តើទីក្រុងឆ្លាតវៃត្រូវមានលក្ខណៈពិសេស និងអភិវឌ្ឍន៍៍តាមទស្សនទានបែបណា?

ដោយៈ ប៊ី

ភ្នំពេញៈ ពេលយើងលើកឡើងពីទីក្រុងដ៏ឆ្លាតវៃ វាសំដៅលើការចង្អុលបង្ហាញមួយ ដែលបានផ្តល់ឱ្យទីក្រុងមួយ រួមបញ្ចូលបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ដើម្បីបង្កើនគុណភាព និងការអនុវត្តន៍សេវាកម្មទីក្រុង ក៏ដូចជាថាមពលដឹកជញ្ជូន និងឧបក​រណ៍ប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ធនធាន ការខ្ជះខ្ជាយនិងការចំណាយសរុបលើសលុប។

គោលបំណងសំខាន់នៃការបង្កើតទីក្រុងឆ្លាត គឺដើម្បីលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈបច្ចេកវិទ្យាទំនើប ឱ្យស្របតាមការវិវត្តន៍នៃសម័យកាល ដោយសារតែសម័យនេះ គឺជាសម័យឧស្សាហកម្ម៤.០ទៅហើយ។

ក្នុងនោះដែរក៏មានមតិខ្លះទៀតបាននិយាយថា មិនមានការពន្យល់យ៉ាងច្បាស់​លាស់អំពីទីក្រុងឆ្លាតវៃនោះទេ ដោយសារតែបច្ចេកវិទ្យា ដែលអាចដាក់បញ្ចូលទៅក្នុងទីក្រុង ដើម្បីឱ្យវាក្លាយជាទីក្រុងឆ្លាត នៅមិនទាន់មានការច្នៃប្រឌិតបានល្អនៅឡើយ។

លោក Mark Deakin បានកំណត់វាថា ជាទីក្រុងមួយដែលប្រើប្រាស់បច្ចេកវិទ្យាអាយស៊ីធី (ICT) ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋរបស់ខ្លួន ហើយការចូលរួមរបស់សហគមន៍ ក្នុងដំណើរការនេះគឺជាភាពចាំបាច់សម្រាប់ទីក្រុងឆ្លាត។

ពីនិយមន័យដែលផ្តល់ដោយលោក Husam Al Waer និងMark Deakin នៅក្នុងការស្រាវជ្រាវរបស់ពួកគេ ដែលមានចំណងជើងថា «ពីភាពឆ្លាតវៃទៅទីក្រុងឆ្លាត» ហើយកត្តាដែលរួមចំណែកដល់ទីក្រុង ដែលត្រូវបានគេចាត់ទុកថាឆ្លាតគឺផ្អែកទៅលើកត្តាសំខាន់ៗដូចជា ទី១ កម្មវិធី នៃបច្ចេកវិទ្យាឌីជីថល និងអេឡិចត្រូនិចជាច្រើនដល់ទីក្រុង និងសហគមន៍របស់ខ្លួន។ ទី២ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដើម្បីលើកកម្ពស់ជីវិតនិងបរិស្ថានការងារនៅក្នុងតំបន់។

ទី៣ ការបង្កប់នូវ ICT បែបនេះនៅក្នុងប្រព័ន្ធរដ្ឋាភិបាល និងទី៤ ការធ្វើដែនដីនៃការអនុវត្តដែលនាំប្រជាជន និង ICT រួមគ្នា ដើម្បីជំរុញការច្នៃប្រឌិតនិងបង្កើនចំណេះដឹងដែលពួកគេផ្តល់ជូន៕

ក្រុមហ៊ុន Iron Capital ទទួលបានមូលនិធិដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសេវាកម្មរថយន្ត បច្ចេកវិទ្យាឌីជីថលដំបូងបង្អស់នៅកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុនវិនិយោគ Iron Capital Plc ដែលមានមូលដ្ឋាននៅកម្ពុជា ទទួលបានមូលនិធិសម្រាប់កញ្ចប់ Series A ចំនួន៥,៧លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសេវាកម្មរថយន្ត តាមបច្ចេកវិទ្យាឌីជីថលដំបូងបង្អស់នៅក្នុងប្រទេសរបស់យើង។

យោងតាមសារព័ត៌មាន Deal Street Asia ចុះផ្សាយកាលពីថ្ងៃទី១២ កក្កដា ឱ្យដឹងថា គម្រោងការណ៍នេះ ទាក់ទាញបានការវិនិយោគពីវិនិយោគិនម្នាក់ ប៉ុន្តែអត្តសញ្ញាណនៃវិនិយោគិនរូបនោះ មិនត្រូវបានទម្លាយឱ្យដឹងជាសាធារណៈឡើយ។

ក្រុមហ៊ុន Iron Capital Plc ដែលបានបោះទុនវិនិយោគ លើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថលមួយ និងសិទ្ធិបើកអាជីវកម្មយានដ្ឋានបន្ត (Garage Franchise) មួយមានបំណងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាយានដ្ឋានផ្ទាល់ខ្លួន និងកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួល នៅក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ខ្លួន។

ក្រុមហ៊ុននេះបានចេញសេចក្ដីថ្លែការណ៍ថា ប្រាក់ចំណេញពីមូលនិធិនេះ នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ពន្លឿនការអភិវឌ្ឍ Mobile App និងប្រព័ន្ធបច្ចេកវិទ្យាយាន ដ្ឋានរបសខ្លួន។ ជំនាន់ ១.០ ឬ Version 1.0 នៃ Mobile App នេះនឹងត្រូវបញ្ចេញនៅក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២១ នេះ។

លោក Richared Seang សហស្ថាបនិកក្រុមហ៊ុន Iron Capital បានលើកឡើងថា ទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នភាគច្រើន ត្រូវបានក្ដោបក្ដាប់ដោយអាជីវកម្មតូចតាចលក្ខណៈគ្រួសារ ខណៈក្រុមហ៊ុនចែកចាយរថយន្តធំៗ មិនអាចចូលទៅដល់អតិថិជនគោលដៅពិតប្រាកដ បើគិតជាមធ្យមភាគ។

លោក Lee Wei Ken នាយកប្រតិបត្តិក្រុមហ៊ុន Iron Capital Plc ថ្លែងថា “យូរណាស់មកហើយ ដែលអ្នកប្រើប្រាស់រថយន្តក្នុងប្រទេសកម្ពុជា តែងតែជួបរឿងមិនល្អដូចជាទិញប៉ះចំគ្រឿងបន្លាស់រថយន្តគុណភាពអន់ និងសេវាកម្មជួសជុលរថយន្តបែបលួចបន្លំដោយសារអ្នកលក់ ឬអ្នកជួសជុលគ្មានទំនួលខុសត្រូវ”។ លោកបន្តថា “គោលបំណងរបស់យើង គឺដើម្បីផ្ដល់ភាពត្រឹមត្រូវសម្រាប់អតិថិជន និងបង្កើតប្រព័ន្ធថ្មីមួយ តាមរយៈមជ្ឈមណ្ឌលជួសជុលរថយន្ត ដែលមានកម្រិតស្ដង់ដារISO ខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត និងសេវាកម្មហិរញ្ញវត្ថុដ៏មានទំនុកចិត្តរបស់យើង ហើយរួមបញ្ចូលវាតែមួយតាមរយៈបច្ចេកវិទ្យា”។

លោកបន្តថា ក្រុមហ៊ុន Iron Capital មានបំណងជួយអតិថិជនសន្សំសំចៃការចំណាយចន្លោះពី១៥% ទៅ២០%តាមរយៈប្រព័ន្ធរបស់ខ្លួន។

ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយលោក Richared Seang និង Alice Sok ដែលជាអ្នកជំនាញជើងចាស់ខាងវិស័យរថយន្ត រួមជាមួយសហគ្រិនមួយរូបទៀតឈ្មោះTommy Sim ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនមូលធនSim Brothers។

អាជីវកម្មដែលក្រុមហ៊ុន Iron Capital ក្ដោបក្ដាប់នៅក្នុងដៃរួមមានក្រុមហ៊ុន A Klasse Auto Co ដែលជា Franchise យានដ្ឋានឯកជនស្ដង់ដារ ISO ដំបូងបង្អស់នៅកម្ពុជា និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថល Advanced Auto Digital Media ដែលផលិតខ្លឹមសារព័ត៌មានអំពីរថយន្តជាដើម៕

ការសាងសង់ផ្លូវក្រវាត់ក្រុងជំរុញសក្ដានុពលក្នុងការវិនិយោគលើអចលនទ្រព្យនិងពង្រីកសក្តានុពល

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ផ្លូវក្រវាត់ក្រុងជាផ្លូវដ៏សំខាន់សម្រាប់ដឹកជញ្ជូន និងការធ្វើចរាចរណ៍របស់ពលរដ្ឋវាងរាជធានីភ្នំពេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍និងការកកស្ទះ ហើយផ្លូវក្រវាត់ក្រុង ក៏ជាកត្តាទាក់ទាញសម្រាប់វិស័យអចលនទ្រព្យផងដែរ។

ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានវិនិយោគលើទឹកប្រាក់រាប់រយលានដុល្លារ អភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់។

រហូតមកដល់ពេលនេះ ផ្លូវក្រវាត់ក្រុងនៅរាជធានីភ្នំពេញ ឈានដល់ការអភិវឌ្ឍផ្លូវក្រវាត់ក្រុងទី៣ហើយ និងកំពុងបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំង ទៅលើការអភិវឌ្ឍអចលនទ្រព្យ ពង្រីកសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ដែលធ្វើឱ្យវិនិយោគិនកាន់តែច្រើនចាប់អារម្មណ៍ ក្នុងការវិនិយោគនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុង ។

បើក្រលេកទៅមើលផ្លូវក្រវាត់ក្រុងទី៣ ដែលរដ្ឋាភិបាលកកំពុងតែជំរុញការអភិវឌ្ឍជាបន្តបន្ទាប់ ឃើញថា កំពុងតែមានភាពទាក់ទាញកាន់តែខ្លាំង ទៅលើការអភិវឌ្ឍអចលនទ្រព្យ ជាក់សែ្ដងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបាន និងពង្រីកឱកាសវិនិយោគនៅតំបន់ផ្លូវក្រវាត់ទី៣ ហើយក៏ធ្វើឱ្យតំបន់ដែលមានផ្លូវក្រវាត់ក្រុង កាន់មានសន្ទុះដីធ្លីមួយកម្រិតផងដែរ ។

បើតាមលោកសន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងថា សន្ទុះតម្លៃដីធ្លីនៅតំបន់ភាគខាងត្បូងក្នុងពេលបច្ចុប្បន្ននេះ មានការកើនឡើងមួយកម្រិតទៀត ជាពិសេសនៅក្នុងខណ្ឌដង្កោក្នុងរាជធានីភ្នំពេញ ។ កត្តាដែលជំរុញឱ្យសន្ទុះតម្លៃដីធ្លីនៅតំបន់ទាំងនេះ បានកម្រើកមួយកម្រិតទៀតនោះ យើងមើលឃើញថាផ្លូវក្រវាត់ក្រុងដ៏សំខាន់ បានរត់កាត់តំបន់ខណ្ឌដង្កោ និងបែកខាងត្បូងរាជធានីភ្នំពេញ ហើយគម្រោងជាច្រើនទៀតក៏បាន និងកំពុងអភិវឌ្ឍន៍យ៉ាងមមាញឹកនៅក្នុងវិបត្តិកូវីដ១៩នេះ ។

លោកបន្តថា “ម្យ៉ាងទៀតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនេះដែរ ក៏ឃើញថាមានការអភិវឌ្ឍនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ចាស់ ជាច្រើន ដែលធ្វើឱ្យវិនិយោគិនក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍លើការអភិវឌ្ឍនមួយនេះ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានលើកឡើងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិតជាមានសារសំខាន់ណាស់ក្នុងការទាក់ទាញ វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ហើយទីណាមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនិងច្រើនតំបន់នោះ នឹងទទួលបានគម្រោងអភិវឌ្ឍន៍ច្រើន។

លោកបន្តថា “ដោយសារតែកត្តាទាំងនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្ត ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តជាច្រើនទៀតផងដែរ”៕

តើអ្វីជាចក្ខុវិស័យនៃការតំរង់ទិសអភិវឌ្ឍន៍រាជធានីភ្នំពេញនាពេលអនាគត?

ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជធានីភ្នំពេញចាប់តាំងពីឆ្នាំ១៩៩៨ បានរៀបចំផែនការតំរង់ទិសអភិ​វ  ឌ្ឍន៍ ជាមួយចក្ខុវិស័យច្បាស់លាស់ ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ចសង្គម ដោយបច្ចុប្បន្នរាជធានីនេះ មានទំហំផ្ទៃដដីជាង៦៧៨គីម៉ែត្រក្រឡា។

ជាមួយផែនការអភិវឌ្ឍន៍ និងពង្រីកក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡា ដែលបានលើកឡើងក្នុងអនុក្រិតស្តីពីការដាក់ឲ្យអនុវត្តប្លង់ គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ដែលមានវិសាលភាពគ្របដណ្តប់ លើពេលវេលា​រហូតដល់ឆ្នាំ២០៣៥។

តើអ្វីជាចក្ខុវិស័យនៃយុទ្ឋសាស្រ្តតំរង់ទិសអភិវឌ្ឍរាជធានីនេះ? យោងតាមអនុក្រិតចុះលេខ១៨១ អ ន ក្រ បក ដែលបានផ្សព្វផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ការតំរង់ទិសអភិវឌឌ្ឍន៍ផ្នែកនគរូបនីយកម្ម សំដៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋ ក្នុងដែនដីរាជធានីឲ្យមានប្រសិទ្ឋភាព និងនិរន្តរភាព ជាពិសេសដើម្បីតំរង់ទិសការវិនិយោគសាធារណៈ និងឯកជន ក៏ដូចជាការវិនិយោគរបស់ប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥។

យុទ្ឋសាស្រ្តនេះ នឹងជួយសាលារាជធានីភ្នំពេញ ប្រជាជនទាំងអស់ វិនិយោគិន ព្រមទាំងដៃគូអភិវឌ្ឍនានា ឲ្យចូលររួមអអភិវឌ្ឍន៍ទីក្រុងប្រកប ដោយសណ្តាប់ធ្នាប់ល្អ ហើយ​ក៏ធ្វើឲ្យមានវឌ្ឈនភាព ដល់ការវិនិយោគនានា ដោយកាត់បន្ថយឬបញ្ចៀសបាននូវហានោភ័យនានាជាអតិបរិមា។

គោលបំណងនិងគោលដៅនៃយុទ្ឋសាស្រ្តតំរង់ទិសអភិវឌ្ឍន៍

គោលបំណងនៃយុទ្ឋសាស្រ្តតំរង់ទិសអភិវឌ្ឍន៍ នគរូបនីយកម្មទីក្រុង គឺមានដូចជា ទី១ តំរង់ទិសនៃការប្រើប្រាស់ដីធ្លី និងធានាតម្លៃសក្តានុពល ដែលមានស្រាប់ក្នុងទីក្រុង ប្រកបដោយប្រសិទ្ឋភាពខ្ពស់ ចីរភាព សមធ៌ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការធានាសន្តិសុខស្បៀង សោភ័ណភាព និងគុណភាពបរិស្ថាន ទី២ តំរង់ទិសការអភិវឌ្ឍដោយតុល្យភាព សមភាព និងភាពស៊ីចង្វាក់គ្នា រវាងរាជធានីភ្នំពេញ ទីក្រុងតូច បន្ទាប់ ខេត្តរបស់ប្រទេស និងទីក្រុងរបស់ប្រទេសនានា។

ទី៣ ធានាការលើកស្ទួយអត្តសញ្ញាណរាជធានីភ្នំពេញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងតំបន់ និងប្រកួតប្រជែងជាមួយទីក្រុងនានាក្នុងតំបន់ សម្រាប់ការអភិវឌ្ឍក្នុងបរិបទដែលផ្តល់លទ្ឋភាពធំជាងពេលមុន ទាំងលើផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។

គោលដៅ

គោលដៅនៃយុទ្ឋសាស្រ្តតំរង់ទិសអភិវឌ្ឍន៍រាជធានី សំដៅលើផែនការសំខាន់ៗចំនួន៨ រួមមាន ទី១ អភិវឌ្ឍន៍ប្រកបដោយចីរភាព ធានាបាននូវការផ្គត់ផ្គង់សេចក្តីត្រូវការ និងការទទួលខុសត្រូវ ចំពោះផលប្រយោជន៍របស់មនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ ទី២ គ្រប់គ្រងការពារប្រើប្រាស់សក្តានុពល និងអភិវឌ្ឍន៍ធនធានធម្មជាតិ ដោយកំណត់ឲ្យ​បានច្បាស់លាស់ជាមុននូវ ទីតាំងឬតំបន់ដែលត្រូវប្រើប្រាស់ សម្រាប់ការអភិវឌ្ឍថ្មី(តំបន់ ដែលទើបបញ្ចួលពីខេត្តកណ្តាល) និងការអភិរ័ក្សនូវតំបន់ ដែលសំបូរសំណង់បេតិកភ័ណ្ឌក្នុងទីក្រុងចាស់។

ទី៣ ធានានូវការប្រើប្រាស់ដីធ្លីសម្រាប់រយៈពេលវែង ដើម្បីឲ្យមានតុល្យភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ព្រមទាំងសោភ័ណភាពរាជធានីភ្នំពេញ។ ទី៤ ប្រើប្រាស់សក្តានុពល ដែលមានពីធម្មជាតិ(ទីតាំងតំបន់ចតុមុខ និងបឹងធម្មជាតិនានា)ឲ្យប្រសើរនិងមានប្រសិទ្ឋភាព ទៅតាមលក្ខណៈពិសេសនៃតំបន់និមួយៗ ទី៥ លើកកំពស់ជីវភាពប្រជាជនទីក្រុងឲ្យកាន់តែប្រសើរ និងកាត់បន្ថយជាអតិបរិមា នូវគម្លាតសង្កាត់ក ណ្តាលក្រុង និងសង្កាត់ជាយក្រុង ទី៦ ធានាការប្រើប្រាស់ ការអភិវឌ្ឍ និងការគ្រប់គ្រងដី តាមផែនការរៀបចំដែនដី និងផែនការប្រើប្រាស់ដី ប្រកបដោយសមភាពយេនឌ័រ និងគាំទ្រដល់ជីវភាពរស់នៅរបស់ក្រុមជនងាយរងគ្រោះ។

ទី៧ រៀបចំបន្ស៊ីការគ្រប់គ្រងដី ការអភិវឌ្ឍថ្មី និងការការពារតំបន់និមួយៗនៃរាជធានីភ្នំពេញ ឲ្យមានភាពសុខដុមរមនាជាមួយគ្នា និងស្របទៅតាមលក្ខខ័ណ្ឌ និងផែនការមេនៃការរៀបចំដែនដីរបស់ប្រទេស និងទី៨ ទប់ស្កាត់និងកាត់បន្ថយនូវហានិភ័យគ្រោះធម្មជាតិនានា ដែលបណ្តាលមកពីគំរោងអភិវឌ្ឍន៍។

អនុក្រិតដដែលបានបន្តថា ដើម្បីសម្រេចនូវគោលបំណង និងគោលដៅខាងលើ សាលារាជធានីភ្នំពេញ ត្រូវរៀបចំឯកសារគោលនយោបាយបញ្ជាក់ អំពីសេចក្តីប្រាថ្នាធំៗ នៃការអភិវឌ្ឍរបស់រដ្ឋលើ់ដែនដីរាជធានី សម្រាប់អនាគតឆ្នាំ២០៣៥ អមដោយផែនទីគោល(Master Schema) ដែលជាឯកសារបច្ចេកទេសបន្ថែមលើឯកសារ យុទ្ឋសាស្រ្តតំរង់ទិសអភិវឌ្ឍន៍ទីក្រុងនេះ ដោយកំណត់យកផែនទីមានមាត្រដ្ឋាន១/៥០០០០ខ្នាតUTM WG84 រៀបចំឡើងនៅឆ្នាំ២០១៥ ដោយមានការដាក់បញ្ចូលនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ឋធំៗ  នៃផ្លូវដែលមានទំហំលើសពី២០ម៉ែត្រឡើង ខ្សែផ្លូវដែក ប្រឡាយមេនានា បឹង បរិក្ខាធំៗនានាដូចជាកំពង់ផែ ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន ស្ថានីយ៍រថយន្តក្រុង ដែល ជាលក្ខខ័ណ្ឌចាំបាច់គាំទ្រ ដល់ការអភិវឌ្ឍទីក្រុង៕

 

មណ្ឌលគិរីសម្ងំជាមួយភាពស្ងប់ស្ងាត់ និងបញ្ចេញពន្លឺនាពេលអនាគត

ដោយៈស៊ីវ

ម៉េងមណ្ឌលគិរីៈ ការកើនឡើងតម្លៃដីធ្លីនៅខេត្តមណ្ឌលគិរី ពិសេសក្រុងសែនមនោរម្យ មិនបានធ្វើឲ្យទឹកដីដ៏ស្រស់ត្រកាលនេះ មានសភាពអូរអរដូចមុនវិបត្តិកូវីដ១៩ឡើយ ប៉ុន្តែអ្វីៗនឹងបញ្ចេញពន្លឺឡើងវិញ ក្រោយបញ្ចប់នូវយុគកូវីដ១៩។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ កក្កដានេះថា បច្ចុប្បន្នខេត្តមណ្ឌលគិរី ហាក់មានសភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែអ្វីៗនឹងមានសភាពអូរអរឡើងវិញ ក្រោយពេលវិបត្តិកូវីដ១៩បញ្ចប់នាពេលខាងមុខ។

លោកបន្តថា “ជាមួយនឹងទស្សនទានចំពោះមុខ ខ្ញុំគិតថាខេត្តនេះនឹងមានការរីកចម្រើនលឿននាពេលអនាគត ពិសេសផ្នែកទេសចរណ៍ ព្រោះបើធៀបតំបន់អឺរ៉ុប មានតែខេត្តនេះមួយទេនៅកម្ពុជា ដែលមានទេសភាព វាលស្មៅ និងអាកាសធាតុត្រជាក់ងាយស្រួលរស់នៅ”។លោកបន្តថា “នៅរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ខេត្តនេះនឹងមានការរីកចម្រើ់នជាមួយនឹងសេវាកម្មចម្រុះ ខណៈពេលស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន បានឆ្ពោះទៅកាន់ខេត្តនេះហើយ ដែលធ្វើឲ្យមានលំហូរសាច់ប្រាក់ក្នុងមូលដ្ឋាន ពិសេសចូលចរន្តសេដ្ឋកិច្ចកាន់តែច្រើន”។

លោកច្រឹក សុខនីមបានបន្តថា បច្ចុប្បន្នបើគិតពីតម្លៃដីនៅខេត្តនេះ នៅស្ថិតក្នុងតម្លៃធូរថ្លៃល្មម ដែលដីមានចម្ងាយចន្លោះពី៧ ទៅ១០គីឡូម៉ែត្រពីទីរួមខេត្ត មានតម្លៃចន្លោះពី៧ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែដីក្នុងក្រុងសែនមនោរម្យ តំបន់ពាណិជ្ជកម្មក៏មានតម្លៃខ្ទង់ពាន់ដុល្លារអាមេរិកផងដែរ។

រដ្ឋាភិបាលបានជ្រើសរើសខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី៤ និងជាមូលដ្ឋានសំរាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដោយសារខេត្តនេះមានលក្ខខ័ណ្ឌដីល្អ ដីមានជីវជាតិ អាកាសធាតុល្អ អំណោយផលដល់ការដាំដំណាំហូបផ្លែនានា ពិសេសរដ្ឋាភិបាលបាននិងកំពុងអនុញ្ញាត្តឲ្យក្រុមហ៊ុនChina Power វិនិយោគទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រលានយន្តហោះក្នុងខេត្តនេះ ជាព្រលានខ្នាតអន្តរជាតិមួយ ដែលអាចចុះចតយន្តហោះ ផ្ទុកអ្នកដំណើរចន្លោះពី១៥០ទៅ២០០នាក់បាន៕

ឧកញ៉ាបណ្ឌិតគីម ហ៊ាងៈ បុកគ្រឹះបើកលក់ប្លុកថ្មី និងបង់រំលស់សុទ្ធ១០០ភាគរយក្រោយទទួលបានជោគជ័យនៅបុរី KS Residence

ដោយៈគង់ សូរិយា

ភ្នំពេញៈ នៅក្នុងស្រទាប់អ្នករកស៊ី និងធ្វើការតាមបណ្តាក្រុមហ៊ុននានា ជាពិសេសក្នុងវិស័យអចលនទ្រព្យ មានមនុស្សតិចណាស់ ដែលមិនស្គាល់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ព្រោះតែលោកត្រូវបានគេស្គាល់ថា ជាបុគ្គលជោគជ័យ និងរកស៊ីមានបានដោយសារតែជំនួញក្នុងវិស័យអចលនទ្រព្យ ក្នុងរយះពេលជិត២០ឆ្នាំ តាំងពីការចាប់ផ្តើមដំបូងផ្នែកទិញ លក់ ជួល វាយតម្លៃ គ្រប់គ្រង និងអភិវឌ្ឍន៌អចលនទ្រព្យជាដីឡូតិ បុរី និងខុនដូជាដើម។

ដោយឡែកកាលពីថ្ងៃទី ១២ ខែកក្តដា ឆ្នាំ២០២១ នេះលោកឧកញ៉ាបណ្ឌិត គីមហ៊ាង បានធ្វើពិធីតាមប្រពីណៃ បុកគ្រឹះបើកលក់ប្លុកថ្មី ជាមួយលក្ខខណ្ឌបង់ប្រាក់ពិសេស និងប្រគល់ផ្ទះជូនអតិថិជន ដែលបានទិញបុរីKS Residence របស់លោក មុនកាលកំណត់នៅក្នុងកិច្ចសន្យាថែមទៀតផង។

លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា ដោយទទួលបានជោគជ័យក្នុងការលក់គម្រោងមុនៗរួចមក ថ្ងៃនេះលោកសម្រេចចិត្តបើកបុកគ្រឹះ លក់ប្លុកថ្មីមួយទៀត គឺប្លុក “D” ព្រមទាំងឆ្លៀតឪកាសនេះ ប្រគល់ផ្ទះជូនអតិថិជន ដែលបានទិញប្លុកមុនៗអោយបានចូលស្នាក់នៅមុនការកំណត់សាងសង់ ដែលមានព្រមព្រៀង កិច្ចសន្យាថែមទៀតផង។

លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា ការដែលបុរីKS Residence ទទួលបានជោគជ័យខ្លាំងក្នុងការលក់ប្លុកមុនៗ គឺដោយសារទទួលបានការទុកចិត្តខ្ពស់ ពីសំណាក់អតិថិជន ដែលបានអញ្ជើញមកមើលគម្រោងហើយ ក៏សម្រេចទិញតែម្តង ក៏ព្រោះតែបុរី KS Residence ផ្តោតសំខាន់ទៅលើគុណភាពសំណង់ និងភាពស្របច្បាស់ជាចម្បង ដោយបុរី KS Residence មានផ្តល់ជូនប្លង់រឹងទៅឈ្មោះអតិថិជន១០០% តែម្តងដោយអ្នកទិញមិនចាំបាច់ចំណាយលុយ១កាក់ ១សេនក្នុងការបង់ពន្ធ ឬសេវាផ្សេងនោះទេ គឺបុរីជាអ្នកចំណាយអោយទាំងអស់។

បុរី KS Residence ស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន តាំងពីដើមមក និងកំពុងមានការអភិវឌ្ឍន៍ខ្លាំង នៅជិតផ្សារគគី ធនាគារ សាលារៀនរដ្ឋ និងឯកជន មន្ទីពេទ្យ វត្តអារាម ផ្ទះប្រជាជន និងមានចំនុចពិសេស១ទៀតគឺ ម៉ូតផ្ទះជាវីឡាកូនកាត់ មានរបងជុំវិញ មានសល់ដីមុខក្រោយធំទូលាយងាយស្រួល ក្នុងការរស់នៅបែបស្ងប់ស្ងាត់ និងមានសុវត្ថិភាពខ្ពស់។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់បន្ថែមថា ប្លុក “D” គឺពិសេសជាងគេ ដោយអតិថិជនមិនចាំបាច់មានប្រាក់កក់នោះទេ គឺអាចរំលស់សុទ្ធ១០០ភាគរយ ផ្ទាល់ជាមួយបុរីតែម្តងរហូតដល់១០ឆ្នាំ”។

បុរី KS Residence មានទីតាំងស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយ១២គីឡូម៉ែត្រពីស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ១ និងចំងាយ ១៨០០ម៉ែត្រពីផ្លូវជាតិលេខ១ ចុះតាមការ៉ាស់សាំង LHR ដែលនៅជិតផ្សារ កៀនស្វាយផ្លាហ្សារ ឬត្រឹម ៣០០ម៉ែត្រ ពីទីលានវាយកូនហ្គោល និងទីក្រុងវឌ្ឍនះ។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាអាចចូលទៅកាន់៖
• លេខទូរសព្ទ៖ 016 96 2000, 069 96 2000, 078 96 2000 & 099 96 2000
• ហ្វេសបុកផេក (Facebook ផ្លូវការ) https://www.facebook.com/Borey.KSResidence.KH
• ផែនទីតាម Google Map https://goo.gl/maps/yhwvCSxQp4ptEk247

ហេតុអីតំបន់ផ្លូវជាតិលេខ៦នៅតែបង្ហាញពីសក្ដានុពលក្នុងការទាក់ទាញ ការអភិវឌ្ឍលំនៅដ្ឋាន?

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បើទោះបីជាកម្ពុជាកំពុងជួបវិបត្តិ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសយ៉ាងណាក្ដី ការអភិវឌ្ឍមួយចំនួនមិនបានផ្អាកឬបញ្ឈប់ឡើយ ផ្ទុយទៅវិញផ្នែកខ្លះ នៃវិស័យអចលនទ្រព្យមានតែពង្រីកជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជា។

រាជធានីភ្នំពេញត្រូវបានមើលឃើញថា កំពុងតែបន្តយ៉ាងសស្រាក់សស្រាំ ពីវិនិយោគិនក្នុងនិងក្រៅប្រទេស ។ តំបន់ផ្លូវជាតិលេខ៦ ត្រូវបានមើលឃើញថាកំពុងតែមានភាពទាក់ទាញក្នុងការអភិវឌ្ឍលំនៅឋាន ដ៏មានសក្ដានុពល។

គម្រោងវិនិយោគលំនៅឋានជាច្រើន នៅតាមបណ្ដាយផ្លូវជាតិលេខ៦ ត្រូវបានមើលឃើញថា បន្តអភិវឌ្ឍជាមួយនឹងទំនុកចិត្តខ្ពស់ ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងនេះក្ដី។ បើតាមអ្នកវិនិយោគលើលំនៅឋានជាច្រើន នៅតំបន់ផ្លូវជាតិលេខ៦បានបញ្ជាក់ថា ទោះស្ថិតនៅក្នុងវិបត្តិបែបនេះក្ដី ក៏ខ្លួននៅតែបន្តគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយភាពជឿជាក់ ពីព្រោះពិភពលោក មិនអាចទុកឱ្យជំងឺនេះនៅបន្តលុកលុយ និងធ្វើឱ្យរាំងខ្ទប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងពិភពលោកនោះឡើយ។

វិនិយោគិនជនជាតិសិង្ហបុរី ដែលកំពុងអភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់ នៅបណ្ដោយផ្លូវជាតិលេខ៦បានឱ្យដឹងថា សម្រាប់ក្រុមហ៊ុនរបស់លោក មិនត្រឹមតែមិនផ្អាកគម្រោងអភិវឌ្ឍន៍នោះទេ តែលោកក៏កំពុងសម្លឹងមើលពីឱកាសក្នុងការវិនិយោគ ជាបន្តបន្ទាប់ទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ពីព្រោះបើសិនជាចប់កូវីដ១៩ពេលណា ទើបយើងចាប់ផ្ដើមគម្រោង នោះយើងនឹងចាញ់វិនិយោគិនដទៃទៀតដែលបានចាប់ផ្ដើមមុនយើង ។

លោកប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ផ្លូវជាតិលេខ៦ពេលនេះ កំពុងតែទាក់ទាញលើគម្រោងអភិវឌ្ឍន៍លំនៅឋាន ដ៏មានសក្ដានុពល ។ ជាក់ស្ដែងបច្ចុប្បន្នលើបណ្ដោយផ្លូវជាតិលេខ៦អា យើងមើលឃើញថាមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនបាន និងកំពុងសាងសង់យ៉ាងមមាញឹក ទាំងវិនិយោគិនក្នុងស្រុកនិងអន្តរជាតិ ។

លោកបន្តថា “អ្វីដែលពិសេសនោះ តំបន់ផ្លូវជាតិលេខ៦អាពេលនេះ វាលែងជាតំបន់ដែលនៅឆ្ងាយពីភ្នំពេញទៀតហើយ ព្រោះយើងមានស្ពានតភ្ជាប់ពីភ្នំពេញ មានហេ  ដ្ឋារចនាសម្ព័ន្ធ និងមានគម្រោងរបស់រដ្ឋជាច្រើនក៏បាន និងកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅតំបន់ទាំងនោះ។

ជាមួយគ្នានេះ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានបន្ថែមថា ការមានដងទន្លេព័ទ្ឋជុំវិញ បានធ្វើឲ្យតំបន់នេះផ្តល់នូវបរិយាកាសត្រជាក់ ជាមួយ​សំណើមធម្មជាតិ ដែលបានធ្វើឲ្យអ្នករស់នៅតំបន់នេះមានអារម្មណ៍រីករាយ និងស្រស់ស្រាយក្រោយពេលក្រោកពីដំណេក។

លោកបន្តថា “ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែង ជាមួយនឹងពហុកីឡាដ្ឋាន និងទីក្រុងចិននាពេលអនាគត តំបន់ផ្លូវជាតិលេខ៦អា បាននិងកំពុងក្លាយជាទីក្រុងរណបយ៉ាងស៊ីវិល័យមួយនាពេលអនាគត”៕

កម្ពុជាជ្រើសជើសតំបន់៣ដើម្បីអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតឆ្លើយតបនឹងលំហូរប្រជាជន មកកាន់ទីប្រជុំជននាពេលអនាគត

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកទីក្រុងចំនួន៣ ដើម្បីរៀបចំកសាងឱ្យក្លាយជាទីក្រុងឆ្លាតវៃ រួមមានរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ដោយតំបន់ទាំង៣នេះ នឹងចូលរួមគំនិតផ្តួចផ្តើមកសាងបណ្តាញ ទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០។

ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យនេះ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលា ស្ដីពីការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពលោកព្រុំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមលោកស្រីត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Benedict Cheong នាយកប្រតិបត្តិមូលនិធី Temasek អន្តរជាតិ វាគ្មិនជាតិ-អន្តរជាតិមួយចំនួនទៀត។

លោករដ្ឋមន្ត្រីព្រុំ សុខាបានថ្លែងថា “ទីក្រុងឆ្លាត ដែលផ្តើមគំនិតដោយប្រទេសសិង្ហបុរី ជាប្រទេសសមាជិកអាស៊ានមួយ ដែលមានគំនិតផ្តួចផ្តើម ដើម្បីកសាងបណ្តាញទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០ក្នុងនោះ កម្ពុជាក៏បានចូលរួមផង”។

លោកបានថ្លែងបន្តថា កម្ពុជាបានជ្រើសរើសយកទីក្រុងចំនួន៣ ក្នុងការរៀបចំដើម្បីក្លាយជាទីក្រុងឆ្លាត រួមមានរាជធានីភ្នំពេញ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង និងក្រុងសៀមរាបនៃខេត្តសៀមរាប។ ដូច្នេះរាជរដ្ឋាភិបាលត្រូវកសាងទីក្រុងឆ្លាត ព្រោះថាលំហូរ ប្រជាជនមកកាន់ទីប្រជុំជននឹងមានកំណើនខ្ពស់ជាងការកំណត់។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា រហូតដល់ឆ្នាំ២០៥០ គឺមានប្រជាជន២ភាគ៣ នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង។ ដូច្នេះទីក្រុងត្រូវកសាងទៅជាទីក្រុងឆ្លាត ដើម្បីអាចបន្តភាពស្ថិតស្ថិរ និងការអភិវឌ្ឍបន្តទៀតបាន។

សិក្ខាសាលាដែលបានរៀបចំឡើងនាថ្ងៃនេះ មានប្រធានបទសំខាន់៣ ក្នុងនោះរួមមាន ភាពជាអ្នកដឹកនាំសម្រាប់ការផ្លាស់ប្តូរ កំណែទម្រង់រដ្ឋបាលសាធារណៈ និងការកសាងទីក្រុងឆ្លាត។ ប្រធានបទទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ទាំងអស់គ្នាដែលជាមន្ត្រី ដឹកនាំក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ហេតុនេះព័ត៌មានជាចំណេះដឹង បទពិសោធន៍ នៃឧត្តមានុវត្តន៍ ឬការអនុវត្តល្អៗ ដែលនឹងត្រូវបានចែករំលែក ដោយវាគ្មិនល្បីៗក្នុងសិក្ខាសាលានេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់ការបំពេញការងាររបស់។

នៅក្នុងពិធីបើកសិក្ខាសាលានេះដែរ លោកមន្ត្រីព្រុំ សុខាបានលើកឡើងនៅចំណុចសំខាន់ៗចំនួន៣ ជូនដល់អង្គសិក្ខាសាលា រួមមាន៖ ទី១ អំពីទីក្រុងឆ្លាត ទី២ ការដឹកនាំរដ្ឋបាលសាធារណៈ ឬការដឹកនាំគ្រប់គ្រងដើម្បីកសាងទីក្រុងឆ្លាត ដែលចាត់ទុកជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកម្ពុជាកំពុងតែដំណើរការ និងទី៣ តើទីក្រុងឆ្លាតត្រូវការសេវាសាធារណៈ ឬការផ្តល់សេវាសាធារណៈបែបណា សម្រាប់ទីក្រុងឆ្លាត។

សិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ចសហការ រវាងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងមូលនិធិTemasek អន្តរជាតិរបស់សិង្ហបុរី តាមរយៈគម្រោងកសាងក្របខណ្ឌសមត្ថភាព ដឹកនាំសម្រាប់ថ្នាក់ដឹកនាំកម្រិតអគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល៕

តើតំបន់ណាខ្លះនឹងអាចកាត់ចូលរាជធានីភ្នំពេញ ជាមួយនឹងផែនការពង្រីកក្រុងក្នុង កាំរង្វង់១០០គីឡូម៉ែត្រក្រឡា

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ តំបន់ជាយក្រុងមួយចំនួន នឹងកាត់ចូលរាជធានីភ្នំពេញ ដើម្បីពង្រីកគ្រប់កាំររង្វង់១០០គីឡូម៉ែត្រក្រឡា សម្រាប់ចន្លោះឆ្នាំ២០១៥ ២០៣៥ខាងមុខ។

តំបន់ដែលគេកំពុងមើលឃើញថា នឹងត្រូវកាត់ចូលរាជធានីភ្នំពេញ អាចស្ថិតនៅទិសទាំង៤ នៃរាជធានីភ្នំពេញ រូមមានស្រុកកណ្តាលស្ទឹង ស្រុកពញ្ញាឮ ស្រុកមុខកំពូល ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល នៃខេត្តខេត្តកណ្តាលជាដើម។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍  ឲ្យដឹងនាព្រឹកថ្ងៃទី១២ កក្កដានេះថា តាមរយៈអនុក្រិតស្តីពីការដាក់ឲ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ របស់រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញថា រដ្ឋាភិបាលបាននិងកំពុងពង្រីកនូវផែនការមេរបស់ខ្លួន ដើម្បីពង្រីកទីក្រុងបន្ថែម ដើម្បីឆ្លើយតបនឹងកំនើននគរូបនីយកម្ម សេដ្ឋកិច្ច និងកំនើនប្រជាពលរដ្ឋរបស់ក្រុងភ្នំពេញ ដែលរំពឹងនឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥ខាងមុខ។

លោកបន្តថា “គោលនយោបាយបង្ខិតជនបទមកកាន់តែកៀករាជធានី និងពង្រីករាជធានីភ្នំពេញ ឲ្យស្របតាមនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចសង្គម កំពុងធ្វើឡើងស្របគ្នានឹងការរីកចម្រើនរបស់ជាតិ”។លោកបន្តថា “ផែនការពង្រីកទទីក្រុងតាមបែបលំនាំាំទីក្រុងហូជីម៉ិញ ទីក្រុងហាណូយ និងប្រទេសក្នុងតំបន់ដទៃទៀត ជាដំណើរក្នុងទិសដៅត្រឹមត្រូវមួយ ដើម្បីកាត់បន្ថយភាពក្រីក្រផង និងពង្រីកមូលដ្ឋាននៃការរីកចម្រើនរបស់ប្រទេសជាតិផង”។

យោងតាមការសិក្សាមួយបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នៅរាជធានីភ្នំពេញបច្ចុប្បន្នមានប្រមាណ៣០% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសកម្ពុជា ដែលមានទំហំទឹកប្រាក់លើសពី១,៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរាជធានីភ្នំពេញ បច្ចុប្បន្នមានប្រហែល៣០%នៃផលិតផលក្នុង ស្រុកសរុបរបស់ប្រទេសកម្ពុជា គឺលើសពី១,៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ចំនួនប្រជាជនដែលធ្វើបម្លាស់ទី ទៅមកប្រចាំថ្ងៃចូលភ្នំពេញ គឺប្រហែល២៥០ ០០០នាក់ និងពលករ ដែលមកបំពេញការងារក្នុងរាជធានីភ្នំពេញ មានប្រមាណ៤០០ ០០០នាក់។ ដូច្នេះចំនួន “ប្រជាជន រស់នៅជាប្រចាំ”របស់រាជធានីភ្នំពេញមានប្រមាណច្រើនជាង២ ០០០ ០០០នាក់។

ការបោះទីតាំង នៃសកម្មភាពសេដ្ឋកិច្ចនានា ក៏មិនសុទ្ធតែស្ថិតនៅក្នុងព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញសព្វថ្ងៃនេះដែរ ពោលគឺស្ថិតនៅក្នុងទីក្រុងតាខ្មៅ និងនៅតាមប    ណ្ដោយផ្លូវជាតិលេខ៣និងលេខ៤។ អមផ្លូវជាតិលេខ៤ សព្វថៃ្ងទទួលរោងចក្ររោង៥០នៅក្នុងរយៈចម្ងាយ២០គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានី។

យោងតាមអនុក្រឹត្យដដែលនេះឱ្យដឹងថា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោនយោបាយជាតិស្ដីពី ការរៀបចំដែនដីរបស់រាជរដ្ឋាភិបាលកម្ពុជា ចក្ខុវិស័យនៃយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ រាជធានិភ្នំពេញ គឺភ្នំពេញជាក្រុងរាជធានី ជាបេះដូងរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅចំណុចពិសេសនៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជាអត្តសញ្ញាតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ។

ផែនការតម្រង់ទិសអភិវឌ្ឍន៍ផ្នែកនគរូបនីយកម្ម សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋ ក្នុងផែនការដីរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ពិសេសដើម្បីតម្រង់ទិសការវិនិយោគសាធារណៈ និងឯកជន ក៏ដូចជាការវិនិយោគរបស់ដៃគូ អភិវឌ្ឍទាំងអស់ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥។ យុទ្ធសាស្ត្រនេះនឹងជួយសាលារាជធានីភ្នំពេញ ប្រជាជនទាំងអស់ វិនិយោគិនព្រមទាំងដៃគូអភិវឌ្ឍនានា ឱ្យចូលរួមអភិវឌ្ឍទីក្រុងប្រកបដោយសណ្ដាប់ធ្នាប់ល្អ ហើយក៏ធ្វើឱ្យមានវឌ្ឍនភាពដល់ការវិនិយោគនានាដោយកាត់បន្ថយ ឬបញ្ចៀសបាននូវហានិភ័យនានាជាអតិបរមា។

​តាមផែនការរាជរដ្ឋាភិបាល នឹងយករាជធានីភ្នំពេញជាប៉ូល សេវាកម្មកណ្ដាលមួយក្នុងតំបន់ដែលប្រមូលផ្ដុំប្រជាជនជាង៦លាននាក់ នៅក្នុងកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជុំវិញ ដែលប្រហាក់ប្រហែលនឹងទីក្រុងធំៗមួយចំនួននៅអាស៊ាន ដូចជា ទីក្រុងបាងកក មានប្រជាជន៩លាននាក់ ទីក្រុងហូជីមិញមានប្រជាជន៧លាននាក់ ទីក្រុងហាណូយមាន៨លាននាក់ ទីក្រុងសិង្ហបុរីមាន៤លាននាក់ និងកូឡាឡាំពួរមាន៤លាននាក់៕

 

រដ្ឋាភិបាលគ្រោងពង្រីកទៅជាផ្លូវ៤គន្លងលើកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម នាពេលឆាប់ៗ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ទៅជាផ្លូវ៤គន្លង ប្រវែងប្រមាណជាង៤៥គីឡូម៉ែត្រ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម។

លោកអ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ បានចូលរួមអមដំណើរ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន អញ្ជើញចុះពិនិត្យ និងសិក្សាលំអិតលើគម្រោងផ្លូវ៤គន្លង។

ការសិក្សាលំអិតលើគម្រោងផ្លូវ៤គន្លងនេះ គឺស្ថិតនៅលើណាត់ផ្លូវជាតិលេខ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង៤៥គីឡូម៉ែត្រ ដែលជាចំណងដៃថ្មីស្រឡាងមួយទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

កាលពីទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំការងារគម្រោងជួសជុល និងសាងសង់ផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ) និងផ្លូវជាតិលេខ៣(កំពត-វាលរេញ) ក្រោមហិរញប្បទានរបស់ធនាគារពិភពលោក។

គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៧នេះ មានប្រវែងសរុប១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិក៕