រដ្ឋមន្រ្តីពាណិជ្ជកម្មឡើងការពារច្បាប់ចំនួនបីក្នុងពេលតែមួយនៅរដ្ឋសភា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួនបី ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦។

សេចក្តីព្រាងច្បាប់ចំនួនបីនោះ រួមមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) ទី២សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលកម្ពុជា-រដ្ឋាភិបាលចិន និងទី៣ សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។

លោករដ្ឋមន្រ្តីប៉ាន សូរស័ក្តិ នាព្រឹកថ្ងៃទី៩ កញ្ញានេះ បានរាយការណ៍ជូនអង្គប្រជុំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងអាណិត្តប្រគល់ជូនដោយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពកម្ពុជា សំដៅបន្តសមាហរណកម្មខ្លួន ចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេសក្រោមផ្នែកទី២.២.២ស្តីពី បរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល។

លោកបានគូសបញ្ជាក់ពីអំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងជាពិសេសការចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ ដែលជាយន្តការដ៏សំខាន់ក្នុងការធ្វើពិពិធកម្មទីផ្សារ និងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទាំងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌតំបន់។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូល ដែលបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ហើយសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងបីនេះ នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្ត ដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសនឹងចូលរួមយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច-សង្គមក្នុងវិបត្តិកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here