អ្នកជំនាញៈទីផ្សារខុនដូនៅកម្ពុជានៅតែមានតម្រូវការខ្ពស់ ទោះបីជាមានកំណើនផ្គត់ផ្គង់មានច្រើនក្ដី

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ទោះបីជាបច្ចុប្បន្ននេះ កំណើននៃខុនដូនៅក្នុងប្រទេស មានចំនួនច្រើនជាងមុនក៏ពិតមែន និងមានក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូថ្មីៗ ជាបន្តបបន្ទាប់ក្ដី តែតម្រូវការទីផ្សារខុនដូ នៅតែមានខណៈប្រជាពលរដ្ឋកម្ពុជកាន់តែច្រើន ក៏បានចាប់ផ្ដើមផ្លាស់ប្តូរឥរិយាបទងាកទៅរស់ក្នុងខុនដូជាបន្តបន្ទប់។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodiaបានឱ្យដឹងកាលពីថ្ងៃទី២០ កក្កដាកន្លងមកថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាមកដល់ពេលនេះ នៅតែមានតម្រូវការ ទោះបីការផ្គត់ផ្គង់មានកំណើនជាងមុនក្ដី ពីព្រោះបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាជាច្រើនបានចាប់ផ្ដើមស្វែងយល់ និងបានផ្លាស់ប្តូរមករស់នៅក្នុងខុនដូជាបន្តបន្ទាប់ផងដែរ ។

លោកបន្តថា “ដូច្នេះទោះបីមានក្រុមហ៊ុនមកអភិវឌ្ឍន៍ខុនដូ៣ ទៅ៤ម៉ឺនយូនីតទៀត ក៏មិនទាន់លើសតម្រូវការដែរ ដូច្នេះកម្ពុជានៅតែត្រូវការអ្នកអភិវឌ្ឍន៍វិស័យខុនដូបន្តទៀត”។ លោកបន្តថា “ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅភ្នំពេញ ហើយបានទៅទិញផ្ទះនៅឆ្ងាយពីកន្លែងការងារនៅកណ្ដាលក្រុង ក៏ចាប់ផ្ដើមស្វែងរកខុនដូនៅក្បែរកន្លែងធ្វើការវិញ ដែលជាការសម្រួលដល់ការធ្វើដំណើរ មិនខាតពេលវេលាក្នុងការធ្វើដំណើរ ចំណេញថវិកាបានមួយកម្រិតផងដែរ”។

អ្នកខ្លះទៀតក៏បានទិញខុនដូ សម្រាប់ស្នាក់នៅថ្ងៃធ្វើការរបស់គាត់ ហើយថ្ងៃសៅរ៍អាទិត្យ ក៏ទៅស្នាក់ជុំគ្រួសារនៅផ្ទះមួយទៀតឯជាយក្រុង ដែលជាផ្ទះជាប់ដីព្រោះខ្មែរយើងមួយចំនួន នៅតែប្រកាន់ខ្ជាប់នូវផ្ទះជាប់ដី ហើយក៏មានអ្នកខ្លះទៀតទិញផ្ទះឆ្ងាយពីភ្នំពេញនៅតាមខេត្ត និងស្នាក់នៅខុនដូនៅថ្ងៃធ្វើការ។

លោកថា “អ្នកទិញខុនដូជាជនជាតិខ្មែរ ភាគច្រើនជាមនុស្សសម័យថ្មី វ័យក្មេង ធ្លាប់រស់នៅបរទេស និងអ្នកដែលចូលចិត្តស៊ីវិល័យ និងមានអាយុក្រោម៣០ឆ្នាំ” ។លោកបន្ថែមថា “ការផ្លាស់ប្តូរឥរិយាបថរបស់ជនជាតិខ្មែរនេះហើយ ដែលអាចនិយាយថាតម្រូវការខុនដូ នៅតែមានខ្ពស់បើទោះបីជាមានការអភិវឌ្ឍ និងផ្គត់ផ្គង់ថ្មីៗបន្តបន្ទាប់ក៏ដោយ”។

ចំនួនតម្រូវការនេះ មិនទាន់រាប់ដល់ទីផ្សារអាស៊ាន ដែលចូលមកធ្វើការនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាជនបរទេសផ្សេងទៀតផង ដូច្នេះបើសរុបទាំងជនបរទេសទៀត ឃើញថាតម្រូវការខុនដូវាពិតជាមានច្រើនណាស់ ។

ជាមួយគ្នានេះ លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលក៏បានឱ្យដឹងផងដែរថា ក្នុងពេលដែលទីផ្សារខុនដូចាប់ផ្ដើម មានប្រជាជនក្នុងស្រុក អ្នកអភិវឌ្ឍន៍ខុនដូ គួរតែផ្លាស់ប្តូរការអភិវឌ្ឍរបស់ខ្លួន ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារក្នុងស្រុកដែរ ដូចជា ត្រូវមានចំណតយានយន្តគ្រប់គ្រាន់ ការរចនាបែបខ្មែរខ្លះៗជាដើម ។
ក្នុងបរិបទកូវីដ១៩នេះ គេមិនទាន់ឃើញមានគម្រោងណាមួយ ត្រូវគាំងផ្អាកដំនើរការទាំងស្រុងនោះទេ ពោលគឺនៅតែមានសកម្មភាពសាងសជាបន្តបន្ទាប់ គ្រាន់តែការដ្ឋានខ្លះត្រូវធ្វើសកម្មភាពយឺតៗ ព្រោះតែខ្វះខាតកំលាំងពលកម្ម ឬកម្មករត្រូវជាប់ពាក់ព័ន្ធនឹងកូវីដ១៩ជាដើម៕

តើក្រុមហ៊ុនអាកាសចរណ៍មួយណាជាប់ឈ្មោះជាក្រុមហ៊ុនល្អដាច់គេក្នុងពិភពលោកប្រចាំឆ្នាំ២០២១?

ដោយៈសុខុម

CNN: ឆ្នាំ២០២០ ជាឆ្នាំមហាសែនស៊យ សម្រាប់ឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោក ដោយយន្តហោះរបស់ក្រុមហ៊ុនជាច្រើន មិនអាចហោះហើរបាន ពោលគឺបានត្រឹមតែចតចោលប៉ុណ្ណោះ ដោយសារការផ្ទុះវិបត្តិកូវីដ-១៩។

ប៉ុន្តែនៅពេលស្ថានភាពធ្វើដំណើរតាមផ្លូវអាកាស បានចាប់ផ្តើមវិលមករកភាពប្រក្រតីជាបណ្ដើរៗវិញនៅតំបន់ខ្លះ នៃពិភពលោក AirlineRatings.com ដែលជាទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ បានប្រកាសលទ្ធផលដាក់ចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ខ្លួន ដោយប្រមូលចងក្រង នូវក្រុមហ៊ុនអាកាសចរណ៍ល្អៗដាច់គេរបស់ពិភពលោក ដែលត្រៀមខ្លួនរួចជាស្រេចចាំទទូលស្វាគមន៍អ្នកដំណើរ និងជួយពួកគេសម្រេចចិត្តថា តើគួរជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍មួយណា សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសជាថ្មីឡើងវិញរបស់ខ្លួន។

ទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានមូលដ្ឋាននៅប្រ​ទេ​សអូស្ត្រាលី មួយនេះបានប្រកាសផ្ដល់ “ពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ល្អដាច់គេ” (Airline Excellence Awards) របស់ខ្លួន។ លក្ខខណ្ឌនៃការដាក់ពិន្ទុត្រូវបានធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗ រួមមាន អាយុកាលនៃយន្តហោះ សុវត្ថិភាព និងការបម្រើសេវាកម្មជាដើម។ នៅឆ្នាំនេះ គណៈវិនិច្ឆ័យទូទាំងពិភពលោក ក៏បូកបញ្ចូលពិន្ទុឆ្លើយតបរបស់ក្រុមហ៊ុនអាកាសចរណ៍នានា ទៅនឹងការឆ្លងរាតដាលវីរុសកូវីដ-១៩ ផងដែរ។

សម្រាប់ឆ្នាំ២០២១ នេះ ក្រុមហ៊ុនអាកាចរណ៍ Qatar Airways នៃប្រទេសកាតា បានជាប់ចំណាត់ថ្នាក់លេខ១ ដោយផ្ដួលជើងឯកចាស់គឺក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ដែលបានគ្រងតំណែងកំពូលនេះរយៈពេល៦ឆ្នាំ។ នៅឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានធ្លាក់មកនៅត្រឹមចំណាត់ថ្នាក់លេខ២។

លោក Geoffrey Thomas អគ្គនិពន្ធនាយកនៃទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ AirlineRatings.com បានប្រាប់សារព័ត៌មាន CNN Travel ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ កក្កដា ថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានជាប់ចំណាត់ថ្នាក់កំពូល ដោយសារក្រុមហ៊ុននេះឆ្លើយតប ទៅនឹងវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩ បានយ៉ាងល្អ។

លោកគូសបញ្ជាក់ថា “ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways តែងតែទទួលបានចំណាត់ថ្នាក់ខ្ពស់ នៅក្នុងការដាក់ចំណាត់ថ្នាក់របស់យើង ដោយឈ្នះពានរង្វាន់ជាច្រើនដូចជាពានរង្វាន់ Best Business Class ជាដើម ហើយការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនមួយនេះ នៅក្នុងការរក្សាដំណើរការបណ្តាញ ផ្លូវហោះហើរភាគច្រើនរបស់ខ្លួន ទទួលបានការសរសើរយ៉ាងខ្លាំង និងការបោះឆ្នោតគាំទ្រយ៉ាងច្រើនពីក្រុមអ្នកកាត់សេចក្ដី”។

លោកក៏បានគូសបញ្ជាក់ពីជើងហោះហើរ និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុននេះផងដែរ ចំពោះការធ្វើឱ្យអ្នកធ្វើដំណើរ ទទួលបានបទពិសោធន៍ហោះហើរ ប្រកបដោយសុវត្ថិភាពខ្ពស់តាមដែលអាចធ្វើទៅបានអំឡុងវិបត្តិកូវីដ-១៩។

ទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ AirlineRatings.com ប្រកាសលទ្ធផលក្រុមហ៊ុនអាកាសចរណ៍កំពូលៗ របស់ខ្លួននៅខែវិច្ឆិកា ប៉ុន្តែវិបត្តិកូវីដ-១៩ បានបង្ខំឱ្យទីភ្នាក់ងារមួយនេះ ធ្វើការប្រកាសមុនពេលកំណត់៕

លោកស្រីឱ វណ្ណឌីនៈ ឱសថ LIANHAU GINGWEN របស់ចិនជាការខិតខំរបស់រដ្ឋាភិបាលដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌឌីនបានមានប្រសាសន៍ឲ្យដឹងថា ការប្រើប្រាស់ឱសថបុរាណចិន Lianhua Qingwen ត្រូវជាវិធីសាស្ត្រមួយ ក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត ដែលរាជរដ្ឋាភិបាលខិតខំស្វះស្វែងរក ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩។

លោកស្រីបន្តថា ឱសថបុរាណចិន Lianhua Qingwen ត្រូវបានអះអាងថា ដោយក្រុមហ៊ុនឱសថបុរាណចិនថា មានមុខងារព្យាបាលដូចជា បន្សាបជាតិពុល និងបញ្ចុះកំដៅពីក្នុងសួត។ វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតបំពង់ក ឬឈឺបំពង់ក អណ្តាតឡើងពណ៌ក្រហមជាដើម។

លោកស្រីឱ វណ្ណឌីន បានបញ្ជាក់ថា ឱសថបុរាណចិន LIANHAU GINGWEN អាចជួយសម្រាលរោគសញ្ញាដូចជាក្ដៅខ្លួន ក្អក ផ្ដាសសាយ ឈឺបំពង់ក តឹងច្រមុះ ដើម្បីទប់កុំឱ្យស្ថានភាពជំងឺមានការវិវត្តន៍ធ្ងន់ធ្ងរ។ ក្នុងករណីឱសថនេះ ជួយដល់ផ្លួវដង្ហើម ជួយដល់ស្ថានភាព នៃការផ្ដាសសាយរបស់អ្នកជំងឺ ដូច្នេះសរីរាង្គរបស់មនុស្សនឹងមានការឆ្លើយតបមួយល្អប្រសើរ ហើយអ្នកជំងឺអាចវិវត្តន៍ទៅរកការជាសះស្បើយផងដែរ។

លោកស្រីបានអះអាងថា ឱសថនេះបានប្រើប្រាស់ដំបូងនៅប្រទេសចិន ពេលមានអ្នកជំងឺកូវីដ១៩ ឆ្លងទ្រង់ទ្រាយធំនៅទីនោះ ហើយក៏មានការធូរស្បើយមួយចំនួនធំ។ ឱសថនេះ ក៏មានការប្រើប្រាស់នៅប្រទេសប្រេស៊ីល ហ្វីលីពីន ឥណ្ឌូនេស៊ី កាណាដា ម៉ូ ហ្ស៉ប៊ិច រ៉ូម៉ានី ថៃ ឡាវ និងសិង្ហបុរីជាដើម។

ការប្រើឱសថនេះ ជាវិធីសាស្ត្រក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩ ដោយមានការគិតពិចារណាខ្ពស់ មិនមែនជាការប្រើប្រាស់ប្រថុយប្រថាន ដូចការលើកឡើងរបស់ជនមួយចំនួននោះឡើយ។

លោកស្រីឱ វណ្ណឌីនបានបន្តថា “នេះគឺជាវិធីសាស្ត្រមួយ ក្នុងចំណោមវិធីសាស្ត្រផ្សេងៗទៀត ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំស្វះស្វែងរកអស់លទ្ធភាពរបស់ខ្លួន ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ។ មិនមែនធ្វើដើម្បីសម្លាប់ប្រជាពលរដ្ឋទេ”។ លោកស្រីក៏បានផ្ដល់ដំបូន្មានមួយចំនួន លើការប្រើប្រាស់ឱសថនេះផងដែរ។

លោកស្រីឱ វណ្ណឌីន សម្រាប់អ្នកវិជ្ជមានជំងឺកូវីដ១៩ មនុស្សធំ ប្រើម្ដង៤គ្រាប់ ហើយមួយថ្ងៃ៣ដង។ អាចប្រើបានក្នុងកម្រិតពី៧ថ្ងៃ ទៅ១០ថ្ងៃប៉ុណ្ណោះ មិនអាចប្រើយូរជាងនេះបានទេ។

ដោយឡែកកុមារ មិនមានការណែនាំឱ្យប្រើប្រាស់នោះទេ តែបើប្រើគឺប្រើត្រឹមកម្រិតទាបបំផុត។

លោកស្រីផ្តល់ដំបូន្មានបន្តថា ក្នុងករណីអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ឬមានបញ្ហាអ្វីកើតឡើងនៅពេលប្រើប្រាស់ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំសាកល្បងព្យាបាលដោយគ្មានការពិគ្រោះជាមួយក្រុមគ្រូពេទ្យ៕

ប្រទេសចិនឈរនៅលំដាប់ទី១នៃវិនិយោគិនអន្តរជាតិនៅកម្ពុជា ខណៈអាមេរិកជាទិសដៅនាំចេញដ៏ធំសម្រាប់កម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ មហាយក្សចិន បានឈរនៅលំដាប់លេខរៀងទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១ ខណៈសហរដ្ឋអាមេរិក បានក្លាយជាគោលដៅនាំចេញដ៏ធំ សម្រាប់ផលិតផលកម្ពុជាក្នុងរយៈពេល៦ ខែដំបូង ឆ្នាំនេះ។

យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រយៈពេល៦ខែ គិតចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០២១នេះ ចិនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក ស្មើនឹង៦៩%នការវិនិយោគសរុបរបស់កម្ពុជា។

របាយការណ៍របស់ CDC បញ្ជាក់ថា ប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុបក្នុងឆមាសទី១ ឆ្នាំ២០២១។

ទីផ្សារសហរដ្ឋអាមេរិក បានក្លាយជាគោលដៅនាំចេញដ៏ធំ សម្រាប់ផលិតផលកម្ពុជាក្នុងរយៈពេល៦ ខែដំបូង ឆ្នាំ២០២១ ដោយសារប្រទេសទាំងពីរបានបញ្ជាក់ពីការប្តេ ជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម។

យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មសម្រាប់ឆមាសទី១ ឆ្នាំនេះបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកសម្រេចបាន ទំហំទឹកប្រាក់ជាង៣,១៩ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១ កើនឡើង៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក ស្មើនឹងប្រមាណ៣៦ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា គិតពីខែមករា ដល់ខែមិថុនា។

កម្ពុជាបាននាំចេញនូវផលិតផល មានតម្លៃជាង៣,០១ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក។ ចំនួននេះតំណាងឱ្យការកើនឡើង៣៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជាបាននាំចូលទំនិញពីអាមេរិក គិតជាទឹកប្រាក់តម្លៃ១៧៣លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើង៤១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

គម្រោងវិនិយោគព្រលានយន្តហោះថ្មីនៅខេត្តកោះកុងត្រូវបានពន្យាពេលសាងសង់

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងសាងសង់ព្រលានយន្តហោះថ្មី ដែលជាការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនអ្នកឧកញ៉ាលី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ នៅក្នុងខេត្តកោះកុង ត្រូវបានពន្យារពេលសាងសង់ ដោយសារវិបត្តិកូវីដ១៩។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរី វុត្ថាបានមានប្រសាសន៍ឱ្យដឹងកាលពីថ្មីៗនេះថា អ្នកវិនិយោគព្រលានយន្តហោះថ្មី នៅក្នុងខេត្តខេត្តកោះកុង, បាត់ដំបង និងមណ្ឌលគិរី បានពន្យាពេលសាងសង់ព្រលានយន្តហោះ ដោយរង់ចាំមើលលើវិស័យដឹកជញ្ជូនល្អប្រសើរឡើងវិញ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

លោកបានឱ្យដឹងថា “អ្នកវិនិយោគព្រលានយន្តហោះ ពិតជាមានការបារម្ភ ដោយ​សារថាការរីករាលដាលជំងឺកូវីដ១៩ មានស្ថានភាពធ្ងន់ធ្ងរ។ ដូច្នេះអ្នកវិនិយោគពួកគាត់ មិនមានភាពច្បាស់លាស់ ក្នុងការគណនាថា ពេលណាជំងឺនេះ មានភាពធូរស្បើយ ហើយពេលណាទើបការដឹកជញ្ជូន មានការរីកចម្រើនឡើងវិញ នេះហើយជាកត្តាធ្វើឲ្យពួកគាត់ មានការពន្យារពេលវិនិយោគ ទៅលើព្រលានយន្តហោះ”។

លោកបានឲ្យដឹងទៀតថា ការពន្យារពេលវិនិយោគ ទៅលើព្រលានយន្តហោះនេះ រួមមាន ព្រលានយន្តហោះ ដែលស្ថិតនៅខេត្តកោះកុង ដែលត្រូវវិនិយោគដោយ ក្រុមហ៊ុន Bangkok Airway ជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់។

គម្រោងវិនិយោគព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ជាការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនអ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលមានទំហំទឹកប្រាក់ប្រមាណ៤០លានដុល្លារអាមេរិក។

ដំបូងឡើយ គម្រោងវិនិយោគនេះ គ្រោងសាងសង់លើដីអតីតព្រលានយន្តកោះ​កុង ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែដោយសារមានផលប៉ះពាល់ច្រើននោះ ទើបមានការផ្លាស់ប្តូរទីតាំងថ្មី ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លើផ្ទៃដី៤០០-៦០០ហិកតា៕

តម្លៃប្រេងសកលធ្លាក់ចុះក្រោម ៧០ដុល្លារដោយសារ OPEC+ ឈានដល់កិច្ចព្រមព្រៀងស្តីពីការជំរុញទិន្នផល

ដោយ: ហ៊ុយ ក្រេង

អន្តរជាតិៈ សន្ទស្សន៍ប្រេងឆៅពិភពលោក Brent និង WTI បានបន្តធ្វើពាណិជ្ជកម្មក្រោម ៧០ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃអង្គារ បន្ទាប់ពីអង្គការប្រទេសនាំប្រេងចេញ (OPEC) និងសម្ព័ន្ធមិត្តបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបង្កើនផលិតកម្មប្រេង។

ប្រេងឆៅប្រភេទ WTI របស់អាមេរិកបានធ្លាក់ចុះជិត ៨% និងបានបិទជិតប្រហែល ៦៦ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីខែកញ្ញាឆ្នាំ ២០២០ ។

ការជួញដូរកាលពីថ្ងៃច័ន្ទកន្លងមកនេះ ក៏បានមើលឃើញថាប្រេងឆៅប្រភេទ Brent អន្តរជាតិបានធ្លាក់ចុះជិត ៧% និងធ្លាក់ចុះក្រោម ៦៩ ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីអង្គការ OPEC + បានឈានដល់កិច្ចព្រមព្រៀងស្តីពីការជំរុញផលិតកម្មប្រេងចំនួន ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងមួយខែៗ ចាប់ផ្តើមពីខែសីហា ចំពេលមានតម្រូវការពិភពលោកកើនឡើង។ កិច្ចព្រមព្រៀងនេះ ត្រូវបានរាំងស្ទះដោយអេមីរ៉ាតអារ៉ាប់រួម នៅពេលដែលខ្លួនទាមទារឲ្យក្រុមកាតាឡុក បង្កើនកូតាផលិតកម្មមូលដ្ឋានរបស់ខ្លួន ដែលឥឡូវនេះត្រូវបានលើកឡើង។

បណ្តាប្រទេសសមាជិកអង្គការ OPEC + បានគ្រោងនឹងជំរុញផលិតកម្មបន្តិចម្តងៗ រហូតដល់ខែកញ្ញាឆ្នាំ២០២២ ដែលជាកន្លែងផលិតប្រេងត្រូវបានគេរំពឹងថា នឹងមានមុនកម្រិតវិបត្តិជម្ងឺកូវីត ១៩។

បច្ចុប្បន្នក្រុមនេះ កំពុងដកហូតប្រេងឆៅប្រមាណ៦លានបារ៉ែល ក្នុងមួយថ្ងៃក្នុងចំណោម១០លានបារ៉ែល ដែលត្រូវបានកាត់ចេញពីទីផ្សារ ក្នុងកំឡុងពេលដែលមានការរីករាលដាលធ្ងន់ធ្ងរបំផុត។ (Source: RT)៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគថ្មីៗចំនួន៤ ជាមួយទឹកប្រាក់ទំហំជាង៥១លានដុល្លារ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សម្រេចអនុម័តគម្រោងថ្មីៗចំនួន៤ ដែលគ្រោងបោះទុនវិនិយោគប្រមាណ៥១,១លានដុល្លារនៅកម្ពុជា និងបង្កើតការងារថ្មីៗរាប់ពាន់កន្លែងដល់ប្រជាជនស្រុក។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១-ក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។

ទី២-ក្រុមហ៊ុន REMSTEX FASHION CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៦លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩២៩កន្លែង។

ទី៣-ក្រុមហ៊ុន TOP FORM (CAMBODIA) MANUFACTURING COMPANY LIMITED: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៥០កន្លែង។

ទី៤-ក្រុមហ៊ុន NEW WIDE APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងផលិត ម៉ាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៧០០កន្លែង៕

ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីមូលហេតុដែលតម្លៃប្រេងឥន្ធនៈកើនឡើងនៅ រយៈពេលចុងក្រោយនេះ

ដោយៈ សាវុធ

ភ្នំពេញៈ  មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីមូលហេតុដែលតម្លៃប្រេងឥន្ធនៈកើនឡើងនៅរយៈពេលចុងក្រោយនេះ បន្ទាប់មហាជនមានចម្ងល់ និងមានជជែកវែកញែកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនេះ។

ក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,១០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ៣,៦៥០រៀល ក្នុង១លីត្រ។

លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះថា ការឡើងថ្លៃនៃតម្លៃប្រេងនេះ ដោយសារតែតម្លៃប្រេង នៅលើទីផ្សារពិភពលោកមានការឡើងថ្លៃ ហើយមានតម្រូវការច្រើន។

លោកបានឱ្យដឹងទៀតថា “កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ គឺកម្ពុជានៅទិញប្រេង ដែលចម្រាញ់រួច ពីប្រទេសសិង្ហបុរី និងពីប្រភពផ្សេងៗ ហើយប្រេង ដែលកម្ពុជាទិញ គឺផ្អែកទៅលើការឡើងចុះ នៃតម្លៃប្រេងឆៅអន្ដរជាតិ”។លោកបានបញ្ជាក់ថា “តម្លៃប្រេងឆៅអន្ដរជាតិក្នុងមួយរយៈនេះ ជាពិសេសនៅក្នុងមិថុនា និងកក្កដាមានការកើនឡើង”។

លោកបានឱ្យដឹងថា ការកើនឡើងតម្លៃប្រេងនេះ ដោយសារតែក្រុមប្រទេសOPECបានកាត់បន្ថយការផលិតកម្មប្រេង ហើយប្រភពធំៗ២ ដែលនាំចេញប្រេងឆៅ គឺប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាបរួម ក៏បានកាត់បន្ថយការផលិតប្រេងរបស់ខ្លួនដែរ។

លោកប៉ែន សុវិជាតិបានបន្ថែមទៀតថា តម្រូវការប្រេងឥន្ទនៈនៅលើទីផ្សារអន្ដរជាតិ មានការកើនឡើងក្នុងរយៈពេល២ខែចុងក្រោយនេះ ក្រោយពីប្រទេសនៅតំបន់អ៊ឺរ៉ុបមួយចំនួន បានបិទបញ្ចប់ការ LOCK DOWN ប្រទេសខ្លួន ហើយក្រុមប្រទេស OPEC នៅរក្សារលំនឹង នៃការផលិតប្រេង ដែលធ្វើឲ្យតម្លៃប្រេងមានការកើនឡើង។

បន្ថែមពីនោះទៀត លោកប៉ែន សុវិជាតិបានបន្ដថា ទន្ទឹមគ្នានេះប្រទេសធំៗ ដូចជា ប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាបរួមជាដើម -ល- ដែលនៅក្នុងតំបន់ OPEC នោះ បានកាត់បន្ថយការផលិតប្រេងរបស់ខ្លួនទៀត ដែលធ្វើឲ្យតម្លៃប្រេងកាន់តែហក់ឡើងខ្ពស់។

មន្រ្តីជាន់ខ្ពស់ខេត្តព្រះសីហនុៈគំរោងទីក្រុងរាមមានលុយធំនៅBack Upពីក្រោយធំនឹងមិនប្រឈមមុខនឹងការជាប់គាំងទេ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា គំរោងទីក្រុងរាម គ្រោងបោះទុនវិនិយោគតម្លៃ១៦ពាន់លានដុល្លារអាមេរិក កំពុងចាក់ដីដើម្បីសាងសង់ទីក្រុងនេះយ៉ាងសកម្ម។

លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា គំរោងទីក្រុងដ៏ធំនេះ កំពុងចាក់ដីយ៉ាងសកម្មជាមួយមូលដ្ឋានទុនគ្រប់គ្រាន់ ដែលនឹងមិនធ្វើឲ្យគំរោងនេះប្រឈមមុខនឹងការជាប់គាំងនោះទេ ព្រោះមានលុយBack Upធំនៅពីក្រោយ ដើម្បីធ្វើឲ្យគម្រោងនេះដំណើរការដោយជោគជ័យនាពេលអនាគត។

លោកបន្តថា “គំរោងនេះនឹងចូលរួមលើកកំពស់មុខមាត់ខេត្ត ក៏ដូចជាជួយលើកកំពស់សេដ្ឋកិច្ចខេត្ត ឲ្យកាន់តែមានភាពប្រសើរឡើង ក្រោយវិបត្តិជំងឺកូវីដ១៩បញ្ចប់”។​លោកបន្តថា “បើដកតែបញ្ហាកូវីដចេញបាន ខ្ញុំជឿថាសេដ្ឋកិច្ចខេត្តព្រះសីហនុ នឹងមានភាពរីកចម្រើនលឿនឡើងវិញ”។

លោកឃាង ភារម្យបានបន្តថា ទោះជាប្រឈមនឹងបញ្ហាកូវីដ ហើយអាជ្ញាធរខេត្តបាននិងកំពុងរឹតបន្តឹងយ៉ាងណាក្តី ប៉ុន្តែខេត្តនៅតែស្វាគមន៍រាល់គំរោងវិនិយោគនានាឲ្យតែមានការចូលមកវិនិយោគពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថា ខេត្តព្រះសីហនុបានទាក់ទាញទុនវិនិយោគទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ ពិសេសវិស័យសំណង់ ក្នុងទំហំទឹកប្រាក់ជាង៨០០០លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ៕

 

ធនាគារអភិវឌ្ឍអាស៊ីកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចអាស៊ី២០២១រហូត ដល់៧,២ ភាគរយ

ដោយ: ហ៊ុយ ក្រេង- July 20, 2021

ម៉ានីលៈ ធនាគារអភិវឌ្ឍអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃអង្គារថា កំណើនសេដ្ឋកិច្ចរបស់អាស៊ីនៅឆ្នាំនេះ នឹងមានកម្រិតទាបជាងអ្វីដែលបានគ្រោងទុកពីមុន។

ធនាគារអភិវឌ្ឍអាស៊ីបាននិយាយថា ការស្ទុះងើបឡើងវិញកំពុងដំណើរការនៅក្នុង“ ការអភិវឌ្ឍអាស៊ី” ដោយសំដៅទៅលើសមាជិក៤៦ប្រទេសរបស់ធនាគារនេះ រួមទាំងប្រទេសចិន និងឥណ្ឌា ប៉ុន្តែកំណើនត្រូវបានកែលម្អឡើងវិញពី៧,៣ភាគរយ ដែលបានព្យាករ នៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍអាស៊ី (ADO) របស់ខ្លួនដែលបានចេញផ្សាយកាលពីខែមេសា។

សេដ្ឋកិច្ចរួមនៃប្លុកនេះត្រូវបានគេព្យាករថា នឹងកើនឡើង ៥,៤% នៅឆ្នាំក្រោយបើប្រៀបធៀបទៅនឹងការព្យាករណ៍ខែមេសា៥,៣%។

លោកYasuyuki Sawada ប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍអាស៊ីបានមានប្រសាសន៍ថា “ការងើបឡើងវិញរបស់អាស៊ី និងប៉ាស៊ីហ្វិក ពីការរាតត្បាតជម្ងឺកូវីដ១៩ នៅតែបន្ត ទោះបីជាផ្លូវនៅតែមិនច្បាស់លាស់ ចំពេលមានការផ្ទុះឡើងនៃមេរោគថ្មីនិងការចាក់វ៉ាក់សាំងមិនស្មើគ្នាក៏ដោយ”។

ធនាគារអភិវឌ្ឍអាស៊ីបានរក្សាការព្យាករណ៍កំណើនរបស់ខ្លួន សម្រាប់ប្រទេសចិន ដែលអាចសម្រេចបានកំនើនសេស្ឋកិច្ច៨,១ភាគរយ នៅឆ្នាំនេះ និង៥,៥ ភាគរយនៅឆ្នាំ  ក្រោយ។

ប៉ុន្តែស្ថាប័ននេះ បានកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសឥណ្ឌាដល់១០ភាគរយនៅឆ្នាំនេះ និង៧,៥ភាគរយនៅឆ្នាំក្រោយ បើប្រៀបធៀបនឹងការព្យាករកាលពីខែមេសាដែលមាន១១ ភាគរយ និង៧,០ភាគរយរៀងៗខ្លួន។

នៅអាស៊ីអាគ្នេយ៍ធនាគារអភិវឌ្ឍអាស៊ី បានកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ច    ឆ្នាំ២០២១ ពីកំនើន៤.៥ភាគរយសម្រាប់ឥណ្ឌូណេស៊ី។ កំនើនចន្លោះពី២,ទៅ៣,០% សម្រាប់ប្រទេសថៃ; កំនើនពី៥.៥% ទៅ៦,០%សំរាប់ម៉ាឡេស៊ី; និងកំនើនចន្លោះពី៥,៨% ទៅ៦,៧% សំរាប់ប្រទេសវៀតណាម។

ADB បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់ប្រទេសសិង្ហបុរីសម្រាប់ឆ្នាំនេះដល់៦,៣ភាគរយ ពី៦,០ភាគរយដែលបានររំពឹងទុក ប៉ុន្តែបានរក្សាទស្សនវិស័យកំណើនសម្រាប់ប្រទេសហ្វីលីពីន៤,៥ ភាគរយ។

សម្រាប់ឆ្នាំ២០២២ ធនាគារអភិវឌ្ឍអាស៊ីបានរក្សាការព្យាករណ៍ កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ នឹងកើន៥,០ភាគរយ សម្រាប់ឥណ្ឌូណេស៊ី ម៉ាឡេស៊ីនឹងកើន៥.៧ភាគរយ ហ្វីលីពីនកើន៥,៥ភាគរយ។ សឹង្ហបុរីនឹងកើនដល់៤,១ភាគរយសិង្ហបុរី និងប្រទេសវៀតណាម នឹងមានសេ្ឋកិច្ចលូតលាស់រហូតដល់៧,០ភាគរយ។

ប៉ុន្តែស្ថាប័ននេះ បានបង្កើនការព្យាករណ៍កំណើនសម្រាប់ប្រទេសថៃ រហូតដល់៤,៩ ភាគរយសម្រាប់ឆ្នាំក្រោយ ដែលការព្យាករណ៍ពីមុនមានត្រឹមតែ៤,៥ ភាគរយ។

លោកSawada បានមានប្រសាសន៍ថា “លើសពីវិធានការណ៍ទប់ស្កាត់ និងចាក់វ៉ាក់សាំងការស្តារឡើងវិញ ជាដំណាក់កាលនិងជាយុទ្ធសាស្ត្រ នៃសកម្មភាពសេដ្ឋកិច្ចឧទាហរណ៍ ពាណិជ្ជកម្មផលិតកម្ម និងទេសចរណ៍ នឹងក្លាយជាគន្លឹះ ដើម្បីធានាថាការស្ទុះងើបឡើងវិញ មានពណ៌បៃតងរួមនិងមានភាពធន់”។ (ប្រភព Reuters)