ដោយៈគង់ សូរិយា
ភ្នំពេញៈ ភាពជាភ្នាក់ងារលក់អចលនទ្រព្យ មិនមែនជាការងាយស្រូលពេកនោះទេ លើការលក់អចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ និងទទូលបានទំនុកចិត្តពីអតិថិជន។
តើភ្នាក់ងារអចលនទ្រព្យគួរប្រតិបត្តិខ្លួនបែបណា ដើម្បីលក់អចលនទ្រព្យបានដោយជោគជ័យ?។
លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នជំនាញភ្នាក់ងារអចលនទ្រព្យ គឺជាជំនាញមួយកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេតុតែជំនាញនេះ ជាជំនាញដែលអាចធ្វើឲ្យរកចំណូលបានច្រើន។
លោកបន្តថា “តែទោះជាយ៉ាងណាក្តី មានភ្នាក់ងារជាច្រើន លក់មិនទាន់ដាច់ ឬលក់មិនសូវដាច់ រាល់អចលនទ្រព្យរបស់ខ្លួន ដែលកំពុងលក់ឡើយ”។
លោកឧកញ៉ា បានផ្តល់ការចែករំលែក នៃការលក់ដ៏ជោគជ័យរបស់លោក តាមរយះ Property Area Asia នូវគន្លឹះសំខាន់ៗចំនួន៥រូមមាន ទី១) ត្រូវជ្រើសរើសលក់អចលនទ្រព្យណា ដែលស្របច្បាប់ មានឯកសារភាពជាម្ចាស់គ្រប់ត្រឹមត្រូវ។ ទី២) ត្រូវដឹងអំពីលៃទីផ្សាររបស់អចលនទ្រព្យ នៅតំបន់ដែលយើងកំពុងលក់ឲ្យបានច្បាស់។ ទី៣ លក់អចលនទ្រព្យណា ដែលម្ចាស់ចង់លក់ពិតប្រាកដ ដែលមានតំលៃគួរឲ្យចាប់អារម្មណ៍ ហើយអាចឲ្យអ្នកទិញអាចចំណេញបាននៅពេលខាងមុខ។
ទី៤) ភ្នាក់ងារត្រូវមានជំនាញព្យាករណ៍តំលៃ អចលនទ្រព្យនាពេលអនាគតសម្រាប់អ្នកទិញ ដើម្បីឲ្យអ្នកទិញងាយស្រួលក្នុងការគិតអំពីផែនការវិនិយោគ និងទី៥) ភ្នាក់ងារត្រូវចេះគណនាឲ្យអ្នកទិញ បានច្បាស់លាស់នូវផលចំណេញ ប្រសិនបើអ្នកទិញទិញយកទៅធ្វើអ្វីមួយ ជាឧទាហរណ៍: ប្រសិនបើដីមួយទំហំ២ហិតា ហើយតម្លៃទីផ្សារគឺ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ តែអ្នកលក់លក់ត្រឹមតែតម្លៃ១៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នោះមិនប្រាកដថា អ្នកទិញនឹងទិញនោះទេ ព្រោះអ្នកទិញមិនអាចយកទៅធ្វើអ្វីមួយបានចំណេញនោះទេ ក្នុងតម្លៃ១៥០ដុល្លារនេះ។
លោកឧកញ៉ាសំ សុខនឿនបានបន្ថែមថា ភាពជាភ្នាក់ងារលក់អចលនទ្រព្យ ក៏ត្រូវមានវិធីសាស្រ្តក្នុងការចចារ មានចំណេះដឹងទូលំទូលាយ ទាក់ទងនឹងលិខិតបទដ្ឋានគតិយុត្តិនានា ក៏ដូចជាមូលដ្ឋានច្បាប់សំខាន់ៗជាច្រើន ដើម្បីផ្តល់នូវការប្រឹក្សានិងដំណោះស្រាយជាក់លាក់ ដែលអាចឲ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើអាជីពរបស់យើង ដែលប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់៕