ប្រធានGRAប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំសមាគមល្បីៗចំនូន៥រូប

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្រសកល (GRA) លោកសំ សុខនឿននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសតែងតាំងមុខតំណែង សមាសភាព៥រូបបន្ថែម ដើម្បីបន្តចូលរួមលើកស្ទួយវិស័យអចលនទ្រព្យកម្ពុជា ខណៈសមាគមត្រៀមពង្រីកបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសនាខាងមុខ។

ការប្រកាសតែងតាំងនេះ បានធ្វើឡើងជាផ្លូវការនៅថ្ងៃទី២៩ កក្កដានេះ នៅសណ្ឋាគារRaffle Le Royal។

សមាសភាពបុគ្គលល្បីៗ ដែលមានកិត្តយសក្នុងសង្គម និងជាម្ចាស់អាជីវកម្មទាក់ទងនឹងអចលនទ្រព្យទាំង៥រូបនោះរួមមាន

១. លោក បឿន រិទ្ធ ជាប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាប
២. លោក ផុង បូរ៉ា ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាប
៣. លោក អៅ ហាំថុង ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាប
៤. អ្នកស្រី គ្រុយ ស្រីខួច ជាអគ្គលេខាធិការងទទួលបន្ទុកមនុស្សធម៌
៥. កញ្ញា រិទ្ធ ម៉ីពិតា ជាអគ្គលេខាធិការងទទួលបន្ទុកវិនិយោក្នុង និងក្រៅប្រទេស។

លោកសំ សុខនឿនបានបន្តថាថា ផែនការ និងគោលបំណងនៃការបង្កើតសមាគមសកល គឺយើងបង្កើតឡើង មិនមែនតែត្រឹមក្នុងប្រទេសកម្ពុជារបស់យើងទេ យើងថែមទាំងចង់បង្កើតឡើងនូវទូទាំងសកលលោក។

លោកបានថ្លែងដូច្នេះថា “នេះគឺចក្ខុវិស័យរបស់យើង ហើយគោលបំណងនៃការបង្កើតសមាគមនេះ គឺដើម្បីលើកស្ទួយវិស័យអចលនទ្រព្យកម្ពុជា ដោយមានការទាក់ទាញអ្នកវិនិយោគពីក្រៅស្រុក ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង”។

លោកបានថ្លែងបន្តថា ដើម្បីឆ្លើយនឹងចក្ខុវិស័យរបស់យើង យើងត្រូវពង្រឹងខ្លួនឯងនៅក្នុងប្រទេសកម្ពុជាយើងជាមុនសិន ហើយយើងនឹងជ្រើសរើស និងប្រកាសតែងតាំងសមាសភាពនៅ២៥ខេត្តក្រុង។ ដោយសារមួយរយៈពេលមុន យើងបង្កើតសមាគមឡើងមកគឺយើងមានបំណងរួចទៅហើយថា នឹងបង្កើតបណ្តាញនៅក្នុង២៥ខេត្តក្រុង ប៉ុន្តែដោ​យ​សារវិបត្តិកូវីដ១៩ យើងមានភាពយឺតយ៉ាវបន្តិចទាក់ទងនឹងការងារនេះ។

លោកបានថ្លែងឱ្យទៀតថា បច្ចុប្បន្ននេះ ដោយសារស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្បើយ ហើយបើទោះមានការឆ្លងជាបន្តបន្ទាប់ ប៉ុន្តែប្រជាជនខ្មែរយើងទទួលបានការចាក់វ៉ាក់សាំងបានច្រើន ដែលធ្វើឱ្យហានិភ័យរៀងទាបជាមុន និងមានសុវត្ថិភាពជាងមុន សម្រាប់ការធ្វើការងារបន្តរបស់សមាគមរបស់យើង៕

ផ្សារហ៊ុនចិនងើបឡើង បានធ្វើឲ្យតម្លៃរូបិយប័ណ្ណអាស៊ីស្ទះឡើងប្រជែងនឹង រូបិយប័ណ្ណដុល្លារអាមេរិក

ដោយៈសុខុម

ញូវដេលី: រូបិយប័ណ្ណនៃប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើនឆាប់រហ័សភាគច្រើនក្នុងតំបន់អាស៊ី បានហក់ ឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ ទី២៩ កក្កដា នេះទល់នឹងរូបិយប័ណ្ណដុល្លារអាមេរិក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា រូបិយប័ណ្ណដុល្លារអាមេរិក បានធ្លាក់ថ្លៃក្រោយពីធនាគារកណ្ដាលរបស់សហរដ្ឋអាមរិក (Federal Reserve) បានឱ្យសញ្ញាថា ការដំឡើងអត្រាការប្រាក់ និងការកាត់បន្ថយជំនួយសង្គ្រោះសេដ្ឋកិច្ច នឹងមិនធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ។

លោកJerome Powell ប្រធានធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក ក្នុងសន្និ​សីទសារព័ត៌មានបានថ្លែងថា ទីផ្សារការងាររបស់សហរដ្ឋអាមេរិក នៅតែត្រូវការពេលវេលាខ្លះដើម្បីងើបឈរឡើងវិញ មុននឹងដល់ពេលដកចេញវិធានការគាំទ្រសេដ្ឋកិច្ច ក្នុងគ្រាអាសន្ន។

អ្នកជំនាញខាងធ្វើយុទុ្ធសាស្ត្រ ប្រចាំធនាគារកាណាដា Scotiabank បានលើកឡើងថា “ការហក់ឡើងនូវតម្លៃរូបិយប័ណ្ណក្នុងអាស៊ីអាគ្នេយ៍ថ្ងៃនេះ ប្រហែលជាដោយសា​រតែធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក និងសារព័ត៌មានដែលចុះផ្សាយថា គណៈកម្មការមូលបត្រ និងនិយ័តកម្មចិន (CSRC) បានរៀបចំកិច្ចប្រជុំមួយជាមួយបណ្ដាធនាគារវិនិយោគធំៗ”។

ប្រភពបានទម្លាយឱ្យដឹងថា និយ័តករមូលបត្ររបស់ប្រទេសចិន រៀបចំកិច្ចប្រជុំតាម Video Conference មួយកាលពីយប់ថ្ងៃពុធ ទី២៨ កក្កដា ជាមួយក្រុមនាយកប្រតិបត្តិ នៃធនាគារវិនិយោគកំពូលៗ ទូទាំងពិភពលោក ដើម្បីរម្ងាប់ស្ថានភាពជ្រួលច្របល់ក្នុងទីផ្សារហិរញ្ញវត្ថុ បន្ទាប់ពីមានការលក់ចេញ យ៉ាងគំហុកនូវភាគហ៊ុនចិន នៅសប្តាហ៍នេះ។ ព័ត៌មាននេះ បានធ្វើឲ្យមានហានិភ័យ ក្នុងតំបន់និងក្នុងតំបន់អាស៊ីអាគ្នេយ៍។

សេចក្ដីរាយការណ៍ព័ត៌មានមួយក៏បានលាតត្រដាងដែរថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តអនុញ្ញាតឱ្យក្រុមហ៊ុននានា ធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈ លើកដំបូង (IPOs) នៅក្នុងសហរដ្ឋអាមេរិក ឱ្យតែក្រុមហ៊ុនទាំងនោះ គោរពតាមលក្ខខណ្ឌតម្រូវសម្រាប់ការចុះបញ្ជី។

តម្លៃរូបិយប័ណ្ណយ័ន របស់ចិន បានហក់ឡើង០,២% ខណៈរូបិយប័ណ្ណវ៉ុន របស់កូរ៉េខាងត្បូង បានហក់ឡើងដល់ទៅ០,៩% ដែលឈានមុខគេក្នុងចំណោមរូបិយប័ណ្ណផ្សេងៗទៀតនៅក្នុងតំបន់។

តម្លៃភាគហ៊ុននៅក្នុងប្រទេសចិន ក៏បានហក់ឡើង១,៤%ដែរ ក្រោយមានការសម្រុកលក់ចេញភាគហ៊ុនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ភាគហ៊ុននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានហក់ឡើង០,៣% ខណៈភាគហ៊ុននៅប្រទេសថៃ ធ្លាក់ចុះ។

ភាគហ៊ុននៅកោះតៃវ៉ាន់ បានហក់ឡើង១% ដែលជាការហក់ឡើងខ្ពស់បំផុតរបស់ខ្លួននៅមុនពេលកោះនេះ បញ្ចេញទិន្នន័យស្តីពីផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំត្រីមាសទី២ របស់ខ្លួនដែលគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃសុក្រនេះ៕

អាជ្ញាធរខេត្តកែបចាប់ផ្តើមអនុវត្តគម្រោងបង្កើនសោភ័ណភាពឆ្នេរសមុទ្រ ទាក់ទាញភ្ញៀវទេសចរ

ដោយៈ ប៊ី

កែបៈ អាជ្ញាធរខេត្តកែបចាប់ផ្តើមចាក់ដី នៅមុខសាលាខេត្តកែប ដែលជាគម្រោងរៀបចំខឿនច្រាំងសមុទ្រ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនសោភ័ណភាពឆ្នេរសមុទ្រ ឱ្យកាន់តែស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរដែលមក លេងកម្សាន្ត។

លោកសោម ពិសិដ្ឋអភិបាលខេត្តកែប បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា ការចាក់ដីនៅមុខសាលាខេត្តកែប គឺជាគម្រោងរៀបចំខឿនច្រាំងសមុទ្រ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនសោភ័ណភាពឆ្នេរសមុទ្រ ឱ្យកាន់តែស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរដែលមក លេងកម្សាន្ត។

លោកបានឱ្យដឹងថា “ការរៀបចំគម្រោងនេះ គឺផ្អែកតាមចក្ខុវិស័យផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ នៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ដ និងស្របតាមសេចក្តីសម្រេចស្តីពី ការដាក់ឱ្យប្រើប្រាស់ប្លង់គោល នៃការប្រើប្រាស់ដីក្រុងកែប ខេត្តកែប លើចក្ខុវិស័យឆ្នាំ២០៣០ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់”។

លោកបានថ្លែងបន្តថា ដូចនេះការចាក់ដីចាក់ខ្សាច់ចូលសមុទ្រ ពុំមែនជាកម្មសិទ្ធិរបស់នរណាម្នាក់នោះទេ ប៉ុន្តែជាគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រ របស់រដ្ឋបាលខេត្តកែប ហើយទីតាំងនេះ ក៏មិនមែនជាទីតាំងដែលអនុញ្ញាតឱ្យអាជីវករ បោះសំរាមចូលទៅក្នុងសមុទ្រ ឬជាកន្លែងបង្ហូរទឹកកខ្វក់ចូលសមុទ្រ ដែលនាំឱ្យខូចឆ្នេរសមុទ្រតទៅទៀតទេ។

លោកបានបន្តថា ការចាក់ដីលុបសមុទ្រនៅមុខសាលាខេត្តកែបនេះ គឺជាគម្រោងរៀបចំខឿនច្រាំងសមុទ្រ ដែលត្រូវចាក់ដីនិងចាក់ខ្សាច់ពង្រីកឆ្នេរ ដើម្បីរៀបចំជាតំបន់គោលដៅទេសចរណ៍ថ្មី សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកសម្រាកលំហែកកម្សាន្ត នៅតាមបណ្ដោយឆ្នេរថ្មី និងនៅក្នុងគោលបំណង បម្រើផលប្រយោជន៍សាធារណៈ ពិសេសរក្សាសណ្ដាប់ធ្នាប់សាធារណៈនៅតំបន់នេះ ឱ្យកាន់តែមានភាពល្អប្រសើរ។

លោកសោម ពិសិដ្ឋបានបន្តថា“គម្រោងពង្រីកច្រាំងសមុទ្រនេះ គឺជាគម្រោងរបស់រដ្ឋ ដែលមិនមែនជាគម្រោងរបស់ឯកជន ឬបុគ្គល ឬក៏ក្រុមហ៊ុនណាមួយនោះទេ។ ហើយ ក្រោយពីពង្រីកច្រាំងសមុទ្រនេះហើយ គឺចុះបញ្ជីជាអចលនវត្ថុរបស់រដ្ឋបាលខេត្ត ជាអ្នកគ្រប់គ្រង បានន័យថាចុះទៅក្នុងបញ្ជីសារពើភណ្ឌរបស់ខេត្ត”។

លោកបានថ្លែងថា គម្រោងពង្រីកឆ្នេរសមុទ្រនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ រៀងរាល់បុណ្យសមុទ្រវិលជុំម្ដងៗ ខិតខំជំរុញឱ្យខេត្តតំបន់ឆ្នេររៀបចំទីតាំងសាធារណៈ ដើម្បីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក ក្រៅស្រុក លម្ហែកម្សាន្ត ក៏ដូចជាការហាត់ប្រាណដើម្បីសុខភាព ជាសាធារណៈ។ បញ្ហា១ទៀតកន្លែងទីតាំងហ្នឹង គឺមិនមានឆ្នេរមានខ្សាច់សម្រាប់ងូតទឹកកម្សាន្តនោះទេ ហើយក៏ជាទីដែលអាជីវករបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ ហើយម្យ៉ាងទៀត ទីតាំងហ្នឹងជាក់ស្ដែង គឺមាន ដុំថ្មបាយក្រៀម ចុះទៅអាច នឹងមានគ្រោះថ្នាក់ផងដែរ។

កន្លែងពង្រីកឆ្នេរសមុទ្រខេត្តកែបនេះ មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ទល់មុខ នឹងសាលាខេត្តកែប។ ចំពោះការលើកឡើង អំពីការបាត់បង់ផលប្រយោ​ជន៍របស់អាជីវករ ដែលកំពុងអាស្រ័យផលលើដីចំណីឆ្នេរសាធារណៈនៅតំបន់នេះ លោក អភិបាលខេត្តបញ្ជាក់ថា ការអនុវត្តន៍គម្រោងរៀបខឿនពង្រីកច្រាំងសមុទ្រនេះ មិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការប្រកបអាជីវកម្មប្រចាំថ្ងៃ របស់អាជីវករនៅតំបន់នេះឡើយ៕

សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៏កម្ពុជា សូមគោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសសម្តេចទទួលបាននូវបាននូវគ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (Order of Friendship)”ពីលោក វ្ល៉ាឌីមៀរ ពូទីនប្រធានាធិបតីរុស្ស៊ី។

ថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៏កម្ពុជា សូមគោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចទទួលបាននូវគ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (Order of Friendship)”ពីលោក វ្ល៉ាឌីមៀរ ពូទីនប្រធានាធិបតីរុស្ស៊ី។

នាឱកាសដ៏វិសេសវិសាលនេះ លោកឧកញ៉ាម៉ន សុខា ទីប្រឹក្សា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (Order of Friendship)” ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

គ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (Order of Friendship)”គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋនៃសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើងដោយលោកBoris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៊ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៊ី៕

វិនិយោគិនជាច្រើនពីកូរ៉នឹងមកវិនិយោគនៅកម្ពុជាខណៈទំនាក់ទំនងរវាងប្រទេសពីរកំពុងមានភាពប្រសើរ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រទេសកម្ពុជារំពឹងទុកថា នឹងទទួលបានវិនិយោគិនជាច្រើនពីប្រទេសកូរ៉ខាងត្បូង បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងត្រូវបានអនុវត្តនាពេលខាង ខណៈទំនាក់ទំនងពាណិជ្ជកម្មវាងប្រទេសពីរកំពុងមានភាពល្អប្រសើរ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងនៅតែល្អប្រសើរ ព្រោះការនាំចេញ និងការនាំចូលនៅតែមានកំណើន ហើយនាពេលឆាប់ៗខាងមុខនេះ ឈានទៅដល់ការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងអាចទាក់ទាញវិនិយោគិនអន្តរជាតិ ជាច្រើនបន្ថែមមកកាន់កម្ពុជា។

ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលគ្រោងនឹងអនុវត្តន៍នាពេលឆាប់ៗខាងមុខនេះ លោកឧកញ៉ាលឹម ហេង បានថ្នែងដូច្នេះថា  “ខ្ញុំជឿថាកម្ពុជានឹងមានការវិនិយោគពីកូរ៉េក៏ច្រើន ពីបណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងៗក៏ច្រើនផងដែរ ព្រោះគាត់ (វិនិយោគិន) ត្រូវការនាំចេញទៅកូរ៉េ”។

លោកឧកញ៉ាបានថ្លែងបន្តថា និយាយរួម ក្រុមហ៊ុននៅក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនពីប្រទេសផ្សេងៗ ដែលផលិតនាំចេញទៅកូរ៉េ នឹងអាចមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញកូរ៉េ ដោយរួចពន្ធ។ ហើយក្រុមហ៊ុនទាំងនោះ ក៏អាចវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅចិន ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយមានការរួចពន្ធផងដែរ។ នេះបង្ហាញថា ការវិនិយោគនៅកម្ពុជានឹងមានកំណើននាថ្ងៃអនាគត។

លោកឧកញ៉ាបានថ្លែងថា នាពេលអនាគត នឹងមានការកើនឡើងលើផ្នែកពាណិជ្ជកម្ម ហើយវាត្រឹមផ្នែកពាណិជ្ជកម្មទេ ប៉ុន្តែវិស័យនយោបាយក៏នឹងមានភាពកាន់តែល្អប្រសើរផងដែរ។

យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនេះអាចនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ។

លោកស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ការលើកលែងពន្ធ និងរបាំងពាណិជ្ជកម្មដទៃទៀត នឹងត្រូវបានកាត់បន្ថយ ហើយពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់។

យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនា ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៤៥១លានដុល្លារអាមេរិក កើនឡើង៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខ។

កម្ពុជាបាននាំចេញទំនិញចំនួន១៥៩លានដុល្លារ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ធ្លាក់ចុះ១,៦ភាគរយ ក្នុងរយៈពេល៦ខែដើមឆ្នាំ។ ការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ២៩២លានដុល្លារកើនឡើង ១១,៩ ភាគរយ។

លោកឧកញ៉ាលឹម ហេងបានថ្លែងថា កាលពីប៉ុន្មានឆ្នាំមុន យើងនាំចេញទៅកូរ៉េ ភាគច្រើនវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ន មានការនាំចេញផលិតផលកសិកម្ម ដែលក្រុមហ៊ុនជាច្រើនពីកូរ៉េ បានមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដើម្បីនាំចេញ៕

បុរីGB Residenceតម្លៃ៦២លានដុល្លារប្រកាសផ្តល់សិទ្ឋលក់ផ្តាច់មុខដល់ក្រុមហ៊ុន CMC Real Estate ជាផ្លូវការហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំបុរីGB Residence ដែលបោះទុនវិនិយោគលើទឹកប្រាក់៦២លានដុល្លារអាមេរិក បានសម្រេចផ្តល់សិទ្ឋលក់ផ្តាច់មុខ ដល់ក្រុមហ៊ុនCMC Real Estateជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៩ កក្កដានេះ។

លោកតាំង កៅគៀតតំណាងបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីចុះហត្ថលេខាជាមួយ អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateនាព្រឹកថ្ងៃទី២៩ កក្កដានេះថា នេះមិនមែនជាគំរោងទី១របស់ក្រុមហ៊ុននោះទេ ប៉ុន្តែយើងបានទទួលជោគជ័យរួចហើយ លើការវិនិយោគបុរីទី១ គឺបុរី5 Stars ហេតុនេះទើបយើងបន្តអភិវឌ្ឍន៍បុរីទី២បន្តទៀត ដោយដាក់ឈ្មោះGB Residence ដែលជាគំរោងផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។

លោកបន្តថា “ជាមួយនឹងការជ្រើសរើសទីតាំងល្អ និងការផ្តោតលើគុណភាពសំ​ណ​​​ង់ ជាមួយនឹងផ្សារទំនើប យើងជឿជាក់ថាគំរោងនេះនឹងទទួលបានជោគជ័យ”។លោកបន្ថែមថា “ការជ្រើសរើសក្រុមហ៊ុនCMC Real Estateជាដៃគូសហការលក់ផ្តាច់មុខ ដោយសារក្រុមហ៊ុននេះមានជំនាញ បទពិសោធន៍ មានបណ្តាញភ្នាក់ងារច្រើន ដែលនឹងធ្វើឲ្យការលក់គម្រោងនេះទទួលបានជោគជ័យ”។

បុរីGB Residence ត្រូវបានរចនាប្លង់ និងម៉ូតផ្ទះដោយស្ថាបត្យករជំនាញ ដែលធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិជាច្រើន ពិសេសពានរង្វាន់ពីទីក្រុងឌូបៃ។

ជាមួយគ្នានេះ អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateបានសម្តែងក្តីរីករាយ ដែលបានទទួលនូវសិទ្ឋផ្តាច់មុខក្នុងការលក់គំរោងនេះ ហើយអ្វីកាន់តែពិសេសអ្នកនាងបានឲ្យដឹងថា ក្រុមហ៊ុនរបស់យើងមានដៃគូសហការលក់ច្រើន មានបុគ្គលិកលក់ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដែលនឹងធ្វើឲ្យការលក់គំរោងនេះទទួល​បានជោគជ័យលឿន។

អ្នកនាងបន្តថា “តាមរយៈបទពិសោធន៍ ជំនាញ និងចំណេះដឹង ពិសេសបណ្តាញរបស់យើង ខ្ញុំរំពឹងថាយើងនឹងលក់គំរោងនេះ បានជោគជ័យមុនផែនការ”។អ្នកនាងបន្តថា “ជាមួយគ្នានេះ ក្រុមហ៊ុនភ្នាក់ងារដែលលក់បានជោគជ័យលើគំរោងនេះ នឹងទទួលបាននូវរថយន្តម៉ាកសឺដេស  GLC ៣០០ ឆ្នាំ២០២១ រង្វាន់ខ្សែកមាស ម៉ូតូនិងរង្វាន់ជាច្រើនទៀត”។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍គម្រោងនេះ បានជ្រើសរើសទីតាំងល្អ និងមានភាពត្រឹមត្រូវ ដោយសារបុរីនេះស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនឹងកាត់ចូលរាជធានីភ្នំពេញនាពេលអនាគត។លោកបន្តថា អ្នកវិនិយោគបុរីនេះ នឹងទទួលបានផលចំណេញ ដោយអាចប្រកបអាជីវកម្ម​បាន ដោយសារអ្នកដំណើរជាតិ អន្តរជាតិចេញពីព្រលានយន្តហោះភ្នំពេញថ្មី នឹងអាចស្វែងរកសេវាកម្មសំរាកលំហែរនៅតំបន់នេះ ហេតុនេះម្ចាស់លំនៅដ្ឋាននៅក្នុងគំរោងនេះ​នឹងទទួលបាននូវឱកាសធ្វើពាណិជ្ជកម្មរបស់ខ្លួនផងដែរ។

លោកបន្តថា “តំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មី នឹងមានការរីកចម្រើនលឿននាពេលឆាប់ៗខាងមុខនេះ ដោយបច្ចុប្បន្នមានបុរី មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅ     ដ្ឋានជាច្រើនបានចាប់ផ្តើមសាងសង់នៅតំបន់នេះ”។លោកបន្តថា “ការរីកចម្រើនតំបន់នេះនឹងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពអាជីវកម្ម ការធ្វើពាណិជ្ជកម្ម ដែលនឹងទទួលផលពី ព្រលានយន្តហោះថ្មី ដែលនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខនេះ៕

 

ក្រៀមក្រំៈរដ្ឋបាលរាជធានីភ្នំពេញសម្រេចដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រយៈពេល២សប្តាហ៍ និងផ្អាកការធ្វើចរាចរណ៍ចាប់ពីម៉ោង២១ដល់ម៉ោង៣

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងសេចក្តីសម្រេចខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ៩យប់ដល់ម៉ោង៣ទៀបភ្លឺ៕

 

បុរីGB Residenceតម្លៃ៦២លានដុល្លារប្រកាសផ្តល់សិទ្ឋលក់ផ្តាច់មុខដល់ក្រុមហ៊ុន CMC Real Estate ជាផ្លូវការហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំបុរីGB Residence ដែលបោះទុនវិនិយោគលើទឹកប្រាក់៦២លានដុល្លារអាមេរិក បានសម្រេចផ្តល់សិទ្ឋលក់ផ្តាច់មុខ ដល់ក្រុមហ៊ុនCMC Real Estateជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៩ កក្កដានេះ។

លោកតាំង កៅគៀតតំណាងបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីចុះហត្ថលេខាជាមួយ អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateនាព្រឹកថ្ងៃទី២៩ កក្កដានេះថា នេះមិនមែនជាគំរោងទី១របស់ក្រុមហ៊ុននោះទេ ប៉ុន្តែយើងបានទទួលជោគជ័យរួចហើយ លើការវិនិយោគបុរីទី១ គឺបុរី5 Stars ហេតុនេះទើបយើងបន្តអភិវឌ្ឍន៍បុរីទី២បន្តទៀត ដោយដាក់ឈ្មោះGB Residence ដែលជាគំរោងផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។

លោកបន្តថា “ជាមួយនឹងការជ្រើសរើសទីតាំងល្អ និងការផ្តោតលើគុណភាពសំ​ណ​​​ង់ ជាមួយនឹងផ្សារទំនើប យើងជឿជាក់ថាគំរោងនេះនឹងទទួលបានជោគជ័យ”។លោកបន្ថែមថា “ការជ្រើសរើសក្រុមហ៊ុនCMC Real Estateជាដៃគូសហការលក់ផ្តាច់មុខ ដោយាសារក្រុមហ៊ុននេះមានជំនាញ បទពិសោធន៍ មានបណ្តាញភ្នាក់ងារច្រើន ដែលនឹងធ្វើឲ្យការលក់គម្រោងនេះទទួលបានជោគជ័យ”។

បុរីGB Residence ត្រូវបានរចនាប្លង់ និងម៉ូតផ្ទះដោយស្ថាបត្យករជំនាញ ដែលធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិជាច្រើន ពិសេសពានរង្វាន់ពីទីក្រុងឌូបៃ។

ជាមួយគ្នានេះ អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateបានសម្តែងក្តីរីករាយ ដែលបានទទួលនូវសិទ្ឋផ្តាច់មុខក្នុងការលក់គំរោងនេះ ហើយអ្វីកាន់តែពិសេសអ្នកនាងបានឲ្យដឹងថា ក្រុមហ៊ុនរបស់យើងមានដៃគូសហការលក់ច្រើន មានបុគ្គលិកលក់ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដែលនឹងធ្វើឲ្យការលក់គំរោងនេះទទួល​បានជោគជ័យលឿន។

អ្នកនាងបន្តថា “តាមរយៈបទពិសោធន៍ ជំនាញ និងចំណេះដឹង ពិសេសបណ្តាញរបស់យើង ខ្ញុំរំពឹងថាយើងនឹងលក់គំរោងនេះ បានជោគជ័យមុនផែនការ”។អ្នកនាងបន្តថា “ជាមួយគ្នានេះ ក្រុមហ៊ុនភ្នាក់ងារងដែលលក់បានជោគជ័យលើគំរោងនេះ នឹងទទួលបាននូវរថយន្តម៉ាកសឺដេស  GLC ៣០០ ឆ្នាំ២០២១ រង្វាន់ខ្សែកមាស ម៉ូតូនិងរង្វាន់ជាច្រើនទៀត”។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍គម្រោងនេះ បានជ្រើសរើសទីតាំងល្អ និងមានភាពត្រឹមត្រូវ ដោយសារបុរីនេះស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនឹងកាត់ចូលរាជធានីភ្នំពេញនាពេលអនាគត។លោកបន្តថា អ្នកវិនិយោគបុរីនេះ នឹងទទួលបានផលចំណេញ ដោយអាចប្រកបអាជីវកម្ម​បាន ដោយសារអ្នកដំណើរជាតិ អន្តរជាតិចេញពីព្រលានយន្តហោះភ្នំពេញថ្មី នឹងអាចស្វែងរកសេវាកម្មសំរាកលំហែរនៅតំបន់នេះ ហេតុនេះម្ចាស់លំនៅដ្ឋាននៅក្នុងគំរោងនេះ​នឹងទទួលបាននូវឱកាសធ្វើពាណិជ្ជកម្មរបស់ខ្លួនផងដែរ។

លោកបន្តថា “តំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មី នឹងមានការរីកចម្រើនលឿននាពេលឆាប់ៗខាងមុខនេះ ដោយបច្ចុប្បន្នមានបុរី មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅ     ដ្ឋានជាច្រើនបានចាប់ផ្តើមសាងសង់នៅតំបន់នេះ”។លោកបន្តថា “ការរីកចម្រើនតំបន់នេះនឹងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពអាជីវកម្ម ការធ្វើពាណិជ្ជកម្ម ដែលនឹងទទួលផលពី ព្រលានយន្តហោះថ្មី ដែលនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខនេះ៕

ប្រធានGRAតំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មីនឹងកាត់ចូលក្រុងភ្នំពេញ នាពេលអនាគត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល(GRA)លោកសំ សុខនឿនបានមានប្រសាសន៍ថា តំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មី នឹងកាត់ចូលក្រុងភ្នំពេញនាពេលអនាគត។

លោកបានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាលក់ផ្តាច់មុខបុរីGB Residence ជូនដល់ក្រុមហ៊ុនCMC Real Estate នាព្រឹកថ្ងៃទី២៩ កក្កដានេះថា នាពេលអនាគតតំបន់ជុំវិញព្រលានយន្តហោះថ្មី នឹងមានការរីកចម្រើនខ្លាំង ដោយនឹងមានបុរី មជ្ឈមណ្ឌលពា​ណិជ្ជកម្មជាច្រើនកើតមាននៅតំបន់នេះ។លោកបន្តថា តាមធម្មតានៅប្រទេសគេ តំបន់ជុំវិញព្រលានយន្តហោះ តែងតែមានការរីកចម្រើន ហើយនិន្នាការនេះនឹងកើតមាននៅកម្ពុជាផងដែរ។

លោកបន្តថា “បច្ចុប្ប​ន្នមានបុរីជាច្រើន បានបង្ហាញវត្តមានបណ្តើរៗហើយ នៅជុំវិញព្រលានយន្តហោះនេះ ដោយសារអ្នកអភិវឌ្ឍន៍បានចាប់យកសក្តានុពល ពីភ្ញៀវឆ្លងកាត់តំបន់នេះ”។លោកបន្តថា “តាមធម្មតាតំបន់ជុំវិញព្រលានយន្តហោះ តែងតែមានសកម្មភាពសេដ្ឋកិច្ចច្រើន ពិសេសលំហូរប្រជាជនកាន់តែច្រើន នឹងចូលទៅរស់នៅតំបន់នេះ”។

ទាក់ទងនឹងវត្តមានបុរីGB Residence លោកសំ សុខនឿនបានមានប្រសាសន៍ថា បុរីGB Residence អ្នកអភិវឌ្ឍន៍បានជ្រើសរើសទីតាំងល្អ និងត្រឹមត្រូវ ដែលនឹងធ្វើឲ្យគំរោងនេះទាក់ទាញការចាប់អារម្មណ៍ និងទទួលបានជោគជ័យនាពេលឆាប់ៗនេះ។

បុរីGB Residenceបាននិងកំពុងសាងសង់លើផ្ទៃដីជិត១០ហិកតា ដែលមានការរួមបញ្ចួលនូវផ្សារទំនើប ពិសេសម៉ូតផ្ទះត្រូវបានរចនាឡើង ដោយស្ថាបត្យករល្បីឈ្មោះ ដែលជាប់ពានរង្វាន់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានចេញអនុក្រិតស្តីពីប្លង់គោលប្រើប្រាស់ដីធ្លី រហូតដល់ឆ្នាំ២០៣៥ ដែលប្លង់គោលនេះបានបញ្ជាក់ថា ទីក្រុងភ្នំពេញនឹងត្រូវពង្រីកក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡា៕

អ្នកជំនាញៈ ការគាំទ្រពីរដ្ឋាភិបាលនិងធនាគារជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជាបន្តមានភាពរឹងមាំ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញនៅតែអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានភាពរឹងមាំ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ខណៈវិស័យមួយនេះនៅមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងការគាំទ្រពីវិស័យធនាគារ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងក្នុងកម្មវិធី “ការផ្តល់ប្រឹក្សាអាជីវកម្មអចលនវត្ថុ” នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានភាពរឹងមាំ ដោយសារមានការគាំទ្រ និងយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងពិសេសមានការគាំទ្រពីវិស័យធនាគារ។

លោកបានថ្លែងបន្តថា វិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅតែមានសក្កានុពលសម្រាប់ការវិនិយោគ ទោះបីជាយើងមើលឃើញមានវិបត្តិប្រឈមក៏ដោយ ប៉ុន្តែវាក៏ជាឱកាសដើម្បីយើងទិញលក់ផងដែរ។

លោកបានថ្លែងដូច្នេះថា “ប្រសិនបើយើងទិញ (អចលនទ្រព្យ) នៅពេលនេះ យើងទទួលបាននូវតម្លៃល្អ លក្ខខណ្ឌនៅក្នុងការទូទាត់ល្អ ហើយប្រសិនបើយើងមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីធ្វើការទិញលក់ យើងនឹងទទួលបានផលចំណេញខ្ពស់នាពេលខាងមុខ”។ លោកបន្តថា វិស័យធនាគារក៏នៅតែបន្តគាំទ្រតាមរយៈការផ្តល់ប្រាក់កម្ចី ដល់អ្នកវិនិយោគ ឬអតិថិជន ប្រសិនបើអ្នកវិនិយោគ ឬអតិថិជនមានស្ថានភាព ឬសុខភាពហិរញ្ញវត្ថុល្អ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានប្រាប់ថា បើទោះវិបត្តិការឆ្លងរាលដាលកូវីដ ១៩ នៅកម្ពុជានៅបន្តអូសបន្លាយពេល ប៉ុន្តែលោកបានមើលឃើញថា សកម្មភាពសាងសង់ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន និងការវិនិយោគនៅតែមានដំណើរការទៅមុខជាធម្មតា។

លោកបានថ្លែងបន្តថា ភាពល្អប្រសើរនៃវិស័យនេះនឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសបន្ទាប់ពីស្ថានភាពការឆ្លងរាលដាលកូវីដ១៩ មានភាពធូរស្រាលឡើងវិញ។

ទន្ទឹមនឹងនេះលោកក៏បានលើកឡើងថា បញ្ហាចម្បងដែលលោកក៏ដូចជាអតិថិជនទូទៅនៅកម្ពុជាប្រាថ្នាចង់ទទួលបានពីវិស័យធនាគារនាពេលនេះ គឺការទម្លាក់អត្រាការប្រាក់ឱ្យទាបជាងពេលនេះ ខណៈអត្រាការប្រាក់នៅកម្ពុជាត្រូវគេដឹងថាខ្ពស់ បើធៀបនឹងប្រទេសជាច្រើនលើពិភពលោក។ លោក សុខនឿនបានឱ្យដឹងទៀតថា បច្ចុប្បន្នអត្រាការប្រាក់សម្រាប់ឥណទានក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតនៅចន្លោះពីជាង៦ភាគរយ ដល់១២ភាគរយក្នុង ១ ឆ្នាំ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ការផ្តល់ឥណទានរបស់វិស័យធនាគារទៅវិស័យអចលនទ្រព្យ និងសំណង់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ មានតម្លៃប្រមាណ១០,៥ពាន់លានដុល្លារ ស្មើនឹង៣១ភាគរយនៃទំហំឥណទានសរុបនៅកម្ពុជា៕