទ្រព្យចិន។

ទោះជាយ៉ាងណា វិបត្តិក្រុមហ៊ុន Evergrande ជាការពញ្ញាក់ស្មារតីបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម ឱ្យបង្កើតការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះមានក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម នានាបានបោះផ្សាយសញ្ញាប័ណ្ណដល់ទៅរាប់ទ្រីលានដុង (រាប់រយលានដុល្លារអាមេរិក) នៅប្រទេសវៀតណាម។ នេះជារឿងដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ខណៈប្រទេសនេះមិនទាន់មានស្ថាប័នឯករាជ្យ និងមានសមត្ថភាពដើម្បីគ្រប់គ្រងទីផ្សាររបស់ខ្លួននៅឡើយ៕ Vietnam News

LEAVE A REPLY

Please enter your comment!
Please enter your name here