ដោយៈសុខុម
សេអ៊ូល: បន្ទាប់ពីចូលនិវត្តន៍ ប្រធានាធិបតី Moon Jae In នឹងទទួលបានប្រាក់សោធននិវត្តន៍ចំនួន១៣.៩លានវ៉ុន (១១.៨៧៥ដុល្លារ)ក្នុងមួយខែ បន្ទាប់ពីអាណត្តិកាន់អំណាចរបស់លោកបញ្ចប់នៅខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃទី៩ កញ្ញា។

-->
លោកនឹងក្លាយជាអតីតប្រធានាធិបតី នៅមានជីវិតតែម្នាក់គត់ នៃប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានអនុញ្ញាតឱ្យទទួល បានប្រាក់សោធននិវត្តន៍ប្រធានាធិបតី ខណៈអតីតប្រធានាធិបតីនៅមានជីវិត៤រូបទៀត មិនទទួលបានសិទ្ធិពិសេសនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់ និងដកចេញពីតំណែង ឬជាប់ពន្ធនាគារ។
យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ និងសន្តិសុខដាក់ជូនតំណាងរាស្រ្ត Lee Young ដែលមកពីគណបក្សប្រឆាំងដ៏ធំ People Power Party បង្ហាញថា លោក Moon Jae In នឹងទទួលបានប្រាក់សោធននិវត្តន៍ប្រមាណ១៦៦,៩លានវ៉ុន (១៤២.៨០០ដុល្លារ) ជារៀងរាល់ឆ្នាំ បន្ទាប់ពីចូលនិវត្តន៍ ឬស្មើនឹង១៣,៩លានវ៉ុន (១១.៨៧៥ដុល្លារ) ក្នុងមួយខែ។
ក្រៅពីប្រាក់សោធននិវត្តន៍ លោកMoon Jae In ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីរដ្ឋាភិបាលផងដែររួមមានរថយន្ត ថ្លៃសោហ៊ុយធ្វើដំណើរ ថ្លៃថ្នាំពេទ្យ និងប្រាក់ឧបត្ថម្ភ សម្រាប់បើកប្រាក់ខែឱ្យបុគ្គលិក ដែលធ្វើការងារនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកជាដើម។
ទន្ទឹមនឹងនេះ ប្រាក់ខែប្រចាំឆ្នាំរបស់លោកMoon Jae In ដែលតាមការរំពឹងទុកថានឹងឈានដល់២៥០,១លានវ៉ុន (២១៤.០០០ដុល្លារ) នៅឆ្នាំក្រោយ ដោយកើនឡើង៥%បើធៀបនឹងឆ្នាំនេះ។ ទោះជាយ៉ាងណា លោកបានស្ម័គ្រចិត្តបង្កកប្រាក់ខែផ្ទាល់ខ្លួនរបស់លោកចាប់តាំងពីឆ្នាំ២០១៩។
អតីតប្រធានាធិបតី៤រូបដែលមានជីវិតនៅឡើយ គឺលោកស្រី Park Geun-hye លោក Lee Myung-bak លោក Roh Tae-woo និងលោក Chun Doo-hwan សុទ្ធតែត្រូវបានដកហូតសិទ្ធិ ទទួលបានប្រាក់សោធននិវត្តន៍ប្រធានាធិបតី ព្រោះពួកគាត់សុទ្ធតែជាប់ពន្ធនាគារ។ ច្បាប់ចែងថាប្រាក់សោធននិវត្តន៍ មិនត្រូវផ្តល់ជូនអតីតប្រធានាធិបតីណាដែលត្រូវបានដកចេញ ឬលាលែងពីតំណែង បន្ទាប់ពីត្រូវបានចោទប្រកាន់ ឬជាប់ពន្ធនា គារឡើយ។
បន្ទាប់ពីចូលនិវត្តន៍ លោកប្រធានាធិបតីMoon Jae In និងជំទាវទី១ Kim Jung-sook មានគម្រោងផ្លាស់ទៅរស់នៅក្នុងទីក្រុង Yangsan នៃខេត្ត South Gyeongsang។ ពួកគាត់បានទិញផ្ទះមួយ ដែលមានកម្ពស់២ជាន់ ហើយបានទិញដីពង្រីកបន្ថែមសម្រាប់សាងសង់ផ្ទះថ្មីសម្រាប់រស់នៅ។ ដើម្បីការពារសុវត្ថិភាពរបស់គ្រួសារលោក រដ្ឋាភិបាលក៏បានលៃទុកកញ្ចប់ថវិកា សម្រាប់សាងសង់អគារមួយ សម្រាប់ក្រុមអង្គរក្សការពារសុវត្ថិភាពគ្រួសាររបស់លោកនៅទីនោះផងដែរ៕ Korea Times>