CDC អនុម័តគម្រោង៤ មានទឹកប្រាក់ជិត៣០លាននៅស្វាយរៀងនិងខេត្តព្រះសីហនុ

ភ្នំពេញ ៖គម្រោងវិនិយោគចំនួន ៤នៅខេត្តស្វាយរៀងនិងខេត្តព្រះសីហនុ ត្រូវបាានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុញបញ្ជីវិនិយោគជាផ្លូវការ ដែលមានទឹកប្រាក់សរុបជាង២៧លាដុល្លារអាមេរិក ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអោយដឹងថា គម្រោងទាំង៤ដែលអនុម័តវិនិយោគជាផ្លូវការរួមមាន ៖
១-គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៩កន្លែង។

២-គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។

៣- គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២នាក់។

៤-គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, មានដើមទុនវិនិយោគប្រមាណ ១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥១នាក់។

រដ្ឋាភិបាលនឹងចាប់ផ្តើមស្តារនិងស្ថាបនាផ្លូវជាតិលេខ៤១និងផ្លូវសំខាន់ៗចំនួន២ ខ្សែទៀតនៅឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលនឹងចាប់ផ្តើមស្តារ និងស្ថាបនាផ្លូវជាតិសំខាន់ៗចំនួន៣ ក្នុងនោះមានផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ពីបែកគុស កាត់តាមកំពង់ត្រាច ទៅដល់ខេត្តកែប នឹងបើកការដ្ឋានស្តារ ពង្រីក និងលើកកម្រិតគុណភាពពីកៅស៊ូ DBST ទៅជាកៅស៊ូ AC នៅឆ្នាំ២០២២ខាងមុខនេះ ខណៈផ្លូវជាតិលេខ៤១ ក៏នឹងបើកការដ្ឋានស្តារដូចគ្នា។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងដូចនេះ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលលោក និងលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូចំរុះចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងនៅតែបន្តកសាង និងពង្រីកផ្លូវឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ចូលរួមកាត់បន្ថយនូវការចំណាយច្រើនក្នុងការដឹកជញ្ជូនទំនិញ និងបង្កើនឱកាសក្នុងការដឹកជញ្ជូនទំនិញឱ្យកាន់តែបានឆាប់រហ័ស។

លោកបានបន្ថែមថា “រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ ដើម្បីរកថវិកាមកក៏សាងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ”។លោកបន្តថា “ដូចនេះហើយសូមកុំបំផ្លាញផ្លូវដោយតែការដឹកលើសទម្ងន់កំណត់ ដោយសារតែចង់បានប្រាក់ចំណេញ ហួសប្រមាណ”។

លោកបន្តថា បើយើងចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺដូចជាការជួយដល់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យ ប្រទេសជាតិកាន់តែរីកចម្រើនឡើងផងដែរ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបន្ថែមថា ក្រុមការងាររបស់ក្រសួង តែងតែធ្វើសកម្មភាពចុះឆ្មក់ចាប់រថយន្តដឹកទំនិញនៅតាមផ្លូវធំ ដើម្បីធ្វើការផាកពិន័យ និងឃាត់ទុក ដោយគិតមកដល់ពេលនេះ បានចាប់រថយន្តទុកមួយឆ្នាំ មិនឱ្យបើកបរបានជាង១០០គ្រឿងហើយ ដោយមិនគិតថា ជាឡានរបស់អ្នកណា អ្នកមានខ្នងធំ យ៉ាងណានោះ គឺមិនអាចអន្តរាគមន៍ដោះលែងបាននោះទេ ព្រោះថាឡានអ្នកក្រ ឡានអ្នកមាន គឺសុទ្ធតែធ្វើឱ្យខូចផ្លូវដូចគ្នា ដូចនេះហើយគឺត្រូវតែគោរពច្បាប់ទាំងអស់គ្នា៕

 

សកម្មភាពទិញលក់និងតម្លៃដីធ្លីនៅទីក្រុងបូកគោកាន់តែមានសន្ទុះបន្ទាប់ពីតំបន់នេះក្លាយជាទីក្រុងថ្មីមួយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ចាប់តាំងពីរដ្ឋាភិបាលបានប្រកាសបង្កើតក្រុងថ្មីមួយទៀត “ក្រុងបូកគោ” នៅខេត្តកំពត វិនិយោគិននិងពលរដ្ឋជាច្រើនជាពិសេសពីភ្នំពេញ បានចាប់អារម្មណ៍លើការវិនិយោគនៅក្នុងទឹកដីនៃក្រុងថ្មីនេះ និងបានស្វែងរកទិញដីធ្លីនៅតំបន់នោះកាន់តែច្រើន ដែលធ្វើឱ្យតម្លៃដីធ្លីក្នុងក្រុងបូកគោមានសន្ទុះ។

លោកសុខ គែនភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតបានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះថា ជាការពិត ដីធ្លីនៅក្នុងខេត្តកំពតពិតមានសកម្មភាពល្អប្រសើរមែន ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ជាពិសេសដីធ្លីនៅក្នុងទីក្រុងថ្មីនៃខេត្តកំពតនេះ គឺហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពលរដ្ឋនៅរាជធានីភ្នំពេញ។

លោកបានបន្តថា បើនិយាយមែនទែន តាំងពីមុនមកខេត្តកំពតគឺ ទទួលបានការចាប់អារម្មណ៍រួចទៅហើយទៅលើប្រភេទដី សម្រាប់អភិវឌ្ឍន៍ជាលំនៅឋានលំហែកាយ ប៉ុន្តែថ្មីៗនេះប្រភេទដីសម្រាប់សង់ជាលំនៅឋានលំហែកាយកាន់តែមានសន្ទុះ និងតម្រូវការខ្លាំងឡើង។

លោកបានឱ្យដឹងទៀតថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងជំងឺកូវី១៩ក្ដី អ្នកស្វែងរកដីធ្លីសម្រាប់សង់លំនៅឋានប្រភេទនេះ ក៏កាន់តែច្រើនឡើងដោយគេគិតថា គឹនឹងអាចទិញបានដីធ្លីល្អនិងមានតម្លៃសមរម្យ ប៉ុន្តែធាតុពិតទៅ អ្នកដែលត្រូវការលក់ដីបន្ទាន់មិនសូវជាមានច្រើនទេនៅពេលនេះដូច្នេះតម្លៃដីធ្លីមិនមានការថមថយឡើង។

លោកបន្ថែមថា បើនិយាយអំពីដីដែលមានសក្ដានុពលខ្លាំងនៅក្នុងខេត្តកំពត គឺបានហក់ឡើងបន្តទៀត នៅក្នុងបរិបទកូវីដ១៩នេះ ដូចជាដីនៅជាប់មាត់ព្រែក និងដីនៅជិតៗក្រុងជាដើម ហើយដីនៅឆ្ងាយពីក្រុងក្ដី ក៏មិនធ្លាក់ថ្លៃដែរ នៅតែរក្សាតម្លៃបានល្អដដែល។

លោកជិន ណារិន ភ្នាក់ងារទិញលក់ដីធ្លីនៅក្នុងកំពតនិងកែបក៏បាននិយាយផងដែរថា ចាប់តាំងពីការបង្កើតក្រុងមក ដីដែលធ្លាប់មានតម្លៃ១៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ បានហក់ឡើងដល់៣០ដុល្លារទៅ៤០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយកន្លែងខ្លះបានហក់ឡើងខ្ពស់ជាងនេះក៏មានដែរ ដូច្នេះ វាសបញ្ជាក់ថា ការបង្កើតទីក្រុងបូកគោគឺបានជំរុញសកម្មភាព និងតម្លៃដីធ្លីក្នុងខេត្តនេះបានមួយកម្រិតទៀតផងដែរជាពិសេសទីតាំងនៅក្នុងក្រុងបូកគោផ្ទាល់តែម្ដង៕

សមាគមសណ្ឋាគារម៉ាឡេស៊ី: វិស័យសណ្ឋាគារអាចនឹងអូសបន្លាយដល់ឆ្នាំ២០២៣ទម្រាំងើបឡើងវិញ

ដោយៈ សុខុម

គូឡាឡាំពូ: សមាគមសណ្ឋាគារម៉ាឡេស៊ី (MAH) បានលើកឡើងថា អនាគតនៅតែស្ថិតក្នុងភាពស្រពេចស្រពិលសម្រាប់អ្នករកស៊ីក្នុងវិស័យសណ្ឋាគារ ដោយពេលនេះសណ្ឋាគារខ្លះស៊ូបើកដំណើរការទាំងគ្មានភ្ញៀវសោះ ខណៈសណ្ឋាគារខ្លះទៀតសុខចិត្តបិទទ្វារជាបណ្តោះអាសន្នដោយសារវិបត្តិកូវីដ-១៩។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា នេះឱ្យដឹងថា សណ្ឋាគារមួយចំនួនពឹងផ្អែកទាំងស្រុងលើភ្ញៀវដែលត្រូវធ្វើចត្តាឡីស័កដើម្បីបន្តដំណើរការ ហើយស្ថានភាពនេះប្រហែលជាអាចបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២៣ ទម្រាំតែឧស្សាហកម្មនេះងើបឡើងវិញប្រកបដោយនិរន្តរភាព។

លោក C S Lim អនុប្រធានសមាគមសណ្ឋាគារម៉ាឡេស៊ី បានប្រាប់សារព័ត៌មាននេះថា “រហូតមកទល់ពេលនេះ ស្ថានភាពធ្ងន់ធ្ងរជាងក្នុងឆ្នាំ២០២០ ដោយអត្រាភ្ញៀវចូលស្នាក់នៅជាមធ្យមមានត្រឹមតែ២០% ប៉ុណ្ណោះ ហើយភាគច្រើននៃអត្រានេះទៀតសោតគឺបានពីភ្ញៀវដែលសម្រាកធ្វើចត្តាឡីស័ក”។

លោកបានបន្ថែមទៀតថា “នៅខែនេះ យើងបានបន្លាយពេលរឹតបន្តឹងលើការធ្វើដំណើរ រួមទាំងបម្រាមមិនឱ្យធ្វើដំណើរឆ្លងស្រុកផងដែរ ហើយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមានកាន់តែខ្លាំងមកលើអាជីវកម្ម និងបុគ្គល។ មនុស្សភាគច្រើននឹងមិនគិតចង់ធ្វើដំណើរកម្សាន្តក្នុងពេលឆាប់ៗនេះឡើយ ទោះបីជាសណ្ឋាគារនានាគ្រោងរៀបចំព្រឹត្តិការណ៍ ឬសកម្មភាពសប្បាយៗក្នុងពេលដ៏ខ្លីខាងមុខនេះក្ដី”។

លោកបានថ្លែងបន្តថា “កត្តានេះនឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ដែលធ្វើឱ្យសាធារណជនទាំងជាតិ និងអន្តរជាតិបាត់បង់ទំនុកចិត្តយ៉ាងឆាប់រហ័សមកលើសមត្ថភាពរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងការគ្រប់គ្រងស្ថានការណ៍ឆ្លងរាលដាលវីរុសកូវីដ-១៩”។

ជាលទ្ធផល អត្រាភ្ញៀវស្នាក់នៅជាមធ្យម និងអត្រាភ្ញៀវស្នាក់នៅប្រចាំថ្ងៃក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថានឹងទាបជាងក្នុងឆ្នាំមុន។ លោក C S Lim លើកឡើងថា “ជាទូទៅ ទាំងអត្រាភ្ញៀវស្នាក់នៅជាមធ្យម និងអត្រាភ្ញៀវស្នាក់នៅប្រចាំថ្ងៃត្រូវបានរំពឹងថានឹងមានកម្រិតទាបជាងបើក្នុងឆ្នាំ២០២០” ដោយលោកធ្វើការកត់សម្គាល់ថា ឆ្នាំមុនទទួលបានលទ្ធផលល្អប្រសើរជាងនេះដោយសារកំណើនភ្ញៀវច្រើនក្នុងខែមករា មុនពេលរដ្ឋាភិបាលដាក់ចេញវិធានការរឹតបន្តឹងការធ្វើដំណើរនៅថ្ងៃទី១៨ ខែមីនា។

នៅពេលសួរថា តើសណ្ឋាគារបន្ថែមទៀតនឹងត្រូវបិទទ្វារជាបន្តបន្ទាប់មែនទេ? លោក C S Lim ឆ្លើយថា លោកជឿថា នេះជារឿងជៀសមិនផុតឡើយ។ លោកប៉ាន់ប្រមាណថា សណ្ឋាគារចំនួន៥០ផ្សេងទៀតនឹងត្រូវបិទជាបណ្តោះអាសន្នអំឡុងពេលបិទខ្ទប់បច្ចុប្បន្ន បន្ថែមពីលើសណ្ឋាគារចំនួន១០០ដែលបានបិទទ្វារជាបណ្តោះអាសន្ន ឬបិទជាអចិន្ត្រៃយ៍រួចទៅហើយកាលពីឆ្នាំមុន។

កាលពីខែមករា សណ្ឋាគារ Hotel Equatorial Penang ដែលមានចំណាស់៣ទសវត្សរ៍បានប្រកាសថានឹងបិទទ្វារចាប់ពីថ្ងៃទី៣១ ខែមីនា។ រយៈពេល២ខែក្រោយមក សណ្ឋាគារ Mutiara Johor Bahru ដែលបានបើកដំណើរការក្នុងឆ្នាំ១៩៨២ បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី០១ មិថុនា។

លោក C S Lim បានគូសបញ្ជាក់ថា “ក្រឡេកអត្រានេះ យើងអាចសន្និដ្ឋានបានថា វិស័យសណ្ឋាគារនឹងមិនចាប់ផ្ដើមងើបឡើងរហូតដល់ឆ្នាំ២០២៣”។

លោកបានលើកឡើងទៀតថា ដើម្បីឆ្លងផុតវិបត្តិកូវីដ-១៩ សណ្ឋាគារជាច្រើនបានងាកទៅស្វែងរកប្រភពចំណូលផ្សេង។ លោកថ្លែងថា “សណ្ឋាគារដែលទទួលបានលទ្ធផលល្អប្រសើរនាពេលបច្ចុប្បន្ន គឺជាសណ្ឋាគារដែលគេយកធ្វើជាមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក។ ក្រៅពីនោះ ការស្នាក់នៅរយៈពេលខ្លី និងការទទួលរៀបចំព្រឹត្តិការណ៍ ឬការប្រជុំនានាគឺជាក្តីសង្ឃឹមតែមួយគត់សម្រាប់សណ្ឋាគារ [នៅពេលត្រូវបានអនុញ្ញាត] ហើយបើគ្មានទេនោះ ម្ចាស់សណ្ឋាគារប្រឈមនឹងការយកទុនបម្រុងមកប្រើប្រាស់ ហើយចុងក្រោយនឹងធ្លាក់ចូលក្នុងបំណុលរុំកោះ”៕

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន២លានដូសទៀតនឹងមកដល់កម្ពុជានៅចុង ខែមិថុនានេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២លានដូសទៀតនឹងមកដល់កម្ពុជានៅចុងខែមិថុនាខាងមុខនេះ។

លោកជំទាវយក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២៣ មិថុនានេះថា បើគ្មានការប្រែប្រួលនោះទេ វ៉ាក់សាំងកូវីដ-១៩ ចំនួន០២លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា នៅចុងខែមិថុនា ឆ្នាំ២០២១ ដោយចំនួន១លានដូសមកដល់កម្ពុជា នាវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ និងចំនួន១ដូសទៀត នឹងមកដល់កម្ពុជា វេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

កម្ពុជាត្រូវបានរកឃើញថា ជាប្រទេសទី២ក្នុងតំបន់អាស៊ាន ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជាងគេ ព្រោះកម្ពុជាទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងពីប្រទេសចិន ដោយឥតគិតថ្លៃផង និងការទិញផ្ទាល់ពីប្រមុខរដ្ឋាភិបាលកម្ពុជាផង។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ បាននិងកំពុងផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយរដ្ឋាភិបាលចិន ដែលបានប្រែក្លាយទំនាក់ទំនងជាដៃគូយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ និងកំពុងរួមគ្នាកសាងសហគមន៍ពីរវាសនាតែមួយ។

សម្តេចតេជោគ្រោងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជាចំនួន១០លាននាក់នៅឆ្នាំ២០២២ខាងមុខនេះ៕

កាអភិវឌ្ឍលំនៅឋានផ្ទាល់ដីកាន់តែរំកិលទៅឆ្ងាយពីទីក្រុងដែលជំរុញឱ្យតម្លៃដីជាយក្រុងកើនឡើង

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិនិយោគិនបានងាកទៅរកតំបន់ជាយក្រុង និងឆ្ងាយពីទីក្រុងដើម្បីទិញដី សម្រាប់ការអភិវឌ្ឍលំនៅឋានជាប្រភេទផ្ទះជាប់ដី ដែលធ្វើឱ្យការអភិវឌ្ឍលំនៅឋានប្រភេទផ្ទះជាប់ដី ឬផ្ទាល់ដី កាន់តែខិតទៅឆ្ងាយពីក្រុង ហើយក៏ធ្វើឱ្យតម្លៃដីធ្លីនៅតំបន់ជាយរាជធានីភ្នំពេញកាន់ឡើងខ្ពស់ជាបន្តបន្ទាប់។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ថា នៅពេលតម្លៃដីធ្លី នៅកណ្ដាលក្រុងកាន់តែឡើងខ្ពស់ ធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានមិនអាចទិញដីកណ្ដាលក្រុងភ្នំពេញ សម្រាប់អភិវឌ្ឍន៍និងលក់ជូនអតិថិជនបានឬក៏ត្រូវលក់ក្នុងតម្លៃខ្ពស់ទើបអាចចំណេញ។

លោកបានថ្លែងបន្តថា សម្រាប់ពលរដ្ឋដែល ត្រូវការរស់នៅក្នុងលំនៅឋានជាប្រភេទផ្ទះជាប់ដីក៏ពិបាកក្នុងការស្វែងរកទិញដីធ្លីនៅកណ្ដាលក្រុងសម្រាប់សង់លំនៅឋានដែរ គឺត្រូវការចំណាយច្រើន។

លោកបន្តថា ដីនៅកណ្ដាលក្រុង វាមានតម្លៃខ្ពស់ ដូច្នេះគេត្រូវការអភិវឌ្ឍន៍វាដែលអាចលក់ចេញវិញបានតម្លៃខ្ពស់ដែរ ដូចជាការអភិវឌ្ឍទៅលើអគារខ្ពស់ៗ ដែលអាចលក់ចេញវិញបានតម្លៃខ្ពស់ជាងការអភិវឌ្ឍជាលំនៅឋានផ្ទះជាប់ដី ដូច្នេះអ្នកដែលចង់អភិវឌ្ឍន៍លំនៅឋានជាប្រភេទផ្ទះជាប់ដីគឺត្រូវទៅរកតំបន់ដែលនៅឆ្ងាយពីរាជធានី ដែលមានតម្លៃទាបជាងកណ្ដាលរាជធានីសម្រាប់អភិវឌ្ឍន៍លំនៅឋានលក់ជូនពលរដ្ឋដែលមានតម្រូវការផ្ទះតម្លៃសមរម្យផងដែរ។

លោកបន្ថែមថា នៅពេលរាជធនានីភ្នំពេញកាន់តែមានការអភិវឌ្ឍការពង្រីកក្រុងនឹងកាន់តែធ្វើជាបន្តបន្ទាប់ ដោយកាត់យកទឹកដីខេត្តជាប់ភ្នំពេញចូលជារដ្ឋបាលរាជធានីភ្នំពេញ ហើយការអភិវឌ្ឍក៏កាន់តែរីកសាយជាបន្តបន្ទាប់ដែរ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលក៏បានឱ្យដឹងផងដែរថា ការអភិវឌ្ឍលំនៅឋានប្រភេទផ្ទះជាប់ដី ត្រូវបានគេមើលឃើញថាបានងាកទៅកាន់ជាយៗរាជធានី ព្រោះតំបន់ទាំងនោះ តម្លៃដីធ្លីនៅមានកម្រិត ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍អាចទទួលបានប្រាក់ចំណេញខ្ពស់ ជាជាងទិញដីនៅជិតក្រុងមានតម្លៃខ្ពស់។

ដោយឡែកលោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតក៏បានឱ្យដឹងផងដែរថា ការវិនិយោគលើដីធ្លីនៅពេលបច្ចុប្បន្បនេះនៅតែមានឱកាសនិងមានសក្ដានុពល ប៉ុន្តែបើសិនជាចង់វិនិយោគចំណេញខ្ពស់ គួរតែងាកទៅកាន់តំបន់ឆ្ងាយៗពីរាជធានីភ្នំពេញព្រោះតម្លៃនៅទាបជាងតំបន់នៅជិតៗក្រុង ដូច្នេះត្រង់ចំណុចនេះ វិនិយោគិនប្រាកដជាបានដឹងច្បាស់៕

ចំណតរថយន្តនៅក្នុងអគារPeople’s Park Complexប្រកាសដាក់ដេញថ្លៃក្នុងតម្លៃជាង៣០លានដុល្លារ

ដោយៈ សុខុម

សិង្ហបុរី: ចំណតរថយន្តកម្ពស់៤ជាន់នៃអគារ People’s Park Complex ត្រូវបានប្រកាសដាក់ដេញថ្លៃជាសាធារណៈកាលពីថ្ងៃអង្គារ ទី២២ ខែមិថុនាកន្លងនេះ ក្នុងតម្លៃជាង៣១លានដុល្លារអាមេរិក ឬស្មើនឹង៤២.៤០០ដុល្លារអាមេរិក សម្រាប់ចំណតរថយន្តមួយគ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ចំណតរថយន្តកម្ពស់៤ជាន់រាប់ចាប់ពីជាន់ទី៣ ដល់ជាន់ទី៦ នៃអគារពាណិជ្ជកម្ម និងលំនៅដ្ឋានដែលមានកម្ពស់សរុប៣១ជាន់នេះ មានចំណតសម្រាប់រថយន្តចំនួន៦៤៨គ្រឿង ចំណតសម្រាប់ម៉ូតូចំនួន៥៦គ្រឿង និងភោជនីយដ្ឋានមួយនៅជាន់កំពូលនៃចំណតរថយន្តនេះ។ ចំណតនេះមានផ្ទៃក្រឡាសរុប១៦.៩៤០ម៉ែត្រការ៉េ រួមទាំងភោជនីយដ្ឋានដែលមានផ្ទៃក្រឡា២៦០ម៉ែត្រការ៉េផងដែរ។

ភ្នាក់ងារទីផ្សារ Brilliance Capital និយាយថា “តម្លៃនេះគឺជាតម្លៃល្អគួរឱ្យទាក់ទាញ” បើប្រៀបធៀបទៅនឹងចំណតសម្រាប់រថយន្ត២គ្រឿងដែលបានលក់ចេញកាលពីឆ្នាំមុន។

ភ្នាក់ងារដដែលគូសបញ្ជាក់ថា ចំណតសម្រាប់រថយន្តមួយគ្រឿងនៅអគារផ្សារទំនើប Holland Road Shopping Centre លក់ក្នុងតម្លៃ២៦៧.៥២៥ដុល្លារអាមេរិក ហើយចំណតសម្រាប់រថយន្តមួយគ្រឿងទៀតនៅអគារផ្សារទំនើប Parklane Shopping Centre លក់ក្នុងតម្លៃ៥២.០០០ដុល្លារអាមេរិក។

អគារ People’s Park Complex គឺជាអគារពាណិជ្ជកម្ម នោះមានន័យថា ទាំងអ្នកទិញក្នុងស្រុក និងអ្នកទិញជាជនបរទេសសុទ្ធតែអាចទិញបានដោយមិនចាំបាច់បង់ពន្ធប្រដាប់ត្រាបន្ថែម។ ភ្នាក់ងារទីផ្សារ Brilliance Capital បានបញ្ជាក់ថា ការដេញថ្លៃនឹងត្រូវបិទបញ្ចប់នៅម៉ោង៣ រសៀលថ្ងៃទី២៩ ខែកក្កដា ដ៏ខ្លីខាងមុខនេះ៕

រដ្ឋមន្រ្តីរ៉ែៈ ការប្រើប្រាស់ថាមពលកកើតឡើងវិញកំពុងកើនឡើងនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានលើកឡើងថា កម្ពុជាបាននិងកំពុងចូលរួមចំណែកច្រើន ក្នុងការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាវារីអគ្គិសនីសនី ប្រភពថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់ជាដើម។

លោកស៊ុយ សែមរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានថ្លែងដូច្នេះ តាមប្រព័ន្ធវីដែអូ ក្នុងវេទិកាបណ្តាញបច្ចេកវិទ្យានៃការប្រើប្រាស់ និងការស្តុកទុកកាបូននៅអាស៊ី លើកទី១ (1st Asia CCUS Network Forum) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

លោកបានថ្លែងថា “ការកាត់បន្ថយឧស្ម័នកាបូននៅក្នុងតំបន់នេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាផ្នែកមួយនៃមាគ៌ាដោយចីរភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានៅតែបន្តពឹងផ្អែកប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដើម្បីរក្សាសន្តិសុខថាមពល និងកំណើនសេដ្ឋកិច្ចរបស់ខ្លួនផងដែរ”។

ក្នុងន័យនេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា វេទិកាថ្ងៃនេះ ជាឱកាសមាសសម្រាប់ចែករម្លែកចំណេះដឹង និងបទ ពិសោធន៍ស្តីពីបច្ចេកវិទ្យា នៃការចាប់យកប្រើប្រាស់និងស្តុកកាបូនទុកដែលមានទស្សនៈវិស័យប្រើប្រាស់កាបូន និងស្តុកទុកកាបូននៅក្នុងឧស្ម័នដែលភាយចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ជាពិសេសក្នុងវិស័យថាមពល។

ឆ្នាំ២០២០ ប្រភពផ្គត់ផ្គង់ថាមពលបឋមរបស់កម្ពុជាមាន៦០% បានមកពីការឥន្ធនៈហ្វូស៊ីល ក្នុងនោះមានធ្យូងថ្ម និងប្រេង និង៤០%ទៀត បានមកពីប្រភពកកើតឡើងវិញ រួមមានវារីអគ្គិសនី ប្រភពថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់។

ដូចនេះ បើយោងតាមស្ថិតិបច្ចុប្បន្ន ប្រទេសកម្ពុជា បានរួមចំណែកយ៉ាងច្រើនរួចទៅហើយក្នុងការបញ្ចូលចំណែក មួយដ៏ធំ នៃប្រភពកកើតឡើងវិញ ទៅក្នុងប្រភពផ្គត់ផ្គង់បឋម និងទៅក្នុងល្បាយនៃប្រភពថាមពល។

ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជា នៅតែយល់ឃើញថា ប្រភពថាមពលរបស់កម្ពុជា នៅតែបន្តពឹងផ្អែកលើការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនាពេលអនាគត។ ដូច្នេះវាជាសេចក្តីត្រូវការ ដែលត្រូវតែធានាថា ឥន្ធនៈហ្វូស៊ីល ដូចជាធ្យូងថ្ម ប្រេងនិងឧស្ម័នធម្មជាតិជាដើមត្រូវបានប្រើប្រាស់តាមរបៀបបច្ចេកវិទ្យាមួយដែលស្អាតជាងមុន៕

គេហទំព័រPropertyarea.asiaប្រកាសតែងតាំងទូតសុឆន្ទៈ និងទីប្រឹក្សាចំនួន៣រូប

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ គេហទំព័រព៌តមានអចលនទ្រព្យឈានមុខគេនៅកម្ពុជា បានសម្រេចប្រកាសតែងតាំងទូតសុឆន្ទៈមួយរូប និងទីប្រឹក្សាចំនួនបីរូប ដើម្បីចូលរួមលើកកំពស់ការ ផ្សព្វផ្សាយពីព៌តមានអចលនទ្រព្យ ក៏ដូចជាជម្រុញទីផ្សាររបស់គេហទំព័រនេះ។

ទូតសុឆន្ទៈដែលបានតែងតាំង គឺកញ្ញាងួន ច័ន្ទចរិយា ជាតារាភាពយន្ត និងជាអ្នកធ្វើការក្នុងក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ដែលកញ្ញាមានបទពិសោធន៍ និងចំណេះដឹងជាច្រើននៅក្នុងវិស័យនេះ។

ចំណែកទីប្រឹក្សាចំនួនបីរូបទៀត រួមមាន អ្នកនាងគ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុនCMC Real Estate ដែលជាអ្នកមានបទពិសោធន៍លើការងារជំនួញជាច្រើន ពិសេសក្នុងវិស័យ អចលនទ្រព្យ ទី២ អ្នកនាងឆយ ហ្រ្វីដាអគ្គនាយិកាក្រុមហ៊ុនAngel Realty ជាអ្នកមានបទពិសោធន៍ និងការដឹកនាំក្នុងវិស័យជំនួញ និងអចលនទ្រព្យរយៈពេលយូរឆ្នាំ និងទី៣ លោកឡោ វិចិត្រ អនុប្រធានសមាគមអចលនទ្រព្យសកលប្រចាំរាជធានីភ្នំពេញ ជាប្រធានក្លឹបCMC ដែលមានបទពិសោធន៍ជាច្រើន លើវិស័យអចលនទ្រព្យ និងកំពុងធ្វើការលើការងារលើកស្ទួយអំណាចស្រ្តីក្នុងសេដ្ឋកិច្ច។

ការរួមចំណែកជួយការងារគេហទំព័រ និងលើកកំពស់ការផ្សព្វផ្សាយព៌តមាន ដើម្បីជំរុញការរីកចម្រើនមវិស័យអចលនទ្រព្យ ជាអ្វីស្ថិតក្នុងទស្សនទានវិជ្ជមាន។

ទូតសុឆន្ទៈនៃគេហទំព័រPropertyarea.asia កញ្ញាងួន ច័ន្ទចរិយាបាននិយាយដោយស្នាមញញឹម និងភាពជឿជាក់ថា វិស័យអចលនទ្រព្យមានភាពរីកចម្រើនយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេតុនេះការផ្សព្វផ្សាយព៌តមានដែលលឿន អាចទុកចិត្តបាន និងក្រមសីលធ៌មវិជ្ជាជីវៈពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកកំពស់វិស័យនេះឲ្យមានភាពរីកចម្រើន និងទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ អន្តរជាតិ។

កញ្ញាបន្តថា “ជាកិត្តិយស ដែលខ្ញុំបានទទួលការតែងតាំង ជាទូតសឆន្ទៈរបស់គេហទំព័រល្បីឈ្មោះនេះ ដែលនេះជាការងារខ្ញុំពេញចិត្ត ហើយចង់រួមចំណែកលើកស្ទួយនិងផ្សព្វផ្សាយពីគេហទំព័រនេះផង និងពីវិស័យអចលនទ្រព្យនៅកម្ពុជាផង”។

ជាមួយគ្នានេះ អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateបានមានប្រសាសន៍ថា ដោយសារប្រឡូកក្នុងវិស័យនេះជាច្រើនឆ្នាំ វិស័យអចលនទ្រព្យនៅកម្ពុជាពិតជាមានការរីកចម្រើនលឿន ដោយស្រ្តីក៏បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញការរីកចម្រើន លើវិស័យអចលនទ្រព្យក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។

អ្នកនាងបន្តថា “ទន្ទឹមនឹងការរីកចម្រើននេះ ការផ្តល់ព៌តមានអាចទុកចិត្តបាន លឿនរហ័ស ខ្ញុំជឿជាក់លើគេហទំព័រPropertyarea.asia ដែលខ្ញុំតែងតែតាមដាន”។អ្នកនាងបន្តថា “វាជាកិត្តិយសមួយ ដែលខ្ញុំទទួលបានការតែងតាំងជាទីប្រឹក្សា ទទួលបន្ទុកផ្នែកទីផ្សារ ដែលខ្ញុំនឹងរួមចំណែកជួយដល់គេហទំព័រនេះ ឲ្យមានភាពរីកចម្រើន ដើម្បីអាចមានលទ្ឋភាពកាន់តែច្រើន លើការផ្សព្វផ្សាយព៌តមានកាន់តែសម្បូរបែប សំរាប់អ្នកអាននៅកម្ពុជា។

ការផ្តល់នូវព៌តមានពិត លឿន រហ័ស ប្រកបដោយទំនុកចិត្ត និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈជាអ្វី ដែលគេហំព័រPropertyarea.asiaផ្តោតជាសំខាន់ និងចាត់ទុកជាស្នូលនៃភាពជោគជ័យ និងដំណើរការរបស់យើង។

អ្នកនាងឆយ ហ្រ្វីដាអគ្គនាយិកាក្រុមហ៊ុនAngel Realtyបានលើកឡើងជាមួយទំនុកចិត្ត និងស្នាមញញឹមថា នេះជាកិត្តិយសមួយ ដែលខ្ញុំបានទទួលការតែងតាំងពីថ្នាក់ដឹកនាំរបស់គេហទំព័រPropertyarea.asia។
វាជាគេហទំព័រមួយ ដែលបាននិងកំពុងផ្សព្វផ្សាយព៌តមានអចលនទ្រព្យ ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចជាតិ ឈានមុខគេនៅកម្ពុជា។

អ្នកនាងបន្តថា “វាជាការងារស្ម័គ្រចិត្ត តែខ្ញុំនឹងជួយផ្សព្វផ្សាយ លើកកំពស់កេរ្ត៍ឈ្មោះគេហទំព័រនេះឈានទៅមុខ និងចូលរួមលើកកំពស់ការផ្សព្វផ្សាយ ក៏ដូចជាផ្តល់ទំនុកចិត្តក្នុងវិស័យនេះផងដែរ”។

រីឯលោកឡោ វិចិត្រអនុប្រធានសមាគមអចលនទ្រព្យសកល ដែលមានជំនាញលើការផ្សព្វផ្សាយព៌តមាន និងអចលនទ្រព្យបានមានប្រសាសន៍ថា លោកបានស្គាល់និងតាមដានព៌តមាន ជាប់ជាប្រចាំពីវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ដែលមានគេហទំព័រជាច្រើនបានផ្សព្វផ្សាយ ប៉ុន្តែភាពលេចធ្លោនៃគេហទំព័រPropertyarea.asia ជាទំនុកចិត្តដែលអាចផ្តល់ដល់សាធារណៈជនជាតិ អន្តរជាតិអាចប្រើប្រាស់ជាត្រីវិស័យបាន។

លោកបន្តថា “ព៌តមានមានសារៈសំខាន់ណាស់ ក្នុងវិស័យអចលនទ្រព្យ ក៏ដូចជា វិស័យផ្សេងៗទៀត ហេតុនេះការអានព៌តមានដែលអាចទុកចិត្តបាន ឈរលើមូលដ្ឋានក្រមសីលធ៌មនិងវិជ្ជាជីវៈ គឺគេហទំព័រPropertyarea.asia កំពុងធ្វើបានល្អ”។

ដោយឈរលើមូលដ្ឋានព៌តមានលឿន រហ័ស អាចទុកចិត្តបាន និងក្រមសីលធ៌មវិជ្ជាជីវៈ ភាពជោគជ័យរបស់គេហទំព័រPropertyarea.asia បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ព៌តមានដែលអាចជឿជាក់ វិភាគបានសំរាប់វិនិយោគិនជាតិ អន្តរជាតិ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ថា ការសម្រេចតែងតាំងទូតសុឆន្ទៈ និងទីប្រឹក្សាចំនួន៣រូបខាងលើពិតជាធ្វើឲ្យលោកមានក្តីរីករាយ និងមានទំនុកចិត្តកាន់តែច្រើនឡើង ដើម្បីបន្តបេសកកម្ម ផ្សព្វផ្សាយព៌តមានឲ្យបានកាន់តែច្រើន កាន់តែលឿនបន្ថែមទៀត នៅក្នុងវិស័យសារគមនាគមន៍ ដែលកំពុងប្រកួតប្រជែងគ្នានេះ។

លោកបន្តថា “ការតែងតាំងទូតសុឆន្ទៈ និងទីប្រឹក្សាទាំងបីរូប ដោយសារខ្ញុំគិតថាពួកគាត់ជាបុគ្គលដែលមានគុណតម្លៃ មានទំនាក់ទំនងល្អក្នុងសង្គម និងមានបទពិសោធន៍លើលើវិស័យអចលនទ្រព្យ ព៌តមាន និងស្គាល់ច្បាស់ពីស្ថានភាពទីផ្សារនៅកម្ពុជា”៕

 

រដ្ឋាភិបាលបារាំងប្តេជ្ញាបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់កម្ពុជា

ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ប្រទេសបារាំង ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗប្រទេសនេះ បានផ្ដល់ឥណទានសម្បទានដល់កម្ពុជារាប់សិបលានអាមេរិក បានប្តេជ្ញាបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោយជំនួបរវាងលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២១ មិថុនា២០២១នេះ តាមប្រព័ន្ធអនឡាញ។

នៅក្នុងជំនួបនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី EVA Nguyen Binh ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងរយៈពេល ០៤ឆ្នាំ (ឆ្នាំ២០១៧-ឆ្នាំ២០២១) ហើយបានកសាងស្នាដៃ និងសមិទិ្ធផលជាច្រើន ក្នុងការរួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេស វិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា សម្រេចបាននូវគម្រោងវិនិយោគសាធារណៈជាច្រើនផ្សេងទៀត។

លោក ក៏បានលើកឡើងថា សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមក្នុងសកម្មភាពនាំសុខសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងបានលើកឡើងថា ជាការពិតកម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែងមកហើយ ពិសេស កិច្ចសហការប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD។ កិច្ចសហប្រតិបត្តិការនេះ គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលបានប្តេជ្ញាសម្រេចគោលដៅ ក្នុងការបង្កើនហិរញ្ញ-ប្បទានសហប្រតិបត្តិការ ODA ឲ្យបាន០,៥៥% នៃផសស នៅឆ្នាំ២០២២ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥។

លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាពក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។ ជាមួយគ្នានេះ លោកស្រីក៏សម្តែងនូវមោទនភាពដែលរាជរដ្ឋាភិបាលកម្ពុជា បង្កបរិយាកាសវិនិយោគឯកជនដ៏ល្អប្រសើរ និងលើកទឹកចិត្តវិនិយោគគិនបរទេស ពិសេសមកពីប្រទេសបារាំងឱ្យមកស្វែងយល់ផ្ទាល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកស្រីបានបញ្ជាក់ផងដែរថា ទោះបីជាលោកស្រីចប់អាណត្តិជាទូតរបស់បារាំងប្រចាំកម្ពុជា និងត្រលប់ទៅកាន់ប្រទេសបារាំងវិញប៉ុន្តែលោកស្រីនឹងជំរុញឱ្យវិនិយោគិនបារាំង ធុរជនបារាំងធ្វើការបណ្ដាក់ទុនរកស៊ីនិងធ្វើមុខជំនួញនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលប្រទេសកម្ពុជាបន្ថែមទៀត។

ថ្មីៗនេះ ប្រទេសបារាំងសន្យាថានឹងបង្កើនទំហំឥណទានសម្បទានរបស់ខ្លួនដល់កម្ពុជាឱ្យបានចន្លោះពី១០០លានអឺរ៉ូឬប្រមាណ១១៩លានដុល្លារអាមេរិកទៅ១២០លានអឺរ៉ូ ឬប្រមាណ១៤៣លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដើម្បីឱ្យកម្ពុជាមានលទ្ធភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត៕