ស្គាល់ឈ្មោះកោះទាំ១២នៅខេត្តកែប និងដឹងចំណុចពិសេសដែលអ្នកមិនធ្លាប់ បានដឹងពីខេត្តតូចច្រឡឹងនេះ

ដោយៈគង់ សូរិយា

កែបៈ ជាខេត្តមួយតូចច្រឡឹង និងមានទេសភាពខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ឋ និងជាខេត្តមានផលសមុទ្រមានរសចាតិឆ្ងាញ់ជាងគេ ក្នុងចំណោមតំបន់K4 កែបមានអាថ៌កំបាំងជាច្រើន ដែលអ្នកមិនធ្លាប់បានដឹង។

ប៉ុន្តែជាដំបូង គេហទំព័រPropertyarea.asiaសូមលើកយកមកបង្ហាញពីឈ្មោះកោះចំនួន១២ ដែលមានមូលដ្ឋាននៅក្នុងខេត្តនេះជាមុនសិន។

កោះទាំងនោះមានឈ្មោះដូចជា រួមមាន៖ ១-កោះទន្សាយ,២-កោះត្បាល់,៣-កោះស្វាយ,៤-កោះពោធិ៍,៥-កោះម៉ាក់ប្រាង,៦-កោះអាចម៍សេះ​,៧-កោះអង្រ្កង់,៨-កោះស្វាយព្រៃ,៩-កោះហាលត្រី,១០-កោះការ៉ាង,១១-កោះកុក,១២-កោះម្ទេស និងទី១៣-គឺតំបន់ថ្មប៉ប្រះទឹក។

ជាខេត្តតូចមួយ ដែលពីមុនមានឋានៈត្រឹមជាក្រុងមួយ នៃដែនរដ្ឋបាលខេត្តកំពត ខេត្តកែបបច្ចុប្បន្នមានការអភិវឌ្ឍយ៉ាងគាប់ប្រសើរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ តំបន់ឆ្នេរ ផ្សាររាត្រី និងកំពង់ផែកោះទន្សាយ ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម។

ខេត្តនេះជាខេត្តតែមួយគត់នៅកម្ពុជា ដែលមានឧទ្យានជាតិកណ្តាលក្រុង ដែលបុព្វហេតុនេះហើយ បានធ្វើឲ្យខេត្តនេះមានអាកាសធាតុត្រជាក់មនោរម្យ ដែលអ្នកបានទៅសំរាកលំហែរនៅខេត្តនេះជ្រុះអស់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ស្រាយ។

មូលហេតុនេះហើយ ដែលខេត្តកែបធ្លាប់ទទួលបានពានរង្វាន់កម្រិតអាស៊ាន ក្នុងនាមជាខេត្តមាន “ទឹកស្អាត ដីស្អាត និងខ្យល់អាកាសស្អាត”។

អ្វីកាន់ពិសេសធនធានជលផលពីសមុទ្រក្នុងខេត្តកែប មានរសជាតិឆ្ងាញ់ជាងគេ ដោយសារខេត្តនេះមានស្មៅសមុទ្រច្រើន ហើយក៏មានការកឃើញថា ខេត្តនេះមានហ្វូងត្រីដូហ្វីនទាំងហ្វូងៗ មកលេងនៅប្រជុំកោះពោធ៍ និងចុងកោះទន្សាយផងដែរ។

អភិបាលរងខេត្តកែប លោក វ៉ៅ សុខាបានមានប្រសាសន៍៍ឲ្យដឹងថា ប្រជុំកោះមួយចំនួន ក្នុងដែនសមុទ្រខេត្តកែប​ កន្លងមកក៏មានក្រុមហ៊ុនមួយចំនួន មកសិក្សាគម្រោង ដើម្បីធ្វើការអភិវឌ្ឍន៍នៅលើដែនកោះ ប៉ុន្តែក្រុមហ៊ុនទាំងនោះក៏មិនទាន់បានកំណត់​កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៅឡើយទេ។

លោកបន្តថា “ទោះជាបែបណា ក្នុងពេលបច្ចុប្បន្ននៅតាមបណ្តាកោះខ្លះក៏មានពល​រដ្ឋរស់នៅ ដែលភាគច្រើនប្រកបមុខរបរនេសាទក្នុងសមុទ្រ ហើយរំពឹងទុក​ថាក្នុងចំណោមកោះទាំងនោះ នឹងមានការអភិវឌ្ឍន៍នាពេលខាងមុខនេះផងដែរ”។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនទ្រីភាពរបស់លោកឧកញ៉ាទ្រី ភាពបាននិងកំពុងគិតគូរៀបចំផែនការអភិ​វឌ្ឈន៍កោះទន្សាយ ដើម្បីជាទីសំរាកលំហែរ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

លោកបន្តថា “ជាមួយគ្នានេះ ខេត្តក៏បាននិងកំពុងរៀបចំអភិវឌ្ឍន៍ឆ្នេរ តំបន់កំសាន្តនាពេលរាត្រី និងសេវាកម្មជាច្រើនទៀត ដើម្បីទាក់ទាញទេសចរណជាតិ និងអន្តរជាតិ”៕

តើកម្ពុជានឹងទទួលបានប្រយោជន៍អ្វីខ្លះពីកិច្ចព្រមព្រៀងRCEPដែលមានតម្លៃសេដ្ឋកិច្ច២៥ទ្រីលានដុល្លារ?

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រទេសចិនកាលពីថ្មីៗនេះ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការគាំទ្រយ៉ាងខ្លាំង ហើយបានបញ្ជាក់ថា ខ្លួនសង្ឃឹមថាសមាជិកដទៃទៀត នឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដែលអាចចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ដូច្នេះកិច្ចព្រមព្រៀងនេះមានរយៈពេល៥ ខែប៉ុណ្ណោះ ចាប់ពីពេលនេះតទៅ ដើម្បីចូលជាធរមាន និងចាប់ផ្តើមអនុវត្តន៍ពីសំណាក់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីRCEP រួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ប្រជាជាតិអាស៊ាន ដែលរួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមរួមជាមួយអូស្ត្រាលី និងនូវែលហ្សេឡង់។

កិច្ចព្រមព្រៀងRCEP ពិតជាមានទំហំធំណាស់គិតចាប់តាំងពីទំហំសេដ្ឋកិច្ច រហូតដល់ចំនួនប្រជាជន។ ប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះ មានប្រមាណ៣០ភាគរយនៃGDP សរុបលើសកល និងមានចំនួនប្រជាជនប្រមាណ៣០ភាគរយ នៃប្រជាជនពិភពលោក។ តម្លៃសេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងនេះ មានតម្លៃសរុបជិត២៥ទ្រីលានដុល្លារអាមេរិក  និងមូលដ្ឋានអ្នកប្រើប្រាស់សរុបប្រមាណ២,២ពាន់លាននាក់ ដែលក្នុងនោះប្រ​មា​ណ១ពាន់លាននាក់ គឺអ្នកប្រើប្រាស់ ដែលមានជីវភាពកម្រិតមធ្យម។

គោលបំណងចម្បងរបស់កិច្ចព្រមព្រៀងRCEP គឺដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដោយកសាងកិច្ចព្រមព្រៀងអាស៊ានទ្វេភាគី ដែលមានស្រាប់នៅក្នុងតំបន់ ជាមួយដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់ខ្លួន។ កិច្ចព្រមព្រៀងនេះនឹងត្រូវបានដាក់ចេញ ដោយសំណុំនៃវិធាន និងស្តង់ដាររួមទាំងការកាត់បន្ថយឧបសគ្គពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ។

សម្រាប់វិនិយោគិន កិច្ចព្រមព្រៀងRCEPផ្តល់នូវឱកាសពាណិជ្ជកម្ម និងវិនិយោគថ្មីៗជាច្រើន នៅក្នុងបណ្តាប្រទេស ដែលចូលរួមនិងបង្កើតប្លុកពាណិជ្ជកម្មធំបំផុតរបស់អាស៊ីរហូតមកដល់បច្ចុប្បន្ន។

ធនាគារពិភពលោក (World Bank) បានលើកឡើងកាលថ្មីៗនេះថា កម្ពុជានឹងឱកាស សម្រាប់សម្រួលការពង្រីកការវិនិយោគក្នុងស្រុក និងពីបរទេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។

លោកស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយថា កម្ពុជាកំពុងពន្លឿននីតិវិធីផ្ទៃក្នុង ឆ្ពោះទៅរកការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់បំផុត។ លោ​កបានបន្ថែមថា “កម្ពុជារំពឹងថា កិច្ចព្រមព្រៀងនេះ នឹងត្រូវផ្តល់សច្ចាប័ននៅក្នុងឆមា​សទី២ ឆ្នាំ២០២១នេះ ប្រសិនបើស្ថានភាពនៃកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបានឆាប់”។

លោកបណ្ឌិតម៉ី កល្យាណសេដ្ឋវិទូកម្ពុជា និងប្រធានវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP មានអត្ថន័យណាស់ សម្រាប់កម្ពុជាក្នុងរយៈពេលមធ្យម និងវែង ហើយកម្ពុជាត្រូវការកែលម្អប្រព័ន្ធ និងយន្តការរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគកាន់តែរលូន។

លោក Zhang Jianping អគ្គនាយកមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងចំណោមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើពាណិជ្ជកម្មក្នុងតំបន់ការវិនិយោគ និងការធ្វើសមាហរណកម្មទីផ្សារ។

លោកបានបន្តថា “ប្រការនេះនឹងជួយដល់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ១៩ និងងាកចេញពីការប្រឈមនឹងការកើនឡើងនូវការគាំពារនិយមផ្នែកពាណិជ្ជកម្ម”។

លោក Zhang បាននិយាយថា កិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសដែលចូលរួម និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក នឹងជម្រុញយ៉ាងខ្លាំងដល់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដោយបន្ថែមថាមពលថ្មីដល់ការអភិវឌ្ឍក្នុងតំបន់ និងផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕

អាគារកប់់ពពកចំនួនបួននឹងផ្លាស់ប្តូររាជធានីភ្នំពេញទៅកាន់ទីក្រុងលំដាប់ពិភពលោក

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អាគារកប់ពពកលំដាប់ពិភពលោក បាននិងកំពុងសាងសង់ និងត្រៀមសាងសង់នាពេលខាងមុខ ដែលវត្តមានអាគារមានកំពស់ជាង២០០ម៉ែត្រ ដល់៥៦៨ម៉ែត្រ នឹងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញទៅកាន់កម្រិតថ្មីមួយទៀត។

បច្ចុប្បន្នក្នុងចំណោមអាគារខ្ពស់ៗទាំង៤ មានអាគារបីកំពុងចាប់ផ្តើមដំណើរការបុកគ្រឹះសាងសង់បណ្តើរៗហើយ។

គំរោងMesong Tower

វិនិយោគដោយក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុងហុងកុង អាគារកំពស់៧១ជាន់នេះ ស្មើនឹងកំពស់២៧២ម៉ែត្រនេះ កំពុងធ្វើការបុកគ្រឹះសាងសង់ហើយ ដែលមានទីតាំងនៅជិតស្ពាននាគភ្លោះលើទីក្រុងកោះពេជ្រ។

អាគារដែលមានខុនដូ អាផាតម៉ិន ការិយាល័យ និងសេវាកម្មកំសាន្តេះជាច្រើននេះ កំពុងតែដំណើរការសាងសង់ ដោយឆ្ពោះទៅមុខយឺតៗ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩។

មជ្ឈមណ្ឌលកំសាន្តលំដាប់ពិភពលោកNaga3

មជ្ឈមណ្ឌលកំសាន្ត និងពាណិជ្ជកម្មលំដាប់ពិភពលោកNaga3 ដែលបោះទុនវិនិយោគ៣៥០០លានដុល្លារអាមេរិក កំពុងខួងគ្រឹះយ៉ាងសកម្ម ដែលគំរោងនេះនឹងជាផ្នែកមួយនៃLand Markនៃទីក្រុងភ្នំពេញ។

ក្រៅពីកាស៊ីណូ សណ្ឋាគារ អាផាតម៉ិន ខុនដូ មជ្ឈមណ្ឌលកំសាន្ត កាស៊ីណូ មជ្ឈមណ្ឌលកំសាន្តNaga3 បាននិងកំពុងវិនិយោគលើគំរោងជាច្រើនទៀត នៅក្នុងមជ្ឈ​មណ្ឌលនេះ។

ក្រុមហ៊ុនNaga Cord ដែលកំពុងវិនិយោគអភិវឌ្ឍគម្រោងនេះបានឲ្យដឹងថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេ នៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។

នៅក្នុងបរិវេណនោះ នឹងមានប្លុកវេទិកាពហុមុខងារចំនួន១៧ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈ​មណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដីចំនួន៤ជាន់សម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ​។

Naga3 នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត៣.០០០ ទៅលើមជ្ឈម ណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុប សម្រាប់គម្រោងមានចំនួន៥០០ ០០០ម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ និងអ្នករចនា សម្រាប់គម្រោងនេះ នឹងសាងសង់ ស្របតាមស្តង់ដារអន្តរជាតិ៕

មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់៤០០ម៉ែត្រ

ក្រុមហ៊ុនចិនដ៏ធំមួយ កំពុងវិនិយោគលើផ្ទៃដីប្រមាណ៥ហិកតា នៅទីតាំងអតីតៈតំបន់ក្មេងលេងនាពេលរាត្រី ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់៤០០ម៉ែត្រនៅតំបន់នេះផងដែរ។ នេះបើតាមលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC។

បច្ចុប្បន្នក្រុមហ៊ុនដែលមកពីប្រទេសចិននេះ បាននិងកំពុងចាប់ផ្តើមដំណើរការការដ្ឋានសាងសង់បណ្តើរៗផងដែរ ប៉ុន្តែដំណើរការសាងសង់ហាក់យឺតយ៉ាវបន្តិច ប្រហែ​លមកពីវិបត្តិសេដ្ឋកិច្ចសកល បណ្តាលមកពីជំងឺកូវីដ១៩។

គំរោងនេះដ៏ធំនេះ គ្រោងវិនិយោគទឹកប្រាក់ជាង១៣០០លានដុល្លារអាមេរិក និងទទួលបានការអនុម័តយល់ព្រម ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។

មជ្ឈមណ្ឌលពាណិជ្ជកម្មThai Boon Rongកំពស់៥៦៨ម៉ែត្រ

បន្ទាប់ពីប្រកាសតាំងពី៤ឆ្នាំមុន ហើយនៅតែមិនទាន់បានសាងសង់ បានធ្វើឲ្យសាធារណៈជនហាក់អស់សង្ឃឹម ប៉ុន្តែកាលពីសប្តាហ៍កន្លងមក លោកសាស្រ្តាចារ្យទួស សាភឿនប្រធានក្រមវិស្វករនៃគម្រោងលំដាប់យក្ស ដែលគ្រោងបោះទុនវិនិយោគ៣០០០លានដុល្លារនេះបានឲ្យដឹងថា គំរោងនេះនឹងសាងសង់នាពេលខាងមុខ ដោយមិនមានការបញ្ឈប់នោះទេ។

លោកសាស្រ្តាចារ្យបានបន្តថា “ក្រុមហ៊ុនបានបញ្ចប់ការងារបច្ចេកទេស លើប្លង់អាគារ ការធ្វើតេស្តដី ការសង់ជញ្ជាំងទប់ដីរួចហើយ ដោយរង់ចាំតែពេលវេលាចាប់ផ្តើម​សាងសង់ប៉ុណ្ណោះ”។លោកបន្តថា “ក្រុមហ៊ុនមិនមានវិបត្តិហិរញ្ញវត្ថុណាមួយនោះទេ គឺលុយមាននៅក្នុងដៃរួចហើយ”។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ រួមបញ្ចូលនូវផ្សារទំនើបលំដាប់អន្តរជាតិ ខុនដូ អាផាតម៉ិនកំរិតផ្កាយ៥ សណ្ឋាគារកម្រិតផ្កាយ៦ ការិយាល័យ មជ្ឈមណ្ឌ​លកំសាន្ត និងសេវាកម្មជាច្រើនទៀត ពិសេសអាគារនេះនឹងមានកន្លែងសំរាប់ទស្សនាទេសភាពរាជធានីភ្នំពេញផងដែរ។

លោកសាស្រ្តាចារ្យទួស សាភឿនបានថ្លែងថា “នៅពេលសាងសង់ចប់ មជ្ឈមណ្ឌ​លពាណិជ្ជកម្មនេះ នឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗលំដាប់ពិភពលោក មកដាក់ការិយាល័យកណ្តាលនៅកម្ពុជា ដោយសារបច្ចុប្បន្នរាជធានីភ្នំពេញ មិនទាន់មានការិយាល័យលំដាប់ពិភពលោកនៅឡើយទេ”។ លោកបន្តថា “វានឹងជាមុខមាត់ និងជាមោទនភាពរបស់កម្ពុជានាពេលអនាគត”៕

 

សម្ដេចតេជោ សម្រេចបង្កើតក្រុមការងារសិក្សានិងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងកូវីដ១៩

ភ្នំពេញ ៖ ទីបំផុតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតក្រុមការងារសិក្សានិងស្រាវជ្រាវ រកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាផ្លូវ ។

នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣០ កក្កដា២០២១ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។

នៅក្នុងសេចក្តីសម្រេចបញ្ជាក់ថា រាល់ការចំណាយពាក់ព័ន្ធនឹងសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវប្រើកញ្ចប់ថវិកាជាតិ ដោយរៀបចំសំណើដាក់ជូនប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងសម្រេច ។

នៅក្នុងសេចក្ដីសម្រេចក៏បានបញ្ជាក់ផងដែរក្រុមការងារនេះ សម្ដេចបានតែងតាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនីជាប្រធានក្រុមការងារសិក្សានិងស្រាវជ្រាវរកឱសថ និងបរិក្ខាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងមានអនុប្រធាននិងសមាជិក១៣រូបផ្សេងទៀត ៕

សារព៌តមានអន្តរជាតិៈទោះជាមានបញ្ហាប្រឈមជាច្រើនក្ដី ក៏កម្ពុជានៅតែមានសុទិដ្ឋិនិយមអំឡុងសម័យកូវីដ-១៩

ដោយៈសុខុម

ភ្នំពេញៈ វីរុសកូវីដ-១៩ កំពុងតែឆ្លងរាលដាលយ៉ាងពេញទំហឹង ក្នុងតំបន់អាស៊ីអាគ្នេយ៍នៅពាក់កណ្តាលឆ្នាំ២០២១នេះ។យោងតាមអង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ដែល “ឆ្លងលឿនបំផុត និងសាហាវបំផុត” កំពុងតែបង្កអន្តរាយក្នុងតំបន់។

បច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនបំផុតក្នុងតំបន់អាស៊ានបានក្លាយជាចំណុចផ្ទុះវីរុសបំប្លែងខ្លួនថ្មីនេះ។

ដោយឡែក សម្រាប់ពេលនេះប្រទេសកម្ពុជា មានស្ថានភាពហាក់ល្អប្រសើរជាងបណ្ដាប្រទេសជិតខាងរបស់ខ្លួន។   នេះបើយោងតាមសារព័ត៌មាន California News Times ចុះផ្សាយនៅថ្ងៃទី៣០ កក្កដា នេះ។

*ការឆ្លើយតបទាន់ពេលវេលា និងរឹងមាំរបស់រដ្ឋាភិបាល

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មាន៧១,៣១% (ជាង៧លាននាក់) បើធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់។ ចំនួនប្រជាជនកម្ពុជា ដែលបានទទួលវ៉ាក់សាំងពេញលេញ ពោលគឺគ្រប់ចំនួន២ដូស ក៏មានការកើនឡើងជាលំដាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសន្យាថានឹងឱ្យកុមារដែលមានអាយុពី១២ ដល់១៧ឆ្នាំទទួលការចាក់វ៉ាក់សាំង ដែលយុទ្ធនាការថ្មីនេះនឹងចាប់ផ្ដើមពីថ្ងៃទី១ សីហា តទៅ។

លទ្ធភាពអាចទៅរួចដែលថា សាលារៀននានានៅទូទាំងប្រទេស នឹងបើកដំណើរការពេញលេញឡើងវិញនៅខែកញ្ញា ខាងមុខ។ ប្រទេសកម្ពុជា អាចនឹងសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ (Community Resilience) នៅត្រឹមដើមឆ្នាំ២០២២។

រដ្ឋាភិបាលកម្ពុជា ក៏កំពុងស្វះស្វែងទិញវ៉ាក់សាំងបន្ថែមផងដែរ ដើម្បីពន្លឿនការចាក់ឱ្យទាន់តាមគោលដៅដែលបានកំណត់។

ទោះជាយ៉ាងណា ពលរដ្ឋក្រីក្រ ជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងជាងគេ អំឡុងវិបត្តិកូវីដ-១៩ ជាពិសេសផ្នែកសេដ្ឋកិច្ច។

ជាសំណាងល្អ រដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ-១៩ និងសម្រាប់បើកប្រាក់ឧបត្ថម្ភ ដើម្បីជួយសម្រា​កទុក្ខលំបាករបស់ពលរដ្ឋក្រីក្រ។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឱ្យដឹងថា ប្រទេសកម្ពុជា បានចំណាយប្រាក់ចំនួន១.៣៦ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលស្មើនឹងប្រមាណ៥.១% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។ ហើយឆ្នាំនេះ រដ្ឋាភិបាលទំនងជាចំណាយបន្ថែមទៀតដើម្បីទប់ទល់នឹងវិបត្តិនេះ។

*តើភាពស៊ាំក្នុងសហគមន៍ជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ម៉្លះ?

ភាពស៊ាំក្នុងសហគមន៍ ដែលគេស្គាល់ថាជាភាពស៊ាំជាសហគមន៍ គឺនៅពេលដែលមនុស្សគ្រប់គ្រាន់ នៅក្នុងតំបន់មួយក្លាយទៅជាភាពស៊ាំ ទៅនឹងជំងឺឆ្លងនេះ ដែលអាចរារាំង ក្នុងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដោយសារតែវិធីនេះសហគមន៍ទាំងមូលត្រូវបានការពារ មិនត្រឹមតែមនុស្សដែលមានភាពស៊ាំប៉ុណ្ណោះទេ។ វាជារបៀបដែលយើងបញ្ឈប់ការរីករាលដាល នៃជំងឺដូចជាជំងឺខួរឆ្អឹង និងជំងឺកញ្ជ្រិលអញ្ចឹងដែរ។

ភាពស៊ាំក្នុងសហគមន៍គឺមានសារៈសំខាន់ណាស់ ព្រោះវាការពារមនុស្សដែលមិនអាចចាក់វ៉ាក់សាំងបានដូចជាទារក និងកុមារតូចៗ។ វាក៏ជួយដល់មនុស្សមួយចំនួនដែលមិនអាចទទួលយកវ៉ាក់សាំងផងដែរ ដូចជាអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ៕

កញ្ញាងួន ច័ន្ទចរិយាត្រូវបានតែងតាំងជាទូតសុឆន្ទៈរបស់បុរីGB Residence

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ជាតារាសម្តែងមានទេពកោសល្យមួយរូប និងមានចំណេះដឹងផ្នែកអចល​នទ្រព្យ កញ្ញាងួន ច័ន្ទចរិយាត្រូវបានតែងតាំងជាទូតសុឆន្ទៈរបស់បុរីGB Residence ជាបុរីមួយដែលបានបោះទុនវិនិយោគ៦២លានដុល្លារអាមេរិក។

កញ្ញាងួន ច័ន្ទចរិយាក៏៏ជាទូតសុឆន្ទៈនៃគេហទំព័រPropertyarea.asiaផងដែរ ដែលកញ្ញាបាននិងកំពុងដើរតួនាទីសំខាន់ លើការជួយផ្សព្វផ្សាយពីគេហទំព័រនេះ។

អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateដែលជាក្រុមហ៊ុនទទួលបានសិទ្ឋលក់ផ្តាច់មុខបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី២៩ កក្កដានេះថា ដោយសារជាតារាមានប្រជាប្រិយភាពមួយរូប មានចំណេះដឹងផ្នែកអចលនទ្រព្យ និងកំពុងធ្វើការងារលើវិស័យនេះ បុរីGB Residenceសម្រេចតែងតាំងកញ្ញា ដើម្បីជួយលើកកំពស់ការផ្សព្វផ្សាយ​ និងជំរុញការលក់គម្រោងនេះឲ្យទទួលបានជោគជ័យ។

អ្នកនាងបន្តថា ”ដោយសារកញ្ញាចរិយាជាអ្នកលក់អចលនទ្រព្យផង និងជាមនុ​ស្ស​មានទំនាក់ទំនងល្អក្នុងសង្គមផង ទើបក្រុមហ៊ុនអភិវឌ្ឍន៍បុរីGB សម្រេចតែងតាំងកញ្ញាជាទូតសុឆន្ទៈ និងរំពឹងកញ្ញានឹងជួយជំរុញការលក់ឲ្យមានលទ្ឋផលប្រសើរ”។

ជាមួយនឹងស្នាមញញឹម កញ្ញាងួន ច័ន្ទចរិយាបានមានប្រសាសន៍ថា វាពិតជាកិត្តយសណាស់សម្រាប់កញ្ញា ដែលបានទទួលការតែងតាំងនេះ ដែលងារជាទូតសុឆន្ទៈពិតជាសំខាន់ ដែលនឹងធ្វើឲ្យកញ្ញាមានកំលាំងចិត្ត ដើម្បីជួយដល់ការលក់គំរោងនេះឲ្យទទួល​បានលទ្ឋផលជាទីពេញចិត្ត។

កញ្ញាបន្តថា ​​“ខ្ញុំយល់ឃើញថាគំរោងGB Residence ជាគំរោងស្ថិតនៅទីតាំងល្អ ដោយសារស្ថិតនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលនឹងបញ្ចប់នៅឆ្នាំ២០២៣”។កញ្ញាបន្តថា “ខ្ញុំជឿជាក់ថាអ្នកវិនិយោគគំរោងនេះ នឹងទទួលបានផលចំណេញលឿននាពេលអនាគត ហើយគំរោងនេះនឹងទទួលបានជោគ​ជ័យ”៕

អ្នកជំនាញសេដ្ឋកិច្ចៈ ការបិទខ្ទប់ខេត្តចំនួន៨នឹងបង្កផលប៉ះពាល់តិចតូចដល់សេដ្ឋកិច្ច

ដោយៈ តារា

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការបិទខ្ទប់ខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការឆ្លងរាល់ដាលនៃមេរោគកូវីដ១៩ របស់រាជរដ្ឋាភិបាល អាចនឹងបង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចបន្តិចបន្ទួច ខណៈលំហូរទំនិញឬការធ្វើអាជីវកម្មនៅក្រៅតំបន់បិទខ្ទប់នៅដំណើរការជាធម្មតា។

ទាក់ទងនឹងការបិទខ្ទប់ភូមិសាស្រ្ត ខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការឆ្លងរាល់ដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទ Delta លោកបណ្ឌិតគី សេរីវឌ្ឍន៍អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះថា ពាក់ព័ន្ធនឹងការបិទខ្ទប់របស់រាជរដ្ឋាភិបាល ចំពោះខេត្តដែលនៅជាប់ព្រំដែនថៃ និងខេត្តមួយចំនួនដែលប៉ះពាល់ គឺជាការបិទខ្ទប់ចំពោះការចរាចរមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលធ្វើការឆ្លងកាត់ពីប្រទេសថៃចូលមកកម្ពុជា ក្នុងនោះចំពោះការបិទខ្ទប់នេះ អាចនឹងបិទតំបន់មួយចំនួន ក្នុងរណីរកឃើញការឆ្លង ដោយអនុវត្តន៍ទៅតាមតំបន់លឿង តំបន់ក្រហម និងតំបន់លឿងទុំ។

លោកបណ្ឌិត បានថ្លែងបន្តថា តាមការសង្កេតមើលជាក់ស្តែង ប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ពួកគាត់ភាគច្រើនរស់នៅតាមតំបន់ជនបទ ប្រសិនក្នុងករណីរកឃើញការឆ្លង អាជ្ញាធរអាចនឹងបិទខ្ទប់តែតំបន់ទាំងនោះ ដូច្នេះចំពោះតំបន់មិនមានការប៉ះពាល់ ការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឬតាមទីប្រជុំជននៅដំណើរការជាធម្មតា ក្នុងនោះចំពោះលំហូរទំនិញ ឬការដឹកជញ្ជូនទំនិញផ្សេងៗពីមូលដ្ឋាន ឬពីព្រំដែន សម្រាប់ផ្គត់ផ្គង់នៅតាមទីផ្សារ នឹងចរាចរជាធម្មតា ក្នុងករណីមិនមានការឆ្លងនៃជម្ងឺកូវីដ-១៩ នេះ។

ការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) គឺជាការសម្រេចរបស់អភិបាលនៃគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បិទខ្ទប់ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង”។

ក្នុងនោះចំពោះភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ឬភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលលឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ប្រភេទដែលតា (Delta), អភិបាលនៃគណៈអភិបាលខេត្ត នៃខេត្តដែលត្រូវបានបិទខ្ទប់ ត្រូវកំណត់ភូមិសាស្ត្រនោះជា “តំបន់ក្រហម” ឬ “តំបន់លឿងទុំ” អាស្រ័យទៅតាមកម្រិតនៃការឆ្លងរាលដាលនៃមេរោគប្រភេទដែលតា (Delta) នេះ។

គណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ នឹងដាក់ចេញនូវវិធានការ ហាមឃាត់ ឬវិធានការរឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ ឬការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំប្រទល់ភូមិសាស្ត្រខេត្តដែលត្រូវបានបិទខ្ទប់, ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស, សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបម្រាមគោចរនានាជាដើម ៕

គម្រោងព្រលានយន្តហោះអន្តរជាតិថ្មីទំាង៣របស់កម្ពុជានៅតែបន្តដំណើរការទៅមុខទោះស្ថិតក្នុងវិបត្តិសកល

ដោយៈ តារា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់អាកាចរស៊ីវិល បានបញ្ញាក់ថា ទោះស្ថិបរិបទនៃជំងឺកូវីដ១៩ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីទំាង៣កន្លែងរបស់កម្ពុជា រួមមានព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី និងព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុងនៅដំណើរការធម្មតា។

លោកស៊ីន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់កាលពីថ្មីៗថា បច្ចុប្បន្ននេះស្ថានភាពការសាងព្រលានយន្តហោះអន្តរជាតិទំាង៣កន្លែងរបស់កម្ពុជា គឺនៅតែដំណើរកសាង ពុំមានដំណើរការប្រែប្រួលដោយសារជំងឺរាតត្បាតកូវីដ-១៩ទេ។

លោកបានបន្តថា រហូតមកដល់ពេលនេះ វឌ្ឍនភាព នៃការកសាងព្រលានយន្តហោះទំាង៣កន្លែងរបស់កម្ពុជា គឺនៅដំណើរជាជំហានៗដដែល ជាក់ស្តែងសម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកដល់ពេលនេះគឺសម្រេចការកសាងបានប្រមាណជា១៨,០៥% ហើយព្រលាននេះនឹងកសាងរួចរាល់នៅដើមឆ្នាំ២០២៣ ដែលគ្រោងដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៣។

លោកបានបន្តទៀតថា ចំណែកព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី មកដល់ពេលនេះដូចគ្នា គឺសម្រេចការកសាងបានប្រមាណជា៤៣,៥៣% ហើយព្រលាននេះនឹងកសាងរួចរាល់នៅខែកញ្ញាឆ្នាំ២០២២ ដែលគ្រោងនឹងដាក់ឱ្យដំណើរនៅខែមីនាឆ្នាំ២០២៣។

លោកបានបន្ថែមថា ដោយឡែកសម្រាប់ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង គឺមកដល់ពេលនេះសម្រេចការកសាងបានប្រមាណជា៩១,០៥% ហើយព្រលាននេះនឹងកសាងរួចរាល់នៅខែធ្នូឆ្នាំ២០២១នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២២ ហើយការកសាងព្រលានយន្តហោះអន្តរជាតិទំាង៣កន្លែងក្នុងដំណាក់កាលដំបូងនេះ គឺជាព្រលានយន្តហោះលំដាប់លេខកូដ E ដែលធានាបាននូវផ្លូវរត់សម្រាប់ប្រភេទយន្តហោះ Air Bus 340, Air Bus 350 និងប្រភេទយន្តហោះ Booing 400, Booing 747 និងយន្តហោះ Boing 777 ជាដើម។

សម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គ្រោងចំណាយថវិកាប្រមាណ១៥០០លានដុល្លារ, ចំណែកព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី គ្រោងចំណាយថវិកាជាង៨០០លានដុល្លារ និងព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងចំណាយថវិកាជាង២០០លានដុល្លារ៕

សម្តេចតេជោៈ ជំនួយវ៉ាក់សាំង Johnson & Johnson ជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជានិងនៅក្នុងតំបន់

ដោយៈ ប៊ី

ភ្នំពេញៈ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។

សម្តេចតេជោ បានបញ្ជាក់ថា “អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ”។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃប្រមាណ២០០លានដុល្លារនឹងសម្រេចជាស្ថាពរនាខែសីហា

ដោយៈ ប៊ី

ភ្នំពេញៈ ការសាងសង់កីឡដ្ឋានធំ (Main Stadium) ឬកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោបានសម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កាលពីម្សិលមិញ។

នេះបើតាមការបញ្ជាក់តាមប្រព័ន្ធអនឡាញរបស់លោកវ៉ាត់ ចំរើនអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដែលបានបង្ហាញវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយពេលនេះ ឯកឧត្តមទទួលបន្ទុកនាយបេសកកម្មកម្ពុជា កំពុងដឹកនាំក្រុមប្រតិភូ-អត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោកបានបញ្ជាក់ថា “មកដល់ពេលនេះ សំណង់នេះបានលេចចេញជាសមិទ្ធផលពេញគ្រប់លក្ខណៈសម្បត្តិទាំងអស់ មានន័យថា កាលពីពេលមុន យើងនៅសេសសល់ការបំពាក់កៅអីខ្លះៗ ទីលានរត់អត្តពលកម្ម និងទីលានបាល់ទាត់ ប៉ុន្តែឥឡូវនេះគឺធ្វើរួចរាល់ទាំងស្រុងហើយ”។

លោកបានថ្លែងបន្តថា ចំពោះអាងទឹក ជុំវិញវិមានកីឡដ្ឋាន ដែលជាតំណាងកស្សិណអង្គរក៏បានដាក់បង្ហូរទឹកបំពេញអាង និងប្រព័ន្ធភ្លើង អំពូល ភ្លើងបំភ្លឺអាង រួមទាំងប្រព័ន្ធសំឡេង (Sound System) នៅផ្នែកខាងក្នុង ក៏បានបំពាក់រូចរាល់ដូចគ្នាផងដែរ។

លោកបានឱ្យដឹងទៀតថា ដូច្នេះ គ្រប់ការសាងសង់ ការបំពាក់ឧបករណ៍ រួមទាំងការងារផ្សេងទៀត សម្រាប់កីឡដ្ឋានធំនេះ ត្រូវបានធ្វើរួចរាល់ជាស្ថាពរ។ ក្រៅពីនេះ គឺនៅសល់ការរៀបចំតុបតែង នៅផ្នែកទីធ្លាខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ។ ជារួម គឺក្រុមហ៊ុនសាងសង់បានបើកភ្លើងបំភ្លឺសាកល្បង ដោយត្រូវប្រើប្រាស់ ថាមពលអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់។ អ្វីដែលនៅសេសសល់បន្តិចបន្តួចនោះ គឺការងារទីធ្លាខាងក្រៅ រួមទាំងការបោសសម្អាត។

ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ដែរថា កិច្ចការត្រួតពិនិត្យវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនេះត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែបានយកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់បំផុតឲ្យតាមដានជាប់ជាប្រចាំ។ ក្រោយពីបញ្ចប់ការសាងសង់ គឺយើងត្រូវបន្តការថែទាំ បន្ទាប់ពីក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូនដល់ CAMSOC។

លោកបានបន្ថែមថា សម្រាប់ការថែទាំនេះយើងកំពុងស្នើសុំការផ្តល់ធនធានមនុស្ស អ្នកបច្ចេកទេស សន្តិសុខ សណ្តាប់ធ្លាប់ អនាម័យ ដើម្បីបន្តការថែទាំវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាមរតកដ៏ធំមហាសាលរបស់កម្ពុជា សម្រាប់ការទាក់ទាញ និងក្លាយជានិមិត្តរូបថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្រ។

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន៕