សម្តេចតេជោៈ ជំនួយវ៉ាក់សាំង Johnson & Johnson ជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជានិងនៅក្នុងតំបន់

ដោយៈ ប៊ី

ភ្នំពេញៈ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។

សម្តេចតេជោ បានបញ្ជាក់ថា “អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ”។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃប្រមាណ២០០លានដុល្លារនឹងសម្រេចជាស្ថាពរនាខែសីហា

ដោយៈ ប៊ី

ភ្នំពេញៈ ការសាងសង់កីឡដ្ឋានធំ (Main Stadium) ឬកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោបានសម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កាលពីម្សិលមិញ។

នេះបើតាមការបញ្ជាក់តាមប្រព័ន្ធអនឡាញរបស់លោកវ៉ាត់ ចំរើនអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដែលបានបង្ហាញវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយពេលនេះ ឯកឧត្តមទទួលបន្ទុកនាយបេសកកម្មកម្ពុជា កំពុងដឹកនាំក្រុមប្រតិភូ-អត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោកបានបញ្ជាក់ថា “មកដល់ពេលនេះ សំណង់នេះបានលេចចេញជាសមិទ្ធផលពេញគ្រប់លក្ខណៈសម្បត្តិទាំងអស់ មានន័យថា កាលពីពេលមុន យើងនៅសេសសល់ការបំពាក់កៅអីខ្លះៗ ទីលានរត់អត្តពលកម្ម និងទីលានបាល់ទាត់ ប៉ុន្តែឥឡូវនេះគឺធ្វើរួចរាល់ទាំងស្រុងហើយ”។

លោកបានថ្លែងបន្តថា ចំពោះអាងទឹក ជុំវិញវិមានកីឡដ្ឋាន ដែលជាតំណាងកស្សិណអង្គរក៏បានដាក់បង្ហូរទឹកបំពេញអាង និងប្រព័ន្ធភ្លើង អំពូល ភ្លើងបំភ្លឺអាង រួមទាំងប្រព័ន្ធសំឡេង (Sound System) នៅផ្នែកខាងក្នុង ក៏បានបំពាក់រូចរាល់ដូចគ្នាផងដែរ។

លោកបានឱ្យដឹងទៀតថា ដូច្នេះ គ្រប់ការសាងសង់ ការបំពាក់ឧបករណ៍ រួមទាំងការងារផ្សេងទៀត សម្រាប់កីឡដ្ឋានធំនេះ ត្រូវបានធ្វើរួចរាល់ជាស្ថាពរ។ ក្រៅពីនេះ គឺនៅសល់ការរៀបចំតុបតែង នៅផ្នែកទីធ្លាខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ។ ជារួម គឺក្រុមហ៊ុនសាងសង់បានបើកភ្លើងបំភ្លឺសាកល្បង ដោយត្រូវប្រើប្រាស់ ថាមពលអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់។ អ្វីដែលនៅសេសសល់បន្តិចបន្តួចនោះ គឺការងារទីធ្លាខាងក្រៅ រួមទាំងការបោសសម្អាត។

ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ដែរថា កិច្ចការត្រួតពិនិត្យវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនេះត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែបានយកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់បំផុតឲ្យតាមដានជាប់ជាប្រចាំ។ ក្រោយពីបញ្ចប់ការសាងសង់ គឺយើងត្រូវបន្តការថែទាំ បន្ទាប់ពីក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូនដល់ CAMSOC។

លោកបានបន្ថែមថា សម្រាប់ការថែទាំនេះយើងកំពុងស្នើសុំការផ្តល់ធនធានមនុស្ស អ្នកបច្ចេកទេស សន្តិសុខ សណ្តាប់ធ្លាប់ អនាម័យ ដើម្បីបន្តការថែទាំវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាមរតកដ៏ធំមហាសាលរបស់កម្ពុជា សម្រាប់ការទាក់ទាញ និងក្លាយជានិមិត្តរូបថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្រ។

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន៕

ក្រុមហ៊ុន Hyundai Motor និង LG Energy Solution បោះទុនវិនិយោគរួមគ្នាជាង១ពាន់លានដុល្លារ ដើម្បីសង់រោងចក្រនៅឥណ្ឌូនេស៊ី

ដោយ សុខុម

សេអ៊ូល: ក្រុមហ៊ុនកូរ៉េខាងត្បូង ចំនួនពីរគឺក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution បានចេញសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ កក្កដា ថា ខ្លួននឹងបង្កើតការបណ្តាក់ទុនរួមគ្នាមួយនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនី (EV)។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងដឹងថា គម្រោងវិនិយោគនេះមានទំហំ១,១ពាន់លានដុល្លារ ដោយភាគីនីមួយៗកាន់កាប់ចំណែកពាក់កណ្ដាលម្នាក់នៃអាជីវកម្មបណ្ដាក់ទុនរួមគ្នានេះ។

ការបណ្ដាក់ទុនរួមគ្នានេះនឹងជួយឱ្យក្រុមហ៊ុន Hyundai និងក្រុមហ៊ុនជាសាខា Kia Corp ទទួលបានការផ្គត់ផ្គង់ដោយស្ថិរភាព នូវអាគុយរថយន្តអគ្គិសនីក្នុងតម្លៃសមរម្យសម្រាប់រថយន្តអគ្គិសនីរបស់ពួកគេ។

ក្រុមហ៊ុន LG Energy Solution ដែលជាបុត្រសម្ព័ននៃក្រុមហ៊ុន LG Chem Ltd និងក្រុមហ៊ុន Hyundai បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីសាងសង់រោងចក្រនៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន មួយនេះ។

ដំណឹងនេះកើតមានឡើង ស្របពេលបណ្ដាក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកផ្អើលងាកទៅផលិតរថយន្តអាគុយដោយសង្ឃឹមថានឹងបង្កើនការលក់ដោយសារតែទទួលបានការឧបត្ថម្ភធន និងកូតាពិសេសពីរដ្ឋាភិបាលនានាទូទាំងពិភពលោក ដែលកំពុងស្វះស្វែងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។

ក្រុមហ៊ុនទាំងពីរនិយាយថា ដំណើរការសាងសង់រោងចក្រនេះគ្រោងនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ នេះ ហើយនឹងបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២៣។

បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ី កំពុងជំរុញលើកកម្ពស់ការអភិវឌ្ឍរថយន្តអគ្គិសនី និងការផលិតអាគុយក្នុងស្រុក៕

ចំណេះដឹងផ្សារហ៊ុន! តើការរក្សាទុកមូលបត្រគីជាអ្វីនិងមានអត្ថប្រយោជន៍អ្វីខ្លះ?

ដោយៈ សាវុធ

ភ្នំពេញៈ ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។ ការដាក់ផ្ញើមូលបត្រគីជាដំណើរការនៃការផ្ទេរកម្មសិទ្ធិករមូលបត្រ តាមរយៈការផ្ទេររវាងគណនី (Book Entry) (ការកត់ត្រាឥណទាន/ឥណពន្ធ ក្នុងសៀវភៅគណនីរបស់សមាជិក និងអ្នកចូលរួម) ដោយគ្មានចរន្ដនៃការផ្ទេរមូលបត្ររូបវ័ន្ដ។

អត្ថប្រយោជន៍
នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី (Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់ និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។
សមាជិក អ្នកចូលរួម និងអតិថិជន ដែលបានដាក់ផ្ញើមូលបត្រនៅ ផ.ម.ក. មិនចាំបាច់ដកមូលបត្រទៅវិញ នៅពេលដែលត្រូវអនុវត្តសិទ្ធិកម្មសិទ្ធិករឡើយ។

ការបើកគណនី
បុគ្គលដែលអាចបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្ររួមមាន ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ។ បុគ្គលដែលមានបំណងបើកគណនីមូលបត្រត្រូវបំពេញបែបបទបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ។ គ្រប់គណនីមូលបត្រទាំងអស់ រួមមានគណនីមូលបត្ររបស់សមាជិក ឬ អតិថិជនត្រូវបានបង្កើតឡើងក្នុង ប្រព័ន្ធ Ledger (ledger system) របស់ ផ.ម.ក. ដែលផ្ទុកផងដែរនូវទិន្នន័យលម្អិតនៃប្រតិបត្តិការរបស់សមាជិក និងអតិថិជន ព្រមទាំងទិន្នន័យលម្អិតនៃបញ្ជីភាគហ៊ុនិក។

ការដាក់ផ្ញើមូលបត្រ
ដើម្បីដាក់ផ្ញើមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ បុគ្គលដែលដាក់ផ្ញើត្រូវផ្ដល់ព័ត៌មានដូចខាងក្រោមដល់ប្រតិបត្តិកររក្សាទុកមូលបត្រ : ប្រភេទមូលបត្រ ចំនួននៃការបោះផ្សាយ ឈ្មោះមូលបត្រ អក្សរកូដ ចំនួនមូលបត្រសរុប កាលបរិចេ្ឆទបោះផ្សាយ កាលបរិចេ្ឆទចុះបញ្ជី និងព័ត៌មានផេ្សងទៀតពាក់ព័ន្ធនឹងកម្មសិទ្ធិភាពមូលបត្រ៕

វិស័យអចលនទ្រព្យតំបន់ជាប់រាជធានីភ្នំពេញមួយកំពុងបង្ហាញសក្តានុពលសម្រាប់ការវិនិយោគ

ដោយៈ ប៊ី

ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជាបង្ហញសក្តានុពលដោយទាញបានបណ្តាវិនិយោគិនជាច្រើនទាំងក្នុង និងក្រៅស្រុក ដើម្បីការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ជាក់ស្តែងខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្តមានឥទ្ធិពលលើវិស័យអចលនទ្រព្យ កំពុងតែបង្ហាញពីសក្តានុពលរបស់ខ្លួនតាមរយៈការអភិវឌ្ឍន៍នានាក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹងរាជធានីភ្នំពេញ។

អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា តំបន់នៅខេត្តកណ្ដាល ដែលជាប់ព្រំប្រទល់ជាប់ ឬក្បែរទីក្រុងភ្នំពេញ កំពុងមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យ ដែលនឹងទាក់ទាញការវិនិយោគលំនៅដ្ឋានបែបទំនើបកាន់តែច្រើនក្នុងតំបន់នោះនាពេលខាងមុខ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជាបានថ្លែងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ថា ចប្ចុប្បន្ន នៅចន្លោះផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦អា (6A) កំពុងតែទាក់ទាញគម្រោងវិនិយោគលំនៅដ្ឋានជាច្រើន ទាំងគម្រោងវិនិយោគរបស់រដ្ឋាភិបាល និងគម្រោងធំៗរបស់វិស័យឯកជងផងដែរ ដែលវាបានជះឥទ្ធិពលដល់តំបន់ក្បែរៗនោះ ជាពិសេសគឺស្រុកមុខកំពូលនេះតែម្ដង ដែលធ្វើឱ្យតំបន់នេះក្លាយជាតំបន់ដែលមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យនាពេលខាងមុខ។

លោកគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលក៏បានលើកឡើងដែរថា ស្ទើរតែគ្រប់តំបន់ក្នុងខេត្តកណ្ដាល ដែលព័ន្ធជុំវិញរាជធានីភ្នំពេញមានភាពរីកចម្រើនខ្លាំង ហើយលំនៅដ្ឋានកម្រិតមធ្យមបាននឹងកំពុងដើរតួរយ៉ាងសំខាន់ស្របពេលដែលចំនួនប្រជាជនក្នុងខេត្តនេះបានកើនឡើងដល់ជាង១លាននាក់។

ខេត្តកណ្ដាល គឺជាខេត្តមួយ ដែលព័ន្ធជុំវិញរាជធានីភ្នំពេញ ហើយលើសពីនេះ បាននិងកំពុងទទួលបានគម្រោងវិនិយោគជាច្រើនរាប់ចាប់តាំងពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងបង្កើតរោងចក្រនានាជាដើម៕

តើអចលនទ្រព្យសំខាន់ៗប៉ុន្មានប្រភេទដែលកំពុងពេញនិយមវិនិយោគនៅកម្ពុជា?

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការវិនិយោគលើវិ័យអចលនទ្រព្យត្រូវបានទទួលបានថាជាការវិនិយោគមួយ ដែលទទួលបានផលចំណេញខ្ពស់ ប៉ុន្តែប្រជាជនកម្ពុជាមួយចំនួនមិនដឹងច្បាស់ថា តើអ្នកដឹងទេអចលនទ្រព្យសំខាន់ៗមានប៉ុន្មានប្រភេទនោះទេ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា អចលនទ្រព្យសំខាន់ៗត្រូវបានបែងចែកជា៤ប្រភេទ ក្នុងនោះរួមានអចលនទ្រព្យពាណិជ្ជកម្ម អចលនទ្រព្យឧស្សាហកម្ម អចលនទ្រព្យជាដី និងអចលនទ្រព្យលំនៅដ្ឋាន ។

១) អចលនទ្រព្យជាដី៖ ដីជាប្រភេទអចលនទ្រព្យប្រើប្រាស់ដីក្នុងការសាង់សង់ផ្ទះ ឬអគារពាណិជ្ជកម្មផ្សេងៗ ដីក៏ត្រូវបានប្រើប្រាស់ក្នុងគោលបំណងសម្រាប់កសិកម្មដូចជាការប្រើប្រាស់ដីសម្រាប់ការដាំដំណាំ និងចិញ្ចឹមសត្វជាដើម។

២) អចលនទ្រព្យពាណិជ្ជកម្ម៖ (commercial real estate)៖ អចលនទ្រព្យប្រភេទនេះមានដូចជា ផ្សារទំនើប,ហាងលក់រាយ, អគារការិយាល័យ, សណ្ឋារគារនិងកាស៊ីណូ, មន្ទីពេទ្យឯកជន និងគ្រឹះស្ថានអប់រំ។ ប្រភេទអចលនទ្រព្យពាណិជ្ជកម្មនេះ មានមុខងារច្រើនជាងអចលនទ្រព្យលំនៅឋាន។ មិនតែប៉ុណ្ណោះ អចលនទ្រព្យពាណិជ្ជកម្មអាចធ្វើឱ្យមានស្ថេរភាពលំហូរសាច់ប្រាក់ច្រើនជាង ព្រោះអគារពាណិជ្ជកម្មនីមួយៗមានបន្ទប់ច្រើនបើធៀបនឹងផ្ទះល្វែង ហើយបន្ថែមពីនេះការដាក់ជួលមានរយៈពេលវែងរហូតដល់ ៥ទៅ១០ឆ្នាំឯណោះ។

៣) អចលនទ្រព្យឧស្សាហកម្ម៖ ជាប្រភេទអចលនទ្រព្យដែលសំដៅលើរោងចក្រឧស្សាហកម្ម និងឃ្លាំងស្តុកទំនិញជាដើម។

៤) អចលនទ្រព្យលំនៅដ្ឋាន (residential real estate)៖ ជាប្រភេទអចលនទ្រព្យដែលប្រើប្រាស់សម្រាប់ការរស់នៅមានដូចជាផ្ទះ ខុនដូ និង អាផាតមិន ជាដើម។ ជាទូទៅ គេអាចវិនិយោគលើអចលនទ្រព្យប្រភេទនេះតាមរយៈការទិញចូលតម្លៃទាប ហើយលក់ចេញយកផលចំណេញ ឬដាក់ជួលបង្កើតបានជាលំហូរសាច់ប្រាក់ទៀងទាត់។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា អចលនទ្រព្យទាំង៤ទាំងនេះមិនត្រឹមតែមាននិយមសម្រាប់ការវិនិយោគនៅបណ្តាប្រទេសផ្សេងៗប៉ុណ្ណោះទេ នៅកម្ពុជា វិនិយោគិនក៏និយមក្នុងការវិនិយោគលើប្រភេទអចលនទ្រព្យទាំងនេះផងដែរ៕

ក្រុមហ៊ុនផ្សារម៉ាត7-Elevenដ៏ល្បីល្បាញកំពុងពង្រីកទីផ្សារនៅកម្ពុជាហើយនឹងហក់ចូលឡាវ នៅឆ្នាំ២០២២

ដោយៈ សុខុម

ភ្នំពេញ: ដោយមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់កម្ពុជា ក្រុមហ៊ុនផ្សារម៉ាត 7-Eleven ដ៏ល្បីល្បីទូទាំងពិភពលោកបានហក់ចូលក្នុងទីផ្សារកម្ពុជា នៅក្នុងឆ្នាំ២០២១ នេះជាមួយនឹងគម្រោងពង្រីកសាខាជាច្រើនទីតាំងនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Retail In Asia ចុះផ្សាយកាលពីពេលថ្មីៗនេះ។

សេដ្ឋកិច្ចរបស់កម្ពុជា មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយទទួលបានកំណើនខ្ពស់ជារៀងរាល់ឆ្នាំ។ កត្តានេះរួមផ្សំជាមួយនឹងកត្តាអំណោយផលមួយចំនួនទៀតបានទាក់ទាញក្រុមហ៊ុនអន្តរជាតិល្បីៗចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះរួមមានទាំងក្រុមហ៊ុនផ្សារម៉ាត 7-Eleven ផងដែរ។

ក្រុមហ៊ុនថៃ CP All Pcl បានបើកផ្សារម៉ាត 7-Eleven សាខាទី១ ដំបូងបង្អស់នៅកណ្ដាលរាជធានីភ្នំពេញ កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅថ្មីៗនេះ ហើយក្រុមហ៊ុនមានគម្រោងពង្រីកសាខាឱ្យបានយ៉ាងតិច៦សាខាទៀតនៅឆ្នាំនេះ។

បន្ថែមពីលើទីផ្សារកម្ពុជា ក្រុមហ៊ុនផ្សារម៉ាត 7-Eleven ក៏នឹងហក់ចូលក្នុងទីផ្សារប្រទេសឡាវ នៅដើមឆ្នាំ២០២២ ផងដែរ ដោយជ្រើសរើសក្រុងវៀងចន្ទន៍ ជាគោលដៅវិនិយោគរបស់ខ្លួន។

បច្ចុប្បន្ន ក្រុមហ៊ុនផ្សារម៉ាត 7-Eleven បើកដំណើរការនៅក្នុងប្រទេសចំនួន២០ទូទាំងពិភពលោក។ នៅអាស៊ី-ប៉ាស៊ីហ្វិក ក្រុមហ៊ុននេះធ្វើប្រតិបត្តិការនៅប្រទេសជាច្រើនរួមមានប្រទេសជប៉ុន ប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ ប្រទេសចិន ក្រុងហុងកុង ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសអូស្រ្តាលី និងប្រទេសឥណ្ឌា៕

កម្ពុជា-ជប៉ុនជំរុញការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់និងអនាម័យក្នុងទីក្រុងសៀមរាបឱ្យឆើ្លយតបនឹងផែនការមេនៃទីក្រុងវៃឆ្លាត

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជា និងជប៉ុនបន្តជំរុញការអភិវឌ្ឍសិក្សាសាងសងប្រព័ន្ធចម្រោះទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងសៀមរាប ប៉ែកខាងកើត ដើម្បីឆើ្លយតបនឹងផែនការមេនៃទីក្រុងវៃឆ្លាត (Smart City) ស្របទៅតាមគោលការណ៍អភិវឌ្ឍឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមលើកឡើងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងបានឱ្យដឹងថា លោកកឹម បូរីអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ពិភាក្សាលើគម្រោងសិក្សាសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងអនាម័យ នៃផែនការមេ ទីក្រុងវៃឆ្លាត (Smart City) ក្នុងទីក្រុងសៀមរាប ជាមួយក្រសួងដឹកជញ្ជូនជប៉ុន ដែលមានការចូលរួមពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងភាគីពាក់ព័ន្ធផងដែរ។

អង្គប្រជុំបានពិភាក្សាអំពីវិធីសាស្ត្រ និងស្ថានភាពនៃការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ដែលមានភាពចាំបាច់ក្នុងតម្រូវការបច្ចុប្បន្ន ដោយស្របទៅតាមគោលការណ៍អភិវឌ្ឍឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា និងភាពរីកចម្រើនសព្វថ្ងៃ ហើយត្រូវសិក្សាធ្វើយ៉ាងណាឱ្យមានភាពប្រសើរឡើងថែមទៀតក្នុងការគ្រប់គ្រង អភិវឌ្ឍ សាងសង់ សម្រាប់តំបន់ដែលកំពុងអភិវឌ្ឍខ្លាំង ក៏ដូចជានៅទូទាំងប្រទេសនាពេលអនាគត។

ជាមួយនោះដែរ លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្ត ក្នុងការរីករាយសហការ ចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ ដែលក្នុងនោះរួមទាំងខាងក្រសួងដឹកជញ្ជូនជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដែលតែងជួយធ្វើឱ្យប្រសើរឡើង លើកកម្ពស់ការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងផ្តល់កិច្ចសហការគ្នាបានយ៉ាងល្អប្រសើរនាពេលកន្លងមក ផងដែរ។

ក្របខណ្ឌទីក្រុងឆ្លាតវៃអាស៊ាន បានកំណត់ថា ទីក្រុងឆ្លាតវៃជាទីក្រុងមួយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងព័ន្ធឌីជីថលបួករួមនឹងមធ្យោបាយមិនមែនបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ទីក្រុង ពោលគឺធ្វើឲ្យយ៉ាងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅ និងបង្កើតឱកាសថ្មីៗ។

នៅក្នុងខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានព្រមព្រៀងជាគោលការណ៍ឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រៀបចំបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន ដែលគាំទ្រដល់ការបង្កើតតំបន់ក្រុងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅកម្ពុជា ក្នុងនោះទីក្រុងចំនួនបីត្រូវបានជ្រើសរើសរួមមាន៖ ក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។ នៅក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន គេបានកំណត់ដាក់សាកល្បងទីក្រុងទាំងអស់ចំនួន ២៦ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សម្រាប់កម្ពុជា ដើម្បីឲ្យសម្រចបានផែនការអភិវឌ្ឍទីក្រុងវ័យឆ្លាតនេះ កម្ពុជាត្រូវទាមទាជាដំបូងឲ្យមានផែនការមេ និងគោលនយោបាយច្បាស់លាស់ ដែលមានលក្ខណៈសមាហរណកម្ម និងអនុវត្តតាមគោលការណ៍ត្រឹមត្រូវ ដើម្បីធានាបានផលប្រយោជន៍ពិតប្រាកដពីគម្រោងនេះ៕

កម្ពុជាកំពុងជួបការលំបាកក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩បំប្លែងថ្មី Alpha ខណៈវីរុសបំប្លែងថ្មី Delta វាយលុកពេញអាស៊ីអាគ្នេយ៍

ដោយៈ សុខុម

ភ្នំពេញៈ ក្រោយពីចាក់វ៉ាក់សាំងចំនួន២ដូសរួចរាល់ អតីតស្ដេចប្រដាល់គុនខ្មែរ ដ៏ល្បីល្បាញលោក អេ ភូថង នៅតែមិនអាចគេចផុតពីការឆ្លងវីរុសកូវីដ-១៩ ដោយលោកបានឆ្លងវីរុសដ៏កាចសាហាវនេះកាលពី២សប្ដាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី២៧ កក្កដា។

អ្នកស្រីតាំង សុម៉ាលីដែលត្រូវភរិយាបានរៀបរាប់អំពីស្ថានភាពជំងឺរបស់ស្វាមីថា លោក អេ ភូថត ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយត្រូវការដាក់ខ្យល់អុកស៊ីហ្សែនជាប់រហូត ហើយត្រូវប្ដូរធុងខ្យល់អុកស៊ីហ្សែនស្ទើរតែរាល់៤ម៉ោងម្ដងសម្រាប់ការសង្គ្រោះរយៈពេល២៤ម៉ោងដំបូង។

ប៉ុន្តែអតីតស្ដេចប្រដាល់ និងជាគ្រូបង្ហាត់ប្រដាល់វ័យ៤៦ឆ្នាំដែលមានជំងឺបេះដូងប្រចាំកាយរូបនេះមានសភាពធូរស្បើយឡើងវិញ បន្ទាប់ពីទទួលការព្យាបាលបានប្រហែលមួយសប្តាហ៍។ អ្នកស្រី សុម៉ាលី និយាយអំពីស្ថានភាពជំងឺរបស់ស្វាមីថា “គាត់បានធូរស្រាលច្រើនហើយ។ ក្រុមគ្រូពេទ្យប្រាប់ខ្ញុំថា បើគ្មានវ៉ាក់សាំងទេ ស្ថានភាពរបស់គាត់អាចធ្ងន់ធ្ងរជាងនេះទៀត”។

ចាប់តាំងពីប្រទេសកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខែកុម្ភៈ ដើមឆ្នាំ២០២១ មក ជាង៦០%នៃមនុស្សពេញវ័យប្រមាណ១០លាននាក់នៅក្នុងប្រទេសបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស ហើយប្រហែល៤៤%ចាក់វ៉ាក់សាំងបានគ្រប់ចំនួន២ដូស។

ភាគច្រើននៃវ៉ាក់សាំងចំនួន១៧លានដូសនៅក្នុងប្រទេសកម្ពុជា គឺជាវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) ដែលខ្លះទិញផ្ទាល់ និងខ្លះទៀតជាជំនួយបរិច្ចាគពីរដ្ឋាភិបាលក្រុងប៉េកាំង។ ទន្ទឹមនេះ កម្ពុជា ក៏ទទួលបានជំនួយវ៉ាក់សាំង Covax ពីអង្គការសុខភាពពិភពលោក (WHO) ផងដែរ។ ហើយកាលពីថ្ងៃសុក្រ សប្តាហ៍មុន ប្រទេសជប៉ុន ក៏បានបញ្ជូនវ៉ាក់សាំងអង់គ្លេស AstraZeneca ចំនួន៣៣២.០០០ដូសជាជំនួយសម្រាប់ប្រទេសកម្ពុជា ផងដែរ។

ទោះជាយ៉ាងណា ប្រទេសកម្ពុជា នៅតែបន្តជួបការលំបាកនៅក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ដោយការឆ្លងថ្មីប្រចាំថ្ងៃផ្ទុះឡើងជាច្រើនរយករណីគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ ដោយសារតែបែបនេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការថ្មី គឺឱ្យកុមារអាយុចាប់ពី១២ឆ្នាំ ដល់១៧ ឆ្នាំទទួលការចាក់វ៉ាក់សាំង។ យុទ្ធនាការចាក់វ៉ាក់សាំងថ្មីនេះនឹងចាប់ផ្ដើមពីថ្ងៃទី០១ សីហា តទៅ។

កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ប្រទេសកម្ពុជា បានកត់ត្រាករណីឆ្លងថ្មីចំនួន៧៧៨ករណី ដោយក្នុងនោះចំនួន៤៧៥ករណីត្រូវបាននាំចូល ដែលភាគច្រើននាំចូលដោយពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ក្បែរខាង។ ទោះជាយ៉ាងណា ប្រទេសកម្ពុជា នៅតែបន្តអនុញ្ញាតជើងហោះហើរអន្តរជាតិ។

សម្រាប់ពេលនេះ ករណីឆ្លងភាគច្រើនពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ បំប្លែងថ្មី Alpha ដែលត្រូវបានកត់ត្រាដំបូងបង្អស់នៅក្នុងប្រទេសអង់គ្លេស កាលពីឆ្នាំមុន ហើយវីរុសបំប្លែងថ្មីនេះឆ្លងសាហាវណាស់។

ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីឆ្លងវីរុសបំប្លែងថ្មីរបស់ឥណ្ឌា Delta មានចំនួនមាន៣៩ ហើយប្រហែលពាក់កណ្ដាល់ក្នុងចំណោមនោះជាករណីនាំចូលដោយពលករខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ។ ចំណែកឯករណីផ្សេងទៀតគឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ដូចជាបុគ្គលិកសុខាភិបាលជាដើម ហើយនេះសរបង្ហាញឱ្យឃើញថា មានករណីឆ្លងចូលទៅសហគមន៍រួចទៅហើយ ហើយការឆ្លងនឹងកាន់តែសាហាវ។

វេជ្ជបណ្ឌិត Dr Michael C. Thigpen ដែលមកពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា ការផ្ទុះការឆ្លងនេះបណ្តាលមកពីការបំពាននីតិវិធីធ្វើចត្តាឡីស័ក “ដោយអ្នកឆ្លងវីរុសរាប់រយនាក់បានធ្វើដំណើរបាចសាចពេញរាជធានី និងខេត្តជាច្រើន”។

ប្រទេសថៃ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះបានរាយការណ៍អំពីចំនួនករណីឆ្លងវីរុសកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មានៅក្នុងរលកទី៣ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Delta ខណៈករណីឆ្លងសរុបនៅក្នុងប្រទេសម៉ាឡេស៊ី បានឈានដល់១លានករណីកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន។ ប្រទេសហ្វីលីពីន បានហាមឃាត់ជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ជាវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងថ្មីនេះ។

យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា អ្នកចាក់វ៉ាក់សាំងរួចនៅជុំវិញពិភពលោកដែលបានឆ្លងការឆ្លងវីរុសបំប្លែងថ្មី Delta មិនធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដូចអ្នកដែលមិនបានចាក់វ៉ាក់សាំងឡើយ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ កក្កដា ឆ្នាំ២០២១ ករណីឆ្លងវីរុសបំប្លែងថ្មី Delta សរុបចំនួន៧០ករណីត្រូវបានរកឃើញក្នុងចំណោមពលករខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ។ ទោះជាយ៉ាងណា អង្គការនេះបានបញ្ជាក់ថា គិតមកទល់ពេលនេះមិនទាន់រកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះនៅក្នុងសហគមន៍នៅឡើយទេ៕

ប្រធានGRAប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំសមាគមល្បីៗចំនូន៥រូប

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្រសកល (GRA) លោកសំ សុខនឿននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសតែងតាំងមុខតំណែង សមាសភាព៥រូបបន្ថែម ដើម្បីបន្តចូលរួមលើកស្ទួយវិស័យអចលនទ្រព្យកម្ពុជា ខណៈសមាគមត្រៀមពង្រីកបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសនាខាងមុខ។

ការប្រកាសតែងតាំងនេះ បានធ្វើឡើងជាផ្លូវការនៅថ្ងៃទី២៩ កក្កដានេះ នៅសណ្ឋាគារRaffle Le Royal។

សមាសភាពបុគ្គលល្បីៗ ដែលមានកិត្តយសក្នុងសង្គម និងជាម្ចាស់អាជីវកម្មទាក់ទងនឹងអចលនទ្រព្យទាំង៥រូបនោះរួមមាន

១. លោក បឿន រិទ្ធ ជាប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាប
២. លោក ផុង បូរ៉ា ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាប
៣. លោក អៅ ហាំថុង ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាប
៤. អ្នកស្រី គ្រុយ ស្រីខួច ជាអគ្គលេខាធិការងទទួលបន្ទុកមនុស្សធម៌
៥. កញ្ញា រិទ្ធ ម៉ីពិតា ជាអគ្គលេខាធិការងទទួលបន្ទុកវិនិយោក្នុង និងក្រៅប្រទេស។

លោកសំ សុខនឿនបានបន្តថាថា ផែនការ និងគោលបំណងនៃការបង្កើតសមាគមសកល គឺយើងបង្កើតឡើង មិនមែនតែត្រឹមក្នុងប្រទេសកម្ពុជារបស់យើងទេ យើងថែមទាំងចង់បង្កើតឡើងនូវទូទាំងសកលលោក។

លោកបានថ្លែងដូច្នេះថា “នេះគឺចក្ខុវិស័យរបស់យើង ហើយគោលបំណងនៃការបង្កើតសមាគមនេះ គឺដើម្បីលើកស្ទួយវិស័យអចលនទ្រព្យកម្ពុជា ដោយមានការទាក់ទាញអ្នកវិនិយោគពីក្រៅស្រុក ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង”។

លោកបានថ្លែងបន្តថា ដើម្បីឆ្លើយនឹងចក្ខុវិស័យរបស់យើង យើងត្រូវពង្រឹងខ្លួនឯងនៅក្នុងប្រទេសកម្ពុជាយើងជាមុនសិន ហើយយើងនឹងជ្រើសរើស និងប្រកាសតែងតាំងសមាសភាពនៅ២៥ខេត្តក្រុង។ ដោយសារមួយរយៈពេលមុន យើងបង្កើតសមាគមឡើងមកគឺយើងមានបំណងរួចទៅហើយថា នឹងបង្កើតបណ្តាញនៅក្នុង២៥ខេត្តក្រុង ប៉ុន្តែដោ​យ​សារវិបត្តិកូវីដ១៩ យើងមានភាពយឺតយ៉ាវបន្តិចទាក់ទងនឹងការងារនេះ។

លោកបានថ្លែងឱ្យទៀតថា បច្ចុប្បន្ននេះ ដោយសារស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្បើយ ហើយបើទោះមានការឆ្លងជាបន្តបន្ទាប់ ប៉ុន្តែប្រជាជនខ្មែរយើងទទួលបានការចាក់វ៉ាក់សាំងបានច្រើន ដែលធ្វើឱ្យហានិភ័យរៀងទាបជាមុន និងមានសុវត្ថិភាពជាងមុន សម្រាប់ការធ្វើការងារបន្តរបស់សមាគមរបស់យើង៕