សហរដ្ឋអាមេរិក ចេញបម្រាមថ្មីមិនឱ្យនាំចូលវត្ថុធាតុដើមសម្រាប់ផលិតបន្ទះសូឡាពីក្រុមហ៊ុនចិន

ដោយៈ សុខុម

វ៉ាស៊ីនតោន: ប្រភពបានទម្លាយឱ្យដឹងថា រដ្ឋការរបស់លោក ចូ បៃឌិន កាលពីថ្ងៃពុធ ទី២៣ មិថុនា បានចេញបម្រាមមិនឱ្យសហរដ្ឋអាមេរិក នាំចូលវត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតបន្ទះសូឡាពីក្រុមហ៊ុនចិន Hoshine Silicon Industry ឡើយ ដោយសារការចោទប្រកាន់អំពីការចាប់បង្ខំមនុស្សឱ្យធ្វើការ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនានេះ ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មអាមេរិក បានធ្វើការរឹតបន្តឹងដាច់ដោយឡែកលើការនាំចេញចំពោះក្រុមហ៊ុន Hoshine Silicon Industry និងក្រុមហ៊ុនចិនចំនួន៣ផ្សេងទៀត ព្រមទាំងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន Xinjiang Production and Construction Corps (XPCC) ផងដែរ ដោយអះអាងថា ក្រុមហ៊ុនទាំងនេះជាប់ពាក់ព័ន្ធនឹងការចាប់បង្ខំជនជាតិភាគតិចវីហ្គួរ និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម ផ្សេងៗទៀតនៅតំបន់ស៊ីនជាំង (Xinjiang) ឱ្យធ្វើការជាទម្ងន់។

ក្រុមហ៊ុនចិន ចំនួន៣ផ្សេងទៀតដែលជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Xinjiang Daqo New Energy ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Daqo New Energy Corp ក្រុមហ៊ុន Xinjiang East Hope Nonferrous Metals ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនយក្ស East Hope Group មានមូលដ្ឋាននៅក្រុងសៀងហៃ និងក្រុមហ៊ុន Xinjiang GCL New Energy Material ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន GCL New Energy Holdings។

ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា ក្រុមហ៊ុនទាំងនេះ និងក្រុមហ៊ុន XPCC “បានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាននៅក្នុងការអនុវត្តយុទ្ធនាការបង្ក្រាបរបស់ប្រទេសចិន ការឃុំឃាំងមនុស្សតាមអំពើចិត្ត ការចាប់បង្ខំមនុស្សឱ្យធ្វើការជាទម្ងន់ ការឈ្លបយកការណ៍សម្ងាត់ដោយប្រើបច្ចេកវិទ្យាជាន់ខ្ពស់ប្រឆាំងជនជាតិភាគតិចវីហ្គួរ ជនជាតិភាគតិចកាហ្សាក់ស្ថាន និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម ផ្សេងៗទៀតនៅតំបន់ស៊ីនជាំង”។

ក្រុមហ៊ុនធំៗមួយចំនួនដែលជាប់ក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្មអាមេរិក គឺជាក្រុមហ៊ុនផលិតស៊ីលីខូនម្យ៉ាងឱ្យឈ្មោះថា monocrystalline silicon និងប៉ូលីស៊ីលីខូន polysilicon ដែលជាវត្ថុធាតុដើមដ៏សំខាន់ប្រើប្រាស់នៅក្នុងការផលិតបន្ទះសូឡា។

ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុនទាំងនេះ ឬក្រុមហ៊ុនមេរបស់ពួកគេមិនបានធ្វើការឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ ចំណែកឯក្រុមហ៊ុន XPCC មិនអាចទាក់ទងបានតែម្ដង។

ដោយឡែក នៅពេលសុំការបំភ្លឺជុំវិញបញ្ហានេះ ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានបន្ទរតាមការលើកឡើងរបស់លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានច្រានចោលការចោទប្រកាន់ជុំវិញអំពើប្រល័យពូជសាសន៍ និងការបង្ខំឱ្យមនុស្សធ្វើការជាទម្ងន់នៅតំបន់ស៊ីនជាំង ថា “គ្មានអ្វីក្រៅពីពាក្យចចាមអារ៉ាមដែលបង្កប់នូវហេតុផលលាក់កំបាំង និងការភូតកុហកយ៉ាងច្បាស់ក្រឡែត”៕

តម្លៃដីនៅតំបន់អារិយក្សត្របន្តកើនឡើងបន្ទាបពីការបង្ហើមពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ

ដោយៈ ម៉ាណេត

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅនៅតំបន់អារិយក្សត្រនៅបន្តមានភាពរីកចម្រើនឥតឈប់ឈរ ពិសេសតម្លៃដីធ្លីនៅតំបន់នេះកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីមានផ្សព្វផ្សាយព័ត៌មានពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំ។

លោកស៊ុន ចានថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបឱ្យដឹងកាលពីថ្មីៗនេះថា គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំ ភាគីកូរ៉េកំពុងសិក្សានៅឡើយ។

លោកបានមានប្រសាសន៍ក្នុងពេលចុះពិនិត្យផ្លុវល្បឿនលឿនភ្នំពេញ ព្រះសីហនុកាលពូម្សិលម៉ិញនេះថា បច្ចុប្បន្នសាធារណរដ្ឋកូរ៉េខាងត្បូង បានឯកភាពសំណើកម្ពុជាហើយ តែស្ថិតក្នុងការសិក្សានៅឡើយទេ។ លោកបន្តថា “តបតាមសំណើររបស់សម្តេច តេជោ ហ៊ុន សែន ពេលនេះភាគីកូរ៉េបានយល់ព្រមឯកភាពជួយសង់ស្ពាននេះហើយ”។ លោកស៊ុន ចាន់ថុលបានបន្តថា ទោះជាយ៉ាងណាបច្ចុប្បន្ននេះ មិនទានមានផែនការអ្វីជាក់លាក់ទេ ព្រោះភាគីកូរ៉េកំពុងសិក្សានៅឡើយទេ។

ដោយមានទីតាំងនៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាលស្វាយជ្រុំគឺជាភូមិមួយ ដែលស្ថិតនៅខាងជើងខាងជើងនៃឃុំអរិយក្សត្រ ស្រុកល្វាឯម។

លោកយិន លាងគង់ទីផ្សារប្រឹក្សាសមាគមអចលនទ្រព្យសកលបានថ្លែងប្រាប់ថា តំបន់នឹងកាន់តែមានសក្តានុពលនាពេលអនាគត ដោយរងចាំស្ពានសាងសង់រួចរាល់ ដែលនឹងធ្វើឱ្យតំបន់នេះមានសកម្មភាពអភិវឌ្ឍន៍កាន់តែខ្លាំង។

លោកបានថ្លែងបន្តថា បច្ចុប្បន្ន មានគម្រោងបុរីមួយចំនួនបានមកអភិវឌ្ឍន៍នៅតំបន់នេះ ដូចជាបុរីចត្តុមុខ បុរីទួលសង្កែ និងបុរីលំនៅដ្ឋានជាច្រើនទៀត កំពុងបង្ហាញជារូបរាងបណ្តើរៗ និងចាប់ផ្តើមសាងសង់ផង ដូច្នេះតំបន់នឹងក្លាយជាទីក្រុងថ្មីមួយនាពេលអនាគត។

លោកបានមានប្រសាសន៍ដូច្នេះថា “ក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ តំបន់នេះនឹងក្លាយជាទីក្រុងមួយ នៅពេលដែលស្ពានសាងសង់រួចរាល់ ព្រោះអ្នកវិនិយោគធំៗ និងបុរីធំៗបានទិញដីនៅតំបន់ទុកសម្រាប់ការអភិវឌ្ឍនាពេលមុខ”។

លោកសុខ ឌឺនអ្នកគួកជេដីតំបន់អារិយក្សត្របានឱ្យដឹងដែរថា តម្លៃដីនៅតំបន់អារិយក្សត្រកើនឡើង៥ដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈបច្ចុប្បន្ន ការទិញលក់នៅក្នុងតំបន់នេះនៅតែមានចរន្តកើនឡើង។

យោងតាមសុខ ឌឺនបានឱ្យង ក្នុងតំបន់នេះ តម្លៃដីនាពេលប្ចុច្បន្ននៅបណ្តោយផ្លូវ៦០ម៉ែត្រមានតម្លៃចន្លោះពី៧០ទៅដល់១៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលកាលពី៥ឆ្នាំមុនជាង១០ដុល្លារមួយម៉ែត្រការ៉េ ហើយដីលើតាមបណ្តោយផ្លូវ7NG ភាគច្រើនជាផ្លូវធំៗ ដែលមានតម្លៃចន្លោះ៣៥ទៅ៤០ដុល្លារមួយម៉េត្រការ៉េ ហើយនៅដីតាមបណ្តោយមានទំហំចាប់ពី៣០ហិកតា ទៅ១០០ហិកតា។

លោកបានថ្លែងថា “តំបន់នេះកំពុងមានសក្តានុពលខ្លាំង ហើយនាពេលបច្ចុប្បន្ន ចរន្តនៃការទិញលក់នៅក្នុងតំបន់នេះមានច្រើន និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”៕

អ្នកជំនាញៈ វិស័យអចលនទ្រព្យជាចន្ទល់សេដ្ឋកិច្ចមួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងជាបណ្តើរៗ

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានលើកឡើថា ការនាំចេញវិស័យកសិកម្ម អនុវិស័យកាត់ដេរ រួមជាមួយការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ជាដើម គឺជាចន្ទល់សេដ្ឋកិច្ច ដែលបានកំពុងជំរុញសេដ្ឋកិច្ចកម្ពុជាំងើបឡើងវិញជាបណ្តើរៗ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងប្រាប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះថា បញ្ហាប្រឈមនៅក្នុងវិបត្តិកូវីដ១៩ គឺបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយើង ក្នុងនោះចំពោះវិស័យអចលនទ្រព្យក៏ជាផ្នែកមួយក្នុងការប៉ះពាល់ដោយសារវិបត្តិជម្ងឺនេះផងដែរ ដែលជាការរាំងស្ទះដល់ការអភិវឌ្ឍន៍វិស័យនេះ និងការបាត់បង់អ្នកវិនិយោគទុន ជាពិសេសអ្នកវិនិយោគទុនបរទេសជាដើម។

លោកបានបន្តថា ស្ថិតនៅក្នុងដំណាក់កាលនេះការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងល្បឿនយឺត តែទោះបីជាយ៉ាងចំពោះការអភិវឌ្ឍន៍វិស័យសំណង់រួមមាន៖ គម្រោងសាងសង់លំនៅឋាន កំពុងត្រូវបានលេចធ្លោ រួមជាមួយការអភិវឌ្ឍន៍ទីក្រុងថ្មីៗ និងផ្នែកគម្រោងខុនដូ ក៏ជាផ្នែកយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ ដោយឡែកចំពោះវិស័យដីធ្លីក៏បន្តមានចរន្តជាហូរហែរផងដែរ។

ជាមួយគា្ននេះដែរទាក់ទងនឹងឧស្សាហកម្មកាត់ដេរវិញ លោកកាំង ម៉ូនីការអគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍២០ កុម្ភៈ នៅតែបន្ត វិស័យកាត់ដេរបានជួបបញ្ហាខ្លះៗនៅក្នុងការប្រកួតប្រជែង តែទោះបីយ៉ាងណាយើងសង្កេតឃើញថា ការនាំចេញផលិតផលធ្វើដំណើរកំពុងមានការកើនឡើង ដោយកម្ពុជាទទួលបានការនាំចេញរួចពន្ធទៅកាន់សហរដ្ឋអាមេរិក ដោយយើងរំពឹងទុកថា នឹងបន្តមានកំណើនក្នុងពេលខាងមុខទៀត។

ជុំវិញការងើបឡើងវិញនៃសេដ្ឋកិច្ច ឯកឧត្តម មាស សុខសេនសាន្ត អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចយើងនឹងងើបឡើងវិញក្នុងកំណើនរង្វង់ ៣,៥ ភាគរយ ទៅ ៤ ភាគរយ ដោយទ្រទ្រង់វិស័យ និងអនុវិស័យសំខាន់ៗមួយចំនួនដូចជា៖ វិស័យកសិកម្ម អនុវិស័យកម្មន្តសាល អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ដែលបានបង្ហាញនូវក្នុងអត្រាវិជ្ជមាន ក្នុងនោះយើងនៅមានវិស័យដែលជួយទ្រទ្រង់បន្ថែមមួយចំនួនទៀតដូចជា៖ វិស័យលក់ដុំលក់រាយ, អនុវិស័យអចលនទ្រព្យ និងអនុវិស័យកាត់ដេរ ដែលអាចមានកំណើនថមថយបន្តិច ខុសនឹងការរំពឹងទុក។

ដោយឡែកធនាគារពិភពលោកវិញ ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងទទួលបានកំណើនជិត៤ភាគរយ ក្នុងឆ្នាំ ២០២១ ដោយសារការរំពឹងទុកនៃការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ច, ខណៈវិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃផ្សេងទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ ក្នុងនោះវិស័យកសិកម្ម នៅរក្សាភាពធន់ ដោយសារមានតម្រូវការខ្លាំង ជាពិសេសកម្ពុជាបាននាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន ។

ចំណែកផ្នែកឧស្សាហកម្មផលិតវិញ បានងើបឡើងវិញជាបណ្តើរៗផងដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ ចំពោះអាជីវកម្មបោះដុំនិងលក់រាយ បានកំពុងប្រឹងងើបឡើងវិញក្នុងល្បឿនយឺត ខណៈសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ងើបឡើងវិញបន្តិចម្តងៗ៕

រដ្ឋាភិបាលចាប់ផ្តើមអនុវត្តតម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣តម្លៃជាង១០០លានដុល្លារ

ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលចាប់ផ្តើមអនុវត្តតម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ខណៈអ្នកទទួលផលពីគម្រោង(LASED III) មានចំនួនសរុប៦៥០០គ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តតម្រោង LASED III តាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

ក្រសួងរៀបចំដែនដី បានឱ្យដឹងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប១០៧លានដុល្លារអាមេរិក ក្នុងនោះឥណទានធនាគារពិភពលោកចំនួន៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រយៈពេល ៦ឆ្នាំ ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦។

គម្រោងនេះនឹងផ្តោតលើភូមិសាស្ត្រខេត្ត គោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន៧១ ក្នុងនោះ២៦ទីតាំង សម្រាប់ការងារសម្បទានដី សង្គមកិច្ច និង៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប៣០០០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច១០០០០ហិកតា និងមានអ្នកទទួលផលសរុប៦៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិច១៥០០គ្រួសារ។

សកម្មភាពរបស់គម្រោងផ្តោតលើការងារ សំខាន់ចំនួន៥ តីការងារសម្បទានដីសង្គមកិច្ច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់អ្នកទទួលផល។

តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នឹងផ្តល់ដីសម្រាប់លំនៅឋាន និងដីសម្រាប់កសិកម្មដល់ប្រជាជនក្រីក្រ សម្រាប់ជាទុនក្នុងការចាប់ផ្តើមកសាងជីវភាព រស់នៅ និងបង្កបង្កើនផល។

ជាមួយនេះ គម្រោងនឹងរួមចំណែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាមូលដ្ឋានបណ្តុះបណ្តាលលើការងារកសិកម្ម និងធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់កម្រិតជីវភាពរស់នៅ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ចូលរួមសម្រេចគោលបំណងនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ដែលជារបៀបវារៈសង្គមសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា៕

តើសំណួរអ្វីខ្លះដែលអ្នកគួរជ្រើសរើសដើម្បីសួរនៅពេលអ្នកជ្រើសរើសភ្នាក់ងារអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានល្អ ស្មើនឹងអ្នកជោគជ័យបានពាក់កណ្តាលរួចទៅហើយ ហេតុនេះធនធានមនុស្សមានសារៈសំខាន់ណាស់ សំរាប់ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យមួយ។

តើគេអាចធ្វើការជ្រើសរើសដផយរបៀបណា? ដំណើរការសម្ភាសន៍ ត្រូវធ្វើឡើងដើម្បីស៊ើបអង្កេតមើលពីលទ្ធភាព និងភាពដែលអាចទុកចិត្តបាន ដើម្បីធានាថាភ្នាក់ងារនេះ គឺស័ក្តិសមសម្រាប់អ្នកឬទេ។

ខាងក្រោមនេះគឺជាបញ្ជីសំនួរ ដើម្បីសួរទៅភ្នាក់ងារ ក្នុងអំឡុងពេលជួបគ្នាលើកដំបូង /ការវាយតម្លៃអចលនទ្រព្យ
តើក្រុមហ៊ុនរបស់អ្នកប្រលូកនៅក្នុងវិស័យនេះមានរយៈពេលប៉ុ​ន្មានឆ្នាំ/ តើអ្នកបានចូលរួមក្នុងវិស័យអចលនទ្រព្យ?

តើភ្នាក់ងារអចលនទ្រព្យបានលក់ / ជួលចំនួនប៉ុន្មានកាលពីឆ្នាំកន្លងទៅ?
តើភ្នាក់ងារមានអចលនទ្រព្យចំនួនប៉ុន្មានដែលបានដាក់បញ្ជីលក់/ជួលជាមួយពួកគេ?
តើបច្ចុប្បន្នភ្នាក់ងារកំពុងទាក់ទងជាមួយមានអ្នកទិញ/អ្នកជួលប៉ុន្មាននាក់?
តើភ្នាក់ងារប៉ាន់ប្រមាណតម្លៃបឋមបែបណាសម្រាប់អចលនទ្រព្យរបស់អ្នកនៅក្នុងទីផ្សារបច្ចុប្បន្ន ហើយថាតើពួកគេប្រើរូបមន្តអ្វីក្នុងការវាយតម្លៃដើម្បីកំណត់បានដល់តួលេខនេះ?
តើអ្វីជាយុទ្ធសាស្រ្តទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ (ឧទាហរណ៍តាមអនឡាញ កាសែត និងអ៊ីម៉ែល)?។

ចម្លើយដែលអ្នកទទួលបានពីសំណួរទាំងនេះ នឹងអនុញ្ញាតឱ្យអ្នកធ្វើការវិនិច្ឆ័យត្រឹមត្រូវ អំពីកម្រិតនៃបទពិសោធន៍របស់ភ្នាក់ងារជំនាញវិជ្ជាជីវៈ និងថាតើពួកគេអាចផ្តល់នូវសេវាកម្ម ដែលអ្នកត្រូវការបានត្រឹមក​ម្រិតណា?។

ទោះជាយ៉ាងណាសំណួរដ៏សំខាន់បំផុតមួយ គឺការសួរទៅលើតម្លៃលក់/ជួលនៃអចលនទ្រព្យរបស់ អ្នក។ អ្នកគួរតែស្រាវជ្រាវដោយផ្ទាល់ និងធ្វើការប៉ាន់ស្មានពីតម្លៃដែលអ្នកអាចទទួលបាន ដោយឈរលើមូលដ្ឋានអចលនទ្រព្យស្រដៀងគ្នា នៅក្នុងតំបន់របស់អ្នក។ ភ្នាក់ងារអចលនទ្រព្យ ដែលមានបទពិសោធនឹងផ្តល់ការវាយតម្លៃ នូវតម្លៃប្រហែលគ្នានឹងការសិក្សាស្រាវជ្រាវរបស់អ្នក។

លើសពីនេះទៀតភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈខ្ពស់ជាទូទៅនឹងឆ្លើយតបតាមសំណើរបស់អ្នក និងផ្តល់នូវសំណើទីផ្សារមួយ ជាលាយលក្ខណ៍អក្សរ បន្ទាប់ពីការសម្ភាសន៍៕

តើកម្ពុជាទទួលបានប្រយោជន៍អ្វីខ្លះពីដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស?

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្នុងដំណើរទស្សនកិច្ចរបស់លោក Dominic Raab រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស កម្ពុជាត្រូវបានមើលថា បានទទួលបានផលប្រយោជន៍ជាច្រើន រាប់ចាប់ពីការទទួលបានការបន្ត ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធGSP រហូតដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរ។

យោងតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់ប្រទេសកម្ពុជា។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងតាមរយៈ លោក Dominic Raab រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលប្រមុខការទូតអង់គ្លេស បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ។

ក្រសួងការបរទេសបានអះអាងថា នៅក្នុងជំនួបទ្វេភាគី “លោកប្រាក់ សុខុន បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុ​គ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការបោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)”។

ចក្រភពអង់គ្លេស ដែលបានចាកចេញពីសហភាពអឺរ៉ុប កាលពីចុងខែធ្នូ ឆ្នាំមុន បានសម្រេចបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ទូទៅដល់ប្រទេសកម្ពុជា ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីមើលឃើញស្ថានភាពធ្ងន់ធ្ងរ នៃវិបត្តិជំងឺកូវីដ១៩ បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៃទំនិញប្រមាណ២០% ដែលនាំចូលពីប្រទេសកម្ពុជា។

ក្នុងជំនួបទ្វេភាគីនេះដែរ រដ្ឋមន្រ្តីការបរទេសទាំងពីរបានឯកភាពគ្នា លើសារសំខា​ន់នៃកិច្ចសន្ទនាអំពីបញ្ហាពាណិជ្ជកម្ម។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានចែករំលែកនូវគោលបំណងរួម ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសំអាតមីន សុខាភិបាល និងបរិស្ថាន។

រដ្ឋមន្រ្ដីការបរទេសទាំងពីរ ក៏បានឯកភាពលើភាពចាំបាច់ ក្នុងការផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់វិនិយោគិន ចក្រភពអង់គ្លេសច្រើនថែមទៀត ឱ្យធ្វើការជ្រើសរើសយកប្រទេសកម្ពុជា ជាគោលដៅវិនិយោគ ដោយគិតពិចារណាទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ និងការលើកទឹកចិត្តផ្សេងៗ ក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ។

ក្រសួងការបរទេសបានបញ្ជាក់ថា “ក្នុងន័យនេះ ភាគីទាំងពីរបានគិតគូរពិចារណាបង្កើតឱ្យមានអនុស្សារណៈ នៃការយោគយល់គ្នាស្តី ពីការសម្របសម្រួលពាណិជ្ជកម្ម (MoU on Trade Facilitation)”។

លោក Dominic Raabបានមកដល់កម្ពុជា កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌអាស៊ាន។

លោកគឺជារដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេសដំបូងគេបង្អស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ បានថ្លែងប្រាប់នៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២១នេះថា ទំនាក់ទំនងនៅក្នុងពាណិជ្ជកម្មកម្ពុជា-អង់គ្លេស មានសភាពល្អប្រសើរនៅគ្រប់ប្រតិបត្តិការ គឺចាប់តាំងតែពីមុនចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបមកម្ល៉េះ ក្នុងនោះបន្ទាប់ការចាកចេញរបស់អង់គ្លេស រដ្ឋាភិបាល តាមរយៈស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថាអង់គ្លេសនៅតែបន្តភាពអនុគ្រោះសម្រាប់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន។

លោកបានបន្តថា “ចំពោះការនាំចេញនាំចូលរវាងកម្ពុជា-អង់គ្លេសវិញ គឺប្រព្រឹត្តទៅជាធម្មតា ដូចកាលចក្រប្រភពអង់គ្លេសនៅក្រោមសហគមន៍អឺរ៉ុប ដែលបញ្ហានេះគឺជាចំនុចល្អប្រសើរមួយ ដោយយើងសង្កេតឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺប្រព្រិត្តិទៅដោយរលូន និងមានការយោគយល់គ្នា ជាពិសេសប្រទេសអង់គ្លេស និងកម្ពុជាបានកំពុងខិតជិតគ្នា បន្ទាប់ពីចក្រភពអង់គ្លេសចេញពីសហគមន៍អឺរ៉ុប”។

លោកបានឱ្យដឹងទៀតថា ជាក់ស្តែងដំណើរទស្សនកិច្ចរបស់ Dominic Raab រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស គឺសម្តែងនូវការងាកមកខិតជិតផ្ទាល់ ដោយយើងរំពឹងថា ទំនាក់ទំនងជិតស្និតរបៀបនេះ គឺជាការជម្រុញបំពេញបំណង់របស់កម្ពុជា ដើម្បីទៅចរាចរចុះកិច្ចព្រមព្រៀងពាណិជកម្មសេរីរវាងប្រទេសទាំងពីរ។

ចំពោះការនាំចេញសម្លៀកបំពាក់វិញ លោកកាំង ម៉ូនីការអគ្គលេខាធិការរង សមាគ​មរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា ពាក់ព័ន្ធការនាំចេញវិស័យកាត់ដេរ និងសម្លៀកបំពាក់ នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ ២០២១ នេះ មានការស្រុតចុះបន្តិចបន្តួច ខណៈនៅក្នុងខែ មេសា បានងើបឡើងវិញខ្លះៗ បើធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០២០។

ទីផ្សារនាំចេញទៅប្រទេសអង់គ្លេសវិញ លោកសង្ឃឹមថា ទៅថ្ងៃខាងមុខ ទីផ្សារនេះ នៅតែល្អសម្រាប់កម្ពុជា ដោយសារប្រទេសយើងទទួលបាន GSP បន្តការរួចពន្ធសម្រាប់ការនាំចេញប្រទេសនោះ៕

តើក្រុមហ៊ុនសំណង់ធំបំផុតក្នុងពិភពលោកស្ថិតនៅប្រទេសណា មានលុយច្រើនកម្រិតណាទៅ?

ដោយៈ សុខុម

អន្តរជាតិៈ មិត្តអ្នកអានប្រហែលជាបានស្គាល់រួចមកហើយ នូវក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ នោះគឺក្រុមហ៊ុនកាណាដា Brookfield Asset Management ដែលមានទ្រព្យសកម្មដល់ទៅ៦០២ពាន់លានដុល្លារអាមេរិក។

ចុះចំណែកក្រុមហ៊ុនសំណង់វិញ? តើអ្នកដឹងទេថា ក្រុមហ៊ុនសាងសង់ដែលធំជាងគេបំផុតក្នុងពិភពលោកមានឈ្មោះអ្វី ស្ថិតនៅប្រទេសណា មានលុយច្រើនកម្រិតណា ហើយមានប្រវត្តិដូចម្ដេចខ្លះ?។

យោងតាមសារព័ត៌មាន Constructionblog ចុះផ្សាយកាលពីថ្ងៃទី៨ មេសា ឆ្នាំ២០២១ ឱ្យដឹងថា ក្រុមហ៊ុន Actividades de Construcción y Servicios S.A. ហៅកាត់ថា ACS បានជាប់ឈ្មោះជាក្រុមហ៊ុនសាងសង់ ដែលធំជាងគេបំផុតក្នុងពិភពលោកជាមួ​យនឹងទ្រព្យសកម្ម សរុប៤៦,៦៧ពាន់លានដុល្លារអាមេរិក និងបុគ្គលិកចំនួន១៩០.៥០០នាក់។

*ប្រវត្តិក្រុមហ៊ុន
យោងតាម Wikipedia ឱ្យដឹងថា ក្រុមហ៊ុនសំណង់ ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញនេះត្រូវបានបង្កើតឡើង នៅពេលវិស្វករមួយក្រុមបានរួមគ្នា ទិញយកក្រុមហ៊ុនសំណង់មួយមានឈ្មោះថា Construcciones Padrós S.A. ដែលមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ១៩៨៣។

ក្រុមហ៊ុននេះ បានទិញយកក្រុមហ៊ុន ផ្ដល់សេវាកម្មគាំទ្រមួយមានឈ្មោះថា Cobra ហើយបានច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន OCISA S.A. ដើម្បីបង្កើតក្រុមហ៊ុនថ្មីដោយដាក់ឈ្មោះថាOCP Construcciones, S.A. ក្នុងឆ្នាំ១៩៩៣។ ក្រុមហ៊ុននេះ បានបន្តច្រ​បាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន Ginés Navarro Construcciones, S.A. ដើម្បីបង្កើតក្រុមហ៊ុនថ្មី ដោយដាក់ឈ្មោះថា Grupo ACS ជាភាសាអេស្ប៉ាញ ឬ ACS Group ជាភាសាអង់គ្លេស ក្នុងឆ្នាំ១៩៩៧។

ក្រោយមកទៀត ក្រុមហ៊ុននេះបានទិញយកក្រុមហ៊ុន Onyx SCL ដែលជាក្រុមហ៊ុនម៉ៅការគម្រោងកែលម្អបរិស្ថាន ក្នុងគម្រោងសាងសង់នានាក្នុងឆ្នាំ១៩៩៩ និងបានទិញយកភាគហ៊ុន ក្នុងក្រុមហ៊ុនទូរគមនាគមន៍ចំនួនពីរទៀត គឺក្រុមហ៊ុន Xfera និងក្រុមហ៊ុន Broadnet ក្នុងឆ្នាំ២០០០ មុនពេលបន្តទិញយកក្រុមហ៊ុន Dragados S.A. ជាក្រុមហ៊ុនម៉ៅកាដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងអំឡុងសង្គ្រាមលោកលើកទី២ ដើម្បីទទួលគម្រោ​ងស្ដារភក់ និងដីខ្សាច់នៅកំពង់ផែ Port of Tarifa ហើយក្រោយមកទៀតទទួលបានការងារយ៉ាងច្រើន ខាងវិស្វកម្មវារីអគ្គិសនី និងវិស្វកម្មស៊ីវិលក្នុងឆ្នាំ២០០៣។

ក្នុងឆ្នាំ២០០៦ ក្រុមហ៊ុននេះបានទិញយកភាគហ៊ុន២២% ក្នុងក្រុមហ៊ុនអគ្គិសនីអេស្ប៉ាញ ឈានមុខគេឈ្មោះ Unión Fenosa (ក្រោយមកបានទិញថែមដល់៤៥%) មុនពេលលក់វា ឱ្យទៅក្រុមហ៊ុនអេស្ប៉ាញ Gas Natural ក្នុងឆ្នាំ២០០៨ ហើយក្នុងឆ្នាំ២០១១ ក្រុមហ៊ុន ACS Group បានបង្កើនភាគហ៊ុនរបស់ខ្លួន ក្នុងក្រុមហ៊ុនសំណង់អាល្លឺម៉ង់ Hochtief ដល់៥០,១៦%រហូតក្លាយជាក្រុមហ៊ុនសំណង់ធំបំផុត ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

*គម្រោងធំៗដែលក្រុមហ៊ុននេះសម្រេចបាន
គម្រោងធំៗដែលក្រុមហ៊ុននេះសម្រេចបាន រួមមាន គម្រោងទំនប់វារីអគ្គិសនី Alqueva Dam ក្នុងប្រទេសព័រទុយហ្គាល់ ដែលបញ្ចប់ក្នុងឆ្នាំ២០០២ គម្រោងមជ្ឈមហោស្រពអូប៉េរ៉ា Palau de les Arts Reina Sofia ក្នុងប្រទេសអេស្ប៉ាញ ដែលបញ្ចប់ក្នុងឆ្នាំ២០០៥។ គម្រោងអគារកម្ពស់៣៨ជាន់ Torre Agbar ក្នុងប្រទេសអេស្ប៉ាញ ដែលបញ្ចប់ក្នុងឆ្នាំ២០០៨។ គម្រោងអគារកប់ពពកកម្ពស់២៤៩ម៉ែត្រ Torre de Cristal ដែលខ្ពស់បំផុតនៅអេស្ប៉ាញ ដែលបញ្ចប់ក្នុងឆ្នាំ២០០៨ និងគម្រោងអគារ៤៥ជាន់ Torre Caja Madrid កម្ពស់២៤៨,៣ម៉ែត្រ ដែលជាអគារខ្ពស់បំផុតទី២ នៅអេស្ប៉ាញ ដែលបញ្ចប់ក្នុងឆ្នាំ២០០៨។

គម្រោងផ្លូវរថភ្លើងល្បឿនលឿនអន្តរជាតិ LGV Perpignan–Figueres ប្រវែង១៧៥,៥គីឡូម៉ែត្រ តភ្ជាប់ប្រទេសបារាំង និងអេស្ប៉ាញ ដែលបញ្ចប់ក្នុងឆ្នាំ២០០៩។ គម្រោងទំនប់វារីអគ្គិសនី Portugués Dam នៅប្រទេសដែនកោះពើតូ រីកូ (Puerto Rico) ដែលបញ្ចប់ក្នុងឆ្នាំ២០១៤ និងគម្រោងថាមពន្លឺព្រះអាទិត្យខ្នាយយក្ស Crescent Dunes Solar Energy Project ដែលមានកម្លាំង១១០មេហ្គាវ៉ាត់ និងសមត្ថភាពផ្ទុកថាមពល១,១ជីហ្គាវ៉ាត់ម៉ោងនៅសហរដ្ឋអាមេរិក ដែលបញ្ចប់ក្នុងឆ្នាំ២០១៦៕

វិភាគៈតើវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុនឹងងើបឡើងវិញក្នុងទម្រង់បែបណា ខណៈផែនការថ្មីរបស់រដ្ឋាភិបាលត្រូវបានដាក់ចេញ

ដោយៈយិន លាងគង់ៈស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Prropertyarea.asia

ភ្នំពេញៈ ការងើបឡើងវិញនៃវុស័យអចលនទ្រព្យ ត្រូវការពេលវេលាដើម្បីចាប់ផ្តើមឡើងវិញ ជាមួយផែនការដាក់ចេញដោយប្រមុខរដ្ឋាភិបាល ក្នុងការរៀបចំទីក្រុងនេះតាមលំនាំទីក្រុងស៊ិនជិន។

ប៉ុន្តែការរង់ចាំមើលការងើបឡើងវិញ ក្នុងសភាពដូចមុនវិបត្តិកូវីដ១៩ និងមុនពេលបិទ ហ្គេមកាស៊ីណូ ទំនងជាត្រូវការរយៈពេលវែងបន្ថែមទៀត ខណៈតម្លៃដីធ្លី ផ្ទះជួល និងអចលនទ្រព្យដទៃទៀតបានកើនឡើងស្ទើរ១០០០ភាគរយរួចទៅហើយ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានទាក់ទាញទុនវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ក្នុងទំហំទុនប្រមាណ៨០០០លានដុល្លារ ដែលទុនវិនិយោគដ៏សម្បើមនេះបានធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ហើយទីក្រុងនេះបានប្រែក្លាយ ពីភាពស្ងប់ស្ងាត់ មកជាទីក្រុង ដែលមានការកកស្ទះចរាចរណ៍មិនធ្លាប់មាន។

ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ដែលចំណាយទុនវិនិយោគពីរដ្ឋាភិបាលប្រមាណ៣០០លានដុល្លារ បានផ្តល់សញ្ញាវិជ្ជមាន សម្រាប់វិស័យអចលនទ្រព្យ ប៉ុន្តែតារាកំពុងរះនេះ ត្រូវបានរងភាពស្រអ័ព្ទ ដោយសារការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ១៩ ដោយការការបិទហ្គេមអនឡាញ និងហេតុការណ៍ជាច្រើនទៀត។

អន្តរជាតិសម្លឹងក្នុងទិដ្ឋភាពខុសពីមុន
ការអនុញ្ញាត្តឲ្យកប៉ាល់ Westerdam ចូលចតរបស់សម្តេចតេជោហ៊ុន សែនបានធ្វើឲ្យពិភពលោកស្គាល់ទីក្រុងនេះ ដែលពួកគេមិនដែលនឹកនាដល់កាលពីពេលកន្លងមក។

វត្តមានផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុ ក៏បានសាយភាយល្នីរន្ទឺដល់ប្រទេសជិតខាងផងដែរ ប៉ុន្តែការកើនឡើងនូវវត្តមានអាគារកប់ពពកទៅវិញទេ ដែលធ្វើឲ្យខេត្តនេះ ទាក់ទាញភ្ញៀវទេសចរណ៍ ទាក់ទាញទុនវិនិយោគបានច្រើនជាងមុន និងកាន់តែមានភាព​លេចធ្លោជាងមុនលើឆាកអន្តរជាតិ ខណៈវិនិយោគិនអន្តរជាតិបាន និងកំពុងត្រៀមវេចលុយ មកកាន់ទីក្រុងនេះជាថ្មី ដើម្បីកំសាន្តជាមួយល្បែងអនឡាញ និងទាក់ទាញផលចំ ណេញពីការវិនិយោគរបស់ពួកគេ។

លោកសន សៀប ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថា បច្ចុប្បន្ន វិស័យអចលទ្រព្យនៅក្នុងក្រុងព្រះសីហនុ នៅមិនទាន់ល្អប្រសើរនៅឡើយទេ ប៉ុន្តែបើពិនិត្យមើលពីសន្ទុះ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងតែស្ថាបនា និងគ្រោងស្ថាបនា ទីផ្សារនឹងអាចវិលទៅរកស្ថានភាពល្អប្រសើរឡើងវិញយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។

រយៈពេលចុងក្រោយនេះ ក្រុងព្រះសីហនុមានភាពល្អប្រសើរ ខាងហេដ្ឋា​រចនាស ម្ព័ន្ធសំខាន់ៗជាច្រើនដូចជា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលកំពុងស្ថាបនា គម្រោងផ្លូវ៣៤ខ្សែដែលស្ថាបនាជិតរួចរាល់ និងគម្រោងកំពង់ផែទឹកជ្រៅស្ដង់ដារអន្តរជាតិដែលកំពុងសិក្សាដើម្បីស្ថាបនា។

ហេដ្ឋារចនាសម្ព័ន្ឋស្នូល
ការកែលំអរផ្លូវជាតិលេខ៤នាពេលខាងមុខ ស្របពេលផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលអាចបើកបរក្នុងល្បឿន១០០ ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ជាល្បឿនមួយ ដែលនឹងដើរស្របគ្នាជាមួយការរីកចម្រើន ក្រុងព្រះសីហនុនាពេលអនាគត។

ប៉ុន្តែយ៉ាងណាក៏ដោយ ផ្លូវប្រវត្តិសាស្រ្ត នៃគម្រោងខ្សែក្រវ៉ាត់១ ផ្លួវ១របស់ប្រទេសចិននេះ មិនគ្រប់គ្រាន់ទេ សំរាប់ការស្តារ និងធ្វើឲ្យទីក្រុងនេះរសរវើកឡើងវិញ។ វាទាម​ទារកត្តាជាច្រើនទៀត ដូចជា គោលនយោបាយបើកចំហររបស់រដ្ឋាភិបាល ការបើកហ្គេមអនឡាញឡើងវិញ និងការបញ្ចប់នូវកលយុគនៃការាតត្បាតជំងឺកូវីដ ដើម្បីធានាថា ការមកដល់នៃភ្ញៀវទេសចរណ៍អន្តរជាតិ អ្នកវិនិយោគជាតិ អន្តរជាតិលែងបារម្ភពីការឆ្លងជំងឺកូវីដ១៩។

រូបសំណាកតោធំៗចំនួន២ ដែលតំណាងឲ្យក្រុងព្រះសីហនុ បាននិងកំពុងឈរក្រហើៗនៅឡើយ។ វត្តមាននៃសមរភូមិ និងទំនាក់ទំនងកាលពីអតីតកាល ដែលដឹកនាំដោ​យសម្តេចព្រះបរមរតនៈកោដិ និងការកសាងមូលដ្ឋានមាស ដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលកំពុងកសាង​ “សហគមន៍ពីរ វាសនាតែមួយ” នឹងធ្វើឲ្យទីក្រុងនេះងើបពីសុបិនអាក្រក់របស់ខ្លួននៅ ពេលខាងមុខឆាប់ៗនេះ ឬយូរជាងនេះ អាស្រ័យលើការបិទបញ្ចប់នៃយុគសម័័យកូវីដ១៩។

ការរៀបចំកសាងទីក្រុងស៊ិនជិនថ្មី
បន្ថែមលើគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលជាគោលនយោបាយមួយរុញទីក្រុងបី ឲ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័សពីបដិវត្តន៍ឧស្សាហកម្ម4.0 ខេត្តព្រះសីហនុ ទទួលបានផលច្រើនជាងទីក្រុងពីរទៀត គឺទីក្រុងបាវិត និងទីក្រុងប៉ោយប៉ែត ដែលបច្ចុប្បន្នស្ថិតក្នុងសភាពសន្លប់ធំនៅឡើយ។
ការងើបឡើងពីដំណេក របស់កោះតេជោមរកត (កោះពស់) បាននិងកំពុងប្រៀបនឹងប្រផ្នូលមួយ ដែលជំរុញឲ្យការងោកងុយរបស់ទីក្រុងនេះ ត្រូវបានដាស់ឡើងវិញ ខណៈវត្តមានអាគារកប់ពពកជាច្រើនបាន និងកំពុងចាប់ផ្តើមសាងសង់ឡើងវិញបណ្តើរ​ៗផងដែរ។

ទំនាក់ទំនង ទំនាក់ទំនង ផលប្រយោជន៍ផ្នែកជំនួញផង ផលប្រយោជន៍ផ្នែកភូមិសាស្រ្តនយោបាយផង ការរៀបចំខ្លួនរួចរាល់សម្រាប់ ទទួលភ្ញៀវទេសចរណ៍អន្តរជាតិ និងវិនិយោគិនចិននាពេលខាងមុខ បាននិងកំពុងធ្វើបណ្តើរៗហើយ ស្របពេលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណកម្មការអន្តរក្រសួង ដើម្បីរៀបចំអភិវឌ្ឍន៍ទីក្រុងនេះ តាមបែបទីក្រុងស៊ិនជិនថ្មីមួយ នៃទស្សនទានអភិវឌ្ឍន៍បែបពហុបំណង។

ជាមួយទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុរ ស្ពានកោះវែងអន្លាយ ប្រៀបដូចឥន្ឋនូចុះកណ្តាលសាគរ វត្តមានអាគារកប់ពពក ជាលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរសរវើក ព្រលានយន្តហោះលំដាប់អន្តរជាតិបានពង្រីករួច ការសាងសង់បញ្ចប់់នូវផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុលឿនជាងផែនការ ហេដ្ឋារចនាសម្ព័ន្ឋដ៏ស្រស់ស្អាតទាំង៣៤ខ្សែ ទីក្រុងដែលកំពុងស្ងប់ស្ងាត់នេះ នឹងមានសភាពអូរអរឡើងវិញ នៅឆ្នាំ២០២២ខាងមុខ ជាមួយនឹងស្នាមញញឹម ក្តីសង្ឃឹមថ្មីសំរាប់អ្នកខកចិត្តមួយចំនួន។

យ៉ាងណាក៏ដោយ សុបិនដ៏ផ្អែមល្ហែមនារាត្រីកន្លងមក ទំនងជាត្រូវរង់ចាំយូរបន្តិច ប៉ុន្តែយ៉ាងណា​ក៏ដោយ ក៏ប្រជាជនមូលដ្ឋាន អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ អាចគេងលក់ស្រួលជាងមុន៕

ករណីសិក្សាៈកំហុស៥យ៉ាងដែលធ្វើឲ្យភ្នាក់ងារអចលនទ្រព្យប្រឈមមុខបរាជ័យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការប្រឡូកក្នុងភាពភ្នាក់ងារអចលនទ្រព្យ មិនប្រាកដចាទទួលបានជោគ​ជ័យនោះទេ ផលវិបាកជាច្រើនដែលពួកគេត្រូវប្រឈមមុខ ដោយសារវិស័យនេះធ្វើការជាមួយអ្នកមានលុយច្រើន។

ហេតុនេះភ្នាក់ងារក្នុងវិស័យនេះ ត្រូវតែមនុស្សម៉ត់ចត់ ច្បាស់លាស់ ធ្វើការជាមួយទំនុកចិត្ត និងចំណេះដឹងទូលំទូលាយ ដែលអាចបត់បែនបាន។

ភាពបរាជ័យ ដែលភ្នាក់ងារជួបប្រទះមានច្រើនទិដ្ឋភាព ដូចជា មិនយល់ច្បាស់ពីវិស័យអចលនទ្រព្យ មិនដឹងពីគោលនយោបាយរបស់រដ្ឋាភិបាល មិនចេះលក់ខ្លួនឯង ភាពស្មុគ្រស្មាញនៃនិតិវិធីច្បាប់ និងភាពលោភលន់ហួសប្រមាណ។

មិនយល់ពីអចលនទ្រព្យ
ភ្នាក់ងារអចលនទ្រព្យជាច្រើន ដែលប្រឡូកថ្មីៗក្នុងវិស័យនេះ មិនសូវយល់ច្បាស់ពីផ្នែកនេះ ដូចជា រាងដី តម្លៃអចលនទ្រព្យមានតម្លៃថ្លៃ ឬទាបជាងទីផ្សារ មិនចេះដឹងពីសក្តានុពល និងផលចំណេញ ដែលអាចនាំឲ្យវិនិយោគិនទទួលបានផលចំណេញ សុទ្ឋតែជាចំណែកនៃភាពបរាជ័យរបស់ខ្លួន។

ការណែនាំអចលនទ្រព្យម្តង ទៅពីរដង ទៅកាន់អ្នកវិនិយោគ ដែលគ្មានមូលដ្ឋានព៌តមានច្បាស់លាស់ពីអចលនទ្រព្យនោះ បុគ្គលឬភ្នាក់ងារនោះនឹងបាត់បង់ទំនុកចិត្ត ការបាត់បង់ទំនុកចិត្តពីអ្នកទិញ ឬអ្នកវិនិយោគស្មើនឹងបាត់លុយ ឬបាត់បង់ឱកាស។

មិនដឹងពីគោលនយោបាយរបស់់រដ្ឋាភិបាល
នៅកម្ពុជា រាជរដ្ឋាភិបាលតែងតែ ដាក់ចេញគោលនយោបាយរៀងរាល់បីឆ្នាំ ៥ឆ្នាំ និង១០ឆ្នាំម្តង ដែលគោលនយោបាយនេះ មានជាប់ទាក់ទងកាន់តែសកម្មជាមួយការលើកកំពសស់សេដ្ឋកិច្ច និងទិដ្ឋភាពនៃការអភិវឌ្ឍប្រទេស ហើយវាជាប់ទាក់ទងកាន់តែសកម្មពីវិស័យអចលនទ្រព្យផងដែរ។

ហេតុនេះការធ្វើជាភ្នាក់ងារអចលនទ្រព្យ តែមិនចូលចិត្តអានព៌តមាន មិនចូលចិត្តស្តាប់ព៌តមាន និងតាមដានផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល ភ្នាក់ងារអចលនទ្រព្យបែបនោះ កម្រទទួលបានជោគជ័យលើអាជីពរបស់ខ្លួនណាស់។

មិនចេះលក់ខ្លួនឯង
អ្នកលក់ជោគជ័យ គឺជាបុគ្គលពូកែទំនាក់ទំនង ជាមនុស្សចេះបត់បែនតាមកាលៈទេសៈ​ពិសេសធ្វើឲ្យគេទុកចិត្ត ធ្វើឲ្យគេចូលចិត្ត និងធ្វើឲ្យគេជឿជាក់។

ការបាត់បង់ភាពជឿជាក់លើខ្លួនឯង លើអាជីពរបស់ខ្លួន ស្មើនឹងការធ្វើឲ្យអាជីពរបស់ខ្លូនបរាជ័យ។
ការមិនចេះប្រើពាក្យសម្តីបានសមរម្យ តាមលក្ខណៈបច្ចេកទេស លេងសើចច្រើន ពេក ក៏ធ្វើឲ្យខ្លួនឯងបរាជ័យផងដែរ។

ភាពស្មុគ្រស្មាញនៃនិតិវិធីច្បាប់
គ្មានអ្នកណា ឬភ្នាក់ងារអចលនទ្រព្យណាចេះច្បាប់អស់នោះទេ ប៉ុន្តែយ៉ាងហោចណាស់ យើងក៏ត្រូវតែដឹងពីមូលដ្ឋានត្រួសៗរបស់វា ដូចជា លិខិតកិច្ចសន្យាទទួលលក់គំរោងណាមួយ លិខិតកិច្ចសន្យាកម្រៃជើងសារជាមួយម្ចាស់អចលនទ្រព្យ និងលិខិតកម្រៃ ដែលទទួលបានពីអ្នកវិនិយោគ ដែលបានពឹងពាក់យើងឲ្យជួយរកទិញ ឬលក់អចលនទ្រព្យសំរាប់ពួកគេផងដែរ។

កិច្ចសន្យាផ្ទាល់មាត់ បានធ្វើឲ្យភ្នាក់ងារអចលនទ្រព្យជាច្រើនបរាជ័យ ខាតបង់ពេក​វេលា លុយកាក់ និងខកចិត្ត ហើយអាចបោះបង់អាជីពរបស់ខ្លួន ដែលធ្លាប់់ប្រាថ្នាយ៉ាងគួរឲ្យសោកស្តាយផងដែរ។

ភាពលោភលន់ហួសប្រមាណ
ការទទួលបានជោគជ័យ មិនអាស្រ័យលើភាពងាយស្រួលនោះទេ ប៉ុន្តែភាពលោភលន់កាន់តែបង្កឧបសគ្គដល់ផ្លូវ ដែលនាំអ្នកទៅរកភាពបរាជ័យផងដែរ។

ភ្នាក់ងារអចលនទ្រព្យជាច្រើន តែងតែមានចិត្តលោភលន់ ដោយស្នើសុំឲ្យម្ចាស់ដី ឬអចលនទ្រព្យដទៃទៀត ដាក់តម្លៃគង ឬបន្ថែមតម្លៃលើអចលនទ្រព្យរបស់ពួកគេ នៅពេលដែលពួកគេស្វែងរកម៉ូយទិញអចលនទ្រព្យនោះ ពីលើអ្វីដែលពួកគេគួរទទួលបាន (កម្រៃជើងសារ)។

ការធ្វើបែបនេះ ប្រឈមមុខនឹងរឿងពីរយ៉ាង ទី១ បាត់បង់ទំនុកចិត្តពីអ្នកទិញ ទី២ បាត់បង់អាជីពរបស់ខ្លួនឯង ដោយសារបញ្ហាបែបនេះភាគច្រើនតែងតែលេចធ្លាយ នៅពេលអ្នកទិញ ជួប អ្នកលក់ដោយផ្ទាល់។
ចែករំលែកពីលោកយិន លាងគង់ទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងជាទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា៕

ខេត្តស្វាយរៀងទាក់ទាញទុនវិនិយោគជិត៦០លានដុល្លារពីក្រុមហ៊ុនថ្មីៗចំនួន៧ក្នុងរយៈពេល

ដោយៈ ម៉ាណេត

ភ្នំពេញៈ ខេត្តស្វាយរៀងនៅតែមានសក្តានុពល ដោយទាក់ទាញទុនវិនិយោគជាង​១០០លានដុល្លារអាមេរិក ពីក្រុមហ៊ុនថ្មីៗចំនួន៧ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុនទាំងនោះ បានបោះទុនវិនិយោគ៥៦,៣លានដុល្លាររោងចក្រឧស្សាហកម្មនៅខេត្តស្វាយរៀង ក្នុងរយៈពេលជាង៣ខែចុងក្រោយ គិតចាប់តាំងពីដើមមីនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ក្នុងរយៈពេលជាង៣ខែកន្លងមកនេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១ក្រុមហ៊ុន “HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

ទី២ ក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព 20MW ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១៧,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។

ទី៣ ក្រុមហ៊ុន Y.T PLASTIC CO., LTD” គម្រោងរោងចក្រផលិតសម្ភារៈអគ្គិសនី អំពូលភ្លើង និងគ្រឿងបង្គុំអំពូលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣០កន្លែង។

ទី៤ ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD.គម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង។

ទី៥ ក្រុមហ៊ុន“HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងា​របានចំនួន៣៩៩កន្លែង។

ទី៦ ក្រុមហ៊ុន“XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៤៣៣កន្លែង។

ទី៧ ក្រុមហ៊ុន“LEISGER (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រ​យានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, មានដើមទុនវិនិយោគប្រមាណ១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥១នាក់៕